បណ្ណសារចំណាត់ក្រុម៖ ប្រវត្តិរឿងរ៉ាវរបស់ពុទ្ធសាវ័ក
ប្រវត្តិរឿងរ៉ាវសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ក្នុងជាតិមុន និងក្នុងកាលព្រះអង្គទ្រង់គង់ធរមាននៅ
រឿងមហាសាលព្រាហ្មណ៍
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។ លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។ បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។ ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។ កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។ ព្រោះ ហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះ ភាគ ដល់ទីប្រថាប់ ។
លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំ
តេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ
រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។
កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ
ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា
ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំ
អន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ
ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។
ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។ កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ថៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។
ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។ ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យ ព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។ ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះ ភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។ កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។ ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំង នោះទៀតឡើយ ក្នុងកាលទាំងពួង ៕
ប្រវត្តិសង្ខេបរបស់ឧគ្គគហបតី
( បិដកលេខ ៤៨ ទំព័រ ១០៨ គហបតិវគ្គ )
ឧគ្គគហបតី មានពីរនាក់ផ្សេងគ្នា គឺម្នាក់ជាសេដ្ឋីក្រុងវេសាលី ជាឯតទគ្គៈលើឧបាសកទាំងឡាយ ផ្នែក ខាងថ្វាយភោជនជាទីគាប់ចិត្តរបស់ខ្លួនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រមុខ ។ ម្នាក់ទៀត ជាសេដ្ឋីនៅ ហត្ថិគ្រាម ជាឯតទគ្គៈផ្នែកខាងឧបដ្ឋាកព្រះសង្ឃ ។
ឧគ្គគហបតី មានបុណ្យបានធ្វើទុកមកហើយក្នុងកាលមុន វិលវល់ក្នុងមនុស្សនិងទេវតាអស់ ១ សែន កប្បក្នុងពុទ្ធុប្បាទនេះ គាត់បានកើតក្នុងត្រកូលសេដ្ឋីក្រុងវេសាលី ។ ក្រោយមក ដោយរូបរាងរបស់ គាត់ខ្ពស់ស្អាត ព្រមទាំងគុណទាំងឡាយរបស់គាត់ប្រសើរខ្ពង់ខ្ពស់ទៀតទើបមាននាមប្រាកដថាឧគ្គៈ។
ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលីនេះ មានធម៌អស្ចារ្យចម្លែក ៨ ប្រការ គឺ
១. បានឃើញព្រះដ៏មានព្រះភាគអំពីចម្ងាយ ជាដំបូងបង្អស់ អត់មានសង្ស័យថា ព្រះពុទ្ធមែនឬមិនមែន ឡើយ មានតែចិត្តជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគ ដោយគ្រាន់តែបានឃើញប៉ុណ្ណោះ ។
២. មានចិត្តជ្រះថ្លាហើយ ក៏ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្តែងនូវអនុបុព្វីកថា ហើយទ្រង់ប្រកាសសច្ចធម៌ ក៏បានធម្មចក្ខុគឺសោតាបត្តិផល ទាំងបានសមាទាននូវសិក្ខាបទទាំងឡាយ មានព្រហ្មចរិយៈជាគម្រប់ ៥ ( ក្រោយមកទៀតក៏បានសម្រេចនូវអនាគាមិផល ) ។
៣. បានលះបង់ភរិយាឲ្យទៅបុរសដទៃ តាមដែលភរិយានោះឯងត្រូវការបុរសនោះជាស្វាមី ចំពោះចិត្ត របស់ឧគ្គគហបតីមិនប្រែប្រួលឡើយ ។
៤. មិនមានចិត្តគិតថា យើងនឹងឲ្យទ្រព្យសម្បត្តិប៉ុណ្ណេះ មិនឲ្យប៉ុណ្ណោះ យើងនឹងឲ្យរបស់នេះ មិនឲ្យ របស់នោះ ដូច្នេះឡើយ គឺទ្រព្យសម្បត្តិទាំងអស់ក្នុងត្រកូល ជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ដូចជារបស់សង្ឃ និង ដូចជារបស់ពួកគណៈ ។
៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព មិនមែនដោយមិនគោរពនោះទេ ។
៦. បើភិក្ខុអង្គនោះសម្តែងធម៌ឲ្យគាត់ស្លាប់ គាត់ស្តាប់ដោយគោរព មិនមែនស្តាប់ដោយមិនគោរពនោះ ទេ តែបើភិក្ខុមិនសម្តែងធម៌ទេ គាត់តែងសម្តែងធម៌ដល់ភិក្ខុអង្គនោះវិញ ។
៧. ពួកទេវតាតែងចូលមករកគាត់ហើយប្រាប់ថា ម្នាលគហបតី ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ សម្តែងហើយ ដោយប្រពៃ ។ គាត់បាននិយាយទៅរកពួកទេវតាវិញយ៉ាងនេះថា ម្នាលទេវតាទាំងឡាយ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះក្តី មិនគប្បីពោលយ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់ សម្តែងហើយដោយប្រពៃមែន ។ សេចក្តីអស្ចារ្យ គឺនៅត្រង់ចិត្តរបស់គហបតីមិនបានប៉ោងឡើង ព្រោះ ហេតុបានចរចាជាមួយនឹងទេវតានោះឡើយ ។
៨. ពិចារណារកសញ្ញោជនធម៌ជាចំណែកខាងក្រោម ៥ ដែលមិនទាន់លះបង់ក្នុងខ្លួនមិនឃើញឡើយ។
ក្នុងអដ្ឋកថា មនាបទាយីសូត្រ បានសម្តែងថា ឧគ្គគហបតី ជាសេដ្ឋីក្រុងវេសាលី មានអធ្យាស្រ័យ សំដៅដល់ព្រះអរហត្ត កាលដែលនៅជាមនុស្ស ព្រោះហេតុដូច្នោះ ទើបព្រះដ៏មានព្រះភាគត្រាស់សួរ នៅក្នុងព្រះសូត្រថា ម្នាលឧគ្គៈបំណងរបស់អ្នកបានសម្រេចហើយឬ ? ឧគ្គសុទ្ធាវាសព្រហ្ម បានសម្រេច នូវព្រះអរហត្តផលហើយ ទើបបានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ សូមទ្រង់ ជ្រាប បំណងរបស់ខ្ញុំព្រះអង្គ បានសម្រេចហើយ ។
( បិដកលេខ ៤០ ទំព័រ ៥៧ ឈ្មោះ ឧគ្គគហបតី )
ឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម មានធម៌ចម្លែកអស្ចារ្យ ៨ ប្រការ គឺ
១. គាត់កំពុងតែសប្បាយរីករាយជាមួយនឹងបរិវារ ស្រវឹងស្រាក្នុងនាគវ័ន ដែលជាសួនឧទ្យានរបស់គាត់ ពេលនោះ គាត់ឃើញព្រះដ៏មានព្រះភាគជាដំបូងអំពីចម្ងាយ គាត់ក៏មានសេចក្តីជ្រះថ្លាចំពោះព្រះដ៏ មានព្រះភាគ ដោយគ្រាន់តែឃើញប៉ុណ្ណោះ ទាំងការស្រវឹងស្រា ក៏ស្វាងទៅ ។
២. មានចិត្តជ្រះថ្លាហើយ បានចូលទៅគាល់ព្រះអង្គបានស្តាប់អនុបុព្វីកថា និង អរិយសច្ចធម៌ ក៏បាន សម្រេចដល់អនាគាមិផល ក្នុងគ្រានោះតែម្តង ។
៣. ចិត្តមិនប្រែប្រួលឡើយ នៅពេលប្រគល់ភរិយារបស់គាត់ឲ្យទៅបុរសដទៃ ។
៤. គាត់ទុកទ្រព្យសម្បត្តិដ៏ច្រើនក្នុងត្រកូលរបស់គាត់ឲ្យជាសាធារណៈដល់អ្នកមានសីល មាន កល្យាណធម៌ទាំងឡាយ ។
៥. ចូលទៅអង្គុយជិតភិក្ខុណា តែងចូលទៅអង្គុយជិតដោយគោរព បើភិក្ខុអង្គនោះ សម្តែងធម៌ឲ្យស្តាប់ ក៏ស្តាប់ដោយគោរព បើមិនសម្តែងធម៌ទេ គាត់ក៏សម្តែងដល់ភិក្ខុអង្គនោះវិញ ។
៦. កាលដែលគាត់និមន្តព្រះសង្ឃមកហើយ ពួកទេវតាបានមកប្រាប់គាត់ថា ម្នាលគហបតី ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះជាបញ្ញាវិមុត្ត ភិក្ខុឯណោះជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្តៈ ភិក្ខុ ឯណោះជាសទ្ធាវិមុត្ត ភិក្ខុឯណោះជាធម្មានុសារី ភិក្ខុឯណោះជាសទ្ធានុសារី ភិក្ខុឯណោះជាអ្នកមាន សីល មានកល្យាណធម៌ ចំណែកភិក្ខុឯណោះជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ។ ត្រង់ដែល ទេវតាទាំងឡាយមកប្រាប់នេះមិនជាអស្ចារ្យទេ ដែលអស្ចារ្យនៅត្រង់ថ្វាយចង្ហាន់សង្ឃ ដោយមិនមាន ចិត្តកើតឡើងយ៉ាងនេះថា ប្រគេនវត្ថុតិចដល់អង្គនេះ ប្រគេនវត្ថុច្រើនដល់អង្គនោះ ដូច្នេះឡើយ គឺថ្វាយ ទានមានចិត្តស្មើដោយពិត ។
៧. មានពួកទេវតាចូលមកចរចា ក្នុងប្រធានបទដែលថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សម្តែងហើយដោយប្រពៃ ។ សេចក្តីអស្ចារ្យនៅត្រង់ចិត្តរបស់គហបតី មិនបានប៉ោងឡើង ព្រោះហេតុ ការចរចាជាមួយនឹងទេវតាទាំងឡាយនោះ ។
៨. ពិចារណារកសញ្ញោជនធម៌ខាងក្រោម ៥ គឺ ពួកសញ្ញោជនៈដែលលះដោយមគ្គ ៣ ខាងក្រោម បាន ដល់សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមរាគៈ ១ បដិឃៈ ១ ដែលមិនទាន់លះបង់ក្នុង ខ្លួនមិនឃើញឡើយ ។
ក្នុងអដ្ឋកថាអង្គុត្តរនិកាយ ឯកនិបាត បានសម្តែងថា ឧគ្គគហបតីនេះ ជាអ្នកត្រេកអរដ៏ក្រៃលែងក្នុងការ ថ្វាយទានដល់ព្រះភិក្ខុសង្ឃ ។ ទេវតាមកក្នុងពេលរាត្រី ហើយប្រាប់ដល់លោកសេដ្ឋីថា ភិក្ខុអង្គនោះ មានវិជ្ជា ៣ អង្គនោះមានអភិញ្ញា ៦ អង្គនោះមានសីល អង្គនោះទ្រុស្តសីល ។ លោកសេដ្ឋីជ្រាបហើយ តាមដែលទេវតាបានប្រាប់ ក៏នៅតែថ្វាយទេយ្យធម៌ដោយចិត្តស្មើដដែល សូម្បីអង្គុយក្នុងសម្នាក់ព្រះ បរមសាស្តា ក៏ពោលតែគុណនោះៗ ឯង ។ ក្រោយមក ព្រះដ៏មានព្រះភាគ កាលដែលប្រថាប់នៅព្រះ ជេតពនមហាវិហារ ព្រះអង្គទ្រង់ស្ថាបនាឧគ្គគហបតី អ្នកស្រុកហត្ថិគ្រាម ក្នុងតំណែងឯតទគ្គៈលើ ឧបាសកទាំងឡាយ ផ្នែកខាងឧបដ្ឋាកសង្ឃ ៕
ហេតុដែលនាងសុមនារាជកុមារី ទួលសួរបញ្ហា
ព្រះនាងសុមនារាជកុមារីចូលគាល់ព្រះដ៏មានព្រះភាគ ព្រោះហេតុអ្វី? ព្រោះមានបំណងទូលសួរបញ្ហា។ បានស្តាប់មកថា ក្នុងព្រះសាសនានៃព្រះសម្មាសម្ពុទ្ធកស្សបទសពល មានភិក្ខុពីរអង្គជាសម្លាញ់នឹងគ្នា មួយអង្គបំពេញសារាណីយធម៌ ( មានការចែកចាយនូវបច្ច័យ ៤ ដែលខ្លួនបានមកដល់បុគ្គលដែលគួរ ឲ្យជាដើម ) ចំណែកមួយអង្គទៀត លោកបំពេញនូវភត្តគ្គវត្ត ( បំពេញវត្តក្នុងរោងភត្តដោយមិនបានឲ្យ ទាន ) ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌ ពោលរំលឹកភិក្ខុជាសម្លាញ់ថា អ្នកដីមានអាយុ ឈ្មោះថា ទានដែលមិនឲ្យផល រមែងមិនមានឡើយ កាលឲ្យរបស់ខ្លួនដល់អ្នកដទៃហើយសឹមបរិភោគ ទើបគួរ ។ ភិក្ខុដែលបំពេញនូវភត្តគ្គវត្ត តបថា អ្នកដ៏មានអាយុ អ្នកមិនដឹងទេឬ ការឲ្យទេយ្យធម៌ធ្លាក់ចុះ រមែងមិន គួរ បុគ្គលដែលកាន់យកត្រឹមតែអាហារញ៉ាំងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានប៉ុណ្ណោះទើបគួរ ។ ទាំងពីរ អង្គ មិនអាចញ៉ាំងគ្នាឲ្យនៅក្នុងឱវាទរបស់ខ្លួនបាន ក៏បំពេញវត្តតែរៀងខ្លួនរហូតដល់ចុតិចាកភពនោះ បដិសន្ធិក្នុងទេវលោក ។ ភិក្ខុដែលបំពេញនូវសារាណីយធម៌ គ្របសង្កត់នូវភិក្ខុដែលមិនបានឲ្យទាន ដោយធម៌ ៥ យ៉ាង ក្នុងទេវលោក វិលវល់ក្នុងទេវតានិងមនុស្សអស់មួយចន្លោះព្រះពុទ្ធ ទើបកើតក្នុង ក្រុងសាវត្ថី ។
អង្គដែលបំពេញនូវសារាណីយធម៌ បដិសន្ធិក្នុងគភ៌ព្រះអគ្គមហេសីនៃព្រះបាទកោសល មួយអង្គទៀត បដិសន្ធិក្នុងផ្ទៃនៃស្រីបម្រើរបស់ព្រះអគ្គមហេសីនោះ ហើយប្រសូតក្នុងថ្ងៃជាមួយគ្នា ។ ក្នុងថ្ងៃដាក់ ឈ្មោះ ពោលគឺថ្វាយព្រះនាមដល់ព្រះរាជបុត្រ ព្រះមាតាស្រង់ទឹកឲ្យបុត្រហើយ ដាក់បុត្រឲ្យផ្ទំក្នុង បន្ទប់ប្រកបដោយសិរី ជាមួយនឹងបុត្ររបស់ស្ត្រីអ្នកបម្រើព្រះអគ្គមហេសីនោះឯង ។ ដោយរវល់នាំគ្នា ចាត់ចែងកិច្ចការខាងក្រៅបន្ទប់ ព្រះរាជបុត្របើកព្រះនេត្រឡើង បានឃើញស្វេតច្ឆត្រដ៏ធំផង ទីកន្លែង ផ្ទំប្រកបដោយសិរី ដែលគេចាត់ចែងយ៉ាងល្អផង ព្រមទាំងព្រះរាជនិវេសន៍ប្រដាប់ដោយគ្រឿងអលង្ការ ផង ទើបដឹងខ្លួនព្រះអង្គថា យើងកើតក្នុងព្រះរាជត្រកូល ។ ព្រះរាជបុត្រនឹកថា យើងធ្វើកម្មអ្វីហ្ន៎ ទើប បានកើតនៅក្នុងទីនេះដូច្នេះ ក៏រលឹកបាន ដោយផលនៃការបំពេញនូវសារាណីយធម៌ ។ ព្រះរាជបុត្រ គិតទៀតថា សម្លាញ់របស់យើងកើតក្នុងទីណាហ្ន៎ ក៏បានឃើញនៅក្នុងទីដែលទាបជាងខ្លួននោះឯង ទាំងដែលបានជ្រាបថា នេះព្រោះមកអំពីមិនជឿពាក្យរបស់យើង ទើបពោលថា សម្លាញ់ អ្នកមិនជឿ ពាក្យរបស់យើង ។ ពេលនោះ ទារកជាសម្លាញ់ក៏តបមកវិញភ្លាមថា បើអ៊ីចឹង តើវាយ៉ាងម៉េច ? ព្រះ រាជបុត្រក៏បានឆ្លើយបញ្ជាក់ប្រាប់ទៅថា អ្នកមើលសម្បត្តិរបស់យើងមើល៍ យើងដេកនៅលើទីដ៏មានសិរី នៅក្រោមស្វេតច្ឆត្រ ចំណែកអ្នកវិញដេកនៅនឹងគ្រែទាបលើកម្រាលរឹងៗ ។ ទារកជាសម្លាញ់ពោលថា អ្នកឯង កើតមាននូវមានះ ព្រោះអាស្រ័យរបស់ហ្នឹងឬ របស់ហ្នឹង គឺគេយកសំពត់មករុំព័ទ្ធនឹងបន្ទះឫស្សី គ្រាន់តែជាបឋវីធាតុប៉ុណ្ណោះ មិនមែនទេឬ ។
ព្រះរាជធីតាសុមនា បានស្តាប់ពាក្យរបស់អ្នកទាំងពីរនោះហើយ ទើបគិតថា នៅជិតៗ ប្អូនប្រុសទាំងពីរ របស់យើងមិនមានអ្នកណាឡើយ ក៏បានដើរចូលទៅអែបនឹងមាត់ទ្វារ បានឮពាក្យថា ធាតុ ដូច្នេះ ក៏ គិតថាពាក្យថា ធាតុនេះ មិនមាននៅខាងក្រៅអំពីព្រះពុទ្ធសាសនាឡើយ ប្អូនប្រុសរបស់យើងប្រាកដ ជាសមណទេវបុត្រ ។ ព្រះរាជធីតាបានគិតតទៅទៀតថា បើយើងនឹងក្រាបទូលដល់ព្រះមាតាបិតាថា ទារកទាំងពីរនិយាយគ្នាយ៉ាងនេះ ព្រះបិតាជាដើមមុខតែនឹងឲ្យគេនាំយកទៅចោល ឬយ៉ាងម៉េចៗ មិន ខាន ដោយយល់ថា អ្នកទាំងពីរគឺជាអមនុស្ស ដូច្នេះ យើងមិនប្រាប់ហេតុការណ៍នេះដល់អ្នកណាឡើយ យើងនឹងទូលសួរចំពោះព្រះទសពល ដែលទ្រង់ជាព្រះបិតាវិវដ្តៈរបស់យើង ព្រះអង្គនឹងត្រាស់ប្រាប់ សេចក្តីនេះ ឲ្យយើងបានដឹងច្បាស់ ។
សោយព្រះក្រយាពេលព្រឹកស្រេចហើយ ព្រះរាជធីតាក៏ចូលទៅគាល់ព្រះរាជា ជាព្រះបិតា ហើយទូល សូមការអនុញ្ញាត ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យចាត់រថ ៥០០ គ្រឿង ។ សូមបញ្ជាក់ថា នៅក្នុងជម្ពូទ្វីបនេះ មានតែកុមារីបីនាក់ប៉ុណ្ណោះ ដែលបានរថ ៥០០ គ្រឿង អំពីសម្នាក់ បិតារបស់ខ្លួន គឺព្រះនាងចុន្ទី ជាព្រះរាជធីតារបស់ព្រះបាទពិម្ពិសារ ១ នាងវិសាខា ជាធីតារបស់ ធនញ្ជ័យសេដ្ឋី ១ និង ព្រះនាងសុមនារាជធីតានេះឯង ១ ។ ព្រះនាងសុមនាកាន់យកគ្រឿងក្រអូប និង ផ្កាឈើហើយ បានឈរនៅក្នុងរថរបស់ខ្លួន ដែលមានរថ ៥០០ ទៀតជាបរិវារ ធ្វើដំណើរចូលគាល់ព្រះ បរមសាស្តា ដោយគិតថា យើងនឹងទូលសួរព្រះអង្គនូវបញ្ហានេះ ។
( បញ្ហាទូលសួរនោះ សូមចុចទីនេះ )
នាងសុមនារាជកុមារី ទូលសួរបញ្ហានឹងព្រះមានព្រះភាគ
( បិដកលេខ ៤៤ ទំព័រ ៦៣ ដល់ ៦៧ )
គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និងរាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។ លុះនាងសុមនា រាជកុមារី ប្រថាប់នៅក្នុងទីសមគួរ ។ បានទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីររូបរបស់ព្រះដ៏មានព្រះភាគ ក្នុងសាសនានេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន បញ្ញាស្មើគ្នា ប៉ុន្តែមួយអង្គជាទាយក មួយអង្គមិនមែនទាយក សាវ័កទាំងនោះ ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក បពិត្រព្រះអង្គដ៏ចម្រើន សាវ័កទាំងពីរ ដែលកើតជាទេវតា នោះ តើមានសេចក្តិវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាង សុមនា មានដែរ ម្នាលនាងសុមនា សាវ័កណា ជាទាយក សាវ័កនោះ ដល់កើតជាទេវតា រមែងគ្របសង្កត់ ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺ អាយុទិព្វ ១ សម្បុរទិព្វ ១ សុខទិព្វ ១ យសទិព្វ ១ អាធិបតេយ្យទិព្វ ១ ។ ម្នាលនាងសុមនា សាវ័កណា ជាទាយក សាវ័កនោះ ដល់ទៅ កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយកដោយហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោកនេះ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សហើយ តើមានសេចក្តីវិសេស មាន ហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ ដល់កើតជាមនុស្ស រមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជា ទាយក ដោយហេតុ ៥ យ៉ាង គឺអាយុជារបស់មនុស្ស ១ សម្បុរជារបស់មនុស្ស ១ សុខជារបស់មនុស្ស ១ យសជារបស់មនុស្ស ១ អាធិបតេយ្យជារបស់មនុស្ស ១ ។ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែងគ្របសង្កត់បុគ្គលឯណោះ ដែលមិនមែនជាទាយក ដោយ ហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើអ្នកទាំងពីរនោះ ចេញចាកផ្ទះបួស បពិត្រព្រះអង្គដ៏ ចម្រើន បព្វជិតទាំងនោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ លុះដល់បាន បួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺបើគេអង្វរ រមែងប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ប្រើប្រាស់ចីវរតិច ១ បើគេអង្វរ រមែងបរិភោគបិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគបិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរ ក៏ ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែងប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិន អង្វរ ក៏ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ ប្រសិនបើនៅជាមួយពួកសព្រហ្មចារីណា ពួក សព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនជាទីគាប់ចិត្តតិច រាប់ អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិន គាប់ចិត្តតិច ខ្វល់ខ្វាយបម្រើ ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១ ។ ម្នាលនាងសុមនា បុគ្គលណា ជា ទាយក បុគ្គលនោះដល់បានបួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាងនេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះបើបព្វជិតទាំងពីររូបនោះ បានសម្រេចព្រះ អរហត្ត បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបព្វជិតទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនោះ តើ មានសេចក្តីវិសេសស មានហេតុផ្សេងគ្នាដែរឬទេ ។ ម្នាលនាងសុមនា ត្រង់រឿងនោះ តថាគត មិន សម្តែងហេតុផ្សេងគ្នាត្រង់ចិត្តដែលរួចស្រឡះ ដោយវិមុត្តនេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យ ណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរធ្វើបុណ្យទាំងឡាយមែន ព្រោះថា បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកដែលកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នក បួសផង ។ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនា ហេតុនោះយ៉ាងនេះហើយ ម្នាលនាងសុមនា បុគ្គលគួរឲ្យទានទាំងឡាយ គួរធ្វើបុណ្យទាំងឡាយ ព្រោះបុណ្យទាំងឡាយ ជា ឧបការៈដល់អ្នកកើតជាទេវតាផង បុណ្យទាំងឡាយ ជាឧបការៈដល់អ្នកកើតជាមនុស្សផង បុណ្យទាំង ឡាយ ជាឧបការៈដល់អ្នកបួសផង ។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះសុគតបាន ត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យជាគាថានេះតទៅទៀតថា
យថាបិ ចន្ទោ វិមលោ គច្ឆំ អាកាសធាតុយោ
សព្វេ តារគណេ លោកេ អាភាយ អតិរោចតិ
តថេវ សីលសម្បន្នោ សទ្ធោ បុរិសបុគ្គលោ
សព្វេ មច្ឆរិនោ លោកេ ចាគេន អតិរោចតិ ។
ព្រះចន្ទមិនមានមន្ទិល កាលចរទៅតាមអាកាស រមែងរុងរឿងលើស ជាងពួកផ្កាយទាំងឡាយ ព្ធដ៏អាកាសដោយពន្លឺ ( របស់ខ្លួន ) យ៉ាង ណាមិញ បុរសបុគ្គលមានសទ្ធាបរិបូណ៌ដោយសីល រមែងរុងរឿង ជាងពួកបុគ្គលកំណាញ់ទាំងអស់ក្នុងលោកដោយចាគៈក៏យ៉ាងនោះ ដែរ ។
យថាបិ មេឃោ ថនយំ វិជ្ជុមាលី សតក្កកុ
ថលំ និន្នញ្ច បូរេតិ អភិវិស្សំ វសុន្ធរំ
ឯវំ ទស្សនសម្បនោ សម្មាសម្ពុទ្ធស្សាវកោ
មច្ឆរឹ អធិគណ្ដាតិ បញ្ចដ្ឋានេហិ បណ្ឌិតោ
អាយុនា យសសា ចេវ វណ្ណេន ច សុខេន ច
ស វេ ភោគបរិព្យុឡ្ហោ បេច្ច សគ្គេ បមោទតីតិ ។
កាលមេឃ ប្រកបដោយផ្លេកបន្ទោរដ៏ឆ្វៀលឆ្វាត់ បរិបូណ៌ដោយភ្នំទឹក ភ្លៀងក៏បង្អុរចុះមកបំពេញផែនដីដែលខ្ពស់ទាបឲ្យពោរពេញ យ៉ាង ណាមិញ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធដែលបរិបូណ៌ដោយទស្សនៈ ជាបណ្ឌិត រមែងគ្របសង្កត់បុគ្គល អ្នកមានសេចក្តីកំណាញ់ ដោយ ហេតុ ៥ យ៉ាង គឺ អាយុ យស សម្បុរ សុខនិងអធិបតី បណ្ឌិតនោះឯង បរិបូណ៌ដោយភោគៈ ដល់ទៅលោកខាងមុខ រមែងរីករាយ ក្នុងឋាន សួគ៌ ក៏យ៉ាងនោះដែរ ។
រឿងនាងសុមនារាជកុមារី
នាងសុមនា រាជកុមារី គឺជាព្រះរាជធីតានៃព្រះបាទបសេនទិកោសល មានព្រះនាមថា សុមនា ។ ដែលបានព្រះនាមដូច្នោះ ព្រោះព្រះរាជធីតាទ្រង់បានធ្វើនូវមហាសក្ការៈហើយ ទ្រង់តាំងសេចក្តី ប្រាថ្នាទុកមក ។
សេចក្តីពិស្តារ មានតាំងអំពីសាសនានៃព្រះសម្មាសម្ពុទ្ធវិបស្សី គឺពួកអ្នកនគរគិតគ្នាថា ពួកយើងបញ្ចប់ សង្គ្រាមហើយ ពួកយើងគប្បីថ្វាយទានដល់សង្ឃ មានព្រះពុទ្ធជាព្រះសាស្តារបស់យើងជាប្រមុខ ។ ដោយអ្នកនគរអាស្រ័យសេនាបតីហើយធ្វើបុណ្យតាមលំដាប់ ដូច្នេះ ក្នុងថ្ងៃមុនដំបូង ជាវារៈរបស់ សេនាបតី ។ ក្នុងថ្ងៃនោះ សេនាបតីត្រៀមមហាទាន ដាក់មនុស្សយាមការពារជុំវិញ ដោយបញ្ជាថា ថ្ងៃនេះ ពួកអ្នកចូរយាមដោយប្រុងប្រយ័ត្ន គឺកុំឲ្យអ្នកណាៗ មកថ្វាយភិក្ខាឡើយ ។
ក្នុងថ្ងៃនោះ មានភរិយាលោកសេដ្ឋីម្នាក់អង្គុយយំផង និយាយទៅរកធីតារបស់ខ្លួនផងថា កូនស្រី ម្តាយអើយ ប្រសិនបើបិតារបស់កូននៅរស់រានមានជីវិតនោះ គឺក្នុងថ្ងៃនេះ ម្តាយនឹងនិមន្តព្រះទសពល ឆាន់ជាគ្រាដំបូង ។ កូនស្រីនិយាយនឹងមាតាថាបពិត្រអ្នកម៉ែ សូមអ្នកម៉ែកុំភ័យព្រួយអ្វីឡើយ កូននឹងធ្វើ ដោយឧបាយវិធី ដែលអាចឲ្យព្រះសង្ឃមានព្រះពុទ្ធបរមគ្រូជាប្រមុខ ឆាន់នូវភិក្ខារបស់យើងជាគ្រា ដំបូង ។ ភ្លាមៗ នោះ ធីតានៃលោកសេដ្ឋី បានចាត់ចែងចង្ហាន់ដែលមិនមានទឹក គឺនិរុទកបាយាស ដាក់ចុះនៅក្នុងថាសមាស ដែលថាសមាសនោះ មានតម្លៃ ១ សែន រហូតពេញថាស ហើយទើបដាក់ ទឹកដោះគោ ទឹកឃ្មុំ និង ស្ករក្រួសជាដើមលាយចូល ទើបយកថាសមួយទៀតគ្រប រួចហើយយក ភួងផ្កាមិ្លះមករៀបចំដាក់គ្របពីលើភាជនៈនោះ ឲ្យដូចជាភាជនៈផ្កាម្លិះ ដូច្នោះឯង ។
លុះដល់ភត្តកាល ព្រះដ៏មានព្រះភាគស្តេចយាងព្រមដោយព្រះភិក្ខុសង្ឃ ចូលទៅកាន់ភូមិ សំដៅទៅផ្ទះ សេនាបតី ។ សេដ្ឋីធីតា នាងនាំយកភាជនៈមាសដាក់ភិក្ខាគ្របដោយផ្កាម្លិះ មានពួកនាងទាសីហែហម ចេញអំពីផ្ទះ ស្កាត់ផ្លូវព្រះដ៏មានព្រះភាគ ។ នៅក្នុងរវាងផ្លូវ ពួកអ្នកយាមរបស់សេនាបតីពោលថា នែនាង! កុំទៅផ្លូវនេះ ។ ធម្មតាអ្នកមានបុណ្យច្រើន រមែនមានពាក្យសម្តីត្រូវចិត្តអ្នកស្តាប់ នាងពោលទៅ រកអ្នកយាមទាំងឡាយ ដែលចេះតែហាមហើយហាមទៀតថា លោកបង លោកពូ លោកអ៊ំ ព្រោះហេតុអ្វី បានជាមិនឲ្យពួកនាងខ្ញុំចូលទៅ ពួកអ្នកយាមពោលថា អើនាង! លោកសេនាបតី ចាត់ពួកយើងឲ្យយាម រក្សាការណ៍ ដោយបង្គាប់ថា កុំឲ្យអ្នកណាៗ នាំយកអាហារភោជនចូលមកជាដាច់ខាត ។ នាងពោលថា ក៏ពួកលោកឃើញអាហារភោជនក្នុងដៃរបស់ខ្ញុំឬ? ពួកអ្នកយាមពោលថា ឃើញតែភួងផ្កា ។ នាងសួរថា លោកសេនាបតី មិនឲ្យធ្វើសូម្បីតែការបូជា ដោយភួងផ្កាឬ? ពួកអ្នកយាមពោលថា លោកសេនាបតីអត់ ហាមទេ ។ នាងពោលថា បើយ៉ាងនេះ សូមពួកលោកបើកផ្លូវទៅ ។
បានឱកាសហើយ នាងក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គទ្រង់ទទួលនូវភួងផ្កាមិ្លះនេះ ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតព្រះនេត្រទៅរកអ្នក បម្រើសេនាបតីម្នាក់ ហើយត្រាស់ឲ្យទទួលភួងផ្កាម្លិះទុកតាមព្រះអង្គទៅ ។ នាងថ្វាយបង្គំព្រះបរម សាស្តាហើយ នាងតាំងសេចក្តីប្រាថ្នាថា កាលដែលខ្ញុំម្ចាស់កើតក្នុងភពតូចភពធំតទៅ សូមកុំឲ្យខ្ញុំម្ចាស់ មានជីវិតរស់នៅដោយសេចក្តីតក់ស្លុតឡើយ សូមឲ្យបានជាទីស្រឡាញ់ដូចភួងផ្កាមិ្លះនេះ និង សូមឲ្យ មានឈ្មោះថា សុមនា រហូត ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា នាងចូរមានសេចក្តីសុខចុះ ។ សេដ្ឋីធីតា ថ្វាយបង្គំហើយធ្វើប្រទក្សិណព្រះដ៏មានព្រះភាគ ក្រាបទូលលាត្រឡប់ទៅផ្ទះវិញ ។
ព្រះដ៏មានព្រះភាគ ស្តេចយាងដល់ផ្ទះសេនាបតី ទ្រង់គង់ប្រថាប់លើអាសនៈដែលគេក្រាលថ្វាយ សេនាបតីកាន់យកបបរយាគូបង្អោនចូលទៅថ្វាយ ព្រះបរមសាស្តាទ្រង់យកព្រះហស្តបិទបាត្រ ។ សេនាបតីក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងឡាយ គង់រៀបរយហើយ ព្រះអង្គ ។ ព្រះដ៏មានព្រះភាគត្រាស់ថា តថាគតបានបិណ្ឌបាតក្នុងរវាងផ្លូវហើយ ។ សេនាបតីលើកភួងផ្កាមិ្លះចេញ បានឃើញបិណ្ឌបាត មធុបាយាសគ្រប់ល្មមដល់ភិក្ខុទាំងឡាយ ដួសថ្វាយតាំងពីព្រះដ៏មានព្រះភាគទៅ រីឯសេនាបតីបានថ្វាយនូវទេយ្យធម៌របស់ខ្លួន ។ ព្រះបរមសាស្តាសោយស្រេចហើយ ទ្រង់ត្រាស់សម្តែង នូវមង្គលកថា រួចសេ្តចយាងត្រឡប់ ។
សេនាបតីសួរថា ស្រីដែលថ្វាយបិណ្ឌបាតជាអ្នកណា? កូនស្រីលោកសេដ្ឋីទានប្រោស ។ សេនាបតី គិតថា ស្ត្រីដែលមានបញ្ញា កាលដែលមកនៅក្នុងផ្ទះរបស់យើង គឺថា សគ្គសម្បត្តិរបស់បុរសមិនមែន រកបានដោយក្រទេ គិតហើយ ទើបចាត់ចែងនាំនាងបានមកតាំងទុកក្នុងតំណែងជាប្រមុខ ។
សេដ្ឋីធីតា បានមកនៅផ្ទះសេនាបតីហើយ ក៏ចាប់ផ្តើមចំណាយទ្រព្យក្នុងផ្ទះរបស់មាតា និង ក្នុងផ្ទះរបស់ សេនាបតី ថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធ បំពេញបុណ្យ រហូតអស់អាយុ ។ កាលដែលនាងចុតិអំពី មនុស្ស បានទៅបដិសន្ធិក្នុងទេវលោកកាមាវចរសួគ៌ ។ ក្នុងខណៈដែលនាងកើតនោះឯង មានភ្លៀងផ្កា ម្លិះទូទៅពេញទេវលោក ត្រឹមក្បាលជង្គង់ ។ ពួកទេវតាទាំងឡាយគិតគ្នាថា ទេពធីតានេះ កាន់យក ឈ្មោះរបស់ខ្លួនដោយខ្លួនឯងមក ទើបតាំងនាមទេពធីតាថា សុមនា ។ សុមនាទេពធីតា ចុតិបដិសន្ធិ ក្នុងទេវលោក និង មនុស្សលោក រហូត ៨៩ កប្ប ក្នុងទីដែលនាងកើតហើយនោះៗ ភ្លៀងផ្កាម្លិះ ក៏ធ្លាក់មកជានិច្ច ទើបមានឈ្មោះថា សុមនា ដូចដើម ។ កាលដែលនាងមកបដិសន្ធិ ក្នុងព្រះគភ៌របស់ ព្រះអគ្គមហេសីនៃព្រះបាទកោសល ក្នុងថ្ងៃនោះឯង កុមារិកា ៥០០ នាក់ ក៏បដិសន្ធិក្នុងត្រកូលនោះៗ ហើយប្រសូតចាកគភ៌ក្នុងថ្ងៃតែមួយជាមួយគ្នាទាំងអស់ ។ ក្នុងខណៈព្រះរាជធីតាប្រសូតនោះឯង ភ្លៀងផ្កាម្លិះធ្លាក់ចុះប្រមាណត្រឹមជង្គង់ ។
ព្រះរាជា ទតព្រះនេត្រឃើញព្រះធីតា ទ្រង់សប្បាយព្រះហឫទ័យក្រៃលែង ដោយព្រះរាជាទ្រង់ជ្រាបថា ព្រះរាជធីតានេះ ជាអ្នកមានបុណ្យបានសាងទុកមកហើយ ធីតារបស់យើងកាន់យកឈ្មោះរបស់ខ្លួនមក ដោយខ្លួនឯង ទើបទ្រង់ព្រះរាជទានព្រះនាមថា សុមនា ដល់ព្រះរាជធីតារបស់ព្រះអង្គ ។ ព្រះរាជាទ្រង់ ព្រះតម្រិះថា ធីតារបស់យើងប្រាកដជាមិនកើតមកតែម្នាក់ឯងនោះឡើយ ទ្រង់ឲ្យស្វែងរកឃើញមាន ទារិកា ៥០០ នាក់ កើតក្នុងព្រះនគរ ទើបទ្រង់ត្រាស់ឲ្យចិញ្ចឹមទុកទាំងអស់ ហើយត្រូវនាំមកបង្ហាញដល់ ធីតារបស់យើងមួយខែម្តងៗ ។
នៅពេលដែលព្រះរាជធីតា មាននូវព្រះជន្មវស្សាបាន ៧ ខួប លោកសេដ្ឋីអនាថបិណ្ឌិក បានសាងព្រះ ជេតពនមហាវិហារហើយស្រេច ។ កាលដែលបានបញ្ជូនទូតទៅក្រាបទូលដល់ព្រះបរមសាស្តាហើយ ព្រះលោកនាថជាព្រះសុគតសាស្តា មានព្រះភិក្ខុសង្ឃជាបរិវារ ស្តេចយាងចូលកាន់ក្រុងសាវត្ថី ។
អនាថបិណ្ឌិកសេដ្ឋីបានចូលទៅក្រាបទូលដល់ព្រះរាជាថា បពិត្រព្រះមហារាជដ៏ចម្រើន ព្រះពុទ្ធដំណើរ ស្តេចយាងមកកាន់ទីនេះ ជាមង្គលទាំងដល់ខ្ញុំព្រះអង្គ ទាំងដល់ព្រះអង្គជាព្រះរាជា សូមព្រះអង្គទ្រង់ ប្រោសឲ្យព្រះនាងសុមនារាជកុមារី ព្រមដោយកុមារីដទៃជាបរិវារ ៥០០ នាក់ កាន់ក្អមទឹកនិងផ្កាកម្រង គ្រឿងក្រអូបជាដើម ទទួលដំណើរព្រះទសពល ព្រះអង្គ ។ ព្រះរាជាទ្រង់ត្រាស់ថា ល្អហើយ លោកសេដ្ឋី ហើយព្រះអង្គក៏ទ្រង់ចាត់ចែងដូច្នោះ ។ ព្រះរាជធីតា ក៏បានចូលគាល់ព្រះបរមសាសាសម្មាសម្ពុទ្ធ តាម ពាក្យដែលព្រះបិតាទ្រង់ណែនាំ បានបូជាដោយផ្កាកម្រងនិងគ្រឿងក្រអូបជាដើម ហើយប្រថាប់នៅក្នុង ទីដ៏សមគួរមួយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ញ៉ាំងព្រះធីតានិងកុមារីទាំង ៥០០ នាក់ ឲ្យតាំងនៅក្នុងសោតាបត្តិផល ។ ក្នុងរវាងផ្លូវថ្ងៃនោះ មានគ្រហស្ថបានសម្រេចសោតាបត្តិ-ផល ២ ពាន់នាក់ ៕
ក្រោមម្លប់សំពត់កាសាវៈ
នៅក្នុងធម្មបទដ្ឋកថា ព្រាហ្មណវគ្គ មានសម្តែងអំពីដំណើរជីវិតរបស់កុលបុត្រមួយរូប ឈ្មោះសុន្ទរសមុទ្ទកុមារ កើតក្នុងត្រកូលសេដ្ឋី ក្រុងសាវត្ថី មានសម្បត្តិ ៤០ កោដិ ។
ថ្ងៃមួយ សុន្ទរសមុទ្ទកុមារមានសេចក្តីជ្រះថ្លាទៅវត្តស្តាប់ធម៌ជាមួយនឹងមហាជន ។ ព្រះបរមសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យរបស់គេ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងឲ្យគេមានសទ្ធាក្នុងផ្នួស ។ សុន្ទរសមុទ្ទកុមារ ប្រឹងប្រែងខ្លាំងណាស់ ទម្រាំតែមាតាបិតាអនុញ្ញាតឲ្យបួស របៀបដូចកុលបុត្រឈ្មោះរដ្ឋបាល ដូច្នោះដែរ ។
កាលដែលបានបួសហើយ មិនជាប់ជំពាក់នឹងត្រកូល មិនជាប់ជំពាក់នឹងទីកន្លែង លោកបានចេញពីក្រុងសាវត្ថីទៅកាន់ក្រុងរាជគ្រិះ ប្រព្រឹត្តបិណ្ឌបាត ញ៉ាំងកាលឲ្យកន្លងទៅដោយការរស់នៅក្រោមម្លប់កាសាវពស្ត្រ ។
ក្រោមមក ថ្ងៃមួយ មាតាបិតារបស់ព្រះសុន្ទរសមុទ្ទត្ថេរៈនោះ បានឃើញប្រុសៗ ដែលធ្លាប់ជាមិត្តសម្លាញ់របស់ខ្លួន កំពុងតែរីករាយដោយកាមគុណក្នុងគំនរនៃទ្រព្យសម្បតិ្ត ក្នុងថ្ងៃមហោស្រព ក៏នឹករលឹកដល់កូន ប្រាថ្នាឲ្យកូនសប្បាយដូចគេដែរ ។ កាលនោះ មានស្រីសោភិនីម្នាក់ ទៅកាន់ត្រកូលនោះ ឃើញមាតារបស់សុន្ទរសមុទ្ទត្ថេរៈកំពុងអង្គុយយំ ក៏បានសាកសួរ ៖
សោភិនី ៖ ម៉ែ ហេតុអ្វីបានជាម៉ែយំ ?
មាតា ៖ យើងគិតដល់កូន បានជាយើងយំ ។
សោភិនី ៖ ចុះកូនម៉ែ ទៅណា ?
មាតា ៖ បួសក្នុងសម្នាក់ភិក្ខុទាំងឡាយ ។
សោភិនី ៖ បើឲ្យលោកសឹកមកវិញ មិនគួរឬ ?
មាតា ៖ គួរ ប៉ុន្តែលោកមិនចង់សឹក លោកចេញពីសាវត្ថីនេះទៅកាន់ក្រុងរាជគ្រឹះហើយ ។
សោភិនី ៖ បើនាងខ្ញុំធ្វើឲ្យលោកសឹកបាន តើម៉ែឲ្យុអ្វីខ្ញុំ ?
មាតា ៖ ពួកយើងនឹងឲ្យនាងបានជាម្ចាស់នៃកំណប់ទ្រព្យ ក្នុងត្រកូលនេះ ។
សោភិនី ៖ បើដូច្នោះ សូមម៉ែឲ្យប្រាក់មួយចំនួនដល់នាងខ្ញុំ ដើម្បីចាត់ចែងក្នុងរឿងនេះ ។
នាងសោភិនី បានទៅកាន់ក្រុងរាជគ្រឹះ ព្រមដោយបរិវារដ៏ច្រើន កំណត់ផ្លូវបិណ្ឌបាតនៃព្រះថេរៈហើយ ជួលប្រាសាទ ៧ ជាន់ ជាទីសម្នាក់ក្នុងទីនោះ រៀបចំអាហារប្រណីតទុកតាំងពីព្រលឹម ហើយប្រគេនដល់ព្រះថេរៈដែលនិមន្តបិណ្ឌបាត ។ ពីរបីថ្ងៃក្រោយមក បាននិមន្តព្រះថេរៈឲ្យឆាន់នៅនឹងប្រាសាទតែម្តង ។ នាងបានធ្វើល្បិចឲ្យក្មេងមកលេងដី ហើយស្រែកលេងខ្លាំងៗ ហាមមិនស្តាប់ ដើម្បីបានកិច្ចនិមន្តលោកឡើងទៅជាន់លើបំផុត ។ ព្រះថេរៈសូម្បីជាភិក្ខុប្រព្រឹត្តបិណ្ឌបាតជាវត្តយ៉ាងឧក្រិដ្ឋ ក៏ត្រូវជាប់ជំពាក់នឹងរសនៃអាហារ ត្រូវរសតណ្ហាគ្របសង្កត់ ទើបព្រមឡើងទៅលើបា្រសាទជាន់ទី ៧ តាមពាក្យរបស់នាង ។
នាងសោភិនី បានប្រើមាយារបស់ខ្លួនជាស្ត្រី ដោយពាក្យសម្តី ដោយអាកប្បកិរិយាសព្វគ្រប់ នាងតាក់តែងខ្លួនប្រាណ ស្អាតដោយសម្លៀកបំពាក់ ស្អិតស្អាងដោយកម្រងផ្កា មានជើងលាប និង ដុសខាត់ដោយទឹកល័ក្ត ពាក់ស្បែកជើងមាស ។ លុះដោះស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ហើយពោលវាចាចែចង់ ដោយសម្តីដ៏ទន់ពីរោះដូច្នេះថា ៖ លោកនៅកំលោះហើយបួសយ៉ាងនេះ សូមលោកជឿពាក្យរបស់នាងខ្ញុំម្ចាស់ចុះ សូមលោកបរិភោគកាមជារបស់មនុស្សសិន ខ្ញុំព្រះករុណា នឹងប្រគល់នូវសម្បត្តិដ៏ជាទីពេញចិត្តដល់លោក ។ បើលោកមិនជឿ ខ្ញុំសូមស្បថមុខភ្លើង ខ្ញុំព្រះករុណា និយាយនូវពាក្យពិត កាលណាយើងទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួសទាំងអស់គ្នា ដូច្នោះ យើងនឹងកាន់យកបាននូវជ័យជម្នះក្នុងលោកទាំងពីរ ។
គ្រានោះ សេចក្តីសង្វេគបានកើតឡើងដល់ព្រះថេរៈថា ៖ ឱហ្ន៎ ! អំពើដែលយើងធ្វើហើយដោយមិនបានពិចារណា នេះជាកម្មដ៏ធ្ងន់ ។
ក្នុងខណៈនោះ ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅព្រះជេតពន ៤៥ យោជន៍ពីក្រុងរាជគ្រឹះ ទ្រង់បា្ររព្ធរឿងនោះ ហើយទ្រង់ព្រះញញឹមឲ្យបា្រកដ ។ កាលដែលព្រះអានន្ទ ក្រាបទូលសួរ ព្រះអង្គទ្រង់ត្រាស់ថា សង្គ្រាមកើតមានដល់សុន្ទរសមុទ្ទភិក្ខុជាមួយនឹងនាងសោភិនី នៅលើប្រាសាទជាន់ទី ៧ នាក្រុងរាជគ្រឹះ ។ ព្រះអានន្ទក្រាបទូលសួរជាបន្តថា នរណាឈ្នះ ព្រះអង្គ ? ព្រះអង្គត្រាស់ថា បុត្ររបស់តថាគតជាអ្នកឈ្នះ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះជេតពនមហាវិហារនោះឯង ទ្រង់ផ្សាយព្រះរស្មីទៅ ហើយត្រាស់ថា ៖ ម្នាលភិក្ខុ អ្នកចូរអស់អាល័យ ចូរលះនូវកាមទាំងពីរចេញ រួចត្រាស់នូវព្រះគាថា ៖
យោធ កាមេ បហន្ត្វាន អនាគារោ បរិព្វជេ
កាមភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា លះកាមទាំងឡាយក្នុងលោកនេះហើយ ជាបុគ្គលមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានកាមអស់ហើយ និង ជាអ្នកមានភពអស់ហើយ ថាជា ព្រាហ្មណ៍ ។
កាលចប់ព្រះធម៌ទេសនា ព្រះថេរៈសម្រេចព្រះអរហត្ត ព្រមដោយឫទ្ធិ លោកហោះចេញអំពីបា្រសាទ មកថ្វាយបង្គំព្រះបរមសាស្តា ។
