បណ្ណសារប្លក

ក្រ​ ៤​ យ៉ាង

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឯរកបត្តនាគរាជ

កិច្ឆោ  មនុស្សប្បដិលាភោ               កិច្ឆំ  មច្ចាន  ជីវិតំ

កិច្ឆំ  សទ្ធម្មស្សវនំ                             កិច្ឆោ  ពុទ្ធានមុប្បាទោ  ។

ការបានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅរបស់សត្វទាំងឡាយ ជាការក្រ ការបានស្តាប់ព្រះសទ្ធម្ម ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។

អធិប្បាយ

ឈ្មោះថា ការបានអត្តភាពជាមនុស្ស ឈ្មោះថា ជាការក្រ គឺរកបានដោយកម្រ ព្រោះភាពជាមនុស្ស បុគ្គលត្រូវ​បានដោយសេចក្តីព្យាយាមដ៏ច្រើន ដោយកុសលដ៏ច្រើន ។

ជីវិតរបស់សត្វទាំងឡាយ ក៏ឈ្មោះថា ជាការក្រ ព្រោះធ្វើការងារ មានកសិកម្មជាដើមញឹកញាប់ ដើម្បីចិញ្ចឹមជីវិត និងព្រោះជីវិត ជារបស់មានប្រមាណតិច ។

ការស្តាប់ព្រះសទ្ធម្ម ក៏ឈ្មោះថាជាការក្រ ព្រោះកម្រមានបុគ្គលដែលចេះសម្តែងធម៌ដ៏កម្ររក ក្នុងប្រមាណនៃ​កោដិ​កប្ប មិនមែនតិច ។

មួយទៀត ការឧប្បតិ្តក ( កើតឡើង ) នៃព្រះពុទ្ធទាំងឡាយ ក៏ជាការកម្រដូចគ្នា ព្រោះអភិនីហារ បារមីសម្រេច​ដោយសេចក្តីព្យាយាមច្រើន និងព្រោះការកើតឡើងនៃលោកអ្នកមានអភិនីហារ បារមីដែលសម្រេចហើយ ជាការ​កើតឡើងបានដោយកម្រ ដោយពាន់នៃកោដិកប្ប ។

ចំណេះ​ដឹង​ កើត​ឡើង​ដល់​​បុគ្គល​ពាល​ ដើម្បី​តែ​សេចក្តី​វិនាស

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសដ្ឋីកូដប្រេត

យាវទេវ  អនត្ថាយ              ញត្តំ  ពាលស្ស  ជាយតិ

ហន្តិ  ពាលស្ស  សុក្កំសំ     មុទ្ធំ  អស្ស  វិបាតយំ  ។

ចំណេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លិច​បំផ្លាញធម៌ដែលជាចំណែក-ស គឺកុសល របស់បុគ្គលពាលនោះ ។

អធិប្បាយ

ចំណេះដឹង ឈ្មោះថា ញត្តំ

បុគ្គលចេះនូវសិល្បវិជ្ជាឯណានីមួយ, តាំងនៅក្នុងភាពជាធំឯណានីមួយ ឬដល់ព្រមដោយយសឯណានីមួយ ដែល​ជនរមែងដឹង គឺប្រាកដ បានដល់អ្នកដឹងទូទៅ ( ដែលគេស្គាល់ច្រើន ) ។

ពាក្យថា ញត្តំ នេះ ជាឈ្មោះនៃសិល្បវិជ្ជា ភាពជាធំ និងយសនោះឯង ។

ប្រាកដណាស់ សិល្បវិជ្ជា ឥស្សរិយៈ ( ភាពជាធំ ) ជាដើម កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាស​ប៉ុណ្ណោះ គឺបុគ្គលពាលនោះ អាស្រ័យសិល្បវិជ្ជានោះហើយ រមែងធ្វើសេចក្តីវិនាសឲ្យដល់ខ្លួនឯងតែម្យ៉ាង ។

ភាសិត​បញ្ហា

“គ្រប់បញ្ហាមានសម្រាប់ឲ្យដោះស្រាយ គ្រប់បញ្ហាសុទ្ធសឹងតែមានដំណោះស្រាយ“

“ដែលយើងមានសេចក្ដីទុក្ខជាមួយនឹងបញ្ហា ព្រោះយើងរកដំណោះស្រាយមិនឃើញ តែដំណោះស្រាយហ្នឹងនៅមានជានិច្ច “

“យើងកុំបញ្ចប់បញ្ហាដោយសេចក្ខីទុក្ខ តែត្រូវបញ្ចប់ដោយសេចក្ដីសុខ”

“ត្រូវនៅពីលើតួបញ្ហា គឺត្រូវជាអ្នកដោះស្រាយនូវបញ្ហា កុំនៅក្រោមបញ្ហា ឬក្លាយទៅជាអ្នកនៅជាមួយនឹងបញ្ហា”

“ការរត់គេចពីបញ្ហា មិនមែនជាវិស័យ៖

១) នៃបណ្ឌិត

២) នៃអ្នកដឹកនាំ

៣) នៃអ្នកមានជោគជ័យក្នុងជីវិតឡើយ”

“ប្រភេទនៃបញ្ហា មានស្រទាប់ថ្នាក់ជាន់ មានរាក់មានជ្រៅ ទៅតាមកាលៈទេសៈ បុគ្គល បរិដ្ឋាន សង្គមជាដើម ដូច្នេះ វិធីដ៏ល្អបំផុតក្នុងការដោះស្រាយគឺ៖

១) ប្រើសេចក្ដីអត់ធន់ ( ខន្តី )

២) ត្រូវល្អិតល្អន់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ( និសម្មការី = ពិចារណាមុនកាត់ក្ដី )

៣) ត្រូវវែកញែកទៅតាមស្រទាប់ថ្នាក់ជាន់ ម្ដងមួយៗ ជាចង្កោម ( វិភជ្ជវិធី = មធ្យោបាយវែកញែកគ្រប់ជ្រុង​ជ្រោយ និងយោនិសោមនសិការ = ធ្វើទុកក្នុងចិត្តបានត្រឹមត្រូវល្អ )”

“ជីវិតដែលរស់នៅដោយប្រាសចាកបញ្ហាហ្នឹងមិនមានឡើយនៅក្នុងលោកនេះ”

“ជីវិតប្រសើរ មិនមែនជាជីវិត៖

១) ដើរគេចពីបញ្ហា

២) ដោះស្រាយបញ្ហាដោយប្រើអាជ្ញា

៣) សម្រក់ទឹកភ្នែកពឹងជតាកម្ម

៤) សម្លាប់ខ្លួនបញ្ចប់គ្រោះកម្មជីវិត នោះទេ

      តែជាជីវិតដែលរស់នៅជាមួយនឹងបញ្ហា  តែនៅពីលើបញ្ហា មិនប្រឡាក់ចិត្ត មិនកើតទុក្ខ មិនសម្រក់ទឹកភ្នែក  ត្រូវដោះស្រាយទៅដោយសតិបញ្ញា”

“តួបញ្ហា  មិនបានធ្វើឲ្យយើងសម្រក់ទឹកភ្នែកទេ តែខ្លួនយើងទេតើ ដែលសម្រក់ទឹកភ្នែកខ្លួនឯង”

“បើចេះប្រើបញ្ញា  យើងនឹងមានបញ្ហាមកជាមិត្រ បើខ្វះបញ្ញា  នឹងឃើញបញ្ហាថាជាសត្រូវ”

“បើយល់ពីឫសគល់នៃបញ្ហានោះ នឹងធ្វើឲ្យចិន្តារឹតតែរឹង បើខ្លះហេតុផលកែបញ្ហា នោះនឹងធ្វើឲ្យចិន្តាជួប​ទុក្ខលុះក្ស័យ”

“វិធីកែបញ្ហា មានច្រើនវិធី ត្រូវអាស្រ័យភាពឈ្លាសវៃរបស់ខ្លួនឯងផ្ទាល់ គឺ៖

១) ហ្វឹកហាត់ប្រើខួរក្បាលឲ្យពូកែគិត ពូកែវិគ្រោះ វិភាគ វែកញែកមានហេតុមានផល

២) រកទីប្រឹក្សា លេខាល្អៗ  ស្មោះត្រង់ ឈ្លាសវៃ រក្សាអាថិ៍កំបាំងមិត្រទុកបាន

៣) កុំបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងក្រសែអារម្មណ៍ស្រលាញ់ស្អប់គាប់ទាស់ ត្រូវប្រើសមាធិ

៤) សម្លឹងមើលតួបញ្ហាឲ្យចំ ឲ្យអស់ ឲ្យដល់ឫសគល់ ថា តើមកពីប្រភពណា  ប្រទាក់ឆ្វាក់ឆ្វាញ់​ចូលគ្នាដោយវិធីណា?

៥)  កុំយកមនុស្ស ឬចិត្ត ដែលធ្លាក់ចុះក្នុងអគតិទាំង  ៤ មកដោះស្រាយបញ្ហា

៦) គ្រប់បញ្ហា មានវិធី និងហេតុផលច្រើនយ៉ាងណាស់ដែលត្រូវយកមកដោះស្រាយ  តែត្រូវជ្រើសរើស​យកវិធីណា ដែលល្អបំផុត ដោះស្រាយហើយចប់រឿងយ៉ាងពិតប្រាកដ  មិនមែនដោះស្រាយបញ្ហាមួយហើយ បន្តកើតបញ្ហាមួយទៀតនោះទេ … … …

ជាគរាភិវង្ស

ទ្រុស្ត​សីល​ ទ្រុស្ត​សុខ​ សីល​សែន​ស័ក្តិ​សិទ្ធិ

បុគ្គលអ្នកទ្រុស្តសីល គឺជាអ្នកបៀតបៀនខ្លួនឯងដោយពិត ព្រោះការទ្រុស្តសីល គឺជាតួកម្មអាក្រក់ ជាធម្មតានៃ​កម្មអាក្រក់វាមិនមែនឲ្យផលល្អដល់អ្នកធ្វើឡើយ ។

អ្នកទ្រុស្តសីលគឺជាចោរ តែជាចោរដែលធ្វើនូវសេចក្តីវិនាសឲ្យដល់ខ្លួនឯង ដូចដើមឈើដែលត្រូវវល្លិជ្រៃរួបរឹត ។

អ្នកមានសីលគឺជាអ្នកមាននូវវត្ថុដ៏ស័ក្តិសិទ្ធិអស្ចារ្យ ៖

-សីលលាងជម្រះនូវមន្ទិលសៅហ្មងក្នុងចិត្ត ដែលមន្ទិលសៅហ្មងនេះ មិនអាចលាងជម្រះបានដោយទឹកទន្លេគង្គា​ជាដើមបានឡើយ ។

-សីលកម្ចាត់បង់នូវអន្តរាយខាងក្នុងដែលជាអន្តរាយដ៏ក្រៃលែងអន្តរាយនេះមិនអាចកម្ចាត់បង់បានដោយអំណាច​មន្តវិជ្ជាការណាៗ ទាំងអស់ ។

១ នាទី មានប្រយោជន៍

លើក​ទាប​ ដាក់​ខ្ពស់​ រស់​ព្រោះ​ប្រយ័ត្ន

កុំនិយាយអ្វីៗ ដោយត្រឹមតែដើម្បីអួតខ្លួនថា ជាអ្នកចេះដឹង ជាអ្នកអង់អាចឡើយ ។ បើនឹងនិយាយ ក៏គប្បី​និយាយសំដៅឲ្យបានប្រយោជន៍ដល់អ្នកស្តាប់ ដើម្បីឲ្យគេបាននូវការចេះដឹងបន្ថែម ឬដើម្បីឲ្យគេមានការ​យល់ត្រូវ ។

បើយើងនិយាយសំដៅដល់ប្រយោជន៍ ទោះបីយើងលើកយកសេចក្តីល្អ ការចេះដឹង និងសមត្ថភាពរបស់ខ្លួន យើងឡើងមកជាឧទាហរណ៍ខ្លះ ក៏មិនឈ្មោះថាអួតខ្លួនឯងដែរ គ្រាន់តែសូមឲ្យសមរម្យដល់ករណីប៉ុណ្ណោះ ។

ការគោរពកោតក្រែង មិនមែនសម្តែងខ្លួនថាអន់នោះទេ គឺជាគុណសម្បតិ្តដែលគួរឲ្យលើកតម្កើងពិតៗ ។

ធ្វើជាមនុស្សគឺត្រូវចេះប្រយ័ត្នក្នុងការធ្វើ ការនិយាយ និងការគិត គឺត្រូវប្រយ័ត្នឲ្យក្រៃលែងជាងអ្នកបើកបររថ​យន្ត ទៅទៀត ។

១ នាទី មានប្រយោជន៍

បូជនីយបុគ្គល​ គួរទទួលការបូជា

មនុស្សល្អជាសាមញ្ញ ក៏មានគេរាប់អានដែរ បើល្អជាកណ្តាលមានគេគោរព ឯមនុស្សដែលល្អដ៏យ៉ាងខ្ពង់ខ្ពស់ រមែងមានគេបូជា ។ អ្នកដែលប្រព្រឹត្តត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ហៅថាល្អយ៉ាងសាមញ្ញ មានជីវិតរស់នៅ​ជាមនុស្សលោក ល្អតាមធម្មតា ។

អ្នកដែលតាំងនៅក្នុងសីល សង្រួមឥន្ទ្រិយ ហៅថាល្អយ៉ាងកណ្តាល ។ ឯចំណែកអ្នកដែលប្រព្រឹត្តបដិបត្តិធម៌ ក្នុងសមាធិវិបស្សនា បានដុសខាត់ចិត្តរបស់ខ្លួនឲ្យប្រាសចាកនូវកិលេស ហៅថាល្អដ៏យ៉ាងខ្ពង់ខ្ពស់ ។

មនុស្សយើងកាលណាដល់ថ្នាក់គេបូជាហើយ សូម្បីគ្រឿងប្រើប្រាស់ផេ្សងៗ របស់បុគ្គលនោះ រហូតដល់ទៅឆ្អឹង ក៏ក្លាយទៅជារបស់អស្ចារ្យគួរដល់ការគោរពបូជាផងដែរ ។

ទីកន្លែងផេ្សងៗ ដែលបូជនីយបុគ្គលនោះធ្លាប់អាស្រ័យនៅ ក៏ទៅជាបូជនីយដ្ឋានទាំងអស់ ។

១ នាទី មានប្រយោជន៍

ព្រះ​ត្រៃ​សរណគមន៍ ( ខ្លឹម​សារ​សង្ខេប )

ព្រះត្រៃសរណគមន៍ ៖

ព្រះពុទ្ធជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា មនុស្ស គឺយើងគ្រប់គ្នានេះ មានសតិបញ្ញា មានសមត្ថភាព ដែលអាចអប់រំ ឲ្យចម្រើនបរិបូណ៌បាន អាចដឹងអរិយសច្ចធម៌ សម្រេចនូវការរួចផុត ជាឥស្សរៈ បា្រសចាកទុក្ខ អណ្តែតចាកលោកធម៌ និងមានសភាពប្រណីត ខ្ពង់ខ្ពស់ សូម្បីតែទេវតា ឬព្រហ្មក៏គោរពបូជាដែរ ដូចមានព្រះ បរមសាស្តាជាអង្គគំរូស្រាប់ ។ មនុស្សទាំងឡាយដែលមានការពឹងពាក់ សង្ឃឹមទេវតា និងវត្ថុស័ក្តិសិទ្ធិនោះ បើ​ចេះហ្វឹកហាត់អប់រំខ្លួនឲ្យបានល្អហើយ ក៏មិនមានសេចក្តីបរិសុទ្ធណា ដែលទេវតា និងវត្ថុស័ក្តិសិទ្ធទាំងអស់នោះ អាចធ្វើឲ្យបានដូចជាអំពើល្អ ឬសតិបញ្ញា របស់មនុស្សខ្លួនឯងឡើយ ។

ព្រះធម៌ជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា សេចក្តីពិត ឬសច្ចធម៌ ជាសភាវៈដែលស្ថិតនៅជាធម្មតា អ្វីៗ ទាំងអស់ប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ ។ បើបានចេះដឹង និងយល់នូវអ្វីៗ ទាំងអស់ ដែលប្រព្រឹត្តទៅតាម​សេចក្តីពិត ហើយនាំយកការចេះដឹងមកប្រើជាប្រយោជន៍ បដិបត្តិចំពោះសភាវៈទាំងឡាយ ដោយការចេះដឹង មានការដឹងទាន់ និងធ្វើការត្រង់តួហេតុ តួបច្ច័យ ដូច្នោះ ក៏រមែងដោះស្រាយបញ្ហាបានល្អជាទីបំផុត ចូលដល់​សច្ចធម៌ មានជីវិតដ៏ប្រសើរក្រៃលែង ។

