បណ្ណសារប្លក
បុគ្គលអ្នកមិនប្រមាទ ដូចព្រះចន្ទរះផុតចាកពពក
មច្ចុនាំអ្នកវង្វេង ឲ្យនៅក្នុងអំណាចរបស់ខ្លួន
ព្រះគាថានេះ ព្រះអង្គទ្រង់ប្រារព្ធចំពោះនាងបតិបូជិកា
បុប្ផានិហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
អតិត្តំយេវ កាមេសុ អន្តកោ កុរុតេ វសំ ។
មច្ចុរាជរមែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើសយកផ្កាឈើទាំងឡាយ គឺបញ្ចកាមគុណ ជាអ្នកមិនចេះឆ្អែតក្នុងកាមទាំងឡាយ ឲ្យចូលកាន់អំណាចរបស់ខ្លួន ។
អធិប្បាយ
បុប្ផានិហេវ បចិនន្តំ អ្នករវល់តែជ្រើសរើសនូវផ្កាឈើ គឺកាមគុណទាំងឡាយ ដែលជាប់ដោយអត្តភាព និងជាប់ដោយគ្រឿងឧបភោគ ដូចនាយមាលាការ ជ្រើសរើសនូវផ្កាឈើផ្សេងៗ នៅក្នុងសួនច្បារដូច្នោះ ។
ព្យាសត្តមនសំ នរំ អ្នកមានចិត្តរាយមាយ ដោយអាការផ្សេងៗ ក្នុងអារម្មណ៍ដែលមិនទាន់មកដល់ហើយ ដោយអំណាចនៃសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ដែលមកដល់ហើយ ដោយអំណាចនៃសេចក្តីត្រេកអរ ។
អតិត្តំយេវ កាមេសុ អ្នកមិនចេះឆ្អែតឆ្អន់ក្នុងវត្ថុកាម និងកិលេសកាមទាំងឡាយនុ៎ះឯង ដោយការស្វែងរកខ្លះ ដោយការបានខ្លះ ដោយការប្រើប្រាស់ខ្លះ ដោយការថែរក្សាខ្លះ ។
អន្តកោ កុរុតេ វសំ មច្ចុពោលគឺមរណៈ នាំនរជនដែលកន្ទក់កន្ទេញ ទួញយំ រៀបរាប់មកក្នុងអំណាចរបស់ខ្លួន។
