គុណ​សម្បត្តិ​របស់​កល្យាណមិត្ត


មនុស្សល្អ ពោលដោយលក្ខណៈផ្ទាល់ខ្លួន មានគុណសម្បត្តិផ្សេងៗ ដែលគួរជ្រាបដូចតទៅ ៖

សប្បុរស គឺមនុស្សល្អ មានធម៌របស់សប្បុរស ៧ ប្រការ

១. ធម្មញ្ញុតា         ដឹងគោលធម៌ដែលជាហេតុ

២. អត្ថញ្ញុតា        ដឹងទិសដៅដែលជាផល

៣. អត្តញ្ញុតា        ស្គាល់ខ្លួនឯងតាមសេចក្តីពិត

៤. មត្តញ្ញុតា      ស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់

៥. កាលញ្ញុតា       ស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ

៦. បរិសញ្ញុតា       ស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ

៧. បុគ្គលញ្ញុតា    ស្គាល់បុគ្គលដោយសភាពផ្សេងៗ

សប្បុរិសធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ ទសុត្តរសូត្រ ពួក ៧ បិដកលេខ ១៩ និងមាន​សេចក្តីអធិប្បាយនៅក្នុង ធម្មញ្ញូសូត្រ មហាវគ្គ បិដកលេខ ៤៧ ។

ក្នុងបិដកលេខ ២៦ ទំព័រ ២០៩ នៅក្នុង ចូឡបុណ្ណមសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែង នូវសប្បុរិសធម៌ ៨ ចំណុចដោយឡែកផ្សេងទៀត មានដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ សប្បុរសរមែងប្រកបដោយព្រះសទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជា​សប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស មានវាចាជាសប្បុរស មានការងារជាសប្បុរស មានទិដ្ឋិជាសប្បុរស តែង​ឲ្យនូវទានជាសប្បុរស ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ប្រកបដោយព្រះសទ្ធម្ម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមមាំមួន មាន​ស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ៧ ប្រការយ៉ាង​នេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស​ មានការសេពគប់ជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ពួកសមណព្រាហ្មណ៍ ដែលមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មាន​ព្យាយាមមាំមួន មានស្មារតីតម្កល់ខ្ជាប់ខ្ជួន និងមានបញ្ញា ពួកសមណព្រាហ្មណ៍នោះ រមែងបានជាមិត្ត ជាសម្លាញ់ នៃសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការសេពគប់ជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានគំនិតជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ មិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បិបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុង​លោកនេះ មិនប្រឹក្សាដើម្បិបៀតបៀនខ្លួនឯង មិនប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃ មិនប្រឹក្សាដើម្បីបៀតបៀន​ទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានវាចាជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ វៀរចាកពាក្យកុហក វៀរចាកពាក្យញុះញង់ វៀរចាកពាក្យទ្រគោះ វៀរចាកពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានវាចាជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការងារជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំង ឡាយ សប្បុរស មានការងារជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានទិដ្ឋិជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល, ការបូជាធំ​ មានផល, ការបូជាតូច មាន​ផល, ផលនៃវិបាកកម្មដែលល្អ និងអាក្រក់មាន, លោកនេះមាន, លោកខាងមុខមាន, ការប្រតិបត្តិល្អអាក្រក់ក្នុង​មាតាមានផល, ការប្រតិបត្តិល្អអាក្រក់ក្នុងបិតាមានផល, សត្វជាឱបបាតិកៈមាន, ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចនឹងប្រកាសបាន រមែងមាន ។ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានទិដ្ឋិជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តែងឲ្យទានជាសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក ​ នេះ ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែងហើយឲ្យទាន ឲ្យទានដ៏បរិសុទ្ធ មានសេចក្តីយល់ឃើញនូវផល​ហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស យ៉ាងនេះឯង ។

ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ប្រកបដោយព្រះសទ្ធម្មយ៉ាងនេះ មានការសេពគប់ជាសប្បុរសយ៉ាងនេះ មានគំនិតជាសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាសប្បុរសយ៉ាងនេះ មានវាចាជាសប្បុរសយ៉ាងនេះ មាន​ការងារជាសប្បុរសយ៉ាងនេះ មានទិដ្ឋិជាសប្បុរសយ៉ាងនេះ ឲ្យទានជាសប្បុរសយ៉ាងនេះ លុះមានរាងកាយបែក​ធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរស តើដូចម្តេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្តុកស្តម្ភ សភាពជាមនុស្សដ៏ស្តុកស្តម្ភ ។

ក្នុងបិដកលេខ ៥១ ទំព័រ ១៥៥ អង្គុត្តរនិកាយ ទសកនិបាត សេដ្ឋវគ្គ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវ កុសល-កម្មបថ ១០ ថាជាសប្បុរិសធម៌ ។

ក្នុងបិដកលេខ ៥១ ទំព័រ ៧៧ ព្រះអង្គទ្រង់ត្រាស់សម្តែង អសេក្ខធម៌ សម្មត្តធម៌ ១០ គឺសម្មាទិដ្ឋិ ។ល។ សម្មាសមាធិ សម្មាញាណ សម្មាវិមុត្តិ ថាជាសប្បុរិសធម៌ ។

ក្នុងបិដកលេខ ៣៧ ទំព័រ ៤៣ ព្រះអង្គទ្រង់ត្រាស់ថា ៖

ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឃើញ​ត្រូវ ។ល។ តម្កល់ចិត្តមាំត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា​ សប្បុរស ។

ព្រះអង្គត្រាស់ហៅអ្នកដែលប្រកបដោយ អង្គមគ្គ ៨ នោះឯង ថាជាសប្បុរស ។

បណ្ដិត គឺមនុស្សឆ្លាត ឬមនុស្សដែលមានដំណើរជិវិតដោយបញ្ញា ។ មានគុណសម្បត្តិដែលព្រះដ៏មានព្រះភាគ​ទ្រង់បានសម្តែងទុកមក ច្រើនបែបច្រើនយ៉ាង មានដូចតទៅ ៖

ក្នុងបិដកលេខ ៤១ ទំព័រ ៣ លក្ខណសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ពាល និងបណ្ឌិត រមែងប្រាកដដោយ​កម្ម ដែលខ្លួនប្រព្រឹត្តមកហើយនោះឯង ព្រះអង្គទ្រង់ត្រាស់ថា ៖

ម្នាលភិក្ខុទាំងឡាយ ជនពាលមានកម្មជាលក្ខណៈ បណ្ឌិតក៏មានជាលក្ខណៈ ប្រាជ្ញាតែងមានសេចក្តីរុងរឿងក្នុង​ការប្រព្រឹត្តមិនដាច់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងគួរសំគាល់បានថាជាជនពាល ។ ធម៌ ៣ តើដូចម្តេច ។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ នេះឯងដែលគួរសំគាល់បាន ថាជាជនពាល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង គួរ​សំគាល់បានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច ។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៣ នេះឯង ដែលគួរសំគាល់បានថាជាបណ្ឌិត ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា​ ដែលគួរសំគាល់បានថាជាជន​ពាល បុគ្គលវៀរធម៌ទាំំង ៣ នោះ ហើយប្រកបដោយធម៌ ៣ ណាដែលគួរសំគាល់បានថាជាបណ្ឌិត យើងទាំង​ឡាយនឹងសមាទានប្រព្រឹត្តធម៌ទាំង ៣ នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះឯង ។

ក្នុងបិដកលេខ ៤១ ទំព័រ ៦ នៅក្នុង អច្ចយសូត្រ

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ គប្បីដឹងបានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច គឺបុគ្គលឃើញ​ទោសរបស់ខ្លួនតាមទោស ១ លុះឃើញទោសតាមទោសហើយ ក៏សម្តែងទោសឲ្យសមគួរតាមធម៌ ១ កាលបុគ្គល ដទៃសម្តែងទោសប្រាប់ហើយ ក៏ទទួលដោយសមគួរតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ នេះឯង ដែលគប្បិដឹងបានថាជាបណ្ឌិត ។

ក្នុងបិដកលេខ ៤១ ទំព័រ ៧ នៅក្នុង អយោនិសោសូត្រ

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ គួរស្គាល់បានថាជាបណ្ឌិត ។ ធម៌ ៣ តើដូចម្តេច ។ គឺជាអ្នកតាក់​តែងប្រស្នាដោយត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នាដោយត្រូវទំនង ១ បើអ្នកដទៃដោះស្រាយប្រស្នាដោយ​ត្រូវទំនងហើយ ក៏សរសើរដោយបទ និងព្យញ្ជនៈជាបរិមណ្ឌលស្រួលបរិបូណ៌ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកបដោយធម៌ ៣ នេះឯង ដែលគួរស្គាល់បានថាជាបណ្ឌិត ។

ក្នុងបិដកលេខ ៤០ ទំព័រ ១៨៨ នៅក្នុង ពាលវគ្គទី ៥

ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលតែងទទួល​ភារៈដែលមិនទាន់មកដល់ ១ [ បានដល់ភារៈទាំង ១០ គឺ​បោសរោងឧបោសថ ១ អុចប្រទីប ១ តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ ១ ក្រាលអាសនៈ ១ នាំឆន្ទៈ ១ នាំបារិសុទ្ធិ ១ ប្រាប់រដូវ ១ រាប់ចំនួនភិក្ខុ ១ ឲ្យឱវាទដល់នាងភិក្ខុនី ១ សម្តែងបាតិមោក្ខ ១ ជាភារៈរបស់ព្រះថេរៈៗ មិនទាន់​បានអារាធនាស្រាប់តែភិក្ខុថ្មីទៅធ្វើ ហៅថា នាំភារៈដែល​មិនទាន់មកដល់ ] ជនពាលតែងមិនទទួលភារៈដែលមកដល់ហើយ ១ [ បានដល់ភារៈទាំំង ១០ របស់ព្រះថេរៈ ៗ មិនធ្វើខ្លួនឯង ឬមិនបង្គាប់អ្នកដទៃឲ្យធ្វើ ហៅថា មិននាំភារៈដែលមកដល់ហើយ ] ។ ម្នាលភិក្ខុទាំងឡាយ ជន​ពាលទាំងឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតតែងទទួលភារៈ​ដែលមកដល់ហើយ ១ បណ្ឌិតមិនទទួលភារៈដែលមិនទាន់មកដល់ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ​មានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ជនពាលនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តីសំគាល់ថា​គួរក្នងរបស់ដែលមិនគួរ ១ [ សំគាល់ក្នុងសាច់ទាំង ១០ មានសាច់សីហៈជាដើម ដែលមិនគួរឆាន់ ថាជាសាច់គួរ​ឆាន់វិញ ] ជនពាលមានសេចក្តីសំគាល់ថាមិនគួរក្នុងរបស់ដែលគួរ ១ ។ [ សំគាល់ក្រៅពីសាច់ ១០ យ៉ាង មាន​សាច់ក្រពើ សាច់ឆ្មាជាដើមដែលគួរឆាន់បាន ថាមិនគួរឆាន់វិញ ] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរ​ពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តី​សំគាល់ថាមិនគួរក្នុងរបស់ដែលមិនគួរ ១ បណ្ឌិតមានសេចក្តីសំគាល់ថាគួរក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំង​ឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមាន​សេចក្តីសំគាល់ថា មានអាបត្តិក្នុងអនាបត្តិ ១ ជនពាលមានសេចក្តីសំគាល់ថាឥតមានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តី​សំគាល់ថា ឥតមានអាបត្តិក្នុងអនាបត្តិ ១ បណ្ឌិតតែងសំគាល់ថា មានអាបត្តិក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ។ គឺជនពាលមានសេចក្តី សំគាល់ថា ធម៌ក្នុងអធម៌ ១ ជនពាលមានសេចក្តីសំគាល់ថាអធម៌ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំង​ឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ដិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តី​សំគាល់ថា អធម៌ក្នុងធម៌ ១ បណ្ឌិតមានសេចក្តីសំគាល់ថា ធម៌ក្នុងអធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំង​ឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះមានពីរពួក ។ ជនពាលពីរពួកតើដូចម្តេច ។ គឺជនពាលមានសេចក្តី​សំគាល់ថា វិន័យក្នុងអវិន័យ ១ ជនពាលមានសេចក្តីសំគាល់ថា អវិន័យក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ ជន​ពាលទាំងឡាយមានពីរពួកនេះឯង ។

ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះមានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ។ គឺបណ្ឌិតមានសេចក្តី​សំគាល់ថា អវិន័យក្នុងអវិន័យ ១ បណ្ឌិតមានសេចក្តីសំគាល់ថា វិន័យក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត​ទាំងឡាយមានពីរពួកនេះឯង ។

ក្នុងបិដកលេខ ៤០ ទំព័រ ១៣១ ៖

ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះមាន ២ ពួក ។ បុគ្គលពាលមាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលមិនឃើញ​ទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមាន ២ ពួកនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះមាន ២ ពួក ។ បុគ្គលជាបណ្ឌិតមាន ២ ពួក តើដូចម្តេច ។ គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រមទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតមាន ២ ពួកនេះឯង ។

នៅក្នុង គាថាធម្មបទ បិដកលេខ ៥២ ពាលវគ្គ ទំព័រ ៣៦ ព្រះអង្គទ្រង់សម្តែងប្រារព្ធចំពោះ ព្រះសុធម្មត្ថេរ

អសន្តំ  ភាវមិច្ឆេយ្យ                   បុរេក្ខារញ្ច  ភិក្ខុសុ

អាវាសេសុ  ច  ឥស្សរិយំ           បូជា  បរកុលេសុ  ច  ។

មមេវ  កតមញ្ញន្តុ                      គិហិប្បព្វជិតា  ឧភោ

មមេវ  អតិវសា  អស្សុ                កិច្ចាកិច្ចេសុ  កិស្មិញ្ចិ

ឥតិ  ពាលស្ស  សង្កប្បោ            ឥស្សា  មានោ  ច  វឌ្ឍតិ  ។

ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមានផង ចង់បានជាប្រមុខដឹកនាំក្នុងពួកភិក្ខុផង ចង់បាននូវភាព​ជាឥស្សរៈក្នុងអាវាសទាំងមូលផង និងចង់បានការបូជាទាំងឡាយក្នុងត្រកូលទាំងពួងដទៃទៀតផង ។

ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថា​ជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចក្តីធំក្តីឯណានីមួយ ( កាលបើ​យ៉ាងនេះ ) ឥស្សា គឺការច្រណែន និងមានះ គឺការប្រកាន់ខ្លួន រមែងចម្រើន ( ដល់ភិក្ខុពាលនោះ ) ។

ព្រះ គាថាធម្មបទ បណ្ឌិតវគ្គ បិដកលេខ ៥២ ទំព័រ ៣៩ ៖

សព្វត្ថ   វេ   សប្បុរិសា   វជន្តិ

ន  កាមកាមា  លបយន្តិ  សន្តោ

សុខេន   ផុដ្ឋា   អថ   វា   ទុក្ខេន

ន  ឧច្ចាវចំ  បណ្ឌិតា  ទស្សយន្តិ  ។

ពួកសប្បុរស តែងលះបង់នូវធម៌ទាំងពួង ពួកលោកអ្នកស្ងប់រមែងមិនពោលប្រស្រ័យ ព្រោះសេចក្តីប្រាថ្នាក្នុងកាម​ទេ ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។

ន  អត្តហេតុ  ន  បរស្ស  ហេតុ

ន  បុត្តមិច្ឆេ  ន  ធនំ  ន  រដ្ឋំ

ន  ឥច្ឆេយ្យ  អធម្មេន  សមិទ្ធិមត្តនោ

ស  សីលវា  បញ្ញវា  ធម្មិកោ  សិយា  ។

បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាបុត្រ មិនគួរ​ប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នានូវសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ បណ្ឌិត​នោះគួរជាអ្នកមានសីល មានបញ្ញាប្រកបដោយធម៌ ។

ក្នុងបិដកលេខ ៣២ ទំព័រ ១៩៤ នៅក្នុង លាភសក្ការសំយុត្ត ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ត្រេកអរ​ចំពោះព្រះនិព្វានដែលជាទីក្ស័យនៃឧបាទាន មានគាថាព័ន្ធដូចតទៅ ៖

យស្ស  សក្ករិយមានស្ស                       អសក្ការេន  ចូភយំ

សមាធិ  ន  វិកម្បតិ                                អប្បមាទវិហារិនោ  ។

តំ  ឈាយិនំ  សាតតិកំ                         សុខុមទិដ្ឋិវិបស្សកំ

ឧបាទានក្ខយារាមំ                                អាហុ  សប្បុរិសា  ឥតិ  ។

បុគ្គលណា ដែលគេធ្វើនូវសក្ការៈក៏ដោយ មិនធ្វើនូវសក្ការៈក៏ដោយ គេធ្វើនូវសក្ការៈ និងអសក្ការៈ ទាំងពីរក៏ដោយ រមែងមាននូវសមាធិមិនញាប់ញ័រ រស់នៅដោយសេចក្តីមិនប្រមាទ ជាអ្នកមានប្រក្រតី សម្លឹងពិនិត្យ មានព្យាយាម​ជាប់តគ្នាមិនដាច់ ជាអ្នកឃើញច្បាស់ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះព្រះនិព្វាន ដែលជាទីក្ស័យនៃឧបាទាន អ្នកប្រាជ្ញទាំងឡាយ ហៅនូវបុគ្គលនោះថាជាសប្បុរស ។

ព្រះគាថាធម្មបទ បណ្ឌិតវគ្គ ប្រារព្ធ បណ្ឌិតសាមណេរ បានសម្រេចអរហត្តផល ៖

ឧទកញ្ហិ  នយន្តិ  នេត្តិកា                     ឧសុការា  នមយន្តិ  តេជនំ

ទារុំ  នមយន្តិ  តច្ឆកា                             អត្តានំ  ទមយន្តិ  បណ្ឌិតា  ។

ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ ជាងធ្វើព្រួញ តែងពត់ព្រួញឲ្យត្រង់ ជាងឈើ តែងចាំងឈើ ( ឲ្យទៅតាម​សេចក្តីប្រាថ្នា ) ចំណែកឯបណ្ឌិតតែងអប់រំទូន្មានចិត្ត ។

ក្នុងបិដកលេខ ៣២ ទំព័រ ២៨៩ ព្រះអង្គទ្រង់ប្រារព្ធ លកុណ្តកភទ្ទិយៈ ជាបណ្ឌិតអ្នកប្រាជ្ញ សូម្បីរូបរាងកាយ​មិនស្អាតក៏ដោយ ព្រះអង្គទ្រង់ត្រាស់សម្តែងថា ៖

ហំសា  កុញ្ចា  មយូរា  ច                        ហត្ថិយោ  បសដមិគា

សព្វេ  សីហស្ស  ភាយន្តិ                         នត្ថិ  កាយស្មិ  តុល្យតា  ។

ឯវមេវ  មនុស្សេសុ                                   ទហរោ  ចេបិ  បញ្ញវា

សោ  ហិ  តត្ថ  មហា  ហោតិ                   នេវ  ពាលោ  សរីរវា ។

ពួកហង្សក្តី ក្រៀលក្តី ក្ងោកក្តី ដំរីក្តី ម្រឹគក្តាន់ក្តី ពួកសត្វទាំងនោះ រមែងខ្លាចរាជសីហ៍ទាំងអស់ នឹងយករាងកាយ​ទៅប្រៀបធៀបគ្នាមិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យដូចយ៉ាងក្នុងពពួកមនុស្ស ទោះបីគេនោះ​នៅក្មេង ប៉ុន្តែបើគេមានប្រាជ្ញា គេរមែងបានជាធំ ក្នុងពពួកមនុស្សនោះ រីឯមនុស្សពាល មានតែសរីរៈ គឹមិនបាន​ជាធំក្នុងពពួកមនុស្សឡើយ ។

ព្រះគាថាធម្មបទ ជរាវគ្គ ប្រារព្ធ លោឡុទាយី ដែលមានការចេះដឹងតិច ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀបដូចគោ​ដែលគេឈប់ប្រើហើយលែងចោល ព្រះអង្គទ្រង់ត្រាស់សម្តែង ១ គាថា ៖

អប្បស្សុតាយំ  បុរិសោ                         ពលិពទ្ទោវ  ជីរតិ

មំសានិ  តស្ស  វឌ្ឍន្តិ                            បញ្ញា  តស្ស  ន  វឌ្ឍតិ  ។

បុរសអ្នកមិនមានការចេះដឹងនេះ រមែងចាស់ដូចគោបម្រើ សាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិន​ចម្រើនឡើងឡើយ ។

ព្រះគាថាធម្មបទ ធម្មដ្ឋវគ្គ ប្រារព្ធ ព្រះលកុណ្តកភទ្ទិយត្ថេរ ដែលជាថេរៈ ព្រោះមាំមួនដោយការត្រាស់ដឹងនូវ​សច្ចៈ បាននូវលោកុត្តរធម៌ រស់នៅដោយព្រហ្មវិហារ មានសីល និងមានការសង្រួមឥន្ទ្រិយ ព្រះអង្គទ្រង់ត្រាស់​សម្តែងថា ៖

ន  តេន  ថេរោ  ហោតិ                           យេនស្ស  បលិតំ  សិរោ 

បរិបក្កោ  វយោ  តស្ស                          មោឃជិណ្ណោតិ  វុច្ចតិ  ។

យម្ហិ  សច្ចញ្ច  ធម្មោ  ច                         អហឹសា  សញ្ញមោ  ទមោ

ស  វេ  វន្តមលោ  ធីរោ                            សោ  ថេរោតិ  បវុច្ចតិ  ។

បុគ្គលមិនឈ្មោះថាថេរៈ ព្រោះមានសក់ស្កូវនៅលើក្បាលនោះទេ អ្នកដែលមានវ័យចាស់ហួសទៅហើយនោះ តថាគតហៅថា “ចាស់ទទេ” ។

លុះត្រាតែបុគ្គលណា មានសច្ចៈផង ធម្មៈផង ការមិនបៀតបៀនផង ការសង្រួមផង និងការអប់រំផង គឺជាអ្នក​មានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកប្រាជ្ញ ទើបតថាគតហៅបុគ្គលនោះថា “ថេរៈ” ។

ក្នុងបិដកលេខ ៥៤ ទំព័រ ២៤៥ នៅក្នុង នាឡកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងថា “ស្ទឹងតូចទាំងឡាយ ហូរទៅ​លាន់សូរ ឯស្ទឹងធំ តែងហូរទៅស្ងៀមៗ” ព្រះអង្គទ្រង់ត្រាស់បន្តថា ៖

យនូទកំ  តំំ  សនតិ                              យំ  បូរំ  សន្តមេវ  តំ

អឌ្ឍកុម្ភូបមោ  ពាលោ                         រហទោ  បូរោវ  បណ្ឌិតោ  ។

ទឹកណាដែលមិនពេញ ទឹកនោះតែងឮសូរ ទឹកណាដែលពេញ ទឹកនោះតែងស្ងប់ ជនពាលដូចទឹកកន្លះក្អម ឯជនជាបណ្ឌិត ដូចអន្លង់ទឹកដ៏ពេញ ។

ព្រះគាថាធម្មបទ ពាលវគ្គ ប្រារព្ធ គណ្ឋិភេទកចោរ គឺចោរអ្នកទម្លាយបង្វិច ដោយសេចក្តីផ្តើមថា មានចោរពីរ​នាក់ជាសម្លាញ់នឹងគ្នា បានចូលទៅកាន់វត្តជេតពន ។ ចោរម្នាក់ស្តាប់ធម៌បានសម្រេចសោតាបត្តិផល ឯចោរម្នាក់​ទៀតរង់ចាំតែឱកាសនឹងលួចទ្រព្យរបស់គេ ទីបំផុតក៏លួចបានមែន ហើយយកមកស៊ីចាយសប្បាយជាមួយនឹង​ប្រពន្ធរបស់ខ្លួន ។

ក្រោយមក ចោរបាននិយាយដៀមដាមចាក់ដោត និងចំអកឡកឡាយ ឲ្យដល់សម្លាញ់របស់ខ្លួនដែលបានសម្រេច​សោតាបត្តិផលហើយនោះ ជាការនិយាយអួតខ្លួនឯងថាជាអ្នកឆ្លាត មានបញ្ញាជាបណ្ឌិត … រីឯសម្លាញ់ដែលបាន​សម្រេចនូវសោតាបត្តិផលនោះឯង បានចូលទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ត្រាស់ថា ៖

យោ  ពាលោ  មញ្ញតី  ពាល្យំ              បណ្ឌិតោ  វាបិ  តេន  សោ

ពាលោ  ច  បណ្ឌិតមានី                      ស  វេ  ពាលោតិ  វុច្ចតិ  ។

បុគ្គលពាលណាដឹងខ្លួនឯងថា ជាអ្នកល្ងង់ខ្លៅ បុគ្គលពាលនោះ នឹងអាចក្លាយទៅជាបណ្ឌិតបាន ព្រោះហេតុតែការ​ដឹងខ្លួននោះឯង ឯបុគ្គលណា មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត បុគ្គលពាលនោះ តថាគតហៅថា “ជាមនុស្ស​ពាលដោយពិត” ។

ក្នុងបិដកលេខ ៣០ ទំព័រ ១៤៧ នៅក្នុង ខោមទុស្សសូត្រ ព្រះអង្គទ្រង់ត្រាស់ហៅបុគ្គលថា ជាសប្បុរស ព្រោះ​ពោលនូវធម៌ ៖

នេសា  សភា  យត្ថ  ន  សន្តិ  សន្តោ

សន្តោ  ន  តេ  យេ  ន  វទន្តិ  ធម្មំ

រាគញ្ច  ទោសញ្ច  បហាយ  មោហំ

ធម្មំ  វទន្តា  ច  ភវន្តិ  សន្តោ  ។

ពួកសប្បុរស មិនមានក្នុងទីណា ទីនោះមិនឈ្មោះថា សភាឡើយ ជនទាំងឡាយណា មិនពោលធម៌ ជនទាំងនោះ​មិនឈ្មោះថា សប្បុរសអ្នកស្ងប់រម្ងាប់ទេ លុះតែពួកជនបានលះបង់នូវរាគៈ ទោសៈ មោហៈ ទាំងពោលនូវធម៌ផង ទើបឈ្មោះថា សប្បុរស ។

ក្នុងបិដកលេខ ៦០ ទំព័រ ២៣៩ ពាក្យរបស់ សរភង្គតាបស ជាព្រះបរមពោធិសត្វ ៖

យោ  វេ  កតញ្ញូ  កតវេទិ  ធីរោ

កល្យាណមិត្តោ  ទឡ្ហភត្តិ  ច  ហោតិ

ទុក្ខិតស្ស  សក្កច្ច  ករោតិ  កិច្ចំ

តថាវិធំ  សប្បុរិសំ  វទន្តិ  ។

បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្តល្អ មានភក្តីមាំមួន ធ្វើនូវកិច្ចការដើម្បីអ្នកដែលដល់នូវសេចក្តី​ទុក្ខ ដោយគោរព បណ្ឌិតទាំងឡាយ ហៅនូវបុគ្គលបែបនេះថាជាសប្បុរស ។

ក្នុងបិដកលេខ ៤២ ទំព័រ ២៩៧ ឋានសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីហេតុ ៤ យ៉ាង មិនជាទីគាប់ចិត្ត ២ យ៉ាង និងជាទីគាប់ចិត្ត ២ យ៉ាង រួចហើយព្រះអង្គទ្រង់ចែកក្នុង ២ យ៉ាងនោះ ១ មិនជាប្រយោជន៍ និង ១ ទៀត​​ជាប្រយោជន៍ មានសេចក្តីទាំងស្រុងដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៤ យ៉ាង ។ ហេតុ ៤ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុ​មិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះរមែងប្រព្រឹត្តទៅដើម្បីសេចក្តីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ​ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ក៏មាន ។

ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលធ្វើនោះរមែង ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួន​មិនត្រូវធ្វើទាំង ២ ប្រការ គឺ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិន​ត្រូវធ្វើ ១ ហេតុណាដែលបុគ្គលធ្វើ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ក៏សំគាល់នូវហេតុនោះ ថាជាហេតុ​ដែលខ្លួនមិនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនមិនត្រូវធ្វើទាំង ២ ប្រការតែម្តង ។

ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា មិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើ​នោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គប្បីដឹងច្បាស់ក្នុង​ហេតុនេះ គឺក្នុងកម្លាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុ​ទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តក៏ពិតមែនហើយ តែហេតុដែលធ្វើ​នេះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ជនពាលនោះ ទើបមិនធ្វើនូវហេតុនោះ ហេតុដែលជនពាលមិនធ្វើ​នោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិតរមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុមិនជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែថាហេតុដែលធ្វើនេះរមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ បណ្ឌិតនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ។

ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ ជនជាពាលក្តី ជាបណ្ឌិតក្តី គប្បីដឹងច្បាស់ក្នុងហេតុ​នេះ គឺក្នុងកម្លាំងរបស់បុរស ក្នុងសេចក្តីព្យាយាមរបស់បុរស ក្នុងសេចក្តីប្រឹងប្រែងរបស់បុរស ម្នាលភិក្ខុទាំងឡាយ ជនពាលមិនពិចារណា ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏ពិតមែនហើយ តែហេតុដែលធ្វើនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជនពាលនោះ ទើបធ្វើនូវហេតុនោះ ហេតុដែលជនពាលធ្វើនោះ រមែងប្រព្រឹត្ត​ទៅដើម្បីមិនជាប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណាដូច្នេះថា ការធ្វើនូវហេតុជាទី​គាប់ចិត្តនេះ ក៏ពិតមែនហើយ តែថា ហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះ​មិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ។

ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតរមែងសំគាល់ នូវហេតុនោះថាជាហេតុដែល​ខ្លួនត្រូវធ្វើទាំង ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវេហតុនោះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏សំគាល់នូវហេតុនោះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើទាំង ២ ប្រការតែម្តង ។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុមាន ៤ យ៉ាងនេះឯង ។

អដ្ឋកថាឋានសូត្រ

ឋានៈគឺហេតុទី ១ បានដល់ បាបកម្មមានទុក្ខលំបាកយ៉ាកយ៉ាប់ ចង្អៀតចង្អល់ខ្វល់ក្នុងចិត្ត ដោយការគិតរក​ឧបាយដើម្បីសម្លាប់សត្វ ម៉្លោះហើយត្រូវធ្វើការនឿយហត់ ដូចជាត្រូវជីករណ្តៅដាក់ចម្រូងជាដើម ឬត្រូវធ្វើការ​លួចប្លន់ ទាំងមានការភ័យខ្លាចក្នុងចិត្ត ។ល។

ឋានៈគឺហេតុទី ២ បានដល់ ការងារមានការដឹកសំរាមចោល ឬក៏ធ្វើជាកម្មករផ្សេងៗ មានការសាងសង់ជាដើម រហូតដល់បោសសំរាមតាមថ្នល់ និងធ្វើអ្វីៗ ក្នុងទីមិនស្អាត ។ល។ នេះសម្រាប់គ្រហស្ថដែលចិញ្ចឹមជីវិតដោយ​ប្រពៃ ។

ឋានៈគឺហេតុទី ៣ បានដល់ កម្មមានការបរិភោគសុរា ប្រដាប់រាងកាយដោយផ្កាកម្រង លាបគ្រឿងក្រអូប សប្បាយរីករាយក្នុងកាមគុណ និងការសម្លាប់សត្វបរិភោគប្រព្រឹត្តទៅដោយសេចក្តីត្រេកអរ សប្បាយនឹងស៊ី នឹងផឹកជាដើម ។

ឋានៈគឺហេតុទី ៤ បានដល់ កុសលកម្មដែលប្រកបដោយសោមនស្សក្នុងការដែលស្លៀកពាក់ស្អាតបាត កាន់ផ្កា​កម្រងគ្រឿងក្រអូបជាដើមទៅក្នុងពេលស្តាប់ព្រះធម៌ ការក្រាបថ្វាយបង្គំព្រះចេតិយ ព្រះពោធិព្រឹក្ស ការស្តាប់​ធម្មកថាដ៏ពីរោះ និងការសមាទានសីល ៥ ជាដើម ។

ក្នុងបិដកលេខ ៤៤ ទំព័រ ១៦៤ នៅក្នុង បឋមវុឌ្ឍិសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ដែលមាននូវ​សេចក្តីចម្រើន មានប្រាជ្ញា រមែងកាន់យកនូវសារៈក្នុងលោកនេះ ឲ្យដល់ខ្លួនឯងបាន ព្រះអង្គទ្រង់ត្រាស់សម្តែង​ថា ៖

សទ្ធាយ  សីលេន  ច  យោ  បវឌ្ឍតិ

បញ្ញាយ  ចាគេន  សុតេន  ចូភយំ

សោ  តាទិសោ  សប្បុរិសោ  វិចក្ខណោ

អាទីយតិ  សារមិធេវ  អត្តនោ  ។

បុគ្គលណា ចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ និង ដោយបញ្ញា បុគ្គលប្រាកដដូច្នោះ ឈ្មោះថាជាសប្បុរសមានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យកនូវប្រយោជន៍ទាំងពីរ ( គឺប្រយោជន៍មាន​ខ្លឹមសារ និងប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ក្រៃលែងឡើងទៀត ) អំពីលោកនេះឲ្យដល់ខ្លួនឯងបាន ។

ក្នុងបិដកលេខ ៤៣ ទំព័រ ២៤៧ អានិសង្សសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអានិសង្ស ៤ ប្រការ កើត​ប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស មានដូចតទៅ ៖

ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការ កើតប្រាកដឡើងបាន ព្រោះអាស្រ័យសប្បុរស ។ អានិសង្ស ៤ ប្រការ​តើដូចម្តេចខ្លះ ។ បុគ្គលអាស្រ័យសប្បុរស រមែងចម្រើនដោយសីលដ៏ប្រសើរ រមែងចម្រើនដោយសមាធិដ៏ប្រសើរ រមែងចម្រើនដោយបញ្ញាដ៏ប្រសើរ រមែងចម្រើនដោយវិមុត្តិដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការ នេះឯងកើតឡើងប្រាកដបាន ព្រោះអាស្រ័យសប្បុរស ។

ក្នុងបិដកលេខ ៤៣ ទំព័រ ៩៣ នៅក្នុង ឧម្មង្គសូត្រ ព្រះអង្គទ្រង់ត្រាស់ឆ្លើយតបបញ្ហា ដែលភិក្ខុមួយអង្គបានទូល​សួរថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលជាបណ្ឌិតអ្នកមានប្រាជ្ញាច្រើន តើដោយហេតុដូចម្តេច ?

ព្រះអង្គទ្រង់ត្រាស់ថា ៖

ម្នាលភិក្ខុ បុគ្គលជាបណ្ឌិតមានបញ្ញាច្រើននៅក្នុងសាសនានេះ រមែងមិនគិតដើម្បីបៀតបៀនខ្លួន រមែងមិនគិត​ដើម្បីបៀតបៀនអ្នកដទៃ រមែងមិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃទាំងពីរខាង​ ។ កាលបើគិត រមែង​គិតឲ្យជាប្រយោជន៍ដើម្បីទំនុកបម្រុងដល់ខ្លួន ដើម្បីទំនុកបម្រុងដល់អ្នកដទៃ ដើម្បីទំនុកបម្រុងដល់ខ្លួនឯងនិង​អ្នកដទៃទាំងពីរខាង និងគិតឲ្យជាប្រយោជន៍ដើម្បីទំនុកបម្រុងដល់លោកទាំងមូល ។ ម្នាលភិក្ខុ បុគ្គលជាបណ្ឌិត​មានប្រាជ្ញាច្រើន យ៉ាងនេះឯង ។

ក្នុងបិដកលេខ ៤៨ ទំព័រ ១៧៣ បឋមសប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងទានរបស់សប្បុរស ៨ យ៉ាង ៖

ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៨ យ៉ាង ។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលឲ្យវត្ថុ​ស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើសហើយទើបឲ្យ ១ ឲ្យទានរឿយៗ ១ កំពុងឲ្យញ៉ាំង​ចិត្តឲ្យជ្រះថ្លា ១ លុះឲ្យផុតហើយ រមែងមានសេចក្តីពេញចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន ៨ យ៉ាង​នេះឯង ។

សុចឹ  បណីតំ  កាលេន                               កប្បិយំ  បានភោជនំ

អភិណ្ហំ  ទទាតិ  ទាទានិ                              សុខេត្តេសុ  ព្រហ្មចារិសុ

នេវ  វិប្បដិសារីយំ                                         ចជិត្វា  អាមិសំ  ពហុំ

ឯវំ  ទិន្នានិ  ទានានិ                                       វណ្ណយន្តិ  វិបស្សិនោ

ឯវំ  យជិត្វា  មេធាវី                                       សទ្ធោ  មុត្តេន  ចេតសា

អព្យាបជ្ឈំ  សុខំ  លោកំ                               បណ្ឌិតោ  ឧបបជ្ជតិ  ។

សប្បុរស រមែងឲ្យនូវទានទាំងឡាយ គឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយៗ ចំពោះព្រហ្មចារី​បុគ្គលទាំងឡាយ ដែលជាស្រែដ៏ល្អ ។ ពួកអ្នកប្រាជ្ញ រមែងសរសើរនូវទានទាំងឡាយ ដែលសប្បុរសលះបង់នូវ​អាមិសៈជាច្រើន ដែលមិនមានសេចក្តីក្តៅក្រហាយ ហើយឲ្យទៅយ៉ាងនេះ ។ អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមាន​សទ្ធា បានលះបង់យ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់លោក ដែលមិនមានការបៀតបៀន មានតែសេចក្តីសុខ ។

ក្នុងបិដកលេខ ៤៨ ទំព័រ ១៧៤ ទុតិយសប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពី ការកើតឡើងនៃសប្បុរស រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ៖

ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់មាតាបិតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់​បុត្រភរិយា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់បុរសជាទាសកម្មករ ប្រព្រឹត្ត​ទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មិត្តនិងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ពួកញាតិដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅ​ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចម្រើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់​សមណព្រាហ្មណ៍ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មហាមេឃ កាលញ៉ាំងសំទូងទាំងឡាយ ឲ្យសម្រេចព្រម រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ។ល។ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តី​សុខដល់ជនច្រើន ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មាតានិងបិតាទាំង​ឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់បុត្រភរិយា ប្រព្រឹត្តទៅដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បី​សេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់មិត្តនិងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចម្រើន ដើម្បីសេចក្តីសុខដល់ពួកញាតិ ដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បី​សេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តី​សុខដល់ពួកទេវតា ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍​ទាំងឡាយ ក៏មានឧបមេយ្យ ដូច្នោះដែរ ។

