បណ្ណសារប្លក

បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក

  ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ

  យោ  ច  បុព្វេ  បមជ្ជិត្វា                បច្ឆា  សោ  នប្បមជ្ជតិ

  សោមំ  លោកំ  បភាសេតិ           អព្ភា  មុត្តោវ  ចន្ទិមា ។

   បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។

 

Read the rest of this entry

បណ្ឌិត​ត្រេក​អរ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ រមែង​នៅ​ជា​សុខ

ព្រះ​គាថា​នេះ​ ទ្រង់ប្រារព្ធចំពោះ​ព្រះមហាកប្បិនត្ថេរ ឧទានថា “សុខហ្ន៎” 

ធម្មបីតិ សុខំ សេតិ                 វិប្បសន្នេន ចេតសា

អរិយប្បវេទិតេ ធម្មេ                សទា រមតិ បណ្ឌិតោ ។

បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែល​ព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។

 

Read the rest of this entry

ឋិត​នៅ​ទី​ណា​ ក៏​គេច​មិន​ផុត​ពី​សេចក្តី​ស្លាប់

   ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រះបាទសុប្បពុទ្ធសក្យៈ

    ន  អន្តលិក្ខេ  ន  សមុទ្ទមជ្ឈេ                 

    ន    បព្វតានំ    វិវរំ    បវិស្ស

    ន  វិជ្ជតេ  សោ  ជគតិប្បទេសោ

    យត្រដ្ឋិតំ  នប្បសហេយ្យ  មច្ចុ  ។

បុគ្គលទោះបីចូលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនអាចរួចចាកសេចក្តី​ស្លាប់​បានឡើយ ព្រោះប្រទេសលើផែនដី [ សូម្បីប៉ុនចុងសក់ ] ដែលបុគ្គលស្ថិតនៅហើយ សេចក្តីស្លាប់ គ្រប​សង្កត់មិនបាននោះមិន​មានឡើយ  ។

ប្រយោជន៍​រមែង​កន្លង​បង់​ នូវ​មនុស្ស​ល្ងង់​ខ្លៅ

  នក្ខត្តំ  បដិមានេន្តំ                     អត្ថោ  ពាលំ  ឧបច្ចគា

  អត្ថោ  អត្ថស្ស  នក្ខត្តំ                កឹ  ករិស្សន្តិ  តារកា  ។

  ប្រយោជន៍រមែងកន្លងបង់នូវមនុស្សល្ងង់ដែលរាប់អាននូវនក្ខត្តឫក្ស ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ ឯផ្កាយទាំងឡាយ នឹងធ្វើអ្វីបាន [ តើដួងផ្កាយទាំងឡាយព្ធដ៏អាកាសក្រៅពីនេះ នឹងញ៉ាំងប្រយោជន៍ឲ្យសម្រេច​ដូចម្តេចបាន ] ។

( នក្ខត្តជាតក បិដកលេខ ៥៨ ទំព័រ ២២ )

ពាក្យថា ប្រយោជន៍ជានក្ខត្តឫក្សរបស់ប្រយោជន៍ មានន័យថា បុគ្គលស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍ដែល​គេបានហើយនោះឯង ឈ្មោះថាជានក្ខត្តឫក្សរបស់ប្រយោជន៍ ។

អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០

  ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ

  បុត្តេហិ  ទារេហិ  ចតុប្បាទេហិ  ច

  ស  ភោគវា  ហោតិ  យសស្សី  បូជិតោ

  ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ  ។

  បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វ​ជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។

  សទ្ធាយ  សីលេន  ច  យោធ  វឌ្ឍតិ

  បញ្ញាយ  ចាគេន  សុតេន  ចូភយំ

  សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ

  ទិដ្ឋេវ  ធម្មេ  ឧភយេន  វឌ្ឍតិ  ។

  បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈ​ទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុង​បច្ចុប្បន្ននេះឯង ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )

មច្ចុ​នាំ​អ្នក​វង្វេង​ ឲ្យ​នៅ​ក្នុង​អំណាច​របស់​ខ្លួន

ព្រះគាថានេះ ព្រះអង្គទ្រង់ប្រារព្ធចំពោះនាងបតិបូជិកា

បុប្ផានិហេវ  បចិនន្តំ                        ព្យាសត្តមនសំ  នរំ

អតិត្តំយេវ  កាមេសុ                       អន្តកោ  កុរុតេ  វសំ  ។

មច្ចុរាជរមែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើសយកផ្កាឈើ​ទាំងឡាយ គឺបញ្ចកាមគុណ ជាអ្នកមិនចេះឆ្អែតក្នុងកាមទាំងឡាយ ឲ្យចូលកាន់អំណាចរបស់ខ្លួន ។

អធិប្បាយ

បុប្ផានិហេវ បចិនន្តំ អ្នករវល់តែជ្រើសរើសនូវផ្កាឈើ គឺកាមគុណទាំងឡាយ ដែលជាប់ដោយអត្តភាព និងជាប់​ដោយគ្រឿងឧបភោគ ដូចនាយមាលាការ ជ្រើសរើសនូវផ្កាឈើផ្សេងៗ នៅក្នុងសួនច្បារដូច្នោះ ។

ព្យាសត្តមនសំ នរំ អ្នកមានចិត្តរាយមាយ ដោយអាការផ្សេងៗ ក្នុងអារម្មណ៍ដែលមិនទាន់មកដល់ហើយ ដោយ​អំណាចនៃសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ដែលមកដល់ហើយ ដោយអំណាចនៃសេចក្តីត្រេកអរ ។

អតិត្តំយេវ កាមេសុ អ្នកមិនចេះឆ្អែតឆ្អន់ក្នុងវត្ថុកាម និងកិលេសកាមទាំងឡាយនុ៎ះឯង ដោយការស្វែងរកខ្លះ ដោយការបានខ្លះ ដោយការប្រើប្រាស់ខ្លះ ដោយការថែរក្សាខ្លះ ។

អន្តកោ កុរុតេ វសំ មច្ចុពោលគឺមរណៈ នាំនរជនដែលកន្ទក់កន្ទេញ ទួញយំ រៀបរាប់មកក្នុងអំណាចរបស់ខ្លួន។

ទុក្ខ​សោក​ កើត​ឡើង​អំពី​កាម

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះអន្តិត្ថិគន្ធកុមារ

កាមតោ  ជាយតេ  សោកោ                     កាមតោ  ជាយតេ  ភយំ

កាមតោ  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា កាម បានដល់ វត្ថុកាម និងកិលេសកាម អធិប្បាយថា សេចក្តីសោកក្តី ភ័យក្តី រមែងអាស្រ័យកាមទាំងពីរ​នោះ កើតឡើង ។

ក្រ​ ៤​ យ៉ាង

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឯរកបត្តនាគរាជ

កិច្ឆោ  មនុស្សប្បដិលាភោ               កិច្ឆំ  មច្ចាន  ជីវិតំ

កិច្ឆំ  សទ្ធម្មស្សវនំ                             កិច្ឆោ  ពុទ្ធានមុប្បាទោ  ។

ការបានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅរបស់សត្វទាំងឡាយ ជាការក្រ ការបានស្តាប់ព្រះសទ្ធម្ម ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។

អធិប្បាយ

ឈ្មោះថា ការបានអត្តភាពជាមនុស្ស ឈ្មោះថា ជាការក្រ គឺរកបានដោយកម្រ ព្រោះភាពជាមនុស្ស បុគ្គលត្រូវ​បានដោយសេចក្តីព្យាយាមដ៏ច្រើន ដោយកុសលដ៏ច្រើន ។

ជីវិតរបស់សត្វទាំងឡាយ ក៏ឈ្មោះថា ជាការក្រ ព្រោះធ្វើការងារ មានកសិកម្មជាដើមញឹកញាប់ ដើម្បីចិញ្ចឹមជីវិត និងព្រោះជីវិត ជារបស់មានប្រមាណតិច ។

ការស្តាប់ព្រះសទ្ធម្ម ក៏ឈ្មោះថាជាការក្រ ព្រោះកម្រមានបុគ្គលដែលចេះសម្តែងធម៌ដ៏កម្ររក ក្នុងប្រមាណនៃ​កោដិ​កប្ប មិនមែនតិច ។

មួយទៀត ការឧប្បតិ្តក ( កើតឡើង ) នៃព្រះពុទ្ធទាំងឡាយ ក៏ជាការកម្រដូចគ្នា ព្រោះអភិនីហារ បារមីសម្រេច​ដោយសេចក្តីព្យាយាមច្រើន និងព្រោះការកើតឡើងនៃលោកអ្នកមានអភិនីហារ បារមីដែលសម្រេចហើយ ជាការ​កើតឡើងបានដោយកម្រ ដោយពាន់នៃកោដិកប្ប ។

ចំណេះ​ដឹង​ កើត​ឡើង​ដល់​​បុគ្គល​ពាល​ ដើម្បី​តែ​សេចក្តី​វិនាស

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសដ្ឋីកូដប្រេត

យាវទេវ  អនត្ថាយ              ញត្តំ  ពាលស្ស  ជាយតិ

ហន្តិ  ពាលស្ស  សុក្កំសំ     មុទ្ធំ  អស្ស  វិបាតយំ  ។

ចំណេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លិច​បំផ្លាញធម៌ដែលជាចំណែក-ស គឺកុសល របស់បុគ្គលពាលនោះ ។

អធិប្បាយ

ចំណេះដឹង ឈ្មោះថា ញត្តំ

បុគ្គលចេះនូវសិល្បវិជ្ជាឯណានីមួយ, តាំងនៅក្នុងភាពជាធំឯណានីមួយ ឬដល់ព្រមដោយយសឯណានីមួយ ដែល​ជនរមែងដឹង គឺប្រាកដ បានដល់អ្នកដឹងទូទៅ ( ដែលគេស្គាល់ច្រើន ) ។

ពាក្យថា ញត្តំ នេះ ជាឈ្មោះនៃសិល្បវិជ្ជា ភាពជាធំ និងយសនោះឯង ។

ប្រាកដណាស់ សិល្បវិជ្ជា ឥស្សរិយៈ ( ភាពជាធំ ) ជាដើម កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាស​ប៉ុណ្ណោះ គឺបុគ្គលពាលនោះ អាស្រ័យសិល្បវិជ្ជានោះហើយ រមែងធ្វើសេចក្តីវិនាសឲ្យដល់ខ្លួនឯងតែម្យ៉ាង ។

អ្នក​ដែល​ពោល​ពាក្យ​មិន​ពិត​ រមែង​ទៅ​កាន់​នរក

អភូតវាទី  និរយំ  ឧបេតិ  អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ។

ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធនាងបរិព្វាជិកាឈ្មោះសុន្ទរី ។

ដើមរឿង មកអំពីលាភសក្ការៈបីដូចក្រសែទឹកនៃបញ្ចមហានទី កើតឡើងដល់ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុ​សង្ឃ ឯចំណែកពួកអន្យតិរ្ថិយ៍ក៏សាបសូន្យចាកលាភសក្ការៈ ដូចជាអំពិលអំពែកក្នុងវេលាព្រះអាទិត្យរះឡើង ដូច្នោះឯង ។ ព្រោះហេតុនោះ ទើបពួកអន្យតិរ្ថិយ៍មានគំនិតអាក្រក់ ហើយចាត់ចែងឲ្យនាងសុន្ទរីពោលកុហកពួក​ពុទ្ធបរិស័ទថា ខ្លួនបានទៅរួមអភិរម្យដោយកិលេសក្នុងព្រះគន្ធកុដិ ជាមួយនឹងព្រះសមណគោតម ។ លុះក្រោយ​មក បានជួលពួកអ្នកលេងឲ្យសម្លាប់នាងសុន្ទរី ហើយកប់សពក្បែរព្រះគន្ធកុដិនាវត្តជេតពននោះឯង គឺដើម្បី​ទម្លាក់កំហុសចំពោះភិក្ខុសង្ឃ ។ រឿងរ៉ាវអាក្រក់ទាំងអស់ ត្រូវបែកការណ៍ ព្រោះពួកអ្នកលេងស្រវឹងស្រាឈ្លោះគ្នា​និយាយចេញមក ។ ចំពោះរឿងនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា អភូតវាទី និរយំ ឧបេតិ … អភូតវាទី គឺរកកំហុសអ្នកដទៃមិនបាន ក៏ក្លែងរឿងពោលចោទប្រកាន់ដោយពាក្យមិនពិត ។

ព្រះគាថាទ្រង់ប្រារព្ធនាងសុន្ទរី ៖

អភូតវាទី  និរយំ  ឧបេតិ

យោ  វាបិ  កត្វា  ន  ករោមីតិ  ចាហ

ឧភោបិ  តេ  បេច្ច  សមា  ភវន្តិ

និហីនកម្មា  មនុជា  បរត្ថ  ។

អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ឬបុគ្គលណាធ្វើអំពើអាក្រក់ហើយ និយាយថាអញមិនធ្វើទេ បុគ្គលនោះ ក៏ធ្លាក់នរកដូចគ្នាដែរ ។ ជនទាំងពីរពួកនោះ ដែលមានអំពើថោកទាបដូចគ្នា លុះលះលោកនេះ​ទៅហើយ រមែងជាអ្នកស្មើគ្នាដោយគតិក្នុងលោកខាងមុខ ។

តក់ៗ​ ពេញបំពង់

ព្រះ​គាថា​នេះ​ ទ្រង់​ប្រារព្ធ​ចំពោះ​ពិឡាលបទកសេដ្ឋី​ ( សេដ្ឋីជើងឆ្មា )

មាវមញ្ញេថ  បុញ្ញស្ស                ន  មត្តំ  អាគមិស្សតិ

ឧទពិន្ទុនិបាតេន                       ឧទកុម្ភោបិ  បូរតិ

បូរតិ  ធីរោ  បុញ្ញស្ស                  ថោកំ  ថោកំបិ  អាចិនំ  ។

បុគ្គលមិនគួរមើលងាយបុណ្យថា មានប្រមាណតិច និងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែង ពេញបានដោយតំណក់ទឹក ដែលធ្លាក់ចុះយ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញ បានដោយបុណ្យ យ៉ាងនោះដែរ ។

អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ

អានិសង្សនៃភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាវិញ រមែងទទួលនូវបុណ្យ​ដ៏ប្រសើរ ។

សុខា  សង្ឃស្ស  សាមគ្គី                   សមគ្គានញ្ចនុគ្គហោ

សមគ្គរតោ          ធម្មដ្ឋោ                   យោគកេ្ខមា  ន  ធំសតិ

សង្ឃំ    សមគ្គំ      កត្វាន                  កប្បំ  សគ្គម្ហិ  មោទតីតិ ។

សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា ( ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប ។

( បិដកលេខ ៥០ ទំព័រ ១៦៦ និងលេខ ៥៣ ទំព័រ ១៧ )

ទោសនៃភិក្ខុអ្នកបំបែកសង្ឃ

អាបាយិកោ  នេរយិកោ                      កប្បដ្ឋោ  សង្ឃភេទកោ

វគ្គរតោ            អធម្មដ្ឋោ                         យោគក្ខេមតោ   ធំសតិ

សង្ឃំ   សមគ្គំ   ភេត្វាន                           កប្បំ  និរយម្ហិ  បច្ចតិ  ។

ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនតាំងខ្លួននៅក្នុងធម៌ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅ អស់ មួយកប្ប រមែងឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈ ភិក្ខុបំបែកសង្ឃ ដែលព្រមព្រៀងគ្នា រមែងឆេះនៅក្នុង នរក អស់មួយកប្ប ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៦៤ )

បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ

កតបុញ្ញោ ឧភយត្ថ មោទតិ បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយក្នុងលោកទាំងពីរ ។

បទថា កតបុញ្ញោ ជាដើម ដោយសេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយការ​រីករាយ ព្រោះអំពើក្នុងលោកនេះថា អំពើអាក្រក់ យើងមិនបានធ្វើឡើយ ចំណែកអំពើល្អ យើងបានធ្វើហើយ ។ រមែងរីករាយក្នុងលោកខាងមុខ ព្រោះដែលឈ្មោះថា បុណ្យ ដោយអត្ថថា មានវិបាកជាសុខ ។

ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់បា្ររព្ធធម្មិកឧបាសក ។ ធម្មិកឧបាសក ជា​អ្នកប្រព្រឹត្តធម៌ ទាំងបុត្រទាំងភរិយា ជាអ្នកមានសីល មានកល្យាណធម៌ ត្រេកអរក្នុងការចែកទាន រស់នៅក្នុង​ក្រុងសាវត្ថី ។ នៅពេលមានជំងឺ គាត់មានបំណងស្តាប់ធម៌ ទើបឲ្យកូនទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ និមន្ត​ភិក្ខុសង្ឃសូត្រសតិប្បដ្ឋានសូត្រ ។ នៅពេលកំពុងស្តាប់ធម៌នោះ ទេវតានាំរាជរថពីទេវលោកទាំង ៦ ឋាន មក​អញ្ជើញគាត់ទៅទេវលោក ។ ធម្មិកឧបាសក ចុតិហើយបដិសន្ធិក្នុងរាជរថស្ថានតុសិត មានទេពអប្សរមួយពាន់​ហែហមទៅកាន់ស្ថានសួគ៌ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ព្រះគាថា៖

ឥធ  មោទតិ  បេច្ច  មោទតិ           កតបុញ្ញោ ឧភយត្ថ មោទតិ

សោ មោទតិ សោ បមោទតិ          ទិស្វា  កម្មវិសុទ្ធិមត្តនោ  ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។

បរិយត្តិជាឫសគល់នៃព្រះពុទ្ធសាសនា

យាវ   តិដ្ឋន្តិ  សុត្តន្តា           វិនយោ យាវ ទិប្បតិ

តាវ ទក្ខន្តិ អាលោកំ          សូរិយេ អព្ភុដ្ឋិតេ យថា ។

កាលព្រះសូត្រ និង ព្រះអភិធម្ម ឋិតនៅដរាបណា ព្រះវិន័យរុងរឿង ដរាបណា ( ផ្លូវបដិបត្តិ ) ក៏គង់នៅដរាប នោះ ដូចកាលព្រះអាទិត្យរះឡើង ស្វាងស្វៃ ដូច្នោះ ។

សុត្តន្តេសុ     អសន្តេសុ        បមុដ្ឋេ     វិនយម្ហិ   ច

តមោ ភវិស្សតិ លោកេ        សូរិយេ អត្ថង្គតេ យថា ។

កាលព្រះសូត្រ និង ព្រះអភិធម្ម មិនមាន ព្រះវិន័យក៏សាបសូន្យ ងងឹតក៏នឹងកើតឡើងក្នុងលោក ដូចព្រះអាទិត្យ អស្តង្គត ដូច្នោះ ។

សុត្តន្តេសុ រក្ខិតេ សន្តេ          បដិបត្តិ ហោតិ រក្ខិតា

បដិបត្តិយំ  ឋិតោ  ធីរោ         យោគក្ខេមា ន ធំសតិ ។

កាលព្រះសូត្រ និង ព្រះអភិធម្ម ដែលបានទទួលការរក្សានៅមាន ការបដិបត្តិក៏ឈ្មោះថា បានទទួលការរក្សា​ទុកផង ភិក្ខុជាបណ្ឌិតតាំងនៅក្នុងការបដិបត្តិហើយ រមែងមិនឃ្លាតចាកធម៌ ជាទីក្សេមចាកយោគៈឡើយ ។

( អង្គុត្តរនិកាយ អដ្ឋកថា )

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ

អប្បមាទរតា ហោថ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ។

ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅវត្តជេតពន ព្រះអង្គបានប្រារព្ធដំរីឈ្មោះបាវេរកៈ ជាដំរីរបស់ ព្រះបាទបសេនទិកោសល ។ ដំរីនោះឯងជាប់ភក់ រើខ្លួនមិនរួច នាយហត្ថាចារ្យបានរៀបចំដូចចូលកាន់សមរភូមិ ក្នុងទីនោះ ហើយឲ្យទូងស្គរចម្បាំងឡើង ។ ដំរីមានជាតិជាប់ដោយមានះ ធ្លាប់ចូលកាន់សមរភូមិប្រយុទ្ធ ក៏ស្ទុះ ដោយកម្លាំងចិត្តផ្សំនឹងកម្លាំងកាយ ក៏តាំងនៅលើគោកបាន ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហេតុការណ៍នោះ​ហើយ ព្រះអង្គទ្រង់ត្រាស់ដាស់តឿនភិក្ខុទាំងឡាយឲ្យរើខ្លួនចាកភក់ គឺកិលេស ដោយប្រារព្ធសេចក្តីព្យាយាម​ ។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវព្រះគាថាថា ៖

អប្បមាទរតា  ហោថ                សចិត្តមនុរក្ខថ

ទុគ្គា  ឧទ្ធរថត្តានំ                     បង្កេ  សន្នោវ  កុញ្ជរោ ។

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូរតាមរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនឡើងចេញចាកភក់ គឺ កិលេស ដែលឆ្លងបានដោយក្រ ដូចដំរីដែលជាប់នៅក្នុងភក់ ហើយរើខ្លួនរួចបាន ដូច្នោះឯង ។

បទថា អប្បមាទរតា ដោយសេចក្តីថា អ្នកទាំងឡាយ ចូរត្រេកអរក្នុងការនៅមិនប្រាសចាកសតិ ។

បទថា សចិត្តំ ដោយសេចក្តីថា ចូររក្សាចិត្តរបស់ខ្លួនក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម មិនឲ្យរូបជាដើម​នោះ គ្របសង្កត់ចិត្តបាន ។

បទថា សន្នោ ដោយសេចក្តីថា ដំរីព្យាយាមរើខ្លួនចាកភក់ ហើយតាំងនៅលើគោក យ៉ាងណា​ អ្នកទាំងឡាយ ចូររើ ខ្លួនចាកភក់គឺកិលេស ហើយតាំងនៅលើគោក គឺព្រះនិព្វាន ក៏យ៉ាងនោះដែរ ។

កាលចប់ព្រះធម៌ទេសនា ភិក្ខុទាំងនោះបានតាំងនៅក្នុងព្រះអរហត្តផល ។

ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង

និព្វានំ បរមំ សុខំ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ពាក្យនេះ ប្រារព្ធចំពោះឧបាសកម្នាក់ នៅនគរអាឡវីផង និងទ្រង់ប្រារព្ធចំពោះ ព្រះបាទបសេនទិកោសលផង ។

ព្រះនិព្វានជាបរមសុខ ព្រោះការអស់ទៅនៃទុក្ខទាំងពួង ព្រះនិព្វានគឺជាទុក្ខនិរោធអរិយសច្ច ។ ពាក្យថា ទុក្ខទាំង​ពួង គឺជាវដ្តសង្សារដែលសន្មតថាជាយើង ថាជាគេម្នាក់ៗ រៀងៗ ខ្លួនហ្នឹងឯង ។ វដ្តសង្សារ គឺជាតំណនៃខន្ធ មួយ ខណៈៗ អស់ពីមួយជាតិ តមួយជាតិ ដោយមិនដឹងទីបំផុតខាងដើមពីត្រឹមណាមក ត្រូវបញ្ចប់ដោយអរហត្តមគ្គ ​និង ទីបំផុតនៃសង្សារត្រឹមការបរិនិព្វានរបស់ព្រះអរហន្ត អស់ជាតិ អស់កំណើត ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា នាមរូបរលត់អស់មិនមានសេសសល់ ព្រោះការរលត់ទៅនៃវិញ្ញាណ ។