បណ្ណសារប្លក
ការឲ្យទាន
ទានញ្ច ការឲ្យទាន
ការឲ្យទាន គឺការលះបង់ ការបរិច្ចាគ ការវៀរបង់ផលប្រយោជន៍ដែលទទួលបានដោយការបៀតបៀនអ្នកដទៃ មាន ៣ យ៉ាង គឺ
១. ចេតនាទាន ( ចាគចេតនា ) មានការតាំងចិត្តឲ្យ ( មកអំពីចិត្តខាងក្នុង ) ដែលជាការឲ្យទានហើយ ប្រព្រឹត្តទៅដើម្បីសេចក្តីមិនលោភលន់ ( ធ្វើឲ្យទទួលបាននូវការឆ្អែតចិត្ត )
២. វិរិតិទាន ( អភយទាន ) មានការឲ្យអំពីខាងក្នុងចិត្ត ប្រព្រឹត្តទៅដើម្បីវៀរចាកការមានទោសៈ ដូច ការឲ្យដើម្បីវៀរចាកការកន្លងល្មើសសីល ៥ មានការតាំងចិត្តឲ្យការមិនបៀតបៀនអ្នកដទៃ ហើយប្រសិនបើនរណាឲ្យយើងថ្នាំងថ្នាក់ចិត្ត ( ជាគូសត្រូវ ) យើងអត់ធន់ ឲ្យនូវអភយទានបាន ( មិនតបត និងចងគំនុំ ) នឹងធ្វើឲ្យបានអានិសង្សដ៏មានកម្លាំង
៣. វត្ថុទាន ( ទេយ្យធម៌ ) ការឲ្យទេយ្យធម៌ដោយសទ្ធា ឬដោយមេត្តា ការឲ្យទានក្នុងខនេះ ត្រូវមានវត្ថុទានទើបគ្រប់បរិបូណ៌ ប្រព្រឹត្តទៅដើម្បីសក្ការៈ
លក្ខណៈទានដែលកាន់យកថាជាមង្គល អង្គប្រកបសំខាន់ បានដល់ ការមានចេតនាក្នុងការឲ្យ និងការឲ្យព្រោះការមិនលោភ ( ជាការលះបង់ដាច់ស្រឡះ ) ចំណែកវត្ថុ ទេយ្យធម៌គ្រាន់តែជាអង្គប្រកបរាយរង
ទេយ្យធម៌ដែលគួរឲ្យ មាន ១០ ប្រការ
១. អន្នំ បាយ គឺរបស់ស៊ី របស់ទំពាស៊ីផ្សេងៗ
២. បានំ ទឹកបរិភោគគ្រប់យ៉ាង
៣. វត្ថំ សំពត់គ្រប់យ៉ាង ដូចជា សំពត់ចីវរជាដើម
៤. យានំ យានពាហនៈ សម្រួលក្នុងការធ្វើដំណើរ ដូច រថ ស្បែកជើង ឆ័ត្រ ស្ពាន ជាដើម
៥. មាលា ផ្កាកម្រងគ្រប់ប្រភេទ ទាំងក្រងហើយ និងមិនបានក្រង
៦. គន្ធំ គ្រឿងក្រអូបសព្វមុខ ដូច ធូប ទៀន …
៧. វិលេបនំ គ្រឿងលាប ដើម្បីស្បែកស្អាត ( សម្រាប់មនុស្សទូទៅ ) និងបន្ធូរអាការចុករួយ ( សម្រាប់ភិក្ខុ ) ដូច រមៀត ម្សៅត្រជាក់ ( បំបាត់កន្ទួលរមាស់ ) ប្រេងល្ង ( បំបាត់ការឈឺចុកចាប់ )
៨. សេយ្យំ ទីដេកនិងទីអង្គុយ ដូច កន្ទេល គ្រែ តាំង កៅអី កម្រាល ជាដើម
៩. អាវសថំ ទីស្នាក់អាស្រ័យ ដូច ផ្ទះ សាលា គ្រឿងប្រក់បិទបាំង ជាដើម
១០. បទីបំ ប្រទីប ដូច ប្រគេនថ្លៃភ្លើង ចន្លុះ អំពូលភ្លើង ជាដើម
បានៈ គឺទឹកភេសជ្ជៈក្នុងវិន័យសម្រាប់ភិក្ខុសាមណេរ ចែកចេញជា ២ ប្រភេទ មួយប្រភេទៗ មាន ៨ យ៉ាង
ទឹកអដ្ឋបាន ទី ១ មាន ៨ យ៉ាង
១. អម្ពបានំ ទឹកស្វាយ ( ខ្ចី ឬទុំ )
២. ជម្ពុបានំ ទឹកព្រីង
៣. ចោចបានំ ទឹកចេកមានគ្រាប់
៤. មោចបានំ ទឹកចេកគ្មានគ្រាប់
៥. មធុកបានំ ទឹកស្រគំ
៦. មុទ្ទិកបានំ ទឹកចន្ទន៍
៧. សាលុកបានំ ទឹកក្រឳឈូក
៨. ផារុសកបានំ ទឹកមាក់ប្រាង
ទឹកបានៈ ៨ យ៉ាងខាងលើនេះ ផឹកបានគ្រប់ពេល ( តម្បន ឧទកសម្ភិន្នំ វដ្តតិ សុទ្ធំ ន វដ្តតិ ភេសជ្ជៈទឹកស្រគំនោះ លាយជាមួយទឹកទើបគួរ ឆាន់សុទ្ធ មិនលាយទឹក រមែងមិនគួរ )
ទឹកអដ្ឋបាន ទី ២ មាន ៨ យ៉ាង
១. កោសម្ពបានំ ទឹកផ្លែសង្ឃ័រ
២. កោលបានំ ទឹកផ្លែពុទ្រាតូច
៣. ពទរបានំ ទឹកផ្លែពុទ្រាធំ
៤. ឃតបានំ ប្រេង ( ចម្រាញ់ចេញពីសប្បិ ទឹកដោះថ្លា )
៥. តេលបានំ ប្រេង ចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ មាន សណ្តែក ល្ងជាដើម
៦. យាគុបានំ ទឹកបបរ
៧. បយោបានំ ទឹកដោះស្រស់ ( ខីរៈ )
៨. រសបានំ ទឹករស មានរសរបស់បន្លែជាដើម ( ដែលក្រៅអំពីភេសជ្ជៈ ៧ យ៉ាងខាងដើម )
ទឹកបានៈទាំង ៨ យ៉ាងខាងក្រោយនេះ ផឹកបានគ្រប់ពេលក្នុង ៥ ខដំបូង ចំណែកទឹកបានៈ ខទី ៦-៨ ផឹកក្នុងវេលាមិនហួសពីថ្ងៃត្រង់
ទានសង្គ្រោះដោយន័យម្យ៉ាងទៀត មាន ២ យ៉ាង គឺ
១. ការឲ្យអាមិសទាន បានដល់ ការឲ្យបច្ច័យ ៤ មានបាយទឹក និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗ ជាដើម
២. ការឲ្យធម្មទាន ( តែមិនកាន់យកថាជាមង្គល ) ការឲ្យធម៌ជាទាន ឈ្មោះថាឈ្នះការឲ្យទាំងពួង ( ព្រោះជាការឲ្យប្រាជ្ញាស្មារតី )
កាលយើងមានវត្ថុ មានចេតនាចង់នឹងឲ្យទាន ជួបមនុស្សដែលគួរនឹងបានទទួលនូវទាន កាលមានឱកាសហើយឲ្យទាន ឈ្មោះថាជាការឲ្យទាន ព្រោះមានចេតនាលះបង់ ដោយមិនមានលោភៈជាប់ចំពាក់ មិនមានទោសៈ ( ឲ្យអភយទាន )
ការឲ្យវត្ថុទាន មានអង្គ ៣ គឺ
១. ទាយកោ អ្នកឲ្យទាន មានចេតនាក្នុងកាលទាំង ៣ គឺ
១. ១. កាលមុនឲ្យមានសេចក្តីជ្រះថ្លា មានចិត្តនឹងនរក្នុងខណៈដែលគិតនឹងឲ្យទាន មិនឲ្យមានអ្វីមករារាំងការតាំងចិត្ត
១. ២. កាលខណៈឲ្យធ្វើចិត្តជ្រះថ្លា ការធ្វើទានដែលយើងឲ្យនេះ ដើម្បីជាបច្ច័យខាងដើមនៃមគ្គផល ជាការលើកលំដាប់ចិត្តឲ្យខ្ពស់ឡើង ( មិនធ្វើព្រោះសេចក្តីលោភក្នុងផលរបស់ទាន ) ទានដែលយើងធ្វើជាការលះបង់របស់ដែលឥតខ្លឹមសារ ដើម្បីវត្ថុដែលមានខ្លឹមសារ ( ជ្រះថ្លាក្នុងទាននិងផលរបស់ទាន សូម្បីព្រះពុទ្ធទ្រង់ធ្វើយ៉ាងនេះមកហើយ ជាវត្ថុដែលបណ្ឌិតព្រមទទួល ) ជាការកប់ទ្រព្យទុកដែលជាហេតុជាប់តាមខ្លួនទៅ
១. ៣. កាលឲ្យហើយធ្វើចិត្តឲ្យរីករាយ មិនមានចិត្តកករល្អក់ ជាការបង្ខូចចេតនាដែលល្អតាមក្រោយ ធ្វើឲ្យផលរបស់ទានតិច ជាការធ្វើបុណ្យមិនចូលដល់បុណ្យ ដូច ការស្តាយរបស់ដែលឲ្យហើយ
ការឲ្យទាននឹងមានអានិសង្សច្រើន ដល់បុគ្គលដែលមានចេតនាធ្វើគ្រប់កាលទាំង ៣
២. វត្ថុទាន ជាវត្ថុដែលបានមកដោយសេចក្តីបរិសុទ្ធ និងសុចរិតត្រូវតាមធម៌ ដូច មិនបានមកពីការខ្ចីបុល ការលួច និងកេងប្រវ័ញ្ចជាដើម ដោយចំពោះរបស់ដែលឲ្យមានចេតនាធ្វើដោយផ្ទាល់ដៃខ្លួនឯង រមែងញ៉ាំងបីតិឲ្យកើតឡើងក្រៃលែង
៣. បដិគ្គាហកោ អ្នកទទួលទាន ជាអ្នកបរិសុទ្ធក្នុងសីល មានសីលបរិសុទ្ធតាំងពីសីល ៥ សីល ៨ រហូតដល់សីលរបស់ភិក្ខុសាមណេរ ការដែលមានអានិសង្សច្រើនឬតិច ស្រេចនឹងការមានសីលច្រើនឬតិច ក៏បានទទួលផលតាមនោះ ឈ្មោះថាទានព្រោះជាការឲ្យដល់អ្នកមានគុណ ដោយសទ្ធាឬដោយហេតុនៃគុណ ជាដើម
ការបរិច្ចាគជាការឲ្យដល់អ្នកដែលមានគុណតិចដោយចិត្តអាណិត ការបានថ្វាយទានដល់សង្ឃ កាន់យកថាមានអានិសង្សច្រើន
ធ្វើសង្ឃទាន មានអង្គប្រកប ៣
១. មានចេតនា ( ពោលទុករួចហើយ )
២. មានវត្ថុ បានដល់ ទេយ្យធម៌សម្រាប់ភិក្ខុ ( ចំណែកសម្រាប់ឃរាវាសមានច្រើនជាងសម្រាប់ភិក្ខុ ) ដែលជារបស់មានប្រយោជន៍ និងមិនខុសចាកផ្លូវធម៌ និងផ្លូវលោក
៣. មានអ្នកទទួល គឺសង្ឃ បែងចែកលក្ខណៈរបស់សង្ឃមាន ២ ប្រភេទ គឺ
១. សង្ឃធ្វើសង្ឃកម្ម បានដល់
១. ១. មានភិក្ខុចាប់ពី ៤ រូបឡើងទៅ ដូច ការធ្វើឧបោសថ
១. ២. មានភិក្ខុចាប់ពី ៥ រូបឡើងទៅ ដូច ការបំបួសកុលបុត្រក្នុងបច្ចន្តជនបទ
១. ៣. មានភិក្ខុចាប់ពី ៩ រូបឡើងទៅ ក្នុងមជ្ឈិមប្រទេស ដូច ការបំបួសក្នុងមជ្ឈិមជនបទ
១. ៤. មានភិក្ខុ ២១ រូបឡើងទៅ ទាក់ទងនឹងការធ្វើបរិវាសកម្ម ដើម្បីឲ្យភិក្ខុដែលមានទោស បានចេញចាកទោស
២. សង្ឃដទៃៗ បានដល់
២. ១. ភិក្ខុមួយរូប ក៏ហៅថាសង្ឃបាន
២. ២. ព្រះអរិយៈ សូម្បីត្រឹមតែ ១ រូប ក៏ហៅថាសង្ឃ
២. ៣. សម្មតិសង្ឃ ដូច ភិក្ខុដែលនៅមិនទាន់សម្រេចអរិយមគ្គ ( ក្រុមភិក្ខុបញ្ចវគ្គិយ លើកលែងព្រះអញ្ញា-កោណ្ឌញ្ញ ) អ្នកដែលបួសថ្មីសម្រេចជាភិក្ខុដោយការសូត្រកម្មវាចា
២. ៤. ភិក្ខុ សាមណេរ ឬសហធម្មិក ( អ្នកប្រព្រឹត្តរួមគ្នា បានដល់ ភិក្ខុ សាមណេរ ភិក្ខុនី សិក្ខមានា និងសាមណេរី ) បានទទួលសម្មតិជាអ្នកតំណាងសង្ឃ សូម្បីមួយរូបក៏ហៅថាសង្ឃ ដូច មានអ្នកថ្វាយសង្ឃទាន តែសង្ឃឲ្យលោកមកតំណាង មកទទួលសង្ឃទាន កាន់យកថាជាសម្មតិសង្ឃ សូម្បីលោកជាព្រះអរិយៈក៏ដោយ ព្រោះសង្ឃជាអ្នកតែងតាំង ( សម្មតិ ) ឲ្យមកតំណាង
រឿងព្រាហ្មណ៍ថ្វាយសង្ឃទាន
មានរឿងតំណាលក្នុងកាលមុនមកថា មានព្រាហ្មណ៍ម្នាក់ប្រាថ្នាថ្វាយសង្ឃទាន បានទៅនិមន្តភិក្ខុក្នុងវត្តមកទទួលសង្ឃទាននៅផ្ទះរបស់គាត់ តែភិក្ខុសង្ឃលោកជាប់កិច្ចរវល់ទាំងអស់អង្គ ទើបបញ្ជូនសាមណេរមួយអង្គ មកជំនួស ថ្ងៃក្រោយមក គាត់បានមកទូលសួរព្រះសាស្តាក្នុងរឿងនេះថា ការដែលសាមណេរទៅទទួលវត្ថុសម្រាប់ធ្វើសង្ឃ-ទាននេះ មានអានិសង្សដល់អ្នកប្រគេនដូចម្តេច ទ្រង់ត្រាស់ថា អានិសង្សដូចគ្នានឹងភិក្ខុសង្ឃបានទៅទទួលដែរ ព្រោះសាមណេរទៅក្នុងនាមរបស់សង្ឃ
អានិសង្សរបស់ទាន ដោយប្រភេទនៃបដិគ្គាហកៈ ( អ្នកទទួល ) ព្រះពុទ្ធត្រាស់ទុកក្នុងនវកនិបាតសូត្រ អង្គុត្តរ-និកាយ ដូច្នេះ ព្រាហ្មណ៍ណាបានឲ្យអាហារផ្សេងៗ ដល់លោកិយមហាជន អស់វេលា ៧ ឆ្នាំ ៧ ខែ ក្នុងថ្ងៃចុងក្រោយបានឲ្យគ្រឿងអលង្ការមានតម្លៃថ្លៃ ឈ្មោះថាមហាទាន
ការឲ្យទានដល់ព្រះសោតាបន្នមួយរូប មានផលច្រើនជាងមហាទាន ដែលព្រាហ្មណ៍បានធ្វើហើយនោះទៅទៀត ឲ្យបាយដល់ព្រះសកទាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសោតាបន្នទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះអនាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសកទាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះអរហន្តមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះអនាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់ព្រះបច្ចេកពុទ្ធ មានផលច្រើនជាងឲ្យបាយដល់ព្រះអរហន្តទាំងឡាយ ១០០ ដង ថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធមានផលច្រើនជាងឲ្យបាយដល់ព្រះបច្ចេកពុទ្ធទាំងឡាយ ១០០ ដង ប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធានមានផលច្រើនជាងថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធ ថ្វាយវិហារដល់សង្ឃមកអំពីទិសទាំង ៤ មានផលច្រើនជាងប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន ( ក្រៅអំពីនេះ ព្រះពុទ្ធបានត្រាស់ទានទុកក្នុងសូត្រដទៃៗ ទៀត )
ការឲ្យទាននឹងមានអានិសង្សច្រើន គឺកុំចំពោះតែភិក្ខុ ព្រោះជាបាដិបុគ្គលិកទាន ( ចំពោះបុគ្គល ) ទើបធ្វើឲ្យបានអានិសង្សតិចជាងធ្វើចំពោះសង្ឃ
ទានឈ្មោះថាជាមង្គល ព្រោះជាហេតុនៃការសម្រេចផលក្នុងទិដ្ឋធម៌ ( បច្ចុប្បន្នភព ) និងសម្បរាយភព ( បរលោក ) មានឋានៈ កិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិស្តុកស្តម្ភ ជាទីស្រឡាញ់របស់ជនទាំងឡាយ ជាដើម
រឿងសេដ្ឋីមិនមានបុត្រ ( អបុត្តកសេដ្ឋី )
អបុត្តកសេដ្ឋីបានប្រើគេឲ្យប្រគេនអាហារបិណ្ឌបាតដល់ព្រះតគរសិខីបច្ចេកពុទ្ធ ( កូនរបស់នាងបទុមវតី ) ដោយផលកម្មល្អនេះ ធ្វើឲ្យអបុត្តកសេដ្ឋីបានកើតក្នុងឋានសួគ៌ ៧ ដង កើតជាសេដ្ឋីក្នុងក្រុងសាវត្ថី ៧ ដង
ផលរបស់ទាន
ផល ( អានិសង្ស វិបាក ) របស់ទាន មាន ៥ គឺ
១. ពហុនោ ជនស្ស បិយោ ហោតិ មនាបោ អ្នកឲ្យទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តដល់ជនច្រើន
២. សន្តោ សប្បុរិសោ ភជន្តិ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក
៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ
៤. គិហិធម្មោ អនបគតោ ហោតិ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ( គឺមិនប្រាសចាកសីល ៥ )
ឬម្យ៉ាងទៀត យញ្ញទេវ បរិសំ អមង្កុភូតោ មិនជាទីស្អប់ខ្ពើមរបស់មនុស្សក្នុងសង្គម
៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិ សួគ៌ ទេវលោក
( អង្គុត្តរនិកាយ បពា្ចកនិបាត )
ទោសនៃការមិនស្គាល់ការឲ្យទាន
កាលមិនដែលស្គាល់ការឲ្យ មានតែការទទួលតែម្យ៉ាង រមែងមិនមាននរណាចង់គប់រក សមាគមជាមួយ លុះលះលោកនេះទៅហើយ តែងកើតក្នុងភពថ្មីមានឋានៈ និងការរស់នៅតូចទាប លំបាក ក្រខ្សត់ ដូច កើតជាស្មូមយាចក ជាដើម ហេតុនោះ បើចង់ជាអ្នកមានទ្រព្យ ទើបត្រូវតែស្គាល់ការឲ្យទាន
ការងារមិនច្របូកច្របល់
អនាកុលា ច កម្មន្តា ការងារមិនច្របូកច្របល់
ការងារ គឺការធ្វើការងាររកស៊ីចិញ្ចឹមជីវិតដោយការងារសុចរិត ចែកជា ៣ ប្រភេទ គឺ
១. កសិកម្ម ធ្វើស្រែចម្ការ ដូច ការភ្ជួរ រាស់ សាប ព្រោះ…
២. ពាណិជ្ជកម្ម ការជួញដូរផ្សេងៗ ( តាមផ្លូវគោក ផ្លូវទឹក … )
៣. គោរក្ខកម្ម ការចិញ្ចឹមបសុសត្វ ជាការងារលក់ផលិតផលដែលបានមកអំពីទឹកដោះគោ ហៅថាបញ្ចគោរស សំដៅដល់ផលិតផលទឹកដោះគោ
បញ្ចគោរស ៥
១. ខីរ ទឹកដោះស្រស់ដែលទើបតែរឺតពីដោះគោ ទុកមិនលើសពី ១ ថ្ងៃ
២. ទធិ ទឹកដោះជូរដែលត្រាំចោល ទុកមិនលើសពី ១ សប្តាហ៍
៣. សប្បិ ទឹកដោះថ្លា ទឹកដោះដែលគេចម្អិនហើយយកប្រេងចេញអំពីទឹកដោះដែលសល់
៤. នោនីត ទឹកដោះខាប់
៥. ឃត ប្រេង សំណល់ដែលបានមកពីការធ្វើសប្បិ និងនោនីត ( ទុកសម្រាប់ជាប្រេងអុចប្រទីប )
ការងារមិនច្របូកច្របល់ សំដៅដល់ការងាររបស់បុគ្គល ដែលប្រកបដោយការដឹងពេលវេលាដែលគួរធ្វើ ឬមិនគួរធ្វើ ធ្វើដោយសេចក្តីព្យាយាមប្រឹងប្រែង និងចុះដៃធ្វើដោយមិនរាថយ
ការងារដែលមិនច្របូកច្របល់ មាន ៣ យ៉ាង ធ្វើខណានីមួយក៏សម្រេចផលបាន ដូច្នេះ
១. បដិរូបការី ការធ្វើឲ្យសមគួរតាមកាល កាលមិនទាន់ដល់ឱកាស ក៏មិនធ្វើ បើដល់ឱកាសហើយក៏ចុះដៃធ្វើ
២ ធុរវា យកចិត្តទុកដាក់ មិនបោះបង់ចោលធុរៈនោះ កាលមានសមត្ថភាពអាចធ្វើបាន ត្រូវតាំងចិត្តធ្វើ
៣. ឧដ្ឋាតា មិនខ្ជិលច្រអូស មានសេចក្តីព្យាយាមប្រឹងប្រែង ធ្វើដោយកម្លាំងកាយមិនរាថយ មិនទុកការងារឲ្យនៅសល់ចោល
ខទី ១ និងទី ៣ ទាក់ទងនឹងរាងកាយ ចំណែកខទី ២ ទាក់ទងនឹងផ្លូវចិត្ត
សរុបសេចក្តី ក៏គឺ មើលឱកាស តាំងចិត្តធ្វើ ចុះដៃធ្វើ កាលធ្វើគ្រប់ទាំង ៣ យ៉ាងនេះ រមែងជួបប្រសព្វតែសេចក្តីសម្រេចតាមសេចក្តីត្រូវការ ធ្វើឲ្យរកទ្រព្យបាន … សមដូចពុទ្ធភាសិតថា បដិរូបការី ធុរវា ឧដ្ឋាតា វិន្ទតេ ធនំ “បុគ្គលមានការងារសមតាមកាល មានធុរៈ ( មិនទម្លាក់ចោល ) ជាអ្នកតស៊ូ រមែងបាននូវទ្រព្យ”
បេះដូងសេដ្ឋី ៤ ប្រការ
កាលត្រូវការរកទ្រព្យ និងចង់រក្សាទ្រព្យទុក ត្រូវបដិបត្តិគោលធម៌ ៤ ប្រការ ដូច្នេះ
១. ឧដ្ឋាន មានសេចក្តីឧស្សាហ៍ ប្រឹងប្រែង ព្យាយាម ខ្នះខ្នែង ក្នុងអាជីពដែលសុចរិត ជាការរកទ្រព្យបាន
២. អារក្ខា ស្គាល់ទូរក្សាទ្រព្យ ចាយវាយយ៉ាងប៉ិនប្រសប់ ដោយបែងចែកទ្រព្យជា ៤ ចំណែក
២. ១. បង្កើតបំណុលថ្មី ធ្វើឧបការៈចំពោះបុត្រធីតាដែលនៅក្នុងការគ្រប់គ្រង
២. ២. សងបំណុលចាស់ តបគុណមាតាបិតា និងអ្នកដែលធ្លាប់ជួយសង្គ្រោះ
២. ៣. ដាក់ក្នុងមាត់ពស់វែក ចិញ្ចឹមមើលថែស្វាមីភរិយា
២. ៤. បោះចូលក្នុងជ្រោះជ្រៅ ចាយវាយក្នុងរឿងផ្ទាល់ខ្លួន ដូច ធ្វើបុណ្យ ជាដើម
៣. កល្យាណមិត្ត សេពគប់មិត្តភក្កិដែលល្អ បបួលគ្នាធ្វើវត្ថុដែលមានប្រយោជន៍ដើម្បីរកទ្រព្យ មិត្តដែលចង្អុលបង្ហាញទោស និងណែនាំនូវប្រយោជន៍
៤. សមជីវិតា ញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅយ៉ាងស្មោះស្មើ ចាយវាយល្មមសមគួរ
ការងារមិនច្របូកច្របល់ជាមង្គលដ៏ឧត្តម ព្រោះជាហេតុឲ្យរកទ្រព្យបានមានសេចក្តីសុខជាលោកិយនិងលោកុត្តរ ដូច ផលល្អក្នុងបច្ចុប្បន្នទ្រព្យកើនឡើងរឿយៗ ទោះបីទ្រព្យមិនកើន ក៏អាចញ៉ាំងទ្រព្យឲ្យគង់វង្សស្ថិតស្ថេរបាន ចំណែកផលនៃលោកុត្តរជាការធ្វើធុរៈ មានចិត្តនឹងនរក្នុងការធ្វើធុរៈ ដូច ព្រះមហាតិស្សត្ថេរ មិនឲ្យការងងុយងោកងក់មកជាឧបសគ្គក្នុងការបំពេញព្យាយាម ទីបំផុតក៏បានសម្រេចព្រះអរហត្ត …
ទោសនៃការមិនចេះទទួលខុសត្រូវក្នុងការងារ ដូច ជាការខ្ជិលច្រអូស ដេកច្រើន បោះបង់តួនាទី ទុកការងារចោលឲ្យនៅសល់ ប្រព្រឹត្តខ្លួនឲ្យវិនាស ជាប់នៅក្នុងអបាយមុខ មិនអាចញ៉ាំងជីវិតឲ្យតាំងនៅជាសុខបាន និងមិនមាននរណាចង់រៀបការជាមួយ
ការសង្គ្រោះភរិយា
ភរិយា សំដៅយកស្ត្រីដែលធ្វើឲ្យកូនប្រុសក្នុងត្រកូលផ្សេង ចេញអំពីគ្រួសារដើមរបស់គេ ដូច ទំនៀមទម្លាប់ស្ត្រីរៀបការជាមួយនឹងបុរស បន្ទាប់មក បុរសក៏ប្តូរមករស់នៅជាមួយនឹងក្រុមគ្រួសារខាងស្ត្រី
ការសង្គ្រោះភរិយា សំដៅដល់ការដែលស្វាមីមានឧបការៈចំពោះភរិយាតាមសមគួរ ក្នុងស្ថានទាំងឡាយ
ស្ត្រីដែលជាភរិយា មាន ២០ ជំពូក
១. មាតុរក្ខិតា ស្រីដែលមានមាតារក្សា
២. បិតុរក្ខិតា ស្រីដែលមានបិតារក្សា
៣. មាតាបិតុរក្ខិតា ស្រីដែលមានមាតាបិតារក្សា
៤. ភាតុរក្ខិតា ស្រីដែលបងប្អូនប្រុសរក្សា
៥. ភគិនីរក្ខិតា ស្រីដែលមានបងប្អូនស្រីរក្សា
៦. ញាតិរក្ខិតា ស្រីដែលមានសាច់ញាតិមើលថែ
៧. គោត្តរក្ខិតា ស្រីដែលមានគោត្ររក្សា ជាញាតិដែរ តែជាញាតិសាច់ឆ្ងាយ
៨. ធម្មរក្ខិតា ស្រីដែលមានធម៌រក្សា ( សង្គមរក្សា នឹងមានអ្នកប្រព្រឹត្តកន្លងល្មើសមិនបាន )
៩. សារក្ខា ស្រីដែលមានអារក្ខា ( មើលថែខ្លួនឯងបាន )
១០. សបរិទណ្ឌា ស្រីដែលមានអាជ្ញារក្សា មានច្បាប់រក្សា ( ព្រះរាជាគ្រប់គ្រង ) ដូច ស្ត្រីដែលមានអាយុក្រោម ១៨ ឆ្នាំ ( អនីតិជន ) នឹងមានអ្នកណាមកប្រព្រឹត្តកន្លងល្មើសមិនបាន
១១. ធនក្កីតា ស្រីដែលទិញមកដោយទ្រព្យ ដូច លោះខ្លួនពីជាទាសីយកមកធ្វើជាប្រពន្ធ
១២. ឆន្ទវាសិនី ស្រីដែលមកជាភរិយាដោយសេចក្តីពេញចិត្ត
១៣. ភោគវាសិនី ស្រីដែលរួមរស់ជាមួយ ដោយឃើញដល់ទ្រព្យ
