បណ្ណសារចំណាត់ក្រុម៖ ពាក្យពេចន៍ម៉ែឪ
ការជួយខ្នះខ្នែងក្នុងការងារ
កូនជាទីស្រឡាញ់
កូនត្រូវសិក្សានូវចំណុចនៃការជួយខ្នះខ្នែងក្នុងការងារទាំង ៦ នេះគឺ
១. សេចក្តីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់ ។
២ គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល ។
៣. ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា ។
៤. មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ ។
៥. ជីវិតនេះត្រូវបង់ពន្ធឲ្យមច្ចុរាជរាល់ថ្ងៃ ។
៦. ត្រូវធ្វើការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត ។
ចិត្តមួយថ្លើមមួយ
កូនជាទីស្រឡាញ់
ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យសន្យាថា ស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯង ។
សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមី និងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជាការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ ការបរិច្ចាគ លះបង់ ការទូន្មានចិត្ត និងការដឹងគុណគ្នាទៅវិញទៅមកជាដើម ក៏រមែងតាមមកដង្ហែសច្ចៈ ។
ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី ជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខ មិនឈ្លោះប្រកែកទាស់ទែង លែងលះគ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើម ដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់ សម្រាប់ភរិយាស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវតែចាប់យកនូវការស្មោះត្រង់នេះមករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខ សប្បាយ និងភ្លឺស្វាង ។ បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ នឹងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នា និងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខាន ដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់ចិត្តគ្នា ។
មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយ តើត្រូវរក្សាអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅ ហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្ត និងយសសិរីរបស់មនុស្សយើងនោះគឺចាប់ផ្តើមពីសច្ចៈនេះឯង។ មានតែមនុស្សដែលរក្សានូវសច្ចៈមានការស្មោះត្រង់ប៉ុណ្ណោះ ដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯង ហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃ នោះជាការលំបាកនឹងឲ្យជឿណាស់ ។
គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឱនកិត្តិយសខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយ ថ្លើមមួយ ហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃ ជាពិសេសស្ត្រីខ្មែរ … ។
បើកូនប្រុសស្រី មានបំណងចង់ជួបគ្នាជាភរិយា ស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរមសុខ គឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នា មានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះ អាងអញយ៉ាងនោះឡើយ ។
របៀបវិន័យ
កូនជាទីស្រឡាញ់
ផ្កាដែលគេរៀបដាក់ក្នុងថូជាដើម អ្នកណាឃើញក៏សរសើរថាស្អាតនោះ វាអាស្រ័យនៅលើអ្នករៀបចំ ចាត់ចែងឲ្យមានរបៀប ។ ផ្កាប្រភេទខ្លះសូម្បីមិនសូវស្អាត តែបើអ្នកតាក់តែងរៀបចំពូកែ ក៏អាចតាក់តែងឲ្យស្អាតបានដែរ ផ្ទុយមកវិញ សូម្បីផ្កានោះស្អាតយ៉ាងណាក៏ដោយ តែដល់មនុស្សមិនចេះរៀបចំទេ ក៏ធ្វើឲ្យទៅជាសំណុំបាច់ផ្កាធម្មតា មិនគួរឲ្យចង់គយគន់ឡើយ ។ របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏មានន័យដូចគ្នាដែរ គឺពិតជាអាចធ្វើឲ្យផ្ទះស្អាតល្អទៅបាន បើម្ចាស់ផ្ទះចេះរៀបចំតាក់តែងនោះ ។ មនុស្សយើងក៏ដូចគ្នា នឹងបានទៅជាមនុស្សដែលគួរឲ្យគយគន់ និងគួរឲ្យគោរពរាប់អាន ឬគោរពជ្រះថ្លា ក៏ព្រោះថា ម្ចាស់ខ្លួនចេះរៀបចំឲ្យមានរបៀបរៀបរយនោះឯង ។
មិនថាតែផ្កា ឬរបស់របរក្នុងផ្ទះឡើយ ជាពិសេសសំខាន់បំផុត គឺមនុស្សយើងហ្នឹងឯងហើយ ដែលទៅជាល្អស្អាតបាននោះ ព្រោះតែការចាត់ចែងឲ្យមានរបៀប ។ របៀបគឺជាសិល្បៈ ដែលមានការរៀបរយល្អស្អាត គួរឲ្យទស្សនា ដូច្នេះមនុស្សយើងទើបគួរប្រព្រឹត្តឲ្យមានរបៀបវិន័យ ដើម្បីគ្រប់យ៉ាងបានល្អប្រពៃ ។
កូនអើយ ដុំឈើមួយដុំវាជាអង្កត់អុសមែនហើយ បើគេមិនច្នៃវាទេនោះ ប៉ុន្តែដុំឈើមួយដុំនោះ វាទៅជារបស់មានតម្លៃ កាលណាបើច្នៃល្អហើយ ។ រឹតតែល្អរឹតតែថ្លៃ ហើយបើច្នៃ បើឆ្លាក់ឲ្យទៅជាព្រះពុទ្ធរូបនោះ អ្នកផងទាំងពួងគេថ្វាយបង្គំដោយពិត ។
កូនត្រូវតែយល់ ហើយកូនត្រូវតែអ៊ីចឹងឯង ទោះបីមានការខ្វះខាតអ្វីផ្សេងៗ ខ្លះ តែកូនកុំឲ្យខ្វះរបៀបវិន័យក្នុងខ្លួនឡើយ ។ ធ្វើអ្វីឲ្យមានរបៀប កុំអត់របៀបឲ្យសោះ ចាត់ចែងខ្លួនឯងឲ្យមានរបៀបរៀបរយ ចំពោះពេលវេលា ចំពោះការងារក្នុងជីវិតប្រចាំថ្ងៃ ហើយចំពោះជាពិសេសនោះ គឺចូលក្នុងសង្គមហ្នឹងឯង ។
នៅក្នុងសង្គមលោកយើងនេះ បើកូនជាមនុស្សប្រាសចាករបៀបវិន័យ កូននឹងជាមនុស្សដែលមានស្នេហ៍ ក្នុងក្រសែភ្នែកនៃអ្នកដទៃបានយ៉ាងដូចម្តេចទៅ ។ ដូច្នេះ កូនត្រូវតែរៀន ត្រូវតែហ្វឹកហាត់នូវអ្វីៗ ដែលជាសេចក្តីល្អគ្រប់យ៉ាង ដូចជាហ្វឹកហាត់ឲ្យខ្លួនមានរបៀបវិន័យនេះជាដើម នេះឯងជាការកសាងខ្លួន ។
ធ្វើល្អបានល្អបវរភាសិត គុណធម៌ក្នុងចិត្តជីវិតឧត្តម
គុណធម៌ចម្រើនកើនព្រោះសន្សំ ស្មារតីខិតខំកសាងអាត្មា ។
ថ្មភ្នំគល់ឈើដើរលើឥតក្រែង លុះដល់តាក់តែងវិចិត្ររចនា
ឲ្យទៅជាព្រះពុទ្ធប្បដិមា មនុស្សក្នុងលោកាគោរពវន្ទា ។
មនុស្សល្អឆ្លាក់ខ្លួនដោយធម៌វិន័យ បដិបត្តិរាល់ថ្ងៃវិស័យអ្នកជា
កាយវាចាចិត្តស្អិតស្អាងគ្រប់គ្រា បដិបត្តិបូជាគ្រប់គ្នាថ្កុំថ្កើង ។
ទឹកចិត្តមានតម្លៃជាងទឹកប្រាក់
កូនជាទីស្រឡាញ់
កាលកូនទៅបម្រើការាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹងប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃ ឈ្នួលនោះគឺរឹតតែល្អ ។ កុំធ្វើការគ្រាន់តែដើម្បីបានប្រាក់តែម្យ៉ាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះ ត្រូវធ្វើការងារដើម្បីឲ្យការងារសម្រេចដោយល្អផង ទើបជាការសមរម្យ ។ មនុស្សយើងគួរជាមនុស្សមានទឹកចិត្ត កុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះ ។
មនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែ ប្រាក់ឈ្នួលដោយការពេញចិត្ត សម្តែងដល់ចិត្តដែលមិនយកប្រៀបគេ ទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រេចការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខ។ សេចក្តីរីករាយជាសុខនេះឯង ជាខ្លឹមសារសំខាន់នៃជីវិត ដែលមិនអាចរកទិញនៅទីណាបានឡើយ ក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯង ។
កាលដែលមនុស្សយើងមានទឹកចិត្ត ចិត្តក៏រមែងមាននូវទឹកសម្រាប់ផ្សើមឲ្យស្រស់បស់ ត្រជាក់ ប្រាសចាក នូវសេចក្តីកំណាញ់ និងការច្រណែនជាដើម ខុសអំពីមនុស្សដែលមិនមានទឹកចិត្ត ។ មនុស្សដែលមិនមានទឹកចិត្ត ក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយ ចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះ ដូចស្រែដែលខ្វះទឹកអ៊ីចឹងឯង ។
ចូរកូនហ្វឹកហាត់ខ្លួន ឲ្យបានទៅជាមនុស្សមានទឹកចិត្ត ។ ចូរកូនកុំគិតថា រឿងនេះវាជារឿងចាញ់ប្រៀបគេ ឬជាអ្វីដែលមិនល្អឲ្យសោះ កូនត្រូវគិតដូច្នេះវិញថា វាជារឿងនៃទឹកចិត្ត ដែលនឹងគប្បីមានឲ្យដល់គ្នា ដើម្បីបាននៅធ្វើការជាមួយគ្នាអស់កាលដ៏យូរ ហើយទីបំផុត ទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណ៎ាកូន ។
ព្រមល្ងង់ខ្លះល្អណាស់កូន
កូនជាទីស្រឡាញ់
ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា យើងល្ងង់មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថាទៅចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃ ស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខ គ្នា មិនគិតខ្វល់ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។
រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យ ពីយ៉ាងនេះតើកូនជ្រើសរើសយកមួយណា ?
មានមនុស្សមួយចំនួន មានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់ទងយកចិត្តយកថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើតដើម្បិផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែង អ្នកតូចអ្នកធំ ដើម្បីផលប្រយោជន៍នោះៗ ។ ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួននោះឯង បានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
កូនអើយ ពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គល មាន ភាពកក់ក្តីក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។ មានស្ត្រីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បតិ្ត មានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។ មនុស្សដែលគិតថា ខ្លួនឯងឆា្លត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់ រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយ ក្នុងរឿងទាំងអស់នេះ បើគេថាកូនល្ងង់មែនទែន ព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូន ដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារកក់ក្តៅ ដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណ៎ាកូន ។
គុណនៃសេចក្តីលំបាក
កូនជាទីស្រឡាញ់
ឪពុកម្តាយ ក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរ គឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវ ការឲ្យកូនរបស់ខ្លួនមាននូវសេចក្តីលំបាកផងទៀត ។ មិនមានម៉ែឪណា ដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាក តោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះ កូននៅតែមានសេចក្តីលំបាក ព្រោះឪពុកម្តាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯង ។
ក្នុងសេចក្តីនេះ កូនត្រូវចាំទុកថា សេចក្តីលំបាកនោះ វាមិនមែនអាក្រក់ មានពិសកាចសាហាវធ្វើឲ្យមនុស្ស យើង ទុក្ខលំបាកតែម្យ៉ាងនោះទេ ។ បើយើងសម្លឹងមើល ក្នុងការសិក្សា ឬមើលក្នុងផ្នែកមួយផ្សេងទៀត សេចក្តីល្អ ឬ ប្រយោជន៍នៃការលំបាកនោះៗ ក៏អាចប្រព្រឹត្តទៅបាន គឺសេចក្តិលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើង ធ្វើឲ្យមនុស្សយើងពូកែគិត និងធ្វើឲ្យបានជាអ្នកធំទៀតផង ប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯង ។
ការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯង ព្រោះត្រូវតស៊ូក្រាញននៀល ដើម្បីយកឈ្នះសេចក្តីលំបាកនោះៗ ។ មានមនុស្សមិនតិចនាក់ដែរទេ ដែលគេបានល្អមកអំពីសេចក្តិលំបាក ដោយកាន់គំនិតថា “លំបាកមុនស្រណុកក្រោយ” ពោលគឺ មានការអត់ធន់ ព្យាយាមនៅរវាងសេចក្តីលំបាក និងភាពស្រណុកសុខសប្បាយថ្លៃថ្នូររុងរឿង ។
ផ្ទុយមកវិញ ក៏មិនតិចនាក់ដែរ ដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមក មិនដែលស្គាល់ មិនដែលជួបនូវ សេចក្តីលំបាកឡើយ លុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើង ក៏ស្ទើរតែជួយខ្លួនឯងមិនរួច ធ្វើអ្វីក៏មិនកើត ចាប់អ្វីក៏មិនជាប់ ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់ ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយ ។ មានខ្លះទ្រាំនឹងលំបាកមិនបាន ក៏ត្រូវបាត់បង់ជីវិតទៅ ។
ដូច្នេះ កូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអ្វី ត្រូវចាំទុកថា សេចក្តីលំបាកជាគ្រូបង្វឹក ។ កូនត្រូវលត់ដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ ត្រូវយកផលកម្រៃពីសេចក្តីលំបាក ចម្រើនគុណធម៌ក្នុងចិត្ត និងយកសេចក្តី លំបាកជាមេរៀន ដែលកូនត្រូវតែសិក្សាថា អាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយ ។
ភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអនេក តែធ្វើឲ្យដែករឹងរឹតតែរឹង
ទុក្ខដុតមនុស្សខ្សោយឲ្យប្រាសទីពឹង តែបែរមនុស្សរឹងត្រាស់ដឹងសច្ចៈ ។
មិនមានអ្វីសល្អជាងគុណធម៌ ខន្តីបវរតស៊ូឥតអាក់
ទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ ព្យាយាមដកចាក់ដាក់ពេញអាងធំ ។
វីរោប្រែថា អ្នកក្លាអង់អាច ទុក្ខខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំ
ព្យាយាមខន្តីបញ្ញាអប់រំ ឈ្នះអស់ទុក្ខធំជួបជុំគុណគាប់ ។
លទ្ធផលការងារជាតម្លៃមនុស្ស ធ្វើការដូចព្យុះជម្រុះអភ័ព្វ
ជម្នះឧបសគ្គប្រចក្សកំណប់ គុណធម៌ជាទ្រព្យជាប់តាមជីវិត ។
មនុស្សដែករឹងប៉ឹងតែមិនរឹងរូស ព្យាយាមជម្រុះមានះក្នុងចិត្ត
ទន់កាយវាចាមេត្តាមានពិត តែរឹងប្រព្រឹត្តសុចរិតដូចដែក ។
កំពូលប្រាថ្នារបស់ម៉ែឪ
កូនជាទីស្រឡាញ់
កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូល របស់ម៉ែឪ គឺម៉ែឪគ្រប់គ្នាវេលាមានជំងឺ រមែងត្រូវការឃើញមុខ កូនរបស់ខ្លួនមកប្រណិប័តន៍ មកមើលថែ នៅជិតនៅក្បែរសាកសួររឿយៗ នោះឯងណ៎ាកូន គឺជាថ្នាំវិសេស ដែល ធ្វើឲ្យឪពុកម្តាយឆាប់ជាសះស្បើយ ។ ក្រៃលែងណាស់ទៅទៀត គឺនៅពេលដែលខ្លួនចាស់ជរា ជួយអ្វីខ្លួនឯងមិនបាន រមែងត្រូវការកូនជាទ្វេគុណ ជាត្រីគុណ ។ សូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹក មានការងារដែលត្រូវ ធ្វើច្រើនសន្ធឹកសន្ធាប់ មិនសូវមានពេលទៅមក យ៉ាងណាក៏ដោយ ក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរ គឺនៅតែ ប្រាថ្នាឃើញកូន ហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ច ។
ឪពុកម្តាយគ្រប់គ្នា ក្រៅអំពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយ នៅមានសេចក្តីប្រាថ្នាជាទីបំផុត ម្យ៉ាងទៀត គឺចង់ឃើញកូនមានសេចក្តីចម្រើន និងមានសេចក្តីសម្រេចក្នុងជីវិត មានជីវិតរុងរឿងសម្បូណ៌ទៅ ដោយសេចក្តីសុខ ។ បើកូនបានសមតាមសេចក្តីប្រាថ្នា ឪពុកម្តាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយ ញាប់ញ័រក្នុងតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នូវសេចក្តីសម្រេចក្នុងជីវិត របស់កូននោះ ។ ដែលឪពុក ម្តាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសមតាមបំណងប្រាថ្នានោះឯង បើបានឃើញកូនជាមនុស្សល្អ មានសមត្ថភាពគ្រប់គ្រាន់ មានការចេះដឹង ជាមនុស្សឆ្លាត មានការងារធ្វើជាជំហរនៃជីវិតនឹងបានជួបប្រសព្វនូវសេចក្តីសម្រេច ឪពុកម្តាយគ្រប់គ្នាក៏ភ្លេចអស់នូវការនឿយហត់ទៅហើយដែរ ។
ចូរកូនគ្រប់គ្នា កុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ ។
មិត្តសម្លាញ់រហូតក្នុងជីវិត
កូនជាទីស្រឡាញ់
កូនធ្លាប់គិតដែរទេថា មិត្តដែលល្អជាទីបំផុតរបស់មនុស្សយើង គឺសៀវភៅ ។ សៀវភៅជាមិត្តរបស់យើងបានគ្រប់ ពេលវេលា មិនថាពេលសុខ ពេលទុក្ខ, ពេលសោកសៅ ឬពេលអផ្សុកឡើយ រមែងជាប់តាមយើងទៅបានគ្រប់ កន្លែង ទោះជានៅព្រៃ នៅភ្នំ នៅកណ្តាលសមុទ្រ ហើយរហូតដល់មែនទែន គឺនៅក្នុងបន្ទប់គេង ។ មិនថាកូនជា អ្វី កូននៅក្នុងទីណា កូនកុំចោលសៀវភៅ បើកូនចោលសៀវភៅ គឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូន ។ ចូរកូន ព្យាយាមអានសៀវភៅឲ្យច្រើនៗ ហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អាន កុំឲ្យខាតពេល ។
ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលកូនបានអាន ឬស្តាប់ គឺជាផែនទីនៃជីវិតរបស់កូន ។
សៀវភៅល្អមួយក្បាល ស្មើនឹងមិត្តល្អម្នាក់ ។ សៀវភៅអ្វីៗ ដែលកូនអានហើយ ចូរកូនពិចារណាថា គួរជឿតាម អ្នកសរសេរ ឬអ្នកមិនជឿ ព្រោះអ្នកសរសេរមានច្រើន ប្រភេទមានការគិត និងចំណេះដឹងផ្សេងៗ គ្នា រីឯចេតនា ក៏ផ្សេងៗ គ្នាដែរ ដូច្នេះ កូនត្រូវពិចារណាឲ្យច្រើនកុំទាន់អាលជឿ ។ ចូរកូនចាំទុកថា សៀវភៅ គឺជាខួរក្បាល របស់អ្នកសរសេរ ដូច្នេះ បើកូនអានសៀវភៅល្អៗ ឈ្មោះថា ជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរ ក្បាលរបស់កូន ។
ទោះជាពេលថ្ងៃក៏ដោយ ក្នុងផ្ទះរមែងងងឹត បើគេបិទទ្វារបិទបង្អួចអស់ យ៉ាងណាមិញ បើកូនបិទភ្នែក បិទ ត្រចៀក ពោលគឺ មិនអាន មិនស្តាប់នូវភាសិតរបស់អ្នកចេះដឹងទេ វិញ្ញាណរបស់កូន នឹងត្រូវងងឹត ដូចជាផ្ទះ ដែលបិទជិត យ៉ាងនោះឯង ។
ដើម្បីឲ្យបានទៅជាមនុស្សល្អ កូនត្រូវ :
១-ស្វែងរកការចេះដឹងមកដាក់ខ្លួន កុំចំណាយពេលវេលាឥតប្រយោជន៍ ។
២-ប្រព្រឹត្តតាមការចេះដឹង យកការចេះដឹងជានាយកនៃជីវិត កុំឲ្យតណ្ហាដឹកនាំជីវិតឡើយ
អ្នកដែលប្រាថ្នាញ៉ាំងជីវិតរបស់ខ្លួនឲ្យមានសេចក្តីចម្រើន គប្បីអានសៀវភៅជាប្រចាំ
ការពិតក្នុងចិត្ត
កូនជាទីស្រឡាញ់
ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗ ដែរ ។ កូនគង់តែបានដឹង ហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯង។
ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថា គឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីរ របស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។
តាមពិត ម៉ែឪត្រូវការអ្វីៗ ច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊ីចឹង ឯង។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើន លើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែ ក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនឹងរបស់ ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថាជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។ កាលដែល កូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្ត ពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូន យកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយ បង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។
នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើ ល្អៗ មក … យ៉ាងម៉េចរួចទៅ ម៉្លោះហើយមាតាបិតាខ្លះ បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិន ធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង ។
ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម
ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច
រំលឹកចំៗ កុំឲ្យភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។
ទ្វីបលោកល្អស្រស់ព្រោះសុរិយា មាតាបិតាគឺជាព្រះ
ជាដួងសុរិយាយាត្រារះ កូនត្រូវសំពះទិសបូព៌ា ។
ទិសបូណ៌មានន័យបុព្វការី បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ៕
