បណ្ណសារប្លក
ធម្មទានឈ្នះអស់ទានទាំងពួង
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសក្កទេវរាជ
សព្វទានំ ធម្មទានំ ជិនាតិ សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតិំ ធម្មរតិ ជិនាតិ តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
អធិប្បាយ
ពាក្យថា សព្វទានំ សេចក្តីថា ក៏បើបុគ្គលគប្បីថ្វាយត្រៃចីវរស្មើដោយបណ្តូលចេក ចំពោះព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពទាំងឡាយ ដែលអង្គុយជាប់ៗ គ្នាក្នុងបន្ទប់ចក្រវាល រហូតដល់ព្រហ្មលោក, ការអនុមោទនា ដែលព្រះពុទ្ធអង្គជាដើម ទ្រង់ធ្វើហើយដោយព្រះគាថា ៤ បាទ ក្នុងសមាគមនោះប្រសើរជាង ទាននោះ មិនមានតម្លៃដល់នូវចំណិតទី ១៦ នៃព្រះគាថានោះ ការសម្តែងក្តី ការទូន្មានក្តី ការស្តាប់នូវធម៌ក្តី ជាគុណដ៏ធំ ដោយប្រការដូច្នេះ ។ មួយទៀត បុគ្គលបបួលអ្នកដទៃឲ្យស្តាប់ធម៌ អានិសង្សដ៏ច្រើនលើសលុប រមែងមានដល់បុគ្គលនោះ ។ ធម្មទាននុ៎ះឯង ដែលព្រះពុទ្ធជាដើមធ្វើឲ្យប្រព្រឹត្តទៅហើយ ដោយអំណាចការអនុមោទនាដោយព្រះគាថា ៤ បាទ ប្រសើរជាងទានដែលទាយក ដាក់បាត្រឲ្យពេញដោយបិណ្ឌបាត ដ៏ប្រណីត ហើយប្រគេនដល់បរិស័ទបែបនោះ ជាងភេសជ្ជទាន ដែលទាយកដាក់បាត្រឲ្យពេញដោយទឹកដោះថ្លា និងប្រេងជាដើម ហើយប្រគេនដល់បរិស័ទមានសភាពបែបនោះ ជាងសេនាសនទាន ដែលទាយកកសាងវិហារ ដូចមហាវិហារ ប្រាសាទ ដូចលោហប្រាសាទ រាប់សែន ហើយវេរប្រគេន ជាងការបរិច្ចាគដែលអនាថបិណ្ឌិកសេដ្ឋីជាដើម ប្រារព្ធនូវវិហារទាំងឡាយ ហើយធ្វើ ។ ព្រោះហេតុអ្វី? ព្រោះថាជនទាំងឡាយ កាលនឹងធ្វើបុណ្យបែបនោះ ការស្តាប់ធម៌ហើយប៉ុណ្ណោះ ទើបអាចធ្វើកើត កាលមិនបានស្តាប់ទេ ក៏មិនអាចធ្វើទៅកើតដែរ ប្រសិនបើសត្វទាំងនោះ មិនបានស្តាប់ធម៌សោត គេក៏មិនគប្បីប្រគេនបបរមួយបោយ បាយមួយវែកបានឡើយ ព្រោះហេតុនោះ ធម្មទាននុ៎ះឯង ទើបប្រសើរជាងទានគ្រប់ប្រភេទទាំងអស់ ។
ម្យ៉ាងទៀត វៀរព្រះពុទ្ធនិងព្រះបច្ចេកពុទ្ធចេញ សូម្បីសាវ័កទាំងឡាយ មានព្រះសារីបុត្រជាដើម អ្នកប្រកបដោយបញ្ញា ដែលអាចរាប់តំណក់ទឹកបាន ក្នុងកាលភ្លៀងធ្លាក់រហូតដល់អស់កប្ប ទាំងមូល ក៏មិនអាចនឹងសម្រេចសោតាបត្តិផលជាដើម ដោយធម្មតារបស់ខ្លួនបាន, លុះតែបានស្តាប់ធម៌ដែលព្រះអស្សជិត្ថេរជាដើម សម្តែងហើយ ទើបធ្វើឲ្យសម្រេចនូវសោតាបត្តិផល និងធ្វើឲ្យជាក់ច្បាស់នូវសាវកបារមីញាណ ដោយព្រះធម៌ទេសនារបស់ព្រះសាស្តា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា “សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់អាមិសទានទាំងពួង” ។
រសដ៏ឧត្តមដែលកើតអំពីដើមឈើគ្រប់ប្រភេទ រសនៃសុធាភោជន៍របស់ទេវតាទាំងឡាយ រមែងជាបច្ច័យធ្វើឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខច្រើនប្រការ ។ ចំណែកធម្មរស ពោលគឺ ពោធិបក្ខិយធម៌ ៣៧ ប្រការ ពោលគឺ លោកុត្តរធម៌ ៩ ប្រការនេះឯង ប្រសើរជាងរសទាំងពួង ។ ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា “សព្វរសំ ធម្មរសោ ជិនាតិ ធម្មរសឈ្នះអស់រសទាំងពួង” ។
សេចក្តីត្រេកអរទាំងពួង មានសេចក្តីត្រេកអរក្នុងបុត្រ ធីតា ទ្រព្យ ស្រី និងសេចក្តីត្រេកអរគ្រប់ប្រភេទ មានសេចក្តីត្រេកអរក្នុងការងារ រាំ ច្រៀង ដេញ ប្រគំ ជាដើម រមែងជាបច្ច័យនាំឲ្យសត្វធ្លាក់ទៅក្នុងសង្សារវដ្ត ហើយរងទុក្ខដោយពិត ចំណែកការឆ្អែតចិត្ត ដែលកើតឡើងខាងក្នុង របស់អ្នកស្តាប់ក្តី អ្នកសម្តែងនូវធម៌ក្តី រមែងធ្វើឲ្យកើតសេចក្តីរីករាយនៃចិត្ត ឲ្យទឹកភ្នែកហូរ ឲ្យព្រឺរោម សេចក្តីឆ្អែតចិត្តនោះ រមែងធ្វើទីបំផុតនៃសង្សារវដ្ត មានព្រះអរហត្តជាបរិយោសាន, សេចក្តីត្រេកអរក្នុងធម៌បែបនេះឯង ប្រសើរជាងសេចក្តីត្រេកអរទាំងពួង ។ ព្រោះហេតុនោះ ព្រះបរមសាស្តា ទើបត្រាស់ថា “សព្វរតឹ ធម្មរតិ ជិនាតិ សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង” ។
ចំណែកការអស់ទៅនៃតណ្ហា គឺព្រះអរហត្តដែលកើតឡើងក្នុងទីបំផុត នៃការអស់ទៅនៃតណ្ហា, ព្រះអរហត្តនោះប្រសើរជាងវត្ថុគ្រប់យ៉ាងទាំងអស់ ព្រោះអាចគ្របសង្កត់វដ្តទុក្ខទាំងពួង ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបត្រាស់ថា “តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ការអស់ទៅនៃតណ្ហា ឈ្នះអស់កងទុក្ខទាំងពួង” ។
បណ្ឌិតត្រេកអរក្នុងធម៌របស់ព្រះអរិយៈ រមែងនៅជាសុខ
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រះមហាកប្បិនត្ថេរ ឧទានថា “សុខហ្ន៎”
ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
អរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។
បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។
ឋិតនៅទីណា ក៏គេចមិនផុតពីសេចក្តីស្លាប់
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រះបាទសុប្បពុទ្ធសក្យៈ
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតេ សោ ជគតិប្បទេសោ
យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។
បុគ្គលទោះបីចូលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនអាចរួចចាកសេចក្តីស្លាប់បានឡើយ ព្រោះប្រទេសលើផែនដី [ សូម្បីប៉ុនចុងសក់ ] ដែលបុគ្គលស្ថិតនៅហើយ សេចក្តីស្លាប់ គ្របសង្កត់មិនបាននោះមិនមានឡើយ ។
ទុក្ខសោក កើតឡើងព្រោះតម្រេក
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះស្តេចលិច្ឆវី
រតិយា ជាយតេ សោកោ រតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា រតិ ( តម្រេក ) បានដល់ តម្រេកក្នុងកាមគុណ ៥ ។ [ សេចក្តីសោក និងភ័យ កើតឡើងព្រោះតម្រេកក្នុងកាមគុណ ៥ នោះ ] ។
ទុក្ខសោក កើតឡើងព្រោះអាស្រ័យសេចក្តីស្រឡាញ់
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឧបាសិកាវិសាខា
បេមតោ ជាយតេ សោកោ បេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា បេមតោ បានដល់ សេចក្តីស្រឡាញ់ក្នុងបុត្រ និងធីតាជាដើម ។
ទុក្ខសោក កើតឡើងអំពីកាម
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះអន្តិត្ថិគន្ធកុមារ
កាមតោ ជាយតេ សោកោ កាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា កាម បានដល់ វត្ថុកាម និងកិលេសកាម អធិប្បាយថា សេចក្តីសោកក្តី ភ័យក្តី រមែងអាស្រ័យកាមទាំងពីរនោះ កើតឡើង ។
ទុក្ខសោក កើតឡើងព្រោះសត្វនិងសង្ខារ
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះកុដុម្ពិកម្នាក់
បិយតោ ជាយតេ សោកោ បិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា បិយតោ ជាដើម សេចក្តីថា សេចក្តីសោកក្តី ភ័យក្តី ដែលមានវដ្តៈជាមូល កាលនឹងកើតឡើង រមែងអាស្រ័យសត្វ និងសង្ខារដែលជាទីស្រឡាញ់ប៉ុណ្ណោះ, តែសេចក្តីសោក និងភ័យ ទាំងពីរនោះ រមែងមិនមានដល់ការរួចផុតចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់នោះបានហើយ ។
ភ័យ និងសេចក្តីសោកលែងមាន ព្រោះរួចស្រឡះចាកតណ្ហា
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
តណ្ហាយ ជាយតេ សោកោ តណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
អធិប្បាយ
ពាក្យថា តណ្ហា បានដល់ តណ្ហាដែលប្រព្រឹត្តទៅក្នុងទ្វារ ៦ ( មានចក្ខុទ្វារជាដើម ) អធិប្បាយថា សេចក្តីសោកជាដើម រមែងអាស្រ័យតណ្ហានោះ កើតឡើង ។
ចំណេះដឹង កើតឡើងដល់បុគ្គលពាល ដើម្បីតែសេចក្តីវិនាស
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះសដ្ឋីកូដប្រេត
យាវទេវ អនត្ថាយ ញត្តំ ពាលស្ស ជាយតិ
ហន្តិ ពាលស្ស សុក្កំសំ មុទ្ធំ អស្ស វិបាតយំ ។
ចំណេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លិចបំផ្លាញធម៌ដែលជាចំណែក-ស គឺកុសល របស់បុគ្គលពាលនោះ ។
អធិប្បាយ
ចំណេះដឹង ឈ្មោះថា ញត្តំ ។
បុគ្គលចេះនូវសិល្បវិជ្ជាឯណានីមួយ, តាំងនៅក្នុងភាពជាធំឯណានីមួយ ឬដល់ព្រមដោយយសឯណានីមួយ ដែលជនរមែងដឹង គឺប្រាកដ បានដល់អ្នកដឹងទូទៅ ( ដែលគេស្គាល់ច្រើន ) ។
ពាក្យថា ញត្តំ នេះ ជាឈ្មោះនៃសិល្បវិជ្ជា ភាពជាធំ និងយសនោះឯង ។
ប្រាកដណាស់ សិល្បវិជ្ជា ឥស្សរិយៈ ( ភាពជាធំ ) ជាដើម កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ គឺបុគ្គលពាលនោះ អាស្រ័យសិល្បវិជ្ជានោះហើយ រមែងធ្វើសេចក្តីវិនាសឲ្យដល់ខ្លួនឯងតែម្យ៉ាង ។
អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក
អភូតវាទី និរយំ ឧបេតិ អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ។
ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធនាងបរិព្វាជិកាឈ្មោះសុន្ទរី ។
ដើមរឿង មកអំពីលាភសក្ការៈបីដូចក្រសែទឹកនៃបញ្ចមហានទី កើតឡើងដល់ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃ ឯចំណែកពួកអន្យតិរ្ថិយ៍ក៏សាបសូន្យចាកលាភសក្ការៈ ដូចជាអំពិលអំពែកក្នុងវេលាព្រះអាទិត្យរះឡើង ដូច្នោះឯង ។ ព្រោះហេតុនោះ ទើបពួកអន្យតិរ្ថិយ៍មានគំនិតអាក្រក់ ហើយចាត់ចែងឲ្យនាងសុន្ទរីពោលកុហកពួកពុទ្ធបរិស័ទថា ខ្លួនបានទៅរួមអភិរម្យដោយកិលេសក្នុងព្រះគន្ធកុដិ ជាមួយនឹងព្រះសមណគោតម ។ លុះក្រោយមក បានជួលពួកអ្នកលេងឲ្យសម្លាប់នាងសុន្ទរី ហើយកប់សពក្បែរព្រះគន្ធកុដិនាវត្តជេតពននោះឯង គឺដើម្បីទម្លាក់កំហុសចំពោះភិក្ខុសង្ឃ ។ រឿងរ៉ាវអាក្រក់ទាំងអស់ ត្រូវបែកការណ៍ ព្រោះពួកអ្នកលេងស្រវឹងស្រាឈ្លោះគ្នានិយាយចេញមក ។ ចំពោះរឿងនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា អភូតវាទី និរយំ ឧបេតិ … ។ អភូតវាទី គឺរកកំហុសអ្នកដទៃមិនបាន ក៏ក្លែងរឿងពោលចោទប្រកាន់ដោយពាក្យមិនពិត ។
ព្រះគាថាទ្រង់ប្រារព្ធនាងសុន្ទរី ៖
អភូតវាទី និរយំ ឧបេតិ
យោ វាបិ កត្វា ន ករោមីតិ ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិ
និហីនកម្មា មនុជា បរត្ថ ។
អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ឬបុគ្គលណាធ្វើអំពើអាក្រក់ហើយ និយាយថាអញមិនធ្វើទេ បុគ្គលនោះ ក៏ធ្លាក់នរកដូចគ្នាដែរ ។ ជនទាំងពីរពួកនោះ ដែលមានអំពើថោកទាបដូចគ្នា លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នាដោយគតិក្នុងលោកខាងមុខ ។
ឋិតនៅទីណា ក៏គេចមិនផុតពីផលកម្ម
ព្រះគាថានេះ ព្រះសាស្តាទ្រង់ប្រារព្ធចំពោះជន ៣ នាក់
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតេ សោ ជគតិប្បទេសោ
យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅព្ធដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលស្ថិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ ( សូម្បីឱកាសប៉ុនចុងនៃរោមទ្រាយ ) ។
តក់ៗ ពេញបំពង់
ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះពិឡាលបទកសេដ្ឋី ( សេដ្ឋីជើងឆ្មា )
មាវមញ្ញេថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ
បូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ ។
បុគ្គលមិនគួរមើលងាយបុណ្យថា មានប្រមាណតិច និងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែង ពេញបានដោយតំណក់ទឹក ដែលធ្លាក់ចុះយ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញ បានដោយបុណ្យ យ៉ាងនោះដែរ ។
បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ
កតបុញ្ញោ ឧភយត្ថ មោទតិ បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយក្នុងលោកទាំងពីរ ។
បទថា កតបុញ្ញោ ជាដើម ដោយសេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយការរីករាយ ព្រោះអំពើក្នុងលោកនេះថា អំពើអាក្រក់ យើងមិនបានធ្វើឡើយ ចំណែកអំពើល្អ យើងបានធ្វើហើយ ។ រមែងរីករាយក្នុងលោកខាងមុខ ព្រោះដែលឈ្មោះថា បុណ្យ ដោយអត្ថថា មានវិបាកជាសុខ ។
ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់បា្ររព្ធធម្មិកឧបាសក ។ ធម្មិកឧបាសក ជាអ្នកប្រព្រឹត្តធម៌ ទាំងបុត្រទាំងភរិយា ជាអ្នកមានសីល មានកល្យាណធម៌ ត្រេកអរក្នុងការចែកទាន រស់នៅក្នុងក្រុងសាវត្ថី ។ នៅពេលមានជំងឺ គាត់មានបំណងស្តាប់ធម៌ ទើបឲ្យកូនទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ និមន្តភិក្ខុសង្ឃសូត្រសតិប្បដ្ឋានសូត្រ ។ នៅពេលកំពុងស្តាប់ធម៌នោះ ទេវតានាំរាជរថពីទេវលោកទាំង ៦ ឋាន មកអញ្ជើញគាត់ទៅទេវលោក ។ ធម្មិកឧបាសក ចុតិហើយបដិសន្ធិក្នុងរាជរថស្ថានតុសិត មានទេពអប្សរមួយពាន់ហែហមទៅកាន់ស្ថានសួគ៌ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ព្រះគាថា៖
ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។
អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ
អប្បមាទរតា ហោថ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ។
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅវត្តជេតពន ព្រះអង្គបានប្រារព្ធដំរីឈ្មោះបាវេរកៈ ជាដំរីរបស់ ព្រះបាទបសេនទិកោសល ។ ដំរីនោះឯងជាប់ភក់ រើខ្លួនមិនរួច នាយហត្ថាចារ្យបានរៀបចំដូចចូលកាន់សមរភូមិ ក្នុងទីនោះ ហើយឲ្យទូងស្គរចម្បាំងឡើង ។ ដំរីមានជាតិជាប់ដោយមានះ ធ្លាប់ចូលកាន់សមរភូមិប្រយុទ្ធ ក៏ស្ទុះ ដោយកម្លាំងចិត្តផ្សំនឹងកម្លាំងកាយ ក៏តាំងនៅលើគោកបាន ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហេតុការណ៍នោះហើយ ព្រះអង្គទ្រង់ត្រាស់ដាស់តឿនភិក្ខុទាំងឡាយឲ្យរើខ្លួនចាកភក់ គឺកិលេស ដោយប្រារព្ធសេចក្តីព្យាយាម ។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវព្រះគាថាថា ៖
អប្បមាទរតា ហោថ សចិត្តមនុរក្ខថ
ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។
អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូរតាមរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនឡើងចេញចាកភក់ គឺ កិលេស ដែលឆ្លងបានដោយក្រ ដូចដំរីដែលជាប់នៅក្នុងភក់ ហើយរើខ្លួនរួចបាន ដូច្នោះឯង ។
បទថា អប្បមាទរតា ដោយសេចក្តីថា អ្នកទាំងឡាយ ចូរត្រេកអរក្នុងការនៅមិនប្រាសចាកសតិ ។
បទថា សចិត្តំ ដោយសេចក្តីថា ចូររក្សាចិត្តរបស់ខ្លួនក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម មិនឲ្យរូបជាដើមនោះ គ្របសង្កត់ចិត្តបាន ។
បទថា សន្នោ ដោយសេចក្តីថា ដំរីព្យាយាមរើខ្លួនចាកភក់ ហើយតាំងនៅលើគោក យ៉ាងណា អ្នកទាំងឡាយ ចូររើ ខ្លួនចាកភក់គឺកិលេស ហើយតាំងនៅលើគោក គឺព្រះនិព្វាន ក៏យ៉ាងនោះដែរ ។
កាលចប់ព្រះធម៌ទេសនា ភិក្ខុទាំងនោះបានតាំងនៅក្នុងព្រះអរហត្តផល ។
ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង
និព្វានំ បរមំ សុខំ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។
ព្រះបរមសាស្តា ទ្រង់ត្រាស់ពាក្យនេះ ប្រារព្ធចំពោះឧបាសកម្នាក់ នៅនគរអាឡវីផង និងទ្រង់ប្រារព្ធចំពោះ ព្រះបាទបសេនទិកោសលផង ។
ព្រះនិព្វានជាបរមសុខ ព្រោះការអស់ទៅនៃទុក្ខទាំងពួង ព្រះនិព្វានគឺជាទុក្ខនិរោធអរិយសច្ច ។ ពាក្យថា ទុក្ខទាំងពួង គឺជាវដ្តសង្សារដែលសន្មតថាជាយើង ថាជាគេម្នាក់ៗ រៀងៗ ខ្លួនហ្នឹងឯង ។ វដ្តសង្សារ គឺជាតំណនៃខន្ធ មួយ ខណៈៗ អស់ពីមួយជាតិ តមួយជាតិ ដោយមិនដឹងទីបំផុតខាងដើមពីត្រឹមណាមក ត្រូវបញ្ចប់ដោយអរហត្តមគ្គ និង ទីបំផុតនៃសង្សារត្រឹមការបរិនិព្វានរបស់ព្រះអរហន្ត អស់ជាតិ អស់កំណើត ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា នាមរូបរលត់អស់មិនមានសេសសល់ ព្រោះការរលត់ទៅនៃវិញ្ញាណ ។
អ្នកឈ្នះតែងជួបប្រទះនូវពៀរ
ជយំ វេរំ បសវតិ អ្នកឈ្នះតែងជួបប្រទះនូវពៀរ ។
ព្រះមានព្រះភាគទ្រង់គង់នៅព្រះជេតពនមហាវិហារ ព្រះអង្គទ្រង់ប្រារព្ធបរាជ័យនៃព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសង្គ្រាមចាញ់ព្រះបាទអជាតសត្តុ ដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គ ទ្រង់ កើតទុក្ខ បង្អត់អាហារព្រះអង្គឯង ដោយព្រះតម្រិះថា ប្រយោជន៍អ្វីដោយការរស់នៅរបស់យើង ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនោះដល់ព្រះបរមសាស្តា ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ៖
ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។
អ្នកឈ្នះតែងជួបប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ ចំណែកបុគ្គលដែលស្ងប់រំងាប់ លះបង់នូវការឈ្នះចាញ់ ចេញហើយ រមែងនៅជាសុខ ។
បទថា ជយំ សេចក្តីថា អ្នកឈ្នះនូវបុគ្គលដទៃ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សរសើរបុគ្គលដែលឈ្នះខ្លួនឯងថា ជា ការឈ្នះដ៏ឧត្តមក្នុងសមរភូមិវដ្តសង្សារ ។
ការខឹងក្រោធ កើតមកអំពី ៖
១. ចាប់កំហុសអ្នកដទៃ
២. មិនតក់ស្លុតចំពោះអកុសលខ្លួនឯង ។
ដោយបរមត្ថ អ្នកដទៃគឺគ្រាន់តែមនោទ្វារវីថិចិត្តខ្លួនឯងសាងឡើងប៉ុណ្ណោះ អ្វីៗ នោះ ត្រឹមតែជាវីថិចិត្ត និង អារម្មណ៍របស់វីថិចិត្តប៉ុណ្ណោះឯង ជាពិសេសវិបាករបស់កម្មតាមបញ្ចទ្វារ ដែលមិនមានបុគ្គលដទៃធ្វើកម្មហើយ យើងជាអ្កកទទួលវិបាកនោះឡើយ ។ លោកទាំង ៦ សូន្យចាកសត្វបុគ្គលតួខ្លួន មានអ្នកណាមកធ្វើឲ្យយើងចាប់ កំហុស ហើយខឹងក្រោធទៅរកនោះ តែបើពោលពីសត្រូវពិតប្រាកដ គឺកិលេសក្នុងចិត្តខ្លួនឯង បើកិលេសមិនមាន ហើយ បញ្ហាកង្វល់ក្នុងវដ្តសង្សារ ក៏ត្រូវចប់ដែរ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់
អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ ។
សេចក្តីមិនប្រមាទ ជាឈ្មោះរបស់សតិដែលតាំងមាំជានិច្ច ដោយអត្ថ គឺការមិននៅប្រាសចាកសតិ ។ សេចក្តីមិន ប្រមាទ ជាឫសគល់នៃកុសលធម៌ទាំងអស់ ជាទីប្រជុំចុះនៃកុសលធម៌ទាំងពួង ប្រៀបដូចជាស្នាមជើងដំរី ជាស្នាម ជើងដ៏ធំ ជាទីប្រជុំចុះនៃស្នាមជើងសត្វទាំងពួង ។ សេចក្តីមិនប្រមាទ ក៏ជាទីប្រជុំចុះនៃព្រះពុទ្ធវចនៈ ក្នុង ៤៥ ព្រះវស្សាផងដែរ ។
អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវទៅដល់ព្រះនិព្វាន ជាទីបំផុតទុក្ខ ។
ព្រះគាថាធម្មបទ ប្រារព្ធចំពោះសង្កិច្ចសាមណេរ
យោ ច វស្សសតំ ជីវេ ទុស្សីលោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្ត មិនបានតម្កល់ខ្ជាប់ ការរស់ នៅតែមួយថ្ងៃរបស់អ្នក ដែលមានសីល មានការពិនិត្យ ពិចារណាជាប្រក្រតី ប្រសើរជាង ។
