បណ្ណសារប្លក
ឆ្នាំងដី
ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមាន សេចក្តីស្លាប់នៅពីខាងមុខ ។ ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ឆ្នាំងទាំង អស់នោះ មានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។
ព្រះបរមសាស្តា ទ្រង់មានបន្ទូល ដូច្នេះតទៅទៀតថា ៖
វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងរបស់ខ្លួន តថាគតបានធ្វើទុកហើយ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះ បង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបានមិនខាន ។
ព្រះឱវាទក្នុងមហាបរិនិព្វានសូត្រ
បណ្ឌិត ដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី
គប្បីរក្សាចិត្តនេះ ដូចជាគេរក្សានូវនគរ យ៉ាងនោះឯង
គប្បីច្បាំងជាមួយនឹងមារ ដោយអាវុធ គឺបញ្ញា
គប្បីរក្សានូវជម្នះ ដែលបានឈ្នះហើយ
តែមិនត្រូវជាប់ជំពាក់ក្នុងជម្នះនោះឡើយ ។
ធម្មបទ ចិត្តវគ្គ
ដើមអំពៅ
ដើមអំពៅរមែងផ្អែមគល់ រីឯចុងរមែងសាប ។ ការបរិភោគកាមគុណ ប្រៀបបីដូចជាការបរិភោគអំពៅ ដេញពីគល់មករកចុង ដូច្នោះឯង ។ ក្នុងរឿងនេះ គូស្វាមីភរិយាថ្មីថ្មោង ដែលកំពុងតែផ្អែមល្ហែមដាក់គ្នា ក៏គួរតែសិក្សាអំពីដើមអំពៅ ។
ដើមអំពៅពិតមែនតែផ្អែមគល់ សាបចុង ប៉ុន្តែមានលក្ខណៈមួយទៀតដែលយើងត្រូវសិក្សា គឺដើម អំពៅភាគច្រើន គឺរមែងត្រង់ ។ យើងត្រូវកាន់យកគតិទៀងត្រង់ ពោលគឺស្មោះត្រង់ដល់គ្នានិងគ្នា ស្មោះ ត្រង់ចំពោះការងារ ប្រព្រឹត្តតែសុចរិត មានការរាប់អាន មានការអាណិត រាគៈសាបពិតតែចិត្តនៅផ្អែម គឺ ផ្អែមដោយសច្ចៈ ។
ផ្ទុយពីការបរិភោគកាម គឺការប្រព្រឹត្តធម៌ ។ ការប្រព្រឹត្តធម៌ រមែងនាំមកនូវសេចក្តីសុខស្ងប់ច្រើនឡើងៗ ដូចជាការបរិភោគអំពៅពីចុងដេញមករកគល់អ៊ីចឹងដែរ ។
