បណ្ណសារប្លក

គុម្ពឫស្សី

ដើមឫស្សីដុះជុំគ្នាជាគុម្ព យើងអាចសិក្សាពីការព្រមព្រៀងគ្នាក្នុងសង្គម ខ្យល់បក់មិនរលំ ព្រោះជួយ ទប់គ្នា ។ ដើម្បីការព្រមព្រៀងគ្នា យើងត្រូវចេះឲ្យតម្លៃ ឲ្យកិត្តិយសដល់អ្នកដទៃ ឬក៏ឲ្យនូវអ្វីៗ ដែលអាច ធ្វើឲ្យអ្នកដទៃមានទឹកចិត្ត ល្មមនឹងស្មោះត្រង់រកគ្នាបាន ។

គុម្ពឫស្សី រមែងមានបន្លាព័ទ្ធជុំវិញគល់ខាងក្រោម ជាប្រយោជន៍ការពារខ្លួន មិនឲ្យគេចូលមកកាប់ ទម្លាយបានដោយងាយ និងការពារទំពាំងរបស់ខ្លួន ។ មនុស្សយើងក៏ដូចគ្នា ត្រូវចេះរបៀបការពារខ្លួន ការពារទ្រព្យសម្បត្តិ រក្សាវង្សត្រកូលទុកក្នុងសេចក្តីថ្លៃថ្នូរ និងរក្សានូវអ្វីៗ ទៀត តាមដែលត្រូវថែរក្សា ។ ការថែរក្សា និងការពារនេះគឺជាស្មារតីប្រុងប្រយ័ត្ន ប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ មិនមែនជាការ ហួងហែង ប្រកាន់មាំព្រោះសេចក្តីវង្វេងនោះឡើយ ។

បើនិយាយអំពីប្រយោជន៍វិញ ឫស្សីមានប្រយោជន៍ដល់ការប្រើប្រាស់ច្រើនណាស់ ដូចជាក្បូន រនាប បំពង់ទឹក ក្លាក់ បង្អោង បង្គី រោង រន្ទា ជាដើម ។

មនុស្សយើងកើតមក ក៏គួរតែជាមនុស្សដែលមានប្រយោជន៍ដល់អ្នកដទៃ ត្រូវសិក្សាអំពីធម្មជាតិដែល មានប្រយោជន៍ក្នុងលោក និងត្រូវគិតថា “ អាត្មាអញកំពុងធ្វើអ្វី “ ។

ឫស្សីអាងបន្លាការពារខ្លួន

ប្រាជ្ញអាចច្បាប់ក្បួនការពារខុស

ឫស្សីបែកគុម្ពទំពាំងដុះ

សាមគ្គីគ្នារស់បែកគ្នាស្លាប់ ។