បណ្ណសារប្លក

ឆ្នាំងដី

ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមាន សេចក្តីស្លាប់នៅពីខាងមុខ ។ ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ឆ្នាំងទាំង អស់នោះ មានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។

ព្រះបរមសាស្តា ទ្រង់មានបន្ទូល ដូច្នេះតទៅទៀតថា ៖

វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងរបស់ខ្លួន តថាគតបានធ្វើទុកហើយ ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះ បង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបានមិនខាន ។

ព្រះឱវាទក្នុងមហាបរិនិព្វានសូត្រ

បណ្ឌិត ដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី

គប្បីរក្សាចិត្តនេះ ដូចជាគេរក្សានូវនគរ យ៉ាងនោះឯង

គប្បីច្បាំងជាមួយនឹងមារ ដោយអាវុធ គឺបញ្ញា

គប្បីរក្សានូវជម្នះ ដែលបានឈ្នះហើយ

តែមិនត្រូវជាប់ជំពាក់ក្នុងជម្នះនោះឡើយ ។

ធម្មបទ ចិត្តវគ្គ

ឃ្មុំនិងរុយ

ឃ្មុំជាសត្វដែលមានសេចក្តីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង ។

រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិតនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូច មេឃនិងដី ។ រុយចូលចិត្តតែរបស់ស្មោកគ្រោក ស្អុយរលួយ និងចម្លងរោគផ្សេងៗ ឲ្យដល់មនុស្សជា ដើម ។

មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗ គ្នាដែរ ប៉ុន្តែដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នា នោះគឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្ន ព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្ស យើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង ។

រុយចូលចិត្តលាមក

មនុស្សគម្រក់សេពអធម៌

ឃ្មុំចូលចិត្តកេសរ

ជាតិមនុស្សល្អចូលចិត្តបុណ្យ ។