បណ្ណសារប្លក

គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ

ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃព្រះពុទ្ធភាសិត ជាអ្នកយល់​ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖

១. ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿ​ងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។

២. យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការ​ចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯងពឹងលើការព្យាយាមព្រមដោយប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសីឬសង្ឃឹម​ផលដោយការអង្វរករ បួងសួងសែនព្រេនចំពោះអ្វីៗ ជាបច្ច័យខាងក្រៅឡើយ ។

៣. មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការមិនធ្វើបាប មិន​មែនធ្វើអាក្រក់ហើយ ស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃមកទទួលទោសជំនួសនោះទេ ។ ម្យ៉ាងទៀត មានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើ​អ្វីៗ គ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរ ដូច្នេះ ទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹម​តែប៉ុណ្ណោះ ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវ​មាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។

៤. យល់ត្រូវថា មនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការផ្សេងៗ ក្នុងការសាងខ្លួនឯងឲ្យបានល្អឡើងរហូត​ដល់ថ្នាក់ប្រសើរជាងទេវតាឥន្ទព្រហ្មទៅទៀត ។

៥. យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។

៦. មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែល​ឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះពិចារណា យល់ខ្លួនឯងតាមហេតុផល ។

៧. មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អ ក៏ហ្វឹក​ហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកម្ចាត់បាបអកុសលឲ្យអស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែ​សន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត ។

៨. មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗ នេះឡើយ ដូច្នេះ​ហើយ អំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិត​ដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុង​ដំណើរជីវិតឲ្យដូចជាការរួមដំណើរជាមួយនឹងខ្លួនឯង ដែលជាមនុស្សល្អនោះទេ ។

៩. មានការថែរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតម្លៃ ពុំនោះសោត គឺដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិត កិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្ស​អាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។

១០. ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមាន​តម្លៃឲ្យដូចជា ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។

តួនាទីមនុស្ស

ក្នុងជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈ យើងត្រូវយល់ពី៖

១) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យខ្លួនឯង បានដល់ ការយល់ហេតុយល់ផលសិក្សាស្វែងរកប្រយោជន៍សុខ ដែលប្រាសចាកទោសមកឲ្យខ្លួនឯង នេះគឺជាតួនាទីដែលយើងត្រូវធ្វើ គឺរាប់តាំងតែតួនាទីថ្នាក់តូចថ្នាក់ទាបទៅ រហូតដល់ថ្នាក់ខ្ពស់ ដែលយើងត្រូវធ្វើឲ្យខ្លួនឯង ជាពិសេសនៅក្នុងស្រទាប់យុវវ័យ ឬវ័យកណ្ដាល រហូតឈានទៅ ដល់បច្ឆិមវ័យ នៅក្នុងរវាងវ័យទាំងនេះយើងត្រូវរៀបចំជីវិតយើងយ៉ាងណាខ្លះដើម្បីឲ្យទទួលបាននូវសេចក្ដីសុខ? នាទីរបស់ខ្លួនក្នុងមួយថ្ងៃៗត្រូវអនុវត្តនូវគោលការណ៍អ្វីខ្លះ ត្រូវប្រកប ត្រូវគិត ត្រូវឆ្នៃប្រឌិតយ៉ាងណាខ្លះ ? ឬគ្រាន់តែរស់នៅឲ្យថ្ងៃយប់កន្លងហួសទៅដើម្បីដកដង្ហើមចេញចូលប៉ុណ្ណឹងទេ ? ឬគ្រាន់តែដើម្បីស្វែងរក ការសប្បាយភ្លើតភើនដែលបានពីការ សេពសោយទទួលបាននូវរបស់ដែលខ្លួនចង់បានមួយថ្ងៃៗ ប៉ុណ្ណឹងទេ? យើងត្រូវចងចាំទុកថា
“ការសម្រេចចិត្តធ្វើអ្វីមួយក៏ដោយ ផលដែលកើតប្រាកដមក ហ្នឹងគឺជាជតាកម្ម គឺជាព្រហ្មលិខិត នៃជីវិតរបស់ មនុស្សម្នាក់ៗ ដែលត្រូវតែទទួល”
​“ខ្លួនយើងហ្នឹង គឺជាអ្នកកំណត់ជតាកម្មជីវិតឲ្យខ្លួនយើង ទាំងក្នុងបច្ចុប្បន្នេះ និងទៅអនាគតខាងមុខ”
“យើងធ្វើល្អ យើងបរិសុទ្ធ យើងធ្វើអាក្រក់ យើងសៅហ្មង រឿងល្អរឿងអាក្រក់ទាំងអស់ហ្នឹង វាជាធម្មជាត ដែលបានមកពីកាយព្រឹត្តកម្ម វចីព្រឹត្តកម្ម និងមនោព្រឹត្តកម្ម នៃយើងផ្ទាល់ម្នាក់ៗហ្នឹងឯង”
នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យខ្លួនឯងនេះ ហៅថា៖
១.១) អត្តត្ថចរិយា ប្រែថា ការប្រព្រឹត្តប្រយោជន៍ឲ្យខ្លួនឯង ក៏បាន

១.២) ការធ្វើនាទីរបស់ខ្លួនឲ្យបរិបូរណ៍ ក៏បាន
បុគ្គល ៤ ពួកក្នុងសង្គមមនុស្សគឺ៖
១) ពួកសាងប្រយោជន៍សុខឲ្យតែខ្លួនឯង មិនសាងប្រយោជន៍សុខឲ្យ ដល់អ្នកដទៃ បានដល់
ក) ពួកកំណាញ់ស្វិត គិតតែពីបាន មិនមានបង់ ( ខាងផ្នែកទ្រព្យសម្បត្តិ )
​ ខ) ពួកភ្ជួរស្រែលើខ្នងអ្នកក្រ
​ គ) ពួកហុតទឹកសម្លឹងកាក
​ ឃ) ពួកវ៉ៃអែបស៊ីអប
​ ង) ពួកសេះមាត់ពីរ ឬពួកឆ្និនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ
​ ពិតណាស់ហើយដែលថា ក្រពះពោះវៀនមនុស្សយើងម្នាក់​ៗ ត្រូវការអាហារបាយទឹក បើមិនឲ្យស៊ី មានតែងាប់ ហើយការដែលត្រូវ បានស៊ី វាទាល់តែស៊ីឲ្យខ្លួនឯងឆ្អែតជាមុនសិន ទើបបែងរំលែកឲ្យអ្នកដទៃតាមក្រោយបាន តែអ្វីដែលយើងគួរគិតនោះគឺ ធម្មជាតិមនុស្ស ចិត្តសន្តានមនុស្ស មនុស្សមិនមែនដូចជាសត្វធាតុនោះទេ អ្នកខ្លះ​ចិញ្ចឹមសត្វឆ្កែទុក ពេលឲ្យបាយវាស៊ីម្ដងៗ ត្រូវឲ្យវារង់ចាំទាល់តែខ្លួនបរិភោគឆ្អែតជាមុនសិន ហើយទើបឆ្កឹះកៀរ​កម្ទេចកម្ទីដែលសេសសល់ដាក់ឲ្យគ្នាស៊ី តែមនុស្សវិញមិនមែនដូច្នេះទេ តម្រូវការនៃមនុស្សគ្រប់គ្នា ដែលមាន​ដូចៗ គ្នានោះគឺ ចង់បានសុខ ស្អប់ទុក្ខ តែដែលមនុស្សមិនបានផ្ដល់ឲ្យសេចក្ដីសុខដល់គ្នានឹងគ្នានោះ ព្រោះតែ​ធម៌ ៣ យ៉ាងគ្រប់សង្កត់ សន្តានចិត្ត ធ្វើឲ្យជាមនុស្សខ្វាក់ទាំងភ្លឺ មើលមិនឃើញទាំងថ្ងៃបើក គឺ៖
​ ១) តណ្ហា សេចក្ដីប្រាថ្នាមិនមានកំណត់ រហូតដល់មានហើយ ក៏ដូចជាអត់ ខ្សត់ទាំងខ្លួនដេកននៀលលើគំនរ​មាសប្រាក់ ជាតិជាសាមញ្ញមនុស្ស មិនមានអ្នកម្នាក់ដែលមិនមានសេចក្ដីប្រាថ្នាចង់បាននោះទេ តែសេចក្ដីប្រថ្នាត្រូវការនោះ៖
​ ១.១) ត្រូវកុំឲ្យបៀតបៀនអ្នកដទៃ
​ ១.២) ត្រូវមានកម្រិតព្រុំដែនក្នុងជីវិត ឬត្រូវស្គាល់ប្រមាណក្នុងការស្វែងរកបានមក
​ ១.៣) ត្រូវប្រកបដោយសុចរិតកម្ម ឬបានមកដោយ ទង្វើល្អបរិសុទ្ធ
​ ២) ទិដ្ឋិ ការជឿមាំតែលើខ្លួនឯងម្នាក់ ឬការប្រកាន់មាំថាមានតែខ្លួនឯងដែលគិតត្រូវ ទើបជាហេតុមួយធ្វើឲ្យ​មនុស្សគិតឃើញតែពីបានសម្រាប់ខ្លួន ព្រោះយល់ឃើញថា មានតែទស្សនៈគំនិតខ្លួនឯងប៉ុណ្ណោះ ប្រសើរ​ត្រឹមត្រូវជាងអ្នកដទៃ ហើយក៏ប្រកាន់មាំក្នុងគំនិតខ្លួនឯង មិនព្រមបើកសោតទ្វារទទួលដឹងសម្លេងអ្នកដទៃៗ ទៀត រហូតក្លាយទៅជាកើតបញ្ហាឲ្យដល់សង្គម បៀតបៀនគ្នា មិនយល់សុខទុក្ខនៃគ្នានឹងគ្នាជាដើម។
​ ៣) មានះ ភាពរឹងត្អឹង ឆ្មើងឆ្មៃ វៃឫក ដោយនឹកថាខ្លួនហ្នឹងឯង គ្រាន់ជាងអ្នកទាំងពួង ពេលយើងដើរតាមផ្សារ ឬថ្នល់សាធារណៈ យើងនឹងឃើញស្រ្តីមួយចំនួនពាក់ស្បែកជើងកែងចោតដើរលាន់សូរតែក្រិបក្រប់ៗ សួរថា ពាក់ដើម្បីអ្វី ? គឺដើម្បីឲ្យវាលូតកម្ពស់ហើយមើលមក រំលេចទ្រង់ទ្រាយស្អាតដល់ក្រសែភ្នែកអ្នកផង តែតាម​សភាពពិតម​នុស្សកម្ពស់ ៥០ ម៉ែត្រ ក៏បរិមាណដើមនៅតែ ៥០ ម៉ែត្រហ្នឹងឯង តែដែលខ្ពស់ទៅដល់ ៦០ ម៉ែត្រ នោះ ព្រោះកែងចោតវាជួយលើក ជួយស្ទួយ យ៉ាងណាមិញ មនុស្សយើងម្នាក់បរិមាណនៃគំនិត គុណភាព នៃសេចក្ដីល្អ មិនមានអ្នកណាដូចគ្នា ស្មើគ្នានោះទេ តែអ្វីដែលមនុស្ស យើងចូលចិត្តនោះ គឺលើកកម្ពស់ខ្លួនឯង ចង់ឲ្យខ្លួនឯងប្រសើរ ខ្ពង់ខ្ពស់ ជាងអ្នកដទៃ ទាំងដែលដឹងថា ភាពខ្ពង់ខ្ពស់ ឬកេរ្តិ៍ឈ្មោះដែលត្រូវបានមកនោះ វាមិនស័ក្តិសម មិនមានតុល្យភាពជាមួយខ្លួនក៏ដោយ ក៏នៅតែចង់បាន ព្រោះនេះគឺជា សន្តានមនុស្ស ការវាយ​ឫកពាខ្ពស់ទាប នេះឯង គឺជាហេតុជាបច្ច័យសាងបញ្ហាឲ្យដល់ខ្លួនយើងផ្ទាល់ផង ដល់សង្គមទាំងមួលផង។ មនុស្សដែលច្រើនទៅដោយភាពរឹងត្អឹងវ៉ៃឫកឆ្មើងឆ្មៃ ព្រោះ៖
​ ក) ជាតិត្រកូល ( កើតក្នុងត្រកូលសេដ្ឋីមូលធន )
​ ខ) ទ្រព្យសម្បត្តិ
​ គ) ឋានៈយសស័ក្តិ៍
​ ឃ) ការសិក្សា
​ ង) រូបសម្បត្តិ ( មានរូបរាងសណ្ឋានទ្រង់ទ្រាយ ល្អសមសួន )
​ ច) បរិវារសម្បត្តិ ( មានបក្សពួកខ្សែស្រឡាយអ្នក ធំអ្នកតូចច្រើន ) ជាដើម
២) ពួកសាងប្រយោជន៍សុខឲ្យដល់អ្នកដទៃ តែមិនសាងប្រយោជន៍សុខឲ្យខ្លួនឯង បានដល់
​ ក) អ្នកជួយប្រាប់ ជួយពន្យល់ ជួយណែនាំអ្នកដទៃ តែមិនជួយខ្លួនឯង បុគ្គលប្រភេទនេះទុកដូចជាស្ពាន ដែលគ្រាន់តែសម្រាប់ចម្លងអ្នកដទៃ ឬទុកដូចវែកក្នុងឆ្នាំងសម្ល ដែលគ្រាន់តែសម្រាប់ផ្សំគ្រឿង និងកូរសម្ល​តែមិនបានស្គាល់រសជាតិសម្លឡើយ
​ ខ) អ្នកលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីសាងសេចក្ដីសុខ ឲ្យដល់ មនុស្សក្នុងសង្គមគឺអ្នកមានឧត្តមគតិ​ខ្ពស់យកសេចក្ដីទុក្ខរបស់មនុស្សសត្វក្នុងលោកមកជាជំហានទីមួយក្នុងការដោះស្រាយដំណើរជីវិត​រាល់​ព្រឹត្តកម្មដែលមនុស្សប្រភេទនេះធ្វើទៅសុទ្ធសឹងតែមានសុខទុក្ខរបស់សព្វសត្វមកជាអារម្មណ៍ បុគ្គលប្រភេទ​នេះ បានដល់
ក) ព្រះសម្មាសម្ពុទ្ធជាម្ចាស់
​ ខ) អ្នកដឹកនាំប្រទេស អង្គការ ស្ថាប័ន ដែលប្រកបដោយគតិធម៌ យុត្តិធម៌
​ គ) បណ្ឌិតអ្នកប្រាជ្ញ ដែលឧទ្ទិសខ្លួនដើម្បីជាតិ សាសនា
៣) ពួកដែលសាងប្រយោជន៍សុខឲ្យដល់ខ្លួនឯងផង ដល់អ្នកដទៃផង បានដល់ អ្នកដែលមានទាន សីល ប្រព្រឹត្តសេចក្ដីល្អទូទៅ
​ អ្នករស់នៅក្នុងសង្គម និងបានជួយសង្គម បុគ្គលប្រភេទនេះ ឈ្មោះថា
​ ១) រស់នៅមិនចង្អៀត មិនធ្ងន់ផែនដី
​ ២) កើតមកបានសាងប្រយោជន៍​ ស្លាប់ទៅបានទុកកេរ្តិ៍ឈ្មោះ
​ ៣) មកទាំងគេទទួលស្វាគមន៍ ទៅទាំងឲ្យគេអាល័យ​ ​
​ ៤) ពួកដែលមិនសាងប្រយោជន៍សុខឲ្យដល់ខ្លួនឯង និងមិនសាង ប្រយោជន៍សុខឲ្យដល់អ្នកដទៃ បានដល់
១) ចង្អៀតផែនដី
២) សាងភារៈបញ្ហាឲ្យដល់សង្គម
៣) ទុកដូចជាឈ្លើងសង្គម ឬបញ្ញើក្អែកក្នុងសង្គម

២) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យពពួកញាតិវង្សានុវង្ស
បានដល់ ការបំពេញប្រយោជន៍សុខឲ្យដល់ញាតិវង្សានុវង្សក្នុងត្រកូល ដោយការជួយសង្គ្រោះជ្រោមជ្រែងក្នុងផ្នែកនៃសេចក្ដីល្អដែលអាចធ្វើទៅបាន និងដែលត្រូវតែតាំងចិត្តធ្វើ គឺ៖
​ ២.១) មានការឲ្យទានចែករំលែកជួយយឹតយោង សន្ដោងវង្សត្រកូល
​ ២.២) មានពាក្យសម្ដីពិរោះពីសា ទន់ភ្លន់ហើយប្រកបដោយប្រយោជន៍ ឬហៅថា៖
​ ក) សម្ដីទឹកឃ្មុំ ព្រោះជាពាក្យផ្អែមល្អែម
​ ខ) សម្ដីផ្កា ព្រោះជាពាក្យមានប្រយោជន៍ក្រអូបឈ្ងុយឈ្ងប់
ដោយជៀសវាងការពោលពាក្យដែលធ្វើឲ្យបែកបាក់ដល់សង្គមញាតិរបស់ខ្លួន ឬគ្រួសាររបស់ខ្លួនគឺ៖
​ ក) ពាក្យផ្ដាសសាជេរប្រទេច ទ្រគោះបោះបោក ឬហៅថា
“សម្ដីក្រៀមកក្រោះអត់រស់ជាតិ សម្ដីទឹកស្ដៅ សម្ដីទឹកអម្បិល សម្ដីមុខកំបិត” ក៏បាន
​ ខ) ពាក្យចាក់រុក ញុះញង់ បំបែកបំបាក់ បង្រាត់បង្រាស់ ឬហៅថា
​            “សម្ដីផ្ដាច់សាមគ្គី សម្ដីផ្ដាច់សុខ សម្ដីមនុស្សច្រណែនសុខ” ក៏បាន
​ គ) សម្ដីអត់មានន័យខ្លឹមសារ អារត់អារាយ ប៉បាច់ប៉ប៉ោច ឬហៅថា
“សម្ដីទាត់សី ​សម្ដីទាត់បាល់ សម្ដីមនុស្សមនុស្សឆ្កួត សម្ដីអត់បាយ” ក៏បាន
សម្ដីទាំង ៣ នេះ ក្នុងនាមយើងជាសមាជិកមួយក្នុងគ្រួសារ ក្នុងវង្សត្រកូល យើងត្រូវជៀសវាងនិយាយ ការធ្វើ​បានយ៉ាងនេះ ឈ្មោះថា បានធ្វើប្រយោជន៍សុខឲ្យដល់ពួកញាតិវង្សរបស់ខ្លួន។ តាមពិតទៅ ធម្មជាតិមនុស្ស​យើង ហាមឃាត់មិនឲ្យនិយាយ មិនបានជាដាច់ខាត និយាយឲ្យខ្លីមកគឺ “អត់និយាយ មិនបាន” គឺត្រូវតែនិយាយ​ចរចាឆ្លងឆ្លើយអស់ពីរឿងមួយទៅរឿងមួយ ដើម្បីកាត់បន្ថយភាពតឹងនែនអួអាប់ក្នុងចិត្តចេញមកឲ្យអ្នកដទៃបាន​ទទួលដឹងផង ហើយក៏សប្បាយចិត្ត តែមិនត្រូវភ្លេចថាទន្ទឹមនឹងបាន និយាយពីរឿងអ្វីមួយក្នុងចិត្តយើងចេញមក​នោះ វាបានឆ្លងកាត់ ក្រដាសត្រចៀកអ្នកដ៏ទៃចូលទៅដល់បេះដូងគេផងដែរ ហើយពាក្យ របស់យើងនោះសោត អាចធ្វើឲ្យបេះដូងគេសុខក៏បាន ទុក្ខក៏បាន ដូច្នេះ ត្រូវប្រយ័ត្នពាក្យសម្ដី ព្រោះ៖
​ ក) សម្ដី គឺជាអាវុធមុខពីរ ស្រេចហើយតែអ្នកយកទៅប្រើ
​ ខ) សម្ដីល្អ គឺជាថ្នាំស័ក្តិ៍សិទ្ធិមួយសម្រាប់មនុស្សឈឺ
​ គ) សង្គ្រាមពាក្យសម្ដី ឆេះតិច តែងំយូរ ហើយលំបាកនឹងពន្លត់
​ ឃ) មនុស្សក្នុងសង្គមសព្វថ្ងៃ រស់ព្រោះសម្ដី ស្អុយព្រោះសម្ដី ធ្លាក់នរក ព្រោះសម្ដី ឡើងស្ថានសួគ៌ ក៏ព្រោះសម្ដី
ការបំពេញតួនាទីរបស់ខ្លួន ឲ្យដល់ពពួកញាតិវង្សនេះ ហៅថា៖
​១) ញាតត្ថចរិយា ការបំពេញប្រយោជន៍ឲ្យដល់ពួកញាតិ
២) នាទីដែលត្រូវធ្វើតបស្នងឲ្យដល់អ្នកមានឧបការគុណ
៣) ការដោះនូវបំណុលចាស់ ដែលញាតិវង្សបានធ្វើមកឲ្យខ្លួន
​ ៣) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យសង្គមជាតិ សង្គមលោក គឺជានាទីចម្បងនិងចាំបាច់ត្រូវធ្វើក្នុងនាមជាមនុស្សម្នាក់រស់នៅក្នុងសង្គម កុំភ្លេចថា ខ្លួនយើងហ្នឹងមិនថាធម្មជាតិ​បានតាក់តែងមក ឲ្យផ្សែងៗ គ្នាដោយ ការទាប ខ្ពស់ ខ្មៅ សរ អាក្រក់ ល្អ យ៉ាងណាក៏ដោយ ក៏សុទ្ធសឹងតែជាផ្នែក​មួយនៃសង្គមដូចៗគ្នា យើងមានសិទ្ធិ មាននាទីក្នុងការជួយស្ថាបនាឲ្យសង្គមជាតិ សង្គមលោកចម្រើន លូតលាស់ ទង្វើដែលយើងប្រព្រឹត្តធ្វើក្នុងមួយថ្ងៃៗ សុទ្ធសឹងតែបាន ផ្ដិតកប់ទុកឲ្យដល់សង្គម ព្រឹត្តកម្មទាំងឡាយនោះ អាច​ក្លាយទៅជា បញ្ហាឲ្យដល់សង្គមក្នុងផ្នែកអវិជ្ជមានក៏បាន ក្លាយទៅជាទស្សនគតិ គំនិតយោបល់ ជាមេបែប ជាដើម​ក្នុងផ្នែកវិជ្ជមានឲ្យដល់សង្គមក៏បាន ដូច្នេះ មិនថាអ្នកមាន អ្នកក្រ ស្រទាប់វណ្ណៈខុសគ្នាយ៉ាងណាក៏ដោយ ក៏ចាំ​បាច់ត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ក្នុងផ្នែកណានិមួយជាមិនខាន ហើយបូកផ្សំរួមគ្នានៃគំនិតយោបល់នៃរាល់​ព្រឹត្តកម្មផ្នែកវិជ្ជមានទាំងឡាយទាំងពួងរបស់យើងម្នាក់ៗ ទើបក្លាយបានទៅជាគំនិតរួម ព្រឹត្តកម្មរួម សេចក្ដីសុខ​រួម សង្គមរួមគ្នាយ៉ាងសន្តិសុខ … … … ។

ជាគរាភិវង្ស

ព្រះ​ត្រៃ​សរណគមន៍ ( ខ្លឹម​សារ​សង្ខេប )

ព្រះត្រៃសរណគមន៍ ៖

ព្រះពុទ្ធជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា មនុស្ស គឺយើងគ្រប់គ្នានេះ មានសតិបញ្ញា មានសមត្ថភាព ដែលអាចអប់រំ ឲ្យចម្រើនបរិបូណ៌បាន អាចដឹងអរិយសច្ចធម៌ សម្រេចនូវការរួចផុត ជាឥស្សរៈ បា្រសចាកទុក្ខ អណ្តែតចាកលោកធម៌ និងមានសភាពប្រណីត ខ្ពង់ខ្ពស់ សូម្បីតែទេវតា ឬព្រហ្មក៏គោរពបូជាដែរ ដូចមានព្រះ បរមសាស្តាជាអង្គគំរូស្រាប់ ។ មនុស្សទាំងឡាយដែលមានការពឹងពាក់ សង្ឃឹមទេវតា និងវត្ថុស័ក្តិសិទ្ធិនោះ បើ​ចេះហ្វឹកហាត់អប់រំខ្លួនឲ្យបានល្អហើយ ក៏មិនមានសេចក្តីបរិសុទ្ធណា ដែលទេវតា និងវត្ថុស័ក្តិសិទ្ធទាំងអស់នោះ អាចធ្វើឲ្យបានដូចជាអំពើល្អ ឬសតិបញ្ញា របស់មនុស្សខ្លួនឯងឡើយ ។

ព្រះធម៌ជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា សេចក្តីពិត ឬសច្ចធម៌ ជាសភាវៈដែលស្ថិតនៅជាធម្មតា អ្វីៗ ទាំងអស់ប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ ។ បើបានចេះដឹង និងយល់នូវអ្វីៗ ទាំងអស់ ដែលប្រព្រឹត្តទៅតាម​សេចក្តីពិត ហើយនាំយកការចេះដឹងមកប្រើជាប្រយោជន៍ បដិបត្តិចំពោះសភាវៈទាំងឡាយ ដោយការចេះដឹង មានការដឹងទាន់ និងធ្វើការត្រង់តួហេតុ តួបច្ច័យ ដូច្នោះ ក៏រមែងដោះស្រាយបញ្ហាបានល្អជាទីបំផុត ចូលដល់​សច្ចធម៌ មានជីវិតដ៏ប្រសើរក្រៃលែង ។

ព្រះសង្ឃជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា សង្គមល្អ មានធម៌ជាឫសគល់ ប្រកបដោយសមាជិកដែល​មានចិត្តប្រាសចាក ឬឃ្លាតឆ្ងាយពីទុក្ខ ជាឥស្សរៈ មានសេរីភាព សូម្បីមានការចម្រើននូវសតិបញ្ញា ក្នុងលំដាប់​ផ្សេងៗ គ្នាក៏ដោយ ក៏នៅរួមគ្នាបានដែរ មានសភាព គឺភាពស្មើគ្នាដោយធម៌ ។ មនុស្សគ្រប់គ្នាអាចរស់នៅរួមគ្នា សាងសង្គមដូចនេះបាន ដោយការដឹងធម៌ និងការបដិបត្តិធម៌ ។

បើមិនមានភាពមាំទាំក្នុងព្រះរតនត្រ័យទេ រមែងត្រូវពឹងបច្ច័យខាងក្រៅ ដូចជាការសែនព្រេន អង្វរករដល់វត្ថុស័ក្តិ​សិទ្ធិ បន់ស្រន់ទេវតាជាដើមតទៅ តែបើមាំទាំក្នុងព្រះរតនត្រ័យវិញ ក៏រមែងរៀនដឹងនូវគោលការណ៍ដោះស្រាយ​បញ្ហាទុក្ខ តាមគោលអរិយសច្ច និងបដិបត្តិតាមវិធីការនៃមគ្គក្នុងព្រះពុទ្ធសាសនា ។

បុគ្គលដែលមានសទ្ធាមាំទាំ ជឿស៊ប់ក្នុងព្រះរតនត្រ័យ ជាជំនឿប្រកបដោយបញ្ញា ទោះជាមានសំឡេងបបួលពី​ខាងក្រៅ ឬសូម្បីតែការប្រែប្រួលនៃជីវិត ដែលហៅថា រលកនៃលោកធម៌ ( សមុទ្រតែងមានរលក ជីវិតតែងមាន​ការប្រែប្រួល ) ឬទៅតាមពាក្យអ្នកស្រុក ដែលនាំគ្នានិយាយថា “គ្រោះកាច គ្រោះជា” ជាដើម ។ ក៏មិនអាចធ្វើឲ្យ​ញាប់ញ័របាន ។ ចិត្តរបស់គេដូចជាមនុស្សដែលមានសុខភាពល្អ មាំមួន ជួយខ្លួនឯងបានគ្រប់ពេលវេលា មិនចាំ​បាច់សង្ឃឹមការបណ្តាលគ្រោះជោគពីខាងក្រៅអ្វីឡើយ មានតែការទទួលផលដែលសម្រេចអំពីកម្ម ដែលបានធ្វើ​ហើយ ដោយសេចក្តីព្យាយាមរបស់ខ្លួនតែប៉ុណ្ណោះ ។

បុគ្គលដែលមានសទ្ធាដូចពោលមកនេះ រមែងមានបញ្ញា ចម្រើនដល់ថ្នាក់យល់ដឹងអំពីគោលធម៌ សម្រាប់ដោះ​ស្រាយបញ្ហា ក្នុងដំណើរចូលទៅរកទីរំលត់ទុក្ខ តាមហេតុផលនៃអរិយសច្ចធម៌យ៉ាងច្បាស់លាស់ ហើយក៏មាន​ដំណើរបដិបត្តិកម្ចាត់ទុក្ខ តាមមាគ៌ាដែលជាអរិយមគ្គប្រកបដោយអង្គ ៨ ប្រការ ។

( សៀវភៅជំនួយសតិ ភាគទី ១៣ សម្មាទិដ្ឋិ )

បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ

កតបុញ្ញោ ឧភយត្ថ មោទតិ បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយក្នុងលោកទាំងពីរ ។

បទថា កតបុញ្ញោ ជាដើម ដោយសេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយការ​រីករាយ ព្រោះអំពើក្នុងលោកនេះថា អំពើអាក្រក់ យើងមិនបានធ្វើឡើយ ចំណែកអំពើល្អ យើងបានធ្វើហើយ ។ រមែងរីករាយក្នុងលោកខាងមុខ ព្រោះដែលឈ្មោះថា បុណ្យ ដោយអត្ថថា មានវិបាកជាសុខ ។

ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់បា្ររព្ធធម្មិកឧបាសក ។ ធម្មិកឧបាសក ជា​អ្នកប្រព្រឹត្តធម៌ ទាំងបុត្រទាំងភរិយា ជាអ្នកមានសីល មានកល្យាណធម៌ ត្រេកអរក្នុងការចែកទាន រស់នៅក្នុង​ក្រុងសាវត្ថី ។ នៅពេលមានជំងឺ គាត់មានបំណងស្តាប់ធម៌ ទើបឲ្យកូនទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ និមន្ត​ភិក្ខុសង្ឃសូត្រសតិប្បដ្ឋានសូត្រ ។ នៅពេលកំពុងស្តាប់ធម៌នោះ ទេវតានាំរាជរថពីទេវលោកទាំង ៦ ឋាន មក​អញ្ជើញគាត់ទៅទេវលោក ។ ធម្មិកឧបាសក ចុតិហើយបដិសន្ធិក្នុងរាជរថស្ថានតុសិត មានទេពអប្សរមួយពាន់​ហែហមទៅកាន់ស្ថានសួគ៌ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ព្រះគាថា៖

ឥធ  មោទតិ  បេច្ច  មោទតិ           កតបុញ្ញោ ឧភយត្ថ មោទតិ

សោ មោទតិ សោ បមោទតិ          ទិស្វា  កម្មវិសុទ្ធិមត្តនោ  ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។

គុណ​នៃ​សេចក្តី​លំបាក

កូនជាទីស្រឡាញ់

ឪពុកម្តាយ ក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរ គឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវ​ ការឲ្យកូនរបស់ខ្លួនមាននូវសេចក្តីលំបាកផងទៀត ។ មិនមានម៉ែឪណា ដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាក តោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះ កូននៅតែមានសេចក្តីលំបាក ព្រោះឪពុកម្តាយមិនអាចធ្វើឲ្យកូនសុខសប្បាយ​បានគ្រប់យ៉ាងនោះឯង ។

ក្នុងសេចក្តីនេះ កូនត្រូវចាំទុកថា សេចក្តីលំបាកនោះ វាមិនមែនអាក្រក់ មានពិសកាចសាហាវធ្វើឲ្យមនុស្ស យើង ទុក្ខលំបាកតែម្យ៉ាងនោះទេ ។ បើយើងសម្លឹងមើល ក្នុងការសិក្សា ឬមើលក្នុងផ្នែកមួយផ្សេងទៀត សេចក្តីល្អ ឬ ប្រយោជន៍នៃការលំបាកនោះៗ ក៏អាចប្រព្រឹត្តទៅបាន គឺសេចក្តិលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើង ធ្វើឲ្យមនុស្សយើងពូកែគិត និងធ្វើឲ្យបានជាអ្នកធំទៀតផង ប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯង ។

ការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯង ព្រោះត្រូវតស៊ូក្រាញននៀល ដើម្បីយកឈ្នះសេចក្តី​លំបាកនោះៗ ។ មានមនុស្សមិនតិចនាក់ដែរទេ ដែលគេបានល្អមកអំពីសេចក្តិលំបាក ដោយកាន់គំនិតថា “លំបាក​មុនស្រណុកក្រោយ” ពោលគឺ មានការអត់ធន់ ព្យាយាមនៅរវាងសេចក្តីលំបាក និងភាពស្រណុកសុខ​សប្បាយថ្លៃថ្នូររុងរឿង ។

ផ្ទុយមកវិញ ក៏មិនតិចនាក់ដែរ ដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមក មិនដែលស្គាល់ មិនដែលជួបនូវ​ សេចក្តីលំបាកឡើយ លុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើង ក៏ស្ទើរតែជួយខ្លួនឯងមិនរួច​ ធ្វើអ្វីក៏មិន​កើត ចាប់អ្វីក៏មិនជាប់ ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់ ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយ ។ មានខ្លះ​ទ្រាំនឹងលំបាកមិនបាន ក៏ត្រូវបាត់បង់ជីវិតទៅ ។

ដូច្នេះ កូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអ្វី ត្រូវចាំទុកថា សេចក្តីលំបាកជាគ្រូបង្វឹក ។ កូនត្រូវលត់ដំខ្លួនជាមួយនឹង​សេចក្តីលំបាកដោយសេចក្តីអត់ធន់ ត្រូវយកផលកម្រៃពីសេចក្តីលំបាក ចម្រើនគុណធម៌ក្នុងចិត្ត និងយកសេចក្តី លំបាកជាមេរៀន ដែលកូនត្រូវតែសិក្សាថា អាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយ ។

ភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអនេក                   តែធ្វើឲ្យដែករឹងរឹតតែរឹង

ទុក្ខដុតមនុស្សខ្សោយឲ្យប្រាសទីពឹង            តែបែរមនុស្សរឹងត្រាស់ដឹងសច្ចៈ ។

មិនមានអ្វីសល្អជាងគុណធម៌                       ខន្តីបវរតស៊ូឥតអាក់

ទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់                ព្យាយាមដកចាក់ដាក់ពេញអាងធំ ។

វីរោប្រែថា អ្នកក្លាអង់អាច                           ទុក្ខខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំ

ព្យាយាមខន្តីបញ្ញាអប់រំ                               ឈ្នះអស់ទុក្ខធំជួបជុំគុណគាប់ ។

លទ្ធផលការងារជាតម្លៃមនុស្ស                     ធ្វើការដូចព្យុះជម្រុះអភ័ព្វ

ជម្នះឧបសគ្គប្រចក្សកំណប់                         គុណធម៌ជាទ្រព្យជាប់តាមជីវិត ។

មនុស្សដែករឹងប៉ឹងតែមិនរឹងរូស                     ព្យាយាមជម្រុះមានះក្នុងចិត្ត

ទន់កាយវាចាមេត្តាមានពិត                           តែរឹងប្រព្រឹត្តសុចរិតដូចដែក ។

  

កំពូល​ប្រាថ្នា​របស់​ម៉ែ​ឪ

កូនជាទីស្រឡាញ់

កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូល របស់ម៉ែឪ គឺម៉ែឪគ្រប់គ្នាវេលាមានជំងឺ រមែងត្រូវការឃើញមុខ​ កូនរបស់ខ្លួនមកប្រណិប័តន៍ មកមើលថែ នៅជិតនៅក្បែរសាកសួររឿយៗ នោះឯងណ៎ាកូន គឺជាថ្នាំវិសេស ដែល ធ្វើឲ្យឪពុកម្តាយឆាប់ជាសះស្បើយ ។ ក្រៃលែងណាស់ទៅទៀត គឺនៅពេលដែលខ្លួនចាស់ជរា ជួយអ្វីខ្លួនឯងមិន​បាន រមែងត្រូវការកូនជាទ្វេគុណ ជាត្រីគុណ ។ សូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹក មានការងារដែលត្រូវ​ ធ្វើច្រើនសន្ធឹកសន្ធាប់ មិនសូវមានពេលទៅមក យ៉ាងណាក៏ដោយ ក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរ គឺនៅតែ​ ប្រាថ្នាឃើញកូន ហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ច ។

ឪពុកម្តាយគ្រប់គ្នា ក្រៅអំពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយ នៅមានសេចក្តីប្រាថ្នាជាទីបំផុត ម្យ៉ាងទៀត គឺចង់ឃើញកូនមានសេចក្តីចម្រើន និងមានសេចក្តីសម្រេចក្នុងជីវិត មានជីវិតរុងរឿងសម្បូណ៌ទៅ​ ដោយសេចក្តីសុខ ។ បើកូនបានសមតាមសេចក្តីប្រាថ្នា ឪពុកម្តាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយ ញាប់ញ័រក្នុងតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នូវសេចក្តីសម្រេចក្នុងជីវិត របស់កូននោះ ។ ដែលឪពុក ម្តាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសមតាមបំណងប្រាថ្នានោះឯង បើបានឃើញកូនជាមនុស្សល្អ មានសមត្ថភាពគ្រប់គ្រាន់ មានការចេះដឹង ជាមនុស្សឆ្លាត មានការងារធ្វើជាជំហរ​នៃជីវិតនឹងបានជួបប្រសព្វនូវសេចក្តីសម្រេច ឪពុកម្តាយគ្រប់គ្នាក៏ភ្លេចអស់នូវការនឿយហត់ទៅហើយដែរ ។

ចូរកូនគ្រប់គ្នា កុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ ។

ការបរិភោគដ៏ត្រឹមត្រូវ

មនុស្សទូទៅច្រើនតែយល់ថា “ការបរិភោគដ៏ប្រសើរ” គឺបរិភោគរបស់ថ្លៃ បរិភោគរឿយៗ បរិភោគច្រើន និង បរិភោគខ្ជះខ្ជាយជាដើម ។ តាមការពិត ការបរិភោគបែបនេះ មិនជាការប្រសើរឡើយ វារបែរត្រឡប់មកជាមាន បញ្ហាសុខភាព និងបញ្ហាសេដ្ឋកិច្ចតាមក្រោយទៅវិញទេ ។

បរិភោគអាហារ ដែលមានប្រយោជន៍ គឺអាហារមិនថ្លៃ ងាយនឹងរលាយ អាហារជាទីសប្បាយ មិនទាស់នឹង សុខភាព ហើយបរិភោគតែល្មមប្រមាណដល់រាងកាយដែលត្រូវការ មិនបរិភោគច្រើនហួសទៅតាមតែចិត្តចង់ យ៉ាងនេះហៅថា បរិភោគដោយបញ្ញា ។

ទុក្ខព្រោះមិនមានអ្វីបរិភោគ ជាមួយនឹងទុក្ខ ព្រោះបរិភោគច្រើនពេក វាគឺជាទុក្ខដូចតែគ្នា ។

ថ្ងែខួបកំណើត

Birthday cake   ថ្ងៃកូនកើត គឺជាថ្ងៃដែលម៉ែឪលំបាកផ្លូវកាយដ៏ខ្លាំងក្លា ។

ថ្ងៃកូនកើត គឺជាថ្ងៃដែលម៉ែជិតតែនឹងស្លាប់ ។ ប៉ុន្តែប្លែកមែនទែន ត្រង់ដែលកូនៗ មកចាត់ពិធីកម្ម សប្បាយ រីករាយ សម្រាប់ថ្ងៃកំណើតរបស់ខ្លួន ។

តាមពិត ថ្ងៃកំណើតគួរតែជាថ្ងៃនឹកម៉ែ

ការពិតក្នុងចិត្ត

កូនជាទីស្រឡាញ់

ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗ ដែរ ។ កូនគង់តែបានដឹង ហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯង។

ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថា គឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីរ របស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។

តាមពិត ម៉ែឪត្រូវការអ្វីៗ ច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊‍ីចឹង ឯង។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើន លើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែ ក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនឹងរបស់ ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថាជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។ កាលដែល កូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្ត ពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូន យកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយ បង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។

នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើ ល្អៗ មក … យ៉ាងម៉េចរួចទៅ ម៉្លោះហើយមាតាបិតាខ្លះ បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិន ធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង

ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ                 បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម

ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ                   និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។

អរុណពណ៌មាសជះរស្មី                     សម្តីម៉ែឪត្រូវរំលេច

រំលឹកចំៗ កុំឲ្យភ្លេច                           ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។

ទ្វីបលោកល្អស្រស់ព្រោះសុរិយា          មាតាបិតាគឺជាព្រះ

ជាដួងសុរិយាយាត្រារះ                      កូនត្រូវសំពះទិសបូព៌ា ។

ទិសបូណ៌មានន័យបុព្វការី                 បង្កើតប្រុសស្រីពេញពសុធា

ពាក្យពេចន៍ម៉ែឪត្រូវដូចជា                សុរិយាក្នុងគ្រាបំភ្លឺលោក ៕

អំណាចនៃសេចក្តីល្អ

សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែង ក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្ស ទាំងឡាយ ។ រឹតតែមានច្រើន ឬរឹតតែប្រើច្រើន គឺ រឹតតែល្អ និងជាពិសេស គឺមិនមានអ្នកណាមក ទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញ ក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផល ត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃ ដែលមានទំនាក់ទំនងសេពគប់ ក៏បានសុខត្រជាក់ ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ ។

សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណាៗ មករាប់អាន ក៏សេចក្តីពិតនៃគុណធម៌នោះៗ មានប្រាកដនៃខ្លួនឯងដែរ ។ គុណធម៌ជាអំណា​ចដ៏រឹងមាំ និងឋិតថេរ យូរអង្វែង មិនចាំបាច់ប្រជែងដណ្តើមពីអ្នកដទៃ មិនមានការចុះទុនដោយការប្រព្រឹត្តអាក្រក់បៀតបៀន គ្នា និងមិនមានភ័យពីអ្នកដទៃដណ្តើមយកឡើយ ។

អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំទាំងអស់ ក្នុងជិវិត ទៅជាថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់ អ្នកដែលមាននូវគុណធម៌នោះ ។

ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួន គឺកិលេសដែលជាមេនៃ សេចក្តីទុក្ខបាន ។