បណ្ណសារចំណាត់ក្រុម៖ កំណាព្យ

គុណ​របស់​ទាន

ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃ                    រហូតដល់ថ្ងៃបុត្រថ្លៃចាកគភ៌

ទានចិញ្ចឹមស្មោះទឹកដោះបបរ                   កូនរស់បានល្អព្រោះធម៌សប្បុរស ។

ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន             ប្រេតរួចពីឃ្លានព្រោះទានរំដោះ

ទានជាទេវធម៌លម្អសប្បុរស                     ទានមានចិត្តស្មោះសង្គ្រោះជីវិត ។

ទានគឺជាទ្រព្យជាប់តាមសន្តាន                  ជាមិត្តរួមប្រាណឆ្លងភពងងឹត

ទានកាច់បំបាក់មោហៈក្នុងចិត្ត                   បានត្រាស់ដឹងពិតដ្បិតទានបារមី ។

ហៃកូនប្រុសស្រីគប្បីចាំទុក                       គុណម្តាយឪពុកទានាធិបតី

កូនដឹងមង្គលសាមសិបប្រាំបី                    ចៀសកម្មអប្រិយផុតភ័យអបាយ ។

ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស