បណ្ណសារប្លក

សាគរ​ ៤

សាគរ មាន ៤ គឺ

១. សំសារសាគរ ( សាគរ គឺ សំសារ )

២. ជលសាគរ ( សាគរ គឺ ទឹកមហាសមុទ្រ )

៣. នយសាគរ ( សាគរ គឺ ន័យ )

៤. ញាណសាគរ ( សាគរ គឺ ញាណ )

បណ្តាសាគរទាំង ៤ នោះ ឈ្មោះថា សំសារសាគរ គឺ សំសារវដ្ត ដែលលោកពោលទុកយ៉ាងនេះថា

             ខន្ធានញ្ច  បាដិបដិ                ធាតុអាយតនានញ្ច

             អព្ភោច្ឆិន្នំ  វត្តមានា                សំសារោតិ  បវុច្ចតិ

“លំដាប់នៃខន្ធ ធាតុ និងអាយតនៈ ដែលកំពុងប្រព្រឹត្តទៅ មិនដាច់ខ្សែ លោកហៅថា សំសារ” ។

នេះឈ្មោះថា សំសារសាគរ ។ សំសារសាគរនេះ ព្រោះហេតុថាខាងដើម នៃការកើតឡើងរបស់សត្វទាំងនេះ រមែងមិនប្រាកដ គឺមិនមានកំណត់ថា សត្វទាំងឡាយកើតឡើងមកហើយ ក្នុងទីបំផុតត្រឹមតែមួយរយឆ្នាំប៉ុណ្ណោះ ត្រឹមតែមួយពាន់ឆ្នាំប៉ុណ្ណោះ ត្រឹមតែមួយសែនឆ្នាំប៉ុណ្ណោះ ត្រឹមតែមួយរយកប្បប៉ុណ្ណោះ ត្រឹមតែមួយពាន់កប្ប​ប៉ុណ្ណោះ ត្រឹមតែមួយសែនកប្បប៉ុណ្ណោះ ក្នុងកាលមុន អំពីជាតិនេះ មិនបានឡើយ ដូច្នេះ ឬថា សត្វទាំងឡាយ​កើតឡើងហើយ ក្នុងកាលនៃព្រះរាជាព្រះនាមឯណោះ ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមឯណោះ ក្នុងកាលមុន​អំពីនោះ មិនមានឡើយ ដូច្នេះ ប៉ុន្តែ មានដោយន័យយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ខាងដើមនៃអវិជ្ជាមិន​ប្រាកដក្នុងកាលមុនអំពីនេះ អវិជ្ជាមិនមាន តែខាងក្រោយ ទើបមាន ( អំ. ទសក. ) ដូច្នេះ ។ ការកំណត់មានក្នុងខាងដើម និងខាងចុង ដែលបុគ្គលដឹង មិនបាននេះ ឈ្មោះថា សំសារសាគរ

មហាសមុទ្រ គប្បីជ្រាបថា ឈ្មោះថា ជលសាគរ មហាសមុទ្រនោះ ជម្រៅ ៨៤,០០០ យោជន៍ ដែលឈ្មោះថា ការប្រមាណ [ គណនា, រាប់, វាល់ ] ទឹកក្នុងមហាសមុទ្រនោះ ថាមានប៉ុណេ្ណះ គឺ មានទឹកមួយរយអាឡ្ហកៈ មួយ ពាន់អាឡ្ហកៈ ឬមួយសែនអាឡ្ហកៈមិនបានឡើយ តាមពិត អន្លង់នៃមហាសមុទ្រនោះ រមែងប្រាកដថា នរណាៗ គប្បីរាប់មិនបាន គប្បីប្រមាណមិនបាន រមែងដល់ការរាប់ថាជាអន្លង់ទឹកធំដោយពិត នេះឈ្មោះថា ជលសាគរ

នយសាគរ តើដូចម្តេច ។ នយសាគរ បានដល់ ព្រះពុទ្ធវចនៈ គឺ ព្រះត្រៃបិដក បីតិសោមនស្សដែលមិនមានទី​បំផុត រមែងកើតដល់បុគ្គលទាំងឡាយ អ្នកដល់ព្រមដោយសទ្ធា មានសេចក្តីជ្រះថ្លាច្រើន មានញាណដ៏ក្រៃលែង​ដល់អ្នកពិចារណាតន្តិសូម្បីទាំងពីរ ។ តន្តិទាំងពីរ តើដូចម្តេច ។ តន្តិទាំងពីរ គឺ ព្រះវិន័យ និងព្រះអភិធម្ម បីតិ និងសោមនស្ស ដ៏មិនមានទីបំផុត រមែងកើតដល់ភិក្ខុវិនយធរទាំងឡាយ អ្នកពិចារណាតន្តិ នៃវិន័យថា ឈ្មោះថា ការបញ្ញត្តសិក្ខាបទដ៏សមគួរដល់ទោស ធម្មតាថា សិក្ខាបទនេះ រមែងមាន ព្រោះទោសនេះ ព្រោះការឈានកន្លង​វត្ថុនេះដូច្នេះនិងកើតដល់អ្នកពិចារណាឧត្តរិមនុស្សធម្មបេយ្យាល ដល់អ្នកពិចារណានីលបេយ្យាល អ្នកពិចារណា​សញ្ចរិត្តបេយ្យាលថាការបញ្ញត្តសិក្ខាបទ មិនមែនវិស័យរបស់ជនដទៃ ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ។

បីតិ និងសោមនស្ស ដែលមិនមានទីបំផុត រមែងកើតដល់ភិក្ខុអ្នករៀនព្រះអភិធម្ម លោកកាលពិចារណានូវតន្តិនៃ​ព្រះអភិធម្មថា ព្រះសាស្តារបស់យើងទាំងឡាយ កាលទ្រង់ចែកសូម្បីសេចក្តីផ្សេងគ្នានៃខន្ធ សូម្បីសេចក្តីផ្សេងគ្នា នៃអាយតនៈ សូម្បីសេចក្តីផ្សេងគ្នានៃធាតុ សេចក្តីផ្សេងគ្នានៃឥន្ទ្រិយ ពលៈ ពោជ្ឈង្គ កម្ម វិបាក ការកំណត់រូបនិង​អរូបធម៌ដ៏ល្អិតសុខុម ទ្រង់ធ្វើមួយខៗ ក្នុងរូបធម៌ និងអរូបធម៌ឱ្យជាចំណែកៗ សម្តែងទុក ដូចការរាប់ផ្កាយទាំង​ឡាយ​លើមេឃ ដូច្នោះ ។ ក៏ក្នុងការកើតឡើងនៃបីតិសោមនស្សនោះ គប្បីជ្រាបរឿងដូចតទៅនេះ ៖

ដូចដែលបានស្តាប់មក ព្រះថេរៈមាននាមថា មហានាគតិមិយតិស្សទត្ត កាលទៅកាន់ត្រើយខាងនាយ ដោយមាន​គំនិតថា យើងនឹងថ្វាយបង្គំមហាពោធិ ទើបអង្គុយលើនាវា ក្រឡេកមើលមហាសមុទ្រនោះ ក្នុងគ្រានោះ ត្រើយ​ខាងនាយ មិនប្រាកដដល់លោកឡើយ ត្រើយខាងអាយ ក៏មិនប្រាកដ ដូចផ្ទាំងប្រាក់ ដែលគេលាតចេញ និងដូច​កម្រាលធ្វើដោយផ្កាម្លិះ ដូច្នោះ ។ លោកគិតថា កម្លាំងរលករបស់មហាសមុទ្រមានកម្លាំងឬហ្ន៎ ឬថា នយមុខ ( សេចក្តីដែលព្រះមានព្រះភាគ ទ្រង់ណែនាំទុក ) ក្នុងសមន្តប្បដ្ឋាន ២៤ ប្រភេទ មានកម្លាំង ដូច្នេះ ។ ខណៈ​នោះ បីតិដ៏មានកម្លាំង ក៏កើតឡើងដល់លោកដែលពិចារណាធម៌ដ៏ល្អិតសុខុមថា ការកំណត់ក្នុងមហាសមុទ្រ រមែងប្រាកដ ព្រោះថា មហាសមុទ្រនេះ ខាងក្រោមកំណត់ដោយផែនដី ខាងលើកំណត់ដោយអាកាស ម្ខាង​កំណត់ដោយភ្នំចក្រវាល ម្ខាងកំណត់ដោយច្រាំង តែការកំណត់សមន្តប្បដ្ឋាន រមែងមិនប្រាកដ ដូច្នេះ លោកគ្រប​សង្កត់បីតិ ហើយចម្រើនវិបស្សនាលើទីអង្គុយ ញ៉ាំងកិលេសទាំងពួងឱ្យអស់ទៅហើយ តាំងនៅក្នុងព្រះអរហត្ត ដែល​ជាធម៌ដ៏ប្រសើរ ហើយបន្លឺឧទានថា

“ព្រះយោគាវចរ រមែងឃើញធម៌ដ៏ជ្រាលជ្រៅ ដែលត្រាស់ដឹងបាន ដោយកម្រ មានហេតុជាដែនកើត ដែល​ព្រះមហេសី ទ្រង់ត្រាស់ដឹងដោយ ព្រះអង្គឯង សម្តែងទុកតាមលំដាប់ បរិបូណ៌គ្រប់គ្រាន់ ក្នុងសមន្តប្បដ្ឋាន នេះប៉ុណ្ណោះ ដូចជារូបរាងតែម្តង” ។
នេះ ឈ្មោះថា នយសាគរ

ញាណសាគរ តើដូចម្តេច ។
សព្វញ្ញុតញ្ញាណ ឈ្មោះថា ញាណសាគរ
ពិតណាស់ ញាណដទៃមិនអាចដើម្បីនឹងដឹងសាគរនោះថា នេះឈ្មោះថា សំសារសាគរ នេះឈ្មោះថា ជលសាគរ នេះឈ្មោះថា នយសាគរ តែសព្វញ្ញុតញ្ញាណប៉ុណ្ណោះ អាចដើម្បីដឹងបាន ព្រោះហេតុនោះ សព្វញ្ញុតញ្ញាណ ទើប​ឈ្មោះថា ញាណសាគរ

អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី

ព្រះ​ពុទ្ធ​ ៤​ ប្រភេទ

ចត្តារោ ពុទ្ធា ព្រះពុទ្ធមាន ៤ ប្រភេទ គឺ

១. សុតពុទ្ធ ភិក្ខុដែលជាពហូសូត ( ភិក្ខុដែលមានសទ្ធា និងមានសេចក្តីព្យាយាម ខំប្រឹងប្រែងរៀនសូធ្យ ស្តាប់ នូវព្រះពុទ្ធវចនៈ សិក្សាព្រះត្រៃបិដក តាមសមគួរដល់សតិបញ្ញារបស់ខ្លួន និងបង្រៀន សម្តែងឲ្យជនទាំងពួង ស្តាប់ ដឹកនាំជនឲ្យមានសទ្ធា និងបញ្ញា )

២. ចតុសច្ចពុទ្ធ គឺ ព្រះខីណាស្រពអ្នកអស់នូវអាសវក្កិលេស ហើយបានត្រាស់ដឹងនូវចតុរារិយសច្ច

៣. បច្ចេកពុទ្ធ គឺ ព្រះបច្ចេកពុទ្ធ ( ដែលត្រាស់ដឹងដោយអង្គឯង មិនអាចលើកយកព្រះសទ្ធម្មឡើងកាន់បញ្ញត្តិ និងមិនអាចត្រាស់ព្រះធម៌ទេសនាដល់សត្វទាំងឡាយបាន ត្រាស់ដឹងតែក្នុងចិត្តនៃខ្លួនតែម្នាក់ឯង )

៤. សព្វញ្ញូពុទ្ធ គឺព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ដឹងនូវព្រះសទ្ធម្មដោយព្រះអង្គឯង និងប្រោសប្រទានអមតរស ញេយ្យធម៌ ប្រៀនប្រដៅវេនេយ្យសត្វទាំងឡាយ ក្នុងមណ្ឌលនៃត្រៃភពទាំងពួង ញ៉ាំងនូវសត្វទាំងឡាយ ឲ្យដល់ នូវអរិយមគ្គ ឲ្យបានជាក់ច្បាស់នូវចតុរារិយសច្ច ឲ្យបាបធម៌វិនាសអំពីសន្តាន ហើយបានសម្រចនូវព្រះនិព្វាន ដែលជាឯកន្តបរមសុខ

អដ្ឋកថាអង្គុត្តរនិកាយ