បណ្ណសារប្លក

ការ​ជួយ​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ


កូនជាទីស្រឡាញ់

កូនត្រូវសិក្សានូវចំណុចនៃការជួយខ្នះខ្នែងក្នុងការងារទាំង ៦ នេះគឺ

១. សេចក្តីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់ ។

២ គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល ។

៣. ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា ។

៤. មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ ។

៥. ជីវិតនេះត្រូវបង់ពន្ធឲ្យមច្ចុរាជរាល់ថ្ងៃ ។

៦. ត្រូវធ្វើការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត ។

ចិត្ត​មួយ​ថ្លើម​មួយ


កូនជាទីស្រឡាញ់

ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យ​សន្យាថា ស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯង ។

សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមី និងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើ​មានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជាការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ ការ​បរិច្ចាគ លះបង់ ការទូន្មានចិត្ត និងការដឹងគុណគ្នាទៅវិញទៅមកជាដើម ក៏រមែងតាមមកដង្ហែសច្ចៈ ។

ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី​ ជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខ មិនឈ្លោះប្រកែកទាស់ទែង លែងលះ​គ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើម ដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់ សម្រាប់ភរិយា​ស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវតែចាប់យកនូវការស្មោះត្រង់​នេះ​មករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខ សប្បាយ និងភ្លឺស្វាង ។ បើចំណែកខាងណាមួយមិន​ស្មោះត្រង់ទៅវិញនោះ នឹងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នា និងរស់នៅជា​មួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញ​មិនខាន ដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់​ចិត្តគ្នា ។

មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយ តើត្រូវរក្សាអ្វីឲ្យគូគ្រង​របស់ខ្លួនបានទៅ ហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្ត និងយសសិរី​របស់មនុស្សយើងនោះគឺចាប់ផ្តើមពីសច្ចៈនេះឯង។ មានតែមនុស្សដែលរក្សានូវសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះ ដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯង ហើយទៅមាន​សច្ចៈជាមួយនឹងអ្នកដទៃ នោះជាការលំបាកនឹងឲ្យជឿណាស់ ។

គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឱនកិត្តិយសខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្ត​មួយ ថ្លើមមួយ ហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃ ជាពិសេសស្ត្រីខ្មែរ … ។

បើកូនប្រុសស្រី មានបំណងចង់ជួបគ្នាជាភរិយា ស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរម​សុខ គឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញា​ស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នា មានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះ អាង​អញយ៉ាងនោះឡើយ ។

របៀប​វិន័យ


កូនជាទីស្រឡាញ់

ផ្កាដែលគេរៀបដាក់ក្នុងថូជាដើម អ្នកណាឃើញក៏សរសើរថាស្អាតនោះ វាអាស្រ័យនៅលើអ្នករៀបចំ ចាត់ចែងឲ្យ​មានរបៀប ។ ផ្កាប្រភេទខ្លះសូម្បីមិនសូវស្អាត តែបើអ្នកតាក់តែងរៀបចំពូកែ ក៏អាចតាក់តែងឲ្យស្អាតបានដែរ ផ្ទុយមកវិញ សូម្បីផ្កានោះស្អាតយ៉ាងណាក៏ដោយ តែដល់មនុស្សមិនចេះរៀបចំទេ ក៏ធ្វើឲ្យទៅជាសំណុំបាច់ផ្កា​ធម្មតា មិនគួរឲ្យចង់គយគន់ឡើយ ។ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏មានន័យដូចគ្នាដែរ គឺពិតជាអាចធ្វើឲ្យ​ផ្ទះស្អាតល្អទៅបាន បើម្ចាស់ផ្ទះចេះរៀបចំតាក់តែងនោះ ។ មនុស្សយើងក៏ដូចគ្នា នឹងបានទៅជាមនុស្សដែលគួរ​ឲ្យគយគន់ និងគួរឲ្យគោរពរាប់អាន ឬគោរពជ្រះថ្លា ក៏ព្រោះថា ម្ចាស់ខ្លួនចេះរៀបចំឲ្យមានរបៀបរៀបរយនោះ​ឯង ។

មិនថាតែផ្កា ឬរបស់របរក្នុងផ្ទះឡើយ ជាពិសេសសំខាន់បំផុត គឺមនុស្សយើងហ្នឹងឯងហើយ ដែលទៅជាល្អស្អាត​បាននោះ ព្រោះតែការចាត់ចែងឲ្យមានរបៀប ។ របៀបគឺជាសិល្បៈ ដែលមានការរៀបរយល្អស្អាត គួរឲ្យទស្សនា ដូច្នេះមនុស្សយើងទើបគួរប្រព្រឹត្តឲ្យមានរបៀបវិន័យ ដើម្បីគ្រប់យ៉ាងបានល្អប្រពៃ ។

កូនអើយ ដុំឈើមួយដុំវាជាអង្កត់អុសមែនហើយ បើគេមិនច្នៃវាទេនោះ ប៉ុន្តែដុំឈើមួយដុំនោះ វាទៅជារបស់មាន​តម្លៃ កាលណាបើច្នៃល្អហើយ ។ រឹតតែល្អរឹតតែថ្លៃ ហើយបើច្នៃ បើឆ្លាក់ឲ្យទៅជាព្រះពុទ្ធរូបនោះ អ្នកផងទាំងពួង​គេថ្វាយបង្គំដោយពិត ។

កូនត្រូវតែយល់ ហើយកូនត្រូវតែអ៊‍ីចឹងឯង ទោះបីមានការខ្វះខាតអ្វីផ្សេងៗ ខ្លះ តែកូនកុំឲ្យខ្វះរបៀបវិន័យក្នុង​ខ្លួនឡើយ ។ ធ្វើអ្វីឲ្យមានរបៀប កុំអត់របៀបឲ្យសោះ ចាត់ចែងខ្លួនឯងឲ្យមានរបៀបរៀបរយ ចំពោះពេលវេលា ចំពោះការងារក្នុងជីវិតប្រចាំថ្ងៃ ហើយចំពោះជាពិសេសនោះ គឺចូលក្នុងសង្គមហ្នឹងឯង ។

នៅក្នុងសង្គមលោកយើងនេះ បើកូនជាមនុស្សប្រាសចាករបៀបវិន័យ កូននឹងជាមនុស្សដែលមានស្នេហ៍ ក្នុង​ក្រសែភ្នែកនៃអ្នកដទៃបានយ៉ាងដូចម្តេចទៅ ។ ដូច្នេះ កូនត្រូវតែរៀន ត្រូវតែហ្វឹកហាត់នូវអ្វីៗ ដែលជាសេចក្តីល្អ​គ្រប់យ៉ាង ដូចជាហ្វឹកហាត់ឲ្យខ្លួនមានរបៀបវិន័យនេះជាដើម នេះឯងជាការកសាងខ្លួន ។

ធ្វើល្អបានល្អបវរភាសិត                               គុណធម៌ក្នុងចិត្តជីវិតឧត្តម

គុណធម៌ចម្រើនកើនព្រោះសន្សំ                   ស្មារតីខិតខំកសាងអាត្មា ។

ថ្មភ្នំគល់ឈើដើរលើឥតក្រែង                        លុះដល់តាក់តែងវិចិត្ររចនា

ឲ្យទៅជាព្រះពុទ្ធប្បដិមា                               មនុស្សក្នុងលោកាគោរពវន្ទា ។

មនុស្សល្អឆ្លាក់ខ្លួនដោយធម៌វិន័យ                   បដិបត្តិរាល់ថ្ងៃវិស័យអ្នកជា

កាយវាចាចិត្តស្អិតស្អាងគ្រប់គ្រា                      បដិបត្តិបូជាគ្រប់គ្នាថ្កុំថ្កើង ។

ទឹកចិត្តមានតម្លៃជាងទឹកប្រាក់


កូនជាទីស្រឡាញ់

កាលកូនទៅបម្រើការាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹង​ប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃ ឈ្នួលនោះគឺរឹតតែល្អ ។ កុំធ្វើការគ្រាន់តែដើម្បីបានប្រាក់តែម្យ៉ាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះ ត្រូវធ្វើការងារដើម្បីឲ្យការងារសម្រេចដោយល្អផង ទើបជាការសមរម្យ ។ មនុស្សយើងគួរជាមនុស្សមានទឹកចិត្ត កុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះ ។

មនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែ ប្រាក់ឈ្នួលដោយការពេញចិត្ត សម្តែងដល់ចិត្តដែលមិនយកប្រៀប​គេ ទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រេចការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខ។ សេចក្តីរីករាយជាសុខនេះឯង ជាខ្លឹមសារសំខាន់នៃជីវិត ដែលមិនអាចរកទិញនៅទីណាបានឡើយ ក្រៅអំពីការ​មានទឹកចិត្តនៃខ្លួនឯង ។

កាលដែលមនុស្សយើងមានទឹកចិត្ត ចិត្តក៏រមែងមាននូវទឹកសម្រាប់ផ្សើមឲ្យស្រស់បស់ ត្រជាក់ ប្រាសចាក នូវ​សេចក្តីកំណាញ់ និងការច្រណែនជាដើម ខុសអំពីមនុស្សដែលមិនមានទឹកចិត្ត ។ មនុស្សដែលមិនមានទឹកចិត្ត ក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយ ចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះ ដូចស្រែ​ដែលខ្វះទឹកអ៊‍ីចឹងឯង ។

ចូរកូនហ្វឹកហាត់ខ្លួន ឲ្យបានទៅជាមនុស្សមានទឹកចិត្ត ។ ចូរកូនកុំគិតថា រឿងនេះវាជារឿងចាញ់ប្រៀបគេ ឬជាអ្វី​ដែលមិនល្អឲ្យសោះ កូនត្រូវគិតដូច្នេះវិញថា វាជារឿងនៃទឹកចិត្ត ដែលនឹងគប្បីមានឲ្យដល់គ្នា ដើម្បីបាននៅធ្វើ​ការជាមួយគ្នាអស់កាលដ៏យូរ ហើយទីបំផុត ទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណ៎ាកូន ។

ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន


កូនជាទីស្រឡាញ់

ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេ​អាចមើលមកថា យើងល្ងង់មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថា​ទៅចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។

កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃ ស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើ​ប្រាស់ ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខ គ្នា មិនគិតខ្វល់ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។

រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យ ពីយ៉ាងនេះ​តើកូនជ្រើសរើសយកមួយណា ?

មានមនុស្សមួយចំនួន មានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់ទងយកចិត្តយកថ្លើមអ្នកដទៃ ជាងមាន​ពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើតដើម្បិផលប្រយោជន៍របស់ខ្លួនរហូតមិនមាន​ល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែង អ្នកតូចអ្នកធំ ដើម្បីផលប្រយោជន៍នោះៗ ។ ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេច​ថា ព្រោះការឆ្លាតរបស់ខ្លួននោះឯង បានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។

កូនអើយ ពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គល មាន ភាពកក់ក្តីក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។ មានស្ត្រីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បតិ្ត មាន​សុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។ មនុស្ស​ដែលគិតថា ខ្លួនឯងឆា្លត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយ​នឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់ រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយ ក្នុងរឿងទាំងអស់នេះ បើ​គេថាកូនល្ងង់មែនទែន ព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូន ដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារកក់ក្តៅ ដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណ៎ាកូន ។

មិត្តសម្លាញ់រហូតក្នុងជីវិត


កូនជាទីស្រឡាញ់

កូនធ្លាប់គិតដែរទេថា មិត្តដែលល្អជាទីបំផុតរបស់មនុស្សយើង គឺសៀវភៅ ។ សៀវភៅជាមិត្តរបស់យើងបានគ្រប់ ពេលវេលា មិនថាពេលសុខ ពេលទុក្ខ, ពេលសោកសៅ ឬពេលអផ្សុកឡើយ រមែងជាប់តាមយើងទៅបានគ្រប់ កន្លែង ទោះជានៅព្រៃ នៅភ្នំ នៅកណ្តាលសមុទ្រ ហើយរហូតដល់មែនទែន គឺនៅក្នុងបន្ទប់គេង ។ មិនថាកូនជា អ្វី កូននៅក្នុងទីណា កូនកុំចោលសៀវភៅ បើកូនចោលសៀវភៅ គឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូន ។ ចូរកូន ព្យាយាមអានសៀវភៅឲ្យច្រើនៗ ហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អាន កុំឲ្យខាតពេល ។

ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលកូនបានអាន ឬស្តាប់ គឺជាផែនទីនៃជីវិតរបស់កូន ។

សៀវភៅល្អមួយក្បាល ស្មើនឹងមិត្តល្អម្នាក់ ។ សៀវភៅអ្វីៗ ដែលកូនអានហើយ ចូរកូនពិចារណាថា គួរជឿតាម អ្នកសរសេរ ឬអ្នកមិនជឿ ព្រោះអ្នកសរសេរមានច្រើន ប្រភេទមានការគិត និងចំណេះដឹងផ្សេងៗ គ្នា រីឯចេតនា ក៏ផ្សេងៗ គ្នាដែរ ដូច្នេះ កូនត្រូវពិចារណាឲ្យច្រើនកុំទាន់អាលជឿ ។ ចូរកូនចាំទុកថា សៀវភៅ គឺជាខួរក្បាល របស់អ្នកសរសេរ ដូច្នេះ បើកូនអានសៀវភៅល្អៗ ឈ្មោះថា ជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរ ក្បាលរបស់កូន ។

ទោះជាពេលថ្ងៃក៏ដោយ ក្នុងផ្ទះរមែងងងឹត បើគេបិទទ្វារបិទបង្អួចអស់ យ៉ាងណាមិញ បើកូនបិទភ្នែក បិទ ត្រចៀក ពោលគឺ មិនអាន មិនស្តាប់នូវភាសិតរបស់អ្នកចេះដឹងទេ វិញ្ញាណរបស់កូន នឹងត្រូវងងឹត ដូចជាផ្ទះ ដែលបិទជិត យ៉ាងនោះឯង ។

ដើម្បីឲ្យបានទៅជាមនុស្សល្អ កូនត្រូវ :

១-ស្វែងរកការចេះដឹងមកដាក់ខ្លួន កុំចំណាយពេលវេលាឥតប្រយោជន៍ ។

២-ប្រព្រឹត្តតាមការចេះដឹង យកការចេះដឹងជានាយកនៃជីវិត កុំឲ្យតណ្ហាដឹកនាំជីវិតឡើយ

អ្នកដែលប្រាថ្នាញ៉ាំងជីវិតរបស់ខ្លួនឲ្យមានសេចក្តីចម្រើន គប្បីអានសៀវភៅជាប្រចាំ

ការពិតក្នុងចិត្ត


កូនជាទីស្រឡាញ់

ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗ ដែរ ។ កូនគង់តែបានដឹង ហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯង។

ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថា គឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីរ របស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។

តាមពិត ម៉ែឪត្រូវការអ្វីៗ ច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊‍ីចឹង ឯង។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើន លើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែ ក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនឹងរបស់ ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថាជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។ កាលដែល កូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្ត ពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូន យកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយ បង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។

នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើ ល្អៗ មក … យ៉ាងម៉េចរួចទៅ ម៉្លោះហើយមាតាបិតាខ្លះ បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិន ធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង

ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ                 បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម

ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ                   និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។

អរុណពណ៌មាសជះរស្មី                     សម្តីម៉ែឪត្រូវរំលេច

រំលឹកចំៗ កុំឲ្យភ្លេច                           ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។

ទ្វីបលោកល្អស្រស់ព្រោះសុរិយា          មាតាបិតាគឺជាព្រះ

ជាដួងសុរិយាយាត្រារះ                      កូនត្រូវសំពះទិសបូព៌ា ។

ទិសបូណ៌មានន័យបុព្វការី                 បង្កើតប្រុសស្រីពេញពសុធា

ពាក្យពេចន៍ម៉ែឪត្រូវដូចជា                សុរិយាក្នុងគ្រាបំភ្លឺលោក ៕

%d bloggers like this: