បណ្ណសារ ប្រចាំខែ ៖ ខែធ្នូ 2011

ព្រះ​អាទិត្យ​ទៀប​នឹង​អស្តង្គត

 

378674_162218183885499_100002919548444_264452_1301848016_n

 

  • គួរដឹងច្បាស់ចំពោះការមិនទៀងនៃរបស់ទាំងពួង
  • របស់ដែលជាទីស្រឡាញ់ពេញចិត្តក្នុងថ្ងៃនេះ អាចនឹងប្រែប្រួលនៅក្នុងថ្ងៃស្អែក
  • គ្រប់គ្នាគេចមិនផុតអំពីសេចក្តីស្លាប់ ព្រោះចាស់ ឈឺ ស្លាប់ ជាមរតករបស់ជីវិត
  • ពេលស្លាប់ត្រូវព្រាត់ចាកនូវរបស់គ្រប់យ៉ាង អ្វីៗ មិនអាចជាប់ជំពាក់ប្រកាន់ថា ជាតួខ្លួនយើង​តទៅទៀតបានឡើយ ។

អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០

  ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ

  បុត្តេហិ  ទារេហិ  ចតុប្បាទេហិ  ច

  ស  ភោគវា  ហោតិ  យសស្សី  បូជិតោ

  ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ  ។

  បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វ​ជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។

  សទ្ធាយ  សីលេន  ច  យោធ  វឌ្ឍតិ

  បញ្ញាយ  ចាគេន  សុតេន  ចូភយំ

  សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ

  ទិដ្ឋេវ  ធម្មេ  ឧភយេន  វឌ្ឍតិ  ។

  បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈ​ទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុង​បច្ចុប្បន្ននេះឯង ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )

ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖

១. អនាលស្យំ  ឧដ្ឋានំ  ភោគានំ  អាហារោ  សេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ

២. មណ្ឌនា  វិភូសនា  វណ្ណស្ស  អាហារោ  ការប្រដាប់ ការតាក់តែង ជាអាហារ របស់ពណ៌សម្បុរ

៣. សប្បាយកិរិយា  អារោគ្យស្ស  អាហារោ  ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ របស់ភាពមិនមាន​រោគ

៤. កល្យាណមិត្តតា  សីលានំ  អាហារោ  សភាពមិត្តល្អ ជាអាហាររបស់សីល

៥. ឥន្ទ្រិយសំវរោ  ព្រហ្មចរិយស្ស  អាហារោ  ការសង្រួមឥន្ទ្រិយ ជាអាហាររបស់ព្រហ្មចរិយៈ

៦. អវិសំវាទនា  មិត្តានំ  អាហារោ  ការមិនពោលពាក្យខុស ជាអាហារ របស់មិត្តទាំងឡាយ

៧. សជ្ឈាយកិរិយា  ពាហុសច្ចស្ស  អាហារោ  ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហារ របស់ភាពជាអ្នក​ចេះដឹងច្រើន

៨. សុស្សូសា  បរិបុច្ឆា  បញ្ញាយ  អាហារោ  ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា

៩. អនុយោគោ  បច្ចវេក្ខណា  ធម្មានំ  អាហារោ  ការប្រកបរឿយៗ ការពិចារណា ជាអាហាររបស់ធម៌​ទាំងឡាយ

១០. សម្មាបដិបត្តិ  សគ្គានំ  អាហារោ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )

អត្ថបទទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក, ធម៌ ១០​ នាំឲ្យអន្តរាយដល់ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក

ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលកម្រ​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖

១. អាលស្យំ  អនុដ្ឋានំ  ភោគានំ  បរិបន្ថោ  ការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ

២. អមណ្ឌនា  អវិភូសនា  វណ្ណស្ស  បរិបន្ថោ  ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ

៣. អសប្បាយកិរិយា  អារោគ្យស្ស  បរិបន្ថោ  ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិន​មានរោគ

៤. បាបមិត្តតា  សីលានំ  បរិបន្ថោ  មិត្តលាមក នាំឲ្យអន្តរាយដល់សីល

៥. ឥន្ទ្រិយាសំវរោ  ព្រហ្មចរិយស្ស  បរិបន្ថោ  ការមិនសង្រួមនូវឥន្ទ្រិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ

៦. វិសំវាទនា  មិត្តានំ  បរិបន្ថោ  ការពោលពាក្យខុស នាំឲ្យអន្តរាយដល់ពួកមិត្ត

៧. អសជ្ឈាយកិរិយា  ពាហុសច្ចស្ស  បរិបន្ថោ  ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាព​ចេះដឹងច្រើន

៨. អស្សុស្សុសា អបរិបុច្ឆា  បញ្ញាយ  បរិបន្ថោ  ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា

៩. អននុយោគោ  អប្បច្ចវេក្ខណា  ធម្មានំ  បរិបន្ថោ  ការមិនប្រកបរឿយៗ ការមិនពិចារណា នាំឲ្យ​អន្តរាយដល់ធម៌ទាំងឡាយ

១០. មិច្ឆាបដិបត្តិ  សគ្គានំ  បរិបន្ថោ  សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )

អត្ថបទដែលទាក់ទង ៖ ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក

ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖

១. ភោគា         ភោគៈ

២. វណ្ណោ         ពណ៌សម្បុរ

៣. អារោគ្យំ      ការមិនមានរោគ

៤. សីលានិ       សីល

៥. ព្រហ្មចរិយំ   ព្រហ្មចរិយៈ

៦. មិត្តា             មិត្ត

៧. ពាហុសច្ចំ     សភាពជាអ្នកចេះដឹងច្រើន

៨. បញ្ញា            បញ្ញា

៩. ធម្មោ            ធម៌ [ លោកុត្តរធម៌ ៩ ]

១០. សគ្គា          ឋានសួគ៌

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )

អភិណ្ហប្បច្ចវេក្ខណៈ​ ១០

អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖

១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញ​កាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ

២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្ត​ចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ

៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ

៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?

៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?

៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មាអញតែងមានជាធម្មតា

៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មាអញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំ​ខានឡើយ

៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?

៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?

១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះសព្រហ្មចារីទាំងឡាយសួរក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

ពន្យល់

ពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយ​សរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយ​សរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់​ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬ​អង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះ​ថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំ​បាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោលបាន ។

ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកទីគោរពកោតក្រែង​ក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។

ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាង​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិ-សុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។

ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែងបរិបូណ៌ ។

ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសលកម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។ ពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្ត​សព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជា​អ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់​ដោយឥតអំពើ ៕

បន្លា​ ១០

កណ្តកោ បន្លា មាន ១០ យ៉ាង គឺ

១. បវិវេការាមស្ស  សង្គណិការាមតា  កណ្តកោ  សភាពជាអ្នកត្រេកអរក្នុងពួកគណៈ ជាបន្លា​របស់បុគ្គលដែលមានសេចក្តីស្ងប់ស្ងាត់ជាទីត្រេកអរ

២. អសុភនិមិត្តានុយោគំ  អនុយុត្តស្ស  សុភនិមិត្តានុយោគោ  កណ្តកោ  ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់បុគ្គលដែលប្រកបរឿយៗ នូវអសុភនិមិត្ត

៣. ឥន្ទ្រិយេសុ  គុត្តទ្វារស្ស  វិសូកទស្សនំ  កណ្តកោ  ការមើលនូវសត្រូវ គឺល្បែងផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុងឥន្ទ្រិយទាំងឡាយ

៤. ព្រហ្មចរិយស្ស  មាតុគ្គាមុបចារោ  កណ្តកោ  ការត្រាច់ទៅជិតមាតុគ្រាម ជាបន្លារបស់ព្រហ្មចរិយៈ

៥. បឋមស្ស  ឈានស្ស  សទ្ទោ  កណ្តកោ  សំឡេង ជាបន្លារបស់បឋមជ្ឈាន

៦. ទុតិយស្ស  ឈានស្ស  វិតក្កវិចារា  កណ្តកា  វិតក្ក និងវិចារ ជាបន្លារបស់ទុតិយជ្ឈាន

៧. តតិយស្ស  ឈានស្ស  បីតិ  កណ្តកោ  បីតិ ជាបន្លារបស់តតិយជ្ឈាន

៨. ចតុត្ថស្ស  ឈានស្ស  អស្សាសប្បស្សាសា  កណ្តកា  អស្សាសប្បស្សាសៈ ( ខ្យល់ដកដង្ហើម​ចេញ និងខ្យល់ដកដង្ហើមចូល ) ជាបន្លារបស់ចតុត្ថជ្ឈាន

៩. សញ្ញាវេទយិតនិរោធសមាបត្តិយា  សញ្ញា  ច  វេទនា  ច  កណ្តកា  សញ្ញា និងវេទនា ជាបន្លា​របស់សញ្ញាវេទយិតនិរោធសមាបត្តិ

១០. រាគោ  កណ្តកោ  ទោសោ  កណ្តកោ  មោហោ  កណ្តកោ  រាគៈ ជាបន្លា ទោសៈ ជាបន្លា មោហៈ ជាបន្លា

( ស្រង់ចាកអង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៤-២៩៥ )

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០

ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ

១. អប្បិច្ឆកថា       និយាយអំពីសេចក្តីប្រាថ្នាតិច

២. សន្តុដ្ឋិកថា       និយាយអំពីសេចក្តីសន្តោស

៣. បវិវេកកថា      និយាយអំពីសេចក្តីស្ងប់ស្ងាត់

៤. អសំសគ្គកថា    និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ

៥. វីរិយារម្ភកថា     និយាយអំពីប្រារព្ធសេចក្តីព្យាយាម

៦. សីលកថា          និយាយអំពីសីល

៧. សមាធិកថា       និយាយអំពីសមាធិ

៨. បញ្ញាកថា          និយាយអំពីបញ្ញា

៩. វិមុត្តិកថា           និយាយអំពីវិមុត្តិ

១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ

( ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )

ឋានៈដែលគួរសរសើរ មាន ១០ គឺ

១. ឥធ  ភិក្ខវេ  ភិក្ខុ  អត្តនា  ច  អប្បិច្ឆោ  ហោតិ  អប្បិច្ឆកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ   ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង

២. អត្តនា  ច  សន្តុដ្ឋោ  ហោតិ  សន្តុដ្ឋិកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ ភិក្ខុជាអ្នកសន្តោស ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង

៣. អត្តនា  ច  បវិវិត្តោ  ហោតិ  បវិវេកកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សម្តែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង

៤. អត្តនា  ច  អសំសដ្ឋោ  ហោតិ  អសំសដ្ឋកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកមិនច្រឡូក​ច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយ​ផង

៥. អត្តនា ច អារទ្ធវីរិយោ  ហោតិ  វីរិយារម្ភកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកមានព្យាយាម​ប្រារព្ធហើយ ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង

៦. អត្តនា  ច  សីលសម្បន្នោ  ហោតិ  សីលសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយសីល ដោយខ្លួនឯងផង សម្តែងអំពីសេចក្តីបរិបូណ៌ដោយសីល  ដល់ភិក្ខុទាំងឡាយផង

៧. អត្តនា  ច  សមាធិសម្បន្នោ  ហោតិ  សមាធិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជា​អ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយសមាធិ   ដល់ភិក្ខុទាំងឡាយផង

៨. អត្តនា  ច  បញ្ញាសម្បទា  ហោតិ  បញ្ញាសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង

៩. អត្តនា  ច  វិមុត្តិសម្បន្នោ  ហោតិ  វិមុត្តិសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នក​បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង

១០. អត្តនា  ច  វិមុត្តិញ្ញាណទស្សនសម្បន្នោ  ហោតិ  វិមុត្តិញ្ញាណទស្សនសម្បទាកថញ្ច  ភិក្ខូនំ  កត្តា  ហោតិ  ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការ​បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង

នេះជាឋានៈដែលគួរសរសើរ ទាំង ១០ ប្រការ ដូចបានពោលមកហើយ ។

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២-២៨៦ )

អត្ថបទដែលទាក់ទង ៖ តិរច្ឆានកថា

តិរច្ឆានកថា

ពាក្យនិយាយដែលគ្មានប្រយោជន៍, ជំទាស់នឹងផ្លូវសួគ៌និព្វាន លោកហៅថា តិរច្ឆានកថា ដូចមានវចនត្ថសម្តែង​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យនិយាយដែលជំទាស់នឹងសួគ៌មគ្គផល និងនិព្វាន ហៅថា តិរច្ឆានកថា” តិរច្ឆានកថាទាំងនោះ មានមកក្នុងព្រះបាលី ( ព្រះត្រៃបិដក ) ដូចតទៅនេះ ៖

រាជកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា

ចោរកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចោរ

មហាមត្តកថា  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងមហាមាត្យ

សេនាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងកងទ័ព

ភយកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងភយន្តរាយ

យុទ្ធកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងចម្បាំង [ មានចម្បាំងរបស់មហាភារតៈជាដើម ]

អន្នកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអាហារ

បានកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទឹកបាន

វត្ថកថា            ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសំពត់

សយនកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងទីដេក

មាលាកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងផ្កាកម្រង

គន្ធកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងគ្រឿងក្រអូប

ញាតិកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសាច់ញាតិបងប្អូន

យានកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងយានពាហនៈ

គាមកថា         ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្រុក

និគមកថា       ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនិគម

នគរកថា        ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងនគរ

ជនបទកថា    ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងរដ្ឋ ឬប្រទេស

ឥត្ថិកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងស្ត្រី

( បុរិសកថា     ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងបុរស )

សូរកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងវីរបុរស ( អ្នកក្លាហាន )

វិសិខាកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងថ្នល់, ច្រក, ផ្លូវបំបែក

កុម្ភដ្ឋានកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងអណ្តូងទឹក កំពង់ទឹក ឬនាងកុម្ភទាសី

បុព្វបេតកថា   ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងញាតិដែលបាត់បង់ជីវិតទៅហើយ

នានត្តកថា      ពាក្យនិយាយដែលគ្មានប្រយោជន៍មានប្រការផ្សេងៗ

លោកក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោក

សមុទ្ទក្ខាយិកំ  ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងសមុទ្រ

ឥតិភវាភវកថា ពាក្យនិយាយដែលគ្មានប្រយោជន៍ទាក់ទងនឹងលោកចម្រើន ព្រោះហេតុនេះ និងលោក​វិនាសព្រោះហេតុនេះ

ពន្យល់

រាជកថា
ពាក្យនិយាយគ្មានប្រយោជន៍ទាក់ទងនឹងព្រះរាជា ដូចជានិយាយថា “ព្រះរាជាអង្គនោះទ្រង់មានរូប​ស្អាត” បើជា​ការនិយាយដើម្បីឲ្យកើតសេចក្តីសង្វេគតក់ស្លុត ក៏អាចនិយាយបាន ដូចជានិយាយថា “សូម្បីព្រះរាជាអង្គនោះ ជាអ្នកមានអំណាចលើប្រឹថពី តែក្នុងទីបំផុតក៏មិនអាចគេចផុតពីសេចក្តីស្លាប់” សូម្បីក្នុងតិរច្ឆានកថាក្រៅពីនេះ ក៏មានន័យដូចគ្នា ។

អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បីជ្រាបថា បើជាការនិយាយដល់ការធ្វើបុណ្យទាន ដោយវត្ថុទាំងនោះ រមែងសម​គួរ ។

ញាតិកថា
បើជាការនិយាយលើកសរសើរសាច់ញាតិបងប្អូនរបស់ខ្លួន រមែងមិនសមគួរ តែបើជាការនិយាយដែលនាំមកនូវ​សេចក្តីសង្វេគតក់ស្លុត រមែងសមគួរ ។

គាមកថា
បើជាពាក្យនិយាយលើកសរសើរ ឬតិះដៀលអ្នកស្រុកក្នុងស្រុកឯណោះ ឬអ្នកស្រុកឯណេះ រមែងមិនគួរ តែបើជា​ការនិយាយអំពីគុណធម៌ ដូច អ្នកស្រុកក្នុងស្រុកនេះមានសទ្ធា ជាដើម រមែងគួរ ។

និគម សំដៅដល់ ទីប្រជុំជនដែលមានផ្សារ តែមិនមានកំពែង

នគរ សំដៅដល់ ទីប្រជុំជនដែលមានផ្សារ មានកំពែងព័ទ្ធជុំវិញ ។

ឥត្ថិកថា
បើជាការពោលសរសើរគុណធម៌ សេចក្តីល្អ ដូច ស្រីជាអ្នកមានសីល មានសទ្ធា ជាដើម រមែងគួរ ។

បុរិសកថា
បទថា បុរិសកថា គប្បីជ្រាបថា មិនមានក្នុងព្រះត្រៃបិដកច្បាប់ឆដ្ឋសង្គាយនា ព្រោះលោកសង្គ្រោះចូលក្នុងបទ​ថា សូរកថា ហើយ ទោះជាយ៉ាងណាក៏ដោយ ព្រោះច្បាប់ខ្លះមានបទនេះ ទើបដាក់នៅក្នុងរង្វង់ក្រចកទុក

វិសិខាកថា
វិសិខាកថា សំដៅរួមដល់ ការសរសើរមនុស្សដែលនៅតាមថ្នល់, ច្រក, ផ្លូវ ថាជាមនុស្សពូកែ មានសមត្ថភាពជា​ដើមផង

តិរច្ឆានកថា ៣២

ក្នុងគម្ពីរអដ្ឋកថា ដូច អដ្ឋកថានៃមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​ចែកឥតិភវាភវកថា ចេញជា ៦ កថា គឺ

១. ឥតិសស្សតភវកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកទៀង ព្រោះហេតុនេះ

២. ឥតិឧច្ឆេទអភវកថា          ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកដាច់សូន្យ ព្រោះហេតុនេះ

៣. ឥតិវុឌ្ឍិកថា                     ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកចម្រើន ព្រោះហេតុនេះ

៤. ឥតិហានិកថា                    ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកវិនាស ព្រោះហេតុនេះ

៥. ឥតិកាមសុខកថា               ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាសុខ ព្រោះហេតុនេះ

៦. ឥតិអត្តកិលមថកថា           ពាក្យនិយាយដែលគ្មានប្រយោជន៍ថា លោកជាទុក្ខ ព្រោះហេតុនេះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា

ក្នុងសីលក្ខន្ធវគ្គ អភិនវដីកា ចែកតិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យដំបូង ត្រូវនឹងមតិអដ្ឋកថាខាងដើម ចំណែកន័យទី ២ ចែកទុកដោយចែកឥតិភវាភវកថា​ ចេញជា ២ កថាប៉ុណ្ណោះ គឺ ឥតិភវកថា និងឥតិអភវកថា ហើយបន្ថែមកថាដែលមិនមានក្នុងព្រះបាលីដោយត្រង់ ៤ កថាទៀត គឺ

១. អរញ្ញកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងព្រៃ

២. បព្វតកថា                         ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងភ្នំ

៣. នទីកថា                            ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងស្ទឹង

៤. ទីបកថា                             ពាក្យនិយាយដែលគ្មានប្រយោជន៍ ទាក់ទងនឹងកោះ

រួមនឹងតិរច្ឆានកថាដែលមកក្នុងព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំងគម្ពីរអដ្ឋកថា និងដីកា មិនបាន​សម្តែងបុរិសកថា ទុកក្នុងកថាទាំង ៣២ នេះ ៕

សញ្ញា​ ១០

សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅ​កាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការនោះ​ គឺ៖

១. អសុភសញ្ញា         សម្គាល់ថាមិនស្អាត

២. មរណសញ្ញា         សម្គាល់ក្នុងសេចក្តីស្លាប់

៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ

៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងអស់

៥. អនិច្ចសញ្ញា           សម្គាល់ថាមិនទៀង

៦. អនិច្ចេ ទុក្ខសញ្ញា   សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង

៧. ទុក្ខេ អនត្តសញ្ញា   សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ

៨. បហានសញ្ញា          សម្គាល់ថា គួរលះបង់

៩. វិរាគសញ្ញា           សម្គាល់ការប្រាសចាកតម្រេក

១០. និរោធសញ្ញា        សម្គាល់ការរលត់

ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖

១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា

៦. អដ្ឋិកសញ្ញា            សម្គាល់អសុភដែលមានតែរាងឆ្អឹង

៧. បុឡុវកសញ្ញា          សម្គាល់អសុភដែលមានដង្កូវចុះ

៨. វិនីលកសញ្ញា          សម្គាល់អសុភដែលមានពណ៌ខៀវ

៩. វិច្ឆិទ្ទកសញ្ញា           សម្គាល់អសុភដែលដាច់ជាកំណាត់

១០. ឧទ្ធុមាតកសញ្ញា    សម្គាល់អសុភដែលហើមប៉ោង

( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២២៩-២៣០ )

សញ្ញា ១០ ប្រការ ក្នុងគិរិមានន្ទសូត្រ

សញ្ញា ១០ ប្រការ មានសម្តែងក្នុងគិរិមានន្ទសូត្រ គឺ អនិច្ចសញ្ញា, អនត្តសញ្ញា, វិរាគសញ្ញា, និរោធសញ្ញា, សព្វ-លោកេ អនភិរតសញ្ញា, សព្វសង្ខារេសុ អនិច្ចសញ្ញា, អានាបានស្សតិ ។

ភិក្ខពិចារណាឃើញរឿយៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ ( រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ) នេះ​ហៅថា អនិច្ចសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ហៅថា អនត្តសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថា មិនល្អ ក្នុងរូបកាយ​ នេះ ហៅថា អសុភសញ្ញា

ភិក្ខុពិចារណាឃើញរឿយៗ ថាជាទោស ក្នុងរូបកាយ នេះ ហៅថា អាទីនវសញ្ញា

ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត ឬដែលកើតឡើង ក៏ធ្វើឲ្យវិនាសទៅវិញ នូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហឹសាវិតក្ក នេះហៅថា បហានសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា វិរាគសញ្ញា

ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា និរោធសញ្ញា

ឧបាយ ( គឺតណ្ហានិងទិដ្ឋិ ) ឧបាទាន ( គឺសេចក្តីប្រកាន់មាំ ) អភិនិវេសៈ ( គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ) អនុស័យ ( គឺកិលេសដែលដេកនៅរឿយៗ ក្នុងសត្តសន្តាន ) ណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះ​បង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ ( ចាកបាបធម៌ទាំងនោះ ) បាន នេះ​ហៅថា សព្វលោកេ អនភិរតសញ្ញា

ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង នេះហៅថា សព្វសង្ខារេសុ អនិច្ច-សញ្ញា

ភិក្ខុកំណត់ដឹងនូវខ្យល់ដកដង្ហើម និងខ្យល់ដកដង្ហើមចេញ នេះហៅថា អានាបានស្សតិ

អត្ថបទដែលទាក់ទង ៖ សញ្ញា ៧ ប្រការ

មច្ចុ​នាំ​អ្នក​វង្វេង​ ឲ្យ​នៅ​ក្នុង​អំណាច​របស់​ខ្លួន

ព្រះគាថានេះ ព្រះអង្គទ្រង់ប្រារព្ធចំពោះនាងបតិបូជិកា

បុប្ផានិហេវ  បចិនន្តំ                        ព្យាសត្តមនសំ  នរំ

អតិត្តំយេវ  កាមេសុ                       អន្តកោ  កុរុតេ  វសំ  ។

មច្ចុរាជរមែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ជាអ្នកកំពុងតែជ្រើសរើសយកផ្កាឈើ​ទាំងឡាយ គឺបញ្ចកាមគុណ ជាអ្នកមិនចេះឆ្អែតក្នុងកាមទាំងឡាយ ឲ្យចូលកាន់អំណាចរបស់ខ្លួន ។

អធិប្បាយ

បុប្ផានិហេវ បចិនន្តំ អ្នករវល់តែជ្រើសរើសនូវផ្កាឈើ គឺកាមគុណទាំងឡាយ ដែលជាប់ដោយអត្តភាព និងជាប់​ដោយគ្រឿងឧបភោគ ដូចនាយមាលាការ ជ្រើសរើសនូវផ្កាឈើផ្សេងៗ នៅក្នុងសួនច្បារដូច្នោះ ។

ព្យាសត្តមនសំ នរំ អ្នកមានចិត្តរាយមាយ ដោយអាការផ្សេងៗ ក្នុងអារម្មណ៍ដែលមិនទាន់មកដល់ហើយ ដោយ​អំណាចនៃសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ដែលមកដល់ហើយ ដោយអំណាចនៃសេចក្តីត្រេកអរ ។

អតិត្តំយេវ កាមេសុ អ្នកមិនចេះឆ្អែតឆ្អន់ក្នុងវត្ថុកាម និងកិលេសកាមទាំងឡាយនុ៎ះឯង ដោយការស្វែងរកខ្លះ ដោយការបានខ្លះ ដោយការប្រើប្រាស់ខ្លះ ដោយការថែរក្សាខ្លះ ។

អន្តកោ កុរុតេ វសំ មច្ចុពោលគឺមរណៈ នាំនរជនដែលកន្ទក់កន្ទេញ ទួញយំ រៀបរាប់មកក្នុងអំណាចរបស់ខ្លួន។

ទុក្ខ​សោក​ កើត​ឡើង​ព្រោះ​តម្រេក

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះស្តេចលិច្ឆវី

រតិយា  ជាយតេ  សោកោ                     រតិយា  ជាយតេ  ភយំ

រតិយា  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា រតិ ( តម្រេក ) បានដល់ តម្រេកក្នុងកាមគុណ ៥ ។ [ សេចក្តីសោក និងភ័យ កើតឡើងព្រោះតម្រេក​ក្នុងកាមគុណ ៥ នោះ ] ។

ទុក្ខ​សោក​ កើត​ឡើង​ព្រោះ​អាស្រ័យ​សេចក្តី​ស្រឡាញ់

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឧបាសិកាវិសាខា

បេមតោ  ជាយតេ  សោកោ                     បេមតោ  ជាយតេ  ភយំ

បេមតោ  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា បេមតោ បានដល់ សេចក្តីស្រឡាញ់ក្នុងបុត្រ និងធីតាជាដើម ។

ទុក្ខ​សោក​ កើត​ឡើង​អំពី​កាម

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះអន្តិត្ថិគន្ធកុមារ

កាមតោ  ជាយតេ  សោកោ                     កាមតោ  ជាយតេ  ភយំ

កាមតោ  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា កាម បានដល់ វត្ថុកាម និងកិលេសកាម អធិប្បាយថា សេចក្តីសោកក្តី ភ័យក្តី រមែងអាស្រ័យកាមទាំងពីរ​នោះ កើតឡើង ។

ទុក្ខ​សោក​​ កើត​ឡើង​ព្រោះ​សត្វ​និង​សង្ខារ

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះកុដុម្ពិកម្នាក់

បិយតោ  ជាយតេ  សោកោ                     បិយតោ  ជាយតេ  ភយំ

បិយតោ  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់​ហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា បិយតោ ជាដើម សេចក្តីថា សេចក្តីសោកក្តី ភ័យក្តី ដែលមានវដ្តៈជាមូល កាលនឹងកើតឡើង រមែង​អាស្រ័យសត្វ និងសង្ខារដែលជាទីស្រឡាញ់ប៉ុណ្ណោះ, តែសេចក្តីសោក និងភ័យ ទាំងពីរនោះ រមែងមិនមានដល់​ការរួចផុតចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់នោះបានហើយ ។

គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ

ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្តីពិត ត្រួតត្រាពិនិត្យនូវសេចក្តីនៃព្រះពុទ្ធភាសិត ជាអ្នកយល់​ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ ៖

១. ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿ​ងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ ។

២. យល់ត្រូវថា ផលសម្រេចដែលខ្លួនត្រូវការ ទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់ រមែងសម្រេចបានដោយការ​ចុះដៃធ្វើខ្លួនឯង ត្រូវពឹងលើខ្លួនឯងពឹងលើការព្យាយាមព្រមដោយប្រាជ្ញាស្មារតី មិនរង់ចាំជោគជតារាសីឬសង្ឃឹម​ផលដោយការអង្វរករ បួងសួងសែនព្រេនចំពោះអ្វីៗ ជាបច្ច័យខាងក្រៅឡើយ ។

៣. មានការទទួលខុសត្រូវចំពោះខ្លួនឯង ដោយការវៀរចាកនូវអំពើអាក្រក់ រក្សាខ្លួនដោយការមិនធ្វើបាប មិន​មែនធ្វើអាក្រក់ហើយ ស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះ ឬរកអ្នកដទៃមកទទួលទោសជំនួសនោះទេ ។ ម្យ៉ាងទៀត មានការទទួលខុសត្រូវចំពោះអ្នកដទៃ ដោយការធ្វើនូវអំពើល្អដល់គេ ព្រោះថាសត្វលោកគ្រប់គ្នាធ្វើ​អ្វីៗ គ្រប់យ៉ាងមកពីចង់បានសុខ ចង់បានប្រសើរ ដូច្នេះ ទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់ មិនត្រឹម​តែប៉ុណ្ណោះ ក្នុងបណ្តាសត្វលោកទាំងនោះ មានអ្នកមានគុណដោយប្រការផ្សេងៗ រាប់មិនអស់ផងដែរ ទើបត្រូវ​មាននូវកតញ្ញុតាធម៌ ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស ។

៤. យល់ត្រូវថា មនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការផ្សេងៗ ក្នុងការសាងខ្លួនឯងឲ្យបានល្អឡើងរហូត​ដល់ថ្នាក់ប្រសើរជាងទេវតាឥន្ទព្រហ្មទៅទៀត ។

៥. យល់ត្រូវថា គុណធម៌ក្តី សមត្ថភាពក្តី ការបដិបត្តិក្តី គឺជាគ្រឿងវាស់នូវភាពប្រសើរឬភាពអន់ថយរបស់មនុស្ស មិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ ។

៦. មិនចេះតែសម្លឹងមើលទៅទោសអ្នកដទៃនោះទេ គឺមានការសិក្សាចំពោះជីវិត ឃើញច្បាស់នូវកម្មចាស់ដែល​ឲ្យផលក្នុងបច្ចុប្បន្ន កំណត់យកជាការរៀនសូត្រ ពោលគឺចេះពិចារណា យល់ខ្លួនឯងតាមហេតុផល ។

៧. មានការសម្លឹងមើលភូមិឋាន គឺចិត្តសន្តានរបស់ខ្លួនដែលមាននៅក្នុងបច្ចុប្បន្ន ផ្នែកណាដែលមិនល្អ ក៏ហ្វឹក​ហាត់កែប្រែបន្តិចម្តងៗ រៀបចំដាក់ផែនការកម្ចាត់បាបអកុសលឲ្យអស់ពីសន្តាន បើផ្នែកណាដែលល្អ ក៏ចេះតែ​សន្សំចម្រើន កពូននូវគុណធម៌ យកគុណធម៌ជាខ្លឹមសារនៃជីវិត ។

៨. មានការដឹងច្បាស់ថា វាមិនមានអនាគតជាតិណា ក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈៗ នេះឡើយ ដូច្នេះ​ហើយ អំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំ គឺជាការសាងនូវគុណភាពរបស់ចិត្ត ឬគុណភាពនៃជីវិត ធ្វើឲ្យជីវិត​ដែលបន្តរហូតទៅមុខដល់ជាតិក្រោយ ជាជីវិតដែលល្អក្រៃលែងឡើងៗ ។ តាមពិតមិនមានការរីករាយណាក្នុង​ដំណើរជីវិតឲ្យដូចជាការរួមដំណើរជាមួយនឹងខ្លួនឯង ដែលជាមនុស្សល្អនោះទេ ។

៩. មានការថែរក្សានូវគុណធម៌ផ្សេងៗ ដូចជាគេរក្សានូវទ្រព្យដ៏មានតម្លៃ ពុំនោះសោត គឺដូចជាការរក្សាកូនចៅ អវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើម ។ តាមពិត កិលេសដែលនៅមិនទាន់បានលះ វាអាចឲ្យយើងទៅជាមនុស្ស​អាក្រក់បាន ប៉ុន្តែដោយសារយើងរក្សាធម៌ ទើបធម៌រក្សាមិនឲ្យយើងទៅជាមនុស្សអាក្រក់ហ្នឹងឯង ។

១០. ឧស្សាហ៍ព្យាយាម ទទួលយកនូវព្រះពុទ្ធវចនៈមកដាក់ខ្លួន ព្រោះបានដឹងថា មិនមានសម្បត្តិអ្វីដែលមាន​តម្លៃឲ្យដូចជា ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធឡើយ ។

មរតក​របស់​ម៉ែ​ឪ

មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា “ខ្លួនជាមនុស្សអភ័ព្វ ព្រោះម៉ែឪ ជីដូនជីតាមិនបានឲ្យនូវមរតក​ដូចជាអ្នកដទៃ ម៉្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង” ។

តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសទៅលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតក​ពីបុព្វជនរបស់ខ្លួនដូចៗ គ្នា គឺបានអវយវៈខ្លួនប្រាណដៃជើងក្បាលមុខមាត់ រហូតដល់សតិបញ្ញាដែលមាតាបិតា​បានបង្វឹកបង្ហាត់ ។ តិចគ្នាណាស់ដែលកើតមកហើយ ត្រូវពិកល្យពិការខុសធម្មតានោះ ។

អវយវៈរាងកាយព្រមដោយសតិបញ្ញាដែលគ្រប់គ្នាបានមាននេះនោះ ជាសម្បត្តិដ៏ប្រសើរជាទីបំផុត គឺវិសេសជាង​ទ្រព្យមរតកណាៗ ទាំងអស់ ព្រោះគ្រប់គ្នាបានប្រើសម្បត្តិដែលជាប់តាមខ្លួននេះ ធ្វើការចិញ្ចឹមជីវិតខ្លួនឯងបានជា​រៀងរហូត ទាំងជាគ្រឿងសាងសេចក្តីសុខដែលពិតប្រាកដឲ្យដល់ខ្លួនឯងទៀតផង ។

មាសប្រាក់ផ្ទះសំបែងទីកន្លែងស្រែចម្ការ ដែលសន្មតថាជាសម្បត្តិនោះ រមែងមានវិបត្តិផ្លាស់ប្តូរប្រែប្រួលជាខាង​ក្រោយ ទាំងមិនអាចនាំយកទៅទិញដូរឲ្យបាននូវសេចក្តីស្ងប់ចិត្តផងឡើយ ។ ចំណែករាងកាយសតិបញ្ញាជា​ទ្រព្យសម្បត្តិជាប់តាមខ្លួន បើអ្នកមានបញ្ញានាំយកទៅប្រើឲ្យជាប្រយោជន៍ រមែងទទួលបាននូវសេចក្តីស្ងប់ចិត្ត ដែលចាត់ថាជាសេចក្តីសុខដែលពិតប្រាកដរហូតតទៅ ។

ព្រោះដូច្នោះ យើងចូររីករាយចិត្តក្នុងសម្បត្តិដែលខ្លួនមានដោយការនឹករលឹកយ៉ាងធ្ងន់ចិត្តថា “រាងកាយ អវយវៈ សតិបញ្ញា និងជីវិត ទាំងអស់នេះសុទ្ធតែជាមរតករបស់មាតាបិតានៃយើង ដែលលោកបានប្រគល់ឲ្យមក” ហើយ​ចូរព្យាយាម ប្រើប្រាស់គ្រប់យ៉ាងនូវរបស់ដែលមានឲ្យកើតប្រយោជន៍ពិតប្រាកដដល់ខ្លួនឯង កុំរវល់តែអង្គុយគិត ដេកគិត ហើយអន់ចិត្តថាខ្លួនអភ័ព្វ ដែលវាជាការនាំឲ្យខូចពេលវេលា ប្រាសចាកនូវប្រយោជន៍ ។

ក្រ​ ៤​ យ៉ាង

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះឯរកបត្តនាគរាជ

កិច្ឆោ  មនុស្សប្បដិលាភោ               កិច្ឆំ  មច្ចាន  ជីវិតំ

កិច្ឆំ  សទ្ធម្មស្សវនំ                             កិច្ឆោ  ពុទ្ធានមុប្បាទោ  ។

ការបានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅរបស់សត្វទាំងឡាយ ជាការក្រ ការបានស្តាប់ព្រះសទ្ធម្ម ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។

អធិប្បាយ

ឈ្មោះថា ការបានអត្តភាពជាមនុស្ស ឈ្មោះថា ជាការក្រ គឺរកបានដោយកម្រ ព្រោះភាពជាមនុស្ស បុគ្គលត្រូវ​បានដោយសេចក្តីព្យាយាមដ៏ច្រើន ដោយកុសលដ៏ច្រើន ។

ជីវិតរបស់សត្វទាំងឡាយ ក៏ឈ្មោះថា ជាការក្រ ព្រោះធ្វើការងារ មានកសិកម្មជាដើមញឹកញាប់ ដើម្បីចិញ្ចឹមជីវិត និងព្រោះជីវិត ជារបស់មានប្រមាណតិច ។

ការស្តាប់ព្រះសទ្ធម្ម ក៏ឈ្មោះថាជាការក្រ ព្រោះកម្រមានបុគ្គលដែលចេះសម្តែងធម៌ដ៏កម្ររក ក្នុងប្រមាណនៃ​កោដិ​កប្ប មិនមែនតិច ។

មួយទៀត ការឧប្បតិ្តក ( កើតឡើង ) នៃព្រះពុទ្ធទាំងឡាយ ក៏ជាការកម្រដូចគ្នា ព្រោះអភិនីហារ បារមីសម្រេច​ដោយសេចក្តីព្យាយាមច្រើន និងព្រោះការកើតឡើងនៃលោកអ្នកមានអភិនីហារ បារមីដែលសម្រេចហើយ ជាការ​កើតឡើងបានដោយកម្រ ដោយពាន់នៃកោដិកប្ប ។

ប្រយោជន៍​សម្រាប់​ជីវិត

គោលធម៌ដែលញ៉ាំងជីវិតឲ្យស្ថិតនៅក្នុងប្រយោជន៍ ដែលហៅថា អត្ថ មានបីយ៉ាង គឺ ៖

១. ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន ឬប្រយោជន៍ដែលទាក់ទងនៅក្នុងជីវិតប្រចាំថ្ងៃ ជាប្រយោជន៍ដើម ជាកាំ​ជណ្តើរទី ១ ទាក់ទងនឹងការងារសម្រាប់រស់ មានទ្រព្យ មានកេរ្តិ៍ឈ្មោះ មានយស មានមិត្ត សុទ្ធតែល្អប្រសើរទាំង​ការចិញ្ចឹមជីវិតក៏ស្មើ មានតុល្យភាពក្នុងចំណូលចំណាយ ជាពិសេសសំខាន់គឺ ប្រឹងប្រែងស្វែងរកទ្រព្យដោយការ​ងារសុចរិត ។

២. សម្បរាយិកត្ថ ប្រយោជន៍ក្នុងលោកខាងមុខ ឬប្រយោជន៍ខាងផ្នែកគុណតម្លៃនៃជីវិត គឺជារឿងមានជម្រៅ​សម្រាប់ជីវិត ដែលមានការប្រព្រឹត្តទៅតាមហេតុបច្ច័យ ។ ប្រយោជន៍ទី ២ នេះ ជាការចម្រើនផ្លូវចិត្ត មានសទ្ធា​ មានសីល មានចាគៈ មានបញ្ញា តម្កល់ខ្លួនក្នុងគុណធម៌ ពោលគឺបានប្រើប្រាស់នូវទិដ្ឋធម្មិកត្ថ ដែលជាប្រយោជន៍​ទី ១ ក្នុងផ្លូវធម៌ល្អប្រពៃ សម្រេចជាគុណប្រយោជន៍រហូតដល់បានទៅជាអ្នកមាំទាំ នៅក្នុងសេចក្តីល្អរបស់ខ្លួន​ដល់ពេលត្រូវលះលោកនេះទៅ ក៏មានចិត្តស្ងប់ដោយមិនវង្វេងមិនហួងហែងកង្វល់នឹងអ្វីៗមិនភ័យចំពោះដំណើរ​ទៅកាន់លោកខាងមុខ ។

៣. បរមត្ថ ប្រយោជន៍ខ្ពង់ខ្ពស់ដ៏ក្រៃលែង ឬប្រយោជន៍ដែលជាសារៈពិតនៃជីវិត គឺជាទិសដៅចុងក្រោយបំផុត​ដែលជីវិតគួរតែបានចូលដល់ ។ ប្រយោជន៍ទី ៣ នេះ សំខាន់នៅត្រង់បញ្ញាពលៈ គឺការដឹងច្បាស់ នូវសភាវធម៌​តាមសេចក្តីពិត ជាការដឹងទាន់ដំណើរធម្មតារបស់សង្ខារធម៌ មិនធ្លាក់ចូលទៅក្នុងភាពជាទាសៈរបស់កិលេស រួច​ផុតអំពីការចាប់ប្រកាន់របស់ឧបាទាន មានចិត្តជាឥស្សរៈ ស្អាតផូរផង់ ភ្លឺស្វាងរុងរឿង ស្ងប់ប្រណីត បានចូលដល់​សេចក្តីសុខពិត ហៅដោយខ្លីថា និព្វាន គឺរលត់នូវកិលេសជាគ្រឿងកង្វល់ហ្នឹងឯង ។

Star អត្ថទាំង ៣ យ៉ាងនេះ ចាត់បែងចែកជាថ្មីមួយបែបទៀតគឺ ៖

១. អត្តត្ថ ប្រយោជន៍ខ្លួនឯង គឺការដែលបានហ្វឹកហាត់អប់រំខ្លួនដោយល្អ សម្រេចផលអំពីការសិក្សា ចម្រើន​ដោយសតិបញ្ញា និងគុណធម៌ផ្សេងៗ ជាអ្នកសម្បូណ៌ទៅដោយវិជ្ជា និងចរិយា ពឹងខ្លួនឯងបាននៅក្នុងផ្នែក​សេដ្ឋកិច្ចគ្រួសារ ការរស់នៅក្នុងសង្គម និងការមានសីលធម៌មាំមួន រហូតដល់បរមត្ថ គឺប្រយោជន៍ដ៏ប្រសើរចុង​ក្រោយ ។

២. បរត្ថ ប្រយោជន៍ដល់អ្នកដទៃ គឺការមានមេត្តាករុណា ការមានសមត្ថភាពរៀបចំជីវិតរបស់ខ្លួន ឲ្យបានជា​ប្រយោជន៍ទំនុកបម្រុងដល់អ្នកដទៃ ទោះជាផ្នែកខាងវត្ថុក្តី ផ្នែកខាងការសម្រួលផ្លូវចិត្តក្តី អ្នកដទៃអាចពឹងពាក់​បាន ។

៣. ឧភយត្ថ ប្រយោជន៍រួមគ្នាទាំងពីរផ្នែក គឺ ប្រយោជន៍ដែលជាសាធារណៈ ដូចជាសាលារៀន ផ្លូវថ្នល់ ស្ពាន​អណ្តូងទឹក សិល្បវិទ្យា និងសីលធម៌ជាដើម រៀបចំដំណើរជីវិតរបស់ខ្លួន ឲ្យប្រព្រឹត្តទៅដើម្បីជាប្រយោជន៍សុខ និងមានសេចក្តីល្អប្រពៃ ជាសាធារណៈដល់អ្នកដទៃ យ៉ាងហោចបំផុត គឺ មិនឲ្យការស្វែងរកនូវប្រយោជន៍ផ្ទាល់​ខ្លួន ប្រព្រឹត្តទៅដើម្បីបៀតបៀន ឬប៉ះពាល់ឲ្យខូចខាតអន្តរាយ ដល់ប្រយោជន៍រួមគ្នាឡើយ ។

( ខុទ្ទកនិកាយ ចូឡនិទ្ទេស ខគ្គវិសាណសូត្រ អធិប្បាយគាថា ព្រះបច្ចេកពុទ្ធ )

ភ័យ​ និង​​សេចក្តី​សោក​លែងមាន​ ព្រោះ​រួច​ស្រឡះ​ចាក​តណ្ហា

ព្រះគាថានេះ ទ្រង់ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់

តណ្ហាយ  ជាយតេ  សោកោ                     តណ្ហាយ  ជាយតេ  ភយំ

តណ្ហាយ  វិប្បមុត្តស្ស                                   នត្ថិ  សោកោ  កុតោ  ភយំ  ។

សេចក្តីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្តីសោក ក៏លែង​មាន ភ័យនឹងមានមកអំពីណា ។

អធិប្បាយ

ពាក្យថា តណ្ហា បានដល់ តណ្ហាដែលប្រព្រឹត្តទៅក្នុងទ្វារ ៦ ( មានចក្ខុទ្វារជាដើម ) អធិប្បាយថា សេចក្តីសោកជា​ដើម រមែងអាស្រ័យតណ្ហានោះ កើតឡើង ។