បណ្ណសារប្លក

ភិក្ខុ​លះ​អង្គ​ ៥​ ប្រកប​ដោយ​អង្គ​ ៥​ មាន​ឈ្មោះ​ថា​ ជា​ឧត្តមបុរស

ភិក្ខុ​លះ​អង្គ​ ៥​ ប្រកប​ដោយ​អង្គ​ ៥​ ហៅ​ថា​ជា​ឧត្តមបុរស​ មាន​គុណ​គ្រប់​គ្រាន់​ ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ក្នុង​ធម្មវិន័យ​នេះ ។

អង្គ​ ៥​ ដែល​ភិក្ខុ​ត្រូវ​លះ​

១. កាមច្ឆន្ទោ  បហីនោ  ហោតិ  បាន​លះ​កាមច្ឆន្ទៈ

២. ព្យាបាទោ  បហីនោ  ហោតិ  លះ​ព្យាបាទ

៣. ថីនមិទ្ធំ  បហីនំ  ហោតិ  លះ​ថីនមិទ្ធៈ

៤. ឧទ្ធច្ចកុក្កុច្ចំ​  បហីនំ​  ហោតិ  លះ​ឧទ្ធច្ចកុក្កុច្ចៈ

៥. វិចិកិច្ឆា​  បហីនា​  ហោតិ  លះ​វិចិកិច្ឆា

Read the rest of this entry

ភិក្ខុ​ប្រកប​ដោយ​អង្គ​ ៥​ សេព​សេនាសនៈ​ដែល​ប្រកប​ដោយ​អង្គ​ ៥​ គប្បី​អស់​ទៅ​នូវ​អាសវៈ​ ក្នុង​កាល​មិន​យូរ

ភិក្ខុ​ប្រកប​ដោយ​អង្គ​ ៥​ កាល​សេព​គប់​នូវ​សេនាសនៈ​ ដែល​ប្រកប​ដោយ​អង្គ​ ៥​ មិន​យូរ​ប៉ុន្មាន​ គប្បី​ធ្វើឲ្យ​ជាក់​ច្បាស់​ នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ​ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ដោយ​ខ្លួន​ឯង​ ក្នុងបច្ចុប្បន្ន ។

ភិក្ខុប្រកប​ដោយ​អង្គ​ ៥

១. សទ្ធោ  ហោតិ  សទ្ទហតិ  តថាគតស្ស  ពោធឹ  ជាអ្នក​មាន​​សទ្ធា ជឿ​សេចក្តី​ត្រាស់​ដឹង​ របស់​ព្រះ​តថាគត​

២. អប្បាពាធោ  ហោតិ  អប្បាតង្កោ  សមវេបាកិនិយា  គហណិយា  សមន្នាគតោ  នាតិ-សីតាយ  នាច្ចុណ្ហាយ  មជ្ឈិមាយ  បធានក្ខមាយ    ជាអ្នក​មាន​អាពាធ​តិច​ មាន​ទុក្ខ​តិច​ ប្រកប​ដោយ​តេជោធាតុ​ បក់​កម្តៅ​ស្មើ​គឺ​មិន​ត្រជាក់​ពេក​ មិន​ក្តៅ​ពេក​ យ៉ាង​កណ្តាល​ អត់​ធន់​នូវ​សេចក្តី​ព្យាយាម​បាន

Read the rest of this entry

អរិយសាវ័ក​ ទៀង​តែ​មិន​ធ្លាក់​ទៅ​ក្នុង​អបាយ

ក្នុងវេរសូត្រ បិដកលេខ ៥០ ទំព័រ ៣៩៧ ដល់ ៤០៣ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងអនាថបិណ្ឌិកសេដ្ឋី យ៉ាង​នេះថា ៖

ម្នាលគហបតី កាលបើអរិយសាវ័ក រម្ងាប់ភ័យ និងពៀរទាំង ៥ បានហើយ ( អរិយសាវ័កនោះ ) ជាអ្នកបរិបូណ៌​ដោយសោតាបត្តិយង្គៈ ទាំង ៤ ទាំងញាយធម៌ ( មគ្គ ព្រមទាំងវិបស្សនា ) ដ៏ប្រសើរ អរិយសាវ័កនោះ ឃើញ​ហើយ ដោយប្រពៃ ចាក់ធ្លុះហើយដោយប្រពៃ ដោយប្រាជ្ញា កាលបើអរិយសាវ័កនោះ ចង់ ( ព្យាករ ) ក៏គប្បីព្យាករ​ខ្លួន ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ​ទុគ្គតិ វិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជា​នឹងបានត្រាស់ដឹង តទៅខាងមុខ ។

Read the rest of this entry

អំណាចប្រយោជន៍ ១០

ព្រះតថាគត បញ្ញត្តសិក្ខាបទ សម្តែងឡើងនូវបាតិមោក្ខ ដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ ១០ យ៉ាង គឺ

១. សង្ឃសុដ្ឋុតាយ                                  ដើម្បីសេចក្តីល្អនៃសង្ឃ

២. សង្ឃផាសុតាយ                                ដើម្បីនៅសប្បាយនៃសង្ឃ

៣. ទុម្មង្កូនំ  បុគ្គលានំ  និគ្គហាយ             ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលទ្រុស្តសីល

៤. បេសលានំ  ភិក្ខូនំ  ផាសុវិហារាយ     ដើម្បីនៅជាសុខស្រួលនៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់

៥. ទិដ្ឋធម្មិកានំ  អាសវានំ  សំវរាយ        ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយ  ក្នុងបច្ចុប្បន្ន

Read the rest of this entry

ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០

អាឃាតវត្ថុ គឺហេតុនៃគំនុំ មាន ១០ ហេតុទាំង ១០ នោះ គឺ ៖

១. អនត្ថំ  មេ អចរីតិ  អាឃាតំ ពន្ធតិ  បុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់អាត្មាអញហើយ

២. អនត្ថំ  មេ  ចរតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់​អាត្មាអញ

៣. អនត្ថំ  មេ  ចរិស្សតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជា​ប្រយោជន៍ ដល់អាត្មាអញ

៤. បិយស្ស  មេ  មនាបស្ស  អនត្ថំ  អចរិ …  ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ …

៥. អនត្ថំ  ចរតិ … កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ …

៦.  អនត្ថំ  ចរិស្សតិ  នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍

៧. អប្បិយស្ស  មេ  អមនាបស្ស  អត្ថំ  អចរិ  … ចងគំនុំដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវអំពើជា​ប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ …

៨. អត្ថំ  ចរតិ  … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ …

៩. អត្ថំ  ចរិស្សតីតិ  អាឃាតំ  ពន្ធតិ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍

១០. អដ្ឋានេ  ច  កុប្បតិ  ក្រោធក្នុងទីដែលមិនគួរ

( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ )

អដ្ឋកថាពន្យល់ថា បទថា អដ្ឋានេ ( ក្រោធក្នុងទីមិនគួរ ) គឺ ក្រោធក្នុងវត្ថុដែលមានចិត្តជាដើមថា គេបានប្រព្រឹត្ត​នូវអំពើមិនជាប្រយោជន៍ដល់អញ ឬក្នុងវត្ថុដែលមិនមានចិត្ត មានដុំថ្ម ដុំដី ជាដើម ( ពេលដើរទង្គិចត្រូវវា ) ។

ភិក្ខុ​ពោល​ទោស​សព្រហ្មចារី​ ដល់​នូវ​សេចក្តី​វិនាស​ ១០

ទោសនៃភិក្ខុ ជាអ្នកជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ មាន ១០ ប្រការ គឺ ៖

១. អនធិគតំ  នាធិគច្ឆតិ   មិនបាននូវគុណធម៌ ដែលខ្លួនមិនទាន់បាន

២. អធិគតា  បរិហាយតិ   សាបសូន្យចាកគុណធម៌ ដែលខ្លួនបានហើយ

៣. សទ្ធម្មស្ស  ន  វោទាយន្តិ   ព្រះសទ្ធម្មរបស់បុគ្គលនោះ មិនផូរផង់

៤. សទ្ធម្មេសុ  វា  អធិមានិកោ  ហោតិ   ជាអ្នកស្មានហួសហេតុ ក្នុងព្រះសទ្ធម្ម

៥. អនភិរតោ  វា  ព្រហ្មចរិយំ  ចរតិ   ប្រព្រឹត្តព្រហ្មចារ្យទាំងមិនមានសេចក្តីត្រេកអរ

៦. អញ្ញតរំ  វា  សង្កិលិដ្ឋំ  អាបត្តឹ  អាបជ្ជតិ   ត្រូវអាបត្តិណាមួយដែលសៅហ្មង

៧. គាឡ្ហំ  រោគាតកំ  ផុសតិ  ប្រទះសេចក្តីទុក្ខ  ព្រោះរោគដ៏ធ្ងន់

៨. ឧម្មានំ  វា  បាបុណាតិ   ដល់នូវការឆ្កួតរាយមាយចិត្ត

៩. ចិត្តក្ខេបំ  សម្មូឡ្ហោ  កាលំ  ករោតិ   ធ្វើមរណៈទាំងវង្វេង

១០. កាយស្ស  ភេទា  បរម្មរណា  អបាយំ  ទុគ្គតឹ  វិនិបាតំ  និរយំ  ឧបបជ្ជតិ  លុះបែកធ្លាយរាង​កាយស្លាប់ទៅ រមែងទៅកើត ឯអបាយ ទុគ្គតិ វិនិបាត នរក

( បិដកខ្មែរ លេខ ៥០ ទំព័រ ៣៦៨ )

ពាក្យថា ជាអ្នកតិះដៀលព្រះអរិយៈ គឺជាអ្នកចោទព្រះអរិយៈទាំងឡាយ ដោយអន្តិមវត្ថុ ( អាបត្តិបារាជិក ) ថា យើងនឹងបំផ្លាញគុណរបស់ព្រះអរិយៈទាំងឡាយ ។

ពាក្យថា សទ្ធម្មស្ស ន វោទាយន្តី ( ព្រះសទ្ធម្មរបស់បុគ្គលនោះ មិនផូរផង់ ) សេចក្តីថា ព្រះសទ្ធម្ម គឺសាសនា​ដែលរាប់ថា ត្រៃសិក្ខារបស់ភិក្ខុនោះ រមែងមិនដល់នូវសេចក្តីបរិសុទ្ធ ៕

អសទ្ធម្ម​ ១០

អសទ្ធម្ម មាន ១០ យ៉ាង គឺ ៖

១. ធំសី        ជាអ្នកកម្ចាត់បង់ ( នូវគុណ )

២. បគព្ភោ    ជាអ្នកក្រអឺតក្រអោង

៣. តិន្តិណោ  ជាអ្នកមានសេចក្តីរវះរវាម [ ឃើញតែពីស៊ី ]

៤. មហគ្ឃសោ  ជាអ្នកស៊ីច្រើន

៥. លុទ្ទោ       ជាមនុស្សអាក្រក់

៦. អការុណិកោ  ជាអ្នកមិនមានសេចក្តីករុណា

៧. ទុព្វលោ    ជាអ្នកមានកម្លាំងថយ

៨. ឱរវី           ជាអ្នកមានសំឡេងអាក្រក់

៩. មុដ្ឋស្សតិ   ជាអ្នកមានស្មារតីវង្វេង

១០. នេចយិកោ  ជាអ្នកធ្វើនូវការសន្សំ

ន័យម្យ៉ាងទៀត អសទ្ធម្ម មាន ១០ យ៉ាងដទៃទៀត គឺ ៖

១. អស្សទ្ធា     មិនមានសទ្ធា

២. ទុស្សីលា    ជាអ្នកទ្រុស្តសីល

៣. អហិរិកា     មិនមានហិរិ

៤. អនោត្តប្បិនោ  មិនមានឱត្តប្បៈ

៥. អសប្បុរិសភត្តិនោ  ជាអ្នកមានអសប្បុរសជាមិត្រ

៦. អត្តុក្កំសកបរវម្ភកា  ជាអ្នកតម្កើងខ្លួនឯង ហើយបង្អាប់បុគ្គលដទៃ

៧. សន្ទិដ្ឋិបរាមាសី អាទានគ្គាហី ទុប្បដិនិស្សគ្គិនោ ជាអ្នកស្ទាបអង្អែល ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជា​អ្នកលះបង់នូវអំពើ ដែលខ្លួនប្រកាន់ បានដោយកម្រ

៨. កុហកា       ជាអ្នកកុហក

៩. បាបិច្ឆា       ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក

១០. មិច្ឆាទិដ្ឋិកា ជាអ្នកមានទិដ្ឋិខុស

( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៥-៣២៦ )

ធម៌​ ៣​ ប្រការ​ មាន​នៅ​ក្នុង​លោក​ ព្រះ​សម្មាសម្ពុទ្ធ​ទើប​កើត​ឡើង​ក្នុង​លោក

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ៖

ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោក​ឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសម្តែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ, ធម៌ទាំង ៣ នោះ គឺ ជាតិ ១ ជរា ១ មរណៈ ១ ។

ធម៌ ៣ ដែលគួរលះបង់

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់បន្តទៀតថា ៖

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈ​បានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១ ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយមិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈ​បានទេ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ ៣ ចេញហើយមិនគួរលះបង់រាគៈ លះបង់ទោសៈលះបង់មោហៈ បានទេ ។ ធម៌ទាំង ៣ តើដូចម្តេច គឺ មិនលះបង់ សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វត-បរាមាសៈ ១ ។

Read the rest of this entry

អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០

  ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ

  បុត្តេហិ  ទារេហិ  ចតុប្បាទេហិ  ច

  ស  ភោគវា  ហោតិ  យសស្សី  បូជិតោ

  ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ  ។

  បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វ​ជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។

  សទ្ធាយ  សីលេន  ច  យោធ  វឌ្ឍតិ

  បញ្ញាយ  ចាគេន  សុតេន  ចូភយំ

  សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ

  ទិដ្ឋេវ  ធម្មេ  ឧភយេន  វឌ្ឍតិ  ។

  បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈ​ទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុង​បច្ចុប្បន្ននេះឯង ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )

ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖

១. អនាលស្យំ  ឧដ្ឋានំ  ភោគានំ  អាហារោ  សេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ

២. មណ្ឌនា  វិភូសនា  វណ្ណស្ស  អាហារោ  ការប្រដាប់ ការតាក់តែង ជាអាហារ របស់ពណ៌សម្បុរ

៣. សប្បាយកិរិយា  អារោគ្យស្ស  អាហារោ  ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ របស់ភាពមិនមាន​រោគ

៤. កល្យាណមិត្តតា  សីលានំ  អាហារោ  សភាពមិត្តល្អ ជាអាហាររបស់សីល

៥. ឥន្ទ្រិយសំវរោ  ព្រហ្មចរិយស្ស  អាហារោ  ការសង្រួមឥន្ទ្រិយ ជាអាហាររបស់ព្រហ្មចរិយៈ

៦. អវិសំវាទនា  មិត្តានំ  អាហារោ  ការមិនពោលពាក្យខុស ជាអាហារ របស់មិត្តទាំងឡាយ

៧. សជ្ឈាយកិរិយា  ពាហុសច្ចស្ស  អាហារោ  ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហារ របស់ភាពជាអ្នក​ចេះដឹងច្រើន

៨. សុស្សូសា  បរិបុច្ឆា  បញ្ញាយ  អាហារោ  ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា

៩. អនុយោគោ  បច្ចវេក្ខណា  ធម្មានំ  អាហារោ  ការប្រកបរឿយៗ ការពិចារណា ជាអាហាររបស់ធម៌​ទាំងឡាយ

១០. សម្មាបដិបត្តិ  សគ្គានំ  អាហារោ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )

អត្ថបទទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក, ធម៌ ១០​ នាំឲ្យអន្តរាយដល់ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក

ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលកម្រ​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖

១. អាលស្យំ  អនុដ្ឋានំ  ភោគានំ  បរិបន្ថោ  ការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ

២. អមណ្ឌនា  អវិភូសនា  វណ្ណស្ស  បរិបន្ថោ  ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ

៣. អសប្បាយកិរិយា  អារោគ្យស្ស  បរិបន្ថោ  ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិន​មានរោគ

៤. បាបមិត្តតា  សីលានំ  បរិបន្ថោ  មិត្តលាមក នាំឲ្យអន្តរាយដល់សីល

៥. ឥន្ទ្រិយាសំវរោ  ព្រហ្មចរិយស្ស  បរិបន្ថោ  ការមិនសង្រួមនូវឥន្ទ្រិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ

៦. វិសំវាទនា  មិត្តានំ  បរិបន្ថោ  ការពោលពាក្យខុស នាំឲ្យអន្តរាយដល់ពួកមិត្ត

៧. អសជ្ឈាយកិរិយា  ពាហុសច្ចស្ស  បរិបន្ថោ  ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាព​ចេះដឹងច្រើន

៨. អស្សុស្សុសា អបរិបុច្ឆា  បញ្ញាយ  បរិបន្ថោ  ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា

៩. អននុយោគោ  អប្បច្ចវេក្ខណា  ធម្មានំ  បរិបន្ថោ  ការមិនប្រកបរឿយៗ ការមិនពិចារណា នាំឲ្យ​អន្តរាយដល់ធម៌ទាំងឡាយ

១០. មិច្ឆាបដិបត្តិ  សគ្គានំ  បរិបន្ថោ  សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )

អត្ថបទដែលទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក

ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖

១. ភោគា         ភោគៈ

២. វណ្ណោ         ពណ៌សម្បុរ

៣. អារោគ្យំ      ការមិនមានរោគ

៤. សីលានិ       សីល

៥. ព្រហ្មចរិយំ   ព្រហ្មចរិយៈ

៦. មិត្តា             មិត្ត

៧. ពាហុសច្ចំ     សភាពជាអ្នកចេះដឹងច្រើន

៨. បញ្ញា            បញ្ញា

៩. ធម្មោ            ធម៌ [ លោកុត្តរធម៌ ៩ ]

១០. សគ្គា          ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )

អភិណ្ហប្បច្ចវេក្ខណៈ​ ១០

អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖

១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញ​កាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ

២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្ត​ចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ

៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ

៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?

៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?

៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មាអញតែងមានជាធម្មតា

៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មាអញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំ​ខានឡើយ

៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?

៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?

១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះសព្រហ្មចារីទាំងឡាយសួរក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

ពន្យល់

ពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយ​សរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយ​សរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់​ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬ​អង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះ​ថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំ​បាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោលបាន ។

ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកទីគោរពកោតក្រែង​ក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។

ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាង​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិ-សុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។

ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែងបរិបូណ៌ ។

ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសលកម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។ ពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្ត​សព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជា​អ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់​ដោយឥតអំពើ ៕

បន្លា​ ១០

កណ្តកោ បន្លា មាន ១០ យ៉ាង គឺ

១. បវិវេការាមស្ស  សង្គណិការាមតា  កណ្តកោ  សភាពជាអ្នកត្រេកអរក្នុងពួកគណៈ ជាបន្លា​របស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ

២. អសុភនិមិត្តានុយោគំ  អនុយុត្តស្ស  សុភនិមិត្តានុយោគោ  កណ្តកោ  ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយៗ នូវអសុភនិមិត្ត

៣. ឥន្ទ្រិយេសុ  គុត្តទ្វារស្ស  វិសូកទស្សនំ  កណ្តកោ  ការមើលនូវសត្រូវ គឺល្បែងផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ

៤. ព្រហ្មចរិយស្ស  មាតុគ្គាមុបចារោ  កណ្តកោ  ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ

៥. បឋមស្ស  ឈានស្ស  សទ្ទោ  កណ្តកោ  សំឡេង ជាបន្លារបស់បឋមជ្ឈាន

៦. ទុតិយស្ស  ឈានស្ស  វិតក្កវិចារា  កណ្តកា  វិតក្ក និងវិចារ ជាបន្លារបស់ទុតិយជ្ឈាន

៧. តតិយស្ស  ឈានស្ស  បីតិ  កណ្តកោ  បីតិ ជាបន្លារបស់តតិយជ្ឈាន

៨. ចតុត្ថស្ស  ឈានស្ស  អស្សាសប្បស្សាសា  កណ្តកា  អស្សាសប្បស្សាសៈ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន

៩. សញ្ញាវេទយិតនិរោធសមាបត្តិយា  សញ្ញា  ច  វេទនា  ច  កណ្តកា  សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ

១០. រាគោ  កណ្តកោ  ទោសោ  កណ្តកោ  មោហោ  កណ្តកោ  រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា

( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ )

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០

ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ

១. អប្បិច្ឆកថា       និយាយអំពីសេចក្តីប្រាថ្នាតិច

២. សន្តុដ្ឋិកថា       និយាយអំពីសេចក្តីសន្តោស

៣. បវិវេកកថា      និយាយអំពីសេចក្តីស្ងប់ស្ងាត់

៤. អសំសគ្គកថា    និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ

៥. វីរិយារម្ភកថា     និយាយអំពីប្រារព្ធសេចក្តីព្យាយាម

៦. សីលកថា          និយាយអំពីសីល

៧. សមាធិកថា       និយាយអំពីសមាធិ

៨. បញ្ញាកថា          និយាយអំពីបញ្ញា

៩. វិមុត្តិកថា           និយាយអំពីវិមុត្តិ

១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ

( ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )

ឋានៈដែលគួរសរសើរ មាន ១០ គឺ

១. ឥធ  ភិក្ខវេ  ភិក្ខុ  អត្តនា  ច  អប្បិច្ឆោ  ហោតិ  អប្បិច្ឆកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ   ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង

២. អត្តនា  ច  សន្តុដ្ឋោ  ហោតិ  សន្តុដ្ឋិកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ ភិក្ខុជាអ្នកសន្តោស ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង

៣. អត្តនា  ច  បវិវិត្តោ  ហោតិ  បវិវេកកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង

៤. អត្តនា  ច  អសំសដ្ឋោ  ហោតិ  អសំសដ្ឋកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកមិនច្រឡូក​ច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយ​ផង

៥. អត្តនា ច អារទ្ធវីរិយោ  ហោតិ  វីរិយារម្ភកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកមានព្យាយាម​ប្រារព្ធហើយ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង

៦. អត្តនា  ច  សីលសម្បន្នោ  ហោតិ  សីលសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយសីល ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីបរិបូណ៌ដោយសីល  ដល់ភិក្ខុទាំងឡាយផង

៧. អត្តនា  ច  សមាធិសម្បន្នោ  ហោតិ  សមាធិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជា​អ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយសមាធិ   ដល់ភិក្ខុទាំងឡាយផង

៨. អត្តនា  ច  បញ្ញាសម្បទា  ហោតិ  បញ្ញាសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង

៩. អត្តនា  ច  វិមុត្តិសម្បន្នោ  ហោតិ  វិមុត្តិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង

១០. អត្តនា  ច  វិមុត្តិញ្ញាណទស្សនសម្បន្នោ  ហោតិ  វិមុត្តិញ្ញាណទស្សនសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការ​បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង

នេះជាឋានៈដែលគួរសរសើរ ទាំង ១០ ប្រការ ដូចបានពោលមកហើយ ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២-២៨៦ )

អត្ថបទដែលទាក់ទង ៖ តិរច្ឆានកថា

តិរច្ឆានកថា

ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូចមានវចនត្ថសម្តែង​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យនិយាយដែលជំទាស់នឹងសួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី ( ព្រះត្រៃបិដក ) ដូចតទៅនេះ ៖

រាជកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា

ចោរកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ

មហាមត្តកថា  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ

សេនាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព

ភយកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ

យុទ្ធកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [ មានចម្បាំងរបស់មហាភារតៈជាដើម ]

អន្នកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ

បានកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន

វត្ថកថា            ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់

សយនកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក

មាលាកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង

គន្ធកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប

ញាតិកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន

យានកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ

គាមកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក

និគមកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម

នគរកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ

ជនបទកថា    ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស

ឥត្ថិកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី

( បុរិសកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស )

សូរកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស ( អ្នកក្លាហាន )

វិសិខាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក

កុម្ភដ្ឋានកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី

បុព្វបេតកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ

នានត្តកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ

លោកក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក

សមុទ្ទក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ

ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និងលោក​វិនាសព្រោះហេតុនេះ

ពន្យល់

រាជកថា
ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូប​ស្អាត” បើជា​ការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូចជានិយាយថា “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា ។

អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែងសម​គួរ ។

ញាតិកថា
បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែបើជាការនិយាយដែលនាំមកនូវ​សេចក្តីសង្វេគតក់ស្លុត រមែងសមគួរ ។

គាមកថា
បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែងមិនគួរ តែបើជា​ការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។

និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង

នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ ។

ឥត្ថិកថា
បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ ។

បុរិសកថា
បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះលោកសង្គ្រោះចូលក្នុងបទ​ថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើបដាក់នៅក្នុងរង្វង់ក្រចកទុក

វិសិខាកថា
វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មានសមត្ថភាពជា​ដើមផង

តិរច្ឆានកថា ៣២

ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​ចែកឥតិភវាភវកថា ចេញជា ៦ កថា គឺ

១. ឥតិសស្សតភវកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ

២. ឥតិឧច្ឆេទអភវកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ

៣. ឥតិវុឌ្ឍិកថា                     ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ

៤. ឥតិហានិកថា                    ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ

៥. ឥតិកាមសុខកថា               ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ

៦. ឥតិអត្តកិលមថកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា

ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវនឹងមតិអដ្ឋកថាខាងដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា​ ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និងឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀត គឺ

១. អរញ្ញកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ

២. បព្វតកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ

៣. នទីកថា                            ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង

៤. ទីបកថា                             ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិនបាន​សម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕

សញ្ញា​ ១០

សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅ​កាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការនោះ​ គឺ៖

១. អសុភសញ្ញា         សម្គាល់ថាមិនស្អាត

២. មរណសញ្ញា         សម្គាល់ក្នុងសេចក្តីស្លាប់

៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ

៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងអស់

៥. អនិច្ចសញ្ញា           សម្គាល់ថាមិនទៀង

៦. អនិច្ចេ ទុក្ខសញ្ញា   សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង

៧. ទុក្ខេ អនត្តសញ្ញា   សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ

៨. បហានសញ្ញា          សម្គាល់ថា គួរលះបង់

៩. វិរាគសញ្ញា           សម្គាល់ការប្រាសចាកតម្រេក

១០. និរោធសញ្ញា        សម្គាល់ការរលត់

ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖

១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា

៦. អដ្ឋិកសញ្ញា            សម្គាល់អសុភដែលមានតែរាងឆ្អឹង

៧. បុឡុវកសញ្ញា          សម្គាល់អសុភដែលមានដង្កូវចុះ

៨. វិនីលកសញ្ញា          សម្គាល់អសុភដែលមានពណ៌ខៀវ

៩. វិច្ឆិទ្ទកសញ្ញា           សម្គាល់អសុភដែលដាច់ជាកំណាត់

១០. ឧទ្ធុមាតកសញ្ញា    សម្គាល់អសុភដែលហើមប៉ោង

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២២៩-២៣០ )

សញ្ញា ១០ ប្រការ ក្នុងគិរិមានន្ទសូត្រ

សញ្ញា ១០ ប្រការ មានសម្តែងក្នុងគិរិមានន្ទសូត្រ គឺ អនិច្ចសញ្ញា, អនត្តសញ្ញា, វិរាគសញ្ញា, និរោធសញ្ញា, សព្វ-លោកេ អនភិរតសញ្ញា, សព្វសង្ខារេសុ អនិច្ចសញ្ញា, អានាបានស្សតិ ។

ភិក្ខពិចារណាឃើញរឿយៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ ( រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ) នេះ​ហៅថា អនិច្ចសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ហៅថា អនត្តសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថា មិនល្អ ក្នុងរូបកាយ​ នេះ ហៅថា អសុភសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថាជាទោស ក្នុងរូបកាយ នេះ ហៅថា អាទីនវសញ្ញា

ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត ឬដែលកើតឡើង ក៏ធ្វើឲ្យវិនាសទៅវិញ នូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហឹសាវិតក្ក នេះហៅថា បហានសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា វិរាគសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា និរោធសញ្ញា

ឧបាយ ( គឺតណ្ហានិងទិដ្ឋិ ) ឧបាទាន ( គឺសេចក្តីប្រកាន់មាំ ) អភិនិវេសៈ ( គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ) អនុស័យ ( គឺកិលេសដែលដេកនៅរឿយៗ ក្នុងសត្តសន្តាន ) ណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះ​បង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ ( ចាកបាបធម៌ទាំងនោះ ) បាន នេះ​ហៅថា សព្វលោកេ អនភិរតសញ្ញា

ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង នេះហៅថា សព្វសង្ខារេសុ អនិច្ច-សញ្ញា

ភិក្ខុកំណត់ដឹងនូវខ្យល់ដកដង្ហើម និងខ្យល់ដកដង្ហើមចេញ នេះហៅថា អានាបានស្សតិ

អត្ថបទដែលទាក់ទង ៖ សញ្ញា ៧ ប្រការ

ប្រយោជន៍​សម្រាប់​ជីវិត

គោលធម៌ដែលញ៉ាំងជីវិតឲ្យស្ថិតនៅក្នុងប្រយោជន៍ ដែលហៅថា អត្ថ មានបីយ៉ាង គឺ ៖

១. ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន ឬប្រយោជន៍ដែលទាក់ទងនៅក្នុងជីវិតប្រចាំថ្ងៃ ជាប្រយោជន៍ដើម ជាកាំ​ជណ្តើរទី ១ ទាក់ទងនឹងការងារសម្រាប់រស់ មានទ្រព្យ មានកេរ្តិ៍ឈ្មោះ មានយស មានមិត្ត សុទ្ធតែល្អប្រសើរទាំង​ការចិញ្ចឹមជីវិតក៏ស្មើ មានតុល្យភាពក្នុងចំណូលចំណាយ ជាពិសេសសំខាន់គឺ ប្រឹងប្រែងស្វែងរកទ្រព្យដោយការ​ងារសុចរិត ។

២. សម្បរាយិកត្ថ ប្រយោជន៍ក្នុងលោកខាងមុខ ឬប្រយោជន៍ខាងផ្នែកគុណតម្លៃនៃជីវិត គឺជារឿងមានជម្រៅ​សម្រាប់ជីវិត ដែលមានការប្រព្រឹត្តទៅតាមហេតុបច្ច័យ ។ ប្រយោជន៍ទី ២ នេះ ជាការចម្រើនផ្លូវចិត្ត មានសទ្ធា​ មានសីល មានចាគៈ មានបញ្ញា តម្កល់ខ្លួនក្នុងគុណធម៌ ពោលគឺបានប្រើប្រាស់នូវទិដ្ឋធម្មិកត្ថ ដែលជាប្រយោជន៍​ទី ១ ក្នុងផ្លូវធម៌ល្អប្រពៃ សម្រេចជាគុណប្រយោជន៍រហូតដល់បានទៅជាអ្នកមាំទាំ នៅក្នុងសេចក្តីល្អរបស់ខ្លួន​ដល់ពេលត្រូវលះលោកនេះទៅ ក៏មានចិត្តស្ងប់ដោយមិនវង្វេងមិនហួងហែងកង្វល់នឹងអ្វីៗមិនភ័យចំពោះដំណើរ​ទៅកាន់លោកខាងមុខ ។

៣. បរមត្ថ ប្រយោជន៍ខ្ពង់ខ្ពស់ដ៏ក្រៃលែង ឬប្រយោជន៍ដែលជាសារៈពិតនៃជីវិត គឺជាទិសដៅចុងក្រោយបំផុត​ដែលជីវិតគួរតែបានចូលដល់ ។ ប្រយោជន៍ទី ៣ នេះ សំខាន់នៅត្រង់បញ្ញាពលៈ គឺការដឹងច្បាស់ នូវសភាវធម៌​តាមសេចក្តីពិត ជាការដឹងទាន់ដំណើរធម្មតារបស់សង្ខារធម៌ មិនធ្លាក់ចូលទៅក្នុងភាពជាទាសៈរបស់កិលេស រួច​ផុតអំពីការចាប់ប្រកាន់របស់ឧបាទាន មានចិត្តជាឥស្សរៈ ស្អាតផូរផង់ ភ្លឺស្វាងរុងរឿង ស្ងប់ប្រណីត បានចូលដល់​សេចក្តីសុខពិត ហៅដោយខ្លីថា និព្វាន គឺរលត់នូវកិលេសជាគ្រឿងកង្វល់ហ្នឹងឯង ។

Star អត្ថទាំង ៣ យ៉ាងនេះ ចាត់បែងចែកជាថ្មីមួយបែបទៀតគឺ ៖

១. អត្តត្ថ ប្រយោជន៍ខ្លួនឯង គឺការដែលបានហ្វឹកហាត់អប់រំខ្លួនដោយល្អ សម្រេចផលអំពីការសិក្សា ចម្រើន​ដោយសតិបញ្ញា និងគុណធម៌ផ្សេងៗ ជាអ្នកសម្បូណ៌ទៅដោយវិជ្ជា និងចរិយា ពឹងខ្លួនឯងបាននៅក្នុងផ្នែក​សេដ្ឋកិច្ចគ្រួសារ ការរស់នៅក្នុងសង្គម និងការមានសីលធម៌មាំមួន រហូតដល់បរមត្ថ គឺប្រយោជន៍ដ៏ប្រសើរចុង​ក្រោយ ។

២. បរត្ថ ប្រយោជន៍ដល់អ្នកដទៃ គឺការមានមេត្តាករុណា ការមានសមត្ថភាពរៀបចំជីវិតរបស់ខ្លួន ឲ្យបានជា​ប្រយោជន៍ទំនុកបម្រុងដល់អ្នកដទៃ ទោះជាផ្នែកខាងវត្ថុក្តី ផ្នែកខាងការសម្រួលផ្លូវចិត្តក្តី អ្នកដទៃអាចពឹងពាក់​បាន ។

៣. ឧភយត្ថ ប្រយោជន៍រួមគ្នាទាំងពីរផ្នែក គឺ ប្រយោជន៍ដែលជាសាធារណៈ ដូចជាសាលារៀន ផ្លូវថ្នល់ ស្ពាន​អណ្តូងទឹក សិល្បវិទ្យា និងសីលធម៌ជាដើម រៀបចំដំណើរជីវិតរបស់ខ្លួន ឲ្យប្រព្រឹត្តទៅដើម្បីជាប្រយោជន៍សុខ និងមានសេចក្តីល្អប្រពៃ ជាសាធារណៈដល់អ្នកដទៃ យ៉ាងហោចបំផុត គឺ មិនឲ្យការស្វែងរកនូវប្រយោជន៍ផ្ទាល់​ខ្លួន ប្រព្រឹត្តទៅដើម្បីបៀតបៀន ឬប៉ះពាល់ឲ្យខូចខាតអន្តរាយ ដល់ប្រយោជន៍រួមគ្នាឡើយ ។

( ខុទ្ទកនិកាយ ចូឡនិទ្ទេស ខគ្គវិសាណសូត្រ អធិប្បាយគាថា ព្រះបច្ចេកពុទ្ធ )

សម្តី​ ៣

សម្តីនៅក្នុងលោកនេះ មាន ៣ គឺ

១. គូថភាណី  សម្តីស្អុយដូចលាមក

២. បុប្ផភាណី  សម្តីក្រអូបដូចផ្កា

៣. មធុភាណី  សម្តីផ្អែមដូចទឹកឃ្មុំ

ការនិយាយដោយកុហកដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះ​ហៅថា សម្តីស្អុយដូចលាមក ។

មិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះ​ហៅថា សម្តីក្រអូបដូចផ្កា ។

ការលះបង់នូវវាចាអាក្រក់ ពោលតែសម្តីដែលឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុង​ដួងចិត្ត ជាសម្តីអ្នកក្រុងដែលជាទីពេញចិត្តនៃជនច្រើនជាទីគាប់ចិត្តនៃជនច្រើននេះហៅថាសម្តីផ្អែមដូចទឺកឃ្មុំ។

អត្ថបទទាក់ទង ៖ ព្រះតថាគតទ្រង់ត្រាស់តែពាក្យពិត និងមានប្រយោជន៍, វាចាជាសុភាសិត

ពុទ្ធវចនៈ​ ៣

ពុទ្ធវចនៈ បើចែកតាមកាល មាន ៣ គឺ

១. បឋមពុទ្ធវចនៈ

២. មជ្ឈិមពុទ្ធវចនៈ

៣. បច្ឆិមពុទ្ធវចនៈ

ក្នុងពុទ្ធវចនៈទាំងបីនោះ បឋមពុទ្ធវចនៈ គឺ៖

ព្រះដ៏មានព្រះភាគប្រថាប់អង្គុយត្រង់មហាពោធិបល័ង្ក ទ្រង់ចាក់ធ្លុះហើយ នូវអភិធម្មនោះ កាលបានត្រាស់ដឹងជា​ព្រះពុទ្ធហើយ ក៏ប្រថាប់ដោយបល្ល័ង្កមួយ អស់ ៧ ថ្ងៃ ទ្រង់បន្លឺឧទានថា

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

អថស្ស  កង្ខា  វបយន្តិ  សព្វា

យតោ  បជានាតិ  សហេតុធម្មំ ។

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

អថស្ស  កង្ខា  វបយន្តិ  សព្វា

យតោ  ខយំ  បច្ចយានំ  អវេទិ ។

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

វិធូបយំ  តិដ្ឋតិ  មារសេនំ

សូរោវ ឱភាសយមន្តលិក្ខំ ។

ធម៌ទាំងឡាយ រមែងប្រាកដ ដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំងកិលេសឱ្យក្តៅ ជាអ្នកដុតបង់​នូវកិលេស ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួង របស់ខីណាសវព្រាហ្មណ៍នោះ ក៏សឹងតែរម្ងាប់អស់​ទៅ ក្នុងកាលនោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់ នូវធម៌ ព្រមទាំងហេតុ ។

ធម៌ទាំងឡាយ ប្រាកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំងកិលេសឱ្យក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា សេចក្តីសង្ស័យទាំងឡាយទាំងពួង របស់ខីណាសវព្រាហ្មណ៍នោះ តែងរម្ងាប់អស់ទៅ​ ក្នុងកាល​នោះ ព្រោះថា ខីណាសវព្រាហ្មណ៍នោះ បានដឹងច្បាស់ នូវព្រះនិព្វាន ជាទីអស់ទៅនៃបច្ច័យ ។

ធម៌ទាំងឡាយ ប្រាកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំងកិលេសឱ្យក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ខីណាសវព្រាហ្មណ៍នោះ រមែងកម្ចាត់បង់នូវមារ ព្រមទាំងសេនានៃមារ ហើយឋិតនៅ ក្នុងកាលនោះ បីដូចព្រះអាទិត្យរះឡើង ធ្វើអាកាសឱ្យរុងរឿង ដោយរស្មី របស់ខ្លួន កម្ចាត់បង់នូវងងឹត ឋិតនៅដូច្នោះឯង ។

នេះ ឈ្មោះថា បឋមពុទ្ធវចនៈ តែអាចារ្យអ្នកពោលបទនៃធម៌ រមែងពោលថា ឈ្មោះថា បឋមពុទ្ធវចនៈ គឺ

អនេកជាតិសំសារំ                     សន្ធាវិស្សំ  អនិព្វិសំ

គហការំ  គវេសន្តោ                    ទុក្ខា  ជាតិ  បុនប្បុនំ

គហការក  ទិដ្ឋោសិ                  បុន  គេហំ  ន  កាហសិ

សព្វា  តេ  ផាសុកា  ភគ្គា           គហកូដំ  វិសង្ខតំ

វិសង្ខារគតំ  ចិត្តំ                            តណ្ហានំ  ខយមជ្ឈគា ។

កាលតថាគត មិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ រវល់តែ ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើនូវផ្ទះ គឺ អត្តភាព ក៏អន្ទោលទៅកាន់សំសារវដ្ត មានជាតិដ៏ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកឯងធ្វើផ្ទះ គឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត មិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសរបស់​អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះ គឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគត ដល់នូវព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។

ព្រះតម្រាស់ដែលព្រះមានព្រះភាគ ទ្រង់ផ្ទំក្នុងចន្លោះដើមរាំងទាំងគូ ក្នុងសម័យជិតនឹងបរិនិព្វាន ត្រាស់ទុកថា

ហន្ទទានិ  ភិក្ខវេ  អាមន្តយាមិ  វោ  វយធម្មា  សង្ខារា  អប្បមាទេន  សម្បាទេថ

“ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយ ឱ្យបានដឹង សង្ខារទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឱ្យសម្រេច ដោយសេចក្តមីនិប្រមាទចុះ”ដូចេ្នះ ឈ្មោះថា បច្ឆិមពុទ្ធវចនៈ

ព្រះសទ្ធម្មដែលប្រកាសអមតៈ ដែលទ្រង់ត្រាស់ទុក ៤៥ ព្រះវស្សា ក្នុងរវាងនៃព្រះពុទ្ធវចនៈទាំងពីរ ដូចនាយ​មាលាការក្រងផ្កា និងដូចជាងកែវក្រងកម្រងកែវ ឈ្មោះថា មជ្ឈិមពុទ្ធវចនៈ

( សមន្តប្បាសាទិកា និងអដ្ឋសាលិនី និទានកថា )