បណ្ណសារប្លក
ប្រយោជន៍រមែងកន្លងបង់ នូវមនុស្សល្ងង់ខ្លៅ
នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា
អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកា ។
ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ដែលរាប់អាននូវនក្ខត្តឫក្ស ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ ឯផ្កាយទាំងឡាយ នឹងធ្វើអ្វីបាន [ តើដួងផ្កាយទាំងឡាយព្ធដ៏អាកាសក្រៅពីនេះ នឹងញ៉ាំងប្រយោជន៍ឲ្យសម្រេចដូចម្តេចបាន ] ។
( នក្ខត្តជាតក បិដកលេខ ៥៨ ទំព័រ ២២ )
ពាក្យថា ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ មានន័យថា បុគ្គលស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍ដែលគេបានហើយនោះឯង ឈ្មោះថាជានក្ខត្តឫក្សរបស់ប្រយោជន៍ ។
អរិយសាវ័ក ចម្រើនដោយធម៌ ១០
ធនេន ធញ្ញេន ច យោធ វឌ្ឍតិ
បុត្តេហិ ទារេហិ ចតុប្បាទេហិ ច
ស ភោគវា ហោតិ យសស្សី បូជិតោ
ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។
បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។
សទ្ធាយ សីលេន ច យោធ វឌ្ឍតិ
បញ្ញាយ ចាគេន សុតេន ចូភយំ
សោ តាទិសោ សប្បុរិសោ វិចក្ខណោ
ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។
បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )
អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ
អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាវិញ រមែងទទួលនូវបុណ្យដ៏ប្រសើរ ។
សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ
សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ
សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ ។
សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា ( ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប ។
( បិដកលេខ ៥០ ទំព័រ ១៦៦ និងលេខ ៥៣ ទំព័រ ១៧ )
ទោសនៃភិក្ខុអ្នកបំបែកសង្ឃ
អាបាយិកោ នេរយិកោ កប្បដ្ឋោ សង្ឃភេទកោ
វគ្គរតោ អធម្មដ្ឋោ យោគក្ខេមតោ ធំសតិ
សង្ឃំ សមគ្គំ ភេត្វាន កប្បំ និរយម្ហិ បច្ចតិ ។
ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតាំងខ្លួននៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅ អស់ មួយកប្ប រមែងឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នា រមែងឆេះនៅក្នុង នរក អស់មួយកប្ប ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៦៤ )
