បណ្ណសារ ប្រចាំខែ ៖ ខែតុលា 2011

នា​ថ​ក​រ​ណ​ធ​ម៌​ ១០


នាថករណធម៌ គឺ ធម៌សម្រាប់ធ្វើឲ្យមានទីពឹង មាន ១០ យ៉ាង គឺ ៖

១. សីលវា  ហោតិ  បាតិមោក្ខសំវរសំវុតោ  វិហរតិ  អាចារគោចរសម្បន្នោ  អណុមត្តេសុ  វជ្ជេសុ  ភយទស្សាវី  សមាទាយ  សិក្ខតិ  សិក្ខាបទេសុ  ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ- សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុង សិក្ខាបទទាំងឡាយ

២. ពហុស្សុតោ  ហោតិ  សុតធរោ  សុតសន្និចយោ  យេ  តេ  ធម្មា  អាទិកល្យាណា  មជ្ឈេ-កល្យាណា  បរិយោសានកល្យាណា  សាត្ថំ  សព្យញ្ជនំ  កេវលបរិបុណ្ណំ  បរិសុទ្ធំ  ព្រហ្ម-ចរិយំ  អភិវទន្តិ  តថារូបាស្ស  ធម្មា  ពហុស្សុតា  ហោន្តិ  ធតា  វចសា  បរិចិតា  មនសានុ-បេក្ខិតា  ទិដ្ឋិយា  សុប្បដិវិទ្ធា  ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំនូវ​ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុងប្រកាស​នូវព្រហ្មចរិយៈ ព្រមទាំងអត្ថទាំងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌មានសភាព ដូច្នោះ ភិក្ខុនោះក៏ចេះចាំ​ច្រើន បានចាំទុក ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អ ដោយទិដ្ឋិ

៣. កល្យាណមិត្តោ  ហោតិ  កល្យាណសហាយោ  កល្យាណសម្បវង្កោ  ភិក្ខុមានមិត្តល្អ មាន សម្លាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសម្លាញ់ល្អ

៤. សុវចោ  ហោតិ សោវចស្សករណេហិ  ធម្មេហិ  សមន្នាគតោ  ខមោ  បទក្ខិណគ្គាហី  អនុសាសនី  ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់

៥. យានិ  តានិ  សព្រហ្មចារីនំ ឧច្ចាវចានិ  កឹករណីយានិ  តត្ថ  ទក្ខោ  ហោតិ  អនលសោ  តត្រុបាយាយ  វីមំសាយ  សមន្នាគតោ  អលំ  កាតុំ  អលំ  សំវិធាតុំ  អំពើណា ដ៏ខ្ពស់និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃមិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកប​ដោយការពិចារណា ដោយឧបាយក្នុងអំពើនោះថា គួរធ្វើគួរចាត់ចែងបាន

៦. ធម្មកាមោ  ហោតិ  បិយសមុទាហារោ  អភិធម្មេ  អភិវិនយេ  ឧឡារប្បាមោជ្ជោ  ភិក្ខុជាអ្នក​ប្រាថ្នាធម៌ ពេញចិត្តនឹងការនិយាយធម៌ មានសេចក្តិរីករាយដ៏លើសលុប ក្នុងអភិធម៌ និងអភិវិន័យ

៧. អារទ្ធវីរិយោ ហោតិ អកុសលានំ ធម្មានំ បហានាយ  កុសលានំ   ធម្មានំ  ឧបសម្បទាយ ថាមវា  ទឡ្ហបរក្កមា  អនិក្ខិត្តធុរោ  កុសលេសុ  ធម្មេសុ  ភិក្ខុជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់នូវ ពួកអកុសលធម៌ និងញ៉ាំងពួកកុសលធម៌ ឲ្យសម្រេច ជាអ្នកមានកម្លាំង សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុង ​កុសលធម៌ទាំងឡាយ

៨. សន្តុដ្ឋោ  ហោតិ  ឥតរីតរចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារេន  ភិក្ខុជា​អ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បយភេសជ្ជបរិក្ខារ តាមមាន តាមបាន

៩. សតិមា  ហោតិ  បរមេន  សតិនេបក្កេន  សមន្នាគតោ  ចិរកតម្បិ  ចិរភាសិតម្បិ  សរិតា  អនុស្សរិតា  ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង

១០. បញ្ញវា  ហោតិ  ឧទយត្ថគាមិនិយា  បញ្ញាយ  សមន្នាគតោ  អរិយាយ  និព្វេធិកាយ  សម្មាទុក្ខក្ខយគាមិនិយា  ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយបា្រជ្ញាជាគ្រឿងដឹងនូវការកើត និងការរលត់​នៃ ( ខន្ធ ) ដ៏ប្រសើរ ជាប្រាជ្ញា សម្រាប់ទម្លុះទម្លាយនូវកិលេស ប្រព្រឹត្តទៅក្នុងធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយ ប្រពៃ

ស្រង់ចាកសុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ៥១ ដល់ ៥៦, ក្នុងបិដកលេខនេះ ដដែល ត្រង់ទំព័រ ១៩១ ព្រះមានព្រះភាគ ត្រាស់ហៅធម៌ទាំង ១០ នេះ ថា ជាធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ( សាមគ្គិយា ឯកីភាវាយ សំវត្តន្តិ ) ។

និងក្នុងទំព័រ ៣៣០ ដល់ ៣៣៤ អានន្ទសូត្រ ព្រះអង្គត្រាស់ថា ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ នេះ នឹងជា​អ្នកចម្រើនលូតលាស់ ក្នុងធម្មវិន័យនេះ ( ធម្មវិនយេ វុឌ្ឍឹ វិរូឡ្ហឹ វេបុល្លំ អាបជ្ជិស្សតិ ) ។

នាថករណធម៌ទាំង ១០ សរសេរបែបសង្ខេប ៖ សីលវា, ពហុស្សុតោ, កល្យាណមិត្តោ, សុវចោ, ទក្ខោ, ធម្មកាមោ, អារទ្ធវិរិយោ, សន្តុដ្ឋោ, សតិមា, បញ្ញវា

ពន្យល់

ឧច្ចាវចានិ កឹករណីយានិ
ពាក្យថា ឧច្ចាវចានិ កឹករណីយានិ ( អំពើដ៏ខ្ពស់ និងទាប ) បានដល់ ការងារដែលសួរគ្នីគ្នាយ៉ាងនេះថា ខ្ញុំនឹងធ្វើ ហើយទើបធ្វើ ។ បណ្តាការងារខ្ពស់ និងទាប ឈ្មោះថាការងារខ្ពស់ បានដល់ ការងារដូចជា ធ្វើចីវរ ជ្រលក់ចីវរ ជួសជុលព្រះចេតិយ ការងារដែលគប្បីធ្វើក្នុងរោងឧបោសថ ចេតិយ និងដើមពោធិព្រឹក្សជាដើម ។ ឈ្មោះថា​ការងារទាប បានដល់ ការងារតូចៗ ដូចជា លាងបាត្រ លាបប្រេងជាដើម ។

ធម្មកាមោ
ពាក្យថា ធម្មកាម បានដល់ រមែងស្រឡាញ់ព្រះត្រៃបិដកពុទ្ធវចនៈ ។

អភិធម្មេ អភិវិនយេ
ពាក្យថា អភិធម្មេ អភិវិនយេ នេះ គប្បីជ្រាបពួក ៤ គឺ ធម៌ អភិធម៌ វិន័យ អភិវិន័យ ។ ក្នុងពួកទាំង ៤ នោះ ឈ្មោះថា ធម៌ បានដល់ ព្រះសុត្តន្តបិដក ឈ្មោះថា អភិធម៌ បានដល់ បករណ៍ទាំង ៧ ។ ឈ្មោះថា វិន័យ បាន​ដល់ វិភង្គទាំង ២ [ ភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ ] ឈ្មោះថា អភិវិន័យ បានដល់ ខន្ធកៈ និងបរិវារ ។ ន័យម្យ៉ាងទៀត ទាំងសុត្តន្តបិដក ទាំងអភិធម្មបិដក ឈ្មោះថាធម៌ទាំងអស់ ។ មគ្គផល ឈ្មោះថា អភិធម៌ វិនយបិដកទាំងអស់ ឈ្មោះថា វិន័យ ការធ្វើការរម្ងាប់កិលេស ឈ្មោះថា អភិវិន័យ

ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន


កូនជាទីស្រឡាញ់

ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេ​អាចមើលមកថា យើងល្ងង់មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថា​ទៅចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។

កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃ ស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើ​ប្រាស់ ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខ គ្នា មិនគិតខ្វល់ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។

រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យ ពីយ៉ាងនេះ​តើកូនជ្រើសរើសយកមួយណា ?

មានមនុស្សមួយចំនួន មានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់ទងយកចិត្តយកថ្លើមអ្នកដទៃ ជាងមាន​ពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើតដើម្បិផលប្រយោជន៍របស់ខ្លួនរហូតមិនមាន​ល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែង អ្នកតូចអ្នកធំ ដើម្បីផលប្រយោជន៍នោះៗ ។ ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេច​ថា ព្រោះការឆ្លាតរបស់ខ្លួននោះឯង បានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។

កូនអើយ ពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គល មាន ភាពកក់ក្តីក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។ មានស្ត្រីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បតិ្ត មាន​សុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។ មនុស្ស​ដែលគិតថា ខ្លួនឯងឆា្លត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយ​នឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់ រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយ ក្នុងរឿងទាំងអស់នេះ បើ​គេថាកូនល្ងង់មែនទែន ព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូន ដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារកក់ក្តៅ ដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណ៎ាកូន ។

សញ្ញា ​៧ ​ប្រការ


សញ្ញា គឺសេចក្តីសំគាល់ មាន ៧ ប្រការ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មាន​អានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត នោះ គឺ ៖

១. អសុភសញ្ញា                             សេចក្តីសំគាល់ថា មិនស្អាត

២. មរណសញ្ញា                            សេចក្តីសំគាល់ក្នុងការស្លាប់

៣. អាហារេ  បដិកូលសញ្ញា         សេចក្តីសំគាល់ក្នុងអាហារថាជារបស់គួរខ្ពើម

៤. សព្វលោកេ  អនភិរតសញ្ញា    សេចក្តីសំគាល់ក្នុងលោកទាំងពួងថា មិនគួរត្រេកអរ

៥. អនិច្ចសញ្ញា                               សេចក្តិសំគាល់ថា មិនទៀង

៦. អនិច្ចេ  ទុក្ខសញ្ញា                     សេចក្តីសំគាល់ថាជាទុក្ខ ក្នុងការមិនទៀង

៧. ទុក្ខេ  អនត្តសញ្ញា                    សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួនក្នុងរបស់ជាទុក្ខ

( មាននៅក្នុងសុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត លេខ ៤៧ ទំព័រ ៨៦ )

គុណ​នៃ​សេចក្តី​លំបាក


កូនជាទីស្រឡាញ់

ឪពុកម្តាយ ក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរ គឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវ​ ការឲ្យកូនរបស់ខ្លួនមាននូវសេចក្តីលំបាកផងទៀត ។ មិនមានម៉ែឪណា ដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាក តោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះ កូននៅតែមានសេចក្តីលំបាក ព្រោះឪពុកម្តាយមិនអាចធ្វើឲ្យកូនសុខសប្បាយ​បានគ្រប់យ៉ាងនោះឯង ។

ក្នុងសេចក្តីនេះ កូនត្រូវចាំទុកថា សេចក្តីលំបាកនោះ វាមិនមែនអាក្រក់ មានពិសកាចសាហាវធ្វើឲ្យមនុស្ស យើង ទុក្ខលំបាកតែម្យ៉ាងនោះទេ ។ បើយើងសម្លឹងមើល ក្នុងការសិក្សា ឬមើលក្នុងផ្នែកមួយផ្សេងទៀត សេចក្តីល្អ ឬ ប្រយោជន៍នៃការលំបាកនោះៗ ក៏អាចប្រព្រឹត្តទៅបាន គឺសេចក្តិលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើង ធ្វើឲ្យមនុស្សយើងពូកែគិត និងធ្វើឲ្យបានជាអ្នកធំទៀតផង ប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯង ។

ការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯង ព្រោះត្រូវតស៊ូក្រាញននៀល ដើម្បីយកឈ្នះសេចក្តី​លំបាកនោះៗ ។ មានមនុស្សមិនតិចនាក់ដែរទេ ដែលគេបានល្អមកអំពីសេចក្តិលំបាក ដោយកាន់គំនិតថា “លំបាក​មុនស្រណុកក្រោយ” ពោលគឺ មានការអត់ធន់ ព្យាយាមនៅរវាងសេចក្តីលំបាក និងភាពស្រណុកសុខ​សប្បាយថ្លៃថ្នូររុងរឿង ។

ផ្ទុយមកវិញ ក៏មិនតិចនាក់ដែរ ដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមក មិនដែលស្គាល់ មិនដែលជួបនូវ​ សេចក្តីលំបាកឡើយ លុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើង ក៏ស្ទើរតែជួយខ្លួនឯងមិនរួច​ ធ្វើអ្វីក៏មិន​កើត ចាប់អ្វីក៏មិនជាប់ ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់ ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយ ។ មានខ្លះ​ទ្រាំនឹងលំបាកមិនបាន ក៏ត្រូវបាត់បង់ជីវិតទៅ ។

ដូច្នេះ កូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអ្វី ត្រូវចាំទុកថា សេចក្តីលំបាកជាគ្រូបង្វឹក ។ កូនត្រូវលត់ដំខ្លួនជាមួយនឹង​សេចក្តីលំបាកដោយសេចក្តីអត់ធន់ ត្រូវយកផលកម្រៃពីសេចក្តីលំបាក ចម្រើនគុណធម៌ក្នុងចិត្ត និងយកសេចក្តី លំបាកជាមេរៀន ដែលកូនត្រូវតែសិក្សាថា អាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយ ។

ភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអនេក                   តែធ្វើឲ្យដែករឹងរឹតតែរឹង

ទុក្ខដុតមនុស្សខ្សោយឲ្យប្រាសទីពឹង            តែបែរមនុស្សរឹងត្រាស់ដឹងសច្ចៈ ។

មិនមានអ្វីសល្អជាងគុណធម៌                       ខន្តីបវរតស៊ូឥតអាក់

ទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់                ព្យាយាមដកចាក់ដាក់ពេញអាងធំ ។

វីរោប្រែថា អ្នកក្លាអង់អាច                           ទុក្ខខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំ

ព្យាយាមខន្តីបញ្ញាអប់រំ                               ឈ្នះអស់ទុក្ខធំជួបជុំគុណគាប់ ។

លទ្ធផលការងារជាតម្លៃមនុស្ស                     ធ្វើការដូចព្យុះជម្រុះអភ័ព្វ

ជម្នះឧបសគ្គប្រចក្សកំណប់                         គុណធម៌ជាទ្រព្យជាប់តាមជីវិត ។

មនុស្សដែករឹងប៉ឹងតែមិនរឹងរូស                     ព្យាយាមជម្រុះមានះក្នុងចិត្ត

ទន់កាយវាចាមេត្តាមានពិត                           តែរឹងប្រព្រឹត្តសុចរិតដូចដែក ។

  

កំពូល​ប្រាថ្នា​របស់​ម៉ែ​ឪ


កូនជាទីស្រឡាញ់

កូននៅមិនទាន់ដឹងដល់សេចក្តីប្រាថ្នាថ្នាក់កំពូល របស់ម៉ែឪ គឺម៉ែឪគ្រប់គ្នាវេលាមានជំងឺ រមែងត្រូវការឃើញមុខ​ កូនរបស់ខ្លួនមកប្រណិប័តន៍ មកមើលថែ នៅជិតនៅក្បែរសាកសួររឿយៗ នោះឯងណ៎ាកូន គឺជាថ្នាំវិសេស ដែល ធ្វើឲ្យឪពុកម្តាយឆាប់ជាសះស្បើយ ។ ក្រៃលែងណាស់ទៅទៀត គឺនៅពេលដែលខ្លួនចាស់ជរា ជួយអ្វីខ្លួនឯងមិន​បាន រមែងត្រូវការកូនជាទ្វេគុណ ជាត្រីគុណ ។ សូម្បីដឹងថាកូនរបស់ខ្លួនមានធុរៈមមាញឹក មានការងារដែលត្រូវ​ ធ្វើច្រើនសន្ធឹកសន្ធាប់ មិនសូវមានពេលទៅមក យ៉ាងណាក៏ដោយ ក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរ គឺនៅតែ​ ប្រាថ្នាឃើញកូន ហើយប្រាថ្នាឲ្យកូនមកមើលថែជានិច្ច ។

ឪពុកម្តាយគ្រប់គ្នា ក្រៅអំពីប្រាថ្នាឲ្យកូនយកចិត្តទុកដាក់មើលថែខ្លួនហើយ នៅមានសេចក្តីប្រាថ្នាជាទីបំផុត ម្យ៉ាងទៀត គឺចង់ឃើញកូនមានសេចក្តីចម្រើន និងមានសេចក្តីសម្រេចក្នុងជីវិត មានជីវិតរុងរឿងសម្បូណ៌ទៅ​ ដោយសេចក្តីសុខ ។ បើកូនបានសមតាមសេចក្តីប្រាថ្នា ឪពុកម្តាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយ ញាប់ញ័រក្នុងតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នូវសេចក្តីសម្រេចក្នុងជីវិត របស់កូននោះ ។ ដែលឪពុក ម្តាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមកក៏ដើម្បីជ្រោមជ្រែងកូនឲ្យបានសម្រេចសមតាមបំណងប្រាថ្នានោះឯង បើបានឃើញកូនជាមនុស្សល្អ មានសមត្ថភាពគ្រប់គ្រាន់ មានការចេះដឹង ជាមនុស្សឆ្លាត មានការងារធ្វើជាជំហរ​នៃជីវិតនឹងបានជួបប្រសព្វនូវសេចក្តីសម្រេច ឪពុកម្តាយគ្រប់គ្នាក៏ភ្លេចអស់នូវការនឿយហត់ទៅហើយដែរ ។

ចូរកូនគ្រប់គ្នា កុំធ្វើឲ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ ។

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ


អប្បមាទរតា ហោថ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ។

ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅវត្តជេតពន ព្រះអង្គបានប្រារព្ធដំរីឈ្មោះបាវេរកៈ ជាដំរីរបស់ ព្រះបាទបសេនទិកោសល ។ ដំរីនោះឯងជាប់ភក់ រើខ្លួនមិនរួច នាយហត្ថាចារ្យបានរៀបចំដូចចូលកាន់សមរភូមិ ក្នុងទីនោះ ហើយឲ្យទូងស្គរចម្បាំងឡើង ។ ដំរីមានជាតិជាប់ដោយមានះ ធ្លាប់ចូលកាន់សមរភូមិប្រយុទ្ធ ក៏ស្ទុះ ដោយកម្លាំងចិត្តផ្សំនឹងកម្លាំងកាយ ក៏តាំងនៅលើគោកបាន ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហេតុការណ៍នោះ​ហើយ ព្រះអង្គទ្រង់ត្រាស់ដាស់តឿនភិក្ខុទាំងឡាយឲ្យរើខ្លួនចាកភក់ គឺកិលេស ដោយប្រារព្ធសេចក្តីព្យាយាម​ ។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវព្រះគាថាថា ៖

អប្បមាទរតា  ហោថ                សចិត្តមនុរក្ខថ

ទុគ្គា  ឧទ្ធរថត្តានំ                     បង្កេ  សន្នោវ  កុញ្ជរោ ។

អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រមាទ ចូរតាមរក្សាចិត្តរបស់ខ្លួន ចូររើខ្លួនឡើងចេញចាកភក់ គឺ កិលេស ដែលឆ្លងបានដោយក្រ ដូចដំរីដែលជាប់នៅក្នុងភក់ ហើយរើខ្លួនរួចបាន ដូច្នោះឯង ។

បទថា អប្បមាទរតា ដោយសេចក្តីថា អ្នកទាំងឡាយ ចូរត្រេកអរក្នុងការនៅមិនប្រាសចាកសតិ ។

បទថា សចិត្តំ ដោយសេចក្តីថា ចូររក្សាចិត្តរបស់ខ្លួនក្នុងអារម្មណ៍ទាំងឡាយ មានរូបជាដើម មិនឲ្យរូបជាដើម​នោះ គ្របសង្កត់ចិត្តបាន ។

បទថា សន្នោ ដោយសេចក្តីថា ដំរីព្យាយាមរើខ្លួនចាកភក់ ហើយតាំងនៅលើគោក យ៉ាងណា​ អ្នកទាំងឡាយ ចូររើ ខ្លួនចាកភក់គឺកិលេស ហើយតាំងនៅលើគោក គឺព្រះនិព្វាន ក៏យ៉ាងនោះដែរ ។

កាលចប់ព្រះធម៌ទេសនា ភិក្ខុទាំងនោះបានតាំងនៅក្នុងព្រះអរហត្តផល ។

ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង


និព្វានំ បរមំ សុខំ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ពាក្យនេះ ប្រារព្ធចំពោះឧបាសកម្នាក់ នៅនគរអាឡវីផង និងទ្រង់ប្រារព្ធចំពោះ ព្រះបាទបសេនទិកោសលផង ។

ព្រះនិព្វានជាបរមសុខ ព្រោះការអស់ទៅនៃទុក្ខទាំងពួង ព្រះនិព្វានគឺជាទុក្ខនិរោធអរិយសច្ច ។ ពាក្យថា ទុក្ខទាំង​ពួង គឺជាវដ្តសង្សារដែលសន្មតថាជាយើង ថាជាគេម្នាក់ៗ រៀងៗ ខ្លួនហ្នឹងឯង ។ វដ្តសង្សារ គឺជាតំណនៃខន្ធ មួយ ខណៈៗ អស់ពីមួយជាតិ តមួយជាតិ ដោយមិនដឹងទីបំផុតខាងដើមពីត្រឹមណាមក ត្រូវបញ្ចប់ដោយអរហត្តមគ្គ ​និង ទីបំផុតនៃសង្សារត្រឹមការបរិនិព្វានរបស់ព្រះអរហន្ត អស់ជាតិ អស់កំណើត ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា នាមរូបរលត់អស់មិនមានសេសសល់ ព្រោះការរលត់ទៅនៃវិញ្ញាណ ។

ធម៌របស់សប្បុរស ៧ ប្រការ


សប្បុរស គឺមនុស្សល្អ មានធម៌របស់សប្បុរស ៧ ប្រការ

១. ធម្មញ្ញុតា         ដឹងគោលធម៌ដែលជាហេតុ

២. អត្ថញ្ញុតា          ដឹងទិសដៅដែលជាផល

៣. អត្តញ្ញុតា          ស្គាល់ខ្លួនឯងតាមសេចក្តីពិត

៤. មត្តញ្ញុតា           ស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់

៥. កាលញ្ញុតា      ស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ

៦. បរិសញ្ញុតា        ស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ

៧. បុគ្គលញ្ញុតា      ស្គាល់បុគ្គលដោយសភាពផ្សេងៗ

( គោលធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ ទសុត្តរសូត្រ ពួក ៧ បិដកលេខ ១៩ និងមានសេចក្តី អធិប្បាយនៅក្នុង ធម្មញ្ញូសូត្រ មហាវគ្គ បិដកលេខ ៤៧ ។ )

ការបរិភោគដ៏ត្រឹមត្រូវ


មនុស្សទូទៅច្រើនតែយល់ថា “ការបរិភោគដ៏ប្រសើរ” គឺបរិភោគរបស់ថ្លៃ បរិភោគរឿយៗ បរិភោគច្រើន និង បរិភោគខ្ជះខ្ជាយជាដើម ។ តាមការពិត ការបរិភោគបែបនេះ មិនជាការប្រសើរឡើយ វារបែរត្រឡប់មកជាមាន បញ្ហាសុខភាព និងបញ្ហាសេដ្ឋកិច្ចតាមក្រោយទៅវិញទេ ។

បរិភោគអាហារ ដែលមានប្រយោជន៍ គឺអាហារមិនថ្លៃ ងាយនឹងរលាយ អាហារជាទីសប្បាយ មិនទាស់នឹង សុខភាព ហើយបរិភោគតែល្មមប្រមាណដល់រាងកាយដែលត្រូវការ មិនបរិភោគច្រើនហួសទៅតាមតែចិត្តចង់ យ៉ាងនេះហៅថា បរិភោគដោយបញ្ញា ។

ទុក្ខព្រោះមិនមានអ្វីបរិភោគ ជាមួយនឹងទុក្ខ ព្រោះបរិភោគច្រើនពេក វាគឺជាទុក្ខដូចតែគ្នា ។

អ្នកឈ្នះតែងជួបប្រទះនូវពៀរ


ជយំ វេរំ បសវតិ អ្នកឈ្នះតែងជួបប្រទះនូវពៀរ ។

ព្រះមានព្រះភាគទ្រង់គង់នៅព្រះជេតពនមហាវិហារ ព្រះអង្គទ្រង់ប្រារព្ធបរាជ័យនៃព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសង្គ្រាមចាញ់ព្រះបាទអជាតសត្តុ ដែលត្រូវជាក្មួយបង្កើតរបស់ព្រះអង្គ ទ្រង់ កើតទុក្ខ បង្អត់អាហារព្រះអង្គឯង ដោយព្រះតម្រិះថា ប្រយោជន៍អ្វីដោយការរស់នៅរបស់យើង ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនោះដល់ព្រះបរមសាស្តា ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ៖

ជយំ វេរំ បសវតិ                  ទុក្ខំ សេតិ បរាជិតោ

ឧបសន្តោ សុខំ សេតិ            ហិត្វា ជយបរាជយំ ។

អ្នកឈ្នះតែងជួបប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ ចំណែកបុគ្គលដែលស្ងប់រំងាប់ លះបង់នូវការឈ្នះចាញ់ ចេញហើយ រមែងនៅជាសុខ ។

បទថា ជយំ សេចក្តីថា អ្នកឈ្នះនូវបុគ្គលដទៃ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់សរសើរបុគ្គលដែលឈ្នះខ្លួនឯងថា ជា ការឈ្នះដ៏ឧត្តមក្នុងសមរភូមិវដ្តសង្សារ ។

ការខឹងក្រោធ កើតមកអំពី ៖

១. ចាប់កំហុសអ្នកដទៃ

២. មិនតក់ស្លុតចំពោះអកុសលខ្លួនឯង ។

ដោយបរមត្ថ អ្នកដទៃគឺគ្រាន់តែមនោទ្វារវីថិចិត្តខ្លួនឯងសាងឡើងប៉ុណ្ណោះ អ្វីៗ នោះ ត្រឹមតែជាវីថិចិត្ត និង អារម្មណ៍របស់វីថិចិត្តប៉ុណ្ណោះឯង ជាពិសេសវិបាករបស់កម្មតាមបញ្ចទ្វារ ដែលមិនមានបុគ្គលដទៃធ្វើកម្មហើយ យើងជាអ្កកទទួលវិបាកនោះឡើយ ។ លោកទាំង ៦ សូន្យចាកសត្វបុគ្គលតួខ្លួន មានអ្នកណាមកធ្វើឲ្យយើងចាប់ កំហុស ហើយខឹងក្រោធទៅរកនោះ តែបើពោលពីសត្រូវពិតប្រាកដ គឺកិលេសក្នុងចិត្តខ្លួនឯង បើកិលេសមិនមាន​ ហើយ បញ្ហាកង្វល់ក្នុងវដ្តសង្សារ ក៏ត្រូវចប់ដែរ ។

