ស្រឡាញ់​អ្វី​ ស្មើ​នឹង​ស្រឡាញ់​ខ្លួន​មិន​មាន


ស្រឡាញ់អ្វី ស្មើនឹងស្រឡាញ់ខ្លួន មិនមាន

លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគថា

នត្ថិ   បុត្តសមំ   បេមំ

នត្ថិ  គោសមិកំ  ធនំ

នត្ថិ សុរិយសមា អាភា

សមុទ្ទបរមា   សរា   ។

សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោមិនមាន ពន្លឺស្មើនឹងព្រះអាទិត្យមិនមាន ស្រះទាំងឡាយ ប្រសើរជាងសមុទ្រ ។

ព្រះអង្គត្រាស់ថា

នត្ថិ   អត្តសមំ    បេមំ

នត្ថិ   ធញ្ញសមំ     ធនំ

នត្ថិ បញ្ញាសមា អាភា

វុដ្ឋិ  វេ  បរមា  សរា  ។

សេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមាន ទ្រព្យស្មើនឹងស្រូវមិនមាន ពន្លឺ ស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង ។

អធិប្បាយ

បាទគាថាថា នត្ថិ  បុត្តសមំ  បេមំ សេចក្តីថា កូនទាំងឡាយ សូម្បីពិការ មាតាបិតាក៏នៅតែសំគាល់ថា ជាពុម្ព មាស មានការលើកទូលដាក់លើក្បាលជាដើម ដូចជាផ្កាកម្រង កូនទាំងឡាយ ដែលមាតាបិតាជម្រះរាងកាយ ហើយ នាំមកដណ្តប់បីបមទុកហើយ  ក៏កើតនូវសោមនស្ស ដូចបុគ្គលខ្ចប់នូវគ្រឿងក្រអូប និងគ្រឿងលាបដូច្នោះ ព្រោះហេតុនោះ ទេវតានោះ ទើបពោលថា នត្ថិ បុត្តសមំ បេមំ

បទថា គោសមិកំ ប្រែថា ស្មើនឹងគោ ទេវតាក្រាបទូលថា បពិត្រព្រះមានព្រះភាគ ធម្មតាទ្រព្យដទៃស្មើនឹង គោមិនមាន ដូច្នេះ ។ បទថា សុរិយសមា អាភា នេះ ទេវតាក្រាបទូលថា ឈ្មោះថា ពន្លឺដទៃដែលស្មើនឹងពន្លឺ ព្រះអាទិត្យមិនមាន ដូច្នេះ ។ បទថា សមុទ្ទបរមា សេចក្តីថា ឈ្មោះថា ស្រះទាំងឡាយដទៃយ៉ាងណានីមួយ ស្រះទាំងអស់នោះ មានសមុទ្រជាយ៉ាងក្រៃលែង គឺសមុទ្រប្រសើរជាងស្រះទាំងអស់ ទេវតាទូលថា បពិត្រ ព្រះមានព្រះភាគ ឈ្មោះថា ទីជាទីកើតនៃទឹកស្មើនឹងសមុទ្រ មិនមានទេ ដូច្នេះ ។

ដែលឈ្មោះថា សេចក្តីស្រឡាញ់ស្មើនឹងខ្លូនមិនមាន មានអធិប្បាយថា សត្វទាំងឡាយ លះបង់បិយជនមាន មាតាបិតាជាដើមក៏មាន លះបង់បុត្រធីតាគឺមិនចិញ្ចឹម ( បុត្រធីតា ) រមែងចិញ្ចឹមជីវិតខ្លួនប៉ុណ្ណោះក៏មាន ។ ដែលឈ្មោះថា ទ្រព្យស្មើនឹងស្រូវមិនមាន អធិប្បាយថា ជនទាំងឡាយ រមែងទៅកាន់សម្នាក់របស់ម្ចាស់ទ្រព្យ ហើយរមែងកាន់យកវត្ថុទាំងឡាយ មានប្រាក់ និងមាសជាដើមខ្លះ កាន់យកគោ និងក្របីជាដើមខ្លះ ក៏ដើម្បី កាន់យកស្រូវនុ៎ះឯង ។ ឈ្មោះថា ពន្លឺស្មើនឹងប្រាជ្ញាមិនមាន ទោះបីជាព្រះអាទិត្យជាដើម ក៏ជាពន្លឺតែមួយដួង ប៉ុណ្ណោះ គឺរមែងកម្ចាត់ងងឹតដែលជាបច្ចុប្បន្នប៉ុណ្ណោះ ។ ចំណែកបញ្ញារមែងអាចដើម្បីធ្វើលោកធាតុ ទាំងមួយម៉ឺន ឲ្យជាពន្លឺ ដ៏ប្រសើរ រកវត្ថុដទៃស្មើមិនបាន ទាំងរមែងកម្ចាត់ងងឹតដែលបិទបាំងក្នុងកាលដែលជា ចំណែកអតីតជាដើមបានផង ។ ឈ្មោះថា ស្រះស្មើនឹងភ្លៀង រមែងមិនមាន ។ ស្ទឹង បឹងបួរ ឬទន្លេជាដើម ក៏ដោយ ដែលឈ្មោះថា ស្រះ ស្មើនឹងភ្លៀងរមែងមិនមាន ព្រោះកាលភ្លៀងដាច់ហើយ ( មិនមានភ្លៀង ) ទឹកសូម្បីត្រឹមតែមួយថ្នាំងដៃ ហូរចូលក្នុងមហាសមុទ្ររមែងមិនមាន ។ តែកាលភ្លៀងធ្លាក់ហើយ ប្រព្រឹត្តទៅ ទឹកជាវត្ថុរួមគ្នាតែមួយ រមែងមានដល់ភពនៃព្រហ្មជាន់អាភស្សរា ព្រោះហេតុនោះ ព្រះមានព្រះភាគ កាលនឹង ត្រាស់តបពាក្យរបស់ទេវតា ទើបត្រាស់ព្រះគាថាថា

នត្ថិ  អត្តសមំ  បេមំ

នត្ថិ  ធញ្ញសមំ  ធនំ

នត្ថិ បញ្ញាសមា អាភា

វុដ្ឋិ  វេ  បរមា  សរា  ។

សេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមាន ទ្រព្យស្មើនឹងស្រូវមិនមាន ពន្លឺ ស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s