ទិដ្ឋធម្មិកធម៌ ធម៌ដែលនាំឲ្យកើតប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង
ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះ មាន ៤ គឺ៖
១. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា ។
២. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា ។
៣. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា ។
៤. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា ។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។
ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា ។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។
ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់ ។
អត្ថបទដែលទាក់ទង ៖ ជីវិតជាមួយនឹងទ្រព្យសម្បត្តិ,
គុណ និងទោសនៃការប្រើប្រាស់ទ្រព្យសម្បត្តិ
ដកស្រង់ពី វត្តបិដកត្យារាម ក្នុងស្រុក
Posted on 15 ខែកុម្ភៈ, in Uncategorized and tagged ធម៌ពួក ៤, ប្រជុំពួកធម៌. Bookmark the permalink. មតិ 4.

សូមអរគុណដែលបានណែនាំវេបសាយដ៍ដ៏ជាប្រយោជន៍នេះ។
អរគុណដូចគ្នា ដែលបានចូលមកទស្សនា
ជាដំបូងសូមអរព្រះគុណចំពោះការបង្កើតវេបសាយដ៏មានប្រយោជយ៍នេះណាស់។ ខ្ញុំកុណាមានចំងល់ទាក់ទងនឹងឋាន ។ខ្ញុំកុណាធ្លាប់តែលឺថាមាន ឋានលើ ឋានកណ្ដាល ឋានក្រោម។ តើឋានលើមានឋានអ្វីខ្លះ? តើឋានក្រោមមានឋានអ្វីខ្លះ? សំណួរមួយទៀត តើនៅឋានមនុស្សលោកយើងនេះមានពពួកអមនុស្សអ្វីខ្លះដែលរស់នៅលាយឡំ នឹងមនុស្សលោកយើង? សូមព្រះអង្គជួយបំភ្លឺ? សូមអរព្រះគុណ!
ពរសូមចម្រើនពរ
ចំពោះពាក្យថា ឋានលើ ឋានកណ្ដាល ឋានក្រោម នេះជាពាក្យដែលគេនិយាយជាទូទៅ មិនសូវមានប្រើក្នុងផ្លូវព្រះពុទ្ធសាសនាទេ ដោយគេសំដៅយក ឋានលើ បានដល់ ឋានទេវតា ឋានកណ្ដាល បានដល់ ឋានមនុស្ស ឋានក្រោម បានដល់ឋាននរក ។
តែតាមព្រះពុទ្ធសាសនា លោកចែកជាពីរ គឺ ១. សុគតិ បានដល់ ឋានមនុស្ស និងទេវតា សម្រាប់មនុស្សដែលប្រព្រឹត្តកុសលទៅកើត និង ២. អបាយ បានដល់ ឋាននរក ប្រេត តិរច្ឆាន សម្រាប់មនុស្សប្រព្រឹត្តអំពើអាក្រក់ទៅកើត ។
ពពួកអមនុស្សដែលនៅលាយឡំជាមួយនឹងមនុស្សលោកយើង មាន តិរច្ឆាន អសុរកាយ ពួកយក្សមានសក្តិតូច តែមានឫទ្ធិ ស្រដៀងនឹងទេវតា តែមានជីវភាពអត់ឃ្លាន ប្រេតពួកខ្លះ និងភុម្មដ្ឋទេវតា ( អ្នកតា ជាដើម ) ។
សូមអរគុណ