សម្បុរកាយផូរផង់ព្រោះតែមិនសុបសៅ
សម្បុរកាយផូរផង់ ព្រោះតែមិនសុបសៅ
( ព្រះអង្គទ្រង់ប្រថាប់នៅទៀបក្រុងសាវត្ថី គ្រានោះឯង មានទេវតាមួយអង្គ លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលគាល់ព្រះមានព្រះភាគ លុះចូល ទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ ។ )
លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា
អរញ្ញេ វិហរន្តានំ
សន្តានំ ព្រហ្មចារិនំ
ឯកភត្តំ ភុញ្ជមានានំ
កេន វណ្ណោ បសីទតិ ។
ពួកភិក្ខុជាព្រហ្មចារី នៅក្នុងព្រៃ មានចិត្តស្ងប់រម្ងាប់ ឆាន់អាហារតែម្តង ហេតុអ្វីបានជា ពណ៌សម្បុរកាយ នៅតែផូរផង់បាន ។
ព្រះមានព្រះភាគត្រាស់ថា
អតីតំ នានុសោចន្តិ
នប្បជប្បន្តិ នាគតំ
បច្ចុប្បន្នេន យាបេន្តិ
តេន វណ្ណោ បសីទតិ
ពួកភិក្ខុនោះ មិនសោកស្តាយរបស់ ដែលកន្លងទៅហើយ ទាំងមិនប្រាថ្នារបស់ដែលមិនទាន់មកដល់ គ្រាន់តែចិញ្ចឹមជីវិត ដោយរបស់ជាបច្ចុប្បន្ន ហេតុនោះ បានជាពណ៌សម្បុរកាយនៅតែផូរផង់បាន
អនាគតប្បជប្បាយ
អតីតស្សានុសោចនា
ឯតេន ពាលា សុស្សន្តិ
នឡោវ ហរិតោ លុតោ
ពួកជនពាលតែងស្រពោនស្រពាប់ ដោយហេតុទាំងពីរនោះ ព្រោះសេចក្តីប្រាថ្នានូវរបស់ដែលមិនទាន់មកដល់ និងសេចក្តីអាឡោះអាល័យ ចំពោះរបស់ដែលកន្លងទៅហើយ ដូចដើមបបុសខៀវស្រស់ដែលត្រូវគេច្រូតចោល។
( បិដកខ្មែរ ភាគ ២៩ ទំព័រ ១០ )
សេចក្តីអធិប្បាយ
បទថា សន្តានំ ប្រែថា អ្នកមានកិលេសស្ងប់រម្ងាប់ ឬម្យ៉ាងទៀត ប្រែថា បណ្ឌិត ។
បទថា ព្រហ្មចារិនំ ប្រែថា អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ គឺអ្នកប្រព្រឹត្តមគ្គព្រហ្មចរិយ ។
ច្រើនបទថា កេន វណ្ណោ បសីទតិ សេចក្តីថា ទេវតាទូលសួរថា ហេតុអ្វីបានជាពណ៌សម្បុរកាយ របស់ភិក្ខុ អ្នកនៅព្រៃ នៅតែផូរផង់បាន ។ សួរថា ព្រោះហេតុអ្វី បានជាទេវតានេះ សួរយ៉ាងនេះ ។ ឆ្លើយថា ទេវតានេះ ជា ភុម្មដ្ឋទេវតា អាស្រ័យនៅក្នុងព្រៃសណ្ឌ ឃើញភិក្ខុទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត សម្រេចភត្តកិច្ចហើយ ចូលទៅកាន់ព្រៃ កាន់យកលក្ខណកម្មដ្ឋាន ( កម្មដ្ឋានតាមបកតិវិបស្សនា ) ក្នុងទីសម្រាកក្នុងវេលាយប់ និងវេលា ថ្ងៃ អង្គុយចុះហើយ ។ ក៏កាលភិក្ខុទាំងនោះ អង្គុយដោយកម្មដ្ឋានយ៉ាងនេះហើយ ឯកគ្គតាចិត្ត ដែលជាគ្រឿង ជម្រះចិត្តរបស់លោក ក៏កើតឡើង ។ លំដាប់នោះ ការបន្តនៃវិសភាគៈក៏ចូលទៅស្ងប់រម្ងាប់ ។ ការបន្តនៃសភាគៈ ឈានចុះហើយ ចិត្តរមែងផូរផង់ កាលចិត្តផូរផង់ហើយ លោហិតក៏ផូរផង់ ។ ឧបាទារូបទាំងឡាយ មានចិត្តជា សមុដ្ឋាន រមែងបរិសុទ្ធ ។ ពណ៌សម្បុរនៃមុខ ដូចជាពណ៌នៃត្នោតទុំដែលជ្រុះចាកទង ដូច្នោះ ។
ទេវតា កាលឃើញភិក្ខុទាំងនោះហើយ ទើបត្រិះរិះថា ធម្មតា សរីរវណ្ណៈ ( ពណ៌សម្បុរនៃសរីរៈ ) នេះ រមែងស្អាត ផូរផង់ដល់បុគ្គលដែលបាននូវភោជនទាំងឡាយ ដ៏បរិបូណ៌ មានរសដ៏ប្រណីត មានទីស្នាក់នៅអាស្រ័យប្រក់បិទ បាំង ទីអង្គុយ ទីដេកមានសម្ផស្សជាសុខ អ្នកបាននូវប្រាសាទផ្សេងៗ មានប្រាសាទ ៧ ជាន់ជាដើម ដែលឲ្យ សេចក្តីសុខគ្រប់រដូវកាល និងដល់អ្នកដែលបានវត្ថុទាំងឡាយ មានផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបជាដើម ប៉ុន្តែភិក្ខុទាំងនេះ ត្រាច់ទៅបិណ្ឌបាត ឆាន់ភត្តលាយគ្នា រមែងសម្រេចការដេកលើគ្រែតូច ធ្វើដោយស្លឹកឈើ ផ្សេងៗ ឬដេកលើផែនក្តារ ផ្ទាំងថ្ម រមែងនៅក្នុងទីទាំងឡាយ មានគល់ឈើជាដើម ឬក្នុងទីវាល ពណ៌សម្បុរនៃ ភិក្ខុទាំងនេះ ព្រោះហេតុអ្វី បានជានៅតែផូរផង់ ដូច្នេះ ព្រោះហេតុនោះ ទើបបានទូលសួរសេចក្តីនោះ នឹង ព្រះបរមសាស្តា ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ កាលត្រាស់ហេតុនេះដល់ទេវតា ទើបត្រាស់ព្រះគាថាទី ២ ។ បណ្តាបទទាំងនោះ បទថា អតីតំ សេចក្តីថា ព្រះបាទធម្មិករាជ ព្រះនាមឯណោះ បានមានក្នុងកាលកន្លង ទៅហើយ ។ ព្រះរាជាអង្គនោះ បានប្រគេនបច្ច័យទាំងឡាយ ដ៏ប្រណីតៗ ដល់ពួកយើង ។ ឧបជ្ឈាយ៍ អាចារ្យរបស់យើង ជាអ្នកមានលាភច្រើន គ្រានោះ ពួកយើងឆាន់អាហារបែបនេះ ដណ្តប់ចីវរបែបនេះ ភិក្ខុទាំងនេះ មិនសោកស្តាយបច្ច័យដែលកន្លងទៅហើយ ដូចភិក្ខុ ដែលមានបច្ច័យច្រើនពួកខ្លះ យ៉ាង នេះដោយប្រការដូច្នេះ ។
ពីរបទថា នប្បជប្បន្តិ នាគតំ អធិប្បាយថា ព្រះបាទធម្មិករាជ នឹងមានក្នុងកាលជាអនាគត ជនបទទាំង ឡាយ នឹងផ្សាយទៅ វត្ថុទាំងឡាយ មានទឹកដោះថ្លា ទឹកដោះខាប់ជាដើម នឹងកើតឡើងច្រើន មានអ្នកដើរប្រាប់ នឹងមានក្នុងទីនោះៗ ថា សូមអ្នកទាំងឡាយចូរទំពាស៊ី ចូរបរិភោគជាដើម ក្នុងកាលនោះ ពួកយើងនឹងឆាន់អាហារ បែបនេះ នឹងដណ្តប់ចីវរបែបនេះ ភិក្ខុទាំងឡាយនេះ រមែងមិនប្រាថ្នាបច្ច័យដែលនៅមិនទាន់មកដល់យ៉ាងនេះ ដោយប្រការដូច្នេះ ។ បទថា បច្ចុប្បន្នេន សេចក្តីថា រមែងចិញ្ចឹមជីវិតខ្លួនឯង ដោយបច្ច័យណាមួយ ដែលបាន ក្នុងខណៈនោះ ។ បទថា តេន បានដល់ ដោយហេតុទាំង ៣ នោះ ។ ព្រះដ៏មានព្រះភាគ គ្រាសម្តែងការដល់ ព្រមដោយពណ៌សម្បុរយ៉ាងនេះហើយ ឥឡូវនេះ កាលនឹងសម្តែងសេចក្តីវិនាសនៃពណ៌សម្បុរនោះ ទើបត្រាស់ ព្រះគាថាក្នុងលំដាប់នោះ ។ បណ្តាបទទាំងនោះ បទថា អនាគតប្បជប្បាយ ប្រែថា ព្រោះប្រាថ្នាបច្ច័យដែល នៅមិនទាន់មកដល់ ។ បទថា ឯតេន បានដល់ ដោយហេតុទាំង ២ នេះ ។ បទថា នឡោវ ហរិតោ លុតោ អធិប្បាយថា ពួកភិក្ខុនឹងសោកសៅ ដូចដើមបបុសស្រស់ច្រូតចោល ដាក់លើផ្ទាំងថ្មដ៏ក្តៅនឹងក្រៀមស្វិតដូច្នោះ។

បញ្ចេញមតិ
មតិ (1)