ទីឃីតិកោសលជាតក


( ពៀរ រម្ងាប់ដោយការមិនចងពៀរ )

ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាងមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធពួកភិក្ខុក្រុង កោសម្ពីដែលឈ្លោះទាស់ទែងគ្នា ទើបព្រះអង្គត្រាស់សម្តែងនូវព្រះធម៌ទេសនានេះ ដោយពាក្យថា ឯវំ ភូតស្ស តេ រាជ ដូច្នេះជាដើម ។

បានស្តាប់មកថា ក្នុងកាលដែលភិក្ខុទាំងនោះ និមន្តមកកាន់ព្រះជេតពនមហាវិហារ ដើម្បីសូមនូវការអត់ទោសពី ព្រះបរមសាស្តា ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងនោះមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ជាឱរសរបស់តថាគត គឺជាកូនដែលកើតអំពីមាត់ ។ ធម្មតាដែលជាឱរស គឺមិនគួរទម្លាយនូវឱវាទ ដែលបិតាទុកឲ្យហើយ ប៉ុន្តែអ្នកទាំងឡាយ បែរទៅជាអ្នកមិនធ្វើតាមឱវាទរបស់តថាគត គឺជាអ្នកទម្លាយនូវឱវាទ ទៅវិញ ។ បណ្ឌិតទាំងឡាយពីបុរាណ សូម្បីចោរដែលជាអ្នកសម្លាប់មាតាបិតារបស់ខ្លួន ហើយប្លន់យកនូវ រាជសម្បត្តិ បានធ្លាក់ចូលក្នុងកណ្តាប់ដៃក្នុងព្រៃ ក៏នៅតែឲ្យអភ័យ មិនសងសឹក ដោយគិតថា យើងនឹងមិន ទម្លាយឱវាទដែលមាតាបិតាទុកឲ្យ ។ រួចហើយ ព្រះអង្គទ្រង់នាំយករឿងក្នុងងអតីតកាលមកសម្តែង ។ រឿង ដោយពិស្តារមានក្នុងវិនយបិដក រឿងដោយសង្ខេបមានដូចតទៅ ៖

Read the rest of this entry

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់


អប្បមាទោ អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ ។

សេចក្តីមិនប្រមាទ ជាឈ្មោះរបស់សតិដែលតាំងមាំជានិច្ច ដោយអត្ថ គឺការមិននៅប្រាសចាកសតិ ។ សេចក្តីមិន ប្រមាទ ជាឫសគល់នៃកុសលធម៌ទាំងអស់ ជាទីប្រជុំចុះនៃកុសលធម៌ទាំងពួង ប្រៀបដូចជាស្នាមជើងដំរី ជាស្នាម ជើងដ៏ធំ ជាទីប្រជុំចុះនៃស្នាមជើងសត្វទាំងពួង ។ សេចក្តីមិនប្រមាទ ក៏ជាទីប្រជុំចុះនៃព្រះពុទ្ធវចនៈ ក្នុង ៤៥ ព្រះវស្សាផងដែរ ។

អមតំ បទំ សេចក្តីមិនប្រមាទ ជាផ្លូវទៅដល់ព្រះនិព្វាន ជាទីបំផុតទុក្ខ ។

ការកើតឡើងនៃព្រះពុទ្ធ នាំមកនូវសេចក្តីសុខ


សុខោ ពុទ្ធានមុប្បាទោ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ។

សម្តេចព្រះទ្រង់ញាណព្រះអង្គគង់ប្រថាប់នៅក្នុងវត្តព្រះជេតពនទ្រង់ប្រារព្ធការសន្ទនាគ្នារបស់ពួកភិក្ខុច្រើនអង្គ។ ប្រធានបទនៃការសន្ទនា គឺ អ្វីជាសុខក្នុងលោកនេះ អង្គខ្លះឆ្លើយថា មិនមានអ្វីសុខដូចសុខក្នុងរាជសម្បត្តិទេ អង្គ ខ្លះទៀតថាកាមសុខ ឯភិក្ខុដទៃទៀតថា មិនមានអ្វីជាសុខជាងការបរិភោគបាយស្រូវសាលី ជាមួយនឹងសាច់ ឡើយ ។ ព្រះបរមសាស្តា ព្រះអង្កទ្រង់យាងមកហើយត្រាស់ថា អ្នកទាំំងឡាយពោលអ្វីហ្នឹង សុខទាំងនេះ សុទ្ធតែ ជាប់ទាក់ទងដោយទុក្ខក្នុងវដ្តៈទាំងអស់ រួចហើយទើបព្រះអង្គទ្រង់ត្រាស់ព្រះគាថា ៖

សុខោ ពុទ្ធានមុប្បាទោ            សុខា សទ្ធម្មទេសនា

សុខា សង្ឃស្ស សាមគ្គី            សមគ្គានំ តបោ សុខោ ។

ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសម្តែងនូវព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្តី ព្រមព្រៀងគ្នានៃសង្ឃ ឬ ពួកក្រុម នាំមកនូវសេចក្តីសុខ សេចក្តីព្យាយាមដុតកិលេសនៃអ្នកព្រមព្រៀងគ្នាទាំង នោះ នាំមកនូវសេចក្តីសុខ ។

នៅពេលចប់ព្រះធម៌ទេសនា ភិក្ខុជាច្រើនអង្គ សម្រេចព្រះអរហត្តផល ។

វៀរលែងតែព្រះបច្ចេកពុទ្ធចេញ សត្វលោកទាំងអស់ សុទ្ធតែសម្រេចមគ្គផលដល់ព្រះនិព្វាន ដោយអាស្រ័យការ ត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធទាំងអស់ ។ ព្រះធម៌ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង អស្ចារ្យណាស់ ធ្វើឲ្យអ្នក ស្តាប់ដោយល្អ បាននូវបញ្ញា ដូច្នេះ ពុទ្ធបរិស័ទគួរតែព្រមព្រៀងគ្នារក្សាព្រះពុទ្ធសាសនា ហើយប្រព្រឹត្តធម៌ដោយ ខ្លួនឯង កុំរវល់តែចាប់កំហុសអ្នកដទៃ ត្រូវពិចារណាវិបាកកម្មរបស់ខ្លួន និង តក់ស្លុតចំពោះអកុសលក្នុងចិត្តខ្លួន ឯង ។

មិត្តសម្លាញ់រហូតក្នុងជីវិត


កូនជាទីស្រឡាញ់

កូនធ្លាប់គិតដែរទេថា មិត្តដែលល្អជាទីបំផុតរបស់មនុស្សយើង គឺសៀវភៅ ។ សៀវភៅជាមិត្តរបស់យើងបានគ្រប់ ពេលវេលា មិនថាពេលសុខ ពេលទុក្ខ, ពេលសោកសៅ ឬពេលអផ្សុកឡើយ រមែងជាប់តាមយើងទៅបានគ្រប់ កន្លែង ទោះជានៅព្រៃ នៅភ្នំ នៅកណ្តាលសមុទ្រ ហើយរហូតដល់មែនទែន គឺនៅក្នុងបន្ទប់គេង ។ មិនថាកូនជា អ្វី កូននៅក្នុងទីណា កូនកុំចោលសៀវភៅ បើកូនចោលសៀវភៅ គឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូន ។ ចូរកូន ព្យាយាមអានសៀវភៅឲ្យច្រើនៗ ហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អាន កុំឲ្យខាតពេល ។

ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ដែលកូនបានអាន ឬស្តាប់ គឺជាផែនទីនៃជីវិតរបស់កូន ។

សៀវភៅល្អមួយក្បាល ស្មើនឹងមិត្តល្អម្នាក់ ។ សៀវភៅអ្វីៗ ដែលកូនអានហើយ ចូរកូនពិចារណាថា គួរជឿតាម អ្នកសរសេរ ឬអ្នកមិនជឿ ព្រោះអ្នកសរសេរមានច្រើន ប្រភេទមានការគិត និងចំណេះដឹងផ្សេងៗ គ្នា រីឯចេតនា ក៏ផ្សេងៗ គ្នាដែរ ដូច្នេះ កូនត្រូវពិចារណាឲ្យច្រើនកុំទាន់អាលជឿ ។ ចូរកូនចាំទុកថា សៀវភៅ គឺជាខួរក្បាល របស់អ្នកសរសេរ ដូច្នេះ បើកូនអានសៀវភៅល្អៗ ឈ្មោះថា ជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរ ក្បាលរបស់កូន ។

ទោះជាពេលថ្ងៃក៏ដោយ ក្នុងផ្ទះរមែងងងឹត បើគេបិទទ្វារបិទបង្អួចអស់ យ៉ាងណាមិញ បើកូនបិទភ្នែក បិទ ត្រចៀក ពោលគឺ មិនអាន មិនស្តាប់នូវភាសិតរបស់អ្នកចេះដឹងទេ វិញ្ញាណរបស់កូន នឹងត្រូវងងឹត ដូចជាផ្ទះ ដែលបិទជិត យ៉ាងនោះឯង ។

ដើម្បីឲ្យបានទៅជាមនុស្សល្អ កូនត្រូវ :

១-ស្វែងរកការចេះដឹងមកដាក់ខ្លួន កុំចំណាយពេលវេលាឥតប្រយោជន៍ ។

២-ប្រព្រឹត្តតាមការចេះដឹង យកការចេះដឹងជានាយកនៃជីវិត កុំឲ្យតណ្ហាដឹកនាំជីវិតឡើយ

អ្នកដែលប្រាថ្នាញ៉ាំងជីវិតរបស់ខ្លួនឲ្យមានសេចក្តីចម្រើន គប្បីអានសៀវភៅជាប្រចាំ

ព្រះគាថាធម្មបទ ប្រារព្ធចំពោះសង្កិច្ចសាមណេរ


យោ ច វស្សសតំ ជីវេ       ទុស្សីលោ អសមាហិតោ

ឯកាហំ ជីវិតំ សេយ្យោ       សីលវន្តស្ស ឈាយិនោ ។

បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្ត មិនបានតម្កល់ខ្ជាប់ ការរស់ នៅតែមួយថ្ងៃរបស់អ្នក ដែលមានសីល មានការពិនិត្យ ពិចារណាជាប្រក្រតី ប្រសើរជាង ។

ថ្ងែខួបកំណើត


Birthday cake   ថ្ងៃកូនកើត គឺជាថ្ងៃដែលម៉ែឪលំបាកផ្លូវកាយដ៏ខ្លាំងក្លា ។

ថ្ងៃកូនកើត គឺជាថ្ងៃដែលម៉ែជិតតែនឹងស្លាប់ ។ ប៉ុន្តែប្លែកមែនទែន ត្រង់ដែលកូនៗ មកចាត់ពិធីកម្ម សប្បាយ រីករាយ សម្រាប់ថ្ងៃកំណើតរបស់ខ្លួន ។

តាមពិត ថ្ងៃកំណើតគួរតែជាថ្ងៃនឹកម៉ែ

ការពិតក្នុងចិត្ត


កូនជាទីស្រឡាញ់

ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗ ដែរ ។ កូនគង់តែបានដឹង ហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯង។

ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថា គឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីរ របស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។

តាមពិត ម៉ែឪត្រូវការអ្វីៗ ច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊‍ីចឹង ឯង។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើន លើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែ ក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ ប្រៀបនឹងរបស់ ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថាជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។ កាលដែល កូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្ត ពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូន យកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយ បង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។

នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើ ល្អៗ មក … យ៉ាងម៉េចរួចទៅ ម៉្លោះហើយមាតាបិតាខ្លះ បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិន ធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង

ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ                 បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម

ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ                   និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។

អរុណពណ៌មាសជះរស្មី                     សម្តីម៉ែឪត្រូវរំលេច

រំលឹកចំៗ កុំឲ្យភ្លេច                           ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។

ទ្វីបលោកល្អស្រស់ព្រោះសុរិយា          មាតាបិតាគឺជាព្រះ

ជាដួងសុរិយាយាត្រារះ                      កូនត្រូវសំពះទិសបូព៌ា ។

ទិសបូណ៌មានន័យបុព្វការី                 បង្កើតប្រុសស្រីពេញពសុធា

ពាក្យពេចន៍ម៉ែឪត្រូវដូចជា                សុរិយាក្នុងគ្រាបំភ្លឺលោក ៕

រឿងមហាសាលព្រាហ្មណ៍


គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។

ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។ លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។ បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។ ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។

បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊‍ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។ កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។ ព្រោះ ហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះ ភាគ ដល់ទីប្រថាប់ ។

លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។

ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖

យេហិ ជាតេហិ នន្ទិស្សំ                       យេសញ្ច ភវមិច្ឆិសំ

តេ មំ ទារេហិ សំបុច្ឆ                             សាវ វាទេន្តិ សូករំ ។

ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។

អសន្តា កិរ មំ ជម្មា                        តាត តាតាតិ ភាសរេ

រក្ខសា បុត្តរូបេន                             តេ ជហន្តិ វយោគតំ ។

កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។

អស្សោវ ជិណ្ណោ និព្ភោគោ         ខាទនា អបនីយតិ

ពាលកានំ បិតា ថេរោ                  បរាគារេសុ ភិក្ខតិ ។

បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។

ទណ្ឌោវ កិរ មេ សេយ្យោ           យញ្ចេ បុត្តា អនស្សវា

ចណ្ឌម្បិ គោណំ វារេតិ                 អថោ ចណ្ឌម្បិ កុក្កុរំ

អន្ធការេ បុរេ ហោតិ                     គម្ភីរេ គាធមេធតិ

ទណ្ឌស្ស អានុភាវេន                  ខលិត្វា បដិតិដ្ឋតីតិ ។

ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។

លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។ ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖

ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។

កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។

បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។

ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។

ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។

លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។ កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ថៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។

ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។ ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យ ព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។ ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះ ភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។

ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។

ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតា​ថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។

ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។​ កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។ ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំង នោះទៀតឡើយ ក្នុងកាលទាំងពួង ៕

ឆ្នាំងដី


ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមាន សេចក្តីស្លាប់នៅពីខាងមុខ ។ ឆ្នាំងដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ឆ្នាំងទាំង អស់នោះ មានកិរិយាបែកធ្លាយជាទីបំផុតយ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។

ព្រះបរមសាស្តា ទ្រង់មានបន្ទូល ដូច្នេះតទៅទៀតថា ៖

វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងរបស់ខ្លួន តថាគតបានធ្វើទុកហើយ ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះ បង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបានមិនខាន ។

ព្រះឱវាទក្នុងមហាបរិនិព្វានសូត្រ

បណ្ឌិត ដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី

គប្បីរក្សាចិត្តនេះ ដូចជាគេរក្សានូវនគរ យ៉ាងនោះឯង

គប្បីច្បាំងជាមួយនឹងមារ ដោយអាវុធ គឺបញ្ញា

គប្បីរក្សានូវជម្នះ ដែលបានឈ្នះហើយ

តែមិនត្រូវជាប់ជំពាក់ក្នុងជម្នះនោះឡើយ ។

ធម្មបទ ចិត្តវគ្គ

ដើមអំពៅ


ដើមអំពៅរមែងផ្អែមគល់ រីឯចុងរមែងសាប ។ ការបរិភោគកាមគុណ ប្រៀបបីដូចជាការបរិភោគអំពៅ ដេញពីគល់មករកចុង ដូច្នោះឯង ។ ក្នុងរឿងនេះ គូស្វាមីភរិយាថ្មីថ្មោង ដែលកំពុងតែផ្អែមល្ហែមដាក់គ្នា ក៏គួរតែសិក្សាអំពីដើមអំពៅ ។

ដើមអំពៅពិតមែនតែផ្អែមគល់ សាបចុង ប៉ុន្តែមានលក្ខណៈមួយទៀតដែលយើងត្រូវសិក្សា គឺដើម អំពៅភាគច្រើន គឺរមែងត្រង់ ។ យើងត្រូវកាន់យកគតិទៀងត្រង់ ពោលគឺស្មោះត្រង់ដល់គ្នានិងគ្នា ស្មោះ ត្រង់ចំពោះការងារ ប្រព្រឹត្តតែសុចរិត មានការរាប់អាន មានការអាណិត រាគៈសាបពិតតែចិត្តនៅផ្អែម គឺ ផ្អែមដោយសច្ចៈ ។

ផ្ទុយពីការបរិភោគកាម គឺការប្រព្រឹត្តធម៌ ។ ការប្រព្រឹត្តធម៌ រមែងនាំមកនូវសេចក្តីសុខស្ងប់ច្រើនឡើងៗ ដូចជាការបរិភោគអំពៅពីចុងដេញមករកគល់អ៊‍ីចឹងដែរ ។

%d bloggers like this: