បណ្ណសារប្លក
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖
១. ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។
២. យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯងពឹងលើការព្យាយាមព្រមដោយប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសីឬសង្ឃឹមផលដោយការអង្វរករ បួងសួងសែនព្រេនចំពោះអ្វីៗ ជាបច្ច័យខាងក្រៅឡើយ ។
៣. មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការមិនធ្វើបាប មិនមែនធ្វើអាក្រក់ហើយ ស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃមកទទួលទោសជំនួសនោះទេ ។ ម្យ៉ាងទៀត មានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗ គ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរ ដូច្នេះ ទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវមាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។
៤. យល់ត្រូវថា មនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការផ្សេងៗ ក្នុងការសាងខ្លួនឯងឲ្យបានល្អឡើងរហូតដល់ថ្នាក់ប្រសើរជាងទេវតាឥន្ទព្រហ្មទៅទៀត ។
៥. យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។
៦. មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះពិចារណា យល់ខ្លួនឯងតាមហេតុផល ។
៧. មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អ ក៏ហ្វឹកហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកម្ចាត់បាបអកុសលឲ្យអស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត ។
៨. មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗ នេះឡើយ ដូច្នេះហើយ អំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យដូចជាការរួមដំណើរជាមួយនឹងខ្លួនឯង ដែលជាមនុស្សល្អនោះទេ ។
៩. មានការថែរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតម្លៃ ពុំនោះសោត គឺដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិត កិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។
១០. ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជា ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។
គុណរបស់ទាន
ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃ រហូតដល់ថ្ងៃបុត្រថ្លៃចាកគភ៌
ទានចិញ្ចឹមស្មោះទឹកដោះបបរ កូនរស់បានល្អព្រោះធម៌សប្បុរស ។
ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន ប្រេតរួចពីឃ្លានព្រោះទានរំដោះ
ទានជាទេវធម៌លម្អសប្បុរស ទានមានចិត្តស្មោះសង្គ្រោះជីវិត ។
ទានគឺជាទ្រព្យជាប់តាមសន្តាន ជាមិត្តរួមប្រាណឆ្លងភពងងឹត
ទានកាច់បំបាក់មោហៈក្នុងចិត្ត បានត្រាស់ដឹងពិតដ្បិតទានបារមី ។
ហៃកូនប្រុសស្រីគប្បីចាំទុក គុណម្តាយឪពុកទានាធិបតី
កូនដឹងមង្គលសាមសិបប្រាំបី ចៀសកម្មអប្រិយផុតភ័យអបាយ ។
ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
ទុក្ខព្រោះខ្លាចចាស់
ទុក្ខព្រោះខ្លាចចាស់ មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើលកំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេក លក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗ រកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។
ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ ឆ្នាំប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ទេ ឯស្លាប់មុនកំណត់នេះមានច្រើនជាង ។
ដែលយើងរាប់ថា យើងមានអាយុបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តាមដែលពិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ ធំឡើងៗ ពេញវ័យក្រមុំកំលោះ ក៏សប្បាយចិត្តថាខ្លួនមានអាយុច្រើនហើយ … តែសូមគិតដូច្នេះផងចុះ គឺប្រៀបដូចយើងមានប្រាក់នៅក្នុងកាបូបតាមកំណត់ នៅពេលយើងកើតឡើងភ្លាម យើងក៏ចាយអាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់ ។ ឥឡូវនេះ យើងមិនដឹងថាតើយើងនៅសល់អាយុតិចប៉ុនណាទៅនោះទេ ។
អ្នកដែលកើតមកយូរហើយ ត្រូវតែដឹងថា អាយុរបស់ខ្លួនកំពុងស្រកស្រុតតិចចុះទៅជាលំដាប់ ដូចប្រាក់ក្នុងកាបូបដែលចេះតែយកចាយអ៊ីចឹងឯង ។
មនុស្សយើងភាគច្រើន ហេតុដូចម្តេចបានជាមិនចូលចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ ?
ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់ ឬឈប់ស្រឡាញ់ … ដូច្នេះហើយ ទើបខំព្យាយាមបិទបាំងនូវសភាពចាស់ជរារបស់ខ្លួន ទុកមិនឲ្យប្រាកដដល់ក្រសែភ្នែកនៃអ្នកដទៃ ដោយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលស្រឡាញ់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិនបាត់ទៅណាឡើយ ទីបំផុតការបិទបាំងក៏លែងមានប្រសិទ្ធភាព។ កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវចិត្តកើតឡើង ។
យើងខ្លាចចាស់ យើងនៅតែចាស់ដដែល ។ យើងខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិត ដែលគ្រប់គ្នាកើតមកហើយមិនអាចគេចផុតទៅបាន គ្រាន់តែយើងធ្វើខ្លួនឲ្យសមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ ។
យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមានជួយដល់សាសនា និងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយ គេនឹងត្រេកអរ ហើយលើកតម្កើងយើង សរសើរយើងថា “ចាស់យ៉ាងមានគុណតម្លៃ” ។
ព្រមចាស់តាមវ័យគ្មានអ្វីគួរខ្លាច
ចាស់ចិត្តអង់អាចអំណាចគុណធម៌
កុំចាស់តែវ័យចិត្តភ័យញាប់ញ័រ
ចាស់អត់គុណធម៌ចាស់គ្មានតម្លៃ ។
ទុក្ខរបស់សត្វលោក
ទុក្ខរបស់សត្វលោក ទុក្ខរបស់សត្វតិរច្ឆាន នៅត្រង់ការស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មមគ្រប់គ្រាន់ ម្យ៉ាងទៀត ទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ ។
មនុស្សយើង មិនមែនមានទុក្ខត្រឹមតែការស្រេកឃ្លាន ព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែ កាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗ ជ្រែកចូលមកទៀត ដូចជា ៖
-ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ សម្រាប់មុខមាត់កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ … កើតលោភៈចង់បានមិនចេះចប់ ក៏ជាទុក្ខច្រើនឡើងទៅតាមសេចក្តីប្រាថ្នានោះៗ ។
-មានអាហារដាក់ក្រពះហើយ មាត់បានបរិភោគហើយ តែនៅត្រូវការឲ្យភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តនឹកគិតបាននូវអារម្មណ៍ ដែលជាចំណីតាមវិស័យរៀងខ្លួនទៀត ។
នៅពេលខំប្រឹងប្រែងស្វែងរករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ តាមចំណង់ចំណូលចិត្ត មិនចេះចប់ មិនចេះហើយ ក៏ជាទុក្ខ គឺទុក្ខព្រោះអន្ទះសាក្នុងការស្វែងរក ទុក្ខព្រោះការបាន មិនសមតាមប្រាថ្នា ទុក្ខព្រោះរបស់ដែលបានមកមានការប្រែប្រួល … ។
សត្វតិរច្ឆាន មានទុក្ខព្រោះមិនមានស៊ី និងព្រោះត្រូវគំរាមកំហែងបៀតបៀន ចំណែកមនុស្សនៅមានថែមត្រង់មិនចេះគ្រប់ និងត្រង់ចង់បៀតបៀនអ្នកដទៃ ក្រៅពីការហូបចុកនោះទៀត ។
ការមិនចេះគ្រប់ ធ្វើឲ្យទុក្ខមិនចេះចប់
