បណ្ណសារចំណាត់ក្រុម៖ ធម្មទស្សន៍
ឆ្នាំងដី
ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមាន សេចក្តីស្លាប់នៅពីខាងមុខ ។ ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ឆ្នាំងទាំង អស់នោះ មានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។
ព្រះបរមសាស្តា ទ្រង់មានបន្ទូល ដូច្នេះតទៅទៀតថា ៖
វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងរបស់ខ្លួន តថាគតបានធ្វើទុកហើយ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះ បង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបានមិនខាន ។
ព្រះឱវាទក្នុងមហាបរិនិព្វានសូត្រ
បណ្ឌិត ដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី
គប្បីរក្សាចិត្តនេះ ដូចជាគេរក្សានូវនគរ យ៉ាងនោះឯង
គប្បីច្បាំងជាមួយនឹងមារ ដោយអាវុធ គឺបញ្ញា
គប្បីរក្សានូវជម្នះ ដែលបានឈ្នះហើយ
តែមិនត្រូវជាប់ជំពាក់ក្នុងជម្នះនោះឡើយ ។
ធម្មបទ ចិត្តវគ្គ
ដើមអំពៅ
ដើមអំពៅរមែងផ្អែមគល់ រីឯចុងរមែងសាប ។ ការបរិភោគកាមគុណ ប្រៀបបីដូចជាការបរិភោគអំពៅ ដេញពីគល់មករកចុង ដូច្នោះឯង ។ ក្នុងរឿងនេះ គូស្វាមីភរិយាថ្មីថ្មោង ដែលកំពុងតែផ្អែមល្ហែមដាក់គ្នា ក៏គួរតែសិក្សាអំពីដើមអំពៅ ។
ដើមអំពៅពិតមែនតែផ្អែមគល់ សាបចុង ប៉ុន្តែមានលក្ខណៈមួយទៀតដែលយើងត្រូវសិក្សា គឺដើម អំពៅភាគច្រើន គឺរមែងត្រង់ ។ យើងត្រូវកាន់យកគតិទៀងត្រង់ ពោលគឺស្មោះត្រង់ដល់គ្នានិងគ្នា ស្មោះ ត្រង់ចំពោះការងារ ប្រព្រឹត្តតែសុចរិត មានការរាប់អាន មានការអាណិត រាគៈសាបពិតតែចិត្តនៅផ្អែម គឺ ផ្អែមដោយសច្ចៈ ។
ផ្ទុយពីការបរិភោគកាម គឺការប្រព្រឹត្តធម៌ ។ ការប្រព្រឹត្តធម៌ រមែងនាំមកនូវសេចក្តីសុខស្ងប់ច្រើនឡើងៗ ដូចជាការបរិភោគអំពៅពីចុងដេញមករកគល់អ៊ីចឹងដែរ ។
ផ្លែស្វាយ
ផ្លែស្វាយនៅខ្ចីជូរ លុះដល់ទុំទៅរមែងផ្អែម យ៉ាងណា ការអប់រំបន្ទុំចិត្ត ក៏ត្រូវតែប្តូរផ្លាស់ពីជូរមកផ្អែម យ៉ាងនោះដែរ ពោលគឺធ្លាប់តែមិនជ្រះថ្លា ក៏មកជាជ្រះថ្លានឹងគុណព្រះរតនត្រៃ ធ្លាប់តែកំណាញ់ក៏មកជា មានទឹកចិត្តចេះឲ្យទាន ធ្លាប់តែទ្រុស្តសីល ក៏មកជាមានសីល ។ល។
ផ្លែស្វាយនៅខ្ចី រឹង លុះដល់ទុំទៅរមែងទន់ យ៉ាងណា ការអប់រំបន្ទុំចិត្ត ក៏ដូចគ្នាដែរ គឺចិត្តរមែងទន់ ដោយសទ្ធា គួរដល់ការងារ ទាន សីល ភាវនា ងាយប្រដៅ ងាយទូន្មានតាមព្រះធម៌ព្រះវិន័យ មិន ចចេសរឹងរូសកោងកាចឡើយ ។
ផ្លែស្វាយ នៅខ្ចី ពណ៌មិនល្អដូចជាស្វាយទុំទេ មានគួរនាដូចជាមនុស្សយើង ដែលមិនទាន់បានទូន្មាន ខ្លួន ដូច្នោះឯង លុះដល់បានអប់រំទូន្មានខ្លួនហើយ ក៏រមែងមានឥន្ទ្រិយស្រគត់ស្រគំគួរឲ្យជ្រះថ្លា មាន ការសង្រួមកាយ វាចា សង្រួមឥរិយាបថ ពិតដូចជាផ្លែស្វាយដែលបន្ទុំទុំហើយមានពណ៌ដូចជាមាស ដូច្នោះដែរ ។
ផ្លែស្វាយខ្ចីមិនក្រអូបទេ លុះដល់បន្ទុំឲ្យទុំល្អហើយ រមែងមានក្លិនក្រអូបផ្អែម ក្នុងន័យសេចក្តីបីដូចជា ក្លិនកេរ្តិ៍ឈ្មោះល្អរបស់អ្នកមានសីល មានកល្យាណធម៌ រមែងក្រអូបសាយទៅគ្រប់ទិសានុទិស ។
មនុស្សយើង គួរតែជឿជាក់ក្នុងផលនៃការអប់រំទូន្មានខ្លួន ហើយត្រូវហ្វឹកហាត់អប់រំកាយ វាចា ចិត្តជា និច្ច តាមបែបផែនព្រះពុទ្ធសាសនា ។
បព្វជិតមិនសង្រួម នឹងទ្រោមចុះនូវសទ្ធា
គ្រហស្សអត់ការងារ បា្រកដជានឹងធ្លាក់ចុះ ។
រស់នៅឥតវិន័យ ដូចក្របីឥតកន្លុះ
បើអត់ធម៌វិញនោះ ដូចលីងក្រួសជះដាក់គេ ។
មាន់ព្រៃជល់គ្នា
មាននិទានពីមាន់ព្រៃជល់គ្នា កាលជល់គ្នាមួយសន្ទុះធំមក ក៏ដឹងចាញ់ឈ្នះ មាន់ដែលចាញ់ក៏រត់គេច បាត់ទៅ ចំណែកមាន់ដែលឈ្នះក៏សប្បាយចិត្ត ទទះស្លាបនិងសម្តែងអាកប្បកិរិយាផ្សេងៗ បង្អួតមាន់ មេដែលនៅក្បែរនោះទៀតផង រួចហើយក៏ហើរទៅទំលើដំបូកខ្ពស់ ស្រែករងាវប្រកាសពីជ័យជម្នះរបស់ ខ្លួន ។
ពេលនោះ មានសត្វឥន្ទ្រីដ៏ធំមួយ បានហើរបោះពួយមកឆាបយកមាន់ដែលជាអ្នកឈ្នះនោះ ទៅធ្វើជា អាហារដ៏ឆ្ងាញ់មួយរំពេចទៅ ។
រឿងមាន់ព្រៃដែលជល់ឈ្នះគេនេះ បានអប់រំមនុស្សយើងយ៉ាងល្អ គឺពេលដែលយើងបានជួបប្រសព្វនូវ សេចក្តីសម្រេចក្នុងកិច្ចការណាមួយ យើងមិនត្រូវមកអួតក្អេងក្អាង លើកតម្កើងខ្លួនឯងនោះឡើយព្រោះ ការអួតក្អេងក្អាង វានាំឲ្យដូចជារឿងនិទានពីមាន់ព្រៃ ដែលជល់ឈ្នះគេនោះឯង ។
ក្នុងលោកនេះ អ្នកដែលបានដល់នូវសេចក្តីសម្រេច រមែងជាទីតាំងនៃការសម្លឹងមើលនៃអ្នកដទៃ ដ៏ យ៉ាងច្រើន ដូច្នេះ យើងគួរតែទន់ភ្លន់ បន្ទន់បន្ទាបខ្លួន ទើបអាចរស់នៅបានយូរតទៅ ហើយក៏រមែងមាន នូវមិត្តភក្តិច្រើន ឯសត្រូវវិញបើមានក៏តិចតួចប៉ុណ្ណោះ ។
មានព្រះពុទ្ធភាសិតមួយឃ្លា បានសម្តែងទុកមកថា “ ឈ្នះខ្លួនឯងប្រសើរជាង “ ។
ម្យ៉ាងទៀត សត្វឥន្ទ្រីក្នុងរឿងនិទាននេះ ជាឈ្មោះនៃកិលេសមារ ។
សត្វស្លាប់ដោយសារសាច់
កាមគុណផ្តាច់ជីវិតមនុស្ស ។
សត្វប្រើស
មានរឿងនិទានពីសត្វប្រើស ស្រឡាញ់ពេញចិត្តនឹងស្នែងវែង បែកចម្ពាម ច្រងេងច្រងាងរបស់ខ្លួន តែ មិនស្រឡាញ់ពេញចិត្តនឹងជើងទាំងបួនរបស់ខ្លួនទេ ព្រោះមិនស្អាតដូចជាស្នែងឡើយ ។
លុះកាលដែលមានភ័យមកដល់ ត្រូវនាយព្រានដេញបាញ់ដោយធ្នូ ជើងដែលខ្លួនមិនពេញចិត្តនោះឯង ត្រឡប់ទៅជានាំខ្លួនរត់បានយ៉ាងរហ័ស ហើយក៏រួចខ្លួនបាន ។
ថ្ងៃក្រោយមកទៀត ពេលមានភ័យមកដល់ ខ្លួនរត់មិនរួច ព្រោះទាក់ស្នែងនឹងមែកឈើ ជីវិតក៏ត្រូវ ក្ស័យ។ ប្រើសបានស្លាប់ខ្លួន ព្រោះអាស្រ័យមកអំពីស្នែងដែលខ្លួនតែងតែស្រឡាញ់ពេញចិត្តហ្នឹងឯង។
នៅក្នុងលោកនេះ ពេលខ្លះយើងក៏ត្រូវអរគុណដល់ភាពខ្វះខាតផ្សេងៗ ដែលមិនបានឲ្យយើងស្លាប់ និង ម្យ៉ាងទៀត ការខ្វះខាតក្តី កំហុសភ្លាំងភ្លាត់ក្តី និងភាពក្រីក្រជាដើមនោះ អាចធ្វើឲ្យយើងមិនប្រមាទ ដាស់តឿនស្មារតីជានិច្ច រហូតនាំយើងឲ្យបានដល់នូវសេចក្តីសម្រេចតាមប្រាថ្នាទៀតផង ។
ចំណែកឯភាពមាំមួនដោយសុខភាព ទ្រព្យសម្បត្តិ និងការបានអ្វីៗ សមតាមប្រាថ្នា ព្រមទាំងភាព សម្បូណ៌សប្បាយទាំងឡាយផ្សេងៗ នៃជីវិតវិញនោះ ពេលខ្លះក៏ធ្វើឲ្យយើងវង្វេងភ្លេចខ្លួន មានសេចក្តី ប្រមាទ ប្រព្រឹត្តបាបកម្មរហូតដល់នាំខ្លួនឲ្យធ្លាក់ដល់នរកអវីចីទៅបាន ។
សេចក្តីទុក្ខក្នុងជីវិត ដែលមនុស្សយើងមិនត្រូវការ ប៉ុន្តែថា ព្រោះទុក្ខនៃជីវិតហ្នឹងឯងហើយ ដែលធ្វើឲ្យ មនុស្សយើងមិនស្រវឹងក្នុងជីវិត ខំប្រឹងប្រព្រឹត្តធម៌ ទីបំផុតក៏បានរួចផុតពីជាតិ ជរា និងមរណៈ ។
មានពាក្យដាស់តឿនមួយបទ បានពោលថា “ មិនបាច់ស្អប់ កុំតែជាប់ទៅបានហើយ “ ។
ឃ្មុំនិងរុយ
ឃ្មុំជាសត្វដែលមានសេចក្តីព្យាយាម ឆ្លាតក្នុងការសន្សំ ពេញចិត្តនឹងរបស់ស្អាត និយមការព្រមព្រៀង ថែមទាំងបានជាប្រយោជន៍ដល់មនុស្សច្រើនប្រការទៀតផង ។
រុយជាសត្វមានរូបរាងស្រដៀងគ្នានឹងឃ្មុំដែរ តែមានសភាពចរិតនិស្ស័យ និងការរកស៊ីខុសគ្នាពីឃ្មុំដូច មេឃនិងដី ។ រុយចូលចិត្តតែរបស់ស្មោកគ្រោក ស្អុយរលួយ និងចម្លងរោគផ្សេងៗ ឲ្យដល់មនុស្សជា ដើម ។
មនុស្សយើងកើតមក ក៏មានរូបរាងស្រដៀងៗ គ្នាដែរ ប៉ុន្តែដែលធ្វើឲ្យមនុស្សយើង មានសភាពផ្សេងគ្នា នោះគឺឧបនិស្ស័យពីអតីត និងការសេពគប់ក្នុងបច្ចុប្បន្ន ព្រមដោយការសិក្សា ។ល។ ទើបធ្វើឲ្យមនុស្ស យើងទៅជាមនុស្សប្រភេទឃ្មុំ ឬប្រភេទរុយនោះឯង ។
រុយចូលចិត្តលាមក
មនុស្សគម្រក់សេពអធម៌
ឃ្មុំចូលចិត្តកេសរ
ជាតិមនុស្សល្អចូលចិត្តបុណ្យ ។
គុម្ពឫស្សី
ដើមឫស្សីដុះជុំគ្នាជាគុម្ព យើងអាចសិក្សាពីការព្រមព្រៀងគ្នាក្នុងសង្គម ខ្យល់បក់មិនរលំ ព្រោះជួយ ទប់គ្នា ។ ដើម្បីការព្រមព្រៀងគ្នា យើងត្រូវចេះឲ្យតម្លៃ ឲ្យកិត្តិយសដល់អ្នកដទៃ ឬក៏ឲ្យនូវអ្វីៗ ដែលអាច ធ្វើឲ្យអ្នកដទៃមានទឹកចិត្ត ល្មមនឹងស្មោះត្រង់រកគ្នាបាន ។
គុម្ពឫស្សី រមែងមានបន្លាព័ទ្ធជុំវិញគល់ខាងក្រោម ជាប្រយោជន៍ការពារខ្លួន មិនឲ្យគេចូលមកកាប់ ទម្លាយបានដោយងាយ និងការពារទំពាំងរបស់ខ្លួន ។ មនុស្សយើងក៏ដូចគ្នា ត្រូវចេះរបៀបការពារខ្លួន ការពារទ្រព្យសម្បត្តិ រក្សាវង្សត្រកូលទុកក្នុងសេចក្តីថ្លៃថ្នូរ និងរក្សានូវអ្វីៗ ទៀត តាមដែលត្រូវថែរក្សា ។ ការថែរក្សា និងការពារនេះគឺជាស្មារតីប្រុងប្រយ័ត្ន ប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ មិនមែនជាការ ហួងហែង ប្រកាន់មាំព្រោះសេចក្តីវង្វេងនោះឡើយ ។
បើនិយាយអំពីប្រយោជន៍វិញ ឫស្សីមានប្រយោជន៍ដល់ការប្រើប្រាស់ច្រើនណាស់ ដូចជាក្បូន រនាប បំពង់ទឹក ក្លាក់ បង្អោង បង្គី រោង រន្ទា ជាដើម ។
មនុស្សយើងកើតមក ក៏គួរតែជាមនុស្សដែលមានប្រយោជន៍ដល់អ្នកដទៃ ត្រូវសិក្សាអំពីធម្មជាតិដែល មានប្រយោជន៍ក្នុងលោក និងត្រូវគិតថា “ អាត្មាអញកំពុងធ្វើអ្វី “ ។
ឫស្សីអាងបន្លាការពារខ្លួន
ប្រាជ្ញអាចច្បាប់ក្បួនការពារខុស
ឫស្សីបែកគុម្ពទំពាំងដុះ
សាមគ្គីគ្នារស់បែកគ្នាស្លាប់ ។
ដើមឈើ
ដើមឈើពឹងខ្លួនឯងជាមុន ប្រឹងប្រែងតាំងតែអំពីគ្រាប់ពូជតូចមួយរហូតដល់ធំ រួចហើយទើបបាន ជាទីពឹងឲ្យដល់អ្នកដទៃ ។ ធម្មជាតិមនុស្សយើងក៏ដូចគ្នា គឺអាចប្រឹងប្រែងជួយខ្លួនឯង ហ្វឹកហាត់ អប់រំទូន្មានខ្លួនរហូតទាល់តែបានដល់នូវសេចក្តីសម្រេច ធ្វើជាទីពឹងនៃខ្លួនឯងបាន រួចហើយក៏បាន ធ្វើជាទីពឹងឲ្យដល់អ្នកដទៃដូច្នោះដែរ ។
មនុស្ស និង សត្វទាំងឡាយ សុទ្ធតែបានទទួលនូវប្រយោជន៍សន្ធឹកសន្ធាប់អំពីដើមឈើ រាប់តាំងតែ ពីគ្រឿងស្លៀកដណ្តប់ ទីជ្រកនៅអាស្រ័យ ថ្នាំកែរោគ អាហារបរិភោគ រហូតដល់គ្រឿងប្រើប្រាស់ផ្សេងៗ រាប់មុខមិនអស់ ។
មនុស្សយើង កើតមកដើម្បីសាងខ្លួនឯងឲ្យជាប្រយោជន៍ដល់មនុស្សផងគ្នានិងសត្វលោកទាំងឡាយ ។ មនុស្សត្រូវចេះទូន្មានខ្លួន ប្រឹងប្រែងសិក្សាស្រាវជ្រាវ ឲ្យដូចជាឫសឈើចាក់ចុះទៅក្នុងផែនដី ញ៉ាំងដើម ឲ្យធំ និងមាំមួនរឹងប៉ឹងល្អ ទ្រាំទ្រចំពោះខ្យល់ ចំពោះកម្តៅថ្ងៃបាន ។
មនុស្សយើងបើមិនរឹងប៉ឹងទេ លុះដល់ធំឡើង ក៏ជាមនុស្សទន់ខ្សោយនឹងដួលរលំបានដោយងាយ នៅ ពេលដែលបានជួបជាមួយនឹងឧបសគ្គផ្សេងៗ គឺជាអ្នកបរាជ័យ ចាញ់ជីវិតខ្លួនឯង ។
ស្លឹកឈើ នៅពេលដែលធំពេញទី ក៏រមែងផ្លាស់ប្តូរពីពណ៌ខៀវបៃតងមកជាពណ៌លឿង ហើយក៏ជ្រុះចុះ មកលើផែនដី ត្រឡប់ក្លាយទៅជាជី ។ មនុស្សយើងក៏នឹងដល់ភាពមិនទៀងនៃជីវិត កើត ចាស់ ឈឺ ហើយក៏ស្លាប់ព្រាត់ប្រាសគ្នាទៅ ។ ស្លឹកឈើទុំជ្រុះ ដើម្បីឲ្យស្លឹកថ្មីដុះបន្ត យ៉ាងណា មនុស្សយើងកាល ដល់ពេលហើយ ក៏ត្រូវចាកលោកទៅ ដើម្បីឲ្យមនុស្សកើតមកក្រោយៗ បំពេញកិច្ចការជាបន្តក៏យ៉ាង នោះដែរ ។ គ្រប់យ៉ាងមានការប្រែប្រួលជានិច្ច ឲ្យតែជាសង្ខារធម៌ ។
ដើមឈើទ្រាំនៅហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បីជាម្លប់ដល់ពួកមនុស្សទាំងឡាយ ។ មនុស្ស យើងពេលខ្លះក៏ត្រូវព្រមលំបាកដែរ ដើម្បីធ្វើជាជម្រកឲ្យដល់អ្នកដទៃ ។
ដើមឈើជាធម្មជាតិមាននៅឲ្យមនុស្សយើងសិក្សា រៀបចំដំណើរជីវិតឲ្យមានប្រយោជន៍ពិតៗ ។
គួរមើលដើមឈើជាតួយ៉ាង
បានជាភ័ស្តុតាងដាស់តឿនចិត្ត
ដើមឈើទ្រាំក្តៅទ្រាំខ្យល់ពិត
ទុកដូចជាមិត្តឲ្យទីជ្រក ។
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែង ក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្ស ទាំងឡាយ ។ រឹតតែមានច្រើន ឬរឹតតែប្រើច្រើន គឺ រឹតតែល្អ និងជាពិសេស គឺមិនមានអ្នកណាមក ទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញ ក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផល ត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃ ដែលមានទំនាក់ទំនងសេពគប់ ក៏បានសុខត្រជាក់ ស្រួលក្រោមម្លប់នៃគុណធម៌ផងដែរ ។
សូម្បីមិនមានការអួតអាង និងមិនចាំបាច់មានការនិយាយឃោសនា បបួលឲ្យអ្នកណាៗ មករាប់អាន ក៏សេចក្តីពិតនៃគុណធម៌នោះៗ មានប្រាកដនៃខ្លួនឯងដែរ ។ គុណធម៌ជាអំណាចដ៏រឹងមាំ និងឋិតថេរ យូរអង្វែង មិនចាំបាច់ប្រជែងដណ្តើមពីអ្នកដទៃ មិនមានការចុះទុនដោយការប្រព្រឹត្តអាក្រក់បៀតបៀន គ្នា និងមិនមានភ័យពីអ្នកដទៃដណ្តើមយកឡើយ ។
អំណាចនៃគុណធម៌ រមែងធ្វើឲ្យថ្ងៃ ខែ ឆ្នាំទាំងអស់ ក្នុងជិវិត ទៅជាថ្ងៃ ខែ ឆ្នាំ ល្អទាំងអស់សម្រាប់ អ្នកដែលមាននូវគុណធម៌នោះ ។
ជាពិសេសបំផុត គឺអំណាចនៃគុណធម៌អាចកម្ចាត់បង់សត្រូវក្នុងខ្លួន គឺកិលេសដែលជាមេនៃ សេចក្តីទុក្ខបាន ។
