បណ្ណសារប្លក
ហេតុដែលនាងសុមនារាជកុមារី ទួលសួរបញ្ហា
ព្រះនាងសុមនារាជកុមារីចូលគាល់ព្រះដ៏មានព្រះភាគ ព្រោះហេតុអ្វី? ព្រោះមានបំណងទូលសួរបញ្ហា។ បានស្តាប់មកថា ក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបទសពល មានភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នា មួយអង្គបំពេញសារាណីយធម៌ ( មានការចែកចាយនូវបច្ច័យ ៤ ដែលខ្លួនបានមកដល់បុគ្គលដែលគួរ ឲ្យជាដើម ) ចំណែកមួយអង្គទៀត លោកបំពេញនូវភត្តគ្គវត្ត ( បំពេញវត្តក្នុងរោងភត្តដោយមិនបានឲ្យ ទាន ) ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌ ពោលរំលឹកភិក្ខុជាសម្លាញ់ថា អ្នកដីមានអាយុ ឈ្មោះថា ទានដែលមិនឲ្យផល រមែងមិនមានឡើយ កាលឲ្យរបស់ខ្លួនដល់អ្នកដទៃហើយសឹមបរិភោគ ទើបគួរ ។ ភិក្ខុដែលបំពេញនូវភត្តគ្គវត្ត តបថា អ្នកដ៏មានអាយុ អ្នកមិនដឹងទេឬ ការឲ្យទេយ្យធម៌ធ្លាក់ចុះ រមែងមិន គួរ បុគ្គលដែលកាន់យកត្រឹមតែអាហារញ៉ាំងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានប៉ុណ្ណោះទើបគួរ ។ ទាំងពីរ អង្គ មិនអាចញ៉ាំងគ្នាឲ្យនៅក្នុងឱវាទរបស់ខ្លួនបាន ក៏បំពេញវត្តតែរៀងខ្លួនរហូតដល់ចុតិចាកភពនោះ បដិសន្ធិក្នុងទេវលោក ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌ គ្របសង្កត់នូវភិក្ខុដែលមិនបានឲ្យទាន ដោយធម៌ ៥ យ៉ាង ក្នុងទេវលោក វិលវល់ក្នុងទេវតានិងមនុស្សអស់មួយចន្លោះព្រះពុទ្ធ ទើបកើតក្នុង ក្រុងសាវត្ថី ។
អង្គដែលបំពេញនូវសារាណីយធម៌ បដិសន្ធិក្នុងគភ៌ព្រះអគ្គមហេសីនៃព្រះបាទកោសល មួយអង្គទៀត បដិសន្ធិក្នុងផ្ទៃនៃស្រីបម្រើរបស់ព្រះអគ្គមហេសីនោះ ហើយប្រសូតក្នុងថ្ងៃជាមួយគ្នា ។ ក្នុងថ្ងៃដាក់ ឈ្មោះ ពោលគឺថ្វាយព្រះនាមដល់ព្រះរាជបុត្រ ព្រះមាតាស្រង់ទឹកឲ្យបុត្រហើយ ដាក់បុត្រឲ្យផ្ទំក្នុង បន្ទប់ប្រកបដោយសិរី ជាមួយនឹងបុត្ររបស់ស្ត្រីអ្នកបម្រើព្រះអគ្គមហេសីនោះឯង ។ ដោយរវល់នាំគ្នា ចាត់ចែងកិច្ចការខាងក្រៅបន្ទប់ ព្រះរាជបុត្របើកព្រះនេត្រឡើង បានឃើញស្វេតច្ឆត្រដ៏ធំផង ទីកន្លែង ផ្ទំប្រកបដោយសិរី ដែលគេចាត់ចែងយ៉ាងល្អផង ព្រមទាំងព្រះរាជនិវេសន៍ប្រដាប់ដោយគ្រឿងអលង្ការ ផង ទើបដឹងខ្លួនព្រះអង្គថា យើងកើតក្នុងព្រះរាជត្រកូល ។ ព្រះរាជបុត្រនឹកថា យើងធ្វើកម្មអ្វីហ្ន៎ ទើប បានកើតនៅក្នុងទីនេះដូច្នេះ ក៏រលឹកបាន ដោយផលនៃការបំពេញនូវសារាណីយធម៌ ។ ព្រះរាជបុត្រ គិតទៀតថា សម្លាញ់របស់យើងកើតក្នុងទីណាហ្ន៎ ក៏បានឃើញនៅក្នុងទីដែលទាបជាងខ្លួននោះឯង ទាំងដែលបានជ្រាបថា នេះព្រោះមកអំពីមិនជឿពាក្យរបស់យើង ទើបពោលថា សម្លាញ់ អ្នកមិនជឿ ពាក្យរបស់យើង ។ ពេលនោះ ទារកជាសម្លាញ់ក៏តបមកវិញភ្លាមថា បើអ៊ីចឹង តើវាយ៉ាងម៉េច ? ព្រះ រាជបុត្រក៏បានឆ្លើយបញ្ជាក់ប្រាប់ទៅថា អ្នកមើលសម្បត្តិរបស់យើងមើល៍ យើងដេកនៅលើទីដ៏មានសិរី នៅក្រោមស្វេតច្ឆត្រ ចំណែកអ្នកវិញដេកនៅនឹងគ្រែទាបលើកម្រាលរឹងៗ ។ ទារកជាសម្លាញ់ពោលថា អ្នកឯង កើតមាននូវមានះ ព្រោះអាស្រ័យរបស់ហ្នឹងឬ របស់ហ្នឹង គឺគេយកសំពត់មករុំព័ទ្ធនឹងបន្ទះឫស្សី គ្រាន់តែជាបឋវីធាតុប៉ុណ្ណោះ មិនមែនទេឬ ។
ព្រះរាជធីតាសុមនា បានស្តាប់ពាក្យរបស់អ្នកទាំងពីរនោះហើយ ទើបគិតថា នៅជិតៗ ប្អូនប្រុសទាំងពីរ របស់យើងមិនមានអ្នកណាឡើយ ក៏បានដើរចូលទៅអែបនឹងមាត់ទ្វារ បានឮពាក្យថា ធាតុ ដូច្នេះ ក៏ គិតថាពាក្យថា ធាតុនេះ មិនមាននៅខាងក្រៅអំពីព្រះពុទ្ធសាសនាឡើយ ប្អូនប្រុសរបស់យើងប្រាកដ ជាសមណទេវបុត្រ ។ ព្រះរាជធីតាបានគិតតទៅទៀតថា បើយើងនឹងក្រាបទូលដល់ព្រះមាតាបិតាថា ទារកទាំងពីរនិយាយគ្នាយ៉ាងនេះ ព្រះបិតាជាដើមមុខតែនឹងឲ្យគេនាំយកទៅចោល ឬយ៉ាងម៉េចៗ មិន ខាន ដោយយល់ថា អ្នកទាំងពីរគឺជាអមនុស្ស ដូច្នេះ យើងមិនប្រាប់ហេតុការណ៍នេះដល់អ្នកណាឡើយ យើងនឹងទូលសួរចំពោះព្រះទសពល ដែលទ្រង់ជាព្រះបិតាវិវដ្តៈរបស់យើង ព្រះអង្គនឹងត្រាស់ប្រាប់ សេចក្តីនេះ ឲ្យយើងបានដឹងច្បាស់ ។
សោយព្រះក្រយាពេលព្រឹកស្រេចហើយ ព្រះរាជធីតាក៏ចូលទៅគាល់ព្រះរាជា ជាព្រះបិតា ហើយទូល សូមការអនុញ្ញាត ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យចាត់រថ ៥០០ គ្រឿង ។ សូមបញ្ជាក់ថា នៅក្នុងជម្ពូទ្វីបនេះ មានតែកុមារីបីនាក់ប៉ុណ្ណោះ ដែលបានរថ ៥០០ គ្រឿង អំពីសម្នាក់ បិតារបស់ខ្លួន គឺព្រះនាងចុន្ទី ជាព្រះរាជធីតារបស់ព្រះបាទពិម្ពិសារ ១ នាងវិសាខា ជាធីតារបស់ ធនញ្ជ័យសេដ្ឋី ១ និង ព្រះនាងសុមនារាជធីតានេះឯង ១ ។ ព្រះនាងសុមនាកាន់យកគ្រឿងក្រអូប និង ផ្កាឈើហើយ បានឈរនៅក្នុងរថរបស់ខ្លួន ដែលមានរថ ៥០០ ទៀតជាបរិវារ ធ្វើដំណើរចូលគាល់ព្រះ បរមសាស្តា ដោយគិតថា យើងនឹងទូលសួរព្រះអង្គនូវបញ្ហានេះ ។
( បញ្ហាទូលសួរនោះ សូមចុចទីនេះ )
នាងសុមនារាជកុមារី ទូលសួរបញ្ហានឹងព្រះមានព្រះភាគ
( បិដកលេខ ៤៤ ទំព័រ ៦៣ ដល់ ៦៧ )
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និងរាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។ លុះនាងសុមនា រាជកុមារី ប្រថាប់នៅក្នុងទីសមគួរ ។ បានទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីររូបរបស់ព្រះដ៏មានព្រះភាគ ក្នុងសាសនានេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន បញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនទាយក សាវ័កទាំងនោះ ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីរ ដែលកើតជាទេវតា នោះ តើមានសេចក្តិវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាង សុមនា មានដែរ ម្នាលនាងសុមនា សាវ័កណា ជាទាយក សាវ័កនោះ ដល់កើតជាទេវតា រមែងគ្របសង្កត់ ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺ អាយុទិព្វ ១ សម្បុរទិព្វ ១ សុខទិព្វ ១ យសទិព្វ ១ អាធិបតេយ្យទិព្វ ១ ។ ម្នាលនាងសុមនា សាវ័កណា ជាទាយក សាវ័កនោះ ដល់ទៅ កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយកដោយហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោកនេះ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សហើយ តើមានសេចក្តីវិសេស មាន ហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ ដល់កើតជាមនុស្ស រមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជា ទាយក ដោយហេតុ ៥ យ៉ាង គឺអាយុជារបស់មនុស្ស ១ សម្បុរជារបស់មនុស្ស ១ សុខជារបស់មនុស្ស ១ យសជារបស់មនុស្ស ១ អាធិបតេយ្យជារបស់មនុស្ស ១ ។ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជាទាយក ដោយ ហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើអ្នកទាំងពីរនោះ ចេញចាកផ្ទះបួស បពិត្រព្រះអង្គដ៏ ចម្រើន បព្វជិតទាំងនោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ លុះដល់បាន បួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺបើគេអង្វរ រមែងប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ប្រើប្រាស់ចីវរតិច ១ បើគេអង្វរ រមែងបរិភោគបិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគបិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរ ក៏ ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែងប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិន អង្វរ ក៏ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ ប្រសិនបើនៅជាមួយពួកសព្រហ្មចារីណា ពួក សព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនជាទីគាប់ចិត្តតិច រាប់ អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិន គាប់ចិត្តតិច ខ្វល់ខ្វាយបម្រើ ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១ ។ ម្នាលនាងសុមនា បុគ្គលណា ជា ទាយក បុគ្គលនោះដល់បានបួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើបព្វជិតទាំងពីររូបនោះ បានសម្រេចព្រះ អរហត្ត បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបព្វជិតទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនោះ តើ មានសេចក្តីវិសេសស មានហេតុផ្សេងគ្នាដែរឬទេ ។ ម្នាលនាងសុមនា ត្រង់រឿងនោះ តថាគត មិន សម្តែងហេតុផ្សេងគ្នាត្រង់ចិត្តដែលរួចស្រឡះ ដោយវិមុត្តនេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យ ណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរធ្វើបុណ្យទាំងឡាយមែន ព្រោះថា បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកដែលកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នក បួសផង ។ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនា បុគ្គលគួរឲ្យទានទាំងឡាយ គួរធ្វើបុណ្យទាំងឡាយ ព្រោះបុណ្យទាំងឡាយ ជា ឧបការៈដល់អ្នកកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកកើតជាមនុស្សផង បុណ្យទាំង ឡាយ ជាឧបការៈដល់អ្នកបួសផង ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគតបាន ត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យជាគាថានេះតទៅទៀតថា
យថាបិ ចន្ទោ វិមលោ គច្ឆំ អាកាសធាតុយោ
សព្វេ តារគណេ លោកេ អាភាយ អតិរោចតិ
តថេវ សីលសម្បន្នោ សទ្ធោ បុរិសបុគ្គលោ
សព្វេ មច្ឆរិនោ លោកេ ចាគេន អតិរោចតិ ។
ព្រះចន្ទមិនមានមន្ទិល កាលចរទៅតាមអាកាស រមែងរុងរឿងលើស ជាងពួកផ្កាយទាំងឡាយ ព្ធដ៏អាកាសដោយពន្លឺ ( របស់ខ្លួន ) យ៉ាង ណាមិញ បុរសបុគ្គលមានសទ្ធាបរិបូណ៌ដោយសីល រមែងរុងរឿង ជាងពួកបុគ្គលកំណាញ់ទាំងអស់ក្នុងលោកដោយចាគៈក៏យ៉ាងនោះ ដែរ ។
យថាបិ មេឃោ ថនយំ វិជ្ជុមាលី សតក្កកុ
ថលំ និន្នញ្ច បូរេតិ អភិវិស្សំ វសុន្ធរំ
ឯវំ ទស្សនសម្បនោ សម្មាសម្ពុទ្ធស្សាវកោ
មច្ឆរឹ អធិគណ្ដាតិ បញ្ចដ្ឋានេហិ បណ្ឌិតោ
អាយុនា យសសា ចេវ វណ្ណេន ច សុខេន ច
ស វេ ភោគបរិព្យុឡ្ហោ បេច្ច សគ្គេ បមោទតីតិ ។
កាលមេឃ ប្រកបដោយផ្លេកបន្ទោរដ៏ឆ្វៀលឆ្វាត់ បរិបូណ៌ដោយភ្នំទឹក ភ្លៀងក៏បង្អុរចុះមកបំពេញផែនដីដែលខ្ពស់ទាបឲ្យពោរពេញ យ៉ាង ណាមិញ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធដែលបរិបូណ៌ដោយទស្សនៈ ជាបណ្ឌិត រមែងគ្របសង្កត់បុគ្គល អ្នកមានសេចក្តីកំណាញ់ ដោយ ហេតុ ៥ យ៉ាង គឺ អាយុ យស សម្បុរ សុខនិងអធិបតី បណ្ឌិតនោះឯង បរិបូណ៌ដោយភោគៈ ដល់ទៅលោកខាងមុខ រមែងរីករាយ ក្នុងឋាន សួគ៌ ក៏យ៉ាងនោះដែរ ។
រឿងនាងសុមនារាជកុមារី
នាងសុមនា រាជកុមារី គឺជាព្រះរាជធីតានៃព្រះបាទបសេនទិកោសល មានព្រះនាមថា សុមនា ។ ដែលបានព្រះនាមដូច្នោះ ព្រោះព្រះរាជធីតាទ្រង់បានធ្វើនូវមហាសក្ការៈហើយ ទ្រង់តាំងសេចក្តី ប្រាថ្នាទុកមក ។
សេចក្តីពិស្តារ មានតាំងអំពីសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សី គឺពួកអ្នកនគរគិតគ្នាថា ពួកយើងបញ្ចប់ សង្គ្រាមហើយ ពួកយើងគប្បីថ្វាយទានដល់សង្ឃ មានព្រះពុទ្ធជាព្រះសាស្តារបស់យើងជាប្រមុខ ។ ដោយអ្នកនគរអាស្រ័យសេនាបតីហើយធ្វើបុណ្យតាមលំដាប់ ដូច្នេះ ក្នុងថ្ងៃមុនដំបូង ជាវារៈរបស់ សេនាបតី ។ ក្នុងថ្ងៃនោះ សេនាបតីត្រៀមមហាទាន ដាក់មនុស្សយាមការពារជុំវិញ ដោយបញ្ជាថា ថ្ងៃនេះ ពួកអ្នកចូរយាមដោយប្រុងប្រយ័ត្ន គឺកុំឲ្យអ្នកណាៗ មកថ្វាយភិក្ខាឡើយ ។
ក្នុងថ្ងៃនោះ មានភរិយាលោកសេដ្ឋីម្នាក់អង្គុយយំផង និយាយទៅរកធីតារបស់ខ្លួនផងថា កូនស្រី ម្តាយអើយ ប្រសិនបើបិតារបស់កូននៅរស់រានមានជីវិតនោះ គឺក្នុងថ្ងៃនេះ ម្តាយនឹងនិមន្តព្រះទសពល ឆាន់ជាគ្រាដំបូង ។ កូនស្រីនិយាយនឹងមាតាថាបពិត្រអ្នកម៉ែ សូមអ្នកម៉ែកុំភ័យព្រួយអ្វីឡើយ កូននឹងធ្វើ ដោយឧបាយវិធី ដែលអាចឲ្យព្រះសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រមុខ ឆាន់នូវភិក្ខារបស់យើងជាគ្រា ដំបូង ។ ភ្លាមៗ នោះ ធីតានៃលោកសេដ្ឋី បានចាត់ចែងចង្ហាន់ដែលមិនមានទឹក គឺនិរុទកបាយាស ដាក់ចុះនៅក្នុងថាសមាស ដែលថាសមាសនោះ មានតម្លៃ ១ សែន រហូតពេញថាស ហើយទើបដាក់ ទឹកដោះគោ ទឹកឃ្មុំ និង ស្ករក្រួសជាដើមលាយចូល ទើបយកថាសមួយទៀតគ្រប រួចហើយយក ភួងផ្កាមិ្លះមករៀបចំដាក់គ្របពីលើភាជនៈនោះ ឲ្យដូចជាភាជនៈផ្កាម្លិះ ដូច្នោះឯង ។
លុះដល់ភត្តកាល ព្រះដ៏មានព្រះភាគស្តេចយាងព្រមដោយព្រះភិក្ខុសង្ឃ ចូលទៅកាន់ភូមិ សំដៅទៅផ្ទះ សេនាបតី ។ សេដ្ឋីធីតា នាងនាំយកភាជនៈមាសដាក់ភិក្ខាគ្របដោយផ្កាម្លិះ មានពួកនាងទាសីហែហម ចេញអំពីផ្ទះ ស្កាត់ផ្លូវព្រះដ៏មានព្រះភាគ ។ នៅក្នុងរវាងផ្លូវ ពួកអ្នកយាមរបស់សេនាបតីពោលថា នែនាង! កុំទៅផ្លូវនេះ ។ ធម្មតាអ្នកមានបុណ្យច្រើន រមែនមានពាក្យសម្តីត្រូវចិត្តអ្នកស្តាប់ នាងពោលទៅ រកអ្នកយាមទាំងឡាយ ដែលចេះតែហាមហើយហាមទៀតថា លោកបង លោកពូ លោកអ៊ំ ព្រោះហេតុអ្វី បានជាមិនឲ្យពួកនាងខ្ញុំចូលទៅ ពួកអ្នកយាមពោលថា អើនាង! លោកសេនាបតី ចាត់ពួកយើងឲ្យយាម រក្សាការណ៍ ដោយបង្គាប់ថា កុំឲ្យអ្នកណាៗ នាំយកអាហារភោជនចូលមកជាដាច់ខាត ។ នាងពោលថា ក៏ពួកលោកឃើញអាហារភោជនក្នុងដៃរបស់ខ្ញុំឬ? ពួកអ្នកយាមពោលថា ឃើញតែភួងផ្កា ។ នាងសួរថា លោកសេនាបតី មិនឲ្យធ្វើសូម្បីតែការបូជា ដោយភួងផ្កាឬ? ពួកអ្នកយាមពោលថា លោកសេនាបតីអត់ ហាមទេ ។ នាងពោលថា បើយ៉ាងនេះ សូមពួកលោកបើកផ្លូវទៅ ។
បានឱកាសហើយ នាងក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គទ្រង់ទទួលនូវភួងផ្កាមិ្លះនេះ ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតព្រះនេត្រទៅរកអ្នក បម្រើសេនាបតីម្នាក់ ហើយត្រាស់ឲ្យទទួលភួងផ្កាម្លិះទុកតាមព្រះអង្គទៅ ។ នាងថ្វាយបង្គំព្រះបរម សាស្តាហើយ នាងតាំងសេចក្តីប្រាថ្នាថា កាលដែលខ្ញុំម្ចាស់កើតក្នុងភពតូចភពធំតទៅ សូមកុំឲ្យខ្ញុំម្ចាស់ មានជីវិតរស់នៅដោយសេចក្តីតក់ស្លុតឡើយ សូមឲ្យបានជាទីស្រឡាញ់ដូចភួងផ្កាមិ្លះនេះ និង សូមឲ្យ មានឈ្មោះថា សុមនា រហូត ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នាងចូរមានសេចក្តីសុខចុះ ។ សេដ្ឋីធីតា ថ្វាយបង្គំហើយធ្វើប្រទក្សិណព្រះដ៏មានព្រះភាគ ក្រាបទូលលាត្រឡប់ទៅផ្ទះវិញ ។
ព្រះដ៏មានព្រះភាគ ស្តេចយាងដល់ផ្ទះសេនាបតី ទ្រង់គង់ប្រថាប់លើអាសនៈដែលគេក្រាលថ្វាយ សេនាបតីកាន់យកបបរយាគូបង្អោនចូលទៅថ្វាយ ព្រះបរមសាស្តាទ្រង់យកព្រះហស្តបិទបាត្រ ។ សេនាបតីក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងឡាយ គង់រៀបរយហើយ ព្រះអង្គ ។ ព្រះដ៏មានព្រះភាគត្រាស់ថា តថាគតបានបិណ្ឌបាតក្នុងរវាងផ្លូវហើយ ។ សេនាបតីលើកភួងផ្កាមិ្លះចេញ បានឃើញបិណ្ឌបាត មធុបាយាសគ្រប់ល្មមដល់ភិក្ខុទាំងឡាយ ដួសថ្វាយតាំងពីព្រះដ៏មានព្រះភាគទៅ រីឯសេនាបតីបានថ្វាយនូវទេយ្យធម៌របស់ខ្លួន ។ ព្រះបរមសាស្តាសោយស្រេចហើយ ទ្រង់ត្រាស់សម្តែង នូវមង្គលកថា រួចសេ្តចយាងត្រឡប់ ។
សេនាបតីសួរថា ស្រីដែលថ្វាយបិណ្ឌបាតជាអ្នកណា? កូនស្រីលោកសេដ្ឋីទានប្រោស ។ សេនាបតី គិតថា ស្ត្រីដែលមានបញ្ញា កាលដែលមកនៅក្នុងផ្ទះរបស់យើង គឺថា សគ្គសម្បត្តិរបស់បុរសមិនមែន រកបានដោយក្រទេ គិតហើយ ទើបចាត់ចែងនាំនាងបានមកតាំងទុកក្នុងតំណែងជាប្រមុខ ។
សេដ្ឋីធីតា បានមកនៅផ្ទះសេនាបតីហើយ ក៏ចាប់ផ្តើមចំណាយទ្រព្យក្នុងផ្ទះរបស់មាតា និង ក្នុងផ្ទះរបស់ សេនាបតី ថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធ បំពេញបុណ្យ រហូតអស់អាយុ ។ កាលដែលនាងចុតិអំពី មនុស្ស បានទៅបដិសន្ធិក្នុងទេវលោកកាមាវចរសួគ៌ ។ ក្នុងខណៈដែលនាងកើតនោះឯង មានភ្លៀងផ្កា ម្លិះទូទៅពេញទេវលោក ត្រឹមក្បាលជង្គង់ ។ ពួកទេវតាទាំងឡាយគិតគ្នាថា ទេពធីតានេះ កាន់យក ឈ្មោះរបស់ខ្លួនដោយខ្លួនឯងមក ទើបតាំងនាមទេពធីតាថា សុមនា ។ សុមនាទេពធីតា ចុតិបដិសន្ធិ ក្នុងទេវលោក និង មនុស្សលោក រហូត ៨៩ កប្ប ក្នុងទីដែលនាងកើតហើយនោះៗ ភ្លៀងផ្កាម្លិះ ក៏ធ្លាក់មកជានិច្ច ទើបមានឈ្មោះថា សុមនា ដូចដើម ។ កាលដែលនាងមកបដិសន្ធិ ក្នុងព្រះគភ៌របស់ ព្រះអគ្គមហេសីនៃព្រះបាទកោសល ក្នុងថ្ងៃនោះឯង កុមារិកា ៥០០ នាក់ ក៏បដិសន្ធិក្នុងត្រកូលនោះៗ ហើយប្រសូតចាកគភ៌ក្នុងថ្ងៃតែមួយជាមួយគ្នាទាំងអស់ ។ ក្នុងខណៈព្រះរាជធីតាប្រសូតនោះឯង ភ្លៀងផ្កាម្លិះធ្លាក់ចុះប្រមាណត្រឹមជង្គង់ ។
ព្រះរាជា ទតព្រះនេត្រឃើញព្រះធីតា ទ្រង់សប្បាយព្រះហឫទ័យក្រៃលែង ដោយព្រះរាជាទ្រង់ជ្រាបថា ព្រះរាជធីតានេះ ជាអ្នកមានបុណ្យបានសាងទុកមកហើយ ធីតារបស់យើងកាន់យកឈ្មោះរបស់ខ្លួនមក ដោយខ្លួនឯង ទើបទ្រង់ព្រះរាជទានព្រះនាមថា សុមនា ដល់ព្រះរាជធីតារបស់ព្រះអង្គ ។ ព្រះរាជាទ្រង់ ព្រះតម្រិះថា ធីតារបស់យើងប្រាកដជាមិនកើតមកតែម្នាក់ឯងនោះឡើយ ទ្រង់ឲ្យស្វែងរកឃើញមាន ទារិកា ៥០០ នាក់ កើតក្នុងព្រះនគរ ទើបទ្រង់ត្រាស់ឲ្យចិញ្ចឹមទុកទាំងអស់ ហើយត្រូវនាំមកបង្ហាញដល់ ធីតារបស់យើងមួយខែម្តងៗ ។
នៅពេលដែលព្រះរាជធីតា មាននូវព្រះជន្មវស្សាបាន ៧ ខួប លោកសេដ្ឋីអនាថបិណ្ឌិក បានសាងព្រះ ជេតពនមហាវិហារហើយស្រេច ។ កាលដែលបានបញ្ជូនទូតទៅក្រាបទូលដល់ព្រះបរមសាស្តាហើយ ព្រះលោកនាថជាព្រះសុគតសាស្តា មានព្រះភិក្ខុសង្ឃជាបរិវារ ស្តេចយាងចូលកាន់ក្រុងសាវត្ថី ។
អនាថបិណ្ឌិកសេដ្ឋីបានចូលទៅក្រាបទូលដល់ព្រះរាជាថា បពិត្រព្រះមហារាជដ៏ចម្រើន ព្រះពុទ្ធដំណើរ ស្តេចយាងមកកាន់ទីនេះ ជាមង្គលទាំងដល់ខ្ញុំព្រះអង្គ ទាំងដល់ព្រះអង្គជាព្រះរាជា សូមព្រះអង្គទ្រង់ ប្រោសឲ្យព្រះនាងសុមនារាជកុមារី ព្រមដោយកុមារីដទៃជាបរិវារ ៥០០ នាក់ កាន់ក្អមទឹកនិងផ្កាកម្រង គ្រឿងក្រអូបជាដើម ទទួលដំណើរព្រះទសពល ព្រះអង្គ ។ ព្រះរាជាទ្រង់ត្រាស់ថា ល្អហើយ លោកសេដ្ឋី ហើយព្រះអង្គក៏ទ្រង់ចាត់ចែងដូច្នោះ ។ ព្រះរាជធីតា ក៏បានចូលគាល់ព្រះបរមសាសាសម្មាសម្ពុទ្ធ តាម ពាក្យដែលព្រះបិតាទ្រង់ណែនាំ បានបូជាដោយផ្កាកម្រងនិងគ្រឿងក្រអូបជាដើម ហើយប្រថាប់នៅក្នុង ទីដ៏សមគួរមួយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ញ៉ាំងព្រះធីតានិងកុមារីទាំង ៥០០ នាក់ ឲ្យតាំងនៅក្នុងសោតាបត្តិផល ។ ក្នុងរវាងផ្លូវថ្ងៃនោះ មានគ្រហស្ថបានសម្រេចសោតាបត្តិ-ផល ២ ពាន់នាក់ ៕
