បណ្ណសារចំណាត់ក្រុម៖ វិនយប្បញ្ញត្តិ

សិក្សា​អំពី​ពុទ្ធប្បញ្ញត្តិ​ ( ការ​ហាម​ប្រាម )​ និង​ពុទ្ធានុញ្ញាត​ ( ការ​អនុញ្ញាត​របស់​ព្រះ​មាន​ព្រះ​ភាគ )​ ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ

ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ដែល​គេ​ធ្វើ​ចំពោះ​ខ្លួន

នៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ទទួលនិមន្តរបស់សីហសេនាបតី ទៅឆាន់ភត្តាហារនៅផ្ទះរបស់គាត់ គាត់ឲ្យ​អ្នកបម្រើទៅទិញសាច់ស្លាប់ស្រាប់នៅផ្សារ ( បវត្តមំសៈ ) ។

ពួកនិគ្រន្ថ​ជាច្រើននាក់ ក៏ផ្គងនូវដើមដៃស្រែកកន្ទក់កន្ទេញសព្វច្រក សព្វផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលីថា ថ្ងៃនេះសីហសេនាបតី សម្លាប់សត្វ មានសរីរៈធាត់ធំ ធ្វើភត្តដើម្បីព្រះសមណគោតម ចំណែកព្រះសមណគោតម ទុកជា​ដឹង​ ក៏នៅតែឆាន់សាច់ដែលគេសម្លាប់ចំពោះខ្លួនដែរ ព្រះសមណគោតមនេះ ឈ្មោះថា ត្រូវបដិច្ចកម្ម ។

បដិច្ចកម្ម គឺជាឈ្មោះនៃអំពើរបស់ដែលគ្រាន់តែបរិភោគសាច់ ក៏បាននាមថា សម្លាប់សត្វដែរ ឬ ជាឈ្មោះអំពើ​ដែលគេសម្លាប់ព្រោះអាស្រ័យខ្លួន ពុំនោះសោត ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះរបស់និមិត្តកម្ម ។ លទ្ធិពួក​និគ្រន្ថប្រកាន់ថា បដិច្ចកម្មគឺជាអកុសលត្រូវបានដល់អ្នកឲ្យពាក់កណ្តាល អ្នកទទួលពាក់កណ្តាល ។

សីហសេនាបតី បានជ្រាបរឿងនេះ ដោយមានគេប្រាប់ ។ ទើបគាត់ពោលថា ពួកលោកទាំងអស់នោះ ប្រាថ្នារក​ទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នារកទោសព្រះសង្ឃ អស់កាលជាយូរណាស់មកហើយ រហូតមកដល់​ឥឡូវ នៅតែមិនចេះអៀនខ្មាសសោះ ពួកលោកទាំងនោះពោលបង្កាច់ព្រះមានព្រះភាគដោយពាក្យមិនពិត ពាក្យ​ទទេ ជាពាក្យកុហកភូតភរបោកប្រាស ទាំងដែលពួកយើងមិនបានក្លែងផ្តាច់បង់ជីវិតសត្វព្រោះហេតុតែជីវិតរបស់​ខ្លួនឯងឡើយ ។ រួចហើយ គាត់បានញ៉ាំងព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទ-នីយភោជនីយាហារដ៏ឧត្តម ដោយដៃខ្លួនឯង ។

កាលដែលព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សោយរួចហើយ ទ្រង់ក៏ពន្យល់ឲ្យគាត់ឃើញច្បាស់ ឲ្យកាន់យក ឲ្យ​អាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយព្រះអង្គទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ ។

អាស្រ័យហេតុនេះឯង ទើបព្រះអង្គទ្រង់ប្រជុំភិក្ខុសង្ឃ ហើយហាមប្រាម ( បញ្ញត្ត ) ឧទ្ទិសស្សមំសៈ ( សាច់​ដែលគេធ្វើដើម្បីខ្លួន ) ថា៖

ន ភិក្ខវេ ជានំ ឧទ្ទិស្សកតំ មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស ។

“ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងថា សាច់គេធ្វើចំពោះខ្លួន កុំគប្បីឆាន់ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ” ។

រួចទ្រង់ក៏អនុញ្ញាតសាច់ដែលគួរឆាន់ យ៉ាងនេះថា ៖

អនុជានាមិ ភិក្ខវេ តិកោដិបរិសុទ្ធំ មច្ឆមំសំ អទិដ្ឋំ អសុតំ អបរិសង្កិតំ ។

“ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រី និង សាច់ ដែលបរិសុទ្ធដោយទីបំផុត ៣ យ៉ាង គឺមិនបានឃើញ, មិន​បានឮ, មិនបានរង្កៀស” ។

ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ ( សូមដកស្រង់ដោយសង្ខេប ) ៖

បណ្តាសាច់ទាំង ៣ ( មិនបានឃើញជាដើម ) នោះ សាច់ដែលឈ្មោះថា មិនបានឃើញ គឺ មិនបានឃើញពួកអ្នក​ស្រុកសម្លាប់សត្វ យកមកដើម្បីប្រយោជន៍ដល់ពួកភិក្ខុ ។ ដែលឈ្មោះថា មិនបានឮ គឺ មិនបានឮមកថា “ពួកអ្នក​ស្រុកសម្លាប់សត្វ យកមកដើម្បីប្រយោជន៍ដល់ពួកភិក្ខុ” ។

ចំណែកដែលមិនបានរង្កៀស អ្នកសិក្សាគួរដឹងច្បាស់ នូវសាច់ដែលរង្កៀសដោយការឃើញ រង្កៀសដោយការបាន​ឮ និងដោយផុតចាកហេតុទាំងពីរនោះ ។

សេចក្តីនោះ តើដូចម្តេច ? សេចក្តីនោះគឺ ពួកភិក្ខុក្នុងធម្មវិន័យនេះ ឃើញពួកអ្នកស្រុកកាន់អន្ទាក់ ឬសំណាញ់ជា​ដើម កំពុងដើរចេញពីស្រុក ឬ កំពុងដើរទៅក្នុងព្រៃ ហើយថ្ងៃស្អែកឡើង ពួកអ្នកស្រុកយកបិណ្ឌបាតមានត្រី និង​សាច់ មកប្រគេនភិក្ខុទាំងនោះ ដែលកំពុងចូលទៅផ្ទះនោះដើម្បីបិណ្ឌបាត ។ ភិក្ខុទាំងនោះរង្កៀសដោយការបាន​ឃើញនោះថា “ពួកអ្នកស្រុកធ្វើសាច់ដើម្បីប្រយោជន៍ដល់ពួកភិក្ខុទេដឹង” សាច់នេះ ឈ្មោះថា រង្កៀសដោយការ​ឃើញ នឹងទទួលសាច់បែបនោះ មិនគួរ ។ សាច់ដែលមិនបានរង្កៀសដូច្នោះ នឹងទទួល គួរ ។

បើពួកអ្នកស្រុកទាំងនោះ សួរថា “ហេតុអ្វី ក៏លោកមិនទទួល” ពួកអ្នកស្រុកបានស្តាប់សេចក្តី ( រង្កៀស ) នោះ​ហើយ និយាយថា “សាច់នេះ ពួកខ្ញុំករុណាមិនបានធ្វើដើម្បីប្រយោជន៍ដល់ភិក្ខុទាំងឡាយ ពួកខ្ញុំករុណា ធ្វើដើម្បី​ប្រយោជន៍ខ្លួនឯងខ្លះ ញាតិមិត្តជិតខាងជាដើមខ្លះ” ដូច្នេះ សាច់នោះ គួរ ។

សូម្បីសាច់ដែលគេលក់នៅផ្សារ សាច់ដែលគេធ្វើក្នុងពិធីបុណ្យដើម្បីឧទ្ទិសកុសល ដល់ពួកញាតិដែលចែកឋាន​ទៅហើយ ឬពិធីបុណ្យផ្សេងៗ ទៀត ក៏គប្បីបដិបត្តិយ៉ាងនេះដូចគ្នា ។

ភិក្ខុទាំងឡាយមិនបានឃើញទេ តែបានឮមកថា “បានឮថា ពួកអ្នកស្រុក មានដៃកាន់អន្ទាក់ និងសំណាញ់ជាដើម​ចេញអំពីស្រុក ឬចូលទៅកាន់ព្រៃ” ( សេចក្តីដ៏សេស គប្បីជ្រាបដូចការរង្កៀសដោយការឃើញ ) នេះឈ្មោះថាការ​រង្កៀសដោយការបានឮ ។

មួយទៀត ភិក្ខុទាំងឡាយមិនបានឃើញ មិនបានឮទេ, តែកាលពួកភិក្ខុទាំងនោះចូលទៅកាន់ផ្ទះអ្នកស្រុក ដើម្បី​បិណ្ឌបាត ពួកអ្នកស្រុកទទួលបាត្រទៅហើយ ចាត់ចែងបិណ្ឌបាតមានត្រី សាច់ យកមកប្រគេន ។ ពួកលោក​រង្កៀសថា “សាច់នេះ គេធ្វើដើម្បីប្រយោជន៍ដល់ភិក្ខុទាំងឡាយ ទេដឹង?” នេះឈ្មោះថា សាច់ដែលរង្កៀសផុត​ចាកហេតុទាំងពីរនោះ ។ ( វិធីបដិបត្តិ គប្បីជ្រាបដូចការរង្កៀសដោយការឃើញ )

ពិតណាស់ សាច់ណា ដែលគេធ្វើមិនដើម្បីភិក្ខុទាំងឡាយ, ភិក្ខុក៏មិនមានសេចក្តីសង្ស័យក្នុងសាច់ណា សាច់នោះ​គួរទាំងអស់ ។

បើសាច់ដែលគេធ្វើឧទ្ទិសពួកភិក្ខុក្នុងវិហារមួយ ហើយពួកលោកមិនដឹងថាគេធ្វើដើម្បីប្រយោជន៍ខ្លួន, តែពួកភិក្ខុ​ដទៃដឹង, ពួកភិក្ខុណាដឹងមិនគួរដល់ពួកភិក្ខុនោះទេ ។ ពួកភិក្ខុដទៃមិនដឹង តែពួកលោកប៉ុណ្ណោះដឹង រមែងមិន​គួរចំពោះលោកប៉ុណ្ណោះ, តែគួរសម្រាប់ពួកភិក្ខុដទៃ ។ សូម្បីពួកលោកដឹងថា “គេធ្វើដើម្បីប្រយោជន៍ដល់ពួក​យើង” ពួកភិក្ខុដទៃក៏ដឹងថា “គេធ្វើដើម្បីប្រយោជន៍ដល់ពួកភិក្ខុនេះ” មិនគួរដល់ពួកលោកទាំងអស់អង្គ ។ ពួក​ភិក្ខុទាំងអស់មិនដឹង រមែងគួរដល់ពួកលោកទាំងអស់ ។ បណ្តាសហធម្មិកទាំង ៥ [ អ្នកដែលប្រព្រឹត្តធម៌រួមគ្នា​ស្មើ​គ្នា មាន ៥ គឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ និងសាមណេរី ] សាច់ដែលគេធ្វើចំពោះ ដើម្បីប្រយោជន៍ដល់​សហធម្មិករូបណាមួយក៏ដោយ ក៏រមែងមិនគួរដល់សហធម្មិកទាំងអស់ ។

សំណួរ ៖ បើបុគ្គលខ្លះសម្លាប់សត្វ ចំពោះភិក្ខុមួយរូប ដាក់បាត្រឲ្យពេញហើយ ប្រគេនភិក្ខុរូបនោះ ហើយលោក​ក៏ដឹងថា សាច់គេធ្វើដើម្បីប្រយោជន៍ខ្លួន ទទួលទុកហើយប្រគេនដល់លោកអង្គផ្សេង តើអង្គដែលទទួលពីភិក្ខុ​នោះ ឆាន់ដោយជឿតាមភិក្ខុនោះ អង្គណាត្រូវអាបត្តិ ?

ចម្លើយ ៖ មិនត្រូវអាបត្តិដល់លោកទាំងពីរអង្គ ។

ព្រោះថា សាច់ដែលគេធ្វើចំពោះភិក្ខុណា មិនជាអាបត្តិដល់ភិក្ខុនោះ ព្រោះលោកមិនបានឆាន់, និងមិនជាអាបត្តិ​ដល់ភិក្ខុដែលទទួលបន្ត ព្រោះលោកមិនបានដឹង ។ តាមពិត ក្នុងការទទួលកប្បិយមំសៈ ( សាច់ដែលគួរ ) មិនជា​អាបត្តិ ។ តែភិក្ខុមិនដឹង ឆាន់សាច់ដែលគេធ្វើចំពោះខ្លួន ខាងក្រោយទើបបានដឹង មិនមានកិច្ចដោយការសម្តែង​អាបត្តិ ។ ចំណែកភិក្ខុមិនដឹង ឆាន់អកប្បិយមំសៈ ក្នុងកាលខាងក្រោយទើបដឹង គប្បីសម្តែងអាបត្តិចេញ ។ ពិត​មែន អាបត្តិរមែងមានដល់ភិក្ខុដែលដឹងហើយ ឆាន់សាច់ដែលគេធ្វើចំពោះខ្លួន និងអាបត្តិរមែងមានដូចគ្នា សូម្បី ដល់​ភិក្ខុដែលមិនដឹង ឆាន់អកប្បិយមំសៈ ។ ព្រោះហេតុនោះ ភិក្ខុអ្នកខ្លាចក្រែងចំពោះអាបត្តិ គប្បីសួរមុនហើយ ចាំទទួលប្រគេនសាច់ ។ នឹងទទួលដោយតាំងចិត្តថា “ពេលឆាន់ ចាំយើងសួរសិន សឹមឆាន់” គួរសួរមុនហើយ សឹមឆាន់ ។

សួរថា ៖ ព្រោះហេតុអ្វី ?

ឆ្លើយថា ៖ ព្រោះសាច់ពិបាកនឹងស្គាល់ណាស់ ។

តាមការពិត សាច់ខ្លាឃ្មុំ ស្រដៀងសាច់ជ្រូក សាច់ខ្លាដំបងជាដើម ក៏ស្រដៀងនឹងសាច់ម្រឹគជាដើម ព្រោះហេតុ​នោះ អាចារ្យទាំងឡាយទើបពោលថា “សួរហើយសឹមទទួលប្រគេននោះឯង ជាធម្មទំនៀម” ។

កត់សម្គាល់ពាក្យ

បវត្តមំស បានដល់ សាច់ដែលប្រព្រឹត្តទៅតាមប្រក្រតី គឺសាច់ដែលគេដាក់លក់តាមផ្សារ ( សាច់នេះ ភិក្ខុសាក​សួរមុនហើយ ឆាន់បាន )

ឧទ្ទិស្សមំស បានដល់ សាច់ដែលគេធ្វើចំពោះភិក្ខុ គឺគេសម្លាប់សត្វយកសាច់ ធ្វើចង្ហាន់ប្រគេនលោក ( សាច់​នេះ ភិក្ខុមិនត្រូវឆាន់ដាច់ខាត )

អកប្បិយមំស បានដល់ សាច់ដែលមិនគួរ, ដែលព្រះមានព្រះភាគទ្រង់ហាមប្រាម; សូមមើលបន្ថែម ៖ សាច់​ដែលព្រះមានព្រះភាគទ្រង់ហាមឃាត់ ១០

សាច់​ដែល​ព្រះមាន​ព្រះ​ភាគ​ទ្រង់​ហាមឃាត់​ ១០

សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោកហៅថា អកប្បិយមំសៈ មានន័យ​ថា សាច់ដែលមិនគួរ; អកប្បិយមំសៈនោះ មាន ១០ យ៉ាង គឺ

១. មនុស្សមំសំ  សាច់មនុស្ស

២. ហត្ថិមំសំ  សាច់ដំរី

៣. អស្សមំសំ  សាច់សេះ

៤. សុនខមំសំ សាច់ឆ្កែ

៥. អហិមំសំ  សាច់ពស់

៦. សីហមំសំ  សាច់រាជសីហ៍

៧. ព្យគ្ឃមំសំ  សាច់ខ្លាធំ

៨. ទីបិមំសំ  សាច់ខ្លាដំបង

៩. អច្ឆមំសំ  សាច់ខ្លាឃ្មុំ

១០. តរច្ឆមំសំ សាច់ខ្លារខិន

សាច់ទាំង ១០ យ៉ាងនោះ ភិក្ខុសាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ ចំណែកសាច់ ៩ យ៉ាងទៀត ត្រូវអាបត្តិទុក្កដ ។​ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ៖

ឥតិ ឥមេសំ មនុស្សាទីនំ ទសន្នំ មំសម្បិ អដ្ឋិបិ លោហិតម្បិ ចម្មម្បិ លោមម្បិ សព្វំ ន វដ្តតិ ។

សាច់ក្តី ឆ្អឹងក្តី ឈាមក្តី ស្បែកក្តី រោមក្តី របស់សត្វទាំង ១០ យ៉ាង មានមនុស្សជាដើមនេះ មិនគួរទាំងអស់ ដោយ​ប្រការដូច្នេះ ។

យង្កិញ្ចិ ញត្វា វា អញត្វា វា ខាទន្តស្ស អាបត្តិយេវ ។

កាលភិក្ខុដឹងក៏ដោយ មិនដឹងក៏ដោយ ឆាន់សាច់យ៉ាងណានីមួយ ( ក្នុងសាច់ទាំង ១០ ) រមែងត្រូវអាបត្តិដោយ​ពិត ។

ម្យ៉ាងទៀត ភិក្ខុមិនទាន់បានពិចារណាជាមុន មិនត្រូវឆាន់សាច់ បើឆាន់ត្រូវអាបត្តិទុក្កដ មានពុទ្ធប្បញ្ញត្តថា៖

ន ច ភិក្ខវេ អប្បដិវេក្ខិត្វា មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស “ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ”

ពាក្យថា មិនបានពិចារណាជាមុន ហើយឆាន់សាច់ ក្នុងអដ្ឋកថាលោកបានពន្យល់ដូច្នេះ

អប្បដិវេក្ខិត្វាតិ អប្បដិបុច្ឆិត្វា; សចេ បន អសុក មំសន្តិ ជានាតិ បដិបុច្ឆនកិច្ចំ នត្ថិ អជានន្តេន បន បុច្ឆិត្វាវ ខាទិតព្វំ ។

បទថា អប្បដិវេក្ខិត្វា ( មិនទាន់បានពិចារណា ) បានដល់ មិនទាន់សាកសួរ ប្រសិនបើភិក្ខុដឹងថា នេះជាសាច់​អ្វី កិច្ចដែលនឹងត្រូវសាកសួរ រមែងមិនមាន តែកាលមិនដឹង ( មិនស្គាល់ ) ត្រូវសាកសួរជាមុនសិន សឹមឆាន់ ។