បណ្ណសារចំណាត់ក្រុម៖ អធិប្បាយបាទព្រះគាថា

អធិប្បាយបាទព្រះគាថាក្នុងគាថាធម្មបទ

អ្នក​ដែល​ពោល​ពាក្យ​មិន​ពិត​ រមែង​ទៅ​កាន់​នរក

អភូតវាទី  និរយំ  ឧបេតិ  អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ។

ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធនាងបរិព្វាជិកាឈ្មោះសុន្ទរី ។

ដើមរឿង មកអំពីលាភសក្ការៈបីដូចក្រសែទឹកនៃបញ្ចមហានទី កើតឡើងដល់ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុ​សង្ឃ ឯចំណែកពួកអន្យតិរ្ថិយ៍ក៏សាបសូន្យចាកលាភសក្ការៈ ដូចជាអំពិលអំពែកក្នុងវេលាព្រះអាទិត្យរះឡើង ដូច្នោះឯង ។ ព្រោះហេតុនោះ ទើបពួកអន្យតិរ្ថិយ៍មានគំនិតអាក្រក់ ហើយចាត់ចែងឲ្យនាងសុន្ទរីពោលកុហកពួក​ពុទ្ធបរិស័ទថា ខ្លួនបានទៅរួមអភិរម្យដោយកិលេសក្នុងព្រះគន្ធកុដិ ជាមួយនឹងព្រះសមណគោតម ។ លុះក្រោយ​មក បានជួលពួកអ្នកលេងឲ្យសម្លាប់នាងសុន្ទរី ហើយកប់សពក្បែរព្រះគន្ធកុដិនាវត្តជេតពននោះឯង គឺដើម្បី​ទម្លាក់កំហុសចំពោះភិក្ខុសង្ឃ ។ រឿងរ៉ាវអាក្រក់ទាំងអស់ ត្រូវបែកការណ៍ ព្រោះពួកអ្នកលេងស្រវឹងស្រាឈ្លោះគ្នា​និយាយចេញមក ។ ចំពោះរឿងនេះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា អភូតវាទី និរយំ ឧបេតិ … អភូតវាទី គឺរកកំហុសអ្នកដទៃមិនបាន ក៏ក្លែងរឿងពោលចោទប្រកាន់ដោយពាក្យមិនពិត ។

ព្រះគាថាទ្រង់ប្រារព្ធនាងសុន្ទរី ៖

អភូតវាទី  និរយំ  ឧបេតិ

យោ  វាបិ  កត្វា  ន  ករោមីតិ  ចាហ

ឧភោបិ  តេ  បេច្ច  សមា  ភវន្តិ

និហីនកម្មា  មនុជា  បរត្ថ  ។

អ្នកដែលពោលពាក្យមិនពិត រមែងទៅកាន់នរក ឬបុគ្គលណាធ្វើអំពើអាក្រក់ហើយ និយាយថាអញមិនធ្វើទេ បុគ្គលនោះ ក៏ធ្លាក់នរកដូចគ្នាដែរ ។ ជនទាំងពីរពួកនោះ ដែលមានអំពើថោកទាបដូចគ្នា លុះលះលោកនេះ​ទៅហើយ រមែងជាអ្នកស្មើគ្នាដោយគតិក្នុងលោកខាងមុខ ។

បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ

កតបុញ្ញោ ឧភយត្ថ មោទតិ បុគ្គលអ្នកធ្វើបុណ្យទុកហើយ រមែងរីករាយក្នុងលោកទាំងពីរ ។

បទថា កតបុញ្ញោ ជាដើម ដោយសេចក្តីថា បុគ្គលអ្នកធ្វើកុសលមានប្រការផ្សេងៗ រមែងរីករាយ ដោយការ​រីករាយ ព្រោះអំពើក្នុងលោកនេះថា អំពើអាក្រក់ យើងមិនបានធ្វើឡើយ ចំណែកអំពើល្អ យើងបានធ្វើហើយ ។ រមែងរីករាយក្នុងលោកខាងមុខ ព្រោះដែលឈ្មោះថា បុណ្យ ដោយអត្ថថា មានវិបាកជាសុខ ។

ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់បា្ររព្ធធម្មិកឧបាសក ។ ធម្មិកឧបាសក ជា​អ្នកប្រព្រឹត្តធម៌ ទាំងបុត្រទាំងភរិយា ជាអ្នកមានសីល មានកល្យាណធម៌ ត្រេកអរក្នុងការចែកទាន រស់នៅក្នុង​ក្រុងសាវត្ថី ។ នៅពេលមានជំងឺ គាត់មានបំណងស្តាប់ធម៌ ទើបឲ្យកូនទៅកាន់សម្នាក់ព្រះដ៏មានព្រះភាគ និមន្ត​ភិក្ខុសង្ឃសូត្រសតិប្បដ្ឋានសូត្រ ។ នៅពេលកំពុងស្តាប់ធម៌នោះ ទេវតានាំរាជរថពីទេវលោកទាំង ៦ ឋាន មក​អញ្ជើញគាត់ទៅទេវលោក ។ ធម្មិកឧបាសក ចុតិហើយបដិសន្ធិក្នុងរាជរថស្ថានតុសិត មានទេពអប្សរមួយពាន់​ហែហមទៅកាន់ស្ថានសួគ៌ ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ព្រះគាថា៖

ឥធ  មោទតិ  បេច្ច  មោទតិ           កតបុញ្ញោ ឧភយត្ថ មោទតិ

សោ មោទតិ សោ បមោទតិ          ទិស្វា  កម្មវិសុទ្ធិមត្តនោ  ។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ

អប្បមាទរតា ហោថ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ។

ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅវត្តជេតពន ព្រះអង្គបានប្រារព្ធដំរីឈ្មោះបាវេរកៈ ជាដំរីរបស់ ព្រះបាទបសេនទិកោសល ។ ដំរីនោះឯងជាប់ភក់ រើខ្លួនមិនរួច នាយហត្ថាចារ្យបានរៀបចំដូចចូលកាន់សមរភូមិ ក្នុងទីនោះ ហើយឲ្យទូងស្គរចម្បាំងឡើង ។ ដំរីមានជាតិជាប់ដោយមានះ ធ្លាប់ចូលកាន់សមរភូមិប្រយុទ្ធ ក៏ស្ទុះ ដោយកម្លាំងចិត្តផ្សំនឹងកម្លាំងកាយ ក៏តាំងនៅលើគោកបាន ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហេតុការណ៍នោះ​ហើយ ព្រះអង្គទ្រង់ត្រាស់ដាស់តឿនភិក្ខុទាំងឡាយឲ្យរើខ្លួនចាកភក់ គឺកិលេស ដោយប្រារព្ធសេចក្តីព្យាយាម​ ។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវព្រះគាថាថា ៖

អប្បមាទរតា  ហោថ                សចិត្តមនុរក្ខថ

ទុគ្គា  ឧទ្ធរថត្តានំ                     បង្កេ  សន្នោវ  កុញ្ជរោ ។

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូរតាមរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនឡើងចេញចាកភក់ គឺ កិលេស ដែលឆ្លងបានដោយក្រ ដូចដំរីដែលជាប់នៅក្នុងភក់ ហើយរើខ្លួនរួចបាន ដូច្នោះឯង ។

បទថា អប្បមាទរតា ដោយសេចក្តីថា អ្នកទាំងឡាយ ចូរត្រេកអរក្នុងការនៅមិនប្រាសចាកសតិ ។

បទថា សចិត្តំ ដោយសេចក្តីថា ចូររក្សាចិត្តរបស់ខ្លួនក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម មិនឲ្យរូបជាដើម​នោះ គ្របសង្កត់ចិត្តបាន ។

បទថា សន្នោ ដោយសេចក្តីថា ដំរីព្យាយាមរើខ្លួនចាកភក់ ហើយតាំងនៅលើគោក យ៉ាងណា​ អ្នកទាំងឡាយ ចូររើ ខ្លួនចាកភក់គឺកិលេស ហើយតាំងនៅលើគោក គឺព្រះនិព្វាន ក៏យ៉ាងនោះដែរ ។

កាលចប់ព្រះធម៌ទេសនា ភិក្ខុទាំងនោះបានតាំងនៅក្នុងព្រះអរហត្តផល ។

ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង

និព្វានំ បរមំ សុខំ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ពាក្យនេះ ប្រារព្ធចំពោះឧបាសកម្នាក់ នៅនគរអាឡវីផង និងទ្រង់ប្រារព្ធចំពោះ ព្រះបាទបសេនទិកោសលផង ។

ព្រះនិព្វានជាបរមសុខ ព្រោះការអស់ទៅនៃទុក្ខទាំងពួង ព្រះនិព្វានគឺជាទុក្ខនិរោធអរិយសច្ច ។ ពាក្យថា ទុក្ខទាំង​ពួង គឺជាវដ្តសង្សារដែលសន្មតថាជាយើង ថាជាគេម្នាក់ៗ រៀងៗ ខ្លួនហ្នឹងឯង ។ វដ្តសង្សារ គឺជាតំណនៃខន្ធ មួយ ខណៈៗ អស់ពីមួយជាតិ តមួយជាតិ ដោយមិនដឹងទីបំផុតខាងដើមពីត្រឹមណាមក ត្រូវបញ្ចប់ដោយអរហត្តមគ្គ ​និង ទីបំផុតនៃសង្សារត្រឹមការបរិនិព្វានរបស់ព្រះអរហន្ត អស់ជាតិ អស់កំណើត ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា នាមរូបរលត់អស់មិនមានសេសសល់ ព្រោះការរលត់ទៅនៃវិញ្ញាណ ។

អ្នកឈ្នះតែងជួបប្រទះនូវពៀរ

ជយំ វេរំ បសវតិ អ្នកឈ្នះតែងជួបប្រទះនូវពៀរ ។

ព្រះមានព្រះភាគទ្រង់គង់នៅព្រះជេតពនមហាវិហារ ព្រះអង្គទ្រង់ប្រារព្ធបរាជ័យនៃព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសង្គ្រាមចាញ់ព្រះបាទអជាតសត្តុ ដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គ ទ្រង់ កើតទុក្ខ បង្អត់អាហារព្រះអង្គឯង ដោយព្រះតម្រិះថា ប្រយោជន៍អ្វីដោយការរស់នៅរបស់យើង ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនោះដល់ព្រះបរមសាស្តា ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ៖

ជយំ វេរំ បសវតិ                  ទុក្ខំ សេតិ បរាជិតោ

ឧបសន្តោ សុខំ សេតិ            ហិត្វា ជយបរាជយំ ។

អ្នកឈ្នះតែងជួបប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ ចំណែកបុគ្គលដែលស្ងប់រំងាប់ លះបង់នូវការឈ្នះចាញ់ ចេញហើយ រមែងនៅជាសុខ ។

បទថា ជយំ សេចក្តីថា អ្នកឈ្នះនូវបុគ្គលដទៃ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សរសើរបុគ្គលដែលឈ្នះខ្លួនឯងថា ជា ការឈ្នះដ៏ឧត្តមក្នុងសមរភូមិវដ្តសង្សារ ។

ការខឹងក្រោធ កើតមកអំពី ៖

១. ចាប់កំហុសអ្នកដទៃ

២. មិនតក់ស្លុតចំពោះអកុសលខ្លួនឯង ។

ដោយបរមត្ថ អ្នកដទៃគឺគ្រាន់តែមនោទ្វារវីថិចិត្តខ្លួនឯងសាងឡើងប៉ុណ្ណោះ អ្វីៗ នោះ ត្រឹមតែជាវីថិចិត្ត និង អារម្មណ៍របស់វីថិចិត្តប៉ុណ្ណោះឯង ជាពិសេសវិបាករបស់កម្មតាមបញ្ចទ្វារ ដែលមិនមានបុគ្គលដទៃធ្វើកម្មហើយ យើងជាអ្កកទទួលវិបាកនោះឡើយ ។ លោកទាំង ៦ សូន្យចាកសត្វបុគ្គលតួខ្លួន មានអ្នកណាមកធ្វើឲ្យយើងចាប់ កំហុស ហើយខឹងក្រោធទៅរកនោះ តែបើពោលពីសត្រូវពិតប្រាកដ គឺកិលេសក្នុងចិត្តខ្លួនឯង បើកិលេសមិនមាន​ ហើយ បញ្ហាកង្វល់ក្នុងវដ្តសង្សារ ក៏ត្រូវចប់ដែរ ។

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់

អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ ។

សេចក្តីមិនប្រមាទ ជាឈ្មោះរបស់សតិដែលតាំងមាំជានិច្ច ដោយអត្ថ គឺការមិននៅប្រាសចាកសតិ ។ សេចក្តីមិន ប្រមាទ ជាឫសគល់នៃកុសលធម៌ទាំងអស់ ជាទីប្រជុំចុះនៃកុសលធម៌ទាំងពួង ប្រៀបដូចជាស្នាមជើងដំរី ជាស្នាម ជើងដ៏ធំ ជាទីប្រជុំចុះនៃស្នាមជើងសត្វទាំងពួង ។ សេចក្តីមិនប្រមាទ ក៏ជាទីប្រជុំចុះនៃព្រះពុទ្ធវចនៈ ក្នុង ៤៥ ព្រះវស្សាផងដែរ ។

អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវទៅដល់ព្រះនិព្វាន ជាទីបំផុតទុក្ខ ។

ការកើតឡើងនៃព្រះពុទ្ធ នាំមកនូវសេចក្តីសុខ

សុខោ ពុទ្ធានមុប្បាទោ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ។

សម្តេចព្រះទ្រង់ញាណព្រះអង្គគង់ប្រថាប់នៅក្នុងវត្តព្រះជេតពនទ្រង់ប្រារព្ធការសន្ទនាគ្នារបស់ពួកភិក្ខុច្រើនអង្គ។ ប្រធានបទនៃការសន្ទនា គឺ អ្វីជាសុខក្នុងលោកនេះ អង្គខ្លះឆ្លើយថា មិនមានអ្វីសុខដូចសុខក្នុងរាជសម្បត្តិទេ អង្គ ខ្លះទៀតថាកាមសុខ ឯភិក្ខុដទៃទៀតថា មិនមានអ្វីជាសុខជាងការបរិភោគបាយស្រូវសាលី ជាមួយនឹងសាច់ ឡើយ ។ ព្រះបរមសាស្តា ព្រះអង្កទ្រង់យាងមកហើយត្រាស់ថា អ្នកទាំំងឡាយពោលអ្វីហ្នឹង សុខទាំងនេះ សុទ្ធតែ ជាប់ទាក់ទងដោយទុក្ខក្នុងវដ្តៈទាំងអស់ រួចហើយទើបព្រះអង្គទ្រង់ត្រាស់ព្រះគាថា ៖

សុខោ ពុទ្ធានមុប្បាទោ            សុខា សទ្ធម្មទេសនា

សុខា សង្ឃស្ស សាមគ្គី            សមគ្គានំ តបោ សុខោ ។

ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសម្តែងនូវព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្តី ព្រមព្រៀងគ្នានៃសង្ឃ ឬ ពួកក្រុម នាំមកនូវសេចក្តីសុខ សេចក្តីព្យាយាមដុតកិលេសនៃអ្នកព្រមព្រៀងគ្នាទាំង នោះ នាំមកនូវសេចក្តីសុខ ។

នៅពេលចប់ព្រះធម៌ទេសនា ភិក្ខុជាច្រើនអង្គ សម្រេចព្រះអរហត្តផល ។

វៀរលែងតែព្រះបច្ចេកពុទ្ធចេញ សត្វលោកទាំងអស់ សុទ្ធតែសម្រេចមគ្គផលដល់ព្រះនិព្វាន ដោយអាស្រ័យការ ត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធទាំងអស់ ។ ព្រះធម៌ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង អស្ចារ្យណាស់ ធ្វើឲ្យអ្នក ស្តាប់ដោយល្អ បាននូវបញ្ញា ដូច្នេះ ពុទ្ធបរិស័ទគួរតែព្រមព្រៀងគ្នារក្សាព្រះពុទ្ធសាសនា ហើយប្រព្រឹត្តធម៌ដោយ ខ្លួនឯង កុំរវល់តែចាប់កំហុសអ្នកដទៃ ត្រូវពិចារណាវិបាកកម្មរបស់ខ្លួន និង តក់ស្លុតចំពោះអកុសលក្នុងចិត្តខ្លួន ឯង ។