អភិណ្ហប្បច្ចវេក្ខណៈ​ ១០


អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖

១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញ​កាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ

២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្ត​ចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ

៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ

៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?

៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?

៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មាអញតែងមានជាធម្មតា

៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មាអញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំ​ខានឡើយ

៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?

៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?

១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះសព្រហ្មចារីទាំងឡាយសួរក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

ពន្យល់

ពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយ​សរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយ​សរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់​ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬ​អង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះ​ថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំ​បាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោលបាន ។

ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកទីគោរពកោតក្រែង​ក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។

ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាង​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិ-សុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។

ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែងបរិបូណ៌ ។

ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសលកម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។ ពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្ត​សព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជា​អ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់​ដោយឥតអំពើ ៕

About these ads

អំពី អភិរតិ

ខ្ញុំត្រឹមតែជាមនុស្សធម្មតាម្នាក់ មានចំណេះដឹងតិចតួច គ្រាន់តែមានបំណងចែករលែកចំណេះដឹងតិចតួចនោះប៉ុណ្ណោះ

Posted on 29 ខែធ្នូ, in Uncategorized and tagged , , . Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: