បណ្ណសារចំណាត់ក្រុម៖ សម្រង់អត្ថបទ
អត្ថបទដែលដកស្រង់ពីគេហទំព័រនានា
បញ្ជាក់អត្ថន័យក្នុងពាក្យផ្សេងៗ
ពាក្យថា “ខ្លួនទីពឹងខ្លួន” មិនមែនបានសេចក្តីថា មិនជួយគ្នានោះទេ ។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្តែងអំពីការជួយអ្នកដទៃ ដោយវិធីច្រើនបែប ច្រើនយ៉ាងណាស់ ជាពិសេសគឺព្រះអង្គផ្ទាល់ ដែលមានពុទ្ធកិច្ចជួយសត្វលោក ដោយមិនមានអ្នកណាប្រៀបប្រដូចបាន ។ ឯពាក្យថា “ខ្លួនទីពឹងខ្លួន” នេះ គឺមានអត្ថន័យថា ត្រូវព្យាយាមកម្ចាត់បង់នូវកិលេសក្នុងសន្តានដោយខ្លួនឯង ព្រោះថា អ្នកដទៃមិនអាចមកធ្វើនូវកិច្ចការនេះ ជំនួសយើងបានឡើយ ។ កិច្ចការនេះអាចនិយាយបានថា ការទូន្មាន ឬការធ្វើឲ្យខ្លួនឯងបរិសុទ្ធ ។ បុគ្គលដែលទូន្មានខ្លួន ធ្វើឲ្យខ្លួនឯងបានស្អាតបរិសុទ្ធពិតៗ គឺជាការបាននូវទីពឹងក្នុងការរួចចាកទុក្ខទាំងពួងជាទីពឹងដែលគេបានដោយកម្រ។
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖
១. ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។
២. យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯងពឹងលើការព្យាយាមព្រមដោយប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសីឬសង្ឃឹមផលដោយការអង្វរករ បួងសួងសែនព្រេនចំពោះអ្វីៗ ជាបច្ច័យខាងក្រៅឡើយ ។
៣. មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការមិនធ្វើបាប មិនមែនធ្វើអាក្រក់ហើយ ស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃមកទទួលទោសជំនួសនោះទេ ។ ម្យ៉ាងទៀត មានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីៗ គ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរ ដូច្នេះ ទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវមាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។
៤. យល់ត្រូវថា មនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការផ្សេងៗ ក្នុងការសាងខ្លួនឯងឲ្យបានល្អឡើងរហូតដល់ថ្នាក់ប្រសើរជាងទេវតាឥន្ទព្រហ្មទៅទៀត ។
៥. យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។
៦. មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែលឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះពិចារណា យល់ខ្លួនឯងតាមហេតុផល ។
៧. មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អ ក៏ហ្វឹកហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកម្ចាត់បាបអកុសលឲ្យអស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែសន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត ។
៨. មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗ នេះឡើយ ដូច្នេះហើយ អំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុងដំណើរជីវិតឲ្យដូចជាការរួមដំណើរជាមួយនឹងខ្លួនឯង ដែលជាមនុស្សល្អនោះទេ ។
៩. មានការថែរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតម្លៃ ពុំនោះសោត គឺដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិត កិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្សអាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។
១០. ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមានតម្លៃឲ្យដូចជា ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។
គុណរបស់ទាន
ទានចិញ្ចឹមបុត្របរិសុទ្ធក្នុងផ្ទៃ រហូតដល់ថ្ងៃបុត្រថ្លៃចាកគភ៌
ទានចិញ្ចឹមស្មោះទឹកដោះបបរ កូនរស់បានល្អព្រោះធម៌សប្បុរស ។
ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន ប្រេតរួចពីឃ្លានព្រោះទានរំដោះ
ទានជាទេវធម៌លម្អសប្បុរស ទានមានចិត្តស្មោះសង្គ្រោះជីវិត ។
ទានគឺជាទ្រព្យជាប់តាមសន្តាន ជាមិត្តរួមប្រាណឆ្លងភពងងឹត
ទានកាច់បំបាក់មោហៈក្នុងចិត្ត បានត្រាស់ដឹងពិតដ្បិតទានបារមី ។
ហៃកូនប្រុសស្រីគប្បីចាំទុក គុណម្តាយឪពុកទានាធិបតី
កូនដឹងមង្គលសាមសិបប្រាំបី ចៀសកម្មអប្រិយផុតភ័យអបាយ ។
ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
ទុក្ខព្រោះខ្លាចស្លាប់
ទុក្ខព្រោះខ្លាចស្លាប់ ជីវិតយើងប្រកបទៅដោយគ្រឿងផ្សំ គឺផ្សំកាយជាមួយនឹងចិត្ត ។ ក្នុងរាងកាយក៏ផ្សំឡើងដោយគ្រឿងផ្សំធំៗ ៤ យ៉ាងផ្សេងទៀតគឺ ដី ទឹក ភ្លើង ខ្យល់ ដែលរបស់ទាំង ៤ នេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ហៅថា “ធាតុ” ។
នៅពេលដែលធាតុទាំង ៤ ព្រមព្រៀងគ្នា ស្មើគ្នា មិនទាន់បែកចាកគ្នា ពោលគឺធាតុ ៤ ខ្លះកើតអំពីកម្ម ធាតុ ៤ ខ្លះកើតអំពីចិត្ត ធាតុ ៤ ខ្លះកើតអំពីឧតុ ធាតុ ៤ ខ្លះកើតអំពីអាហារ ថាបើនៅជុំគ្នាទេ យើងក៏នៅរស់ បើបែកគ្នាពេលណា យើងក៏ស្លាប់ពេលនោះ ។
ការបែកធ្លាយនៃធាតុទាំង ៤ តាមធម៌ហៅថា “កាលកិរិយា” ប្រែតាមអក្សរថា “ការធ្វើតាមពេលវេលា” ។
រូបកាយរមែងមានពេលសម្រាប់រូបកាយ គឺកើតមក ឋិតនៅមួយគ្រា ឬមួយរយៈ លុះដល់ពេលវេលាត្រូវទៅក៏ទៅតាមពេលវេលានោះឯង តែព្រោះមនុស្សយើងមិនចូលចិត្ត គឺមិនចង់ឲ្យរូបកាយធ្វើការតាមពេលវេលា គ្រាន់តែឮពាក្យថា “ស្លាប់” ប៉ុណ្ណឹងក៏ភ័យខ្លាចតក់ស្លុត មិនចង់ឲ្យដល់ពេលវេលានោះឡើយ ។
នឹកថា ដល់ពេលស្លាប់នោះ តើត្រូវលំបាកយ៉ាងដូចម្តេច ត្រូវចោលលោកនេះហើយ កូនចៅយ៉ាងណា ស្លាប់ទៅជាតិមុខសុខឬទុក្ខយ៉ាងណា … នឹកឃើញពេលណា ក៏តក់ស្លុត ញាប់ញ័រក្នុងចិត្តពេលនោះ ។
តាមពិត សេចក្តីស្លាប់ជារឿងធម្មតា ព្រោះថាគ្រប់គ្នាកើតមកហើយត្រូវតែស្លាប់ ឬក៏និយាយឲ្យកាន់តែច្បាស់នោះគឺថា ខណៈដែលយើងកើតមកនោះ យើងបាននាំយកសេចក្តីស្លាប់ជាប់មកជាមួយផងស្រេចទៅហើយ ម៉្លោះហើយតែដល់ពេលវេលាត្រូវបែក គឺរូបកាយត្រូវតែបែកធ្លាយទៅខ្លួនឯង ដូចជាស៊ុតមាន់ជាមួយនឹងការបែកនៃស៊ុតមាន់នោះអ៊ីចឹង គឺការបែកវានៅតែជាមួយនឹងស៊ុតនោះរហូត ចាំតែដល់ពេលវេលាវានឹងសម្តែងខ្លួនឲ្យប្រាកដឡើងប៉ុណ្ណោះ ពិចារណាដូច្នេះហើយ នឹងបានស្ងប់ចិត្ត មិនជាទុក្ខកង្វល់អ្វីក្នុងរឿងស្លាប់ឡើយ ។
ទុក្ខព្រោះខ្លាចចាស់
ទុក្ខព្រោះខ្លាចចាស់ មនុស្សយើងគ្រប់គ្នាកំពុងចាស់គ្រប់ខណៈ ចាស់ជានិច្ចចាប់តាំងពីកើតមក ។ កំពុងមើលកំពុងស្តាប់ខណៈនេះក៏កំពុងចាស់ កំពុងដេក លក់ក៏ចាស់ ភ្ញាក់ឡើងក៏ចាស់ ។ គ្រប់គ្នាកំពុងទៅសន្សឹមៗ រកឈាបនដ្ឋាន ឬរករណ្តៅកប់សពខ្លួនឯង មិនមានអ្នកណាម្នាក់គេចផុតបានឡើយ ។
ជីវិតមនុស្សយើងខ្លីណាស់ មានកំណត់ប្រមាណ ៦០-៧០ ឆ្នាំប៉ុណ្ណោះ លើសជាងនេះមានតិចនាក់ទេ ឯស្លាប់មុនកំណត់នេះមានច្រើនជាង ។
ដែលយើងរាប់ថា យើងមានអាយុបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តាមដែលពិតគឺយើងរាប់ខាងអស់ទៅតែប៉ុណ្ណោះ មិនមែនរាប់ខាងបាននោះឡើយ ធំឡើងៗ ពេញវ័យក្រមុំកំលោះ ក៏សប្បាយចិត្តថាខ្លួនមានអាយុច្រើនហើយ … តែសូមគិតដូច្នេះផងចុះ គឺប្រៀបដូចយើងមានប្រាក់នៅក្នុងកាបូបតាមកំណត់ នៅពេលយើងកើតឡើងភ្លាម យើងក៏ចាយអាយុរបស់យើងភ្លាមទៅហើយ គឺចាយរហូតអស់ ។ ឥឡូវនេះ យើងមិនដឹងថាតើយើងនៅសល់អាយុតិចប៉ុនណាទៅនោះទេ ។
អ្នកដែលកើតមកយូរហើយ ត្រូវតែដឹងថា អាយុរបស់ខ្លួនកំពុងស្រកស្រុតតិចចុះទៅជាលំដាប់ ដូចប្រាក់ក្នុងកាបូបដែលចេះតែយកចាយអ៊ីចឹងឯង ។
មនុស្សយើងភាគច្រើន ហេតុដូចម្តេចបានជាមិនចូលចិត្តឲ្យខ្លួនចាស់ នឹកដល់ចាស់ពេលណាក៏កើតទុក្ខ ?
ព្រោះខ្លាចបាត់ស្អាត ខ្លាចគេមិនស្រឡាញ់ ឬឈប់ស្រឡាញ់ … ដូច្នេះហើយ ទើបខំព្យាយាមបិទបាំងនូវសភាពចាស់ជរារបស់ខ្លួន ទុកមិនឲ្យប្រាកដដល់ក្រសែភ្នែកនៃអ្នកដទៃ ដោយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ឬមនុស្សដែលស្រឡាញ់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាស់ជរាវាមិនបាត់ទៅណាឡើយ ទីបំផុតការបិទបាំងក៏លែងមានប្រសិទ្ធភាព។ កាលបើមិនព្រមទទួលយកការពិត ទើបមានទុក្ខផ្លូវចិត្តកើតឡើង ។
យើងខ្លាចចាស់ យើងនៅតែចាស់ដដែល ។ យើងខ្លាចវាធ្វើអ្វី យើងត្រូវទទួលយកការពិត ដែលគ្រប់គ្នាកើតមកហើយមិនអាចគេចផុតទៅបាន គ្រាន់តែយើងធ្វើខ្លួនឲ្យសមរម្យនឹងវ័យប៉ុណ្ណឹងទៅ គឺជាការប្រពៃហើយ ។
យើងសាងល្អឲ្យខ្លួនឯង ប្រើពេលវេលាដែលនៅមានជួយដល់សាសនា និងសង្គមជាតិ ដូច្នេះមនុស្សទាំងឡាយ គេនឹងត្រេកអរ ហើយលើកតម្កើងយើង សរសើរយើងថា “ចាស់យ៉ាងមានគុណតម្លៃ” ។
ព្រមចាស់តាមវ័យគ្មានអ្វីគួរខ្លាច
ចាស់ចិត្តអង់អាចអំណាចគុណធម៌
កុំចាស់តែវ័យចិត្តភ័យញាប់ញ័រ
ចាស់អត់គុណធម៌ចាស់គ្មានតម្លៃ ។
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម
តណ្ហានាំមុខ ងងឹតជ្រប់ក្នុងកាម សេចក្តីស្រឡាញ់រវាងស្រីនិងប្រុស តាមការពិតគឺ សេចក្តីប្រាថ្នា ព្រោះត្រូវការចង់បានមកឲ្យខ្លួនឯង ។ សេចក្តីប្រាថ្នានេះហៅថា “កាម” ប្រព្រឹត្តទៅដើម្បីយកមនុស្សដែលខ្លួនស្រឡាញ់មកគ្រប់គ្រងហួងហែង ជាការចុះទុនដោយការសង្ឃឹមផលតបស្នងពីអ្នកម្ខាងទៀត ។
ដូចជាពាក្យនិយាយថា “ខ្ញុំស្រឡាញ់អ្នក” មានសេចក្តីបង្កប់នៅក្នុងចិត្តអ្នកនិយាយ គឺ “ខ្ញុំ ( ត្រូវការសេចក្តី ) ស្រឡាញ់ ( អំពី ) អ្នក” ហ្នឹងឯង ។
បើអ្នកម្ខាងទៀត មិនសម្តែងសេចក្តីស្រឡាញ់ ឬមិនមានទំនាក់ទំនងក្នុងការស្រឡាញ់តបមកវិញទេនោះ គេនឹងខូចចិត្តខូចថ្លើម ហើយពោលរំលឹករំលើកនូវទឹកចិត្ត ព្រមទាំងអំពើរបស់គេ ដូចជាថា “ខ្ញុំឧស្សាហ៍ជួយទំនុកបម្រុងដល់អ្នក ខ្ញុំលះបង់នូវអ្វីៗ ច្រើនយ៉ាងដើម្បីអ្នក ខ្ញុំស្មោះចំពោះអ្នក … ហេតុដូចម្តេចបានជាមិនយល់ មិនឃើញ មិនស្រណោះដល់ទឹកចិត្តរបស់ខ្ញុំអ៊ីចឹង” ដូច្នេះជាដើម ។ នេះជាការសម្តែងឲ្យឃើញថា ការចុះទុនគឺដើម្បីសង្ឃឹមផល ដល់ទៅមិនបានការស្រឡាញ់តបក៏ខូចចិត្ត ពិតជាល្ងង់មែន ។
ម្យ៉ាងទៀត សេចក្តីស្រឡាញ់ រវាងស្រីនឹងប្រុសនេះ គឺជាធម្មជាតិរបស់មនុស្សដែលមិនបានលះនូវកាមតណ្ហា ។ ដរាបណា ដែលអ្នកទាំងពីរឋិតនៅក្នុងក្របខណ្ឌនៃប្រពៃណីជាតិ និងឋិតនៅក្នុងសីលធម៌ដ៏ល្អស្អាត ដរាបនោះ វាមិនជាអ្វីឡើយនៅក្នុងសង្គមមនុស្សនេះ ស្រឡាញ់គ្នាទៅចុះ បើជាគូគ្រង ឬគូព្រេងជាមួយគ្នាទៅហើយនោះ កុំតែរំលោភបំពានឆក់ដណ្តើមនូវកម្មសិទ្ធិរបស់គេ ។
មិនមែនថាស្រឡាញ់គ្នាជាគូគ្រងត្រឹមត្រូវហើយ មិនមានទុក្ខនោះទេ វាតែងតែមានជាធម្មតា ដូចជាមានការទាស់ចិត្តគ្នាខ្លះ របៀបដូចអណ្តាតនិងធ្មេញ រួចទៅត្រូវគ្នាវិញ និងមានទុក្ខផ្សេងៗ ទៀត ព្រោះហេតុតែការស្រឡាញ់ហួងហែងហ្នឹងឯង ។
តែបើមិនគ្រប់គ្រងចំណង់តណ្ហា ឲ្យឋិតនៅក្នុងក្របខណ្ឌប្រពៃណី និងសីលធម៌ទេ មានមួយហើយមិនល្មម ត្រូវការមានពីរមានបី ឬក៏ប្រព្រឹត្តខុសក្នុងកាមដោយប្រការផ្សេងៗ មានការរំលោភបំពានដណ្តើមកម្មសិទ្ធិអ្នកដទៃជាដើម យ៉ាងនេះ ទុក្ខទោសភ័យវិបត្តិនឹងតាមមកជាប្រាកដ ផ្ទះដែលធ្លាប់តែសុខស្ងប់ ក៏ក្លាយទៅជាកន្លែងក្តៅក្រហាយ ឈ្លោះប្រកែកវាយតប់ មានរឿងប្តឹងផ្តល់ ឬរហូតដល់ជ្រុលសម្លាប់ នាំឲ្យជាប់គុកជាប់ច្រវាក់ទៀតផង។
បើការស្រឡាញ់នោះជ្រុលជ្រួសហួសព្រំដែននៃសីលធម៌ មិនមានលោកបាលធម៌ គឺហិរិ និងឱត្តប្បៈ ( ខ្មាសខ្ពើមបាប ខ្លាចបាប ) គ្រប់គ្រងទេ គឺវាចូលដល់តណ្ហា ងងឹតមុខ កាមរាគៈបាំងភ្នែក ស្បែកមុខក្រាស់ សម្លឹងឃើញភេទផ្ទុយគ្នា ថាជាវត្ថុសម្រាប់កម្សាន្តសប្បាយ ឬសម្រាប់ស្រាយចំណង់ ការស្រេកឃ្លានរបស់ខ្លួនទៅទាំងអស់ មិនវៀរសូម្បីតែកូនតូច កូនបង្កើត ឬកូនប្រសា ដូចមានដំណឹងដែលគួរឲ្យស្លុតសង្វេគក្នុងពិភពលោកសព្វថ្ងៃ ។
ទុក្ខព្រោះស្រឡាញ់គេតែម្ខាង
ទុក្ខព្រោះស្រឡាញ់គេតែម្ខាង ស្រឡាញ់គេតែម្ខាងប្រៀបបីដូចជាស្រូវក្នុងស្រែដែលខ្វះទឹក ហើយក៏ស្កកទៅដូច្នោះឯង ។
ចិត្តមនុស្សយើង មានការស្រឡាញ់ច្រើនជាងស្អប់ អាចនិយាយបានថា ការស្រឡាញ់នោះ កើតឡើងក្នុងចិត្តមនុស្សបានងាយណាស់ ពេលខ្លះគ្រាន់តែឃើញមុខ នៅមិនទាន់បាននិយាយគ្នាផង ចិត្តក៏ចាប់យកវឹប កើតការស្រឡាញ់គេភ្លាមទៅហើយ ។
ព្រោះតែសេចក្តីស្រឡាញ់វាកើតងាយពេក អ៊ីចឹងទៅ ទើបពេលខ្លះនោះ ភាពលំបាកលំបិនក៏រមែងតាមមក ដូចជាការទៅស្រឡាញ់គេទាំងដែលមិនចូលចិត្តខ្លួនឯង ម៉្លោះហើយ សេចក្តីស្រឡាញ់វាទាមទារចង់បានឲ្យនៅជិត ចង់ជួប ចង់និយាយ ចង់បានចិត្ត ចង់បានបេះដូង ។ល។ ចំណែកអ្នកដែលមិនស្រឡាញ់តបនោះ ត្រូវព្យាយាមគេចឬត្រូវលំបាកក្នុងការដោះស្រាយដោយប្រការផ្សេងៗ ។
អ្នកស្រឡាញ់បានទូរស័ព្ទទៅរកគេ ដោយសង្ឃឹមខ្លះៗ ថានឹងបានជជែកគ្នា ដើម្បីបន្ថយការនឹក … ម្ខាងទៀតគេថារវល់ណាស់ មិនទំនេរឡើយ មានការធ្វើយ៉ាងនេះមួយ យ៉ាងនោះមួយ ពេលខ្លះគេមិនទាំងទទួលនូវទូរស័ព្ទផង។
ខំសរសេរសំបុត្រទៅរកគេ រៀបរាប់ពីទឹកចិត្តស្រឡាញ់ចិត្តនឹក … ក៏ឥតប្រយោជន៍របៀបដូចតែទូរស័ព្ទដែរ ។
អ្នកដែលវង្វេងស្រឡាញ់គេតែម្ខាង ត្រូវខូចចិត្តផង ខកចិត្តផង … មានអាការដូចត្រូវគេចាប់ជើងទាំងពីរគួបគ្នាឡើងលើ ហើយបុកក្បាលទៅនឹងដីដូច្នោះឯង មានសភាពគួរឲ្យអាណិតណាស់ ។
បុគ្គលដែលធ្លាក់ចូលទៅក្នុងសភាពបែបនេះ ត្រូវពិចារណាសាជាថ្មីឲ្យបានល្អ មានសតិសម្បជញ្ញៈឡើង ទើបបានមិនខូចខ្លួន រហូតរើខ្លួនមិនរួចនោះ ។ ស្រឡាញ់គេ តែគេមិនស្រឡាញ់តបវិញនោះ វាទុក្ខស្រេចទៅហើយ ដូច្នេះ ត្រូវកុំបន្ថែមទុក្ខដោយវិធីល្ងង់ខ្លៅផ្សេងៗ តទៅទៀត គឺកុំបោះបង់ខ្លួនឯងចោល កុំបៀតបៀនខ្លួនឯង និងកុំបៀតបៀនអ្នកដទៃ ។
ព្យាយាមធ្វើខ្លួនឲ្យល្អ ធ្វើឲ្យគេឃើញថាខ្លួនក៏មាននូវគុណតម្លៃដែរ ។ សេចក្តីល្អអាចឈ្នះចិត្តរបស់គេបាន ក្នុងថ្ងៃណាមួយ ឬថា បើមិនបានទទួលការស្រឡាញ់តបអំពីគេវិញដោយពិតៗ នោះ ក៏ត្រូវគិតថា មិនមែនជាគូនឹងគ្នាអ៊ីចឹងទៅ ចាំបាច់ត្រូវទៅវង្វេងស្រឡាញ់អ្នកដែលគេមិនស្រឡាញ់យើងនោះធ្វើអ្វី គួរតែស្រឡាញ់អ្នកណា ដែលគេស្រឡាញ់យើងដែរ វាល្អជាង ។
ការរាប់អាន និងចូលកាន់សាសនា គឺនៅលើជំនឿ ឯចំណែករឿងស្នេហាប្រុសស្រី យកគ្នាជាគូគ្រង គឺនៅលើឧបនិស្ស័យ ទាំងពីរផ្នែកនេះ គឺមិនអាចបង្ខំបានឡើយ ។
ទុក្ខព្រោះចង់ឲ្យដូចគេ
ទុក្ខព្រោះចង់ឲ្យដូចគេ បើក្នុងលោកនេះ គ្រប់គ្នាបានអ្វីៗ តាមដែលចង់ តាមដែលសង្ឃឹមនោះ មុខតែមិនមានអ្នកណាក្រឡើយ ហើយក៏មិនមានអ្នកណាខកចិត្តខុសសង្ឃឹមដែរ ព្រោះអ្នកណាៗ ក៏ចង់មានបាន ចង់សុខ និងចង់សមតាមបំណងដែលសង្ឃឹមទៅគ្រប់យ៉ាង ។
ប៉ុន្តែព្រោះអ្វីៗ គ្រប់យ៉ាងមិនបានប្រព្រឹត្តទៅយ៉ាងនោះ ទើបបានជាមានមនុស្សក្រ ត្រូវមានទុក្ខ និងត្រូវខកចិត្ត។
ចំណង់ មិនមែនល្អ ឬអាក្រក់ដោយខ្លួនឯងទេ បើមនុស្សយើងចង់ ហើយតាំងចិត្តប្រឹងប្រែងព្យាយាមធ្វើ ឬសាងដើម្បីឲ្យបាននូវរបស់ដែលចង់បាននោះ ដោយវិធីសុចរិតត្រឹមត្រូវ ចំណង់នោះគឺជាចំណង់ល្អ គួរជ្រោមជ្រែងឲ្យមានច្រើនៗ ព្រោះជា កុសលច្ឆន្ទៈ ។
តែបើចង់ហើយ មិនធ្វើមិនសាងដោយសុចរិត បែរជារកវិធីដើម្បីឲ្យបានដោយផ្លូវទុច្ចរិតវិញ ដូចជាឆបោកគេ បៀតបៀនគេ ។ល។ និង ។ល។ ចំណង់នេះ ហៅថា តណ្ហាឆន្ទៈ ជាចំណង់មិនល្អ ព្រោះពេញចិត្តនឹងធ្វើអាក្រក់ ត្រូវលះបង់នូវចំណង់បែបនេះ ។
សូម្បីថា ចំណង់ក្នុងផ្លូវដែលល្អ ត្រឹមត្រូវទៅតាមគន្លងធម៌ យើងមានសិទ្ធិនឹងសាង នឹងធ្វើយកនូវអ្វីដែលយើងចង់បានពិតហើយ ប៉ុន្តែក៏ត្រូវឲ្យសមល្មមផងដែរ គឺ
-សមល្មមនឹងឋានៈរបស់ខ្លួន ។
-សមល្មមនឹងចំណេះចេះដឹង សមល្មមនឹងសមត្ថភាពដែលយើងមាន និងសមល្មមជាមួយការងារ ។
បើថាយើងនៅក្រ មានប្រាក់ខែត្រឹម ១០ ទៅ ២០ ម៉ឺនរៀល ផ្ទះក៏ត្រូវជួល បាយក៏ត្រូវទិញ មានកូនត្រូវឲ្យរៀនទៀត ដូច្នេះយើងត្រូវមើលឋានៈរបស់ខ្លួន ប្រាក់ចំណូលប៉ុណ្ណឹង តើត្រូវចាយប៉ុនណាទើបល្មម អ្វីដែលត្រូវទិញ អ្វីដែលមិនត្រូវទិញ ។ អ្នកដទៃគេប្រើខោអាវល្អៗ ថ្លៃៗ បរិភោគអាហារតាមហាង … យើងកុំរត់តាមគេ យើងចេះប្រយ័ត្នប្រយែង រឹតត្បិតប្រាក់ចាយ យកគតិតាមសត្វបក្សី “ខ្លួនតូចធ្វើសំបុកតូច” ។
បើយើងមានការចេះដឹង មានសមត្ថភាពមិនច្រើនទេ បានការងារធ្វើល្មមនឹងចំណេះដឹង ឧទាហរណ៍ថា បើករថយន្តឲ្យថៅកែ ក៏ដឹងខ្លួនថា ខណៈនេះខ្លួនមានការងារសមល្មមនឹងចំណេះដឹងត្រឹមប៉ុណ្ណឹង ហើយក៏តាំងចិត្ត តាំងថ្លើមបំពេញកិច្ចការបើករថយន្តឲ្យល្អជាទីបំផុត ទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន ។ មិនមែនថា ឃើញអ្នកដទៃដែលគេមានការចេះដឹង មានសមត្ថភាពខ្ពស់ជាងខ្លួន មានតំណែងធំដុំ មានឋានៈខ្ពង់ខ្ពស់ ហើយទៅខឹងក្រោធ ទៅច្រណែននឹងគេ ថាដូចម្តេចបានជាគេសប្បាយជាង មានកិត្តិយសជាង រួចតាំងមិនបំពេញនូវមុខការរបស់ខ្លួននោះឡើយ ។
បើមិនស្គាល់ខ្លួនជាអ្នកណា ខ្លួនគួរនឹងបានធ្វើ គួរនឹងមានត្រឹមណា គួរនឹងរស់នៅរបៀបដូចម្តេចទេ រវល់តែរត់តាមអ្នកដទៃ ចង់បាន ចង់ខ្ពស់ ចង់រស់ហ៊ឺហាដូចគេគ្រប់យ៉ាងនោះ ជីវិតនឹងមិនផុតពីសេចក្តីទុក្ខក្តៅក្រហាយឡើយ ។
ទុក្ខរបស់សត្វលោក
ទុក្ខរបស់សត្វលោក ទុក្ខរបស់សត្វតិរច្ឆាន នៅត្រង់ការស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មមគ្រប់គ្រាន់ ម្យ៉ាងទៀត ទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ ។
មនុស្សយើង មិនមែនមានទុក្ខត្រឹមតែការស្រេកឃ្លាន ព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ ការស្រេកឃ្លានជាទុក្ខដ៏ក្រៃលែង ប៉ុន្តែ កាលបើមានអាហារបរិភោគឆ្អែតហើយ មនុស្សមិនមែនអស់ទុក្ខត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានទុក្ខដទៃៗ ជ្រែកចូលមកទៀត ដូចជា ៖
-ឆ្អែតហើយ តែនៅចង់មានចង់បានឲ្យច្រើនជាងហ្នឹង ចង់មានបានទុកសម្រាប់កូនចៅ សម្រាប់មុខមាត់កិត្តិយស សម្រាប់បង្ហាញអ្នកដទៃ … កើតលោភៈចង់បានមិនចេះចប់ ក៏ជាទុក្ខច្រើនឡើងទៅតាមសេចក្តីប្រាថ្នានោះៗ ។
-មានអាហារដាក់ក្រពះហើយ មាត់បានបរិភោគហើយ តែនៅត្រូវការឲ្យភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្តនឹកគិតបាននូវអារម្មណ៍ ដែលជាចំណីតាមវិស័យរៀងខ្លួនទៀត ។
នៅពេលខំប្រឹងប្រែងស្វែងរករូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ តាមចំណង់ចំណូលចិត្ត មិនចេះចប់ មិនចេះហើយ ក៏ជាទុក្ខ គឺទុក្ខព្រោះអន្ទះសាក្នុងការស្វែងរក ទុក្ខព្រោះការបាន មិនសមតាមប្រាថ្នា ទុក្ខព្រោះរបស់ដែលបានមកមានការប្រែប្រួល … ។
សត្វតិរច្ឆាន មានទុក្ខព្រោះមិនមានស៊ី និងព្រោះត្រូវគំរាមកំហែងបៀតបៀន ចំណែកមនុស្សនៅមានថែមត្រង់មិនចេះគ្រប់ និងត្រង់ចង់បៀតបៀនអ្នកដទៃ ក្រៅពីការហូបចុកនោះទៀត ។
ការមិនចេះគ្រប់ ធ្វើឲ្យទុក្ខមិនចេះចប់
ដំណោះស្រាយបញ្ហាកូន
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងអំពីបុត្រ ៣ ប្រភេទ គឺអតិជាតបុត្រ អនុជាតបុត្រ និងអវជាតបុត្រ ដោយទ្រង់លើកយកសីល ៥ មកជាគ្រឿងវាស់ដូចតទៅ ៖
អតិជាតបុត្រ កូនដែលខ្ពស់ជាងត្រកូល គឺឪពុកម្តាយមិនមានសីល ៥ តែកូនជាអ្នកមានសីល ៥ ។
អនុជាតបុត្រ កូនដែលស្មើនឹងត្រកូល គឺឪពុកម្តាយមានសីល ៥ ហើយកូនក៏ជាអ្នកមានសីល ៥ ផងដែរ ។
អវជាតបុត្រ កូនដែលទាបជាងត្រកូល គឺឪពុកម្តាយមានសីល ៥ តែកូនជាអ្នកមិនមានសីល ៥ ។
ឪពុកម្តាយក្នុងសម័យបច្ចុប្បន្ននេះ មានច្រើនណាស់ ដែលគិតខំតែពីការរកប្រាក់ទុកឲ្យកូន ត្រូវការឲ្យកូនរៀនពូកែ រៀនបានខ្ពស់ ធ្វើការងារស្រាល មានកិត្តិយស ប្រាក់ខែច្រើន មានបានធូរធារ … ។
ម៉ែឪដោយច្រើនមិនសូវយកចិត្តទុកដាក់ចំពោះគុណធម៌ ឲ្យមានក្នុងខ្លួនកូននោះទេ លទ្ធផលក៏គឺការខកចិត្ត យំបង្ហូរទឹកភ្នែក កើតរោគសរសៃប្រសាទ ទាំងដែលកំពុងតែមានប្រាក់ច្រើនហ្នឹងឯង ។
បញ្ហាចិញ្ចឹមកូនខុសក្បួន
ចេះតែតាមចិត្តកូនក្នុងផ្លូវខុស ថ្នមកូនមិនព្រមឲ្យកូនធ្វើអ្វីឡើយ ដោយមានម៉ែមានឪ ឬមានអ្នកបម្រើធ្វើឲ្យស្រេចៗ កូនចង់បានអ្វីក៏ឲ្យ ចង់បានប្រាក់ប៉ុនណាក៏តាមចិត្តកូនគ្រប់យ៉ាង ។
កូនក៏ក្លាយទៅដូចជាកូនទេវតា ប្រាថ្នាអ្វីក៏បានដូចចិត្ត ជាមនុស្សសំគាល់ខ្លួនខ្លាំង ពូកែចាយប្រាក់ តែកិច្ចការអ្វីៗ មិនពូកែឡើយ ដូចចាស់បុរាណពោលថា “ជើងមិនជាន់ដី ឬជាន់អាចម៍មាន់មិនពៀច” ។
ការដែលត្រូវនោះ គឺសំដៅត្រង់បណ្តុះបណ្តាលនូវគុណធម៌ ឬសីលធម៌ឲ្យកើតមានក្នុងខ្លួនកូន គឺក្នុងចិត្តសន្តាន របស់កូននៅតូចៗ ។ កាលកូនតូចមាននូវគុណធម៌ ឬសីលធម៌ ក្នុងចិត្តសន្តានហើយ រមែងជាកូនកតញ្ញូមាននូវកតវេទិតាធម៌ ចំពោះម៉ែឪ គោរព និងជឿស្តាប់ដំបូន្មានរបស់មាតាបិតា ធ្វើតែការងារល្អប្រសើរ នាំមកនូវការរីករាយចិត្តឲ្យដល់មាតាបិតា រាល់ពេលដែលនឹកឃើញដល់កូន ។
តែបើកូនខ្វះខាតនូវគុណធម៌ ឬសីលធម៌ហើយ ទោះបីមានការចេះដឹងក្នុងវិជ្ជាជីវៈខ្ពស់យ៉ាងណាក៏ដោយ ក៏មិនអាចជួយខ្លួនឲ្យរួចពីអាក្រក់បានដែរ ។
បើមិនប្រញាប់បណ្តុះបណ្តាលនូវសីលធម៌ គុណធម៌ ក្នុងចិត្តសន្តានរបស់កូនទុកតាំងតែពីកូននៅតូចទេ ឱកាសដែលកូននឹងបានទៅជាមនុស្សល្អនោះ គឺពិតជាលំបាករក ។ រឹតតែលំបាករាល់ថ្ងៃតទៅទៀត ព្រោះវិជ្ជាការខាងវត្ថុរឹតតែចម្រើន ចិត្តរបស់មនុស្សក្នុងលោករឹតតែធ្លាក់ចុះ ចូលក្នុងការឃើញតែពីខ្លួនឯងកាន់តែជ្រៅទៅ ចិត្តសន្តានចេះតែកាចឡើង សាហាវឡើង ។
ដើមហេតុដែលសំខាន់គឺ ការប្រជែងគ្នាក្នុងរឿងវត្ថុសម្ភារៈ ម៉ែឪត្រូវចេញទៅរកប្រាក់រឿយៗ ហើយក៏ឃ្លាតឆ្ងាយពីកូនរឿយៗ ផងដែរ ។
ដោយហេតុនេះ រឿងមិត្តសម្លាញ់ទើបត្រូវបានមកជាបញ្ហាសំខាន់របស់កូន ។ ម៉ែឪដែលល្អ រមែងមិនបណ្តោយតាមចិត្តកូនក្នុងផ្លូវដែលខុសឡើយ នៅពេលដឹងថាកូនធ្វើខុសហើយ ក៏បានដាស់តឿន ពេលខ្លះជេរ ពេលខ្លះមានរហូតដល់វាយទៀតផង ។
ចំណែកមិត្តសម្លាញ់របស់កូនវិញ មានតែពាក្យផ្អែម ធ្វើអ្វីក៏បានស្រេចតែចិត្ត មានតែសរសើរ សូម្បីក្នុងផ្លូវខុស ដូច្នេះ ទើបត្រូវស្រឡាញ់មិត្តជាងម៉ែឪទៅទៀត ។ មនុស្សយើងកាលបើស្រឡាញ់គ្នាហើយ រមែងថ្នមចិត្តគ្នា ថែមទាំងព្យាយាមធ្វើអ្វីៗ តាមដែលមិត្តចូលចិត្ត ឬសំណូមពរ ។
ចំណុចងងឹត ឬចំណុចភ្លឺរបស់កូន នៅត្រង់នេះឯង បើគប់ជាមួយមិត្តល្អ ក៏ជាសំណាងបុណ្យ តែបើគប់ជាមួយមិត្តអាក្រក់ ក៏នាំខ្លួនឲ្យវិនាស ខូចអនាគត ទម្រាំតែដឹងខ្លួន វាហួសអស់ទៅហើយ ។
ហេតុម្យ៉ាងទៀត ដែលកូនៗ មិនមានការគោរព ឬជឿស្តាប់ម៉ែឪ គឺព្រោះអាស្រ័យការប្រព្រឹត្តផ្ទាល់ខ្លួនរបស់មាតាបិតា ដូចជា ៖
មិនបានឲ្យការកក់ក្តៅដល់កូន ឲ្យប្រាក់ចាយ ឲ្យបាយបរិភោគ និងអ្វីៗ ទៀតក៏ពិតហើយ ប៉ុន្តែបានជាភ្លេចថា មនុស្សយើងមានទាំងកាយមានទាំងចិត្ត ។ ការឲ្យនូវអាហារគួរឲ្យទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។
ធ្វើខ្លួនជាគំរូមិនល្អ លេងស្រី ញៀនស្រា ជាប់ល្បែងភ្នាល់ រកស៊ីខុសច្បាប់ ។ល។
តាមអំណាចខ្លាំងពេក ខ្វះការពិនិត្យហេតុផល នៅពេលកូនធ្វើអ្វីខុសបន្តិចបន្តួច ឬខុសធំគ្រាន់ទៅនោះ ចេះតែជេរប្រទេច វាយទាត់ធាក់ ប្រើអំណាចគំរាមកំហែង ។ ជាការឈ្នះកូនតាមផ្លូវកាយ តែមិនអាចឈ្នះកូនតាមផ្លូវចិត្តឡើយ ។ ការគ្រប់គ្រងល្អបំផុត គឺត្រូវគ្រប់គ្រងផ្លូវចិត្ត ។
ស្រឡាញ់កូនតាមចិត្តខ្លួនពេក ត្រូវការឲ្យកូនធ្វើយ៉ាងនេះ យ៉ាងនេះ ដូចជាត្រូវរៀនមុខវិជ្ជានោះ ត្រូវធ្វើការងារនេះ ដូច្នេះជាដើម ហាក់ដូចជាកូនមិនមានចិត្ត មិនមានបេះដូងអ្វីខ្លួនឯងសោះអ៊ីចឹង ។ បង្ខំកូនតាមចិត្តខ្លួនឯង ជាម៉ែជាឪពេក នាំឲ្យខូចមនោសញ្ចេតនា ។
រអ៊ូរទាំច្រើនពេក គ្រប់គ្នាមិនថាក្មេងឬចាស់ រមែងមិនចូលចិត្តមនុស្សរង៉ែរង៉ូវរអ៊ូរទាំឡើយ ។ អ្នកស្តាប់មានការធុញទ្រាន់ តែអ្នកពោលចូលចិត្តតែខ្លួនឯង ។ ឪពុកម្តាយបើចង់ឲ្យកូនៗ នៅជិត គួរតែប្រយ័ត្នត្រង់ចំណុចនេះ ។
ចិញ្ចឹមកូនឲ្យខ្ជិល គឺខ្លាចកូនហត់នឿយ ខ្លាចកូនលំបាក ម៉្លោះហើយ អ្វីៗ ធ្វើជួសកូនគ្រប់យ៉ាង ។ កូនធ្វើអ្វីៗ ខ្លួនឯងអត់កើតទាំងអស់ ធំៗ កំលោះក្រមុំអស់ហើយ បោកខោអាវខ្លួនឯងក៏មិនស្អាត ដាំបាយមិនឆ្អិន … ចូលក្នុងពាក្យចាស់ថា “ចិញ្ចឹមកូនមិនឲ្យធំ” ។
មាតាបិតាមានកូនល្អ នៅពេលដែលនឹកដល់រឿងកូនហើយ ក៏បានសប្បាយចិត្ត នេះក៏ជាផលបុណ្យដែលមាតាបិតាបានធ្វើទុកមក ។
មាតាបិតាមានកូនមិនល្អ កូនកើតមកជាសត្រូវ កើតមកបំផ្លាញ បង្កតែទុក្ខក្តៅក្រហាយមិនចេះចប់ នេះគឺមកអំពីអកុសលកម្មឲ្យផល ។
រឿងដែលត្រូវ យើងគួរសិក្សាអំពីជីវិត ទទួលការពិត ប្រឹងធ្វើល្អជាបន្ត កុំឲ្យខូចចិត្ត ។ ត្រូវយល់អំពីអកុសលវិបាក សូម្បីតែព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ទទួលនូវអកុសលវិបាកដែរ ។ ព្រះបាទពិម្ពិសារជាព្រះអរិយបុគ្គល ត្រូវទទួលផលបាបយ៉ាងខ្លាំង ហើយក៏សោយទិវង្គតទៅដោយសារកូនជាអ្នកសម្លាប់ ។
កុំគិតប្រៀបធៀបថា កូនគេមិនដូចជាកូនយើង ។ មនុស្សយើងរមែងប្រព្រឹត្តទៅតាមកម្មរៀងៗ ខ្លួន ដូច្នេះតើឲ្យដូចគ្នាយ៉ាងម៉េចទៅ បើអាចជ្រើសរើសបាន គ្រប់គ្នាត្រូវជ្រើសយកតែអ្វីៗ ដែលល្អ គ្មានក្រ គ្មានឈឺ គ្មានកំណើតសត្វតិរច្ឆានជាដើមឡើយ ។
ដំណោះស្រាយ
កតញ្ញុតាធម៌ ជាភូមិឋានដ៏សំខាន់នៃគុណធម៌គ្រប់យ៉ាងផ្សេងទៀត និងជាគ្រឿងសំគាល់ថាជាមនុស្សល្អ គួរបណ្តុះបណ្តាលឲ្យកើតមានក្នុងចិត្តសន្តានរបស់កូន ។
ចិញ្ចឹមកូនដោយហេតុផល ត្រូវតាមកូនក្នុងផ្លូវដែលត្រូវ ជំទាស់ក្នុងផ្លូវដែលខុស សរសើរក្នុងការងារល្អ អប់រំជានិច្ច ក្រើនរំលឹកឲ្យបានច្បាស់ ចំពោះកំហុសដែលកូនមាន អាចដាក់ទណ្ឌកម្មបានក៏ដាក់ទៅ ។
បង្រៀនឲ្យកូនចេះប្រើគំនិត ដូចជាការងារមុខនាទីជាដើម ត្រូវបង្ហាត់ឲ្យកូនចេះប្រើគំនិតខ្លួនឯង ដោយមិនចាំបាច់ចង្អុលប្រាប់គ្រប់មុខគ្រប់យ៉ាងនោះទេ ។
បង្រៀនឲ្យកូនចេះទទួលខុសត្រូវ គឺការងារអ្វីៗ ដែលកូនបានធ្វើ បើខុសត្រូវចេះទទួលសារភាព ត្រូវចេះកែប្រែកុំឲ្យខុសដដែលៗ ។ ការងារជាកិត្តិយសរបស់មនុស្ស បើមានកំហុសត្រូវទុកជាគ្រូ ។
ត្រូវចេះចិញ្ចឹមកូនឲ្យបានធំ កុំព្យាយាមចិញ្ចឹមកូនឲ្យតឿ ព្រោះម៉ែឪមិនអាចចេះតែនៅតាមចិញ្ចឹមកូនរហូត មួយជីវិតកូននោះបានឡើយ ។
ត្រូវតែជាគំរូល្អរបស់កូន កុំអនុវត្តតាមពាក្យដែលថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក” ឲ្យសោះ ។
ត្រូវស្រឡាញ់កូនដោយព្រហ្មវិហារឲ្យគ្រប់ទាំង ៤ កុំស្តែងចេញឲ្យកូនដឹងថា ម៉ែឪស្រឡាញ់កូនមិនស្មើគ្នា ( អគតិ ៤ គឺ ស្រឡាញ់, ស្អប់, ល្ងង់, ខ្លាច ) ។
គួររកឱកាសនាំកូនៗ ទៅវត្ត ស្តាប់ធម៌ ឲ្យទាន រក្សាសីល ចម្រើនភាវនាតាមសមគួរ ជាពិសេសមុនកូនគេង ត្រូវបង្ហាត់ឲ្យកូនៗ ថ្វាយបង្គំព្រះ សូត្រធម៌ ថ្វាយបង្គំមាតាបិតាជានិច្ច ។
ត្រូវកុំភ្លេចថាយើងមានតួនាទីចិញ្ចឹមកូនឲ្យបានល្អ ហើយក៏កុំភ្លេចដែរថា បើគេមិនចេះស្រឡាញ់សេចក្តីល្អទេ វាជាបាបគ្រោះរបស់គេ ពេលណាគេទទួលផល យូរៗ ទៅគេនឹងរាងចាល ។
កុំព្រមអត់សីលខ្លួនឯង ដោយព្រោះតែមុខរបរដើម្បីចិញ្ចឹមជីវិតខ្លួន និងជីវិតកូនជាដើមឲ្យសោះ ។ សត្វកើតមកហើយ តែងស្លាប់ជាធម្មតា ធ្វើការរកស៊ីអ្វីក៏ស្លាប់ដែរ តែសូមឲ្យស្លាប់ជាមួយនឹងសីល ។
ដំណោះស្រាយបញ្ហាប្តីប្រពន្ធ
រឿងប្តីប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺព្រះសោតាបន្ន និងព្រះសកទាគាមីដែលមិនបានបួស ក៏នៅគ្រប់គ្រងផ្ទះដែរ ។
បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារនោះឯង ក៏រមែងមាននូវសេចក្តីសុខតាមលោកិយវិស័យ ។
ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្តាតនិងធ្មេញ ។
ប្តីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វាអាស្រ័យហេតុ គឺស្នេហ៍ និង ស្នៀត ។
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀបរយជានិច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។
ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមានចិត្តចង្អៀតពេក មិនទាស់ទែងជាមួយញាតិមិត្តរបស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះក្រែងចិត្តអ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់ខាតគឺកុំលេងល្បែងស៊ីសងនិងត្រូវចេះដឹងក្នុងការចាយវាយជាដើម ។
ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខសព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជាឪពុកល្អ ស្មោះត្រង់ព្រមដោយក្តីអាណិតចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។
ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយព្យាយាមថ្នមចិត្តគ្នា ជាមនុស្សយល់ហេតុផង កុំចេះតែតាមចិត្តរបស់ខ្លួន ជាពិសេសត្រូវចេះនឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។
-ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូតដល់ពេលជួបគ្នាមានតែជេរ ឬមុខក្រញូវ រអ៊ូរទាំដាក់គ្នា គេចមុខមិនចង់ជួបគ្នា មិនចង់ចូលផ្ទះ … ។
វិធីបដិបត្តិ
ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើតមកពីអ្វី ? អ្នកណាជាអ្នកបង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវព្រមទទួលនិងប្រញាប់សម្រេចចិត្តកែខៃឲ្យបានទាន់ពេល ។
បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ ជាមនុស្ស គឺត្រូវតែជាអ្នកយល់ហេតុយល់ផល តែបើដោះស្រាយមិនបាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។
ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួនឯងពេករហូតដល់ខ្វះមេត្តា ខ្វះការប្រាថ្នាល្អដល់គ្នា ។
ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយច្រើនតែបន្ទោសអ្នកដទៃដែលខុសនោះមិនដា់ច់ពីមាត់ និយាយដដែលៗ បើខ្លួនឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទបាំងទៀតផង ។
ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើកលែងតែមិនធ្វើអ្វីសោះ ឯការមិនធ្វើអ្វីសោះនោះ វាជាកំហុសមួយដោយឡែកផ្សេងទៀត ។
វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និងព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។
មនុស្សដែលធ្វើខុសហើយ មិនព្រមទទួលកំហុស ជាមនុស្សខូចសុខភាពផ្លូវចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅក្រហាយទីនោះ ព្រោះបើមានកំហុសអ្វីមួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់មានត្រូវ មានល្អវិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារនោះ រកសន្តិសុខបានដោយលំបាក ។
ព្រោះហេតុដូច្នោះ គូប្តីប្រពន្ធណាត្រូវការសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះរួមគ្នា ត្រូវបណ្តុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយទៅដោយត្របកផ្កាកុលាប ពោលគឺមង្គលជីវិតជាពិតប្រាកដហោង ។
គោលធម៌បដិបត្តិ
ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវវៀរចាកអបាយមុខ ៦ យ៉ាង និងត្រូវមាននូវឃរាវាសធម៌ ៤ យ៉ាង ។
ក្រុមទី ១
សីល ៥ ព្រមដោយកល្យាណធម៌
ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖
១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយចម្រើននូវមេត្តាករុណាឲ្យដល់ព្រម ។
២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយដល់ព្រមដោយការចិញ្ចឹមជីវិតដោយប្រពៃ ។
៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺព្រមល្មមចិត្តតែជាមួយនឹងគូគ្រងរបស់ខ្លួនប៉ុណ្ណោះ មាននូវកាមសំវរ គឺការសង្រួមក្នុងកាមគុណទាំងឡាយ ។
៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។
៥.មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំស្មារតីសេចក្តីមិនប្រមាទឲ្យដល់ព្រម ។
ក្រុមទី ២
អបាយមុខ ៦ យ៉ាង
ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖
១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។
២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។
៣. លេងល្បែងភ្នាល់ ។
៤. ដើរលេងមិនស្គាល់ពេលវេលា ។
៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។
៦. ខ្ជិលច្រអូសក្នុងការងារ ។
ក្រុមទី ៣
ឃរាវាសធម៌ ៤ យ៉ាង
ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖
១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។
២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។
៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។
៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។
បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើតមានជាប្រចាំចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យរបស់បុថុជ្ជនដែលជាមនុស្សល្អ ។
សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌ ៣ ក្រុមនេះដែរឬទេ ឬក៏សង្កេតឃើញមានបញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖
ការរអ៊ូរទាំ និយាយច្រើន
ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែកបុរសជាស្វាមី ឬជាបិតាក៏មានដែរ តែតិចតួចទេ ។ ដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំងការក្រៅ ការក្នុង ដោះស្រាយមិនចេញកើតរោគសរសៃប្រសាទ ។
ដំណោះស្រាយ
ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ ។ មេផ្ទះដែលឆ្លាត មិនត្រូវចងការងារក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយឲ្យកូនធ្វើនូវកិច្ចការនោះជំនួសខ្លួន ។
គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើយើងធ្វើទៅហើយមានផលឲ្យបានសុខទាំងអស់គ្នា ការងារនោះយើងត្រូវរីករាយនឹងធ្វើ ព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃ ។
ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង
ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះបីថាមានរូបរាងផ្សេងគ្នា តែគួរមានបេះដូងជាមួយគ្នា ទើបក្នុងផ្ទះមានសន្តិសុខ ។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែចិត្តចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្ត ។
ដំណោះស្រាយ
ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វីដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវលះទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និងភាពត្រឹមត្រូវជាគោលបដិបត្តិ ។
ភាសិតបញ្ហា
“គ្រប់បញ្ហាមានសម្រាប់ឲ្យដោះស្រាយ គ្រប់បញ្ហាសុទ្ធសឹងតែមានដំណោះស្រាយ“
“ដែលយើងមានសេចក្ដីទុក្ខជាមួយនឹងបញ្ហា ព្រោះយើងរកដំណោះស្រាយមិនឃើញ តែដំណោះស្រាយហ្នឹងនៅមានជានិច្ច “
“យើងកុំបញ្ចប់បញ្ហាដោយសេចក្ខីទុក្ខ តែត្រូវបញ្ចប់ដោយសេចក្ដីសុខ”
“ត្រូវនៅពីលើតួបញ្ហា គឺត្រូវជាអ្នកដោះស្រាយនូវបញ្ហា កុំនៅក្រោមបញ្ហា ឬក្លាយទៅជាអ្នកនៅជាមួយនឹងបញ្ហា”
“ការរត់គេចពីបញ្ហា មិនមែនជាវិស័យ៖
១) នៃបណ្ឌិត
២) នៃអ្នកដឹកនាំ
៣) នៃអ្នកមានជោគជ័យក្នុងជីវិតឡើយ”
“ប្រភេទនៃបញ្ហា មានស្រទាប់ថ្នាក់ជាន់ មានរាក់មានជ្រៅ ទៅតាមកាលៈទេសៈ បុគ្គល បរិដ្ឋាន សង្គមជាដើម ដូច្នេះ វិធីដ៏ល្អបំផុតក្នុងការដោះស្រាយគឺ៖
១) ប្រើសេចក្ដីអត់ធន់ ( ខន្តី )
២) ត្រូវល្អិតល្អន់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ( និសម្មការី = ពិចារណាមុនកាត់ក្ដី )
៣) ត្រូវវែកញែកទៅតាមស្រទាប់ថ្នាក់ជាន់ ម្ដងមួយៗ ជាចង្កោម ( វិភជ្ជវិធី = មធ្យោបាយវែកញែកគ្រប់ជ្រុងជ្រោយ និងយោនិសោមនសិការ = ធ្វើទុកក្នុងចិត្តបានត្រឹមត្រូវល្អ )”
“ជីវិតដែលរស់នៅដោយប្រាសចាកបញ្ហាហ្នឹងមិនមានឡើយនៅក្នុងលោកនេះ”
“ជីវិតប្រសើរ មិនមែនជាជីវិត៖
១) ដើរគេចពីបញ្ហា
២) ដោះស្រាយបញ្ហាដោយប្រើអាជ្ញា
៣) សម្រក់ទឹកភ្នែកពឹងជតាកម្ម
៤) សម្លាប់ខ្លួនបញ្ចប់គ្រោះកម្មជីវិត នោះទេ
តែជាជីវិតដែលរស់នៅជាមួយនឹងបញ្ហា តែនៅពីលើបញ្ហា មិនប្រឡាក់ចិត្ត មិនកើតទុក្ខ មិនសម្រក់ទឹកភ្នែក ត្រូវដោះស្រាយទៅដោយសតិបញ្ញា”
“តួបញ្ហា មិនបានធ្វើឲ្យយើងសម្រក់ទឹកភ្នែកទេ តែខ្លួនយើងទេតើ ដែលសម្រក់ទឹកភ្នែកខ្លួនឯង”
“បើចេះប្រើបញ្ញា យើងនឹងមានបញ្ហាមកជាមិត្រ បើខ្វះបញ្ញា នឹងឃើញបញ្ហាថាជាសត្រូវ”
“បើយល់ពីឫសគល់នៃបញ្ហានោះ នឹងធ្វើឲ្យចិន្តារឹតតែរឹង បើខ្លះហេតុផលកែបញ្ហា នោះនឹងធ្វើឲ្យចិន្តាជួបទុក្ខលុះក្ស័យ”
“វិធីកែបញ្ហា មានច្រើនវិធី ត្រូវអាស្រ័យភាពឈ្លាសវៃរបស់ខ្លួនឯងផ្ទាល់ គឺ៖
១) ហ្វឹកហាត់ប្រើខួរក្បាលឲ្យពូកែគិត ពូកែវិគ្រោះ វិភាគ វែកញែកមានហេតុមានផល
២) រកទីប្រឹក្សា លេខាល្អៗ ស្មោះត្រង់ ឈ្លាសវៃ រក្សាអាថិ៍កំបាំងមិត្រទុកបាន
៣) កុំបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងក្រសែអារម្មណ៍ស្រលាញ់ស្អប់គាប់ទាស់ ត្រូវប្រើសមាធិ
៤) សម្លឹងមើលតួបញ្ហាឲ្យចំ ឲ្យអស់ ឲ្យដល់ឫសគល់ ថា តើមកពីប្រភពណា ប្រទាក់ឆ្វាក់ឆ្វាញ់ចូលគ្នាដោយវិធីណា?
៥) កុំយកមនុស្ស ឬចិត្ត ដែលធ្លាក់ចុះក្នុងអគតិទាំង ៤ មកដោះស្រាយបញ្ហា
៦) គ្រប់បញ្ហា មានវិធី និងហេតុផលច្រើនយ៉ាងណាស់ដែលត្រូវយកមកដោះស្រាយ តែត្រូវជ្រើសរើសយកវិធីណា ដែលល្អបំផុត ដោះស្រាយហើយចប់រឿងយ៉ាងពិតប្រាកដ មិនមែនដោះស្រាយបញ្ហាមួយហើយ បន្តកើតបញ្ហាមួយទៀតនោះទេ … … …
ជាគរាភិវង្ស
តួនាទីមនុស្ស
ក្នុងជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈ យើងត្រូវយល់ពី៖
១) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យខ្លួនឯង បានដល់ ការយល់ហេតុយល់ផលសិក្សាស្វែងរកប្រយោជន៍សុខ ដែលប្រាសចាកទោសមកឲ្យខ្លួនឯង នេះគឺជាតួនាទីដែលយើងត្រូវធ្វើ គឺរាប់តាំងតែតួនាទីថ្នាក់តូចថ្នាក់ទាបទៅ រហូតដល់ថ្នាក់ខ្ពស់ ដែលយើងត្រូវធ្វើឲ្យខ្លួនឯង ជាពិសេសនៅក្នុងស្រទាប់យុវវ័យ ឬវ័យកណ្ដាល រហូតឈានទៅ ដល់បច្ឆិមវ័យ នៅក្នុងរវាងវ័យទាំងនេះយើងត្រូវរៀបចំជីវិតយើងយ៉ាងណាខ្លះដើម្បីឲ្យទទួលបាននូវសេចក្ដីសុខ? នាទីរបស់ខ្លួនក្នុងមួយថ្ងៃៗត្រូវអនុវត្តនូវគោលការណ៍អ្វីខ្លះ ត្រូវប្រកប ត្រូវគិត ត្រូវឆ្នៃប្រឌិតយ៉ាងណាខ្លះ ? ឬគ្រាន់តែរស់នៅឲ្យថ្ងៃយប់កន្លងហួសទៅដើម្បីដកដង្ហើមចេញចូលប៉ុណ្ណឹងទេ ? ឬគ្រាន់តែដើម្បីស្វែងរក ការសប្បាយភ្លើតភើនដែលបានពីការ សេពសោយទទួលបាននូវរបស់ដែលខ្លួនចង់បានមួយថ្ងៃៗ ប៉ុណ្ណឹងទេ? យើងត្រូវចងចាំទុកថា
“ការសម្រេចចិត្តធ្វើអ្វីមួយក៏ដោយ ផលដែលកើតប្រាកដមក ហ្នឹងគឺជាជតាកម្ម គឺជាព្រហ្មលិខិត នៃជីវិតរបស់ មនុស្សម្នាក់ៗ ដែលត្រូវតែទទួល”
“ខ្លួនយើងហ្នឹង គឺជាអ្នកកំណត់ជតាកម្មជីវិតឲ្យខ្លួនយើង ទាំងក្នុងបច្ចុប្បន្នេះ និងទៅអនាគតខាងមុខ”
“យើងធ្វើល្អ យើងបរិសុទ្ធ យើងធ្វើអាក្រក់ យើងសៅហ្មង រឿងល្អរឿងអាក្រក់ទាំងអស់ហ្នឹង វាជាធម្មជាត ដែលបានមកពីកាយព្រឹត្តកម្ម វចីព្រឹត្តកម្ម និងមនោព្រឹត្តកម្ម នៃយើងផ្ទាល់ម្នាក់ៗហ្នឹងឯង”
នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យខ្លួនឯងនេះ ហៅថា៖
១.១) អត្តត្ថចរិយា ប្រែថា ការប្រព្រឹត្តប្រយោជន៍ឲ្យខ្លួនឯង ក៏បាន
១.២) ការធ្វើនាទីរបស់ខ្លួនឲ្យបរិបូរណ៍ ក៏បាន
បុគ្គល ៤ ពួកក្នុងសង្គមមនុស្សគឺ៖
១) ពួកសាងប្រយោជន៍សុខឲ្យតែខ្លួនឯង មិនសាងប្រយោជន៍សុខឲ្យ ដល់អ្នកដទៃ បានដល់
ក) ពួកកំណាញ់ស្វិត គិតតែពីបាន មិនមានបង់ ( ខាងផ្នែកទ្រព្យសម្បត្តិ )
ខ) ពួកភ្ជួរស្រែលើខ្នងអ្នកក្រ
គ) ពួកហុតទឹកសម្លឹងកាក
ឃ) ពួកវ៉ៃអែបស៊ីអប
ង) ពួកសេះមាត់ពីរ ឬពួកឆ្និនក្បាលស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ
ពិតណាស់ហើយដែលថា ក្រពះពោះវៀនមនុស្សយើងម្នាក់ៗ ត្រូវការអាហារបាយទឹក បើមិនឲ្យស៊ី មានតែងាប់ ហើយការដែលត្រូវ បានស៊ី វាទាល់តែស៊ីឲ្យខ្លួនឯងឆ្អែតជាមុនសិន ទើបបែងរំលែកឲ្យអ្នកដទៃតាមក្រោយបាន តែអ្វីដែលយើងគួរគិតនោះគឺ ធម្មជាតិមនុស្ស ចិត្តសន្តានមនុស្ស មនុស្សមិនមែនដូចជាសត្វធាតុនោះទេ អ្នកខ្លះចិញ្ចឹមសត្វឆ្កែទុក ពេលឲ្យបាយវាស៊ីម្ដងៗ ត្រូវឲ្យវារង់ចាំទាល់តែខ្លួនបរិភោគឆ្អែតជាមុនសិន ហើយទើបឆ្កឹះកៀរកម្ទេចកម្ទីដែលសេសសល់ដាក់ឲ្យគ្នាស៊ី តែមនុស្សវិញមិនមែនដូច្នេះទេ តម្រូវការនៃមនុស្សគ្រប់គ្នា ដែលមានដូចៗ គ្នានោះគឺ ចង់បានសុខ ស្អប់ទុក្ខ តែដែលមនុស្សមិនបានផ្ដល់ឲ្យសេចក្ដីសុខដល់គ្នានឹងគ្នានោះ ព្រោះតែធម៌ ៣ យ៉ាងគ្រប់សង្កត់ សន្តានចិត្ត ធ្វើឲ្យជាមនុស្សខ្វាក់ទាំងភ្លឺ មើលមិនឃើញទាំងថ្ងៃបើក គឺ៖
១) តណ្ហា សេចក្ដីប្រាថ្នាមិនមានកំណត់ រហូតដល់មានហើយ ក៏ដូចជាអត់ ខ្សត់ទាំងខ្លួនដេកននៀលលើគំនរមាសប្រាក់ ជាតិជាសាមញ្ញមនុស្ស មិនមានអ្នកម្នាក់ដែលមិនមានសេចក្ដីប្រាថ្នាចង់បាននោះទេ តែសេចក្ដីប្រថ្នាត្រូវការនោះ៖
១.១) ត្រូវកុំឲ្យបៀតបៀនអ្នកដទៃ
១.២) ត្រូវមានកម្រិតព្រុំដែនក្នុងជីវិត ឬត្រូវស្គាល់ប្រមាណក្នុងការស្វែងរកបានមក
១.៣) ត្រូវប្រកបដោយសុចរិតកម្ម ឬបានមកដោយ ទង្វើល្អបរិសុទ្ធ
២) ទិដ្ឋិ ការជឿមាំតែលើខ្លួនឯងម្នាក់ ឬការប្រកាន់មាំថាមានតែខ្លួនឯងដែលគិតត្រូវ ទើបជាហេតុមួយធ្វើឲ្យមនុស្សគិតឃើញតែពីបានសម្រាប់ខ្លួន ព្រោះយល់ឃើញថា មានតែទស្សនៈគំនិតខ្លួនឯងប៉ុណ្ណោះ ប្រសើរត្រឹមត្រូវជាងអ្នកដទៃ ហើយក៏ប្រកាន់មាំក្នុងគំនិតខ្លួនឯង មិនព្រមបើកសោតទ្វារទទួលដឹងសម្លេងអ្នកដទៃៗ ទៀត រហូតក្លាយទៅជាកើតបញ្ហាឲ្យដល់សង្គម បៀតបៀនគ្នា មិនយល់សុខទុក្ខនៃគ្នានឹងគ្នាជាដើម។
៣) មានះ ភាពរឹងត្អឹង ឆ្មើងឆ្មៃ វៃឫក ដោយនឹកថាខ្លួនហ្នឹងឯង គ្រាន់ជាងអ្នកទាំងពួង ពេលយើងដើរតាមផ្សារ ឬថ្នល់សាធារណៈ យើងនឹងឃើញស្រ្តីមួយចំនួនពាក់ស្បែកជើងកែងចោតដើរលាន់សូរតែក្រិបក្រប់ៗ សួរថា ពាក់ដើម្បីអ្វី ? គឺដើម្បីឲ្យវាលូតកម្ពស់ហើយមើលមក រំលេចទ្រង់ទ្រាយស្អាតដល់ក្រសែភ្នែកអ្នកផង តែតាមសភាពពិតមនុស្សកម្ពស់ ៥០ ម៉ែត្រ ក៏បរិមាណដើមនៅតែ ៥០ ម៉ែត្រហ្នឹងឯង តែដែលខ្ពស់ទៅដល់ ៦០ ម៉ែត្រ នោះ ព្រោះកែងចោតវាជួយលើក ជួយស្ទួយ យ៉ាងណាមិញ មនុស្សយើងម្នាក់បរិមាណនៃគំនិត គុណភាព នៃសេចក្ដីល្អ មិនមានអ្នកណាដូចគ្នា ស្មើគ្នានោះទេ តែអ្វីដែលមនុស្ស យើងចូលចិត្តនោះ គឺលើកកម្ពស់ខ្លួនឯង ចង់ឲ្យខ្លួនឯងប្រសើរ ខ្ពង់ខ្ពស់ ជាងអ្នកដទៃ ទាំងដែលដឹងថា ភាពខ្ពង់ខ្ពស់ ឬកេរ្តិ៍ឈ្មោះដែលត្រូវបានមកនោះ វាមិនស័ក្តិសម មិនមានតុល្យភាពជាមួយខ្លួនក៏ដោយ ក៏នៅតែចង់បាន ព្រោះនេះគឺជា សន្តានមនុស្ស ការវាយឫកពាខ្ពស់ទាប នេះឯង គឺជាហេតុជាបច្ច័យសាងបញ្ហាឲ្យដល់ខ្លួនយើងផ្ទាល់ផង ដល់សង្គមទាំងមួលផង។ មនុស្សដែលច្រើនទៅដោយភាពរឹងត្អឹងវ៉ៃឫកឆ្មើងឆ្មៃ ព្រោះ៖
ក) ជាតិត្រកូល ( កើតក្នុងត្រកូលសេដ្ឋីមូលធន )
ខ) ទ្រព្យសម្បត្តិ
គ) ឋានៈយសស័ក្តិ៍
ឃ) ការសិក្សា
ង) រូបសម្បត្តិ ( មានរូបរាងសណ្ឋានទ្រង់ទ្រាយ ល្អសមសួន )
ច) បរិវារសម្បត្តិ ( មានបក្សពួកខ្សែស្រឡាយអ្នក ធំអ្នកតូចច្រើន ) ជាដើម
២) ពួកសាងប្រយោជន៍សុខឲ្យដល់អ្នកដទៃ តែមិនសាងប្រយោជន៍សុខឲ្យខ្លួនឯង បានដល់
ក) អ្នកជួយប្រាប់ ជួយពន្យល់ ជួយណែនាំអ្នកដទៃ តែមិនជួយខ្លួនឯង បុគ្គលប្រភេទនេះទុកដូចជាស្ពាន ដែលគ្រាន់តែសម្រាប់ចម្លងអ្នកដទៃ ឬទុកដូចវែកក្នុងឆ្នាំងសម្ល ដែលគ្រាន់តែសម្រាប់ផ្សំគ្រឿង និងកូរសម្លតែមិនបានស្គាល់រសជាតិសម្លឡើយ
ខ) អ្នកលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីសាងសេចក្ដីសុខ ឲ្យដល់ មនុស្សក្នុងសង្គមគឺអ្នកមានឧត្តមគតិខ្ពស់យកសេចក្ដីទុក្ខរបស់មនុស្សសត្វក្នុងលោកមកជាជំហានទីមួយក្នុងការដោះស្រាយដំណើរជីវិតរាល់ព្រឹត្តកម្មដែលមនុស្សប្រភេទនេះធ្វើទៅសុទ្ធសឹងតែមានសុខទុក្ខរបស់សព្វសត្វមកជាអារម្មណ៍ បុគ្គលប្រភេទនេះ បានដល់
ក) ព្រះសម្មាសម្ពុទ្ធជាម្ចាស់
ខ) អ្នកដឹកនាំប្រទេស អង្គការ ស្ថាប័ន ដែលប្រកបដោយគតិធម៌ យុត្តិធម៌
គ) បណ្ឌិតអ្នកប្រាជ្ញ ដែលឧទ្ទិសខ្លួនដើម្បីជាតិ សាសនា
៣) ពួកដែលសាងប្រយោជន៍សុខឲ្យដល់ខ្លួនឯងផង ដល់អ្នកដទៃផង បានដល់ អ្នកដែលមានទាន សីល ប្រព្រឹត្តសេចក្ដីល្អទូទៅ
អ្នករស់នៅក្នុងសង្គម និងបានជួយសង្គម បុគ្គលប្រភេទនេះ ឈ្មោះថា
១) រស់នៅមិនចង្អៀត មិនធ្ងន់ផែនដី
២) កើតមកបានសាងប្រយោជន៍ ស្លាប់ទៅបានទុកកេរ្តិ៍ឈ្មោះ
៣) មកទាំងគេទទួលស្វាគមន៍ ទៅទាំងឲ្យគេអាល័យ
៤) ពួកដែលមិនសាងប្រយោជន៍សុខឲ្យដល់ខ្លួនឯង និងមិនសាង ប្រយោជន៍សុខឲ្យដល់អ្នកដទៃ បានដល់
១) ចង្អៀតផែនដី
២) សាងភារៈបញ្ហាឲ្យដល់សង្គម
៣) ទុកដូចជាឈ្លើងសង្គម ឬបញ្ញើក្អែកក្នុងសង្គម
២) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យពពួកញាតិវង្សានុវង្ស
បានដល់ ការបំពេញប្រយោជន៍សុខឲ្យដល់ញាតិវង្សានុវង្សក្នុងត្រកូល ដោយការជួយសង្គ្រោះជ្រោមជ្រែងក្នុងផ្នែកនៃសេចក្ដីល្អដែលអាចធ្វើទៅបាន និងដែលត្រូវតែតាំងចិត្តធ្វើ គឺ៖
២.១) មានការឲ្យទានចែករំលែកជួយយឹតយោង សន្ដោងវង្សត្រកូល
២.២) មានពាក្យសម្ដីពិរោះពីសា ទន់ភ្លន់ហើយប្រកបដោយប្រយោជន៍ ឬហៅថា៖
ក) សម្ដីទឹកឃ្មុំ ព្រោះជាពាក្យផ្អែមល្អែម
ខ) សម្ដីផ្កា ព្រោះជាពាក្យមានប្រយោជន៍ក្រអូបឈ្ងុយឈ្ងប់
ដោយជៀសវាងការពោលពាក្យដែលធ្វើឲ្យបែកបាក់ដល់សង្គមញាតិរបស់ខ្លួន ឬគ្រួសាររបស់ខ្លួនគឺ៖
ក) ពាក្យផ្ដាសសាជេរប្រទេច ទ្រគោះបោះបោក ឬហៅថា
“សម្ដីក្រៀមកក្រោះអត់រស់ជាតិ សម្ដីទឹកស្ដៅ សម្ដីទឹកអម្បិល សម្ដីមុខកំបិត” ក៏បាន
ខ) ពាក្យចាក់រុក ញុះញង់ បំបែកបំបាក់ បង្រាត់បង្រាស់ ឬហៅថា
“សម្ដីផ្ដាច់សាមគ្គី សម្ដីផ្ដាច់សុខ សម្ដីមនុស្សច្រណែនសុខ” ក៏បាន
គ) សម្ដីអត់មានន័យខ្លឹមសារ អារត់អារាយ ប៉បាច់ប៉ប៉ោច ឬហៅថា
“សម្ដីទាត់សី សម្ដីទាត់បាល់ សម្ដីមនុស្សមនុស្សឆ្កួត សម្ដីអត់បាយ” ក៏បាន
សម្ដីទាំង ៣ នេះ ក្នុងនាមយើងជាសមាជិកមួយក្នុងគ្រួសារ ក្នុងវង្សត្រកូល យើងត្រូវជៀសវាងនិយាយ ការធ្វើបានយ៉ាងនេះ ឈ្មោះថា បានធ្វើប្រយោជន៍សុខឲ្យដល់ពួកញាតិវង្សរបស់ខ្លួន។ តាមពិតទៅ ធម្មជាតិមនុស្សយើង ហាមឃាត់មិនឲ្យនិយាយ មិនបានជាដាច់ខាត និយាយឲ្យខ្លីមកគឺ “អត់និយាយ មិនបាន” គឺត្រូវតែនិយាយចរចាឆ្លងឆ្លើយអស់ពីរឿងមួយទៅរឿងមួយ ដើម្បីកាត់បន្ថយភាពតឹងនែនអួអាប់ក្នុងចិត្តចេញមកឲ្យអ្នកដទៃបានទទួលដឹងផង ហើយក៏សប្បាយចិត្ត តែមិនត្រូវភ្លេចថាទន្ទឹមនឹងបាន និយាយពីរឿងអ្វីមួយក្នុងចិត្តយើងចេញមកនោះ វាបានឆ្លងកាត់ ក្រដាសត្រចៀកអ្នកដ៏ទៃចូលទៅដល់បេះដូងគេផងដែរ ហើយពាក្យ របស់យើងនោះសោត អាចធ្វើឲ្យបេះដូងគេសុខក៏បាន ទុក្ខក៏បាន ដូច្នេះ ត្រូវប្រយ័ត្នពាក្យសម្ដី ព្រោះ៖
ក) សម្ដី គឺជាអាវុធមុខពីរ ស្រេចហើយតែអ្នកយកទៅប្រើ
ខ) សម្ដីល្អ គឺជាថ្នាំស័ក្តិ៍សិទ្ធិមួយសម្រាប់មនុស្សឈឺ
គ) សង្គ្រាមពាក្យសម្ដី ឆេះតិច តែងំយូរ ហើយលំបាកនឹងពន្លត់
ឃ) មនុស្សក្នុងសង្គមសព្វថ្ងៃ រស់ព្រោះសម្ដី ស្អុយព្រោះសម្ដី ធ្លាក់នរក ព្រោះសម្ដី ឡើងស្ថានសួគ៌ ក៏ព្រោះសម្ដី
ការបំពេញតួនាទីរបស់ខ្លួន ឲ្យដល់ពពួកញាតិវង្សនេះ ហៅថា៖
១) ញាតត្ថចរិយា ការបំពេញប្រយោជន៍ឲ្យដល់ពួកញាតិ
២) នាទីដែលត្រូវធ្វើតបស្នងឲ្យដល់អ្នកមានឧបការគុណ
៣) ការដោះនូវបំណុលចាស់ ដែលញាតិវង្សបានធ្វើមកឲ្យខ្លួន
៣) នាទីរបស់ខ្លួន ដែលត្រូវធ្វើឲ្យសង្គមជាតិ សង្គមលោក គឺជានាទីចម្បងនិងចាំបាច់ត្រូវធ្វើក្នុងនាមជាមនុស្សម្នាក់រស់នៅក្នុងសង្គម កុំភ្លេចថា ខ្លួនយើងហ្នឹងមិនថាធម្មជាតិបានតាក់តែងមក ឲ្យផ្សែងៗ គ្នាដោយ ការទាប ខ្ពស់ ខ្មៅ សរ អាក្រក់ ល្អ យ៉ាងណាក៏ដោយ ក៏សុទ្ធសឹងតែជាផ្នែកមួយនៃសង្គមដូចៗគ្នា យើងមានសិទ្ធិ មាននាទីក្នុងការជួយស្ថាបនាឲ្យសង្គមជាតិ សង្គមលោកចម្រើន លូតលាស់ ទង្វើដែលយើងប្រព្រឹត្តធ្វើក្នុងមួយថ្ងៃៗ សុទ្ធសឹងតែបាន ផ្ដិតកប់ទុកឲ្យដល់សង្គម ព្រឹត្តកម្មទាំងឡាយនោះ អាចក្លាយទៅជា បញ្ហាឲ្យដល់សង្គមក្នុងផ្នែកអវិជ្ជមានក៏បាន ក្លាយទៅជាទស្សនគតិ គំនិតយោបល់ ជាមេបែប ជាដើមក្នុងផ្នែកវិជ្ជមានឲ្យដល់សង្គមក៏បាន ដូច្នេះ មិនថាអ្នកមាន អ្នកក្រ ស្រទាប់វណ្ណៈខុសគ្នាយ៉ាងណាក៏ដោយ ក៏ចាំបាច់ត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមក ក្នុងផ្នែកណានិមួយជាមិនខាន ហើយបូកផ្សំរួមគ្នានៃគំនិតយោបល់នៃរាល់ព្រឹត្តកម្មផ្នែកវិជ្ជមានទាំងឡាយទាំងពួងរបស់យើងម្នាក់ៗ ទើបក្លាយបានទៅជាគំនិតរួម ព្រឹត្តកម្មរួម សេចក្ដីសុខរួម សង្គមរួមគ្នាយ៉ាងសន្តិសុខ … … … ។
ជាគរាភិវង្ស
អំណោយទានទឹកចិត្ត
មិនថាចិត្តមនុស្ស ឬចិត្តសត្វ គ្រប់គ្នាសុទ្ធសឹងតែត្រូវការការថ្នាក់ថ្នម បីបមលួងលោមចិត្ត យល់ចិត្ត យល់ពិតដល់ជម្រៅទឹកចិត្ត ពីអ្នកដទៃ។
ពេលយើងជួបប្រសព្វនឹងបញ្ហាអ្វីមួយ ដ៏សែនតានតឹងក្នុងចិត្ត នឹងនិយាយនឹងអធិប្បាយឲ្យអ្នកដទៃណាស្ដាប់ក៏ពុំបាន តែបើមានអ្នកណាម្នាក់ យល់ពីជម្រៅទឹកចិត្តរបស់យើង យល់ពីភាពទុក្ខ ភាពចាំបាច់ ភាពតានតឹងក្នុងចិត្តរបស់យើងបាន យើងពិតជាចង់ឃើញ ចង់ជួប ចង់និយាយប្រាប់ ចង់នៅជិតអ្នកនោះខ្លាំងណាស់ ថែមទាំងជាបុគ្គលដែលយើងទុកចិត្តទុកថ្លើម ហ៊ាននិយាយប្រាប់រឿងអាថ៌កំបាំងផ្សេងៗ ឲ្យគេដឹងបានទៀតផង។
អ្វីដែលធ្វើឲ្យយើងក្លាយទៅជាបុគ្គលម្នាក់មានភាពកក់ក្ដៅ មាននៅទីពឺងក្នុងជីវិតបានដូច្នេះនោះ ក៏គឺការយល់ចិត្ត យល់ថ្លើម យល់អធ្យាស្រ័យ យល់ទុក្ខធុរៈរវាងគ្នានឹងគ្នាហ្នឹងឯង។
មិត្រភ័ក្តិមិនយល់ចិត្ត មិនយល់អធ្យាស្រ័យ វាជារឿងលំបាកសម្រាប់ការសេពគប់បែបមិត្រអមតៈ ។
គូសង្សារ មិនយល់ជម្រៅទឹកចិត្ត នឹងនៅកៀកកើយកាយពិត មិនបានយូរ ។
ចៅហ្វាយ មិនយល់ចិត្ត ទោះប្រាក់ខែថ្លៃពិត ក៏គង់អស់អ្នកបម្រើ ។
“តាមពិត មនុស្សគ្រប់គ្នាសុទ្ធសឹងតែត្រូវការអំណោយទានទឹកចិត្តពីអ្នកដទៃដូចៗ គ្នា ចុះហេតុអ្វីយើងមិនផ្ដល់សេចក្ដីសុខដោយការយល់ចិត្ត យល់ថ្លើម ឲ្យដល់គ្នានឹងគ្នាខ្លះផង ព្រោះនេះជារឿងចាំបាច់ និងគ្រប់គ្នាតែងត្រូវការ តែមនុស្សភាគច្រើនបានមើលរំលង”
“យល់ចិត្តគ្នាខ្លះ ប្រសើរជាងចិត្តជម្នះដើម្បីខ្លួនឯង”
“ចិត្តគេចិត្តឯង គួរចេះកោតក្រែង ឲ្យសិទ្ធិ៍ ឲ្យស័ក្ដិ”
“ក្ដីសុខជីវិត កើតព្រោះយល់ចិត្ត យល់អធ្យាស្រ័យ”
អំណោយទានជីវិត អត្ថបទទី ២
អ្នកឲ្យតែងមានប្រៀប (the giver always has the advantage)
ទឹកចិត្តអ្នកឲ្យ គឺជាទឹកចិត្តរបស់សេដ្ឋីអធិជន ព្រោះបើយើងគ្មានចិត្តអំណោយទានទេនោះ យើងក៏មិនអាច ផ្ដល់នូវវិភាគទាន បាននោះដែរ គឺជាទឹកចិត្តមួយដែលសបញ្ជាក់ពីភាពមិនក្រខ្សត់ នៃបុគ្គលជាសាមីទាននោះ ចំណែកទឹកចិត្តអ្នកទទួលវិញ គឺជាការស្ដែងចេញនូវសេចក្ដីទុក្ខ ឬតម្រូវការភាពចាំបាច់របស់ខ្លួន ដែលចាំបាច់ ត្រូវប្រកាស់ប្រាប់ និងសូមនូវការជូយ សង្គ្រោះជួយឧបត្ថម្ភគាំទ្រពីអ្នកដទៃ ។
នៅក្នុងសង្គមសព្វថ្ងៃនេះ “ការឲ្យតែងមានប្រៀបជាងការទទួល” អ្នកឲ្យតែងជាទីស្រឡាញ់ ជាទីពេញចិត្តនៃអ្នក ផងជុំវិញជីវិតអ្នកឲ្យរមែងសម្បូរណ៌ទៅដោយមិត្រសម្លាញ់ និងជាអ្នកមិនសម្បូរណ៌ទៅដោយពៀរវេរា ។
ទទមានោ បិយោ ហោតិ អ្នកឲ្យ រមែងជាទីស្រឡាញ់(នៃអ្នកផងទាំងឡាយទាំងពួង) ទទំ មិត្តានិ គន្ថតិ អ្នកឲ្យ រមែងចងនូវមិត្រទុក “បើគ្មានអំណោយទាន ក៏គ្មានការអភិវឌ្ឍ” “តម្រូវការរបស់មនុស្សសត្វទូទៅ គឺត្រូវការសុខ ស្អប់ខ្ពើមទុក្ខ” “ឲ្យដោយមេត្តា ទទួលទ្វេហត្ថា ជាការឲ្យនៃមនុស្សសាមញ្ញទូទៅ” “ឲ្យដោយចិត្ត គិតបូជា ទទួលក្នុងនាមជាទេវា ជាការឲ្យក្នុងភាពជាអរិយៈ” ដូច្នេះ តើយើងព្រមស្ថាបនាខ្លួនយើងទៅជាអ្នកឲ្យ ឬធ្វើជាអ្នកទទួល ? តែបើពោលក្នុងន័យបរិបទប្រៀបធៀបវិញ នឹងឃើញថា គ្រប់គ្នាសុទ្ធសឹងតែជាអ្នកត្រូវការ អំណោយទាន អភ័យទាន ត្រូវការការជួយសង្គ្រោះ ការជួយឧបត្ថម្ភពីមនុស្ស ពីធម្មជាតិ ពីបរិដ្ឋានសង្គមជានិច្ច ព្រោះធម្មជាតិនៃជីវិត តែងរមៀលធ្លាក់ចុះទៅក្នុងសេចក្ដីទុក្ខជារឿយៗ ដែលអាចឃើញជាក់ច្បាស់បំផុតនោះ រាប់តាំងតែបដិសន្ធិក្នុងគភ៌មាតាមកម្ល៉េះ ការប្រសូត្រចាកផ្ទៃមាតា ការចម្រើនធំធាត់នៃសព៌ាង្គកាយរហូតដល់ការ បែកធ្លាយទៅនៃរាងកាយ ក្នុងកំឡុងរវាងការកើតនិងការស្លាប់ ជីវិតសុទ្ធសឹងតែមានតម្រូវការ ប្រាថ្នាការជួយ សង្គ្រោះ ត្រូវការអំណោយទានពីអ្នកដ៏ទៃ ឬត្រូវការអំណោយទានពីធម្មជាតិជានិច្ចដូចៗគ្នា បើធម្មជាតិគឺ ដី ទឹក ភ្លើង ខ្យល់ ដួងច័ន្ទ្រ ដួងអាទិត្យ ព្រៃភ្នំ ខ្យល់អាកាស ជាអាទិ៍ មិនបានផ្ដល់នូវអំណោយទានមកឲ្យយើងគ្រប់គ្នាទេ នោះ ម្ល៉េះជីវិតនេះ ក៏មិនមានថ្ងៃនេះនោះដែរ ។
ដូច្នេះ គ្រប់ជីវិតតែងតែត្រូវការបដិកិរិយា សហព័ន្ធ ការជួយសង្គ្រោះ ពឹងពាក់ប្រទាក់អាស្រ័យគ្នានឹងគ្នាទៅវិញទៅ មកជានិច្ច ជីវិតនេះ មិនអាចរស់នៅក្នុងលោកនេះឯកោតែម្នាក់ឯងបានទេ សឹងអាចនឹងពោលបានថា “គ្រប់ជីវិត តែងស្រែកឃ្លាននូវអំណោយទានជានិច្ច” ក៏បាន មិនថាចាកមនុស្សសត្វដូចគ្នា ឬចាកធម្មជាតិចាកបរិដ្ឋានផ្សេងៗ ផ្លែកត្រឹមតែថា តម្រូវការនោះតិចឬក៏ច្រើនប៉ុណ្ណា ស្ថិតនៅក្នុងកម្រឹតណាមួយតែប៉ុណ្ណោះ ធម្មជាតិរបស់មនុស្ស រមែងមានទាំង អំណោយទាន ទាំងការទទួល ព្រោះអ្នកដែលមានតែអំណោយទានតែម្យ៉ាង អ្នកនោះក៏មិនស័ក្តិសមជាមនុស្ស តែត្រូវបានគេចាត់ទុកថា ជាព្រះព្រហ្ម ព្រះអាទិទេពតាមជំនឿក្នុងសាសនា ឬលទ្ធិមួយចំនួន ព្រោះព្រះអាទិទេពទាំងនោះ ជាអ្នកមានឥទ្ធិពល មានអំណាចសាង ជាអ្នកឲ្យវត្ថុសព្វសារពើក្នុងលោកនេះ ចំណែកអ្នកដែលមានតែការទទួលតែម្យ៉ាងវិញនោះ ក៏មិនមែនជា លក្ខណៈនៃមនុស្សដ៏ពិតបា្រកដដែរ បើជា មនុស្សក៏គង់រាប់ថាជាមនុស្សអសមត្ថភាពដែលនៅក្នុងស្រទាប់នៃសម្ពាធរបស់សង្គម ឬក្នុងកាលសម័យ មិនសមគួរជាដើម តែគុណលក្ខណៈរបស់ជីវិតដ៏ពិតបា្រកដនោះ គឺមានទាំងការឲ្យ ទាំងការទទួលជីវិតមនុស្ស សត្វ ឬសូម្បីតែធម្មជាតិទាំងឡាយ សុទ្ធសឹងតែមានវិភាគទានឲ្យដល់គ្នានឹងគ្នា មិនថាតិចឬច្រើន នៅក្នុងផ្នែកណាមួយ មិនខានឡើយ សូម្បីតែសមណៈជីព្រាហ្មណ៍អ្នកបំពេញព្រ័តនៅក្នុងសាសនាផ្សេងៗ រាប់ទាំងព្រះពុទ្ធសាសនា នេះផង ក៏មានចំណែកនៃការឲ្យ ដោយអោយនូវអភ័យទាន ឲ្យនូវមាគ៌ាបដបត្តិ ឆ្ពោះទៅរកសេចក្ដីសុខនៃជីវិត ឲ្យនូវចរិយធម៌ សីលធម៌ទំនៀមទម្លាប់ប្រពៃណៃដល់សង្គមជាដើម គឺអោយផ្នែកអព្ភន្តរភាព ផ្នែកចិត្តវិញ្ញាណ សូម្បីតែអ្នកកម្សត់ទុគ៌ត ជនអនាថា ពេលខ្លះក៏គង់មានអំណោយទានផ្នែកមេត្តាចិត្ត ផ្នែកសង្គហវត្ថុដល់មនុស្ស ឬសត្វដ៏ទៃជាធម្មតា ព្រោះនេះជាធម្មជាតិ ជាសភាវគតិ ជាសញ្ជាតញាណរបស់មនុស្ស ។
“អ្វីដែលយើងឲ្យដល់អ្នកដ៏ទៃបាន ទាល់តែយើងមានរបស់នោះក្នុងចិត្តយើង និងនៅក្រោមអធិបតីភាពយើងជា មុនសិន មិនថាទ្រព្យសម្បត្តិ ឬអ្វីៗ ដែលយើងមាន បើមិនអាចយកមកបម្រើសេចក្ដីសុខដល់ខ្លួនយើងនិងដល់ អ្នកដទៃបានទេ ស្ដែងថាវាមិនមែនរបស់យើងដោយពិតប្រាកដឡើយតែវាត្រូវបានគ្រប់គ្រងដោយអវិជ្ជាតណ្ហា ជាដើមឯណោះវិញទេ” សង្គមអ្នកឲ្យ (the society of donors) គឺជាសង្គមឧត្តមសម្បូរណ៍ទៅដោយមិត្រភាព ភាតរភាព ជាសង្គមប្រកបដោយមេត្តា ករុណា ព្រហ្មវិហារធម៌ ជាសង្គមចេះជួយរំលែកនូវសុខទុក្ខដល់គ្នានឹងគ្នា អ្នកឲ្យតែងជាទីចូលចិត្ត ពេញចិត្តនៃមនុស្សសត្វ ទូទៅ តែងជាអ្នកសម្បូរណ៍ទៅដោយមិត្រសម្លាញ់ ។
ក្នុងសម័យដែលព្រះពុទ្ធអង្គ ទ្រង់គង់នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ក្នុងក្រុងពារាណសី សីហសេនាបតី បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ថ្វាយបង្គំប្រណម្យអញ្ជលី ទូលសួរថា៖ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចបញ្ញត្តអានិសង្សរបស់ទានដែលបុគ្គលអាចឃើញនៅក្នុងបច្ចុប្បន្ននេះបានទេ ( សន្ទិដ្ធិកទានផល ) ? ទ្រង់ក៏បានត្រាស់តបថា៖ សីហសេនាបតី តថាគតអាច រួចបានត្រាស់អានិសង្ស ៥ ប្រការ របស់អ្នកឲ្យទានតទៅទៀតនៅក្នុងអង្គុត្តរនិកាយ បញ្ចកនិបាត សុមនវគ្គ ដូច្នេះ៖
១. ពហុនោ ជនស្ស បិយោ ហោតិ មនាបោ រមែងជាទីស្រលាញ់ជាទីពេញចិត្តរបស់ពួកជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម
២. សន្តោ សប្បុរិសា ភជន្តិ សប្បុរសអ្នកប្រាជ្ញ តែងសមាគមគប់រក
៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កេរ្តិ័ឈ្មោះល្អល្បីខ្ចរខ្ចាយ
៤. យញ្ញទេវ បរិសំ ឧបសង្កមតិ ខត្តិយបរិសំ ព្រាហ្មណបរិសំ គហបតិបរិសំ សមណបរិសំ វិសារទោ អមង្កុភូតោ ចូលទៅក្នុងចំណោម ខត្តិយបរិស័ទ ព្រាហ្មណបរិស័ទ គហបតីបរិស័ទ សមណបរិស័ទណាមួយក៏ដោយ រមែងអង់អាចក្លាហានមិនដាក់មុខចុះ។
ម្យ៉ាងទៀត ៤. គិហិធម្មា អនបគតោ ហោតិ ជាអ្នករស់នៅដោយមិនប្រាសចាកឃរាវាសធម៌ ( ធម៌របស់អ្នកគ្រប់គ្រងផ្ទះ )
៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ ក្រោយពីបែកធ្លាយរាងកាយ រមែងចូលទៅកាន់សុគតិទេវលោកចុងបញ្ចប់នៃបញ្ហាកម្ម ទ្រង់បានត្រាស់ព្រះគាថាមានជាអាទិ៍ដូច្នេះ៖
ទទំ បិយោ ហោតិ ភជន្តិ នំ ពហូ
កិត្តឹ ច បប្បោតិ យសស្ស វឌ្ឍតិ
អមង្កុភូតោ បរិសំ វិគាហតិ
វិសារទោ ហោតិ នរោ អមច្ឆរី
នរជន ប្រាសចាកសេចក្ដីកំណាញ់ឲ្យនូវទាន តែងជាទីពេញចិត្ត ( នៃពួកជន ) បណ្ឌិតសប្បុរសតែងរាប់រក ទាំងមានកេរ្តិ័ ឈ្មោះ ទាំងចម្រើន ទៅដោយយស អង់អាចក្លាហានគ្របសង្កត់បរិស័ទបាន”
ឲ្យដោយមិនសម្លឹងផល ទទួលដោយមិនភ្លេចគុណ
ការឲ្យដោយមិនសម្លឹងផលតបស្នងនេះ គឺជាអត្ថន័យមួយនៃពាក្យថា សង្គ្រោះ តាមនិយមន័យដែលតាំងឡើងថ្មី តាមបរិភាសសូត្រក្នុងគម្ពីរសទ្ទាវិសេស មានគម្ពីរសទ្ទត្ថភេទចិន្តា ជាដើមថា៖ “វត្តិច្ឆានុបុព្វកា សទ្ទប្បវត្តិ ការប្រព្រឹត្តទៅនៃស័ព្ទ មានលំដាប់លំដោយទៅតាមចេតនារម្មណ៍នៃអ្នកពោល ( តាមអត្ថន័យដ៏សមរម្យ )” ដែលមកពីស័ព្ទថា សំ=សមាន (ស្មោះស្មើ, ស្មើចុងស្មើដើម ) +គហ=ចាប់យក ផ្ដល់ឲ្យ តាមបទវិគ្រោះថា៖ សំ សមានភាវំ សមានសុខទុក្ខំ គហនំ =សង្គហោ ការកាន់យកនូវសភាវៈនៃសុខទុក្ខស្មើគ្នា ( ការរួមសុខរួមទុក្ខ ជាមួយគ្នា ) ឈ្មោះថា សង្គ្រោះ, បានដល់ កិរិយាអាការៈ ដែលស្ដែងចេញដោយទឹកចិត្ត ស្មោះស្ម័គ្រដែលមាន បញ្ញាជាប្រធាន ។
លក្ខណៈនៃការសង្គ្រោះដ៏ពិតប្រាកដនោះ គឺការលះបង់ដោយមិនគិតដល់ផលតបស្នងពីអ្នកទទួល ឲ្យដោយមិន សម្លឹងផល ដូចជាសុភាសិតខ្មែរថា “ហុតទឹក មិនសម្លឹងកាក” គឺឲ្យដោយសុទ្ធចិត្ត មានបំណងតែមួយគត់ គឺជួយ បំបាត់ ឬជួយសម្រាលសេចក្ដីទុក្ខរបស់អ្នកដទៃ អាចនឹងមានចំណោទសួរថា៖ បើជួយដោយមិនបានផលតបស្នងមកវិញ តើជួយដើម្បីអ្វី ? គឺជួយសង្គ្រោះ ជួយបំបាត់នូវសេចក្ដីទុក្ខនៃអ្នកដទៃ តាមនាទីរបស់មនុស្ស ព្រោះវាគឺជាកាតព្វកិច្ច ជាសីលធម៌មួយរបស់មនុស្ស យើងឃើញមនុស្សលង់ទឹកជិតដាច់ ដង្ហើមស្លាប់ តើយើងត្រូវរកមធ្យោបាយជួយសង្គ្រោះជីវិតជាមុន ឬរវល់តែគិតថា ជួយវារួចហើយ វានឹងតបស្នង អ្វីមកដល់អញខ្លះ ? តំណបស្នងតិចឬក៏ច្រើន ? តែអ្វីដែលយើងទទួលបានក្នុងពេលនោះ គឺបានធ្វើតាមនាទី បំពេញនាទីជាមនុស្សម្នាក់ដ៏ល្អឲ្យដល់សង្គមជាតិ ដល់មនុស្សជាតិ អ្វីដែលយើងទទួលបានមកជាជំហានដំបូងនោះ គឺសេចក្ដីសុខ បីតិប្រាមោទ្យក្នុងចិត្តរបស់យើង ក៏ឈ្មោះថា យើងបានផ្ដល់ឲ្យនូវសេចក្ដីសុខឲ្យដល់អ្នកដទៃផង ដល់ខ្លូនឯងហ្នឹងផង ទាំងជាផ្នែកមួយក្នុងការចូលរួមស្ថាបនាសង្គមជាតិផង ទាំងបានបំពេញនាទីរបស់យើងឲ្យពេញលក្ខណៈនៃពាក្យថា មនុស្ស ដែលប្រែថា “អ្នកដឹង ស្គាល់ យល់ ហេតុគួរនិងមិនគួរ” ថែមទៀតផង ឯសេចក្ដីល្អដែលយើងត្រូវបាននោះ យើងបានស្រេចរួចរាល់ទៅហើយតាំងតែបណ្ដូលគំនិត នៃមេត្តាករុណាចិត្ត ដែលគិតសង្គ្រោះនោះបានចាប់ផ្ដើមមកម៉្លេះ ចំណែកផលដែលត្រូវបានមកដោយតំណបស្នងដែលជារូបធម៌ផ្សេងៗ នោះ អាចមាន ឬមិនមាន ក៏ស្រេចតែនឹងកាលៈទេសៈនៃស្ថានការណ៍នោះៗ ក្នុងសង្គមនីមួយៗ ។ តែទោះជាយ៉ាងណាក៏ដោយ មួយផ្នែកធំនៃផ្នត់គំនិត មនុស្សក្នុងសង្គមសព្វថ្ងៃនេះ ស្ថិតនៅក្នុងលក្ខណៈផលប្រយោជន៍និយម ក្រោមទស្សនៈថា “បើឯងឲ្យអញ អញក៏ឲ្យឯង បើឯងធ្វើល្អឲ្យអញ អញក៏ធ្វើល្អដល់ឯង” ទាំងនេះបណ្ដាលមកពីមហិច្ឆតា ចំណង់បា្រថ្នា ដ៏គ្មានទីបញ្ចប់ និងផ្នត់គំនិតក្នុងសង្គមនោះៗ ហ្នឹងឯង ។
ដូច្នេះហើយ ទើបយើងឃើញអនេកភាពនៃបំណែងរំលែក ដោយការជួយសង្គ្រោះកើតឡើងទៅតាមរូបបែបផ្សេងៗ គ្នា នៃអ្នកឲ្យដោយសុទ្ធចិត្ត ឬឲ្យដោយមនោគមន៍ក្នុងផ្នែកដទៃៗ ជាដើម ។ ចំណែកអ្នកទទួលវិញ ក៏ស្ថិតនៅក្នុងលក្ខណៈមិនភ្លេចគុណ មិនរមិលគុណអ្នកឲ្យ “អ្នកឲ្យ ៗ ដោយមេត្តាចិត្ត អ្នកទទួល ៗ ដោយកតញ្ញូកតវេទិតាធម៌” យើងអាចតបស្នងបុណ្យគុណអ្នកដទៃបាន តាមកត្តាផ្សេងៗ ដោយមិនចំបាច់ទាល់តែជារបស់ចាប់ពាល់សម្ផស្សត្រូវបាន ឬអ្វីដែលជារូបវ័ន្តធំដុំនោះទេ ឧទាហរណ៍ថា យើងទទួលបាននូវអំណោយទានអ្វីមួយពីអ្នកដទៃ តំណបស្នងដែលយើងអនុវត្តមកជាប្រចាំនោះ គឺពោលពាក្យថា អរគុណ ឬការឲ្យពរដោយពិធីការផ្សេងៗ ដើម្បីសម្ដែងចេញនូវមេត្រីភាព ភាពរីករាយរបស់យើងឲ្យប្រច័ក្សច្បាស់ដល់ក្រសែភ្នែកនៃម្ចាស់ទាន សមដូចពុទ្ធភាសិតថា៖
កតញ្ញុតា ធម្មមូលា កតញ្ញុតា បធានតា
កតញ្ញុតាយ សន្តិយា សព្វបុញ្ញញ្ច វិជ្ជតិ
កតញ្ញុតាធម៌ ជាឫសគល់នៃធម៌ក្នុងលោក ជាប្រធាន ក្នុងលោក កាលបើកតញ្ញុតាធម៌មានហើយ បុណ្យកុសល សេចក្ដីល្អគ្រប់យ៉ាង ក៏រមែងមានដោយពិត ។
ដូច្នេះ សេចក្ដីសុខរបស់អ្នកឲ្យនោះ ក៏លេចធ្លោផុសឡើង ព្រោះមានចិត្តសំនឹកថា ខ្លួនគេហ្នឹងជាមនុស្សម្នាក់ដែលអាចធ្វើឲ្យអ្នកដទៃមានសេចក្ដីសុខទៅបាន ចំណែកយើងជាអ្នកទទួលហ្នឹង ក៏ឈ្មោះថា បានតបស្នងបុណ្យគុណអ្នកដទៃ ក្នុងកម្រិតមួយដែលអាចធ្វើឲ្យគេមានសេចក្ដីសុខទៅបាន ព្រោះតែពាក្យមួយឃ្លាថា “អរគុណ” ឬស្នាមញញឹមស្រស់បស់របស់យើង ក្នុងខណៈដែលទទួលបាននូវការជួយសង្គ្រោះក្នុងរឿងឯណានីមួយនោះ ។ សូម្បីព្រឹត្តិកម្មដទៃៗ ទៀត ក្នុងនាមយើងជាអ្នក ទទួលគួរសម្ដែងចេញ ដើម្បីជាផ្នែកមួយនៃតំណបស្នងឧបការគុណ ដោយយ៉ាងហោចណាស់ ក៏ជានិមិត្តរូបសបញ្ជាក់នូវ អំណរគុណពីដួងចិត្តខាងក្នុងរបស់យើង នេះជាលក្ខណៈ“ការឲ្យទាំងស្នាមញញឹម ទទួលទាំងមានកិត្តិយស” ព្រោះទាំងអ្នកឲ្យ ទាំងអ្នកទទួល សុទ្ធសឹងតែបានផល ដូចគ្នា នៅត្រង់មានសេចក្ដីសុខតាមផ្លូវចិត្ត គឺអ្នកឲ្យបានផ្ដល់ក្ដីសុខដល់អ្នកទទួល ដោយអំណោយទាន អ្នកទទួលក៏បានផ្ដល់ក្ដីសុខដល់អ្នកឲ្យដោយកាយវិការ ឬព្រឹត្តិកម្មរីករាយសប្បាយក្នុងចិត្តរបស់ខ្លួនដែលស្ដែងចេញមក ។
គុណធម៌របស់មនុស្សល្អ
កាលព្រះពោធិសត្វសោយព្រះជាតិជាវិធុរបណ្ឌិត ក្នុងនគរឥន្ទបត្ត ថ្ងៃមួយ មានយក្សមួយ ឈ្មោះថា បុណ្ណកៈ បានចាប់ព្រះអង្គ ដោយប្រាថ្នានឹងសម្លាប់ហើយនាំហឫទ័យទៅថ្វាយវរុណនាគរាជ ដើម្បីសុំរៀបការនឹងព្រះរាជធីតាឈ្មោះ ឥរន្ទតី ពេលនោះ វិធុរបណ្ឌិតប្រាថ្នានឹងសម្តែងសាធុនរធម៌ គឺគុណធម៌របស់មនុស្សល្អឲ្យយក្ស ស្តាប់ ទើបបានពោលជាគាថាថា ៖
យាតានុយាយី ច ភវាហិ មាណវ
អល្លញ្ច បាណឹ បរិវជ្ជយស្សុ
មា ចស្សុ មិត្តេសុ កទាចិ ទុព្ភី
មា ច វសំ អសតីនំ និគច្ឆេ ។
“ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្ត ក្នុងកាលណាមួយ អ្នកកុំលុះអំណាច នៃស្រីដែលប្រកបដោយអសទ្ធម្ម” ។
( វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៧៤ )
គុណធម៌របស់មនុស្សល្អ ដែលវិធុរបណ្ឌិតពោលក្នុងគាថានេះ មាន ៤ ប្រការ គឺ
១. ចូរដើរតាមផ្លូវដែលគេដើរហើយ
២. កុំដុតបាតដៃទាំងទទឹក
៣. កុំប្រទូស្តមិត្រ
៤. កុំលុះអំណាចនៃស្ត្រី
ពន្យល់
គុណធម៌ដំបូង គឺ យាតានុយាយី ភវាហិ ( អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ ) ផ្លូវដែលជនដទៃដើរហើយ គឺឧបការៈដែលជនដទៃធ្លាប់ធ្វើទុកដល់ខ្លួន ពាក្យថា “ចូរដើរតាមផ្លូវដែលជនដទៃដើរហើយ” មានន័យថា ចូរតបស្នងឧបការៈរបស់បុគ្គលទាំងនោះ មួយទៀត អ្នកធ្វើគុណប្រយោជន៍ដល់ជនដទៃនោះ ចែកចេញជា ២ ពួក ពួក ទី ១ ហៅថា យាយី ( អ្នកដើរមុន ) គឺ អ្នកធ្វើឧបការៈមុន ពួកទី ២ ហៅថា អនុយាយី ( អ្នកដើរតាមក្រោយ ) គឺ អ្នកតបស្នងសងគុណ ដូច្នោះ គុណធម៌របស់មនុស្សល្អប្រការដំបូង ទើបសំដៅយកការតបស្នងសងគុណដល់អ្នក ដែលធ្លាប់ធ្វើឧបការៈមកដល់ខ្លួនយើងនុ៎ះឯង ។
គុណធម៌ប្រការទី ២ គឺ អល្លញ្ច បាណឹ បរិវជ្ជយស្សុ ( កុំដុតបាតដៃទាំងទទឹក ) ដៃដែលទទឹក គឺដៃស្តាំ ព្រោះដៃស្តាំជាដៃដែលយើងយកមកប្រើចាប់អាហារ ដោយលាងដៃមុនហើយទើបចាប់ ការមិនដុតដៃដែលទទឹក ទើបសំដៅដល់ កុំដុតដៃស្តាំរបស់ខ្លួន សេចក្តីនេះប្រៀបធៀបនឹងការមិនប្រទូសរ៉ាយអ្នកមានឧបការគុណ តាមផ្លូវកាយ វាចា និងចិត្ត ។
គុណធម៌ប្រការទី ៣ គឺ មា ចស្សុ មិត្តេសុ កទាចិ ទុព្ភី ( កុំប្រទូស្តមិត្រ ក្នុងកាលណាមួយ ) គឺ មិនគប្បីទ្រុស្តមិត្រសម្លាញ់ដែលទុកចិត្តយើងឡើយ ។
គុណធម៌ប្រការទី ៤ គឺ មា ច វសំ អសតីនំ និគច្ឆេ ( កុំលុះក្នុងអំណាចរបស់ស្ត្រី ) គឺ កុំធ្វើខុសតាមផ្លូវកាយ ឬវាចា ដោយអំណាចនៃសេចក្តីស្រឡាញ់ ។
អំណោយទាន ជីវិតអត្ថបទទី ១

នៅក្នុងទ្រឹស្ដីនៃអត្ថបទណាមួយក៏ដោយ ក៏គេបដិសេធចោលមិនបាននូវមាត្រដ្ឋានការនិយាមស័ព្ទនោះៗ មិនថាតាមឫសគល់ដើមនៃស័ព្ទ ឬតាមបរិបទនៃប្រយោគ ដើម្បីបំបែកចេញនូវសេចក្ដីអត្ថន័យឲ្យបានច្បាស់លាស់ទៅតាមចេតនារម្មណ៍នៃការអធិប្បាយ របស់ស្មេរអ្នកនិពន្ធគ្រប់ៗរូប ។ ជាការពិតណាស់ នៅក្នុងសង្គមមនុស្សសឹងពោរពេញទៅដោយបញ្ហាទាំងឡាយដែលបានចាក់ស្រេះប្រទាក់គ្នាជាបណ្ដាញ ពីរឿងមួយទៅរឿងមួយប្រៀបដូចជាកាំច្រវាក់យឹតយោងប្រតោងគ្នា ទៅតាមក្រសែនៃសញ្ជាតញាណរបស់មនុស្សគ្រប់ៗ រូប តម្រូវការផ្នែកសេចក្ដីសុខគេចវេះចេញពីសេចក្ដីទុក្ខ ហ្នឹងគឺជាវត្ថុបំណងមួយដ៏ចម្បងបំផុតក្នុងវិថីជីវិតនៃមនុស្សគ្រប់រូប តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួនក្នុងសង្គមសព្វថ្ងៃនេះ បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានមេត្តា គឺតណ្ហាមិនព្រមងាកក្រោយ ដោយភ្លេចបាត់សូន្យឈឹងនូវឧត្តមគតិ ឬបញ្ហាចម្បងរបស់ខ្លួនឯងថា ៖ តើជីវិតនេះកើតមកដើម្បីអ្វី?គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះនៅត្រង់ណា?ជីវិតនេះគប្បីដើរទៅតាមមាគ៌ាមួយណា ដើម្បីឲ្យប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?”
បុព្វនិមិត្ត ឬអរុណោទ័យនៃជីវិតដ៏មានគុណតម្លៃនោះ ក្នុងព្រះពុទ្ធសាសនាបានសម្ដែងទុកមាន ៧ យ៉ាង សូមលើកយកមកដោយសង្ខេបក្នុងទីនេះគឺ៖
១. ជីវិតល្អ ព្រោះមានឥទ្ធិពលពីបរិដ្ឋានខាងក្រៅ មានការសេពគប់ជាដើមល្អហៅថា មិត្តសម្បទា
២. ជីវិតល្អ ព្រោះខ្លួនមានសីលាចារវត្តល្អ និងរស់នៅក្នុងសង្គមដែលមានច្បាប់ទម្លាប់ល្អ ហៅថា សីលសម្បទា
៣. ជីវិតល្អ ព្រោះមានឆ័ន្ទៈមនសិការមុះមុតច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍក្នុងផ្នែកផ្សេងៗ ល្អ ហៅថា ឆន្ទសម្បទា
៤. ជីវិតល្អ ព្រោះអភិវឌ្ឍខ្លួនឯងឲ្យទៅជាមនុស្សមួយ ដែលមានសមត្ថភាព មានគុណភាពល្អ ហៅថា អត្តសម្បទា
៥. ជីវិតល្អ ព្រោះមានឧត្តមគតិ មានវិចារណញាណល្អ មានគោលការណ៍ល្អ ហៅថា ទិដ្ឋិសម្បទា
៦. ជីវិតល្អ ព្រោះមានសតិសម្បជញ្ញៈខ្ជាប់ខ្ជួនគ្រប់គ្រងខ្លួនបានល្អ ហៅថា អប្បមាទសម្បទា
៧. ជីវិតល្អ ព្រោះមានមនសិការ មានបញ្ញា មានហេតុមានផលល្អ ហៅថា យោនិសោមនសិការសម្បទា
កត្តាសំខាន់បំផុត ដែលជម្រុញឲ្យគុណភាពជីវិតធ្លាក់ចុះនោះ គឺភាពល្ងង់ខ្លៅ ដែលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាហៅថា អវិជ្ជា (Ignorance) គឺជាស្បៃអន្ធការម្យ៉ាង ដែលគ្របដណ្ដប់ផ្ទាំងជីវិតនៃមនុស្សគ្រប់គ្នាឲ្យដើរខុសភ្លាត់ចេញពីការពិត ។ ការជួយសង្គ្រោះជួយស្រោចស្រង់អ្នកដទៃសត្វដទៃដែលមានសេចក្ដីទុក្ខ (Suffering)គឺជាពន្លឺដ៏ត្រចះត្រចង់មួយ ដែលឆ្លុះបង្ហាញឲ្យយើងឃើញដល់តម្រូវការ និងភាពចាំបាច់នៃស្រទាប់មនុស្សក្នុងសង្គម ដែលទន្ទឹងរង់ចាំអំណោយទាន ចង់បាននូវតម្លាភាពភាពយុត្តិធម៌ សេរីភាព ឥស្សរភាព សម្រាប់ខ្លួនពួកគេគ្រប់គ្នាក្នុងសង្គម ។ កាលបើយើងប្រៀបធៀបជីវិតរស់នៅរបស់យើង ទៅនឹងត្រកូលសេដ្ឋីមូលធនមួយចំនួនវិញ យើងនឹងឃើញថា ជីវិតក្នុងមួយថ្ងៃៗ របស់យើងហ្នឹង ទុគ៌តកម្សត់អត់ឃ្លានលំបាកលំបិនណាស់តែបើយើងបែរមកមើលជីវិតនៃអ្នកកម្សត់អត់ឃ្លានជាងយើងវិញនោះអ្វីដែលដក់ជាប់ក្នុងក្រអៅដួងចិត្តយើងជាបឋមនោះ គឺភាពក្រីក្រ អំណត់អត់ឃ្លាន បញ្ហាកង្វះខាតផ្នែកសេដ្ឋកិច្ចគ្រួសារក្នុងជីវិតប្រចាំថ្ងៃ តម្រូវការផ្នែកវិភាគទាន តម្រូវការសិទ្ធិសេរីភាព ឥស្សរភាព ភាពយុត្តិធម៌ គឺជាវត្ថុបំណងដ៏ធំបំផុតដែលពួកគេប្រាថ្នាចង់បាននិងចង់ឃើញក្នុងសង្គមរបស់ពួកគេទាំងអស់គ្នា ។ តើយើងធ្លាប់សួរខ្លូនឯងដែរទេថា៖
“តើទន្ទឹមនឹងភាពសាបរលាបសូន្យទៅនៃអាយុជីវិតបន្តិចម្ដងៗនេះ យើងធ្លាប់បានផ្ដល់ឲ្យនូវសង្គហធម៌ ការសង្គ្រោះសន្តោសប្រណី ឲ្យវត្ថុទាន អភ័យទាន ដល់អ្នកដ៏ទៃបានប៉ុន្មានអ្នកដែរហើយ?យើងបានធ្វើប្រយោជន៍អ្វីខ្លះហើយ ឲ្យដល់ទឹកដីមាតុភូមិដែលបុព្វបុរសយើងខំលះបង់សាច់ស្រស់ឈាមស្រស់ ធ្វើពលិកម្មទាំងអាយុជីវិតដើម្បីរក្សា នូវបំណែកអនុភាគបូរណភាពមាតុភូមិនេះ ទុកមកឲ្យកុលបុត្រកុលធីតាទាំងឡាយជាំនាន់ក្រោយបានឃើញបានយល់នេះហើយដែរឬទេ ? ”ពាក្យថា សង្គហៈ ឬ សង្គ្រោះ ជានាមស័ព្ទ ត្រូវបានប្រើជាកិរិយា ស័ព្ទនៅពេលខ្លះ ក្នុងន័យថា “ជួយជ្រោមជ្រែង ជួយអនុគ្រោះ ចែករំលែក” ជាដើម ដោយសង្កត់ធ្ងន់ទៅលើរឿងអំណោយទាន វិភាគទាន ការបរិច្ចាគក្នុងផ្នែករូបធម៌ ដូចជាសំពត់ស្លៀកពាក់ អាហារបាយទឹក ទីសេនាសនៈ ថ្នាំសង្កូវជាអាទិ៍ បើសង្គ្រោះចូលក្នុងពុទ្ធបារមីទាំង ១0វិញបានដល់ទានបារមីដែលព្រះពុទ្ធអង្គទ្រង់បានឲ្យនូវភាពសំខាន់ជាចម្បងមុនបារមីឯទៀតៗ ដែលជាបុញ្ញាភិនិហារសាងឡើងពុទ្ធភាវៈ ឬពុទ្ធញាណឲ្យបានកើតឡើង ។
សង្គហស័ព្ទ មានន័យ ៣ យ៉ាងតាមគម្ពីរអភិធានប្បទីបិកា សាមញ្ញក័ណ្ឌថា ៖
“អនុគ្គហេ តុ សង្ខេបេ គហនេ សង្គហោ មតោៈ សង្គហស័ព្ទលោកដឹងក្នុងអត្ថ ៣ យ៉ាងគឺ អនុគ្គហៈការជួយសង្គ្រោះ ១ សង្ខេបៈ ការសង្ខេប ១ និងគហណៈ ការកាន់យក ១” ។
អធិប្បាយនិយមន័យទាំង ៣ តាមលំដាប់ដូចតទៅ ៖
១. ការសង្គ្រោះ ការជួយជ្រោមជ្រែង ការអនុគ្រោះ ដល់អ្នកដទៃ ឬសត្វដទៃដែលរស់នៅជុំវិញជីវិតយើង ដោយការស្ដែងចេញនូវព្រឹត្តិកម្ម ដ៏ល្អៗទៅតាមផ្លូវកាយវាចាឬក៏ចិត្ត ដែលមានមេត្តាករុណាជាបទដ្ឋានក្នុងគោលបំណងជួយបំបាត់នូវសេចក្ដីទុក្ខ ផ្ដល់ឲ្យនូវសេចក្ដីសុខ ទៅតាមសមត្ថភាព សក្ដានុពលរបស់ខ្លូន ដែលត្រង់តាមបទវិគ្រោះថា៖ សង្គណំៈ អនុគ្គហណំ=សង្គហោ ការជួយសង្គ្រោះជួយជ្រោមជ្រែង ឈ្មោះថា សង្គ្រោះ, ឬ សង្គហតិ តេនាតិ=សង្គហោ គុណជាតដែលឈ្មោះថា សង្គ្រោះ ព្រោះជាគ្រឿង ជួយជ្រោមជ្រែង, បានដល់ តួនៃមេត្តាករុណាចិត្ត ។ ( សំ=ព្រម+គហ= ចាប់, កាន់ តាមនិយាមន័យថា៖ អនុគ្គហេ សង្គហោៈ សង្គហស័ព្ទ ប្រើក្នុងការជួយអនុគ្រោះ, សង្គ្រោះ) ។
ដោយយោងតាម អាគតស្ថាន ក្នុងព្រះត្រៃបិដកជាដើមថា៖ “ឥធ ភិក្ខវេ ភិក្ខុនោ មេត្តំ កាយកម្មំ បច្ចុប្បដ្ឋិតំ ហោតិ សព្រហ្មចារីសុ អាវិ ចេវ រហោ ច អយម្បិ ធម្មោ សារាណីយោ បិយករណោ គរុករណោ សង្គហាយ អវិវាទាយ សាមគ្គាយ ឯកីភាវាយ សំវត្តតិ ម្នាលភិក្ខុទាំងឡាយ មេត្តាកាយកម្ម ដែលភិក្ខុបានតម្កល់ទុកហើយ ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយក្នុងសាសនានេះ ទាំងក្នុងទីវាលទាំងក្នុងទីកំបាំង ធម៌នេះ ក៏ជាធម៌ធ្វើឲ្យរលឹកដល់គ្នានឹងគ្នា ធ្វើឲ្យជាទីស្រលាញ់ ធ្វើឲ្យជាទីគោរព ប្រព្រឹត្តទៅដើម្បីការជួយសង្គ្រោះ ការមិនវិវាទ ភាពសាមគ្គី ឯកភាព” ។ ( អង្គុត្តរនិកាយ ឆក្កនិបាត )។
“ចត្តារិមានិ ភិក្ខវេ សង្គហវត្ថូនិ កតមានិ ចត្តារិ? ទានំ បេយ្យវជ្ជំ អត្ថចរិយា សមាននត្តតា ឥមានិ ខោ ភិក្ខវេ ចត្តារិ សង្គហវត្ថូនិ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ មាន ៤ យ៉ាង តើ ៤ យ៉ាងអ្វីខ្លះ? គឺទាន ការឲ្យ ១ បេយ្យវជ្ជៈ ពាក្យផ្អែមល្ហែម (ជាប្រយោជន៍) ១ អត្ថចរិយា ការប្រព្រឹត្តធ្វើអំពើជាប្រយោជន៍ ១ និងសមានត្តតា ភាពជាអ្នកតម្កល់ខ្លួនស្មើចុងស្មើដើម ១” ។ (អង្គុត្តរនិកាយ ចតុក្កនិបាត)។ …បុត្តទារស្ស សង្គហោ ការសង្គ្រោះបុត្រ និងភរិយា ។ ( ក្នុងមង្គលសូត្រ ) ។ ការជួយសង្រ្គោះមិនមែនមានអត្ថន័យត្រឹមតែព្រឹត្តិកម្មដែលជាប្រយោជន៍ពីមនុស្សដល់មនុស្សម្នាផងគ្នាតែប៉ុណ្ណោះ ទេ តែវាមានអត្ថន័យទៅដល់សព្វសត្វទាំងឡាយទាំងពួង សូម្បីតែសត្វតិរច្ឆានទាំងឡាយ ក៏តែងត្រូវការចង់បាននូវភាពកក់ក្ដៅ មិត្រភាព បិយវាចា អំណោយទាន និងអភ័យទានអំពីម្ចាស់របស់វា ឬពីមនុស្សគ្រប់គ្នាដែរ រុក្ខជាតិព្រៃព្រឹក្សាព្រៃភ្នំ រួមទាំងផ្ទៃមេឃផ្ទៃដីលំហអាកាសដួងច័ន្ទ្រដួងអាទិត្យទាំងឡាយ ក៏សុទ្ធសឹងតែត្រូវការនូវការអនុរក្សគាំពារពីមជ្ឈដ្ឋាន ពីស្ថាប័នផ្សេងៗ និងពីមនុស្សជាតិគ្រប់គ្នា ដើម្បីបន្តនូវពីជពង្សការរស់រានមានជីវិត និងមានការវិវឌ្ឍន៍ទៅនៃតំណពូជពង្សរបស់ខ្លួនដែរ ។ សង្គហធម៌នេះ គឺជាប្រពៃណី ជាបូរាណធម៌ដែលមានមកជាយូរអង្វែងណាស់់ហើយ ជាមនុស្សធម៌មួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីគុណសម្បត្តិ ពីលក្ខណៈពិសេសរបស់មនុស្ស ដែលផ្សែងអំពីសត្វតិរច្ឆានទាំងឡាយ ហើយក៏ជាតម្រូវការចំបាច់ដែលមនុស្សម្នាទាំងឡាយទាំងពួងព្រមទាំងខ្លួនយើងផង ដែរតែងចង់់បាន ។ អាយុកាលនៃជីវិត ដែលឈានដល់អាយុបុណ្ណេះបើយើងបែរក្រឡេកមើលខ្សែបន្ទាត់នៃជីវិតយើងម្នាក់ៗ តាំងពីអតីតកាលមកនោះ យើងនឹងឃើញថា កង់វដ្ដចក្រនៃជីវិតនេះ បានវិលទៅមុខជានិច្ចដោយមិនឈប់ឈរមួយវិនាទីណាឡើយហើយភាគច្រើនតែងរមៀលធ្លាក់ចុះទៅក្នុងផ្លូវវៀចវេររដិបរដុបផ្សេងៗ រាប់មិនអស់ ឯមាគ៌ាដ៏ត្រឹមត្រង់នោះជីវិតនេះមិនសូវដើរចូលគន្លងប៉ុន្មាននោះទេគឺរាល់សេចក្ដីល្អវាជារឿងលំបាក ធ្វើយ៉ាងក្រៃលែង សម្រាប់មនុស្សយើង
សមដូចព្រះពុទ្ធភាសិត ក្នុងព្រះធម្មបទថា៖ “សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំ វេ ហិតញ្ច សាធុញ្ចតំ វេ បរមទុក្ករំ អំពើលាមកទាំងមិនជាប្រយោជន៍ គេធ្វើបានដោយងាយ ឯអំពើដែលជាប្រយោជន៍ថែមទាំងល្អប្រពៃវិញ គេលំបាកនឹងធ្វើយ៉ាងក្រៃលែង” ដូច្នេះ ទោះបីជាយើងមានពេលវេលាច្រើនក៏ដោយ តែឱកាស នៃការបំពេញសេចក្ដីល្អរបស់យើងនោះ មានតិចតួចស្ដួចស្ដើងណាស់ ថ្ងៃខ្លះខែខ្លះ យើងស្ទើរតែមិនមានឱកាស នឹងសាងសេចក្ដីល្អសោះឡើយក៏មាន អ្វីដែលធម្មជាតិបានបែងរំលែកឲ្យយើងស្មើៗ គ្នា ដោយមិនរើសជាតិសាសន៏វណ្ណៈពូជពង្សខ្ពស់ទាបនោះគឺ៖
១.ឱកាស ពេលវេលា ថ្ងៃខែឆ្នាំស្មើគ្នា
២.សិទ្ធិសេរីភាព ស្មើគ្នាក្នុងការរស់រានមានជីវិតក្នុងការស្ដែងចេញនូវព្រឹត្តិកម្មផ្សេងៗ
ក្នុងការសម្រេចចិត្តជាដើមតែអ្វីដែលផ្សេងគ្នានោះ នៅត្រង់ថា យើងបានប្រើពេលវេលានោះៗ ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯង និងឲ្យដល់អ្នកដទៃព្រមទាំងឲ្យដល់សង្គមជាតិបានប៉ុណ្ណាហើយរុក្ខជាតិទាំងឡាយ ដោយហោចទៅ សូម្បីដើមស្មៅដុះលើអាចម៍គោអាចម៍ក្របី ក៏គង់បានប្រយោជន៍ជាចំណីឲ្យដល់សត្វពាហនៈ ផ្ដល់នូវសំណើមឲ្យដល់ដី ផ្ដល់នូវភាពត្រជាក់ ដល់លំហអាកាស ដែលផ្សព្វផ្សាយទៅពាសពេញសកលលោក រីឯ “មនុស្សយើង ដើរលើដីជាន់ទាំងស្មៅ បើដឹងថាខ្លួនល្ងង់ខ្លៅ ត្រូវយកស្មៅជាគំរូ” ព្រះពុទ្ធអង្គត្រាស់ថា៖“កាលោ ឃសតិ ភូតានិ សព្វេនេនេវ សហត្តនា កាលវេលាទាំពាស៊ីនូវសព្វសត្វមិនសល់ព្រមទាំងខ្លួនរបស់វាផង” គឺទន្ទឹមគ្នានឹងអំណស់សោះសូន្យទៅនៃពេលវេលា អាយុជីវិតសត្វទាំងឡាយក៏បានអស់ទៅបន្តិចម្ដងៗ ទាំងដែលយើងនៅហួងហែង ប្រកាន់ខ្ជាប់មិនចង់ឲ្យអស់ ។
“ទទតោ បុរិសោ ទានំ មនុស្ស គួរមានអំណោយទាន” គឺបើមានឈ្មោះថា មនុស្ស គួរធ្វើសេចក្ដីល្អឲ្យដល់សង្គមជាតិ មនុស្សជាតិ កសាងសន្សំនូវកិត្តិយសកេរ្តិ៍ឈ្មោះល្អ ផ្ដល់នូវសេចក្ដីសុខឲ្យដល់គ្នាទៅវិញទៅមក ដោយការឲ្យនូវទានជាវត្ថុទាន ឬអភ័យទានជាដើម ទើបសាកសមនឹងឈ្មោះថា មនុស្ស ដែលប្រែថា “អ្នកមានចិត្តខ្ពង់ខ្ពស់” ឬ“អ្នកដឹងនូវហេតុដែលគួរនិងមិនគួរ” ។ តម្រូវការរបស់មនុស្សសត្វទំាងអស់គឺសេចក្ដីសុខចែកជាប្រភេទបានដូច្នេះ៖
១.សេចក្ដីសុខព្រោះការមានទ្រព្យ
២.សេចក្ដីសុខព្រោះការប្រើប្រាស់ទ្រព្យសម្បត្តិឲ្យត្រឹមត្រូវ
៣.សេចក្ដីសុខព្រោះមិនជាប់ជំពាក់បំណុលគេ
៤.សេចក្ដីសុខបរិសុទ្ធល្អដែលកើតពីការងារប្រាស់ចាកទោស
៥.សេចក្ដីសុខព្រោះស្រុកទេសមិនមានសង្គ្រាម
៦.សេចក្ដីសុខព្រោះមានភាពយុត្តិធម៌ក្នុងសង្គម
៧.សេចក្ដីសុខព្រោះសង្គមមានសង្គហធម៌
៨.សេចក្ដីសុខព្រោះសង្គមមានព្រហ្មវិហារធម៌
៩.សេចក្ដីសុខព្រោះចេះគ្រប់គ្រាន់នឹងអ្វីដែលជីវិតមាន
១០.សេចក្ដីសុខព្រោះអស់កិលេសតណ្ហារាល់សេចក្ដីសុខដែលនឹងកើតឡើងទៅបានក៏ត្រូវអាស្រូវបច្ច័យច្រើនយ៉ាងជាមូលដ្ឋានគ្រឹះគឺ៖
១.អាស្រ័យ គតិសម្បត្តិ គឺបានកំណើតជាមនុស្ស
២.អាស្រ័យ កាលសម្បត្តិ គឺរស់នៅក្នុងសម័យដែលមានពាក្យប្រៀនប្រដៅនៃបណ្ឌិតអ្នកប្រាជ្ញមានការសិក្សាយល់ដឹង ឬដែលមិនមានសឹកសង្គ្រាមមានភាពយុត្តិធម៌នៅក្នុងសង្គម
៣.អាស្រ័យ ទេសសម្បត្តិ គឺនៅក្នុងប្រទេសដែលសម្បូរណ៍ទៅដោយបណ្ឌិតសប្បុរសមនុស្សស្មោះត្រង់ល្អ មិនមានសឹកសង្គ្រាមមានរចនាសម្ព័ន្ធល្អ ចរន្តសេដ្ឋកិច្ចដំណើរការល្អ មានអ្នកដឹកនាំល្អជាដើម
៤.អាស្រ័យ ឧបធិសម្បត្តិ គឺមានរាងកាយគ្រប់សម្បូរណ៍មិនពិកលពិការ សង្គមមិនស្អប់ខ្ពើមអាចចូលរួមកិច្ចកម្មក្នុងសង្គមបាន
៥.អាស្រ័យ កុសសម្បត្តិ គឺបានកើតនៅក្នុងត្រកូលឧត្តមសម្បូរណ៍ជាសម្មាទិដ្ឋិជាត្រកូលមានសីលាចារវត្តល្អ
៦.អាស្រ័យ ទិដ្ឋិសម្បត្តិ គឺដល់ព្រមដោយវិចារណញាណឧត្តមគតិជាមនុស្សរស់នៅក្នុងសង្គមដែលមានការយល់ដឹង មានវត្តប្រតិបត្តិដូចគ្នាជាដើម ។ មនុស្សយើងគ្រប់គ្នា សុទ្ធសឹងតែមានសិទ្ធិសេរីភាពស្មើៗគ្នា ក្នុងការធ្វើ និយាយ និងគិត តែអ្វីដែលត្រូវប្រយ័ត្ននោះ គឺយើងគួរប្រើសិទ្ធិសេរីភាពដែលយើងមាននោះ ឲ្យវាស័ក្តិសម មាន តុល្យភាពទៅនឹងគុណតម្លៃនៃជីវិត ដែលបានកើតមកដោយកម្រក្រក្រៃនេះ និងឲ្យសមស្របទៅនឹងកាលៈទេសៈ ទៅតាមបរិស័ទ ទៅតាមបរិយាកាសក្នុងសង្គមនោះៗ ក្នុងផ្នែកវិជ្ជមាន ផ្នែកអភិវឌ្ឈន៍ដោយការបញ្ចេញនូវព្រឹត្តិកម្មដែលនាំមក នូវប្រយោជន៍ និងសេចក្ដីសុខឲ្យដល់ខ្លួនឯងផងដល់សង្គមជាតិ សង្គមលោកទាំងមូលផង ទៅតាមបទដ្ឋាននៃសង្គហធម៌ទាំង ៤ ប្រការ ។ ការជួយសង្គ្រោះអ្នកដ៏ទៃ គឺជាចរិយធម៌ ជាប្រពៃណីនៃសង្គមដ៏ស្ងប់សុខ ទាំងជាសញ្ញល័ក្ខណ៍មួយ ជាគ្រឿងលាតត្រដាងស្ដែងចេញ នូវអត្តល័ក្ខនៃប្រព័ន្ធដឹកនាំ នូវផ្នត់គំនិត នូវទឹកចិត្តនៃស្រទាប់មនុស្សក្នុងសង្គមនោះៗទៀតផង ។ “សង្គមជាតិល្អមានយុត្តិធម៌ព្រោះប្រជាករល្អមានយុត្តិធម៌ៗព្រោះមនុស្សគ្រប់ស្រទាប់វណ្ណៈគោរពនិងបដិបត្តិទៅតាម កាតព្វកិច្ចរបស់ខ្លួនកាតព្វកិច្ចឈានទៅរកភាពជោគជ័យបាន ព្រោះភាពស្អាតស្អំ មានរបៀប វិន័យ ទស្សនវិស័យនិងសាមគ្គីភាព”
“សាមគ្គីភាព នាំមកនូវភាពជឿនលឿន ភាពបរិសុទ្ធស្អាតនៃកិច្ចការ ជាសសរទ្រូង ជាអាយុជីវិតនៃសង្គមជាតិ និងជាមាតានៃវឌ្ឍនកម្មគ្រប់បែបយ៉ាងក្នុងសង្គមមនុស្សសត្វទូទៅ”
ជាគរាភិវង្ស http://www.cambodianbuddhistphilosophy.com