ព្រះសង្ឃជាទីរលឹក ធ្វើឲ្យមានភាពមាំទាំក្នុងចិត្តថា សង្គមល្អ មានធម៌ជាឫសគល់ ប្រកបដោយសមាជិកដែល​មានចិត្តប្រាសចាក ឬឃ្លាតឆ្ងាយពីទុក្ខ ជាឥស្សរៈ មានសេរីភាព សូម្បីមានការចម្រើននូវសតិបញ្ញា ក្នុងលំដាប់​ផ្សេងៗ គ្នាក៏ដោយ ក៏នៅរួមគ្នាបានដែរ មានសភាព គឺភាពស្មើគ្នាដោយធម៌ ។ មនុស្សគ្រប់គ្នាអាចរស់នៅរួមគ្នា សាងសង្គមដូចនេះបាន ដោយការដឹងធម៌ និងការបដិបត្តិធម៌ ។

បើមិនមានភាពមាំទាំក្នុងព្រះរតនត្រ័យទេ រមែងត្រូវពឹងបច្ច័យខាងក្រៅ ដូចជាការសែនព្រេន អង្វរករដល់វត្ថុស័ក្តិ​សិទ្ធិ បន់ស្រន់ទេវតាជាដើមតទៅ តែបើមាំទាំក្នុងព្រះរតនត្រ័យវិញ ក៏រមែងរៀនដឹងនូវគោលការណ៍ដោះស្រាយ​បញ្ហាទុក្ខ តាមគោលអរិយសច្ច និងបដិបត្តិតាមវិធីការនៃមគ្គក្នុងព្រះពុទ្ធសាសនា ។

បុគ្គលដែលមានសទ្ធាមាំទាំ ជឿស៊ប់ក្នុងព្រះរតនត្រ័យ ជាជំនឿប្រកបដោយបញ្ញា ទោះជាមានសំឡេងបបួលពី​ខាងក្រៅ ឬសូម្បីតែការប្រែប្រួលនៃជីវិត ដែលហៅថា រលកនៃលោកធម៌ ( សមុទ្រតែងមានរលក ជីវិតតែងមាន​ការប្រែប្រួល ) ឬទៅតាមពាក្យអ្នកស្រុក ដែលនាំគ្នានិយាយថា “គ្រោះកាច គ្រោះជា” ជាដើម ។ ក៏មិនអាចធ្វើឲ្យ​ញាប់ញ័របាន ។ ចិត្តរបស់គេដូចជាមនុស្សដែលមានសុខភាពល្អ មាំមួន ជួយខ្លួនឯងបានគ្រប់ពេលវេលា មិនចាំ​បាច់សង្ឃឹមការបណ្តាលគ្រោះជោគពីខាងក្រៅអ្វីឡើយ មានតែការទទួលផលដែលសម្រេចអំពីកម្ម ដែលបានធ្វើ​ហើយ ដោយសេចក្តីព្យាយាមរបស់ខ្លួនតែប៉ុណ្ណោះ ។

បុគ្គលដែលមានសទ្ធាដូចពោលមកនេះ រមែងមានបញ្ញា ចម្រើនដល់ថ្នាក់យល់ដឹងអំពីគោលធម៌ សម្រាប់ដោះ​ស្រាយបញ្ហា ក្នុងដំណើរចូលទៅរកទីរំលត់ទុក្ខ តាមហេតុផលនៃអរិយសច្ចធម៌យ៉ាងច្បាស់លាស់ ហើយក៏មាន​ដំណើរបដិបត្តិកម្ចាត់ទុក្ខ តាមមាគ៌ាដែលជាអរិយមគ្គប្រកបដោយអង្គ ៨ ប្រការ ។

( សៀវភៅជំនួយសតិ ភាគទី ១៣ សម្មាទិដ្ឋិ )

បរិយត្តិជាឫសគល់នៃព្រះពុទ្ធសាសនា

យាវ   តិដ្ឋន្តិ  សុត្តន្តា           វិនយោ យាវ ទិប្បតិ

តាវ ទក្ខន្តិ អាលោកំ          សូរិយេ អព្ភុដ្ឋិតេ យថា ។

កាលព្រះសូត្រ និង ព្រះអភិធម្ម ឋិតនៅដរាបណា ព្រះវិន័យរុងរឿង ដរាបណា ( ផ្លូវបដិបត្តិ ) ក៏គង់នៅដរាប នោះ ដូចកាលព្រះអាទិត្យរះឡើង ស្វាងស្វៃ ដូច្នោះ ។

សុត្តន្តេសុ     អសន្តេសុ        បមុដ្ឋេ     វិនយម្ហិ   ច

តមោ ភវិស្សតិ លោកេ        សូរិយេ អត្ថង្គតេ យថា ។

កាលព្រះសូត្រ និង ព្រះអភិធម្ម មិនមាន ព្រះវិន័យក៏សាបសូន្យ ងងឹតក៏នឹងកើតឡើងក្នុងលោក ដូចព្រះអាទិត្យ អស្តង្គត ដូច្នោះ ។

សុត្តន្តេសុ រក្ខិតេ សន្តេ          បដិបត្តិ ហោតិ រក្ខិតា

បដិបត្តិយំ  ឋិតោ  ធីរោ         យោគក្ខេមា ន ធំសតិ ។

កាលព្រះសូត្រ និង ព្រះអភិធម្ម ដែលបានទទួលការរក្សានៅមាន ការបដិបត្តិក៏ឈ្មោះថា បានទទួលការរក្សា​ទុកផង ភិក្ខុជាបណ្ឌិតតាំងនៅក្នុងការបដិបត្តិហើយ រមែងមិនឃ្លាតចាកធម៌ ជាទីក្សេមចាកយោគៈឡើយ ។

( អង្គុត្តរនិកាយ អដ្ឋកថា )

ទីឃីតិកោសលជាតក

( ពៀរ រម្ងាប់ដោយការមិនចងពៀរ )

ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាងមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធពួកភិក្ខុក្រុង កោសម្ពីដែលឈ្លោះទាស់ទែងគ្នា ទើបព្រះអង្គត្រាស់សម្តែងនូវព្រះធម៌ទេសនានេះ ដោយពាក្យថា ឯវំ ភូតស្ស តេ រាជ ដូច្នេះជាដើម ។

បានស្តាប់មកថា ក្នុងកាលដែលភិក្ខុទាំងនោះ និមន្តមកកាន់ព្រះជេតពនមហាវិហារ ដើម្បីសូមនូវការអត់ទោសពី ព្រះបរមសាស្តា ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងនោះមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ជាឱរសរបស់តថាគត គឺជាកូនដែលកើតអំពីមាត់ ។ ធម្មតាដែលជាឱរស គឺមិនគួរទម្លាយនូវឱវាទ ដែលបិតាទុកឲ្យហើយ ប៉ុន្តែអ្នកទាំងឡាយ បែរទៅជាអ្នកមិនធ្វើតាមឱវាទរបស់តថាគត គឺជាអ្នកទម្លាយនូវឱវាទ ទៅវិញ ។ បណ្ឌិតទាំងឡាយពីបុរាណ សូម្បីចោរដែលជាអ្នកសម្លាប់មាតាបិតារបស់ខ្លួន ហើយប្លន់យកនូវ រាជសម្បត្តិ បានធ្លាក់ចូលក្នុងកណ្តាប់ដៃក្នុងព្រៃ ក៏នៅតែឲ្យអភ័យ មិនសងសឹក ដោយគិតថា យើងនឹងមិន ទម្លាយឱវាទដែលមាតាបិតាទុកឲ្យ ។ រួចហើយ ព្រះអង្គទ្រង់នាំយករឿងក្នុងងអតីតកាលមកសម្តែង ។ រឿង ដោយពិស្តារមានក្នុងវិនយបិដក រឿងដោយសង្ខេបមានដូចតទៅ ៖

Read the rest of this entry

ព្រះគាថាធម្មបទ ប្រារព្ធចំពោះសង្កិច្ចសាមណេរ

យោ ច វស្សសតំ ជីវេ       ទុស្សីលោ អសមាហិតោ

ឯកាហំ ជីវិតំ សេយ្យោ       សីលវន្តស្ស ឈាយិនោ ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្ត មិនបានតម្កល់ខ្ជាប់ ការរស់ នៅតែមួយថ្ងៃរបស់អ្នក ដែលមានសីល មានការពិនិត្យ ពិចារណាជាប្រក្រតី ប្រសើរជាង ។

វិជ្ជាផ្លូវធម៌

វិជ្ជាផ្លូវលោករៀនមិនចប់

វិជ្ជាចេះគ្រប់គឺចេះធម៌

វិជ្ជាផ្លូវលោកនៅញាប់ញ័រ

វិជ្ជាផ្លូវធម៌គ្រប់ក្នុងខ្លួន ។

( ដកស្រង់ពីសៀវភៅ បទពិចារណា )