ពហូនំ  វត  អត្ថាយ                          សប្បញ្ញោ  ឃរមានសំ

មាតរំ  បិតរំ  បុព្វេ                              រត្តិន្ទិវមតន្ទិតោ

បូជេតិ  សហធម្មេន                          បុព្វេ  កតមនុស្សរំ

អនាគារេ  បព្វជិតេ                           អបាបេ  ព្រហ្មចារិនោ

និវិដ្ឋសទ្ធោ  បូជេតិ                            ញត្វា  ធម្មេ  ច  បេសលោ

រញ្ញោ  ហិតោ  ទេវហិតោ                  ញាតីនំ  សខិនំ  ហិតោ

សព្វេសំ  សហិតោ  ហោតិ               សទ្ធម្មេ  សុបតិដ្ឋិតោ

វិនេយ្យ  ​មច្ឆេរមលំ                            សលោកំ  ភជតេ  សិវន្តិ  ។

សប្បុរសប្រកបដោយបញ្ញា កាលនៅគ្រប់គ្រងផ្ទះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកជនច្រើន ជាអ្នកមិន​ខ្ជិលច្រអូសក្នុងវេលាយប់និងថ្ងៃ កាលនឹករលឹកដល់បុព្វការគុណដែលមាតានិងបិតាធ្វើហើយ រមែងបូជាមាតាបិតា​ជាមុន ដោយហេតុប្រកបដោយធម៌ ។ សប្បុរស មានសទ្ធាតាំងមាំហើយ មានសីលជាទីស្រឡាញ់ បានជ្រាបនូវ​ធម៌ហើយ រមែងបូជានូវបព្វជិត ដែលជាអ្នកមិនគ្រប់គ្រងផ្ទះ មិនមានបាប ជាព្រហ្មចារីបុគ្គល ។ សប្បុរសណា ទំនុកបម្រុងនូវប្រយោជន៍ដល់ព្រះរាជា ដល់ទេវតា ដល់ពួកញាតិ ដល់មិត្តសម្លាញ់ តម្កល់ស៊ប់ក្នុងព្រះសទ្ធម្ម សប្បុរសនោះ ឈ្មោះថាមានប្រយោជន៍ដល់បុគ្គលទាំងអស់ ។ បុគ្គលណា កម្ចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ បុគ្គលនោះ រមែងជួបប្រទះ នូវលោកដ៏ក្សេមក្សាន្ត​ ។

ក្នុងបិដកលេខ ៤៤ ទំព័រ ៩៤ ព្រះគាថានៅក្នុង សប្បុរិសសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងខាងដើមនៃព្រះគាថា​អំពីការកើតឡើងនៃសប្បុរសក្នុងត្រកូល រមែងកើតដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់​ជនច្រើនគ្នា គឺដល់មាតាបិតាទាំងឡាយ ដល់បុត្រនិងភរិយា ដល់បុរសជាទាសកម្មករ ដល់ពួកមិត្តអាមាត្យ និង​ដល់ពួកសមណព្រាហ្មណ៍ រួចទើបព្រះអង្គទ្រង់ត្រាស់សម្តែងនូវព្រះគាថា ៖

                       ហិតោ  ពហុន្នំ  បដិបជ្ជ  ភោគេ

                       តំ  ទេវតា  រក្ខតិ  ធម្មគុត្តំ

                       ពហុស្សុតំ  សីលវតូបបន្នំ

                       ធម្មេ  ឋិតំ  ន  វិជហាតិ  កិត្តិ  ។

ធម្មដ្ឋំ  សីលសម្បន្នំ                              សច្ចវាទី  ហិរិមនំ

នេក្ខំ  ជម្ពោនទស្សេវ                            កោ  តំ  និន្ទិតុមរហតិ

ទេវាបិ  នំ  បសំសន្តិ                              ព្រហ្មុនាបិ  បសំសិតោ  ។

សប្បុរសគ្រប់គ្រងនូវភោគទ្រព្យ ជាប្រយោជន៍ទំនុកបម្រុងដល់ពពួកជនច្រើន ទេវតារមែងរក្សានូវសប្បុរសដែល​ជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌ដោយសីល និងការប្រព្រឹត្ត កិត្តិស័ព្ទរមែងមិនលះបង់នូវសប្បុរស ដែលជាអ្នកតាំងនៅក្នុងធម៌ ។

អ្នកណាមួយអាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកប​ដោយការខ្ពើមបាប បីដូចជាមាសជម្ពូនទៈនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរនូវបុគ្គលនោះ ទាំងព្រហ្ម​ក៏សរសើរនូវបុគ្គលនោះដែរ ។

ក្នុងបិដកលេខ ៤៧ ទំព័រ ៦០ ទុតិយសក្ខាសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីគុណសម្បត្តិនៃមិត្តសម្លាញ់ ៖

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកបដោយធម៌ ៧ ប្រការ បុគ្គលអ្នកស្វែងរកមិត្ត ទោះបីលោកបណ្តេញបំបរបង់ ក៏គួរតែសេពគប់ រាប់រក ចូលទៅអង្គុយជិត ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុជាអ្នក (ធ្វើ​ខ្លួន) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍ប្រៀនប្រដៅ ១ អត់ធន់ចំពោះ​ពាក្យ ១ ជាអ្នកនិយាយពាក្យជ្រៅ ១ មិនដឹកនាំក្នុងហេតុដែលមិនគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្តប្រកប​ដោយធម៌ ៧ ប្រការនេះឯង បុគ្គលអ្នកស្វែងរកមិត្ត បើទុកជាលោកបណ្តេញបំបរបង់ចេញ ក៏គួរតែសេពគប់ រាប់​រកចូលទៅអង្គុយជិត ។

បិយោ  ច  គរុ  ភាវនីយោ                        វត្តា  ច  វចនក្ខមោ

គម្ភីរញ្ច  កថំ  កត្តា                               នោ  ចដ្ឋានេ  និយោជយេ

យស្មឹ  ឯតានិ  ឋានានិ                            សំវិជ្ជន្តីធ  បុគ្គលេ

សោ  មិត្តោ  មិត្តកាមេន                        អត្ថកាមានុកម្បកោ

អបិ  នាសិយមានេន                              ភជិតព្វោ  តថាវិធោ  ។

ភិក្ខុជាអ្នក ( ធ្វើខ្លួន ) ឲ្យជាទីស្រឡាញ់ផង គួរគោរពផង គួរសរសើរផង ឧស្សាហ៍ប្រៀនប្រដៅផង អត់ធន់ចំពោះ​ពាក្យផង ជាអ្នកនិយាយពាក្យជ្រៅផង ទាំងមិនដឹកនាំក្នុងហេតុដែលមិនគួរផង ហេតុទាំងនេះ មានក្នុងភិក្ខុណា ភិក្ខុនោះជាមិត្តពិត ។ ក្នុងលោកនេះ បុគ្គលជាអ្នកប្រាថ្នានូវប្រយោជន៍ ជាអ្នកធ្វើនូវសេចក្តីអនុគ្រោះ មានសភាព​ដុច្នោះនោះបុគ្គលអ្នកមានសេចក្តីត្រូវការដោយមិត្តទោះបីជាលោកបណ្តេញក៏គួរតែតាមសេពគប់នឹងលោកដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s