១៤. បដវាសិនី ស្រីដែលព្រមមករួមរស់ ដោយសំពត់មួយផ្ទាំង
១៥. ឱទបត្តកិនី ស្រីដែលគេជ្រលក់ម្រាមចូលក្នុងទឹក ( សម្តែងថាជាភរិយារបស់ប្រុសនោះ )
១៦. ឱភតចុម្ពដា ស្រីដែលប្រុសដាក់ទ្រនូលចុះពីក្បាល ( ស្រីនេះជាទាសី )
១៧. ទាសី ច ភរិយា ច ស្រីដែលមកក្នុងឋានៈ ២ ប្រការ គឺ ទាំងជាទាសី ទាំងជាភរិយា ( យកទាសីមកជាភរិយា )
១៨. កម្មការី ច ភរិយា ច ស្រីទាំំងជាអ្នកធ្វើការស៊ីឈ្នួល ទាំងជាភរិយា
១៩. ធជាហដា ស្រីដែលទង់នាំមក ដូច ប្រុសទៅទឹមរថយកមកផ្សងរកគូព្រេង ហើយស្រីនោះក៏ទទួលទង់ទុក
២០. មុហុត្តិកា ស្រីដែលប្រុសគប្បីនៅរួមមួយរំពេច
តួនាទីរបស់ស្វាមីសង្គ្រោះភរិយា មាន ៥ យ៉ាង គឺ
១. សម្មាននាយ លើកតម្កើង រាប់អានថាជាភរិយាពិតប្រាកដ បានដល់ ការធ្វើខ្លួនឲ្យជាប្រយោជន៍ដល់ភរិយា បានអ្វីមកក៏ប្រគល់ឲ្យភរិយាគ្រប់យ៉ាង និយាយចរចាដោយពាក្យពីរោះ ទន់ភ្លន់ និងពាក្យជាទីស្រឡាញ់ បើស្វាមីលើកតម្កើង រាប់អានភរិយា ញាតិខាងស្វាមីរមែងលើកតម្កើង រាប់អានដូចគ្នា តែបើស្វាមីមើលងាយភរិយា ញាតិខាងស្វាមីក៏មើលងាយតាមហ្នឹងដែរ
២. អវិមាននាយ មិនមើលងាយ មិនស្អប់ខ្ពើមភរិយា
៣. អនតិចរិយាយ មិនប្រព្រឹត្តក្បត់ចិត្តភរិយា ធ្វើឲ្យនាងឈឺចិត្ត
៤. ឥស្សរិយវោស្សគ្គេន ប្រគល់ភាពជាធំឲ្យ ដូច សម័យមុនស្វាមីប្រគល់វែកឲ្យ មានន័យថា ឲ្យភរិយាមានអំណាចក្នុងការធ្វើកិច្ចការងារក្នុងផ្ទះ ( តាមដែលភរិយាពេញចិត្ត )
៥. អលង្ការានុប្បទានេន ប្រគល់គ្រឿងអលង្ការឲ្យ តាមឱកាសពេលវេលា និងកម្លាំងទ្រព្យដ៏សមគួរ
ការសង្គ្រោះភរិយាក្នុងន័យម្យ៉ាងទៀត គឺ ស្វាមីសង្គ្រោះភរិយាដោយការពោលពាក្យពីរោះទន់ភ្លន់ ការប្រព្រឹត្តប្រយោជន៍ដែលជាសារធម៌ ដូចជា ការណែនាំ ប្រៀនប្រដៅឲ្យភរិយាតាំងនៅក្នុងសីលធម៌ ស្គាល់បុណ្យបាបគុណទោស ដឹងគុណមាតាបិតា …
ភរិយាអនុគ្រោះស្វាមីដោយតួនាទី ៥ យ៉ាង គឺ
១. សុសំវិហិតកម្មន្តា ចាត់ចែងកិច្ចការងារក្នុងផ្ទះឲ្យបានល្អ ផ្ទះត្រូវតែស្អាត មានរបៀបរៀបរយជានិច្ច
២. សុសង្គហិតបរិជនា សង្គ្រោះញាតិទាំងសងខាង ធ្វើល្អជាមួយនឹងញាតិខាងស្វាមីឲ្យដូចជាញាតិរបស់ខ្លួន
៣. អនតិចារិនី មិនប្រព្រឹត្តក្បត់ចិត្តស្វាមី ( នៅតែក្នុងបេះដូងរបស់ស្វាមីជានិច្ច )
៤. សម្ភតញ្ច អនុរក្ខតិ រក្សាទ្រព្យសម្បត្តិរបស់ស្វាមីប្រគល់ឲ្យ ចាយវាយតាមសមគួរ មិនក្បិតក្បៀតពេក មិនខ្ជះខ្ចាយពេក
៥. ទក្ខា ច ហោតិ អនលសា សព្វកិច្ចេសុ ឆ្លាតវាងវៃ រហ័សរហួន ឧស្សាហ៍ប្រឹងប្រែង មិនខ្ជិលច្រអូស ភ្ញាក់មុន និងដេកក្រោយស្វាមី
កាលស្វាមីមានសេចក្តីប្រព្រឹត្តល្អទាំងក្នុងការងារ និងល្អចំពោះក្រុមគ្រួសារ រួមទាំងជាអ្នកមានគុណធម៌ រមែងធ្វើឲ្យក្រុមគ្រួសារមានតែសេចក្តីស្ងប់សុខ សេចក្តីចម្រើន ទាំងញាតិបងប្អូនទាំងសងខាង ក៏ត្រេកអរជាមួយ ( ការដែលស្វាមីមានគុណ គឺសេចក្តីល្អដូច្នេះនេះ សូម្បីតែស្តេចសក្កៈ [ ព្រះឥន្ទ្រ ] ក៏គោរព រាប់អាន លើកសរសើរ )
វត្ថុដែលកាន់យកថាជាភ្លើង អាចឲ្យទុក្ខទោស មាន ៧ កង គឺ
១. រាគគ្គិ ភ្លើងគឺរាគៈ
២. ទោសគ្គិ ភ្លើងគឺទោសៈ
៣. មោហគ្គិ ភ្លើងគឺមោហៈ
៤. អាហុនេយ្យគ្គិ ភ្លើងគឺអាហុនេយ្យបុគ្គល បានដល់មាតាបិតា
៥. ទក្ខិណេយ្យគ្គិ ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណព្រាហ្មណ៍
៦. គហបតគ្គិ ភ្លើងគឺស្វាមីភរិយា
៧. កដ្ឋគ្គិ ភ្លើងអុស
ការប្រព្រឹត្តខុសក្នុងភ្លើងទាំង ៧ កង រមែងឲ្យផល គឺការដុតខ្លួនប្រាណ ចិត្តសន្តាន និងទ្រព្យរបស់ ជាបាបកម្មឲ្យផលជាប់តាមឲ្យផលឆ្លងភពជាតិកំណើត ដូចការដុតបំផ្លាញរបស់ភ្លើង ដែលមានតែសេចក្តីវិនាសអន្តរាយកើតការក្តៅក្រហាយ ដល់នូវហាយនភាពទាំងក្នុងលោកនេះ និងភពជាតិដទៃ ដូច ភ្លើងឆេះផ្ទះ, ស្រីក្បត់ចិត្តស្វាមីកាលអស់ជីវិតហើយកើតជាប្រេត, បុត្រប្រទូសរ៉ាយចំពោះមាតាបិតា កាលស្លាប់ហើយទៅកាន់អបាយភូមិត្រូវឆេះក្នុងភ្លើងនរក
បុគ្គលបូជាភ្លើង ព្រោះឃើញហេតុនៃភ្លើងទាំង ៧ កង ដូច្នោះ ភ្លើងជាសញ្ញាសម្គាល់ប្រាប់ឲ្យដឹងដល់សេចក្តីសំខាន់ គួរមានការបូជា ថ្វាយបង្គំ ធ្វើសេចក្តីល្អចំពោះអ្នកដែលលោកប្រៀបដូចជាភ្លើងទាំងឡាយ ផលអាក្រក់នឹងមិនកើតឡើងដល់ជីវិតរបស់ខ្លួន
ភាពជាមង្គលក្នុងការសង្គ្រោះភរិយា ព្រោះជាហេតុនៃប្រយោជន៍ ការអនុគ្រោះដល់គ្នានឹងគ្នា ដើម្បីការប្រព្រឹត្តទៅក្នុងទិដ្ឋធម៌ និងសម្បរាយភព ដូច កាលស្វាមីភរិយាមានសេចក្តីស្រឡាញ់ រួបរួមសាមគ្គីគ្នារមែងធ្វើឲ្យក្រុមគ្រួសារមានតែសេចក្តីសុខ និងសេចក្តីចម្រើនតែម្យ៉ាង
ការសង្គ្រោះបុត្រ
បុត្តស្ស សង្គហោ ការសង្គ្រោះបុត្រ
បុត្រ សំដៅដល់ អ្នកជម្រះវង្សត្រកូលឲ្យបរិសុទ្ធ ( បើមានបុត្រក៏នឹងមានត្រកូលគង់វង្សបន្តរហូត ) មិនមានត្រកូលដទៃចូលមកជ្រៀតជ្រែកបាន
បុត្រមាន ៣ ជំពូក
១. អតិជាតបុត្រ បុត្រដែលមានគុណធម៌ខ្ពង់ខ្ពស់ជាងមាតាបិតា បានដល់ មាតាបិតាមិនបានដល់ព្រះរតនត្រ័យជាទីពឹង មិនមានសីល មិនមានធម៌ប្រចាំចិត្ត តែបុត្រជាអ្នកមានសីល មានកល្យាណធម៌និងដល់នូវព្រះរតនត្រ័យ ជាទីពឹង
២. អនុជាតបុត្រ បុត្រដែលស្របតាម និងប្រព្រឹត្តតាមមាតាបិតា ( យកតែខាងល្អ ) បានដល់ មាតាបិតាដល់ព្រះរតនត្រ័យជាទីពឹង មានសីល ស្តាប់ធម៌ ចម្រើនភាវនា បុត្រក៏មានគុណធម៌ទាំងនោះដូចលោកដែរ
៣. អវជាតបុត្រ បុត្រដែលមានគុណធម៌ទាបជាងមាតាបិតា ទោះជាមាតាបិតាជាអ្នកមានគុណធម៌ ឬមិនមានក៏ដោយ តែបុត្រជាអ្នកមិនមានសីល មិនមានធម៌ មិនដល់ព្រះរតនត្រ័យជាទីពឹង …
ការសង្គ្រោះបុត្រ ជាតួនាទីរបស់មាតាបិតាដែលត្រូវអនុគ្រោះបុត្រក្នុងស្ថានទាំង ៥ ( មានហាមមិនឲ្យធ្វើអំពើអាក្រក់ជាដើម ) ដូចដែលបានសម្តែងមកហើយ ក្នុងមង្គល ការបម្រើនូវមាតាបិតា
ការបម្រើនូវមាតាបិតា
មាតា ប្រែថា អ្នកដែលស្រឡាញ់រាប់អាននូវបុត្រ បិតា ប្រែថា អ្នកគ្រប់គ្រងថែរក្សានូវបុត្រ ធ្វើឲ្យបុត្រជាអ្នកមានកិត្តិយសក្នុងសង្គមព្រោះមានត្រកូល
ការបម្រើមាតាបិតា គឺការចិញ្ចឹម មើលថែ ឧបដ្ឋាក បម្រើ ការប្រណិប័តន៍ ដោយសក្ការៈ និងគោរពឱនលំទោន ដោយការឲ្យបាយ ទឹក សំពត់ ទីដេក ផ្កាកម្រង គ្រឿងក្រអូប ការផ្ងូតទឹក និងលាងជើងជាដើម
មាតាមានឈ្មោះហៅ ៥ យ៉ាង ដូច្នេះ ៖
១. ទោហឡិនី ស្រីមានអាការចាញ់គភ៌
២. សុហទា ស្រីមានហឫទ័យល្អ ពេលដឹងថា មានគភ៌ហើយ ចិត្តក៏រមែងរីករាយសប្បាយ
៣. ជនយន្តី ឬ ជនេត្តី ស្រីឲ្យកំណើតបុត្រ
៤. តោសេន្តី អ្នកលួងលោមបុត្រឲ្យត្រេកអរ ឬលួងលោម
៥. បោសេន្តី អ្នកចិញ្ចឹមបុត្រកាលនៅជាទារកមិនទាន់ដឹងក្តី
បណ្តាស្ត្រីដែលមានចិត្តល្អទាំងអស់ មាតាឈ្មោះថា ជាស្ត្រីដែលមានចិត្តល្អបំផុត
មាតាលួងលោមបុត្រតូច នៅពេលស្រែកយំ ដោយវិធី ៣ យ៉ាង គឺ
១. ដោយការបំបៅដោះ
២. ដោយការបីបមដោយអវយវៈ ដូចការបីពរ ឱបរឹត
៣. ដោយការច្រៀងបំពេរ
សេចក្តីសំខាន់របស់មាតាបិតាក្នុងឋានៈ ៤ យ៉ាង គឺ
១. ព្រហ្មា មាតាបិតាជាព្រះព្រហ្មរបស់បុត្រ ព្រោះលោកទាំងពីរជាអ្នកមានមេត្តា ករុណា មុទិតា និងឧបេក្ខាចំពោះបុត្រ ដូចឧបនិស្ស័យរបស់ព្រហ្ម
២. បុព្វទេវា មាតាបិតាជាបុព្វទេវា ( ទេវតាខាងដើម ) របស់បុត្រ បុព្វទេវា ឬបុព្វទេព មាន ៣ ប្រភេទ គឺ
២. ១. ឧបបត្តិទេព ទេវតាក្នុងជាន់ផ្សេងៗ
២. ២. សម្មតិទេព អ្នកដែលមានបុណ្យច្រើន ដូច ស្តេចផែនដីជាដើម
២. ៣. វិសុទ្ធិទេព គឺព្រះខីណាស្រព
មាតាបិតាប្រៀបដូចវិសុទ្ធិទេព ដែលជាទេវតាថ្នាក់ខ្ពស់ ព្រោះសន្តានចិត្តបរិសុទ្ធ ដូចព្រះអរហន្ត មានការប្រព្រឹត្តដូចទេវតា ជាទេវតាខាងដើមរបស់បុត្រ បង្រៀនបុត្រឲ្យស្គាល់ទេវតាដទៃទៀតតាមក្រោយ ពេលបុត្រធ្វើខុស ក៏ប្រាថ្នាឲ្យសេចក្តីចម្រើនកើតឡើងដល់បុត្រដោយឆាប់រហ័ស ធ្វើខ្លួនដើម្បីប្រយោជន៍សុខដល់បុត្រ ជាទក្ខិណេយ្យបុគ្គលរបស់បុត្រកាលបុត្រធ្វើសេចក្តីគោរពសក្ការៈចំពោះមាតាបិតារមែងនាំមកនូវបុណ្យដ៏ច្រើនប្រមាណមិនបាន
៣. បុព្វចរិយា មាតាបិតាជាបុព្វាចារ្យរបស់បុត្រ បង្រៀនឲ្យបុត្រស្គាល់វត្ថុរបស់របរផ្សេងៗ សព្វគ្រប់ ទាំងខាងផ្លូវលោក និងផ្លូវធម៌ តាមដែលអាចធ្វើទៅបាន ទើបរាប់ថាជាគ្រូដើមរបស់បុត្រ ចំណែកគ្រូអាចារ្យដទៃទៀត ជាគ្រូដែលបុត្រស្គាល់តាមក្រោយ
៤. អាហុនេយ្យា មាតាបិតាជាអាហុនេយ្យបុគ្គលរបស់បុត្រ ជាអ្នកដែលបុត្រគួរវត្ថុទាំងពួង ដូចជាបច្ច័យ ៤ នាំមកបូជា ទទួលរាក់ទាក់ និងជាបុគ្គលដែលបុត្រគួរនាំវត្ថុ មកធ្វើសក្ការៈ គោរព រាប់អាន ព្រោះហេតុនៃគុណរបស់លោកមានច្រើន រមែងនាំមកនូវផលានិសង្សដ៏ច្រើន
ព្រះពុទ្ធត្រាស់ថា ព្រោះមាតាបិតាជាអ្នកអនុគ្រោះដល់បុត្រទាំងឡាយ ទើបត្រូវហៅថា ជាព្រះព្រហ្ម បុព្វាចារ្យ និងអាហុនេយ្យបុគ្គលរបស់បុត្រទាំងឡាយ ( បុព្វទេវា រាប់បញ្ចូលក្នុងព្រហ្ម ព្រោះព្រហ្មជាប្រធានក្នុងពួកទេវតា )
ការរឭកដល់គុណរបស់មាតាបិតាមានច្រើនប្រមាណមិនបាន ចំពោះបុត្រ បុត្រទើបគួរតបស្នងសងគុណរបស់លោក ដូច ការជូនបច្ច័យ ៤ និងធ្វើសេចក្តីល្អគ្រប់យ៉ាងដល់លោក ឲ្យឋានៈដ៏ខ្ពង់ខ្ពស់ដែលលោកពេញចិត្ត ជាការឲ្យសេចក្តីតាមផ្លូវលោក ដោយប្រការផ្សេងៗ ក៏នៅរាប់ថា តបស្នងសងគុណលោកមិនទាន់អស់ មិនអាចប្រៀបស្មើនឹងការបានតបស្នងសងគុណដោយការឲ្យវត្ថុដ៏ប្រសើរ ដូចតទៅនេះ
ការតបគុណដ៏ប្រសើរចំពោះមាតាបិតា
១. អស្សទ្ធេ សទ្ធាសម្បទាយ សមាទបេតិ អាចធ្វើឲ្យមាតាបិតាជាអ្នកមិនមានសទ្ធា ឲ្យជាអ្នកមានសទ្ធា
២. ទុស្សីលេ សីលសម្បទាយ សមាទេបេតិ អាចធ្វើឲ្យមាតាបិតាជាអ្នកមិនមានសីល ឲ្យជាអ្នកមានសីល
៣. មច្ឆរិនោ ចាគសម្បទាយ សមាទបេតិ អាចធ្វើឲ្យមាតាបិតាជាអ្នកមាននូវសេចក្តីកំណាញ់ ឲ្យជាអ្នកចេះបរិច្ចាគ
៤. ទុប្បញ្ញេ បញ្ញាសម្បទាយ សមាទបេតិ អាចធ្វើឲ្យមាតាបិតាជាអ្នកល្ងង់ល្ងិត អប្បឥតប្រាជ្ញា ជាអ្នកឃើញច្បាស់នូវសច្ចធម៌ ( ឲ្យជាអ្នកមានបញ្ញាសម្បទា )
ការដែលធ្វើចំពោះមាតាបិតាខាងលើនេះ កាន់យកថាជាតបស្នងសងគុណដ៏ប្រសើរបំផុត ព្រោះជាបុណ្យកុសលដែលនឹងធ្វើប្រយោជន៍ទាំងក្នុងលោកនេះ និងលោកខាងមុខដល់លោកទាំងទ្វេ
ការបម្រើមាតាបិតា បែងចែកតាមលក្ខណៈបុគ្គលមាន ២ យ៉ាង គឺ
១. ការបម្រើមាតាបិតារបស់គ្រហស្ថ ធ្វើបានដោយការនាំគ្រឿងសក្ការៈមកបូជា និងការគោរពក្រាបថ្វាយបង្គំ
២. ការបម្រើមាតាបិតារបស់បព្វជិត ធ្វើបានដោយការនាំគ្រឿងសក្ការៈមកតែម្យ៉ាង តែមិនអាចក្រាបថ្វាយបង្គំ ព្រោះភេទជាបព្វជិតស្ថិតនៅក្នុងឋានៈខ្ពង់ខ្ពស់ជាង
មាតាបិតាកាន់យកថាជាអ្នកឋិតនៅទិសខាងកើតរបស់បុត្រ ព្រោះលោកជាអ្នកមានឧបការៈខ្ពង់ខ្ពស់ចំពោះបុត្រ បុគ្គលដែលគួរឲ្យការចិញ្ចឹមមើលថែ បានដល់មាតាបិតា បុត្រ ភរិយា ទាសកម្មករ និងមិត្តអាមាត្យទាំងឡាយ
ការបម្រើមាតាបិតាដោយស្ថាន ៥ គឺ
១. ភតោ នេសំ ភរិស្សាមិ លោកចិញ្ចឹមមើលថែយើងហើយ ត្រូវចិញ្ចឹមមើលថែលោកវិញ
២. កិច្ចំ នេសំ ករិស្សាមិ ជួយធ្វើកិច្ចការផ្សេងៗ របស់លោក
៣. កុលវំសំ ឋបេស្សាមិ ជួយរក្សាវង្សត្រកូល
៤. ទាយជ្ជំ បដិបជ្ជាមិ បដិបត្តិខ្លួនឲ្យសមគួរជាអ្នកទទួលមរតក
៥. បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមីតិ កាលមាតាបិតាអស់ជីវិតហើយ បុត្រធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យលោកអ្នកមានគុណ
ការធ្វើពលីកម្ម ជាការឲ្យទានដែលបុគ្គលគប្បីឲ្យដល់មនុស្ស និងអមនុស្ស ដោយទេយ្យធម៌ដែលរកមកបានដោយសេចក្តីព្យាយាមប្រកបដោយធម៌ ចែកចេញជា ៥ លក្ខណៈ គឺ
១. ញាតិពលី សង្គ្រោះដល់ញាតិ
២. អតិថិពលី ទទួលភ្ញៀវ
៣. បុព្វបេតពលី ធ្វើបុណ្យឧទ្ទិសឲ្យអ្នកស្លាប់ ដូច មាតាបិតា ញាតិកាទាំងឡាយ
៤. រាជពលី បង់ពន្ធជូនដល់រាជការ
៥. ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យទេវតា
មាតាបិតាអនុគ្រោះបុត្រដោយស្ថាន ៥ បានដល់
១. បាបា និវារេន្តិ ហាមមិនឲ្យបុត្រធ្វើអំពើអាក្រក់
២. កល្យាណេ និវេសេន្តិ ឲ្យបុត្រតាំងនៅក្នុងសេចក្តីល្អ ដូចជា ណែនាំឲ្យកាន់សីល ៥ ជាដើម
៣. សិប្បំ សិក្ខាបេន្តិ ឲ្យបុត្រសិក្សានូវសិល្បសាស្ត្រផ្សេងៗ
៤. បដិរូបេន ទារេន សញ្ញោជេន្តិ រកស្វាមីភរិយាដ៏សមគួរឲ្យដល់បុត្រ
៥. សមយេ ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមរតកឲ្យដល់បុត្រ
មង្គលដែលកើតអំពីការបម្រើនូវមាតាបិតា បុត្រដែលបដិបត្តិល្អចំពោះមាតាបិតា រមែងបានទទួលផល ជួបប្រសព្វតែសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងលោកនេះ និងលោកខាងមុខ ដូចបុត្រដែលស្តាប់ដំបូន្មានរបស់មាតាបិតាតែងបានទទួលការសរសើរអំពីបណ្ឌិត ផុតចាកភយន្តរាយ កាលអស់ជីវិតទៅហើយ រមែងទៅកាន់សុគតិ
ទោសនៃការបដិបត្តិខុសចំពោះមាតាបិតា ញ៉ាំងផលឲ្យបានជួបប្រសព្វតែសេចក្តីទុក្ខ ក្នុងជាតិនេះ រមែងបានទទួលការនិន្ទាតិះដៀលថា ជាមនុស្សអកតញ្ញូ ធ្វើរឿងណា ក៏មិនមានសេចក្តីចម្រើន លុះបែកធ្លាយរាងកាយស្លាប់ទៅរមែងទៅកើតក្នុងអបាយភូមិ ដូច ការផ្តាច់ជីវិតរបស់អ្នកមានគុណ
រឿងព្រះមហាមោគ្គល្លាន
ព្រះមហាមោគ្គល្លានក្នុងអតីតជាតិ ជឿតាមពាក្យភរិយាញុះញង់ បានផ្តាច់ជីវិតមាតាបិតា កាលអស់ជីវិតបានទទួលផលកម្មធ្លាក់នរកអស់កាលយូរ កាលកើតជាមនុស្សសម្រេចព្រះអរហត្តហើយ ក៏នៅសេសសល់បាបកម្មចាស់ ធ្វើឲ្យជាតិចុងក្រោយ ត្រូវចោរវាយខ្លួនប្រាណរបស់លោកទាល់តែខ្ទេច រហូតដល់បរិនិព្វាន
វាចាជាសុភាសិត
សុភាសិតា ច យា វាចា ការពោលវាចាជាសុភាសិត
វាចា គឺសំឡេង ឬពាក្យនិយាយគ្រប់យ៉ាងដែលចេញមកអំពីមាត់ នឹងមានចេតនា ឬមិនមានក៏ដោយ អាចនឹងប៉ះខ្ទប់ជាមួយនឹងត្រចៀករបស់ជនដទៃឲ្យដឹងសេចក្តីបាន ជាពាក្យដែលនិយាយហើយល្អ ប្រកបដោយអត្ថដោយធម៌
សុភាសិតវាចា គឺពាក្យដែលវៀរចាកវចីទុច្ចរិត ៤ គឺ និយាយកុហក និយាយទ្រគោះ និយាយចាក់ដោត និងនិយាយរោយរាយ ឬពាក្យនិយាយដែលប្រកបដោយអង្គ ៥ ដែលវិញ្ញូជនទាំងឡាយមិនតិះដៀល ៖
១. កាលេន ច ភាសិតា ហោតិ ពោលតាមកាល និយាយក្នុងវេលាដ៏សមគួរ
២. សច្ចា ច ភាសិតា ហោតិ ពោលតែពាក្យពិត
៣. សណ្ហា ច ភាសិតា ហោតិ ពោលតែពាក្យពីរោះ គួរជាទីស្រឡាញ់
៤. អត្ថសញ្ហិតា ច ភាសិតា ហោតិ ពោលតែពាក្យដែលមានប្រយោជន៍ ប្រកបដោយខ្លឹមសារ
៥. មេត្តចិត្តេន ច ភាសិតា ហោតិ ពោលដោយមេត្តចិត្ត
សុភាសិតវាចាក្នុងអង្គទាំង ៥ នេះ ជាមង្គលទៅបាន ត្រូវប្រកបគ្រប់ទាំង ៥ នេះ ខ្វះអង្គណានីមួយមិនបាន បុថុជ្ជនថ្នាក់ទាប ត្រូវបដិបត្តិឲ្យល្អ
ក្រៅពីនេះ វាចាជាសុភាសិតនៅមានអង្គ ៤ ដទៃទៀត ដែលកាន់យកថាជាមង្គលដូចគ្នា ដែលព្រះសម្មាសម្ពុទ្ធត្រាស់ទុកក្នុងសុភាសិតសូត្រ តតិយវគ្គ សុត្តនិបាត សមគួរសម្រាប់អ្នកមានគុណធម៌ជាន់ខ្ពស់ ជាព្រះអសេក្ខ-បុគ្គល
វាចាជាសុភាសិត ៤ យ៉ាង
១. សុភាសិតំយេវ ភាសតិ នោ ទុព្ភាសិតំ ពោលតែពាក្យជាសុភាសិត មិនពោលពាក្យជាទុព្ភាសិត
២. ធម្មំយេវ ភាសតិ នោ អធម្មំ ពោលតែពាក្យដែលជាធម៌ មិនពោលពាក្យដែលមិនមែនជាធម៌
៣. បិយំយេវ ភាសតិ នោ អប្បិយំ ពាក្យតែពាក្យដែលជាទីស្រឡាញ់ មិនពោលពាក្យដែលមិនជាទីស្រឡាញ់
៤. សច្ចំយេវ ភាសតិ នោ អលិកំ ពោលតែពាក្យពិត មិនពោលពាក្យដែលមិនពិត
សុភាសិតំ ឧត្តមមាហុ សន្តោ ធម្មំ ភណេ នាធម្មន្តិ ទុតិយំ
បិយំ ភណេ នាប្បិយន្តិ តតិយំ សច្ចំ ភណេ នាលិកន្តំ ចតុត្ថំ ។
ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី ២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យកុហក នោះជាទី ៤ ។
រឿងភិក្ខុ ៦០ រូប
ភិក្ខុ ៦០ បានឮចម្រៀងរបស់ក្មេងស្រីម្នាក់ ដែលមានអត្ថន័យទាក់ទងនឹងជាតិ ជរា ព្យាធិ និងមរណៈ ធ្វើឲ្យភិក្ខុទាំងឡាយកាលបានឮសំឡេងនោះ កើតបញ្ញា ពិចារណាភាពមិនទៀង មានការកើតឡើងហើយ និងរលត់ទៅវិញ ជាធម្មតា រហូតដល់សម្រេចព្រះអរហត្ត
រឿងគោនន្ទិវិសាល
កាលម្ចាស់របស់គោនិយាយពាក្យអាក្រក់គ្រោតគ្រាតប្រាប់ឲ្យគោនន្ទិវិសាល អូសរទេះ ១០០ គ្រឿង ដើម្បីឈ្នះការភ្នាល់ គោកាលស្តាប់ឮពាក្យនោះហើយក៏មិនព្រមដើរ ធ្វើឲ្យម្ចាស់ចាញ់ការភ្នាល់ តមក កាលម្ចាស់លេងភ្នាល់ម្តងទៀត ទើបនិយាយពាក្យពីរោះប្រាប់ឲ្យគោនន្ទិវិសាលអូសរទេះ គោទើបព្រមអូសរទេះ ធ្វើឲ្យឈ្នះការភ្នាល់
ភាពជាមង្គលនៃវាចាជាសុភាសិត ព្រោះនាំមកនូវលោកិយសុខ និងលោកុត្តរសុខ ដូចធ្វើឲ្យបានលាភច្រើន ធ្វើឲ្យរួចផុតចាកភយន្តរាយផ្សេងៗ ជាហេតុបានសម្រេចមគ្គផល ជាដើម
ទោសនៃការពោលវាចាជាទុព្ភាសិត ធ្វើឲ្យកាត់ប្រយោជន៍របស់ខ្លួន និងប្រយោជន៍អ្នកដទៃ ដូចជា ត្រូវគេតិះដៀល បានទទួលភេទភ័យ មានអបាយភូមិជាទីប្រព្រឹត្តទៅខាងមុខ ជាដើម បើកើតមកជាមនុស្សត្រូវទទួលទុក្ខ ព្រោះកម្មអាក្រក់ដែលខ្លួនបានធ្វើទុកហើយ
សូមមើលបន្ថែម ៖ ព្រះតថាគតទ្រង់ត្រាស់តែវាចាពិត និងប្រកបដោយប្រយោជន៍
ភាពជាអ្នកមានរបៀបវិន័យ
វិនយោ ច សុសិក្ខិតោ ភាពជាអ្នកមានរបៀបវិន័យ សិក្សាល្អហើយ ។
ភាពជាអ្នកមានរបៀបវិន័យល្អ សំដៅដល់អ្នកដែលបានសិក្សាកិច្ចបដិបត្តិ ឬអំពើដែលត្រូវធ្វើ ( ដែលកំណត់ទុក ) ដោយសិក្សាមកល្អហើយ វិន័យ ចែកចេញតាមលក្ខណៈរបស់អ្នកបដិបត្តិមាន ២ ប្រភេទ គឺ
១. អនាគារិយវិន័យ វិន័យរបស់អ្នកមិនគ្រប់គ្រងផ្ទះ ការសិក្សាវិន័យ មានបញ្ញត្ត និងអនុញ្ញាត ក្នុងការបដិបត្តិរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យមានគោលក្នុងការបដិបត្តិតែមួយដូចគ្នា ដើម្បីសេចក្តីស្ងប់សុខរបស់ក្រុមសង្ឃ ជាការធ្វើឲ្យព្រះសាសនាឋិតថេរគង់វង្ស មានសេចក្តីចម្រើន និងមិនវិនាស បានដល់ការសិក្សាវិន័យទាំងនេះ
១. ១. ការសិក្សាអាបត្តិ ៧ កង បានដល់ បារាជិក សង្ឃាទិសេស បាចិត្តិយ បាដិទេសនីយ ថុល្លច្ច័យ ទុក្កដ និងទុព្ភាសិត កាលភិក្ខុត្រូវអាបត្តិហើយ ( វៀរបារាជិក ) ឲ្យចេញចាកអាបត្តិបាន ២ វិធី គឺ ( ១ ) វុដ្ឋានវិធី វិធីចេញចាកអាបត្តិសង្ឃាទិសេស ដោយការនៅបរិវាសកម្ម ( ២ ) ទេសនាវិធី វិធីចេញចាកអាបត្តិដ៏សេស ( វៀរលែងតែអាបត្តិបារាជិក ) ដោយការសម្តែងតាមទោសកំហុសរបស់ខ្លួនឲ្យភិក្ខុដទៃដឹង
កាលភិក្ខុត្រូវអាបត្តិ សម្តែងវិធីចេញចាកអាបត្តិហើយ កាន់យកថាផុតចាកកម្មដែលធ្វើអន្តរាយចំពោះការបន្លុះមគ្គផលនិព្វាន ធម៌ដែលធ្វើអន្តរាយ លោកហៅថា អន្តរាយិកធម៌ មាន ៥ យ៉ាង គឺ ( ១ ) កម្ម ឲ្យផលក្នុងភពផ្សេងៗ ( ២ ) កិលេស ធ្វើឲ្យលិចចុះក្នុងមិច្ឆាទិដ្ឋិ ( ៣ ) វិបាក ធ្វើឲ្យបដិសន្ធិជាខ្ទើយ តិរច្ឆាន និងឧភតោព្យញ្ជនកៈ ( ៤ ) ឧបវាទ ចេតនាកម្មដែលប្រទូស្តព្រះអរិយៈ ទទួលទោសធំ តែកាលសូមខមាទោសនឹងលោកហើយ ឲ្យលោកអត់ទោសឲ្យហើយ ទោសនេះនឹងអស់ទៅ ( ៥ ) អាណាវីតិក្កមៈ អាបត្តិទាំងឡាយដែលភិក្ខុធ្វើហើយតែនៅមិនទាន់ទទួល រមែងមានអន្តរាយចំពោះភិក្ខុនោះរហូតទៅ
១. ២. ចតុប្បារិសុទ្ធិសីល ជាអនាគារិយវិន័យមួយរបស់ភិក្ខុដែលត្រូវសិក្សា បើមានការប្រព្រឹត្តប្រតិបត្តិល្អ តាំងនៅក្នុងចតុប្បារិសុទ្ធិសីល រមែងធ្វើឲ្យសម្រេចអរហត្តផលបាន ដូចការមានបាតិមោក្ខសំវរសីលដ៏បរិសុទ្ធ ការមានឥន្ទ្រិយសំវរៈបរិសុទ្ធ ការមានអាជីវបរិសុទ្ធ សីលបរិសុទ្ធ ជាដើម
មង្គលរបស់អនាគារិយវិន័យ បព្វជិតសិក្សាល្អហើយ នាំទៅបដិបត្តិ មិនមានទោសធ្វើឲ្យសៅហ្មងចិត្ត ព្រោះធ្វើខ្លួនឲ្យតាំងនៅក្នុងគុណ គឺមារយាទ ឈ្មោះថាមង្គលព្រោះនាំមកនូវប្រយោជន៍សុខទាំងក្នុងលោកនេះនិងលោកខាងមុខ
២. អាគារិយវិន័យ វិន័យរបស់អ្នកគ្រប់គ្រងផ្ទះ ក្នុងទីនេះសំដៅដល់វត្ថុដែលមនុស្សទូទៅសិក្សាល្អហើយ វៀរចាកការបដិបត្តិក្នុងអកុសលកម្មបថ ១០ បានដល់ វៀរចាកកាយទុច្ចរិត ៣ វចីទុច្ចរិត ៤ មនោទុច្ចរិត ៣ លក្ខណៈរបស់អង្គប្រកបនៃការធ្វើខុសជាកម្មបថ និងឲ្យផលក្នុងអកុសលកម្មបថ ១០
អកុសលកម្មបថ ១០
១. សម្លាប់សត្វ គឺការធ្វើឲ្យជីវិតរបស់សត្វធ្លាក់ចុះទៅ មានអង្គ ៥ ដូច្នេះ សត្វនោះមានជីវិត, ដឹងថាសត្វនោះមានជីវិត, មានចិត្តគិតនឹងសម្លាប់, ព្យាយាមសម្លាប់ ( ធ្វើខ្លួនឯង ឬអ្នកប្រើអ្នកដទៃ ), សត្វស្លាប់ដោយព្យាយាមនោះ ទោសក្នុងការសម្លាប់សត្វ មានច្រើន ឬតិច ស្រេចលើសត្វនោះ មានគុណច្រើន ឬតិច ត្រឹមណា ក៏បានទទួលទោសត្រឹមនោះ
២. ការលួចទ្រព្យ គឺការលួចយកទ្រព្យគ្រប់យ៉ាងដែលម្ចាស់របស់មិនបានឲ្យ និងជារបស់ដែលគេហួងហែងរក្សា មានអង្គ ៥ ដូច្នេះ របស់នោះមានម្ចាស់របស់, ដឹងថាមានម្ចាស់របស់, មានចិត្តគិតនឹងលួច, ព្យាយាមលួច ( ដោយវិធីណានីមួយក៏ដោយ ), លួចរបស់នោះបានមក ទោសនៃការលួចទ្រព្យអ្នកដទៃ មានទោសច្រើន ឬតិច ស្រេចលើរបស់មានតម្លៃច្រើន ឬតិចប៉ុណ្ណា របស់នោះគុណភាពល្អ ឬអន់ ប៉ុណ្ណា ម្ចាស់របស់ជាអ្នកមានគុណច្រើនឬតិច ប៉ុណ្ណា ទោសក៏មានច្រើន ឬតិចតាមនោះ
៣. ប្រព្រឹត្តខុសក្នុងកាម គឺប្រព្រឹត្តខុសក្នុងកាមជាមួយនឹងអ្នកមានម្ចាស់ហើយ ( បានដល់ស្ត្រីដែលត្រូវហាមមាន ២០ ចំពូក ) មានអង្គ ៤ ដូច្នេះ មានអវយវៈដែលត្រូវហាមមិនឲ្យប៉ះពាល់, មានចិត្តគិតនឹងសេព, មានសេចក្តីព្យាយាម, ធ្វើឲ្យមគ្គ ( អវយវៈភេទ ) និងមគ្គដល់គ្នា ទោសនៃការប្រព្រឹត្តខុសក្នុងកាម ទោសច្រើនឬតិច ស្រេចនឹងអ្នកមានសីលច្រើន ឬតិច ប៉ុណ្ណា សេចក្តីព្យាយាមច្រើន ឬតិចប៉ុណ្ណា បានទទួលទោសច្រើនឬតិច ទៅតាមនោះ
៤. និយាយភូតភរកុហក គឺការពោលបា្រសចាកការពិត មានអង្គ ៤ ដូច្នេះ រឿងដែលមិនពិត, មានចិត្តគិតនឹងនិយាយកុហក, ព្យាយាមរកឱកាសនិយាយ, អ្នកស្តាប់បានឮពាក្យរបស់អ្នកនិយាយកុហក ទោសនៃការនិយាយកុហក មានច្រើនឬតិច ស្រេចលើអ្នកនិយាយ មានសេចក្តីព្យាយាមច្រើនឬតិច អ្នកស្តាប់មានគុណច្រើនឬតិច និងអ្នកស្តាប់ខាតបង់ប្រយោជន៍ច្រើនឬតិច ក៏ទទួលទោសច្រើនឬតិចតាមនោះ
៥. និយាយចាក់ដោត គឺនិយាយធ្វើឲ្យគេបែកបាក់គ្នា មានអង្គ ៤ ដូច្នេះ មានអ្នកដែលត្រូវពោលទម្លាយ, មានការតាំងចិត្តនិយាយឲ្យគេបែកបាក់គ្នា, មានសេចក្តីព្យាយាមនិយាយច្រើនលើក ឬប្រើល្បិចកលផ្សេងៗ, អ្នកស្តាប់យល់ពាក្យរបស់អ្នកដែលនិយាយប្រាប់ ទោសនៃការនិយាយចាក់ដោត ច្រើនឬតិចប៉ុណ្ណា ស្រេចលើអ្នកវិនាសមានគុណច្រើនឬទេ មានសេចក្តីព្យាយាមនិយាយច្រើនតិចប៉ុណ្ណា មានការខាតបង់ប្រយោជន៍ច្រើនឬតិចនិងមានការបែកបាក់សាមគ្គីច្រើនឬតិច ប៉ុណ្ណា ក៏ទទួលទោសច្រើនឬតិចតាមនោះ ដំណោះស្រាយ ត្រូវចូលទៅដោះស្រាយឲ្យគេមានភាពសាមគ្គីយោគយល់គ្នាទៅវិញទៅមក ក៏មិនមានជាប់តាមខ្លួន
៦. និយាយពាក្យគ្រោតគ្រាត គឺជេរប្រទេច ផ្តាសា គំរោះគំរើយ ពាក្យទ្រគោះផ្សេងៗ មានអង្គ ៣ ដូច្នេះ មានអ្នកដែលត្រូវជេរ, មានចិត្តខឹងក្រោធ, បានជេរ ( ទោះបីអ្នកស្តាប់បានឮ ឬមិនឮក៏ដោយ ) ទោសនៃការនិយាយពាក្យគ្រោតគ្រាត ទោសច្រើនឬតិចប៉ុណ្ណា ស្រេចលើអ្នកដែលត្រូវជេរមានគុណច្រើនឬតិចប៉ុណ្ណា ការជេរច្រើនឬតិចប៉ុណ្ណា ការមិនត្រូវទោស ដូច ពាក្យជេររបស់មាតាបិតាដែលមានចំពោះបុត្រ ព្រោះតែហួងហែង ( តែក្នុងចិត្តមិនមែនជាពាក្យជេរទេ )
៧. និយាយរោយរាយ គឺពោលពាក្យគ្មានប្រយោជន៍ នឹងមានអ្នកស្តាប់ ឬមិនមានក៏ដោយ មានអង្គ ២ ដូច្នេះ និយាយរឿងមិនមានប្រយោជន៍, បាននិយាយ ទោសនៃការនិយាយរោយរាយ ស្រេចលើអ្នកនិយាយនោះជាអ្នកមានកិលេសច្រើន ឬតិចប៉ុណ្ណា មានការនិយាយច្រើនឬតិចប៉ុណ្ណា មានមនុស្សជឿស្តាប់ពាក្យនិយាយច្រើនឬតិចប៉ុណ្ណា ក៏បានទទួលទោសច្រើនឬតិចតាមនោះ
វចីទុច្ចរិត ៤ ( តាំងពីទី ៤ ដល់ទី ៧ ) ការនិយាយកុហក ជាការបញ្ចេញវាចា ឬធ្វើអាការតាមផ្លូវកាយប្រាប់ក៏បាន ដូច មានមនុស្សសួរផ្លូវ តែខ្លួនមិនឆ្លើយក្លែង បែរជាលើកដៃបង្ហាញផ្លូវដែលខុសឲ្យគេទៅ ចំណែកការនិយាយគ្រោតគ្រាត និយាយចាក់ដោត និងនិយាយរោយរាយ ធ្វើតាមផ្លូវវាចាតែម្យ៉ាងប៉ុណ្ណោះ
៨. សម្លឹងរំពៃទ្រព្យអ្នកដទៃ គឺការមានចិត្តគិតចង់បានរបស់អ្នកដទៃ មានអង្គ ២ ដូច្នេះ របស់នោះជារបស់អ្នកដទៃ, ធ្វើវិធីផ្សេងៗ ដើម្បីឲ្យបានរបស់នោះមកជារបស់ខ្លួន ( ទោះបីបាន ឬមិនបានក៏ដោយ ) ទោសនៃការរំពៃចង់បានរបស់អ្នកដទៃ ទោសច្រើនឬតិចស្រេចលើម្ចាស់របស់មានគុណច្រើនឬតិច ទ្រព្យនោះមានតម្លៃច្រើនឬតិច និងម្ចាស់របស់ទ្រព្យហួងហែងច្រើនឬតិច ក៏បានទទួលទោសច្រើនតិចតាមនោះ
៩. ព្យាបាទ គឺសេចក្តីត្រិះរិះនឹងធ្វើឲ្យសេចក្តីសុខ និងប្រយោជន៍របស់អ្នកដទៃវិនាស មានអង្គ ២ ដូច្នេះ មានសត្វដទៃ, មានចិត្តគិតនឹងធ្វើឲ្យសត្វនោះវិនាស ទោសនៃសេចក្តីព្យាបាទ មានទោសច្រើនឬតិចស្រេចលើអ្នកដែលត្រូវប្រទូស្តមានគុណច្រើនឬតិច មានការគំនុំទុកយូរមកហើយឬទេ ( គិតនឹងប្រទូស្តដោយប្រើពេលវេលា យូរឬឆាប់ ) ទោសក៏នឹងបានទទួលច្រើនតិចតាមនោះ
១០. មិច្ឆាទិដ្ឋិ គឺការយល់ខុសចាកសភាវៈពិត មានអង្គ ២ ដូច្នេះ ជារឿងដែលខុស តែយើងមានការយល់ថាត្រូវ, ជារឿងដែលត្រូវ តែយើងមានការយល់ថាខុស ទោសនៃការយល់ឃើញខុស មានច្រើនឬតិច ស្រេចនៅលើយើងមានការយល់ខុសច្រើនឬតិច ក៏បានទទួលទោសតាមនោះ
ការប្រព្រឹត្តខុសក្នុងអកុសលកម្មបថ ១០ កាលយើងជ្រាបដល់កិច្ចបដិបត្តិរបស់អកុសលកម្មទាំងអស់ហើយ យើងក៏មិនគួរនឹងបដិបត្តិ ព្រោះមិនមានគុណប្រយោជន៍ មានតែនាំយើងទៅកាន់សេចក្តីវិនាស កាលយើងកើតមកជាមនុស្សបានជួបព្រះពុទ្ធសាសនា ក៏ជាបុណ្យដ៏ក្រៃលែង មិនគួរធ្វើខ្លួនដើម្បីទទួលបាបកម្មពៀរវេរាតទៅទៀតទេ ព្រោះទោសនៃការធ្វើខុសមានច្រើន និងឲ្យផលច្រើន ( ត្រូវសិក្សាក្នុងព្រះត្រៃបិដក ) នឹងសូមពោលទោសដោយទូទៅ
អកុសលកម្មបថ ១០ មានទោស ៥ យ៉ាង ដូច្នេះ
១. សូម្បីខ្លួនឯងធ្វើហើយក៏តិះដៀលខ្លួនឯងបាន
២. អ្នកប្រាជ្ញពិចារណាហើយតិះដៀល
៣. កេរ្តិ៍ឈ្មោះមិនល្អខ្ចរខ្ចាយទៅ
៤. មុននឹងស្លាប់វង្វេងស្មារតី ( ខណៈកំពុងស្លាប់មានមោហៈគ្របសង្កត់ធ្វើឲ្យចិត្តមិនស្ងប់ )
៥. ក្រោយពីបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងទុគ្គតិ ឬអបាយភូមិ មាន នរកជាដើម
ការធ្វើសេចក្តីល្អក្នុងកុសលកម្មបថ ១០ ( នៅក្នុងមគ្គល : ការសេពគប់នឹងបណ្ឌិត ) រមែងផ្ទុយគ្នានឹងការធ្វើអកុសលកម្មបថ ១០ តែក្នុងទីនេះនឹងសូមពោលអានិសង្សទូទៅរបស់អ្នកមានការប្រព្រឹត្តល្អ
កុសលកម្មបថ ១០ មានអានិសង្ស ៥ យ៉ាង ដូច្នេះ
១. សូម្បីខ្លួនឯងមិនតិះដៀលខ្លួនឯង
២. អ្នកប្រាជ្ញពិចារណាហើយរមែងសរសើរ
៣. មានកេរ្តិ៍ឈ្មោះល្អល្បីខ្ចរខ្ចាយទៅឆ្ងាយ
៤. មិនវង្វេងស្មារតីមុននឹងស្លាប់ ( មានចិត្តល្អ ចិត្តស្ងប់ រឭកដល់បុណ្យកុសលដែលខ្លួនបានធ្វើហើយ )
៥. ក្រោយពីបែកធ្លាយរាងកាយស្លាប់ទៅរមែងកើតក្នុងសុគតិ សួគ៌ទេវលោក ជាដើម
មង្គលរបស់អ្នកដែលបដិបត្តិក្នុងវិន័យ រមែងជាហេតុឲ្យដល់នូវសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងលោកិយ និងលោកុត្តរ ដែលមានមគ្គផលប្រព្រឹត្តទៅក្នុងខាងមុខ
ភាពជាអ្នកមានសិប្បៈ
សិប្បញ្ច ភាពជាអ្នកមានសិប្បៈ ។
ភាពជាអ្នកមានសិល្បវិជ្ជា សំដៅដល់អ្នកដែលមានចំណេះដឹងដ៏ប្រណីត ជំនាញខាងហត្ថកម្ម មានថ្វីដៃក្នុងការច្នៃប្រឌិត បង្កើតផលិតផល ( ផ្សេងដោយឡែកអំពីពាហុសច្ចៈដែលជាមានអ្នកចំណេះដឹងសព្វគ្រប់ដោយមិនចាំបាច់ប្រើហត្ថកម្ម )
ភាពជាអ្នកចេះដឹងផ្នែកហត្ថកម្ម ចែកចេញតាមបុគ្គល ២ ប្រភេទ គឺ
១. អនាគារិយសិប្បៈ ភាពជាអ្នកមានជំនាញហត្ថកម្មគ្រប់យ៉ាងរបស់អ្នកមិនគ្រប់គ្រងផ្ទះ ( អ្នកបួស ) ដោយមិនទាស់ខុសនឹងព្រះវិន័យ និងជាការធ្វើតាមឋានៈដ៏សមគួរ ឧស្សាហ៍ប្រឹងប្រែង មិនខ្ជិលច្រអូស ក្នុងការងារផ្សេងៗ សហការណ៍គ្នាធ្វើទាំងការងារតូច ទាំងការងារធំ ( ជាការងាររបស់បព្វជិត ) មានសេចក្តីអើពើចំពោះគ្នានឹងគ្នា ធ្វើដោយភាពជាអ្នកមានប្រាជ្ញា និងមានឧបាយក្នុងការធ្វើការងារឲ្យសម្រេច ដូចភិក្ខុស្គាល់ការចាត់ចែងតាក់តែងគ្រឿងបរិក្ខាររបស់ខ្លួនឲ្យប្រណីត និងជួយណែនាំចំណេះដឹងនេះឲ្យដល់ភិក្ខុដទៃ មានការដេរកាត់ចីវរ កសាងទីសេនាសនៈជាដើម ជាការងារដែលបណ្ឌិតមិនតិះដៀល ចំណែកការងារដែលបានទទួលការតិះដៀល មិនគួរធ្វើ និងមិនរាប់ថាជាមង្គល
២. អាគារិយសិប្បៈ ភាពជាអ្នកមានជំនាញខាងហត្ថកម្មរបស់មនុស្សទូទៅ ( អ្នកគ្រប់គ្រងផ្ទះ ) យកចំណេះដឹងទៅធ្វើជាប្រយោជន៍ឲ្យដល់ខ្លួន និងអ្នកដទៃបានតាមឋានៈដ៏សមគួរ ដូច អ្នកដែលមានថ្វីដៃពូកែឆ្លាក់ឈើ ឆ្លាក់ថ្ម សូនដី តុបតែងផ្កា ជាងមាស ។ល។
ភាពជាអ្នកមានសិល្បវិជ្ជា ជាមង្គលដ៏ឧត្តម ដោយចំពោះភាពជាអ្នកមានសិល្បរបស់បព្វជិតនោះ ជាមង្គល ព្រោះនាំមកនូវប្រយោជន៍សុខដល់ខ្លួន និងអ្នកដទៃក្នុងលោកនេះ និងលោកខាងមុខ ជាហេតុនៃការបានសម្រេចគុណវិសេស ជាដើម ចំណែកមង្គលរបស់មនុស្សទូទៅ នឹងបានទទួលសេចក្តីសុខ សេចក្តីចម្រើន ការលើកសរសើរ មានយស បានរបស់ប្រណីត ( ព្រោះធ្លាប់ឲ្យរបស់ប្រណីតដោយហត្ថកម្មរបស់ខ្លួន ) ឲ្យផលទាំងក្នុងជាតិនេះ និងជាតិខាងមុខ
ការបានស្តាប់ បានរៀនច្រើន
ពាហុសច្ចញ្ច ការបានស្តាប់ បានរៀនច្រើន ។
ការបានស្តាប់បានរៀនច្រើន សំដៅដល់ភាពជាអ្នកបានស្តាប់ បានរៀន នាំឲ្យកើតការយល់ដឹងក្នុងហេតុផលច្រើន ដែលនឹងទទួលបានពីការសិក្សារៀនសូត្រ ការស្តាប់ព្រះពុទ្ធវចនៈ អំពីព្រះពុទ្ធ អំពីព្រះអរហន្តសាវ័ក ឬអំពីបណ្ឌិតអ្នកពោលអត្ថពោលធម៌
ការបានស្តាប់ បានសិក្សារៀនសូត្រមកហើយ ជាហេតុនាំឲ្យពិចារណាត្រិះរិះ ទ្រទ្រង់ចាំទុក ប្រព្រឹត្តប្រតិបត្តិ និងណែនាំ ប្រៀនប្រដៅអ្នកដទៃដោយសេចក្តីអើពើតទៅ កាលបើធ្វើបានដូច្នេះ សូម្បីក្នុងវេលាកន្លងទៅអស់កាលយូរ ចំណេះដឹងនោះដូចជាទើបនឹងទទួលបានមកថ្មីៗ នៅអាចយកចំណេះដឹងនោះទៅបដិបត្តិតាមបានយ៉ាងស្ទាត់ជំនាញ
ចំណេះដឹងដែលគួរស្តាប់ គួររៀននោះ មាន ២ យ៉ាង គឺ
១. ចំណេះដឹងទាក់ទងនឹងបរមត្ថធម៌ ដែលជាចំណេះដឹងខាងក្នុង ដូចជា ចំណេះដឹងខាងបរិយត្តិធម៌ដែលបព្វជិតគួរសិក្សា ជាការត្រៀមខ្លួនដើម្បីការងារផ្សព្វផ្សាយព្រះពុទ្ធសាសនា ដើម្បីនាំទៅប្រព្រឹត្តប្រតិបត្តិធ្វើខ្លួនឲ្យរួចផុតចាកទុក្ខទាំងពួងបាន ( អនាគារិយពាហុសច្ច, អជ្ឈត្តសិប្ប )
២. ចំណេះខាងផ្លូវលោកសម្រាប់គ្រហស្ថ ដែលជាចំណេះដឹងខាងក្រៅ បានមកអំពីការរៀនសិល្បវិជ្ជាការផ្សេងៗ និងបានមកអំពីការស្តាប់ ការរៀនវត្ថុដែលមានប្រយោជន៍មិនមានទោស ដូចការរៀនច្បាប់ជាដើម ដើម្បីសេចក្តីសុខស្ងប់ក្នុងសង្គមជាតិ ( អគារិយពាហុសច្ច, ពាហិរសិប្ប )
បុគ្គលដែលជាពហូសូត មានចំណេះដឹងល្អ មានប្រាជ្ញាមុតស្រួចនោះ ត្រូវមានគុណសម្បត្តិក្នុងការសិក្សា ១៤ ប្រការ ដូច្នេះ
១. តម្កល់សទ្ធាក្នុងការរៀន ដូច សទ្ធាក្នុងគ្រូអាចារ្យ សទ្ធាក្នុងស្ថានទីដែលរៀន សទ្ធាក្នុងពាក្យប្រៀនប្រដៅ
២. ចូលទៅជិតវត្ថុដែលជាទីតាំងនៃសទ្ធា
៣. ទៅរៀនជាប្រចាំ និងព្យាយាមជាប់មិនដាច់
៤. ផ្ទៀងត្រចៀក តាំងចិត្តស្តាប់ពាក្យណែនាំ មិនខ្វល់ស្តាប់រឿងរ៉ាវផ្សេងទៀត
៥. ស្តាប់ធម៌ និងពាក្យណែនាំ ដែលមានសារៈខ្លឹមសារ និងហេតុផលគូគ្នា ទើបជួយចង្អុលបង្ហាញទោស និងប្រយោជន៍
៦. បានឮខ្លឹមសារនៃធម៌ហើយ ត្រូវទ្រទ្រង់ចាំទុក ២ លក្ខណៈ គឺ ទន្ទេញឲ្យចាំជាប់ទុកក្នុងចិត្ត ( ល្អបំផុត ) កត់ទុកក្នុងសៀវភៅ ឬកុំព្យូទ័រជាដើម ( កុំភ្លេច backup ទុកផង )
៧. ត្រិះរិះពិចារណា ធម៌ដែលខ្លួនចាំទុក ដោយហេតុដោយផល
៨. ធម៌ទាំងឡាយរមែងធន់ក្នុងការសម្លឹងពិនិត្យ មិននឿយណាយ ( នៅក្នុងចិត្ត )
៩. កើតសេចក្តីពេញចិត្តធ្វើការខ្វល់ខ្វាយ
១០. មានសេចក្តីឧស្សាហៈ
១១. មានការពិនិត្យ ពិគ្រោះយោបល់ មិនប្រមាទក្នុងធម៌
១២. ប្រារព្ធសេចក្តីព្យាយាម
១៣. ធ្វើបរមត្ថឲ្យជាក់ច្បាស់ដោយការបដិបត្តិ
១៤. ធ្វើឲ្យជាក់ច្បាស់ចាក់ធ្លុះដោយប្រាជ្ញា
ពហូសូតបុគ្គល មាន ៤ ជំពូក
នៅក្នុងអង្គុត្តរនិកាយ ចតុក្កនិបាត បិដកខ្មែរលេខ ៤២ ទំព័រ ១៣ ដល់ ១៧ បានសម្តែងអំពីបុគ្គលជាពហូសូត ចែកចេញជា ៤ ជំពួក មានសេចក្តីដូចតទៅ ៖
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន មិនបានប្រកបដោយការចេះដឹង ១ មានសេចក្តីចេះដឹងច្រើន ហើយបានប្រកបដោយការចេះដឹង ១ ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្ម វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះមិនចេះអដ្ឋកថា មិនចេះបាលីនៃពុទ្ធវចនៈ មានប្រមាណតិចនោះមិនប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ [ បានដល់បុថុជ្ជនមានសេចក្តីចេះដឹងតិចហើយជាអ្នកទ្រុស្តសីល ] ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច មិនបានប្រកបដោយការចេះដឹង ។
[ បាលីក្នុងឧភតោវិភង្គនិទ្ទេស ខន្ធក បរិវារ សុត្តនិបាត មង្គលសូត្រ រតនសូត្រ នាឡកសូត្រ តុវដសូត្រ និងពុទ្ធវចនៈដទៃ ដែលមានឈ្មោះថា សុត្ត ( សូត្រ ) ហៅថា សុត្តៈ ។ សុត្តៈដែលប្រកបដោយគាថាទាំងអស់ ហៅថា គេយ្យៈ ។ សគាថវគ្គទាំងអស់ក្នុងសំយុត្តនិកាយដោយឡែកក្តី អភិធម្មបិដកទាំងអស់ក្តី សូត្រដែលមិនមានគាថាក្តី និងពុទ្ធវចនៈណាដែលមិនបានសង្គ្រោះដោយអង្គទាំង ៨ គឺដទៃអំពីអង្គទាំង ៨ ក្តី ពុទ្ធវចនៈនោះហៅថា វេយ្យាករណៈ ។ ធម្មបទ ថេរគាថា ថេរីគាថា និងពាក្យជាគាថាសុទ្ធដែលមិនមានឈ្មោះថា សុត្តៈ ក្នុងសុត្តនិបាត ហៅថា គាថា ។ សុត្តៈ ៨២ ដែលប្រកបដោយគាថាកើតអំពីសេចក្តីសោមនស្ស ហៅថា ឧទាន។ សុត្តៈ ១១០ ដែលប្រព្រឹត្តទៅដោយន័យថា “វុត្តមិទំ ភគវតា” ( ពាក្យនេះព្រះដ៏មានព្រះភាគទ្រង់ពោលហើយ ) ដូច្នេះជាដើម ហៅថា ឥតិវុត្តកៈ ។ ជាតកទាំំង ៥៥០ មានអបណ្ណកជាតកជាដើម ហៅថា ជាតក ។ សូត្រដែលប្រកបដោយអច្ឆរិយអព្ភូតធម៌ គឺធម៌អស្ចារ្យចម្លែក ដែលប្រព្រឹត្តទៅ ដោយន័យថា “ចត្តារោមេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទ” ( ម្នាលភិក្ខុទាំងឡាយ ធម៌ជាអស្ចារ្យចម្លែក ៤ ប្រការនេះ មានក្នុងអានន្ទ ) ដូច្នេះជាដើមហៅថា អព្ភូតធម៌ ។ ចូឡវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កប្បញ្ហសូត្រ និងសង្ខារភាជនិយមហា-បុណ្ណមសូត្រជាដើម និងសូត្រទាំងពួង ដែលកើតឡើងដោយបុគ្គលណាមួយ បានចំពោះនូវសេចក្តីរីករាយ ត្រេកអរ ហើយចូលទៅក្រាបទូលសួរ ហៅថា វេទល្លៈ ។ ]
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ ។ល។ វេទល្លៈ មានតិចដល់បុគ្គលពួកខ្លះ ក្នុងលោកនេះ បុគ្គលនោះ ចេះអដ្ឋកថា ចេះបាលីនៃពុទ្ធវចនៈមានប្រមាណតិចនោះ ប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ [ បានដល់ព្រះខីណាស្រពដែលមានសេចក្តីចេះដឹងតិច ] ។ ម្មាលភិក្ខុទាំងឡាយ យ៉ាងនេះឯងឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងតិច បានប្រកបដោយការចេះដឹង ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈគឺ សុត្តៈ គេយ្យៈ ។ល។ វេទល្លៈ មានច្រើនដល់បុគ្គលពួកខ្លះក្នុងលោកនេះ បុគ្គលនោះមិនចេះអដ្ឋកថា មិនចេះបាលីនៃពុទ្ធវចនៈមានប្រមាណច្រើននោះ មិនប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ [ បានដល់បុថុជ្ជនមានសេចក្តីចេះដឹងច្រើន ជាអ្នកទ្រុស្តសីល ] ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងឈ្មោះថា បុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនបានប្រកបដោយការចេះដឹង ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសេចក្តីចេះដឹងច្រើន ប្រកបដោយការចេះដឹង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពុទ្ធវចនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តក ជាតក អព្ភូតធម្ម វេទល្ល មានច្រើនដល់បុគ្គលពួកខ្លះក្នុងលោកនេះ បុគ្គលនោះចេះអដ្ឋកថា ចេះបាលីនៃពុទ្ធវចនៈមានប្រមាណច្រើននោះ ហើយប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ [ បានដល់ព្រះខីណាស្រពដែលមានសេចក្តីចេះដឹងច្រើន ] ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថាបុគ្គលមានសេចក្តីចេះដឹងច្រើនប្រកបដោយការចេះដឹង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួក នេះឯង រមែងមាននៅក្នុងលោក ។
អប្បស្សុតោបិ ចេ ហោតិ សីលេសុ អសមាហិតោ
ឧភយេន នំ គរហន្តិ សីលតោ ច សុតេន ច ។
បើបុគ្គលមានសេចក្តីចេះដឹងតិច ទាំងមិនបានឋិតនៅក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងតិះដៀលបុគ្គលនោះ ដោយហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹងតិច ១ ។
អប្បស្សុតោបិ ចេ ហោតិ សីលេសុ សុសមាហិតោ
សីលតោ នំ បសំសន្តិ នាស្ស សម្បជ្ជតេ សុតំ ។
បើបុគ្គលមានសេចក្តីចេះដឹងតិច តែឋិតនៅខ្ជាប់ខ្ជួនក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរបុគ្គលនោះ តែដោយសីល ប៉ុន្តែសេចក្តីចេះដឹង មិនសម្រេចដល់បុគ្គលនោះទេ ។
ពហុស្សុតោបិ ចេ ហោតិ សីលេសុ អសមាហិតោ
សីលតោ នំ គរហន្តិ តស្ស សម្បជ្ជតេ សុតំ ។
បើបុគ្គលមានសេចក្តីចេះដឹងច្រើន តែមិនឋិតនៅក្នុងសីលទាំងឡាយទេ អ្នកប្រាជ្ញទាំងឡាយរមែងតិះដៀលបុគ្គលនោះ ដោយសីល ប៉ុន្តែសេចក្តីចេះដឹងតែងសម្រេចដល់បុគ្គលនោះ ។
ពហុស្សុតោបិ ចេ ហោតិ សីលេសុ សុសមាហិតោ
ឧភយេន នំ បសំសន្តិ សីលតោ ច សុតេន ច ។
បើបុគ្គលមានសេចក្តីចេះដឹងច្រើន ទាំងតាំងនៅខ្ជាប់ខ្ជួន ក្នុងសីលទាំងឡាយ អ្នកប្រាជ្ញទាំងឡាយ រមែងសរសើរបុគ្គលនោះ ដោយហេតុទាំង ២ គឺសីល ១ សេចក្តីចេះដឹង ១ ។
ពហុស្សុតំ ធម្មធរំ សប្បញ្ញំ ពុទ្ធសាវកំ
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។
អ្នកណាគួរនិន្ទាបុគ្គលអ្នកមានសេចក្តីចេះដឹងច្រើន ទ្រទ្រង់នូវធម៌ ប្រកបដោយបញ្ញា ជាពុទ្ធសាវកនោះ ដែលដូចជាដុំនៃមាសជម្ពូនទបាន ទេវតា និងមនុស្សទាំងឡាយ រមែងសរសើរបុគ្គលនោះ សូម្បីព្រហ្មក៏សរសើរដែរ ។
*ការបានស្តាប់ បានរៀនច្រើន ជាមង្គលដ៏ឧត្តម ព្រោះជាហេតុនាំឲ្យបានទទួលនូវឥដ្ឋផល បានទទួលការសរសើរ ជាដើម ធ្វើឲ្យលះបង់អកុសលធម៌ និងដល់នូវកុសលធម៌ បានទទួលសេចក្តីសុខទាំងក្នុងលោកនេះ និងលោកខាងមុខ ជាផ្លូវនៃការសម្រេចមគ្គផលក្នុងអនាគត មានសេចក្តីឈ្លាស មានប្រាជ្ញា អាចបំពេញប្រយោជន៍ឲ្យកើតដល់ខ្លួន និងជនដទៃ រកទ្រព្យបានដោយងាយ មានលាភ មានយស មានកេរ្តិ៍ឈ្មោះល្អ
ការតម្កល់ខ្លួនទុកដោយប្រពៃ
ការតម្កល់ខ្លួនទុកដោយប្រពៃ សំដៅដល់ ការតម្កល់ខ្លួនទុកដោយល្អ ទាំងរាងកាយ និងចិត្ត ប្រព្រឹត្តខ្លួនក្នុងធម៌ ៣ ប្រការ ដូច្នេះ គឺ
១. អត្តានំ ទុស្សីលំ សីលេ បតិដ្ឋបេតិ ធ្វើខ្លួនដែលជាអ្នកមិនមានសីល ឲ្យជាអ្នកមានសីល
២. អស្សទ្ធំ សទ្ធាសម្បទាយ បតិដ្ឋបេតិ ធ្វើខ្លួនដែលជាអ្នកមិនមានសទ្ធា ឲ្យជាអ្នកមានសទ្ធា
៣. មច្ឆរឹ ចាគសម្បទាយ បតិដ្ឋបេតិ ធ្វើខ្លួនដែលជាអ្នកកំណាញ់ ឲ្យជាអ្នកដល់ព្រមដោយការបរិច្ចាគទាន
មាតាបិតា ឬញាតិមិត្ត បងប្អូន មិនអាចធ្វើអ្វីឲ្យយើងបាន ដូចខ្លួនធ្វើដោយខ្លួនឯង ទើបគួរតម្កល់ចិត្តមាំទុកដើម្បី កសាងសន្សំសេចក្តីល្អ ឲ្យសេចក្តីល្អដែលបានធ្វើនោះជាប់តាមយើងគ្រប់ភពគ្រប់ជាតិ រហូតដល់សម្រេចមគ្គផលនិព្វាន
ការតម្កល់ខ្លនទុកដោយប្រពៃជាមង្គលដ៏ឧត្តម ព្រោះជាហេតុនៃការលះបង់បាប វៀរចាកបាប ទោះជានៅវិលវល់កើតស្លាប់ ក៏នឹងបានមនុស្សសម្បត្តិ សគ្គសម្បត្តិ និងជាបច្ច័យនៃនិព្វានសម្បត្តិ ទាំងក្នុងបច្ចុប្បន្ននិងអនាគតខាងមុខ
ភាពជាអ្នកធ្វើបុណ្យទុកក្នុងកាលមុន
បុព្វេ ច កតបុញ្ញតា ភាពជាអ្នកធ្វើបុណ្យទុកក្នុងកាលមុន ។
អ្នកធ្វើបុណ្យទុកក្នុងកាលមុន សំដៅដល់អ្នកដែលបានធ្វើបុណ្យកុសលសន្សំទុកហើយក្នុងអតីត មានចិត្តប្រារព្ធព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរហន្តសាវ័ក ដោយធ្លាប់បានថ្វាយទាន រក្សាសីល ស្តាប់ធម៌ ឬធ្វើបុណ្យកុសលដទៃៗ ដែលធ្វើឲ្យអ្នកនោះមានបីតិ មានចិត្តពេញប្រៀបដោយកុសលធម៌ដែលខ្លួនបានធ្វើហើយ
យើងទោះធ្លាប់ ឬមិនធ្លាប់ធ្វើបុណ្យទុកក្នុងកាលមុនក៏ដោយ ប៉ុន្តែក្នុងបច្ចុប្បន្ន យើងគួរខ្វល់ខ្វាយក្នុងការធ្វើបុណ្យកុសល តម្កល់ចិត្តមាំ ដោយប្រារព្ធព្រះពុទ្ធ រលឹកដល់ព្រះពុទ្ធ ធ្វើតាមពុទ្ធវិធី និងនៅតែធ្វើជាប្រចាំ ដើម្បិជាការសន្សំបុណ្យកុសលទុកឲ្យច្រើនបំផុត ក៏ឈ្មោះថា ជាអ្នកបានធ្វើបុណ្យទុក
ភាពជាអ្នកធ្វើបុណ្យទុកក្នុងកាលមុន ជាមង្គលដ៏ឧត្តម ព្រោះមានអានិសង្សឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីសម្រេច ដែលកើតពីអានុភាពនៃបុណ្យនោះ ទាំងក្នុងលោកនេះ និងលោកខាងមុខ ខាងក្រោយកើតមកនឹងបានស្តាប់ធម្មទេសនារបស់ព្រះពុទ្ធអង្គ ឬពីសាវ័ក ពីបណ្ឌិត ពីគ្រូបាអាចារ្យផ្សេងៗ ធ្វើឲ្យយល់ព្រះធម៌បានដោយងាយ ព្រោះចិត្តនោះក្រាស់ដោយកុសលធម៌ កាលមានបញ្ញាក៏នឹងអាចសម្រេចអរិយធម៌ណានីមួយមិនខាន
អ្នកដែលមិនបានធ្វើបុណ្យទុកក្នុងកាលមុន មានជីវិតជួបប្រសព្វតែសេចក្តីទុក្ខ សេចក្តីលំបាក បានទទួលតែវត្ថុដែលមិនល្អ សូម្បីកាលមានឱកាសបានស្តាប់ធម៌ក៏មិនយល់ ឬពិបាកយល់ ធ្វើឲ្យចិត្តខ្វះបញ្ញា ក្នុងការបង្អោនទៅដើម្បីឃើញច្បាស់នូវសច្ចធម៌
មនុស្សគ្រប់រូបគួរធ្វើបុណ្យកុសលរឿយៗ ជាប់ជាប្រចាំ ទោះច្រើន ឬតិចក៏ដោយ នឹងបានជាកម្លាំងជម្រុញឲ្យបានទទួលវត្ថុដែលល្អ ទាំងក្នុងផ្លូវលោក និងផ្លូវធម៌
ការបូជាដល់បុគ្គលដែលគួរបូជា
បូជា ច បូជនីយានំ ការបូជាដល់បុគ្គលដែលគួរបូជា ។
ការបូជា សំដៅដល់ការធ្វើសក្ការៈ គោរពរាប់អាន ថ្វាយបង្គំ ដោយមានចិត្តបង្អោនជាគោល ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងការបូជាមាន ២ ប្រការ គឺ
១. អាមិសបូជា សំដៅដល់ការបូជាដោយវត្ថុ មានបច្ច័យ ៤ ជាដើម ដែលមានផលច្រើន មានអានិសង្សច្រើន ធ្វើ ឲ្យបាននូវមនុស្សសម្បត្តិ និងសគ្គសម្បត្តិ តែមិនអាចកពូនសន្សំនូវបញ្ញា ដើម្បីរួចផុតចាកទុក្ខ ( គឺនិព្វានសម្បត្តិ ) ព្រោះជាការបូជាដែលមិនទាន់ចូលដល់សារៈនៃធម៌ក្នុងពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
២. បដិបត្តិបូជា សំដៅដល់ ការបូជាដោយការប្រព្រឹត្តបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅ របស់ព្រះពុទ្ធអង្គ ដើម្បីដល់នូវការរួចផុតចាកទុក្ខ ជាទីបំផុត គឺការបាននិព្វានសម្បត្តិ
សូម្បីការបូជាដោយអាមិសផ្សេងៗ នឹងមានអានិសង្សច្រើន តែការបដិបត្តិបូជា ដោយរក្សាសីល ៥ សីល ៨ ឬ ឧបោសថសីល ការទទួលព្រះត្រៃសរណគមន៍ ការបដិបត្តិចាតុប្បារិសុទ្ធិសីល ជាដើម រាប់ថាមានអានិសង្សច្រើនជាង
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
១. បូជនីយបុគ្គល អ្នកដែលគួរដល់ការសំពះ ថ្វាយបង្គំ បានដល់ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរិយសាវ័ក មាតាបិតា គ្រូ ឧបជ្ឈាយាចារ្យ អ្នកមានឧបការៈ អ្នកមានគុណផ្សេងៗ ដែលបែងចែកតាមលំដាប់គុណដូច្នេះ ការបូជាដោយរលឹកដល់បដិបទារបស់បុគ្គលខ្ពង់ខ្ពស់ គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអរិយសាវ័ក ជាហេតុនៃការដល់នូវសុគតិ និងព្រះនិព្វាន ចំណែកការបូជាបុគ្គលធម្មតា គឺមាតាបិតា គ្រូ ឧបជ្ឈាយាចារ្យ អ្នកមានឧបការៈ និងអ្នកមានគុណ នាំឲ្យទទួលបាននូវសេចក្តីសុខក្នុងមនុស្សលោក និងទេវលោក
២. បូជនីយធម៌ ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ គឺព្រះត្រៃបិដក
៣. បូជនីយដ្ឋាន ស្ថានទីដែលគួរបូជា ដូចព្រះស្តូប ចេតិយ ជាដើម
៤. បូជនីយវត្ថុ វត្ថុដែលគួរបូជា ដូច ព្រះពុទ្ធបដិមា និងព្រះបរមសារីរិកធាតុ
ការបូជាប្រកបដោយអង្គ ៣
១. មានបុគ្គល និងវត្ថុដ៏ប្រសើរខ្ពង់ខ្ពស់ ដើម្បីការបូជា ដូច បូជនីយបុគ្គល បូជនីយធម៌ បូជនីយដ្ឋាន បូជនីយវត្ថុ
២. មានអ្នកបង្អោនរលឹកដល់ភាពសំខាន់នៃវត្ថុដែលគួរបូជា
៣. មានការបូជាដោយអាមិស និងការបដិបត្តិ ដោយឲ្យចិត្តនឹករលឹក បង្អោនទៅរកវត្ថុទាំងនោះ
ការបូជាបុគ្គលដែលគួរបូជាជាមង្គល ជាហេតុនៃសុគតិ និងព្រះនិព្វាន អាមិសបូជា ជាមង្គល ព្រោះធ្វើឲ្យកើតសេចក្តីសុខ សេចក្តីចម្រើន មិនមានសេចក្តីវិនាស តែការបដិបត្តិបូជាជាវត្ថុដែលសំខាន់ និងឲ្យផលានិសង្ស ច្រើនជាងអាមិសបូជា ព្រោះធ្វើឲ្យព្រះសាសនា ចម្រើនរុងរឿងយូរអង្វែង និងជាការបន្តអាយុព្រះពុទ្ធសាសនាឲ្យគង់វង្ស ដរាបណា នៅមានអ្នកប្រព្រឹត្តប្រតិបត្តិ ។
ការសេពគប់នឹងបណ្ឌិត
បណ្ឌិតានញ្ច សេវនា ការសេពគប់នឹងបណ្ឌិត ។
ការគប់ សំដៅដល់ ការចូលទៅរក បរិភោគរួម ដេករួម ស្និទ្ធស្នាលច្រឡូកច្រឡំរួមកិច្ចការងារជាមួយនឹងបណ្ឌិត។
បណ្ឌិត គឺ អ្នកប្រព្រឹត្តល្អក្នុងកុសលកម្មបថ ១០ គឺ កាយសុចរិត ៣ វចីសុចរិត ៤ និងមនោសុចរិត ៣ ។
ការសេពគប់នឹងបណ្ឌិត សំដៅដល់ការចូលទៅរក បរិភោគរួម ដេករួម ស្និទ្ធស្នាលច្រឡូកច្រឡំរួមកិច្ចការងារជាមួយនឹងបណ្ឌិតអ្នកប្រព្រឹត្តក្នុងកុសលកម្មបថ ១០ ។
កុសលកម្មបថ ១០
កាយសុចរិត ៣ បានដល់ មិនសម្លាប់សត្វ មិនលួចទ្រព្យអ្នកដទៃ មិនប្រព្រឹត្តខុសក្នុងកាម
វចីសុចរិត ៤ បានដល់ មិននិយាយកុហក មិននិយាយទ្រគោះ មិននិយាយស៊កសៀត មិននិយាយរោយរាយ
មនោសុចរិត ៣ បានដល់ មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ មិនចងអាឃាតព្យាបាទ មានសម្មាទិដ្ឋិ យល់ត្រូវ
លក្ខណៈរបស់បណ្ឌិត ៣
១. សុកតកម្មការី មានប្រក្រតីធ្វើតែអំពើល្អ
២. សុភាសិតភាសី មានប្រក្រតីពោលតែពាក្យល្អ
៣. សុចិន្តិតចិន្តី មានប្រក្រតីគិតតែរឿងល្អ
រឿងពាណិជ ៧០០ នាក់
មានរឿងតំណាលមកក្នុងអតីតទាក់ទងនឹងអ្នកជំនួញ ៧០០ នាក់ ធ្វើដំណើរតាមនាវា ៗ ក៏ធ្លាយកណ្តាលមហាសមុទ្រ គ្រប់គ្នាភ័យខ្លាចតក់ស្លុតក្នុងហេតុការណ៍ដែលកើតឡើង តែមានបុរសម្នាក់មិនសម្តែងអាការៈភ័យខ្លាចសោះ ធ្វើឲ្យអ្នកដទៃទៀតចម្លែកចិត្តហើយសាកសួរថា ហេតុអ្វីអ្នកនៅស្ងៀម លោកមានអីជាទីពឹងឬ ទើបមិនខ្លាច បុរសនោះឆ្លើយថា យើងមានសីលជាទីពឹង ជនទាំំងនោះទើបសុំឲ្យគេប្រាប់ការកាន់យក សមាទាននូវសីលមុននាវាដែលចេះតែលិចសន្សឹមៗ ទៅក្នុងទឹក មនុស្សលើនាវាស្លាប់ទាំងអស់ តែដោយអានិសង្សនៃភាពជាអ្នកមានសីល ក៏បានទៅកើតជាទេវបុត្រក្នុងស្ថានសួគ៌ មានបុរសអ្នកដឹកនាំនោះជាប្រមុខរបស់ពួកគេ ។
ពួកទេវតារឭកដល់គុណបុណ្យរបស់ប្រមុខទេវបុត្រដែលឲ្យសីលដល់ពួកខ្លួន មុននឹងស្លាប់ កាលនៅជាមនុស្ស បានចូលមកគាល់ព្រះសាស្តា ពោលសរសើរគុណអ្នកដែលឲ្យសីល និងសម្តែងគុណរបស់សប្បុរសទុកថា បុគ្គល អង្គុយរួម និងធ្វើសេចក្តីស្និទ្ធស្នាលនឹងសប្បុរស អ្នកដឹងច្បាស់នូវធម៌របស់សប្បុរសទាំងឡាយ រមែងបានទទួលផល ៦ ប្រការ គឺ
១. មានតែសេចក្តីល្អ មិនមានសេចក្តីអាក្រក់ឡើយ
២. បានបញ្ញា នឹងបានចាកបុគ្គលដទៃមិនបានឡើយ
៣. មិនសោកសៅ ក្នុងកណ្តាលពួកអ្នកសោកសៅ
៤. រុងរឿងក្នុងកណ្តាលពួកញាតិ
៥. កើតក្នុងសុគតិសួគ៌ទេវលោក
៦. តាំងនៅអស់កាលយូរ ( មានអាយុវែង )
ព្រះបរមសាស្តាត្រាស់ថាពាក្យទាំងអស់ដែលពួកទេវបុត្របានពោលសរសើរ ជាសុភាសិត ទើបបានត្រាស់បន្ថែម៖
សព្ភិរេវ សមាសេថ
សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ
សព្វទុក្ខា បមុច្ចតិ ។
បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលនឹងពួកសប្បុរស បុគ្គលដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងរួចចាកទុក្ខទាំងអស់បាន ។
ភាពជាមង្គលក្នុងការសេពគប់នឹងបណ្ឌិត ជាហេតុនៃសេចក្តីចម្រើនទាំងផ្លូវលោក និងផ្លូវធម៌ មានតែគុណ មិនមានទោស ដូច្នោះ ទើបគួរគប់រកបណ្ឌិតដែលជាហេតុបាននូវសុគតិ និងនិព្វានជាទីប្រព្រឹត្តទៅខាងមុខ បណ្ឌិតជាអ្នកមានប្រាជ្ញា រមែងឲ្យពាក្យណែនាំ ឲ្យពាក្យប្រឹក្សា ឲ្យការអនុគ្រោះ ជាក្រោះការពារភយន្តរាយផ្សេងៗ ធ្វើឲ្យដំណើរជីវិតប្រព្រឹត្តទៅក្នុងផ្លូវដែលត្រឹមត្រូវ មានប្រយោជន៍ និងជាទីរាប់អានក្នុងសង្គមជាតិ សង្គមសាសនា ។
សូមមើលផងដែរ ៖ គុណសម្បត្តិរបស់កល្យាណមិត្ត, សេចក្តីសំខាន់នៃការមានកល្យាណមិត្ត
ការមិនសេពគប់នឹងបុគ្គលពាល
អសេវនា ច ពាលានំ ការមិនសេពគប់នឹងបុគ្គលទាំងឡាយ ។
ការមិនសេពគប់ សំដៅដល់ការមិនចូលទៅរក មិនបរិភោគរួម មិនដេករួម មិនស្និទ្ធស្នាលច្រឡូកច្រឡំ មិនរួមកិច្ចសហការដោយកម្មយ៉ាងណានីមួយ ជាមួយនឹងបុគ្គលពាល ។
ជនពាល សំដៅដល់អ្នកប្រព្រឹត្តក្នុងអកុសលកម្មបថ ១០ ( ពាលា នាម យេ កេចិ បាណាតិបាតាទិទសអកុសល-កម្មបថសមន្នាគតា សត្តា ) ។
ការមិនសេពគប់នឹងបុគ្គលពាល គឺការមិនចូលទៅរក មិនបរិភោគរួម មិនដេករួម មិនស្និទ្ធស្នាលច្រឡូកច្រឡំ មិនរួមកិច្ចសហការដោយកម្មយ៉ាងណានីមួយ ជាមួយនឹងអ្នកប្រព្រឹត្តក្នុងអកុសលកម្មបថ ១០ ។
អកុសលកម្មបថ ១០
កាយទុច្ចរិត ៣ បានដល់ សម្លាប់សត្វ លួចទ្រព្យ ប្រព្រឹត្តខុសក្នុងកាម
វចីទុច្ចរិត ៤ បានដល់ និយាយកុហក និយាយពាក្យទ្រគោះ និយាយស៊កសៀត និយាយរោយរាយ
មនោទុច្ចរិត ៣ បានដល់ រំពៃចង់បានរបស់អ្នកដទៃ ចងគំនុំគុំកួន មានសេចក្តីយល់ខុស
លក្ខណៈរបស់បុគ្គលពាល ៣
១. ទុក្កតកម្មការី មានប្រក្រតីធ្វើតែអំពើអាក្រក់
២. ទុព្ភាសិតភាសី មានប្រក្រតីពោលតែពាក្យអាក្រក់
៣. ទុច្ចិន្តិតចិន្តី មានប្រក្រតីគិតតែរឿងអាក្រក់
បុគ្គលពាលវិនាសដោយហេតុ ៣ យ៉ាង
១. វិនាសព្រោះមានអសប្បុរសជាទីស្រឡាញ់
២. វិនាសព្រោះមិនមានសប្បុរសជាទីស្រឡាញ់
៣. វិនាសព្រោះពេញចិត្តក្នុងធម៌របស់អសប្បុរស
បុគ្គលពាលមិនថាធ្វើ និយាយ និងគិត សុទ្ធតែជាវត្ថុដែលមិនល្អ មិនស្គាល់វត្តុដែលជាប្រយោជន៍ នរណាគប់នឹងជនពាលក៏ដូចលិចចុះក្នុងសេចក្តីទុក្ខ បានទទួលតែសេចក្តីវិនាសក្តៅក្រហាយ មានតែឱនភាព ហីនភាព និងបាន ទទួលទុក្ខទោសភយន្តរាយផ្សេងៗ ដូចជា ខូចអនាគត ខូចកិត្តិយសកេរ្តិ៍ឈ្មោះ បាត់បង់ជីវិត និងជាទីរង្កៀសស្អប់ខ្ពើមរបស់បុគ្គលដែលធ្លាប់ស្និទ្ធស្នាល ។
បើស្គាល់មនុស្សដែលមានការប្រព្រឹត្តដូចជនពាល និងដែលអាចនិយាយស្តាប់គ្នាបាន យើងគួរព្យាយាមបបួលដឹកនាំឲ្យគេស្គាល់បុណ្យ បាប គុណ ទោស បែរត្រឡប់មកធ្វើសេចក្តីល្អ តែបើមិនបានផល គប្បីចៀសវាងចេញឲ្យឆ្ងាយ មិនគួរសេពគប់បន្តទៀតទេ ។
ការសេពគប់នឹងបុគ្គលពាល មិនមានមង្គលដល់ជីវិត ព្រោះមានតែសេចក្តីវិនាស ជាដែនកើតនៃសេចក្តីវិនាស ជនពាលជាអ្នកកាត់បង់នូវប្រយោជន៍ខ្លួន និងអ្នកដទៃ ការសេពគប់នឹងជនពាល នាំឲ្យមានទោសទាំំងក្នុងលោកនេះ និងក្នុងលោកខាងមុខ ចំណែកអ្នកដែលមាននិស្ស័យជាពាលដោយខ្លួនឯង មានទោសក្រៃលែងជាងជនដែលគប់រកគេទៅទៀត ។
សូមមើលផងដែរ ៖ គុណសម្បត្តិរបស់កល្យាណមិត្ត, សេចក្តីសំខាន់នៃការមានកល្យាណមិត្ត
