បណ្ណសារប្លក
ទុក្ខព្រោះខ្លាចស្លាប់
ទុក្ខព្រោះខ្លាចស្លាប់ ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត ។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ ៤ យ៉ាងផ្សេងទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដែលរបស់ទាំង ៤ នេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា “ធាតុ” ។
នៅពេលដែលធាតុទាំង ៤ ព្រមព្រៀងគ្នា ស្មើគ្នា មិនទាន់បែកចាកគ្នា ពោលគឺធាតុ ៤ ខ្លះកើតអំពីកម្ម ធាតុ ៤ ខ្លះកើតអំពីចិត្ត ធាតុ ៤ ខ្លះកើតអំពីឧតុ ធាតុ ៤ ខ្លះកើតអំពីអាហារ ថាបើនៅជុំគ្នាទេ យើងក៏នៅរស់ បើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះ ។
ការបែកធ្លាយនៃធាតុទាំង ៤ តាមធម៌ហៅថា “កាលកិរិយា” ប្រែតាមអក្សរថា “ការធ្វើតាមពេលវេលា” ។
រូបកាយរមែងមានពេលសម្រាប់រូបកាយ គឺកើតមក ឋិតនៅមួយគ្រា ឬមួយរយៈ លុះដល់ពេលវេលាត្រូវទៅក៏ទៅតាមពេលវេលានោះឯង តែព្រោះមនុស្សយើងមិនចូលចិត្ត គឺមិនចង់ឲ្យរូបកាយធ្វើការតាមពេលវេលា គ្រាន់តែឮពាក្យថា “ស្លាប់” ប៉ុណ្ណឹងក៏ភ័យខ្លាចតក់ស្លុត មិនចង់ឲ្យដល់ពេលវេលានោះឡើយ ។
នឹកថា ដល់ពេលស្លាប់នោះ តើត្រូវលំបាកយ៉ាងដូចម្តេច ត្រូវចោលលោកនេះហើយ កូនចៅយ៉ាងណា ស្លាប់ទៅជាតិមុខសុខឬទុក្ខយ៉ាងណា … នឹកឃើញពេលណា ក៏តក់ស្លុត ញាប់ញ័រក្នុងចិត្តពេលនោះ ។
តាមពិត សេចក្តីស្លាប់ជារឿងធម្មតា ព្រោះថាគ្រប់គ្នាកើតមកហើយត្រូវតែស្លាប់ ឬក៏និយាយឲ្យកាន់តែច្បាស់នោះគឺថា ខណៈដែលយើងកើតមកនោះ យើងបាននាំយកសេចក្តីស្លាប់ជាប់មកជាមួយផងស្រេចទៅហើយ ម៉្លោះហើយតែដល់ពេលវេលាត្រូវបែក គឺរូបកាយត្រូវតែបែកធ្លាយទៅខ្លួនឯង ដូចជាស៊ុតមាន់ជាមួយនឹងការបែកនៃស៊ុតមាន់នោះអ៊ីចឹង គឺការបែកវានៅតែជាមួយនឹងស៊ុតនោះរហូត ចាំតែដល់ពេលវេលាវានឹងសម្តែងខ្លួនឲ្យប្រាកដឡើងប៉ុណ្ណោះ ពិចារណាដូច្នេះហើយ នឹងបានស្ងប់ចិត្ត មិនជាទុក្ខកង្វល់អ្វីក្នុងរឿងស្លាប់ឡើយ ។
ទុក្ខព្រោះខ្លាចចាស់
ទុក្ខព្រោះខ្លាចចាស់ មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើលកំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេក លក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗ រកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។
ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ ឆ្នាំប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ទេ ឯស្លាប់មុនកំណត់នេះមានច្រើនជាង ។
ដែលយើងរាប់ថា យើងមានអាយុបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តាមដែលពិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ ធំឡើងៗ ពេញវ័យក្រមុំកំលោះ ក៏សប្បាយចិត្តថាខ្លួនមានអាយុច្រើនហើយ … តែសូមគិតដូច្នេះផងចុះ គឺប្រៀបដូចយើងមានប្រាក់នៅក្នុងកាបូបតាមកំណត់ នៅពេលយើងកើតឡើងភ្លាម យើងក៏ចាយអាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់ ។ ឥឡូវនេះ យើងមិនដឹងថាតើយើងនៅសល់អាយុតិចប៉ុនណាទៅនោះទេ ។
អ្នកដែលកើតមកយូរហើយ ត្រូវតែដឹងថា អាយុរបស់ខ្លួនកំពុងស្រកស្រុតតិចចុះទៅជាលំដាប់ ដូចប្រាក់ក្នុងកាបូបដែលចេះតែយកចាយអ៊ីចឹងឯង ។
មនុស្សយើងភាគច្រើន ហេតុដូចម្តេចបានជាមិនចូលចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ ?
ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់ ឬឈប់ស្រឡាញ់ … ដូច្នេះហើយ ទើបខំព្យាយាមបិទបាំងនូវសភាពចាស់ជរារបស់ខ្លួន ទុកមិនឲ្យប្រាកដដល់ក្រសែភ្នែកនៃអ្នកដទៃ ដោយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលស្រឡាញ់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិនបាត់ទៅណាឡើយ ទីបំផុតការបិទបាំងក៏លែងមានប្រសិទ្ធភាព។ កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវចិត្តកើតឡើង ។
យើងខ្លាចចាស់ យើងនៅតែចាស់ដដែល ។ យើងខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិត ដែលគ្រប់គ្នាកើតមកហើយមិនអាចគេចផុតទៅបាន គ្រាន់តែយើងធ្វើខ្លួនឲ្យសមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ ។
យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមានជួយដល់សាសនា និងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយ គេនឹងត្រេកអរ ហើយលើកតម្កើងយើង សរសើរយើងថា “ចាស់យ៉ាងមានគុណតម្លៃ” ។
ព្រមចាស់តាមវ័យគ្មានអ្វីគួរខ្លាច
ចាស់ចិត្តអង់អាចអំណាចគុណធម៌
កុំចាស់តែវ័យចិត្តភ័យញាប់ញ័រ
ចាស់អត់គុណធម៌ចាស់គ្មានតម្លៃ ។
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម សេចក្តីស្រឡាញ់រវាងស្រីនិងប្រុស តាមការពិតគឺ សេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា “កាម” ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រឡាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។
ដូចជាពាក្យនិយាយថា “ខ្ញុំស្រឡាញ់អ្នក” មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយ គឺ “ខ្ញុំ ( ត្រូវការសេចក្តី ) ស្រឡាញ់ ( អំពី ) អ្នក” ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬមិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តខូចថ្លើម ហើយពោលរំលឹករំលើកនូវទឹកចិត្ត ព្រមទាំងអំពើរបស់គេ ដូចជាថា “ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗ ច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះអ្នក … ហេតុដូចម្តេចបានជាមិនយល់ មិនឃើញ មិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង” ដូច្នេះជាដើម ។ នេះជាការសម្តែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម្យ៉ាងទៀត សេចក្តីស្រឡាញ់ រវាងស្រីនឹងប្រុសនេះ គឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីរឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ដ៏ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធិរបស់គេ ។
មិនមែនថាស្រឡាញ់គ្នាជាគូគ្រងត្រឹមត្រូវហើយ មិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតា ដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចអណ្តាតនិងធ្មេញ រួចទៅត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗ ទៀត ព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។
តែបើមិនគ្រប់គ្រងចំណង់តណ្ហា ឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណី និងសីលធម៌ទេ មានមួយហើយមិនល្មម ត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗ មានការរំលោភបំពានដណ្តើមកម្មសិទ្ធិអ្នកដទៃជាដើម យ៉ាងនេះ ទុក្ខទោសភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយ ឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ ឬរហូតដល់ជ្រុលសម្លាប់ នាំឲ្យជាប់គុកជាប់ច្រវាក់ទៀតផង។
បើការស្រឡាញ់នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌ គឺហិរិ និងឱត្តប្បៈ ( ខ្មាសខ្ពើមបាប ខ្លាចបាប ) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហា ងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់ សម្លឹងឃើញភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កម្សាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសា ដូចមានដំណឹងដែលគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃ ។
ទុក្ខព្រោះស្រឡាញ់គេតែម្ខាង
ទុក្ខព្រោះស្រឡាញ់គេតែម្ខាង ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។
ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់ អាចនិយាយបានថា ការស្រឡាញ់នោះ កើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខ នៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមក ដូចជាការទៅស្រឡាញ់គេទាំងដែលមិនចូលចិត្តខ្លួនឯង ម៉្លោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេចឬត្រូវលំបាកក្នុងការដោះស្រាយដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗ ថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក … ម្ខាងទៀតគេថារវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះមួយ យ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង។
ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក … ក៏ឥតប្រយោជន៍របៀបដូចតែទូរស័ព្ទដែរ ។
អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង … មានអាការដូចត្រូវគេចាប់ជើងទាំងពីរគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។
បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើង ទើបបានមិនខូចខ្លួន រហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះ ត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងៗ តទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបាន ក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗ នោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ ចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណា ដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាន និងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាប្រុសស្រី យកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះ គឺមិនអាចបង្ខំបានឡើយ ។
ទុក្ខព្រោះចង់ឲ្យដូចគេ
ទុក្ខព្រោះចង់ឲ្យដូចគេ បើក្នុងលោកនេះ គ្រប់គ្នាបានអ្វីៗ តាមដែលចង់ តាមដែលសង្ឃឹមនោះ មុខតែមិនមានអ្នកណាក្រឡើយ ហើយក៏មិនមានអ្នកណាខកចិត្តខុសសង្ឃឹមដែរ ព្រោះអ្នកណាៗ ក៏ចង់មានបាន ចង់សុខ និងចង់សមតាមបំណងដែលសង្ឃឹមទៅគ្រប់យ៉ាង ។
ប៉ុន្តែព្រោះអ្វីៗ គ្រប់យ៉ាងមិនបានប្រព្រឹត្តទៅយ៉ាងនោះ ទើបបានជាមានមនុស្សក្រ ត្រូវមានទុក្ខ និងត្រូវខកចិត្ត។
ចំណង់ មិនមែនល្អ ឬអាក្រក់ដោយខ្លួនឯងទេ បើមនុស្សយើងចង់ ហើយតាំងចិត្តប្រឹងប្រែងព្យាយាមធ្វើ ឬសាងដើម្បីឲ្យបាននូវរបស់ដែលចង់បាននោះ ដោយវិធីសុចរិតត្រឹមត្រូវ ចំណង់នោះគឺជាចំណង់ល្អ គួរជ្រោមជ្រែងឲ្យមានច្រើនៗ ព្រោះជា កុសលច្ឆន្ទៈ ។
តែបើចង់ហើយ មិនធ្វើមិនសាងដោយសុចរិត បែរជារកវិធីដើម្បីឲ្យបានដោយផ្លូវទុច្ចរិតវិញ ដូចជាឆបោកគេ បៀតបៀនគេ ។ល។ និង ។ល។ ចំណង់នេះ ហៅថា តណ្ហាឆន្ទៈ ជាចំណង់មិនល្អ ព្រោះពេញចិត្តនឹងធ្វើអាក្រក់ ត្រូវលះបង់នូវចំណង់បែបនេះ ។
សូម្បីថា ចំណង់ក្នុងផ្លូវដែលល្អ ត្រឹមត្រូវទៅតាមគន្លងធម៌ យើងមានសិទ្ធិនឹងសាង នឹងធ្វើយកនូវអ្វីដែលយើងចង់បានពិតហើយ ប៉ុន្តែក៏ត្រូវឲ្យសមល្មមផងដែរ គឺ
-សមល្មមនឹងឋានៈរបស់ខ្លួន ។
-សមល្មមនឹងចំណេះចេះដឹង សមល្មមនឹងសមត្ថភាពដែលយើងមាន និងសមល្មមជាមួយការងារ ។
បើថាយើងនៅក្រ មានប្រាក់ខែត្រឹម ១០ ទៅ ២០ ម៉ឺនរៀល ផ្ទះក៏ត្រូវជួល បាយក៏ត្រូវទិញ មានកូនត្រូវឲ្យរៀនទៀត ដូច្នេះយើងត្រូវមើលឋានៈរបស់ខ្លួន ប្រាក់ចំណូលប៉ុណ្ណឹង តើត្រូវចាយប៉ុនណាទើបល្មម អ្វីដែលត្រូវទិញ អ្វីដែលមិនត្រូវទិញ ។ អ្នកដទៃគេប្រើខោអាវល្អៗ ថ្លៃៗ បរិភោគអាហារតាមហាង … យើងកុំរត់តាមគេ យើងចេះប្រយ័ត្នប្រយែង រឹតត្បិតប្រាក់ចាយ យកគតិតាមសត្វបក្សី “ខ្លួនតូចធ្វើសំបុកតូច” ។
