សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត


ក្នុងបិដកលេខ ៣៧ ទំព័រ ៦៣ នៅក្នុង បឋមកល្យាណមិត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃអរិយមគ្គ” មានសេចក្តីផ្តើមដូចតទៅ ៖

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត ( គ្រឿងកំណត់មុន ) នៃព្រះអាទិត្យដែលរះឡើង ។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ​ដើម្បីញ៉ាំងអរិយមគ្គប្រកបដោយអង្គ ៨ ឲ្យកើតឡើងដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះជាទីសង្ឃឹមរបស់ភិក្ខុដែលមានមិត្តល្អ ភិក្ខុនោះនឹងចម្រើនអរិយមគ្គប្រកបដោយអង្គ ៨ និងធ្វើអរិយ-មគ្គប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ។

ក្នុងបិដកលេខ ៣៧ ទំព័រ ៣ ឧបឌ្ឍសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីភាពនៃបុគ្គល ដែលមានមិត្តល្អ ចាត់ជា​ព្រហ្មចរិយធម៌ទាំងមូល មិនមែនពាក់កណ្តាលដូចព្រះអានន្ទបានពោលនោះឡើយ សេចក្តីនេះមានដូចតទៅ ៖

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងសក្ករនិគមរបស់ពួកសក្យៈ ក្នុងដែន​សក្យៈ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏​មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និង​ការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាលនៃព្រហ្មចរិយធម៌ ។

ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺ​ការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល ។ ម្នាល​អានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ និងចម្រើននូវមគ្គដ៏ប្រសើរ​ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ។

ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មានក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន​នូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ តើដូចម្តេច ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែល​អាស្រុ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ​ដើម្បីលះបង់ ចម្រើននូវសម្មាសង្កប្បៈដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ។ល។ ចម្រើននូវសម្មាវាចា ។ល។ ចម្រើននូវសម្មាកម្មន្តៈ ។ល។ ចម្រើននូវសម្មាអាជីវៈ ។ល។ ចម្រើននូវសម្មាវាយាមៈ ។ល។ ចម្រើននូវសមា្ម-សតិ ។ល។ ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីនឿយណាយ អាស្រ័យនូវសេចក្តីរលត់ មានកិរិយាបង្អោនទៅដើម្បីលះបង់ ។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសម្លាញ់ល្អ មាន​ក្លើល្អ ចម្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើននូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ យ៉ាងនេះឯង ។

ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគតដែលជាមិត្តល្អ បានជាពួកសត្វដែល​មានជាតិជាធម្មតា រួចស្រឡះចាកជាតិទៅបាន ពួកសត្វដែលមានជរាជាធម្មតា រួចស្រឡះចាកជរាទៅបាន ពួក​សត្វដែលមានមរណៈជាធម្មតា រួចស្រឡះចាកមរណៈទៅបាន ពួកសត្វដែលមានសោក ខ្សឹកខ្សួល លំបាកកាយ​ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តជាធម្មតា រួចស្រឡះចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​សេចក្តីចង្អៀតចង្អល់ទៅបាន ។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយ​ធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសម្លាញ់ល្អ និងការមានក្លើល្អ ។

ក្នុងបិដកលេខ ៣៧ ទំព័រ ២០៣ នៅក្នុង បឋមសូរិយូបមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ការមានមិត្តល្អ ជាបុព្វនិមិត្តនៃពោជ្ឈង្គ ៧” មានសេចក្តីផ្តើមដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ ការរះឡើងនៃអរុណនុ៎ះឯងជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យដែលរះឡើង ( យ៉ាងណា​ ) ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្តនៃការញ៉ាំងពោជ្ឈង្គទាំង ៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាង​នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង ៧ ( នោះ ) គួរប្រាថ្នានូវភិក្ខុដែលជាកល្យាណមិត្ត ( កុំខាន ) ។

ក្នុងបិដកលេខ ៤០ ទំព័រ ២៦ នៅក្នុង កល្យាណមិត្តតាទិវគ្គទី ៨ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីប្រយោជន៍ដ៏​សំខាន់ ព្រោះមកអំពីមានកល្យាណមិត្ត មានសេចក្តីផ្តើមដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញ៉ាំងពួកកុសលធម៌ មិនទាន់​កើតឡើងឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណ​មិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង ។

ក្នុងបិដកលេខ ៤០ ទំព័រ ៣៣ នៅក្នុង បមាទាទិវគ្គទី ៩ ព្រះអង្គទ្រង់ត្រាស់សម្តែង អំពីប្រយោជន៍ដ៏ច្រើន ព្រោះមកអំពីមានកល្យាណមិត្ត មានដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។

ក្នុងបិដកលេខ ៤០ ទំព័រ ៤២ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវ​កល្យាណមិត្តនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាននូវព្រះសទ្ធម្ម ។

ក្នុងបិដកលេខ ៤០ ទំព័រ ៣៧ ក្នុង វគ្គទី ១០ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖

ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញនូវអង្គដទៃ ដែលជាអង្គខាងក្រៅ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍​ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានតែការមាននូវកល្យាណមិត្តនេះឯង ទើប ( ជាអង្គខាងក្រៅ ) ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ។

ក្នុងបិដកលេខ ៥៣ ទំព័រ ១៥ ទុតិយសេក្ខសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីព្រះសេក្ខៈ ជាអ្នកមានសេចក្តី​ចម្រើនព្រោះមានកល្យាណមិត្ត ខ្លឹមសារមានទាំងស្រុងដូចតទៅ ៖

ខ្ញុំបានស្តាប់មកថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុ​ទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅឲ្យជាហេតុហើយ មិនឃើញហេតុដទៃ សូម្បីតែហេតុមួយដែលមានឧបការៈ ច្រើនយ៉ាងនេះ ឲ្យដូចជាភាពនៃបុគ្គលមានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត ទើបលះបង់អកុសល ចម្រើនកុសលបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់​គាថាព័ន្ធនេះ ក្នុងព្រះសូត្រនោះថា ៖

កល្យាណមិត្តោ  យោ  ភិក្ខុ                     សប្បតិស្សោ  សគារវោ

ករំ  មិត្តានំ  វចនំ                                        សម្បជានោ  បតិស្សវោ

បាបុណេ  អនុបុព្វេន                                  សព្វសំយោជនក្ខយន្តិ  ។

ភិក្ខុណា មានកល្យាណមិត្ត មានសេចក្តីកោតក្រែងប្រកបដោយសេចក្តីគោរព ធ្វើតាមពាក្យរបស់កល្យាណមិត្ត​ទាំងឡាយ ជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយ​លំដាប់បាន ។ សេចក្តីនេះ ព្រះដ៏មានព្រះភាគ បានត្រាស់ទុកហើយ ខ្ញុំបានស្តាប់មកហើយដូច្នេះឯង ។

ក្នុងបិដកលេខ ៤៩ ទំព័រ ៤ នៅក្នុង សម្ពោធិសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពួកធម៌ជាចំណែកនៃការ​ត្រាស់ដឹង ៥ យ៉ាង រួចហើយព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអានិសង្សនៃការមានមិត្តល្អ ៤ យ៉ាងជាបន្ត ៖

១. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ ភិក្ខុនោះនឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ​ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។

២. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ​ភិក្ខុនោះនឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែល​ជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ។

៣. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ​ភិក្ខុនោះនឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញ៉ាំងពួកកុសល​ធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំងមានសេចក្តីប្រឹងប្រែង ខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។

៤. ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដដល់ភិក្ខុអ្នកមានមិត្តល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ គឺ​ភិក្ខុនោះនឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ ( នៃ​ខន្ធបញ្ចកៈ ) ជាគ្រឿងទម្លាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិកម្ចាត់បង់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។

Starអានិសង្សនៃការមានមិត្តល្អទាំង ៤ យ៉ាងនេះ សុទ្ធតែជាពួកធម៌ជាចំណែកនៃការត្រាស់ដឹង រួមនឹងការមានមិត្ត​ល្អ មានសម្លាញ់ល្អ សមគប់នឹងមិត្តល្អ មួយទៀត ដែលជាប្រធាន ទើបបានពួកធម៌ជាចំណែកនៃការត្រាស់ដឹងត្រូវ​ជា ៥ ។

ជាចុងបញ្ចប់នៃព្រះសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះតាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បីចម្រើន នូវធម៌ ៤ យ៉ាងតទៅ​ទៀត គឺ

១. ចម្រើនអសុភ ដើម្បីលះរាគៈ

២. ចម្រើនមេត្តា ដើម្បីលះព្យាបាទ

៣. ចម្រើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្ក

៤. ចម្រើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានះ ។

ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ។ ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនមែនខ្លួន រមែងដល់នូវព្រះនិព្វានជាគ្រឿងដកចោលនូវអស្មិមានះក្នុងបច្ចុប្បន្ន។

ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៤ នៅក្នុង ទីឃជាណុសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងការមានមិត្តល្អ គឺបាន​សន្ទនាធម៌ជាមួយនឹងអ្នកមានបញ្ញា សីល ចាគៈ បញ្ញា នាំឲ្យបានសម្រេចនូវប្រយោជន៍បច្ចុប្បន្ន ។

ក្នុងបិដកលេខ ១៩ ទំព័រ ៧២ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីអបាយមុខ គឺប្រធាននៃសេចក្តី​វិនាស ក្នុងនោះមានការសេពគប់បាបមិត្តមួយផងដែរ ។ ក្នុងបិដកលេខ ៤៨ ទំព័រ ២៤៧ ព្រះអង្គទ្រង់ត្រាស់​សម្តែងអំពីបាបមិត្តនាំឲ្យមាននូវសេចក្តីវិនាសដូចគ្នា ។

ក្នុងបិដកលេខ ១៩ ទំព័រ ៧៨ នៅក្នុង សិង្គាលកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងឲ្យចេះជ្រើសរើសមនុស្ស​ដើម្បីសេពគប់ គឺមិត្តដូចម្តេចជាមិត្តពិត មិត្តដូចម្តេចជាមិត្តប្លម ។

ក្នុងបិដកលេខ ១៩ ទំព័រ ២៦៣ នៅក្នុង ទសុត្តរសូត្រ ពួក ៤ មានធម៌សម្តែងអំពីការសេពគប់នឹងសប្បុរស គឺ​ជាធម៌មួយក្នុងចក្កធម៌ ៤ ប្រការ ។ ចក្កធម៌ គឺជាធម៌ដែលនាំជីវិតឆ្ពោះទៅរកសេចក្តីចម្រើនរុងរឿង ដូចកង់នាំរថ​ទៅកាន់ទិសដៅ និងម្យ៉ាងទៀត ចក្កធម៌ ៤ ប្រការនេះមានឧបការគុណដ៏ក្រៃលែង ។ ចក្កធម៌ ៤ ប្រការ គឺ ​
១.ការនៅក្នុងប្រទេសដ៏សមគួរ ២. ការសេពគប់នឹងសប្បុរស ៣. ការតម្កល់ខ្លួនដោយប្រពៃ ៤. ភាពជាអ្នកបាន​ធ្វើបុណ្យទុកក្នុងកាលមុន ។ ក្នុងបិដកលេខ ៤២ ទំព័រ ៧៩ ព្រះអង្គទ្រង់ត្រាស់សម្តែង ចក្កសូត្រ មានធម៌ ៤ យ៉ាងនេះឯង ។

ក្នុងបិដកលេខ ៤៣ ទំព័រ ២៦២ និង ២៦៣ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវធម៌ ៤ គឺ ១. ការសេពគប់នឹងសប្បុរស ២. ការស្តាប់ធម៌របស់សប្បុរស ៣. ការយកចិត្តទុកដាក់ដោយឧបាយ ៤. ប្រតិបត្តិធម៌ដ៏សមគួរតាមធម៌ ។ ធម៌​ទាំង ៤ ប្រការនេះ គឺនៅក្នុង បញ្ញាវុឌ្ឍិសូត្រ ទ្រង់ត្រាស់ថាជាធម៌នាំឲ្យចម្រើននូវបញ្ញា និងនៅក្នុង ពហុការ-សូត្រ ទ្រង់ត្រាស់ថា ជាធម៌មានឧបការៈច្រើនដល់មនុស្ស ។

ក្នុងបិដកលេខ ៣៩ ទំព័រ ៧៣ នៅក្នុង ទុតិយសារីបុត្តសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ការសេពគប់នឹង​សប្បុរស ជា សោតាបត្តិយង្គ ១ សោតាបត្តិយង្គ គឺជាគុណសម្បត្តិដែលនឹងធ្វើឲ្យបានជាសោតាបន្នបុគ្គល មាន ៤ យ៉ាង បានដល់បញ្ញាវុឌ្ឍិធម៌ ឬឧបការធម៌ហ្នឹងឯង ។

ក្នុងបិដកលេខ ៥០ ទំព័រ ៥១ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវ នាថករណធម៌ ១០ យ៉ាង ក្នុង ១០ យ៉ាងនោះ មាន​ការមាននូវកល្យាណមិត្តមួយផងដែរ ជាធម៌ដែលធ្វើឲ្យមនុស្សពឹងខ្លួនឯងបាន ។ ក្នុងបិដកលេខ ១៩ នៅ​ក្នុង សង្គីតិសូត្រ និងនៅក្នុង ទសុត្តរសូត្រ ពួក ១០ មាននាថករណធម៌ដូចគ្នាដែរ ។

ក្នុងបិដកលេខ ៥៤ ទំព័រ ៨៥ នៅក្នុង មង្គលសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖

អសេវនា  ច  ពាលានំ                        បណ្ឌិតានញ្ច  សេវនា

បូជា  ច  បូជនីយានំ                           ឯតម្មង្គលមុត្តមំ  ។

ការមិនសេពគប់បុគ្គលពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតទាំងឡាយ ១ ការបូជាដល់បុគ្គលដែលគួរបូជាទាំង​ឡាយ ១ នេះជាមង្គលដ៏ឧត្តម ។

ក្នុងបិដកលេខ ៥២ ទំព័រ ៤ ក៏មាន មង្គលសូ្តត្រ នេះដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s