បណ្ណសារចំណាត់ក្រុម៖ សតិប្បដ្ឋានប្បតិបត្តិ

តិរច្ឆានកថា


ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូចមានវចនត្ថសម្តែង​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យនិយាយដែលជំទាស់នឹងសួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី ( ព្រះត្រៃបិដក ) ដូចតទៅនេះ ៖

រាជកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា

ចោរកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ

មហាមត្តកថា  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ

សេនាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព

ភយកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ

យុទ្ធកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [ មានចម្បាំងរបស់មហាភារតៈជាដើម ]

អន្នកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ

បានកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន

វត្ថកថា            ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់

សយនកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក

មាលាកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង

គន្ធកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប

ញាតិកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន

យានកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ

គាមកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក

និគមកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម

នគរកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ

ជនបទកថា    ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស

ឥត្ថិកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី

( បុរិសកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស )

សូរកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស ( អ្នកក្លាហាន )

វិសិខាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក

កុម្ភដ្ឋានកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី

បុព្វបេតកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ

នានត្តកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ

លោកក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក

សមុទ្ទក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ

ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និងលោក​វិនាសព្រោះហេតុនេះ

ពន្យល់

រាជកថា
ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូប​ស្អាត” បើជា​ការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូចជានិយាយថា “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា ។

អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែងសម​គួរ ។

ញាតិកថា
បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែបើជាការនិយាយដែលនាំមកនូវ​សេចក្តីសង្វេគតក់ស្លុត រមែងសមគួរ ។

គាមកថា
បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែងមិនគួរ តែបើជា​ការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។

និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង

នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ ។

ឥត្ថិកថា
បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ ។

បុរិសកថា
បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះលោកសង្គ្រោះចូលក្នុងបទ​ថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើបដាក់នៅក្នុងរង្វង់ក្រចកទុក

វិសិខាកថា
វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មានសមត្ថភាពជា​ដើមផង

តិរច្ឆានកថា ៣២

ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​ចែកឥតិភវាភវកថា ចេញជា ៦ កថា គឺ

១. ឥតិសស្សតភវកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ

២. ឥតិឧច្ឆេទអភវកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ

៣. ឥតិវុឌ្ឍិកថា                     ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ

៤. ឥតិហានិកថា                    ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ

៥. ឥតិកាមសុខកថា               ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ

៦. ឥតិអត្តកិលមថកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា

ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវនឹងមតិអដ្ឋកថាខាងដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា​ ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និងឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀត គឺ

១. អរញ្ញកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ

២. បព្វតកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ

៣. នទីកថា                            ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង

៤. ទីបកថា                             ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិនបាន​សម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕

ឧបនិស្ស័យនៃការបដិបត្តិធម៌


ក្នុងខណៈដែលព្រះសារីបុត្តបក់ផ្លិតថ្វាយព្រះដ៏មានព្រះភាគ ដែលព្រះដ៏មានព្រះភាគកំពុងតែសម្តែង ព្រះធម៌ដល់ទីឃនខបរិព្វាជក នៅសុករខាតា នាភ្នំគិជ្ឈកូដ ព្រះថេរៈសម្រេចព្រះអរហត្តក្នុងខណៈនោះ គឺកំពុងបក់ផ្លិត មិនមានអាការខុសប្រក្រតីអ្វីទាំងអស់ ។ យើងគ្រប់គ្នាក៏ធ្លាប់បក់ផ្លិតនៅពេលនោះ គិត រឿងអ្វីៗ បានទាំងអស់ គិតធ្វើបុណ្យយ៉ាងនេះ យ៉ាងនោះ ឬគិតដោយអកុសលវិតក្កផ្សេងៗ ក៏បាន តាមតែបច្ច័យនៃការគិតនោះមាន ។ ជំនួសការគិតផ្សេងៗ សតិថ្នាក់សតិប្បដ្ឋានកើតឡើងក៏បានដែរ រលឹកដឹងលក្ខណៈ នៃធម៌ពិតកំពុងកើត កំពុងមាន ដោយអ្នកដទៃមិនបានដឹងឡើយ ព្រោះតាំងនៅ ដោយអាកប្បកិរិយាជាប្រក្រតី រហូតដល់សម្រេចមគ្គផល ។

នៅពេលបរិភោគអាហារ សតិកើតក៏ជាប្រក្រតី នៅពេលនិយាយ ពេលស្តាប់ សតិកើតជាប្រក្រតីបាន ទាំងអស់ ។ នៅក្នុងសំយុត្តនិកាយ ខន្ធវារវគ្គ ខេមកសូត្រ ព្រះខេមកៈកំពុងមានអាពាធ សម្តែងធម៌ ដល់ភិក្ខុ ៦០ អង្គ សម្រេចព្រះអរហត្តគ្រប់អង្គ ។ ព្រះអដ្ឋកថាបានបញ្ចាក់ថា ព្រះថេរៈ ៦០ អង្គនោះ ចម្រើនវិបស្សនាក្នងទីនោះ ទាំងដែលព្រះថេរៈ កំពុងសម្តែងធម៌ ពិចារណាខ្ពស់ឡើងៗ ពេលចប់ព្រះ ធម៌ទេសនា ក៏បានសម្រេចជាព្រះអរហន្ត ។ ចំណែកព្រះខេមកៈ មិនមែន ពោលដោយទំនងដទៃ តែ ពោលដោយចិត្តដែលប្រព្រឹត្តទៅដោយវិបស្សនានោះឯង ព្រោះហេតុដូច្នោះ ទើបលោកបានសម្រេច ព្រះអរហត្តក្នុងពេលនោះដែរ ។

ការចម្រើនសតិប្បដ្ឋាន មិនមែនសាងអារម្មណ៍ឲ្យសតិ ឬសាងបព្វៈនេះ បព្វៈនោះក្នុងសតិប្បដ្ឋានសូត្រ ដើម្បីចម្រើនសតិប្បដ្ឋាន នោះឡើយ ហើយក៏មិនមែនជាបែបបង្គាប់សតិឲ្យចម្រើនពេលនេះ ពេលនោះ ទីនេះ ទីនោះ ដូច្នោះដែរ ព្រោះសតិជាអនត្តា អ្នកឲ្យសតិកើតមិនមានទេ គឺមានបច្ច័យគ្រប់គ្រាន់ សតិ ទើបកើតឡើង ។

ការស្តាប់យល់អំពីធម៌ពិតជាប្រក្រតី ទើបជាបច្ច័យនៃសតិប្បដ្ឋាន ឯការបានដឹងលក្ខណៈរបស់សតិ ទើបអាចសតិចម្រើនទៅបាន ។

ការចម្រើនសតិប្បដ្ឋាន មិនមែនធ្វើបែបនេះ បែបនោះ តាមអ្នកណានោះឡើយ ព្រោះអារម្មណ៍របស់ សតិ ជាបរមត្ថធម៌រៀងៗ ខ្លួន គ្រប់ឥរិយាបថ ៤ ពេលណាក៏មានធម៌ពិតដែរ ។ តួធម៌បដិបត្តិ មិន ប្រព្រឹត្តទៅដើម្បីឲ្យខ្លួនឯងបានអ្វីនោះទេ តួធម៌បដិបត្តិ គឺដឹងបរមត្ថធម៌ជាធម៌ពិត ដែលធម៌ពិតនោះ មិនមែនជាសត្វបុគ្គលតួខ្លួនហើយស្រេច ។

នៅក្នុងអដ្ឋកថាធម្មបទ ភិក្ខុវគ្គ សម្តែងអំពីព្រះវក្កលិបាននូវបីតិដ៏ខ្លាំងក្លា ហោះទៅតាមអាកាស ពិចារណាព្រះពុទ្ធគាថា ដែលព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា

បាមោជ្ជពហលោ ភិក្ខុ                            បសន្នោ ពុទ្ធសាសនេ

អធិគច្ឆេ បទំ សន្តំ                                    សង្ខារូបសមំ សុខំ ។

ភិក្ខុដែលច្រើនទៅដោយសេចក្តីរីករាយជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គប្បីបានសម្រេចនូវសន្តិបទ គឺព្រះនិព្វាន ដែលស្ងប់នូវសង្ខារទាំង ពួង ជាសុខ ។

ព្រះវក្កលិ សម្រេចព្រះអរហត្តនៅក្នុងអាកាសនោះឯង ហើយហោះចុះមកថ្វាយបង្គំព្រះបរមសាស្តា នៅនាព្រះវេឡុវ័ន មហាវិហារ ។ តើយើងបដិបត្តិធម៌ ដោយធ្វើតាមព្រះវក្កលិ ហោះទៅតាមអាកាស ដូច្នោះឬ ?

ព្រះសប្បទាសត្ថេរ លោកមិនចង់មានជីវិតនៅក្នុងផ្នួស តែលោកក៏មិនចង់សឹក ម៉្លោះហើយ លោក សម្រេចចិត្តធ្វើអត្តឃាត ដោយយកកាំបិតកោរទៅអារបំពង់ក ប៉ុន្តែសំណាងល្អ កាំបិតបញ្ញាលឿនជាង កាត់អាសវក្កិលេសដាច់អស់ មុននឹងដាច់បំពង់ក សម្រេចព្រះអរហត្ត ក្នុងទីនោះឯង ។ មានភិក្ខុអង្គខ្លះ កាត់ដាច់បំពង់កស្រេចហើយ ទើបសម្រេចព្រះអរហត្តបរិនិព្វានក្នុងពេលនោះទៅ ។

ដើម្បីសម្រេចព្រះអរហត្ត តើយើងត្រូវបដិបត្តិដោយអារកាត់ផ្តាច់បំពង់កខ្លួនឯង តាមលោកដូច្នោះឬ

%d bloggers like this: