បណ្ណសារប្លក
ហេតុនាំឲ្យចងគំនុំ ១០
អាឃាតវត្ថុ គឺហេតុនៃគំនុំ មាន ១០ ហេតុទាំង ១០ នោះ គឺ ៖
១. អនត្ថំ មេ អចរីតិ អាឃាតំ ពន្ធតិ បុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ
២. អនត្ថំ មេ ចរតីតិ អាឃាតំ ពន្ធតិ ចងគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ
៣. អនត្ថំ មេ ចរិស្សតីតិ អាឃាតំ ពន្ធតិ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ ដល់អាត្មាអញ
៤. បិយស្ស មេ មនាបស្ស អនត្ថំ អចរិ … ចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញហើយ …
៥. អនត្ថំ ចរតិ … កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ …
៦. អនត្ថំ ចរិស្សតិ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍
៧. អប្បិយស្ស មេ អមនាបស្ស អត្ថំ អចរិ … ចងគំនុំដោយគិតថា ជនឯណោះបានប្រព្រឹត្តនូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញហើយ …
៨. អត្ថំ ចរតិ … កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ …
៩. អត្ថំ ចរិស្សតីតិ អាឃាតំ ពន្ធតិ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍
១០. អដ្ឋានេ ច កុប្បតិ ក្រោធក្នុងទីដែលមិនគួរ
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៦-៣២៧ )
អដ្ឋកថាពន្យល់ថា បទថា អដ្ឋានេ ( ក្រោធក្នុងទីមិនគួរ ) គឺ ក្រោធក្នុងវត្ថុដែលមានចិត្តជាដើមថា គេបានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អញ ឬក្នុងវត្ថុដែលមិនមានចិត្ត មានដុំថ្ម ដុំដី ជាដើម ( ពេលដើរទង្គិចត្រូវវា ) ។
ទោសនៃការពោលទោសតិះដៀលព្រះអរិយៈ
ព្រះគាថានេះ ព្រះមានព្រះភាគទ្រង់ត្រាស់ប្រារព្ធភិក្ខុកោកាលិកៈ ដែលពោលទោសតិះដៀលព្រះអគ្គសាវ័ក
បុរិសស្ស ហិ ជាតស្ស កុធារី ជាយតេ មុខេ
យាយ ឆិន្ទតិ អត្តានំ ពាលោ ទុព្ភាសិតំ ភណំ ។
បុគ្គលពាល កាលពោលនូវទុព្ភាសិត ឈ្មោះថាកាប់ខ្លួនឯង ដោយប៉ូវថៅ គឺផរុសវាចាណា ប៉ូវថៅគឺផរុសវាចានោះ កើតតែក្នុងមាត់ របស់បុរិសជាតិ ដោយពិត ។
យោ និន្ទិយំ បសំសតិ តំ វា និន្ទតិ យោ បសំសិយោ
វិចិនាតិ មុខេន សោ កលឹ កលិនា តេន សុខំ ន វិន្ទតិ ។
បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោស ដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ ។
អប្បមត្តោ អយំ កលិ
យោ អក្ខេសុ ធនបរាជយោ
( សព្វស្សាបិ សហាបិ អត្តនោ )
អយមេវ មហត្តរោ កលិ
យោ សុគតេសុ មនំ បទោសយេ ។
សតំ សហស្សានំ និរព្វុទានំ
ឆត្តឹស ច បញ្ច ច អព្វុទានិ
យមរិយគរហី និរយំ ឧបេតិ
វាចំ មនញ្ច បណិធាយ បាបកំ ។
ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ ( ព្រមទាំងខ្លួនទាំងអស់ ) ជាកំហុសមានប្រមាណតិចទេ បុគ្គលណា ញ៉ាំងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលអ្នកប្រព្រឹត្តល្អនេះឯង ជាកំហុសធំក្រៃលែង ។ បុគ្គលតម្កល់នូវវាចា និងចិត្តដ៏លាមក ហើយតិះដៀលព្រះអរិយៈ រមែងទៅកាន់នរកណា នរកនោះ មាន ១ សែននិរព្វុទៈផង និង ៣៦ អព្វុទៈ ( ដោយឡែកផ្សេងទៀត ) ផង ៥ អព្វុទៈផង ។
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣៧២-៣៧៣ )
បទថា ឆិន្ទតិ ( រមែងកាប់ ឬកាត់ ) បានដល់ រមែងកាត់ផ្តាច់ឫសគល់ ពោលគឺ ឫសគល់នៃកុសល ។ បទថា និន្ទិយំ ( បុគ្គលដែលគួរតិះដៀល ) បានដល់ បុគ្គលទ្រុស្តសីលដែលគួរតិះដៀល ។
ចំណាំ ៖ ភិក្ខុកោកាលិកនេះ ជាកូនរបស់កោកាលិកសេដ្ឋី ក្នុងនគរកោកាលិកៈ រដ្ឋកោកាលិកៈ បួសហើយ គង់នៅក្នុងវិហារដែលបិតាកសាងប្រគេន មាននាមថា មហាកោកាលិកៈ ចំណែកភិក្ខុជាសិស្សរបស់ភិក្ខុទេវទត្ត មាននាមថា ចូឡកោកាលិកៈ ។ មហាកោកាលិកៈនោះឯង ជាអ្នកពោលទោសតិះដៀលព្រះអគ្គសាវ័កទាំងពីរ គឺព្រះសារី-បុត្រ និងព្រះមោគ្គល្លាន ។
ភិក្ខុពោលទោសសព្រហ្មចារី ដល់នូវសេចក្តីវិនាស ១០
ទោសនៃភិក្ខុ ជាអ្នកជេរប្រទេចផ្តាសាពួកសព្រហ្មចារីបុគ្គល ជាអ្នកតិះដៀលព្រះអរិយៈ មាន ១០ ប្រការ គឺ ៖
១. អនធិគតំ នាធិគច្ឆតិ មិនបាននូវគុណធម៌ ដែលខ្លួនមិនទាន់បាន
២. អធិគតា បរិហាយតិ សាបសូន្យចាកគុណធម៌ ដែលខ្លួនបានហើយ
៣. សទ្ធម្មស្ស ន វោទាយន្តិ ព្រះសទ្ធម្មរបស់បុគ្គលនោះ មិនផូរផង់
៤. សទ្ធម្មេសុ វា អធិមានិកោ ហោតិ ជាអ្នកស្មានហួសហេតុ ក្នុងព្រះសទ្ធម្ម
៥. អនភិរតោ វា ព្រហ្មចរិយំ ចរតិ ប្រព្រឹត្តព្រហ្មចារ្យទាំងមិនមានសេចក្តីត្រេកអរ
៦. អញ្ញតរំ វា សង្កិលិដ្ឋំ អាបត្តឹ អាបជ្ជតិ ត្រូវអាបត្តិណាមួយដែលសៅហ្មង
៧. គាឡ្ហំ រោគាតកំ ផុសតិ ប្រទះសេចក្តីទុក្ខ ព្រោះរោគដ៏ធ្ងន់
៨. ឧម្មានំ វា បាបុណាតិ ដល់នូវការឆ្កួតរាយមាយចិត្ត
៩. ចិត្តក្ខេបំ សម្មូឡ្ហោ កាលំ ករោតិ ធ្វើមរណៈទាំងវង្វេង
១០. កាយស្ស ភេទា បរម្មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ឯអបាយ ទុគ្គតិ វិនិបាត នរក
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣៦៨ )
ពាក្យថា ជាអ្នកតិះដៀលព្រះអរិយៈ គឺជាអ្នកចោទព្រះអរិយៈទាំងឡាយ ដោយអន្តិមវត្ថុ ( អាបត្តិបារាជិក ) ថា យើងនឹងបំផ្លាញគុណរបស់ព្រះអរិយៈទាំងឡាយ ។
ពាក្យថា សទ្ធម្មស្ស ន វោទាយន្តី ( ព្រះសទ្ធម្មរបស់បុគ្គលនោះ មិនផូរផង់ ) សេចក្តីថា ព្រះសទ្ធម្ម គឺសាសនាដែលរាប់ថា ត្រៃសិក្ខារបស់ភិក្ខុនោះ រមែងមិនដល់នូវសេចក្តីបរិសុទ្ធ ៕
អសទ្ធម្ម ១០
អសទ្ធម្ម មាន ១០ យ៉ាង គឺ ៖
១. ធំសី ជាអ្នកកម្ចាត់បង់ ( នូវគុណ )
២. បគព្ភោ ជាអ្នកក្រអឺតក្រអោង
៣. តិន្តិណោ ជាអ្នកមានសេចក្តីរវះរវាម [ ឃើញតែពីស៊ី ]
៤. មហគ្ឃសោ ជាអ្នកស៊ីច្រើន
៥. លុទ្ទោ ជាមនុស្សអាក្រក់
៦. អការុណិកោ ជាអ្នកមិនមានសេចក្តីករុណា
៧. ទុព្វលោ ជាអ្នកមានកម្លាំងថយ
៨. ឱរវី ជាអ្នកមានសំឡេងអាក្រក់
៩. មុដ្ឋស្សតិ ជាអ្នកមានស្មារតីវង្វេង
១០. នេចយិកោ ជាអ្នកធ្វើនូវការសន្សំ
ន័យម្យ៉ាងទៀត អសទ្ធម្ម មាន ១០ យ៉ាងដទៃទៀត គឺ ៖
១. អស្សទ្ធា មិនមានសទ្ធា
២. ទុស្សីលា ជាអ្នកទ្រុស្តសីល
៣. អហិរិកា មិនមានហិរិ
៤. អនោត្តប្បិនោ មិនមានឱត្តប្បៈ
៥. អសប្បុរិសភត្តិនោ ជាអ្នកមានអសប្បុរសជាមិត្រ
៦. អត្តុក្កំសកបរវម្ភកា ជាអ្នកតម្កើងខ្លួនឯង ហើយបង្អាប់បុគ្គលដទៃ
៧. សន្ទិដ្ឋិបរាមាសី អាទានគ្គាហី ទុប្បដិនិស្សគ្គិនោ ជាអ្នកស្ទាបអង្អែល ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់នូវអំពើ ដែលខ្លួនប្រកាន់ បានដោយកម្រ
៨. កុហកា ជាអ្នកកុហក
៩. បាបិច្ឆា ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក
១០. មិច្ឆាទិដ្ឋិកា ជាអ្នកមានទិដ្ឋិខុស
( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៥-៣២៦ )
អរិយសាវ័ក ចម្រើនដោយធម៌ ១០
ធនេន ធញ្ញេន ច យោធ វឌ្ឍតិ
បុត្តេហិ ទារេហិ ចតុប្បាទេហិ ច
ស ភោគវា ហោតិ យសស្សី បូជិតោ
ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។
បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។
សទ្ធាយ សីលេន ច យោធ វឌ្ឍតិ
បញ្ញាយ ចាគេន សុតេន ចូភយំ
សោ តាទិសោ សប្បុរិសោ វិចក្ខណោ
ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។
បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )
ធម៌ ១០ ជាអាហារនៃធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក
ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖
១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ
២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហារ របស់ពណ៌សម្បុរ
៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ របស់ភាពមិនមានរោគ
៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល
៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជាអាហាររបស់ព្រហ្មចរិយៈ
៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហារ របស់មិត្តទាំងឡាយ
៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហារ របស់ភាពជាអ្នកចេះដឹងច្រើន
៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា
៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ
១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )
អត្ថបទទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក, ធម៌ ១០ នាំឲ្យអន្តរាយដល់ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក
ធម៌ ១០ នាំឲ្យអន្តរាយដល់ធម៌ ១០ ដែលជាទីប្រាថ្នា កម្របានក្នុងលោក
ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលកម្របានក្នុងលោក, ធម៌ ១០ យ៉ាងនោះ គឺ ៖
១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ
២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ
៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ
៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល
៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ
៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់ពួកមិត្ត
៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន
៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា
៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការមិនប្រកបរឿយៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ
១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )
អត្ថបទដែលទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក
ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក
ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖
១. ភោគា ភោគៈ
២. វណ្ណោ ពណ៌សម្បុរ
៣. អារោគ្យំ ការមិនមានរោគ
៤. សីលានិ សីល
៥. ព្រហ្មចរិយំ ព្រហ្មចរិយៈ
៦. មិត្តា មិត្ត
៧. ពាហុសច្ចំ សភាពជាអ្នកចេះដឹងច្រើន
៨. បញ្ញា បញ្ញា
៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ]
១០. សគ្គា ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )
អភិណ្ហប្បច្ចវេក្ខណៈ ១០
អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖
១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញកាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ
២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្តចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ
៣. អញ្ញោ មេ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ
៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?
៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ?
៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញតែងមានជាធម្មតា
៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ
៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?
៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?
១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះសព្រហ្មចារីទាំងឡាយសួរក្នុងកាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )
ពន្យល់
ពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយសរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយសរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬអង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹកអម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាលស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំបាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់ចោលបាន ។
ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកទីគោរពកោតក្រែងក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។
ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពីអាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។
ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មាអញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាងក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិ-សុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។
ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាបសេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។
ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការរលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។
ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។
ពាក្យថា កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេចហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បានធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិនប្រមាទ រមែងបរិបូណ៌ ។
ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តីត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។
ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជាមនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺកុសលកម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។ ពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្តសព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជាអ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់ដោយឥតអំពើ ៕
បន្លា ១០
កណ្តកោ បន្លា មាន ១០ យ៉ាង គឺ
១. បវិវេការាមស្ស សង្គណិការាមតា កណ្តកោ សភាពជាអ្នកត្រេកអរក្នុងពួកគណៈ ជាបន្លារបស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ
២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ កណ្តកោ ការប្រកបរឿយៗ នូវសុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយៗ នូវអសុភនិមិត្ត
៣. ឥន្ទ្រិយេសុ គុត្តទ្វារស្ស វិសូកទស្សនំ កណ្តកោ ការមើលនូវសត្រូវ គឺល្បែងផ្សេងៗ ជាបន្លារបស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ
៤. ព្រហ្មចរិយស្ស មាតុគ្គាមុបចារោ កណ្តកោ ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ
៥. បឋមស្ស ឈានស្ស សទ្ទោ កណ្តកោ សំឡេង ជាបន្លារបស់បឋមជ្ឈាន
៦. ទុតិយស្ស ឈានស្ស វិតក្កវិចារា កណ្តកា វិតក្ក និងវិចារ ជាបន្លារបស់ទុតិយជ្ឈាន
៧. តតិយស្ស ឈានស្ស បីតិ កណ្តកោ បីតិ ជាបន្លារបស់តតិយជ្ឈាន
៨. ចតុត្ថស្ស ឈានស្ស អស្សាសប្បស្សាសា កណ្តកា អស្សាសប្បស្សាសៈ ( ខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន
៩. សញ្ញាវេទយិតនិរោធសមាបត្តិយា សញ្ញា ច វេទនា ច កណ្តកា សញ្ញា និងវេទនា ជាបន្លារបស់សញ្ញាវេទយិតនិរោធសមាបត្តិ
១០. រាគោ កណ្តកោ ទោសោ កណ្តកោ មោហោ កណ្តកោ រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា
( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ )
កថាវត្ថុ ១០ ឋានៈដែលគួរសរសើរ ១០
ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថា និយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថា និយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថា និយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថា និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថា និយាយអំពីសីល
៧. សមាធិកថា និយាយអំពីសមាធិ
៨. បញ្ញាកថា និយាយអំពីបញ្ញា
៩. វិមុត្តិកថា និយាយអំពីវិមុត្តិ
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ
( ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )
ឋានៈដែលគួរសរសើរ មាន ១០ គឺ
១. ឥធ ភិក្ខវេ ភិក្ខុ អត្តនា ច អប្បិច្ឆោ ហោតិ អប្បិច្ឆកថញ្ច ភិក្ខូនំ កត្តា ហោតិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង
២. អត្តនា ច សន្តុដ្ឋោ ហោតិ សន្តុដ្ឋិកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង
៣. អត្តនា ច បវិវិត្តោ ហោតិ បវិវេកកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង
៤. អត្តនា ច អសំសដ្ឋោ ហោតិ អសំសដ្ឋកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង
៥. អត្តនា ច អារទ្ធវីរិយោ ហោតិ វីរិយារម្ភកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកមានព្យាយាមប្រារព្ធហើយ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង
៦. អត្តនា ច សីលសម្បន្នោ ហោតិ សីលសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង
៧. អត្តនា ច សមាធិសម្បន្នោ ហោតិ សមាធិសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង
៨. អត្តនា ច បញ្ញាសម្បទា ហោតិ បញ្ញាសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង
៩. អត្តនា ច វិមុត្តិសម្បន្នោ ហោតិ វិមុត្តិសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង
១០. អត្តនា ច វិមុត្តិញ្ញាណទស្សនសម្បន្នោ ហោតិ វិមុត្តិញ្ញាណទស្សនសម្បទាកថញ្ច ភិក្ខូនំ កត្តា ហោតិ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង
នេះជាឋានៈដែលគួរសរសើរ ទាំង ១០ ប្រការ ដូចបានពោលមកហើយ ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២-២៨៦ )
អត្ថបទដែលទាក់ទង ៖ តិរច្ឆានកថា
សញ្ញា ១០
សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការនោះ គឺ៖
១. អសុភសញ្ញា សម្គាល់ថាមិនស្អាត
២. មរណសញ្ញា សម្គាល់ក្នុងសេចក្តីស្លាប់
៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ
៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងអស់
៥. អនិច្ចសញ្ញា សម្គាល់ថាមិនទៀង
៦. អនិច្ចេ ទុក្ខសញ្ញា សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង
៧. ទុក្ខេ អនត្តសញ្ញា សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ
៨. បហានសញ្ញា សម្គាល់ថា គួរលះបង់
៩. វិរាគសញ្ញា សម្គាល់ការប្រាសចាកតម្រេក
១០. និរោធសញ្ញា សម្គាល់ការរលត់
ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖
១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា
៦. អដ្ឋិកសញ្ញា សម្គាល់អសុភដែលមានតែរាងឆ្អឹង
៧. បុឡុវកសញ្ញា សម្គាល់អសុភដែលមានដង្កូវចុះ
៨. វិនីលកសញ្ញា សម្គាល់អសុភដែលមានពណ៌ខៀវ
៩. វិច្ឆិទ្ទកសញ្ញា សម្គាល់អសុភដែលដាច់ជាកំណាត់
១០. ឧទ្ធុមាតកសញ្ញា សម្គាល់អសុភដែលហើមប៉ោង
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២២៩-២៣០ )
សញ្ញា ១០ ប្រការ ក្នុងគិរិមានន្ទសូត្រ
សញ្ញា ១០ ប្រការ មានសម្តែងក្នុងគិរិមានន្ទសូត្រ គឺ អនិច្ចសញ្ញា, អនត្តសញ្ញា, វិរាគសញ្ញា, និរោធសញ្ញា, សព្វ-លោកេ អនភិរតសញ្ញា, សព្វសង្ខារេសុ អនិច្ចសញ្ញា, អានាបានស្សតិ ។
ភិក្ខពិចារណាឃើញរឿយៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ ( រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ) នេះហៅថា អនិច្ចសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ហៅថា អនត្តសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ថា មិនល្អ ក្នុងរូបកាយ នេះ ហៅថា អសុភសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ថាជាទោស ក្នុងរូបកាយ នេះ ហៅថា អាទីនវសញ្ញា ។
ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត ឬដែលកើតឡើង ក៏ធ្វើឲ្យវិនាសទៅវិញ នូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហឹសាវិតក្ក នេះហៅថា បហានសញ្ញា ។
ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា វិរាគសញ្ញា ។
ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា និរោធសញ្ញា ។
ឧបាយ ( គឺតណ្ហានិងទិដ្ឋិ ) ឧបាទាន ( គឺសេចក្តីប្រកាន់មាំ ) អភិនិវេសៈ ( គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ) អនុស័យ ( គឺកិលេសដែលដេកនៅរឿយៗ ក្នុងសត្តសន្តាន ) ណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះបង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ ( ចាកបាបធម៌ទាំងនោះ ) បាន នេះហៅថា សព្វលោកេ អនភិរតសញ្ញា ។
ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង នេះហៅថា សព្វសង្ខារេសុ អនិច្ច-សញ្ញា ។
ភិក្ខុកំណត់ដឹងនូវខ្យល់ដកដង្ហើម និងខ្យល់ដកដង្ហើមចេញ នេះហៅថា អានាបានស្សតិ ។
អត្ថបទដែលទាក់ទង ៖ សញ្ញា ៧ ប្រការ
សាច់ដែលព្រះមានព្រះភាគទ្រង់ហាមឃាត់ ១០
សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោកហៅថា អកប្បិយមំសៈ មានន័យថា សាច់ដែលមិនគួរ; អកប្បិយមំសៈនោះ មាន ១០ យ៉ាង គឺ
១. មនុស្សមំសំ សាច់មនុស្ស
២. ហត្ថិមំសំ សាច់ដំរី
៣. អស្សមំសំ សាច់សេះ
៤. សុនខមំសំ សាច់ឆ្កែ
៥. អហិមំសំ សាច់ពស់
៦. សីហមំសំ សាច់រាជសីហ៍
៧. ព្យគ្ឃមំសំ សាច់ខ្លាធំ
៨. ទីបិមំសំ សាច់ខ្លាដំបង
៩. អច្ឆមំសំ សាច់ខ្លាឃ្មុំ
១០. តរច្ឆមំសំ សាច់ខ្លារខិន
សាច់ទាំង ១០ យ៉ាងនោះ ភិក្ខុសាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ ចំណែកសាច់ ៩ យ៉ាងទៀត ត្រូវអាបត្តិទុក្កដ ។ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ៖
ឥតិ ឥមេសំ មនុស្សាទីនំ ទសន្នំ មំសម្បិ អដ្ឋិបិ លោហិតម្បិ ចម្មម្បិ លោមម្បិ សព្វំ ន វដ្តតិ ។
សាច់ក្តី ឆ្អឹងក្តី ឈាមក្តី ស្បែកក្តី រោមក្តី របស់សត្វទាំង ១០ យ៉ាង មានមនុស្សជាដើមនេះ មិនគួរទាំងអស់ ដោយប្រការដូច្នេះ ។
យង្កិញ្ចិ ញត្វា វា អញត្វា វា ខាទន្តស្ស អាបត្តិយេវ ។
កាលភិក្ខុដឹងក៏ដោយ មិនដឹងក៏ដោយ ឆាន់សាច់យ៉ាងណានីមួយ ( ក្នុងសាច់ទាំង ១០ ) រមែងត្រូវអាបត្តិដោយពិត ។
ម្យ៉ាងទៀត ភិក្ខុមិនទាន់បានពិចារណាជាមុន មិនត្រូវឆាន់សាច់ បើឆាន់ត្រូវអាបត្តិទុក្កដ មានពុទ្ធប្បញ្ញត្តថា៖
ន ច ភិក្ខវេ អប្បដិវេក្ខិត្វា មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស “ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ”
ពាក្យថា មិនបានពិចារណាជាមុន ហើយឆាន់សាច់ ក្នុងអដ្ឋកថាលោកបានពន្យល់ដូច្នេះ
អប្បដិវេក្ខិត្វាតិ អប្បដិបុច្ឆិត្វា; សចេ បន អសុក មំសន្តិ ជានាតិ បដិបុច្ឆនកិច្ចំ នត្ថិ អជានន្តេន បន បុច្ឆិត្វាវ ខាទិតព្វំ ។
បទថា អប្បដិវេក្ខិត្វា ( មិនទាន់បានពិចារណា ) បានដល់ មិនទាន់សាកសួរ ប្រសិនបើភិក្ខុដឹងថា នេះជាសាច់អ្វី កិច្ចដែលនឹងត្រូវសាកសួរ រមែងមិនមាន តែកាលមិនដឹង ( មិនស្គាល់ ) ត្រូវសាកសួរជាមុនសិន សឹមឆាន់ ។
នាថករណធម៌ ១០
នាថករណធម៌ គឺ ធម៌សម្រាប់ធ្វើឲ្យមានទីពឹង មាន ១០ យ៉ាង គឺ ៖
១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ អណុមត្តេសុ វជ្ជេសុ ភយទស្សាវី សមាទាយ សិក្ខតិ សិក្ខាបទេសុ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ- សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុង សិក្ខាបទទាំងឡាយ
២. ពហុស្សុតោ ហោតិ សុតធរោ សុតសន្និចយោ យេ តេ ធម្មា អាទិកល្យាណា មជ្ឈេ-កល្យាណា បរិយោសានកល្យាណា សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្ម-ចរិយំ អភិវទន្តិ តថារូបាស្ស ធម្មា ពហុស្សុតា ហោន្តិ ធតា វចសា បរិចិតា មនសានុ-បេក្ខិតា ទិដ្ឋិយា សុប្បដិវិទ្ធា ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុងប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថទាំងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាព ដូច្នោះ ភិក្ខុនោះក៏ចេះចាំច្រើន បានចាំទុក ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អ ដោយទិដ្ឋិ
៣. កល្យាណមិត្តោ ហោតិ កល្យាណសហាយោ កល្យាណសម្បវង្កោ ភិក្ខុមានមិត្តល្អ មាន សម្លាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសម្លាញ់ល្អ
៤. សុវចោ ហោតិ សោវចស្សករណេហិ ធម្មេហិ សមន្នាគតោ ខមោ បទក្ខិណគ្គាហី អនុសាសនី ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់
៥. យានិ តានិ សព្រហ្មចារីនំ ឧច្ចាវចានិ កឹករណីយានិ តត្ថ ទក្ខោ ហោតិ អនលសោ តត្រុបាយាយ វីមំសាយ សមន្នាគតោ អលំ កាតុំ អលំ សំវិធាតុំ អំពើណា ដ៏ខ្ពស់និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃមិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយការពិចារណា ដោយឧបាយក្នុងអំពើនោះថា គួរធ្វើគួរចាត់ចែងបាន
៦. ធម្មកាមោ ហោតិ បិយសមុទាហារោ អភិធម្មេ អភិវិនយេ ឧឡារប្បាមោជ្ជោ ភិក្ខុជាអ្នកប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌ មានសេចក្តិរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ
៧. អារទ្ធវីរិយោ ហោតិ អកុសលានំ ធម្មានំ បហានាយ កុសលានំ ធម្មានំ ឧបសម្បទាយ ថាមវា ទឡ្ហបរក្កមា អនិក្ខិត្តធុរោ កុសលេសុ ធម្មេសុ ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវ ពួកអកុសលធម៌ និងញ៉ាំងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុង កុសលធម៌ទាំងឡាយ
៨. សន្តុដ្ឋោ ហោតិ ឥតរីតរចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បយភេសជ្ជបរិក្ខារ តាមមាន តាមបាន
៩. សតិមា ហោតិ បរមេន សតិនេបក្កេន សមន្នាគតោ ចិរកតម្បិ ចិរភាសិតម្បិ សរិតា អនុស្សរិតា ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង
១០. បញ្ញវា ហោតិ ឧទយត្ថគាមិនិយា បញ្ញាយ សមន្នាគតោ អរិយាយ និព្វេធិកាយ សម្មាទុក្ខក្ខយគាមិនិយា ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយបា្រជ្ញាជាគ្រឿងដឹងនូវការកើត និងការរលត់នៃ ( ខន្ធ ) ដ៏ប្រសើរ ជាប្រាជ្ញា សម្រាប់ទម្លុះទម្លាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយ ប្រពៃ
ស្រង់ចាកសុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ៥១ ដល់ ៥៦, ក្នុងបិដកលេខនេះ ដដែល ត្រង់ទំព័រ ១៩១ ព្រះមានព្រះភាគ ត្រាស់ហៅធម៌ទាំង ១០ នេះ ថា ជាធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ( សាមគ្គិយា ឯកីភាវាយ សំវត្តន្តិ ) ។
និងក្នុងទំព័រ ៣៣០ ដល់ ៣៣៤ អានន្ទសូត្រ ព្រះអង្គត្រាស់ថា ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះ នឹងជាអ្នកចម្រើនលូតលាស់ ក្នុងធម្មវិន័យនេះ ( ធម្មវិនយេ វុឌ្ឍឹ វិរូឡ្ហឹ វេបុល្លំ អាបជ្ជិស្សតិ ) ។
នាថករណធម៌ទាំង ១០ សរសេរបែបសង្ខេប ៖ សីលវា, ពហុស្សុតោ, កល្យាណមិត្តោ, សុវចោ, ទក្ខោ, ធម្មកាមោ, អារទ្ធវិរិយោ, សន្តុដ្ឋោ, សតិមា, បញ្ញវា
ពន្យល់
ឧច្ចាវចានិ កឹករណីយានិ
ពាក្យថា ឧច្ចាវចានិ កឹករណីយានិ ( អំពើដ៏ខ្ពស់ និងទាប ) បានដល់ ការងារដែលសួរគ្នីគ្នាយ៉ាងនេះថា ខ្ញុំនឹងធ្វើ ហើយទើបធ្វើ ។ បណ្តាការងារខ្ពស់ និងទាប ឈ្មោះថាការងារខ្ពស់ បានដល់ ការងារដូចជា ធ្វើចីវរ ជ្រលក់ចីវរ ជួសជុលព្រះចេតិយ ការងារដែលគប្បីធ្វើក្នុងរោងឧបោសថ ចេតិយ និងដើមពោធិព្រឹក្សជាដើម ។ ឈ្មោះថាការងារទាប បានដល់ ការងារតូចៗ ដូចជា លាងបាត្រ លាបប្រេងជាដើម ។
ធម្មកាមោ
ពាក្យថា ធម្មកាម បានដល់ រមែងស្រឡាញ់ព្រះត្រៃបិដកពុទ្ធវចនៈ ។
អភិធម្មេ អភិវិនយេ
ពាក្យថា អភិធម្មេ អភិវិនយេ នេះ គប្បីជ្រាបពួក ៤ គឺ ធម៌ អភិធម៌ វិន័យ អភិវិន័យ ។ ក្នុងពួកទាំង ៤ នោះ ឈ្មោះថា ធម៌ បានដល់ ព្រះសុត្តន្តបិដក ឈ្មោះថា អភិធម៌ បានដល់ បករណ៍ទាំង ៧ ។ ឈ្មោះថា វិន័យ បានដល់ វិភង្គទាំង ២ [ ភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ ] ឈ្មោះថា អភិវិន័យ បានដល់ ខន្ធកៈ និងបរិវារ ។ ន័យម្យ៉ាងទៀត ទាំងសុត្តន្តបិដក ទាំងអភិធម្មបិដក ឈ្មោះថាធម៌ទាំងអស់ ។ មគ្គផល ឈ្មោះថា អភិធម៌ វិនយបិដកទាំងអស់ ឈ្មោះថា វិន័យ ការធ្វើការរម្ងាប់កិលេស ឈ្មោះថា អភិវិន័យ ៕
