បណ្ណសារប្លក
បុគ្គលអ្នកមិនប្រមាទ ដូចព្រះចន្ទរះផុតចាកពពក
ធម្មទានឈ្នះអស់ទានទាំងពួង
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសក្កទេវរាជ
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតិំ ធម្មរតិ ជិនាតិ តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
អធិប្បាយ
ពាក្យថា សព្វទានំ សេចក្តីថា ក៏បើបុគ្គលគប្បីថ្វាយត្រៃចីវរស្មើដោយបណ្តូលចេក ចំពោះព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពទាំងឡាយ ដែលអង្គុយជាប់ៗ គ្នាក្នុងបន្ទប់ចក្រវាល រហូតដល់ព្រហ្មលោក, ការអនុមោទនា ដែលព្រះពុទ្ធអង្គជាដើម ទ្រង់ធ្វើហើយដោយព្រះគាថា ៤ បាទ ក្នុងសមាគមនោះប្រសើរជាង ទាននោះ មិនមានតម្លៃដល់នូវចំណិតទី ១៦ នៃព្រះគាថានោះ ការសម្តែងក្តី ការទូន្មានក្តី ការស្តាប់នូវធម៌ក្តី ជាគុណដ៏ធំ ដោយប្រការដូច្នេះ ។ មួយទៀត បុគ្គលបបួលអ្នកដទៃឲ្យស្តាប់ធម៌ អានិសង្សដ៏ច្រើនលើសលុប រមែងមានដល់បុគ្គលនោះ ។ ធម្មទាននុ៎ះឯង ដែលព្រះពុទ្ធជាដើមធ្វើឲ្យប្រព្រឹត្តទៅហើយ ដោយអំណាចការអនុមោទនាដោយព្រះគាថា ៤ បាទ ប្រសើរជាងទានដែលទាយក ដាក់បាត្រឲ្យពេញដោយបិណ្ឌបាត ដ៏ប្រណីត ហើយប្រគេនដល់បរិស័ទបែបនោះ ជាងភេសជ្ជទាន ដែលទាយកដាក់បាត្រឲ្យពេញដោយទឹកដោះថ្លា និងប្រេងជាដើម ហើយប្រគេនដល់បរិស័ទមានសភាពបែបនោះ ជាងសេនាសនទាន ដែលទាយកកសាងវិហារ ដូចមហាវិហារ ប្រាសាទ ដូចលោហប្រាសាទ រាប់សែន ហើយវេរប្រគេន ជាងការបរិច្ចាគដែលអនាថបិណ្ឌិកសេដ្ឋីជាដើម ប្រារព្ធនូវវិហារទាំងឡាយ ហើយធ្វើ ។ ព្រោះហេតុអ្វី? ព្រោះថាជនទាំងឡាយ កាលនឹងធ្វើបុណ្យបែបនោះ ការស្តាប់ធម៌ហើយប៉ុណ្ណោះ ទើបអាចធ្វើកើត កាលមិនបានស្តាប់ទេ ក៏មិនអាចធ្វើទៅកើតដែរ ប្រសិនបើសត្វទាំងនោះ មិនបានស្តាប់ធម៌សោត គេក៏មិនគប្បីប្រគេនបបរមួយបោយ បាយមួយវែកបានឡើយ ព្រោះហេតុនោះ ធម្មទាននុ៎ះឯង ទើបប្រសើរជាងទានគ្រប់ប្រភេទទាំងអស់ ។
ម្យ៉ាងទៀត វៀរព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធចេញ សូម្បីសាវ័កទាំងឡាយ មានព្រះសារីបុត្រជាដើម អ្នកប្រកបដោយបញ្ញា ដែលអាចរាប់តំណក់ទឹកបាន ក្នុងកាលភ្លៀងធ្លាក់រហូតដល់អស់កប្ប ទាំងមូល ក៏មិនអាចនឹងសម្រេចសោតាបត្តិផលជាដើម ដោយធម្មតារបស់ខ្លួនបាន, លុះតែបានស្តាប់ធម៌ដែលព្រះអស្សជិត្ថេរជាដើម សម្តែងហើយ ទើបធ្វើឲ្យសម្រេចនូវសោតាបត្តិផល និងធ្វើឲ្យជាក់ច្បាស់នូវសាវកបារមីញាណ ដោយព្រះធម៌ទេសនារបស់ព្រះសាស្តា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា “សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់អាមិសទានទាំងពួង” ។
រសដ៏ឧត្តមដែលកើតអំពីដើមឈើគ្រប់ប្រភេទ រសនៃសុធាភោជន៍របស់ទេវតាទាំងឡាយ រមែងជាបច្ច័យធ្វើឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខច្រើនប្រការ ។ ចំណែកធម្មរស ពោលគឺ ពោធិបក្ខិយធម៌ ៣៧ ប្រការ ពោលគឺ លោកុត្តរធម៌ ៩ ប្រការនេះឯង ប្រសើរជាងរសទាំងពួង ។ ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា “សព្វរសំ ធម្មរសោ ជិនាតិ ធម្មរសឈ្នះអស់រសទាំងពួង” ។
សេចក្តីត្រេកអរទាំងពួង មានសេចក្តីត្រេកអរក្នុងបុត្រ ធីតា ទ្រព្យ ស្រី និងសេចក្តីត្រេកអរគ្រប់ប្រភេទ មានសេចក្តីត្រេកអរក្នុងការងារ រាំ ច្រៀង ដេញ ប្រគំ ជាដើម រមែងជាបច្ច័យនាំឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខដោយពិត ចំណែកការឆ្អែតចិត្ត ដែលកើតឡើងខាងក្នុង របស់អ្នកស្តាប់ក្តី អ្នកសម្តែងនូវធម៌ក្តី រមែងធ្វើឲ្យកើតសេចក្តីរីករាយនៃចិត្ត ឲ្យទឹកភ្នែកហូរ ឲ្យព្រឺរោម សេចក្តីឆ្អែតចិត្តនោះ រមែងធ្វើទីបំផុតនៃសង្សារវដ្ត មានព្រះអរហត្តជាបរិយោសាន, សេចក្តីត្រេកអរក្នុងធម៌បែបនេះឯង ប្រសើរជាងសេចក្តីត្រេកអរទាំងពួង ។ ព្រោះហេតុនោះ ព្រះបរមសាស្តា ទើបត្រាស់ថា “សព្វរតឹ ធម្មរតិ ជិនាតិ សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង” ។
ចំណែកការអស់ទៅនៃតណ្ហា គឺព្រះអរហត្តដែលកើតឡើងក្នុងទីបំផុត នៃការអស់ទៅនៃតណ្ហា, ព្រះអរហត្តនោះប្រសើរជាងវត្ថុគ្រប់យ៉ាងទាំងអស់ ព្រោះអាចគ្របសង្កត់វដ្តទុក្ខទាំងពួង ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបត្រាស់ថា “តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ការអស់ទៅនៃតណ្ហា ឈ្នះអស់កងទុក្ខទាំងពួង” ។
មច្ចុនាំអ្នកវង្វេង ឲ្យនៅក្នុងអំណាចរបស់ខ្លួន
ព្រះគាថានេះ ព្រះអង្គទ្រង់ប្រារព្ធចំពោះនាងបតិបូជិកា
បុប្ផានិហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
អតិត្តំយេវ កាមេសុ អន្តកោ កុរុតេ វសំ ។
មច្ចុរាជរមែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើសយកផ្កាឈើទាំងឡាយ គឺបញ្ចកាមគុណ ជាអ្នកមិនចេះឆ្អែតក្នុងកាមទាំងឡាយ ឲ្យចូលកាន់អំណាចរបស់ខ្លួន ។
អធិប្បាយ
បុប្ផានិហេវ បចិនន្តំ អ្នករវល់តែជ្រើសរើសនូវផ្កាឈើ គឺកាមគុណទាំងឡាយ ដែលជាប់ដោយអត្តភាព និងជាប់ដោយគ្រឿងឧបភោគ ដូចនាយមាលាការ ជ្រើសរើសនូវផ្កាឈើផ្សេងៗ នៅក្នុងសួនច្បារដូច្នោះ ។
ព្យាសត្តមនសំ នរំ អ្នកមានចិត្តរាយមាយ ដោយអាការផ្សេងៗ ក្នុងអារម្មណ៍ដែលមិនទាន់មកដល់ហើយ ដោយអំណាចនៃសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ដែលមកដល់ហើយ ដោយអំណាចនៃសេចក្តីត្រេកអរ ។
អតិត្តំយេវ កាមេសុ អ្នកមិនចេះឆ្អែតឆ្អន់ក្នុងវត្ថុកាម និងកិលេសកាមទាំងឡាយនុ៎ះឯង ដោយការស្វែងរកខ្លះ ដោយការបានខ្លះ ដោយការប្រើប្រាស់ខ្លះ ដោយការថែរក្សាខ្លះ ។
អន្តកោ កុរុតេ វសំ មច្ចុពោលគឺមរណៈ នាំនរជនដែលកន្ទក់កន្ទេញ ទួញយំ រៀបរាប់មកក្នុងអំណាចរបស់ខ្លួន។
ទុក្ខសោក កើតឡើងព្រោះតម្រេក
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះស្តេចលិច្ឆវី
រតិយា ជាយតេ សោកោ រតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា រតិ ( តម្រេក ) បានដល់ តម្រេកក្នុងកាមគុណ ៥ ។ [ សេចក្តីសោក និងភ័យ កើតឡើងព្រោះតម្រេកក្នុងកាមគុណ ៥ នោះ ] ។
ទុក្ខសោក កើតឡើងព្រោះអាស្រ័យសេចក្តីស្រឡាញ់
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឧបាសិកាវិសាខា
បេមតោ ជាយតេ សោកោ បេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា បេមតោ បានដល់ សេចក្តីស្រឡាញ់ក្នុងបុត្រ និងធីតាជាដើម ។
ទុក្ខសោក កើតឡើងអំពីកាម
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះអន្តិត្ថិគន្ធកុមារ
កាមតោ ជាយតេ សោកោ កាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា កាម បានដល់ វត្ថុកាម និងកិលេសកាម អធិប្បាយថា សេចក្តីសោកក្តី ភ័យក្តី រមែងអាស្រ័យកាមទាំងពីរនោះ កើតឡើង ។
ទុក្ខសោក កើតឡើងព្រោះសត្វនិងសង្ខារ
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះកុដុម្ពិកម្នាក់
បិយតោ ជាយតេ សោកោ បិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា បិយតោ ជាដើម សេចក្តីថា សេចក្តីសោកក្តី ភ័យក្តី ដែលមានវដ្តៈជាមូល កាលនឹងកើតឡើង រមែងអាស្រ័យសត្វ និងសង្ខារដែលជាទីស្រឡាញ់ប៉ុណ្ណោះ, តែសេចក្តីសោក និងភ័យ ទាំងពីរនោះ រមែងមិនមានដល់ការរួចផុតចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់នោះបានហើយ ។
ក្រ ៤ យ៉ាង
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឯរកបត្តនាគរាជ
កិច្ឆោ មនុស្សប្បដិលាភោ កិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បាទោ ។
ការបានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅរបស់សត្វទាំងឡាយ ជាការក្រ ការបានស្តាប់ព្រះសទ្ធម្ម ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។
អធិប្បាយ
ឈ្មោះថា ការបានអត្តភាពជាមនុស្ស ឈ្មោះថា ជាការក្រ គឺរកបានដោយកម្រ ព្រោះភាពជាមនុស្ស បុគ្គលត្រូវបានដោយសេចក្តីព្យាយាមដ៏ច្រើន ដោយកុសលដ៏ច្រើន ។
ជីវិតរបស់សត្វទាំងឡាយ ក៏ឈ្មោះថា ជាការក្រ ព្រោះធ្វើការងារ មានកសិកម្មជាដើមញឹកញាប់ ដើម្បីចិញ្ចឹមជីវិត និងព្រោះជីវិត ជារបស់មានប្រមាណតិច ។
ការស្តាប់ព្រះសទ្ធម្ម ក៏ឈ្មោះថាជាការក្រ ព្រោះកម្រមានបុគ្គលដែលចេះសម្តែងធម៌ដ៏កម្ររក ក្នុងប្រមាណនៃកោដិកប្ប មិនមែនតិច ។
មួយទៀត ការឧប្បតិ្តក ( កើតឡើង ) នៃព្រះពុទ្ធទាំងឡាយ ក៏ជាការកម្រដូចគ្នា ព្រោះអភិនីហារ បារមីសម្រេចដោយសេចក្តីព្យាយាមច្រើន និងព្រោះការកើតឡើងនៃលោកអ្នកមានអភិនីហារ បារមីដែលសម្រេចហើយ ជាការកើតឡើងបានដោយកម្រ ដោយពាន់នៃកោដិកប្ប ។
ភ័យ និងសេចក្តីសោកលែងមាន ព្រោះរួចស្រឡះចាកតណ្ហា
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
តណ្ហាយ ជាយតេ សោកោ តណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា តណ្ហា បានដល់ តណ្ហាដែលប្រព្រឹត្តទៅក្នុងទ្វារ ៦ ( មានចក្ខុទ្វារជាដើម ) អធិប្បាយថា សេចក្តីសោកជាដើម រមែងអាស្រ័យតណ្ហានោះ កើតឡើង ។
ឋិតនៅទីណា ក៏គេចមិនផុតពីផលកម្ម
ព្រះគាថានេះ ព្រះសាស្តាទ្រង់ប្រារព្ធចំពោះជន ៣ នាក់
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតេ សោ ជគតិប្បទេសោ
យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅព្ធដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលស្ថិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ ( សូម្បីឱកាសប៉ុនចុងនៃរោមទ្រាយ ) ។
បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ
កតបុញ្ញោ ឧភយត្ថ មោទតិ បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយក្នុងលោកទាំងពីរ ។
បទថា កតបុញ្ញោ ជាដើម ដោយសេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយការរីករាយ ព្រោះអំពើក្នុងលោកនេះថា អំពើអាក្រក់ យើងមិនបានធ្វើឡើយ ចំណែកអំពើល្អ យើងបានធ្វើហើយ ។ រមែងរីករាយក្នុងលោកខាងមុខ ព្រោះដែលឈ្មោះថា បុណ្យ ដោយអត្ថថា មានវិបាកជាសុខ ។
ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់បា្ររព្ធធម្មិកឧបាសក ។ ធម្មិកឧបាសក ជាអ្នកប្រព្រឹត្តធម៌ ទាំងបុត្រទាំងភរិយា ជាអ្នកមានសីល មានកល្យាណធម៌ ត្រេកអរក្នុងការចែកទាន រស់នៅក្នុងក្រុងសាវត្ថី ។ នៅពេលមានជំងឺ គាត់មានបំណងស្តាប់ធម៌ ទើបឲ្យកូនទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ និមន្តភិក្ខុសង្ឃសូត្រសតិប្បដ្ឋានសូត្រ ។ នៅពេលកំពុងស្តាប់ធម៌នោះ ទេវតានាំរាជរថពីទេវលោកទាំង ៦ ឋាន មកអញ្ជើញគាត់ទៅទេវលោក ។ ធម្មិកឧបាសក ចុតិហើយបដិសន្ធិក្នុងរាជរថស្ថានតុសិត មានទេពអប្សរមួយពាន់ហែហមទៅកាន់ស្ថានសួគ៌ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ព្រះគាថា៖
ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។
អ្នកឈ្នះតែងជួបប្រទះនូវពៀរ
ជយំ វេរំ បសវតិ អ្នកឈ្នះតែងជួបប្រទះនូវពៀរ ។
ព្រះមានព្រះភាគទ្រង់គង់នៅព្រះជេតពនមហាវិហារ ព្រះអង្គទ្រង់ប្រារព្ធបរាជ័យនៃព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសង្គ្រាមចាញ់ព្រះបាទអជាតសត្តុ ដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គ ទ្រង់ កើតទុក្ខ បង្អត់អាហារព្រះអង្គឯង ដោយព្រះតម្រិះថា ប្រយោជន៍អ្វីដោយការរស់នៅរបស់យើង ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនោះដល់ព្រះបរមសាស្តា ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ៖
ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។
អ្នកឈ្នះតែងជួបប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ ចំណែកបុគ្គលដែលស្ងប់រំងាប់ លះបង់នូវការឈ្នះចាញ់ ចេញហើយ រមែងនៅជាសុខ ។
បទថា ជយំ សេចក្តីថា អ្នកឈ្នះនូវបុគ្គលដទៃ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សរសើរបុគ្គលដែលឈ្នះខ្លួនឯងថា ជា ការឈ្នះដ៏ឧត្តមក្នុងសមរភូមិវដ្តសង្សារ ។
ការខឹងក្រោធ កើតមកអំពី ៖
១. ចាប់កំហុសអ្នកដទៃ
២. មិនតក់ស្លុតចំពោះអកុសលខ្លួនឯង ។
ដោយបរមត្ថ អ្នកដទៃគឺគ្រាន់តែមនោទ្វារវីថិចិត្តខ្លួនឯងសាងឡើងប៉ុណ្ណោះ អ្វីៗ នោះ ត្រឹមតែជាវីថិចិត្ត និង អារម្មណ៍របស់វីថិចិត្តប៉ុណ្ណោះឯង ជាពិសេសវិបាករបស់កម្មតាមបញ្ចទ្វារ ដែលមិនមានបុគ្គលដទៃធ្វើកម្មហើយ យើងជាអ្កកទទួលវិបាកនោះឡើយ ។ លោកទាំង ៦ សូន្យចាកសត្វបុគ្គលតួខ្លួន មានអ្នកណាមកធ្វើឲ្យយើងចាប់ កំហុស ហើយខឹងក្រោធទៅរកនោះ តែបើពោលពីសត្រូវពិតប្រាកដ គឺកិលេសក្នុងចិត្តខ្លួនឯង បើកិលេសមិនមាន ហើយ បញ្ហាកង្វល់ក្នុងវដ្តសង្សារ ក៏ត្រូវចប់ដែរ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់
អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ ។
សេចក្តីមិនប្រមាទ ជាឈ្មោះរបស់សតិដែលតាំងមាំជានិច្ច ដោយអត្ថ គឺការមិននៅប្រាសចាកសតិ ។ សេចក្តីមិន ប្រមាទ ជាឫសគល់នៃកុសលធម៌ទាំងអស់ ជាទីប្រជុំចុះនៃកុសលធម៌ទាំងពួង ប្រៀបដូចជាស្នាមជើងដំរី ជាស្នាម ជើងដ៏ធំ ជាទីប្រជុំចុះនៃស្នាមជើងសត្វទាំងពួង ។ សេចក្តីមិនប្រមាទ ក៏ជាទីប្រជុំចុះនៃព្រះពុទ្ធវចនៈ ក្នុង ៤៥ ព្រះវស្សាផងដែរ ។
អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវទៅដល់ព្រះនិព្វាន ជាទីបំផុតទុក្ខ ។
ការកើតឡើងនៃព្រះពុទ្ធ នាំមកនូវសេចក្តីសុខ
សុខោ ពុទ្ធានមុប្បាទោ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ។
សម្តេចព្រះទ្រង់ញាណព្រះអង្គគង់ប្រថាប់នៅក្នុងវត្តព្រះជេតពនទ្រង់ប្រារព្ធការសន្ទនាគ្នារបស់ពួកភិក្ខុច្រើនអង្គ។ ប្រធានបទនៃការសន្ទនា គឺ អ្វីជាសុខក្នុងលោកនេះ អង្គខ្លះឆ្លើយថា មិនមានអ្វីសុខដូចសុខក្នុងរាជសម្បត្តិទេ អង្គ ខ្លះទៀតថាកាមសុខ ឯភិក្ខុដទៃទៀតថា មិនមានអ្វីជាសុខជាងការបរិភោគបាយស្រូវសាលី ជាមួយនឹងសាច់ ឡើយ ។ ព្រះបរមសាស្តា ព្រះអង្កទ្រង់យាងមកហើយត្រាស់ថា អ្នកទាំំងឡាយពោលអ្វីហ្នឹង សុខទាំងនេះ សុទ្ធតែ ជាប់ទាក់ទងដោយទុក្ខក្នុងវដ្តៈទាំងអស់ រួចហើយទើបព្រះអង្គទ្រង់ត្រាស់ព្រះគាថា ៖
សុខោ ពុទ្ធានមុប្បាទោ សុខា សទ្ធម្មទេសនា
សុខា សង្ឃស្ស សាមគ្គី សមគ្គានំ តបោ សុខោ ។
ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសម្តែងនូវព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្តី ព្រមព្រៀងគ្នានៃសង្ឃ ឬ ពួកក្រុម នាំមកនូវសេចក្តីសុខ សេចក្តីព្យាយាមដុតកិលេសនៃអ្នកព្រមព្រៀងគ្នាទាំង នោះ នាំមកនូវសេចក្តីសុខ ។
នៅពេលចប់ព្រះធម៌ទេសនា ភិក្ខុជាច្រើនអង្គ សម្រេចព្រះអរហត្តផល ។
វៀរលែងតែព្រះបច្ចេកពុទ្ធចេញ សត្វលោកទាំងអស់ សុទ្ធតែសម្រេចមគ្គផលដល់ព្រះនិព្វាន ដោយអាស្រ័យការ ត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធទាំងអស់ ។ ព្រះធម៌ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង អស្ចារ្យណាស់ ធ្វើឲ្យអ្នក ស្តាប់ដោយល្អ បាននូវបញ្ញា ដូច្នេះ ពុទ្ធបរិស័ទគួរតែព្រមព្រៀងគ្នារក្សាព្រះពុទ្ធសាសនា ហើយប្រព្រឹត្តធម៌ដោយ ខ្លួនឯង កុំរវល់តែចាប់កំហុសអ្នកដទៃ ត្រូវពិចារណាវិបាកកម្មរបស់ខ្លួន និង តក់ស្លុតចំពោះអកុសលក្នុងចិត្តខ្លួន ឯង ។
ព្រះគាថាធម្មបទ ប្រារព្ធចំពោះសង្កិច្ចសាមណេរ
យោ ច វស្សសតំ ជីវេ ទុស្សីលោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្ត មិនបានតម្កល់ខ្ជាប់ ការរស់ នៅតែមួយថ្ងៃរបស់អ្នក ដែលមានសីល មានការពិនិត្យ ពិចារណាជាប្រក្រតី ប្រសើរជាង ។
