បណ្ណសារប្លក
មរតករបស់ម៉ែឪ
មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា “ខ្លួនជាមនុស្សអភ័ព្វ ព្រោះម៉ែឪ ជីដូនជីតាមិនបានឲ្យនូវមរតកដូចជាអ្នកដទៃ ម៉្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង” ។
តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសទៅលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតកពីបុព្វជនរបស់ខ្លួនដូចៗ គ្នា គឺបានអវយវៈខ្លួនប្រាណដៃជើងក្បាលមុខមាត់ រហូតដល់សតិបញ្ញាដែលមាតាបិតាបានបង្វឹកបង្ហាត់ ។ តិចគ្នាណាស់ដែលកើតមកហើយ ត្រូវពិកល្យពិការខុសធម្មតានោះ ។
អវយវៈរាងកាយព្រមដោយសតិបញ្ញាដែលគ្រប់គ្នាបានមាននេះនោះ ជាសម្បត្តិដ៏ប្រសើរជាទីបំផុត គឺវិសេសជាងទ្រព្យមរតកណាៗ ទាំងអស់ ព្រោះគ្រប់គ្នាបានប្រើសម្បត្តិដែលជាប់តាមខ្លួននេះ ធ្វើការចិញ្ចឹមជីវិតខ្លួនឯងបានជារៀងរហូត ទាំងជាគ្រឿងសាងសេចក្តីសុខដែលពិតប្រាកដឲ្យដល់ខ្លួនឯងទៀតផង ។
មាសប្រាក់ផ្ទះសំបែងទីកន្លែងស្រែចម្ការ ដែលសន្មតថាជាសម្បត្តិនោះ រមែងមានវិបត្តិផ្លាស់ប្តូរប្រែប្រួលជាខាងក្រោយ ទាំងមិនអាចនាំយកទៅទិញដូរឲ្យបាននូវសេចក្តីស្ងប់ចិត្តផងឡើយ ។ ចំណែករាងកាយសតិបញ្ញាជាទ្រព្យសម្បត្តិជាប់តាមខ្លួន បើអ្នកមានបញ្ញានាំយកទៅប្រើឲ្យជាប្រយោជន៍ រមែងទទួលបាននូវសេចក្តីស្ងប់ចិត្ត ដែលចាត់ថាជាសេចក្តីសុខដែលពិតប្រាកដរហូតតទៅ ។
ព្រោះដូច្នោះ យើងចូររីករាយចិត្តក្នុងសម្បត្តិដែលខ្លួនមានដោយការនឹករលឹកយ៉ាងធ្ងន់ចិត្តថា “រាងកាយ អវយវៈ សតិបញ្ញា និងជីវិត ទាំងអស់នេះសុទ្ធតែជាមរតករបស់មាតាបិតានៃយើង ដែលលោកបានប្រគល់ឲ្យមក” ហើយចូរព្យាយាម ប្រើប្រាស់គ្រប់យ៉ាងនូវរបស់ដែលមានឲ្យកើតប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង កុំរវល់តែអង្គុយគិត ដេកគិត ហើយអន់ចិត្តថាខ្លួនអភ័ព្វ ដែលវាជាការនាំឲ្យខូចពេលវេលា ប្រាសចាកនូវប្រយោជន៍ ។
ពាក្យជាបទពិចារណា
ពាក្យនិន្ទាអាចធ្វើឲ្យខូចកម្លាំងចិត្ត
ពាក្យសរសើរអាចធ្វើឲ្យវង្វេងភ្លេចខ្លួន ។
ប៉ុន្តែ ពាក្យជាបទពិចារណា ដោយបំណងដ៏ល្អ រមែងធ្វើឲ្យមានកម្លាំងចិត្ត និងមិនវង្វេងភ្លេចខ្លួន ។