បើយើងមានការចេះដឹង មានសមត្ថភាពមិនច្រើនទេ បានការងារធ្វើល្មមនឹងចំណេះដឹង ឧទាហរណ៍ថា បើករថយន្តឲ្យថៅកែ ក៏ដឹងខ្លួនថា ខណៈនេះខ្លួនមានការងារសមល្មមនឹងចំណេះដឹងត្រឹមប៉ុណ្ណឹង ហើយក៏តាំងចិត្ត តាំងថ្លើមបំពេញកិច្ចការបើករថយន្តឲ្យល្អជាទីបំផុត ទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន ។ មិនមែនថា ឃើញអ្នកដទៃដែលគេមានការចេះដឹង មានសមត្ថភាពខ្ពស់ជាងខ្លួន មានតំណែងធំដុំ មានឋានៈខ្ពង់ខ្ពស់ ហើយទៅខឹងក្រោធ ទៅច្រណែននឹងគេ ថាដូចម្តេចបានជាគេសប្បាយជាង មានកិត្តិយសជាង រួចតាំងមិនបំពេញនូវមុខការរបស់ខ្លួននោះឡើយ ។
បើមិនស្គាល់ខ្លួនជាអ្នកណា ខ្លួនគួរនឹងបានធ្វើ គួរនឹងមានត្រឹមណា គួរនឹងរស់នៅរបៀបដូចម្តេចទេ រវល់តែរត់តាមអ្នកដទៃ ចង់បាន ចង់ខ្ពស់ ចង់រស់ហ៊ឺហាដូចគេគ្រប់យ៉ាងនោះ ជីវិតនឹងមិនផុតពីសេចក្តីទុក្ខក្តៅក្រហាយឡើយ ។
ទុក្ខរបស់សត្វលោក
ទុក្ខរបស់សត្វលោក ទុក្ខរបស់សត្វតិរច្ឆាន នៅត្រង់ការស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មមគ្រប់គ្រាន់ ម្យ៉ាងទៀត ទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ ។
មនុស្សយើង មិនមែនមានទុក្ខត្រឹមតែការស្រេកឃ្លាន ព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែ កាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗ ជ្រែកចូលមកទៀត ដូចជា ៖
-ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ សម្រាប់មុខមាត់កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ … កើតលោភៈចង់បានមិនចេះចប់ ក៏ជាទុក្ខច្រើនឡើងទៅតាមសេចក្តីប្រាថ្នានោះៗ ។
-មានអាហារដាក់ក្រពះហើយ មាត់បានបរិភោគហើយ តែនៅត្រូវការឲ្យភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តនឹកគិតបាននូវអារម្មណ៍ ដែលជាចំណីតាមវិស័យរៀងខ្លួនទៀត ។
នៅពេលខំប្រឹងប្រែងស្វែងរករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ តាមចំណង់ចំណូលចិត្ត មិនចេះចប់ មិនចេះហើយ ក៏ជាទុក្ខ គឺទុក្ខព្រោះអន្ទះសាក្នុងការស្វែងរក ទុក្ខព្រោះការបាន មិនសមតាមប្រាថ្នា ទុក្ខព្រោះរបស់ដែលបានមកមានការប្រែប្រួល … ។
សត្វតិរច្ឆាន មានទុក្ខព្រោះមិនមានស៊ី និងព្រោះត្រូវគំរាមកំហែងបៀតបៀន ចំណែកមនុស្សនៅមានថែមត្រង់មិនចេះគ្រប់ និងត្រង់ចង់បៀតបៀនអ្នកដទៃ ក្រៅពីការហូបចុកនោះទៀត ។
ការមិនចេះគ្រប់ ធ្វើឲ្យទុក្ខមិនចេះចប់
និយាយត្រូវ បានទៅជាមនុស្សល្អ
មនុស្សល្អ គួរគោរពរាប់អាន និងឲ្យនូវកិត្តិយសដល់អ្នកដទៃតាមសមគួរដល់ឋានៈរបស់គេ ។
មនុស្សល្អ គួរព្រមទទួលស្គាល់ពាក្យនិន្ទា ទាំងពាក្យសរសើរដោយស្មារតី ។
មនុស្សល្អ គួររក្សាវាចាឲ្យត្រូវត្រង់ជាមួយនឹងចិត្តរបស់ខ្លួន ប៉ុន្តែមិនគួរនិយាយតាមដែលខ្លួននឹកចង់និយាយនោះទេ កុំឲ្យដូចជាពាក្យដែលលោកពោលថា “មនុស្សល្ងង់ យកបេះដូងទុកនឹងអណ្តាត” ។
មនុស្សល្អ មិនត្រូវមិននិយាយសោះនោះឡើយ តែត្រូវនិយាយក្នុងការគួរ និងនិយាយនូវរឿងដែលគួរ ព្រមទាំងត្រូវនិយាយតែជាមួយនឹងបុគ្គលដែលគួរនិយាយទៀតផង ។
ការធ្វើសេចក្តីល្អ ឲ្យព្រមគ្នាទាំងកាយវាចាចិត្តនោះឯង គឺជាគុណប្រយោជន៍ ដល់ខ្លួនឯង និងអ្នកដទៃ ។
១ នាទី មានប្រយោជន៍
ជីវិតរស់នៅត្រូវប្រយ័ត្នសម្តី
ទោះបីជាជឿថារឿងនោះពិត ក៏មិនគួរនិយាយជារឿយពេកៗ ឡើយ គួររំពឹងគិតដល់ប្រយោជន៍ដែលនឹងបានសម្រេចទាំងពីរផ្នែក គឺទាំងផ្នែកយើងនិយាយផង ទាំងផ្នែកអ្នកស្តាប់ផង ។ បើឃើញថាមិនមានប្រយោជន៍ទេ នៅមាត់ស្ងៀមវិញល្អជាង ។
ទោះបីឃើញផ្ទាល់ភ្នែកខ្លួនឯង ក៏មិនចេះតែនិយាយទៅដែរ ត្រូវមើលកាលៈទេសៈ និងមនុស្សដែលយើងនិយាយជាមួយផង តើជាមនុស្សបែបណា ហើយដែលសំខាន់គឺប្រយោជន៍ហ្នឹងឯង បើមិនដូច្នោះទេ វានឹងខាតពេលទៅទទេៗ និងជាទោសដល់ខ្លួនឯងទៀតផង ។ ដោយចំពោះដ៏យ៉ាងក្រៃលែងនោះ គឺរបស់ដែលយើងបានដឹងនោះ វាជាសេចក្តីអាក្រក់របស់អ្នកដទៃ ត្រូវតែប្រយ័ត្នមាត់ឲ្យមែនទែន ។
១ នាទី មានប្រយោជន៍
សូមមើលផងដែរ ៖ វាចាជាសុភាសិត, និយាយត្រូវ បានទៅជាមនុស្សល្អ
ត្រង់ផ្សំឆ្លាត ឱវាទព្រះពុទ្ធ
ទោះបីដឹងខ្លួនសំដៅរកប្រយោជន៍ពិត តែក៏គួរប្រព្រឹត្តទៅជាមួយនឹងការឆ្លាតវាងវៃផង ព្រោះការភ្លាំងភ្លាត់នាំឲ្យលំបាក ។ ចេតនាល្អ វិធីការល្អ ទើបអាចបានសម្រេចនូវផលល្អ ។
ភ្លើងចរាចរណ៍ពណ៌បៃតង យើងត្រូវទៅក៏ពិតមែនហើយ ប៉ុន្តែក៏ត្រូវមើលឆ្វេង មើលស្តាំផងដែរ នេះជាឧទាហរណ៍ក្នុងដំណើរនៃជីវិត ។
ព្រះសីលវត្ថេរ បានសម្តែងថា សីលជាគុណជាតិដ៏ប្រសើរ អ្នកមានបញ្ញាជាបុគ្គលខ្ពង់ខ្ពស់ ។ បើត្រូវការជ័យជម្នះទាំងក្នុងពួកមនុស្ស ទាំងក្នុងពួកទេវតា គប្បីមាននូវគុណធម៌ទាំងពីរប្រការនេះគឺ សីល និង បញ្ញា ។
១ នាទី មានប្រយោជន៍
កូន
កូន ជាខ្សែលោហិតដែលមិនងាយកាត់ដាច់បានឡើយ បើអ្នកណាបានកូនល្អ ដែលហៅថា អតិជាតបុត្រ អ្នកនោះគឺជាអ្នកមានបុណ្យខ្ពស់ ត្រូវសប្បាយក្នុងរឿងកូនអស់មួយជាតិ តែបើបានកូនដែលមិនល្អវិញ ក៏គួរតែយកអស់កម្លាំងកាយចិត្ត សតិបញ្ញាមកដោះស្រាយ អប់រំ ទូន្មានប្រៀនប្រដៅ ។
មានម៉ែឪច្រើនណាស់ ដែលមិនពូកែចិញ្ចឹមកូន គឺច្រើនតែបណ្តោយតាមចិត្តកូនទៅក្នុងផ្លូវដែលខុស ដូចជាកូនខ្ជិលជាដើម មិនដាស់តឿន មិនដាក់ទោស … ។
ទោះជាយ៉ាងណាក៏ដោយចុះ កូនអាក្រក់ក្នុងលោក បានជាមានទៅហើយ ច្រើនទៀតផង សូម្បីតែមាតាបិតាជាមនុស្សល្អ មធ្យ័ត ប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់អប់រំយ៉ាងពេញទំហឹងក៏ដោយ ។ នេះជាឧបនិស្ស័យអាក្រក់របស់កូន មកជួបនឹងម៉ែឪដែលខ្វះបុណ្យ ឬព្រោះជាប់កម្មពៀរពីជាតិមុនមក ។ ត្រូវដោះស្រាយដោយការយល់អំពីរឿងជីវិត ត្រូវឲ្យមាននូវគុណធម៌ប្រចាំចិត្ត ស្ងប់ត្រជាក់ និងគ្មានបញ្ហា ។
ម៉ែឪ
ម៉ែឪ ជាបុគ្គលដែលមាននូវព្រះគុណយ៉ាងក្រៃលែងលើកូនប្រុសស្រី ។ សូម្បីថាគាត់មិនបានបំពេញតួនាទីរបស់ម៉ែឪដោយសព្វគ្រប់យ៉ាងណាក៏ដោយ ក៏ត្រូវតែកូនជូននូវប្រយោជន៍ផ្សេងៗ ដល់គាត់ កុំសម្តែងអាការៈស្អប់ខ្ពើម មើលងាយ មើលថោក ឬផ្ចាញ់ផ្ចាលនិយាយបញ្ចើចបញ្ចើគាត់ឲ្យសោះ ត្រូវយកល្អមកឲ្យឈ្នះនូវអ្វី ដែលមិនល្អវិញ នោះគឺតួនាទីខ្លួនជាកូនល្អ ដូចជា ៖
-សម្តែងការដឹងគុណជូនមាតាបិតាដោយពិតប្រាកដ ។
-ជូនសេចក្តីគោរព ចិញ្ចឹម ព្យាបាល ថែរក្សាដោយផ្ចិតផ្ចង់ជាទីបំផុតចំពោះមាតាបិតា ។ល។
បើមាតាបិតាជាមនុស្សកាចមករកខ្លួនជាកូនខ្លាំងពេក រហូតមិនអាចទ្រាំបាន ក៏គួរបែកទៅនៅទីដទៃ កុំយកអាក្រក់ទៅតបស្នងជាដាច់ខាត ជាប់ពៀរវេរាខ្លាំងណាស់ ។
ការដែលយើងមកកើតជាកូនរបស់គាត់ ក៏ព្រោះយើងបានធ្វើនូវអំពើ ដែលនាំឲ្យមានពៀរវេរាជាមួយគាត់ ម្ល៉ោះហើយ ទើបគាត់គិតបញ្ជីជាមួយយើង ។ ដូច្នេះយើងត្រូវព្រមទទួល ទម្រាំអស់កម្មចាស់ ត្រូវឲ្យរួចគ្នាក្នុងជាតិនេះ ដោយយើងមិនធ្វើអាក្រក់តបឡើយ ។
ប្តីប្រពន្ធ
ប្តីប្រពន្ធ ជាបុគ្គលដែលជិតស្និទ្ធនឹងគ្នាជាទីបំផុត ដូចខ្លួនតែមួយអ៊ីចឹង អាចនិយាយបានថា ចិត្តមួយថ្លើមមួយ ឬបេះដូងតែមួយ ។ បើប្តីប្រពន្ធបានគ្នាជាមនុស្សល្អ ក៏ជាមិត្តស្លាប់រស់នឹងគ្នាបាន តែបើប្តី ឬប្រពន្ធជាមនុស្សអាក្រក់វិញនោះ ក៏នឹងក្លាយជាមនុស្សដែលគួរឲ្យខ្លាចក្រៃលែង ព្រោះដេកនៅជាមួយគ្នា ។
មានប្តីប្រពន្ធច្រើនគូណាស់ ដែលក្រោយពីររៀបការហើយ រមែងមានសភាពខុសគ្នាអំពីមុនរៀបការ នេះមកអំពីការជិតដិតស្និទ្ធស្នាលពេកទៅ នាំឲ្យខ្វះការគោរពគ្នា ការមានភារៈច្រើន ការមានកូនច្រើន ការខ្វះខាតសីលធម៌ និងការខ្វះមេត្តាមកជំនួសរាគៈជាដើម ទើបធ្វើឲ្យប្តី ឬប្រពន្ធផ្លាស់ប្តូរនិស្ស័យ ឧបនិស្ស័យ ចរិត អធ្យាស្រ័យ មិនដូចគ្នាពីខាងដើម ។
ចំពោះប្តីប្រពន្ធ បើព្យាយាមកែនូវអ្វីដែលជាទម្លាប់អាក្រក់ឲ្យគ្នាមិនបានទេ ក៏គួរតែទ្រាំសិនទៅចុះ ព្រោះកម្មបានលិខិតឲ្យខ្លួនត្រូវមកនៅជាមួយមនុស្សដែលមិនល្អហ្នឹងទៅហើយ ម្យ៉ាងទៀតបានជាមានកូនជាមួយគ្នាទៅហើយ ទាំងដែលកូននៅតូចៗ ឬច្រើនទៀតផង ។
ប៉ុន្តែបើទ្រាំមិនបានទេនោះ ក៏ត្រូវដោះស្រាយដោយសន្តិវិធី ឡើងតុលាការលែងលះគ្នាតាមសម្រួលទៅចុះ ដាច់ខាតកុំយកអំពើអាក្រក់មកដោះស្រាយឲ្យសោះ ព្រោះពៀរមិនរម្ងាប់ដោយការចងពៀរឡើយ ។
មិត្ត
មិត្ត ជាបុគ្គលដែលយើងចាំបាច់ត្រូវមាន បើមិនច្រើនក៏តិចដែរ ។ ការគប់មិត្តល្អ នឹងជាស្ពាននាំទៅរកសេចក្តីសុខ និងសេចក្តីចម្រើនយ៉ាងឆាប់រហ័ស តែបើគប់មនុស្សអាក្រក់ ក៏រមែងនាំមកតែបញ្ហា ឬភ័យវិបត្តិឲ្យដល់ខ្លួនឯងនិងគ្រួសារ ។
កាលបើយើងដឹងថាគេជាមនុស្សមិនល្អ ត្រូវបដិបត្តិដូចតទៅ ៖
( ១ ) កាលបើដឹងមុនត្រូវកុំគប់រក កុំក្បែរ ។
( ២ ) បើដឹងតាមក្រោយ ក៏គួរដាស់តឿនឲ្យគេភ្ញាក់ខ្លួន ។
( ៣ ) បើគេមិនភ្ញាក់ខ្លួន ត្រូវឈប់សេពគប់ តែត្រូវឈប់យ៉ាងប្រយ័ត្នប្រយែង ថយដោយមិនឲ្យគេដឹងខ្លួន មានការកាត់ទំនាក់ទំនងផ្សេងៗ ដែលធ្លាប់មាន បន្តិចម្តងៗ រហូតអស់ ។ បើឈប់គប់រកឲ្យគេដឹងខ្លួនភ្លាម គេអាចនឹងក្លាយជាសត្រូវដល់យើងបាន ។
សូមមើលផងដែរ ៖ ការសេពគប់នឹងបណ្ឌិត, ការមិនសេពគប់នឹងបុគ្គលពាល
ទ្រុស្តសីល ទ្រុស្តសុខ សីលសែនស័ក្តិសិទ្ធិ
បុគ្គលអ្នកទ្រុស្តសីល គឺជាអ្នកបៀតបៀនខ្លួនឯងដោយពិត ព្រោះការទ្រុស្តសីល គឺជាតួកម្មអាក្រក់ ជាធម្មតានៃកម្មអាក្រក់វាមិនមែនឲ្យផលល្អដល់អ្នកធ្វើឡើយ ។
អ្នកទ្រុស្តសីលគឺជាចោរ តែជាចោរដែលធ្វើនូវសេចក្តីវិនាសឲ្យដល់ខ្លួនឯង ដូចដើមឈើដែលត្រូវវល្លិជ្រៃរួបរឹត ។
អ្នកមានសីលគឺជាអ្នកមាននូវវត្ថុដ៏ស័ក្តិសិទ្ធិអស្ចារ្យ ៖
-សីលលាងជម្រះនូវមន្ទិលសៅហ្មងក្នុងចិត្ត ដែលមន្ទិលសៅហ្មងនេះ មិនអាចលាងជម្រះបានដោយទឹកទន្លេគង្គាជាដើមបានឡើយ ។
-សីលកម្ចាត់បង់នូវអន្តរាយខាងក្នុងដែលជាអន្តរាយដ៏ក្រៃលែងអន្តរាយនេះមិនអាចកម្ចាត់បង់បានដោយអំណាចមន្តវិជ្ជាការណាៗ ទាំងអស់ ។
១ នាទី មានប្រយោជន៍
លើកទាប ដាក់ខ្ពស់ រស់ព្រោះប្រយ័ត្ន
កុំនិយាយអ្វីៗ ដោយត្រឹមតែដើម្បីអួតខ្លួនថា ជាអ្នកចេះដឹង ជាអ្នកអង់អាចឡើយ ។ បើនឹងនិយាយ ក៏គប្បីនិយាយសំដៅឲ្យបានប្រយោជន៍ដល់អ្នកស្តាប់ ដើម្បីឲ្យគេបាននូវការចេះដឹងបន្ថែម ឬដើម្បីឲ្យគេមានការយល់ត្រូវ ។
បើយើងនិយាយសំដៅដល់ប្រយោជន៍ ទោះបីយើងលើកយកសេចក្តីល្អ ការចេះដឹង និងសមត្ថភាពរបស់ខ្លួន យើងឡើងមកជាឧទាហរណ៍ខ្លះ ក៏មិនឈ្មោះថាអួតខ្លួនឯងដែរ គ្រាន់តែសូមឲ្យសមរម្យដល់ករណីប៉ុណ្ណោះ ។
ការគោរពកោតក្រែង មិនមែនសម្តែងខ្លួនថាអន់នោះទេ គឺជាគុណសម្បតិ្តដែលគួរឲ្យលើកតម្កើងពិតៗ ។
ធ្វើជាមនុស្សគឺត្រូវចេះប្រយ័ត្នក្នុងការធ្វើ ការនិយាយ និងការគិត គឺត្រូវប្រយ័ត្នឲ្យក្រៃលែងជាងអ្នកបើកបររថយន្ត ទៅទៀត ។
១ នាទី មានប្រយោជន៍
បូជនីយបុគ្គល គួរទទួលការបូជា
មនុស្សល្អជាសាមញ្ញ ក៏មានគេរាប់អានដែរ បើល្អជាកណ្តាលមានគេគោរព ឯមនុស្សដែលល្អដ៏យ៉ាងខ្ពង់ខ្ពស់ រមែងមានគេបូជា ។ អ្នកដែលប្រព្រឹត្តត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ហៅថាល្អយ៉ាងសាមញ្ញ មានជីវិតរស់នៅជាមនុស្សលោក ល្អតាមធម្មតា ។
អ្នកដែលតាំងនៅក្នុងសីល សង្រួមឥន្ទ្រិយ ហៅថាល្អយ៉ាងកណ្តាល ។ ឯចំណែកអ្នកដែលប្រព្រឹត្តបដិបត្តិធម៌ ក្នុងសមាធិវិបស្សនា បានដុសខាត់ចិត្តរបស់ខ្លួនឲ្យប្រាសចាកនូវកិលេស ហៅថាល្អដ៏យ៉ាងខ្ពង់ខ្ពស់ ។
មនុស្សយើងកាលណាដល់ថ្នាក់គេបូជាហើយ សូម្បីគ្រឿងប្រើប្រាស់ផេ្សងៗ របស់បុគ្គលនោះ រហូតដល់ទៅឆ្អឹង ក៏ក្លាយទៅជារបស់អស្ចារ្យគួរដល់ការគោរពបូជាផងដែរ ។
ទីកន្លែងផេ្សងៗ ដែលបូជនីយបុគ្គលនោះធ្លាប់អាស្រ័យនៅ ក៏ទៅជាបូជនីយដ្ឋានទាំងអស់ ។
១ នាទី មានប្រយោជន៍
