បណ្ណសារប្លក
ដើមអំពៅ
ដើមអំពៅរមែងផ្អែមគល់ រីឯចុងរមែងសាប ។ ការបរិភោគកាមគុណ ប្រៀបបីដូចជាការបរិភោគអំពៅ ដេញពីគល់មករកចុង ដូច្នោះឯង ។ ក្នុងរឿងនេះ គូស្វាមីភរិយាថ្មីថ្មោង ដែលកំពុងតែផ្អែមល្ហែមដាក់គ្នា ក៏គួរតែសិក្សាអំពីដើមអំពៅ ។
ដើមអំពៅពិតមែនតែផ្អែមគល់ សាបចុង ប៉ុន្តែមានលក្ខណៈមួយទៀតដែលយើងត្រូវសិក្សា គឺដើម អំពៅភាគច្រើន គឺរមែងត្រង់ ។ យើងត្រូវកាន់យកគតិទៀងត្រង់ ពោលគឺស្មោះត្រង់ដល់គ្នានិងគ្នា ស្មោះ ត្រង់ចំពោះការងារ ប្រព្រឹត្តតែសុចរិត មានការរាប់អាន មានការអាណិត រាគៈសាបពិតតែចិត្តនៅផ្អែម គឺ ផ្អែមដោយសច្ចៈ ។
ផ្ទុយពីការបរិភោគកាម គឺការប្រព្រឹត្តធម៌ ។ ការប្រព្រឹត្តធម៌ រមែងនាំមកនូវសេចក្តីសុខស្ងប់ច្រើនឡើងៗ ដូចជាការបរិភោគអំពៅពីចុងដេញមករកគល់អ៊ីចឹងដែរ ។
ដើមឈើ
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបាន ជាទីពឹងឲ្យដល់អ្នកដទៃ ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់ អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្តីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បាន ធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងតែ ពីគ្រឿងស្លៀកដណ្តប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារបរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗ រាប់មុខមិនអស់ ។
មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នានិងសត្វលោកទាំងឡាយ ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើម ឲ្យធំ និងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្តៅថ្ងៃបាន ។
មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅ ពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យ ចាញ់ជីវិតខ្លួនឯង ។
ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្តូរពីពណ៌ខៀវបៃតងមកជាពណ៌លឿង ហើយក៏ជ្រុះចុះ មកលើផែនដី ត្រឡប់ក្លាយទៅជាជី ។ មនុស្សយើងក៏នឹងដល់ភាពមិនទៀងនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្ត យ៉ាងណា មនុស្សយើងកាល ដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីឲ្យមនុស្សកើតមកក្រោយៗ បំពេញកិច្ចការជាបន្តក៏យ៉ាង នោះដែរ ។ គ្រប់យ៉ាងមានការប្រែប្រួលជានិច្ច ឲ្យតែជាសង្ខារធម៌ ។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សទាំងឡាយ ។ មនុស្ស យើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ ។
ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ ។
គួរមើលដើមឈើជាតួយ៉ាង
បានជាភ័ស្តុតាងដាស់តឿនចិត្ត
ដើមឈើទ្រាំក្តៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជ្រក ។
